- ឥណ្ឌូនេស៊ី ពិចារណាកាត់បន្ថយថ្លៃសំបុត្រយន្តហោះ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Salahuddin Uno បាន យល់ព្រមលើកិច្ចព្រមព្រៀងរបស់លោក ទាក់ទងនឹងសំណើរលុបចោលពន្ធលើសំបុត្រយន្តហោះ ដើម្បីកាត់បន្ថយតម្លៃសំបុត្រ។
ស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានជាតិ Antara, លោក បាននិយាយថា៖ “ខ្ញុំយល់ស្របនឹងសំណើនេះ។ កត្តារួមចំណែកឲ្យតម្លៃសំបុត្រថ្លៃ គឺពន្ធសំបុត្រយន្តហោះនោះឯង”។
- ថៃ អនុម័តការលើកទឹកចិត្តសម្រាប់ការបណ្តាក់ទុនគ្រឿងបន្លាស់រថយន្ត
ក្រុមប្រឹក្សាវិនិយោគរបស់ថៃ បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃបានអនុម័តលើការលើកទឹកចិត្តសម្រាប់ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនថៃ និងក្រុមហ៊ុនបរទេស ក្នុងការផលិតគ្រឿងបន្លាស់រថយន្តសម្រាប់យានយន្តដែលប្រើប្រាស់ប្រព័ន្ធជំរុញគ្រប់ប្រភេទ។
ពាក់ព័ន្ធនឹងដើមទុនចុះបញ្ជីនៃការបណ្តាក់ទុនរួមគ្នា ក្រុមប្រឹក្សានេះ បាននិយាយថា ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រប់គ្រាន់ ការបណ្តាក់ទុនថ្មី ត្រូវវិនិយោគយ៉ាងតិច ១០០លានបាត (២.៨២លានដុល្លារ) ក្នុងការផលិតគ្រឿងបន្លាស់រថយន្ត និងត្រូវមានក្រុមហ៊ុនថៃ និងបរទេស ដោយក្រុមហ៊ុនក្នុងស្រុក តម្រូវឱ្យកាន់កាប់យ៉ាងតិច ៦០% ជារបស់ថៃ៕
- ក្រុមហ៊ុន Toyota កាត់បន្ថយចំនួននៃការផលិតឆ្នាំ ២០២៤ ចំនួន ៥%
កាសែត Chubu Keizai បានរាយការណ៍ពីថ្ងៃព្រហស្បតិ៍ទី 8 ខែសីហា ថា ក្រុមហ៊ុន Toyota Motor បានទម្លាក់ផែនការផលិតរថយន្តជាសាកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ប្រហែល ៥% ដោយសារតែការផ្អាកផលិតកម្ម នៅឯរោងចក្រក្នុងស្រុកជាច្រើន។
កាសែតនោះបានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានប្រាប់ក្រុមអ្នកផ្គត់ផ្គង់ធំៗ ថា ការផលិតរថយន្តរបស់ខ្លួននៅទូទាំងពិភពលោក ត្រូវបានរំពឹងថានឹងមាន ៩.៨ លានគ្រឿង ធៀបនឹង ១០.៣ លានគ្រឿង ដែលត្រូវបានរំពឹងទុកពីមុន។
- កូរ៉េខាងត្បូង ទាមទារឱ្យអ្នកផលិតរថយន្តអគ្គិសនី បង្ហាញម៉ាកអាគុយ បន្ទាប់ពីមានការផ្ទុះភ្លើងឆេះ
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយពីថ្ងៃថ្ងៃព្រហស្បតិ៍ទី៨ ខែសីហានេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងទាមទារឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) បង្ហាញម៉ាកអាគុយនៅក្នុងរថយន្តទាំងអសើ ដោយសារតែកង្វល់សុវត្ថិភាព បន្ទាប់ពីរថយន្តនៅក្នុងចំណតក្រោមដីមួយ បានឆាបឆេះ បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ។
ដោយដកស្រង់សម្តីមន្ត្រីក្រសួងដឹកជញ្ជូនដែលមិនបញ្ចេញឈ្មោះម្នាក់, កាសែត Chosun Ilbo បានរាយការណ៍ថា ក្រសួងដឹកជញ្ជូន មានបំណងធ្វើវិសោធនកម្មច្បាប់ដើម្បីតម្រូវឱ្យក្រុមហ៊ុនរថយន្តទាំងឡាយ ដើម្បីបង្ហាញអត្តសញ្ញាណក្រុមហ៊ុនផលិតអាគុយទាំងអស់៕