តម្លៃប្រេង បានហក់ឡើងបន្ថែមពីលើការឡើងថ្លៃមុននេះ បន្ទាប់ពីក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន ដោយបានបង្កភាពតានតឹងនៅក្នុងតំបន់១ ដែលផលិតប្រេងឆៅ ប្រមាណ១/៣ នៃប្រេងឆៅរបស់ពិភពលោក។
ប្រេងឆៅ Brent បានឡើងដល់ជិត $80 ក្នុងមួយធុង បន្ទាប់ពីធ្លាក់ចុះ 4.5% កាលពី៣វគ្គមុន ដោយតម្លៃនៅ West Texas Intermediate ប្រហែលជា $76។ ក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន លោក អ៊ីស្មែល ហានីយ៉េះ(Ismail Haniyeh) នៅក្នុងការវាយប្រហារផ្លូវអាកាសមួយ នៅអ៊ីរ៉ង់។ ទង្វើនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារមុននេះ ដោយអ៊ីស្រាអែលលើក្រុងបេរូត ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ ហេសបូឡា១រូប។
ជម្លោះនោះ មានការកើនឡើង តាំងពីចុងសប្តាហ៍មុន នៅពេលដែលការវាយប្រហាររបស់ក្រុមហេសបូឡាមួយ នៅតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានសម្លាប់ក្មេងចំនួន 12 នាក់ ដែលអាចបង្កគ្រោះថ្នាក់ជាសក្តានុពលចំពោះកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្ត រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ក្រុមពាណិជ្ជករប្រេង បាននឹងកំពុងវាយតម្លៃពីហានិភ័យនោះ និងថាតើវាអាចនាំឱ្យមានការវាយប្រហារបន្ថែមទៀតលើនាវាជាច្រើន ដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមឬទេ ឬប៉ះពាល់ដល់ការផលិត និងការនាំចេញឬទេ ជាពិសេសពីប្រទេសអ៊ីរ៉ង់។ តម្លៃប្រេងឆៅ មិនមានប្រតិកម្មជាពិសេសចំពោះការវិវត្តថ្មីៗ ក្នុងសង្គ្រាម ដែលបាននិងកំពុងកើតឡើងតាំងពីដើមខែតុលា ឆ្នាំ 2023នោះទេ។
នៅក្រៅតំបន់មជ្ឈិមបូព៌ា រូបភាពតម្រូវការសកលនៅតែធ្លាក់ចុះ ដោយសារតែសេដ្ឋកិច្ចចិនធ្លាក់ចុះ អូសបន្លាយនៅតែបន្តមានទម្ងន់លើមនោសញ្ចេតនា។ ប្រេង Brent គ្រោងនឹងធ្លាក់ចុះប្រចាំខែ ប្រមាណ 7% ជាតម្លៃដ៏ធ្លាក់ចុះធំបំផុតក្នុងឆ្នាំនេះ ថ្វីបើតម្លៃទាំងឡាយ កំពុងត្រូវបានគាំទ្រដោយ OPEC+, ការទប់ស្កាត់ការផ្គត់ផ្គង់ និងក្តីរំពឹង ថា ធនាគារសហព័ន្ធ នឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះក៏ដោយ។
នៅអាមេរិក វិទ្យាស្ថានប្រេងអាមេរិក បាននិយាយថា ស្តុកប្រេងឆៅ ធ្លាក់ចុះ 4.5 លានធុង កាលពីសប្តាហ៍មុន។ ប្រសិនបើត្រូវបានបញ្ជាក់ដោយមន្ត្រីនៅថ្ងៃពុធ, តួលេខនេះ នឹងបង្ហាញពីការធ្លាក់ចុះរយៈពេលវែងបំផុត ចាប់តាំងពីខែមករា ឆ្នាំ 2022មក។
ធនាគារសហព័ន្ធ ត្រូវបានគេរំពឹងជាទូទៅថា នឹងបន្តរក្សាអត្រាការប្រាក់នោះ រហូតដល់មានកិច្ចប្រជុំនៅថ្ងៃពុធ ហើយក្រុមពាណិជ្ជករ នឹងតាមដានសុទ្ធរកថារបស់លោកប្រធាន Jerome Powell យ៉ាងប្រុងប្រយ័ត្ន អំពីការបញ្ជាក់ថា ពួកគេនឹងត្រូវកាត់បន្ថយប៉ុន្មាន នៅក្នុងខែកញ្ញា៕