ចំពោះគំរោងនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលហៅកាត់ថា CLV-DTA នេះ បានចាប់កំណើតតាំងពីឆ្នាំ ១៩៩៩ មកម៉្លេះ បើគិតមកដល់បច្ចុប្បន្នវាមានរយៈពេលជាង ២៥ មកហើយ ដែលបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអណត្តិថ្មី ក្នុងន័យបន្តបេសកម្មជាតិពីសម័យសង្គមរាស្រ្តនិយម។
ថ្នាក់ដឹកនាំ និងសមាជិកសមាគមបានចូលរួមដាំកូនឈើនៅស្តូបអូរស្វាយ និងជាកម្មសិក្សាបានចុះដល់បង្គោលព្រំដែន ច្រកទ្វារទ្វេភាគី និងច្រកទ្វារអន្តរជាតិ ក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យនៃ ខេត្តស្ទឹងត្រែង ស្រុកអូរយ៉ាដាវនៃខេត្តរតនគិរី និងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី និងវិមានអនុស្សាវរីយ៍២ធ្នូ
ស្រុកស្នួលខេត្តក្រចេះ។
ស្តូបអនុសាវរីយ៍ ដែលក្រៀមក្រំត្រូវបានគេបំភេចចោលអស់រយៈពេល ៦២ ឆ្នាំមកហើយនោះ កំពុងតែលួចញញឹមដោយកី្តសង្ឃឹមឡើងវិញបន្ទាប់សមាគមអ្នកនិពន្ធខ្មែរបានទៅកូនឈើនៅខាងមុខស្តូបក៏ដូចរំឭកឡើងវិញនូវជីវប្រវត្តិព្រះបរមរត្នកោដ្ឋនិងសមាគមអ្នកនិពន្ធខ្មែរដែលធ្លាប់តែមានកិត្យានុភាពក្នុងសម័យសង្គមរាស្រ្តនិយម។
សូមរំឭកផងដែរថា អនុស្សាវរីយ៍បុរីអូរស្វាយនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើងជាប់នឹងប្រទេសឡាវ ក្នុងនោះមានមុខ៤បែរមុខទៅកាន់ទិសធំៗទាំង៤ រំលេចនូវព្រះឆាយាលក្ខណ៍ក្នុងវេលាដែលព្រះអង្គឡើងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី១ ព្រះរាជសកម្មភាពនៃការបំពេញព្រះរាជបូជនីយកិច្ចកសាងហេដ្ឋារចនាសម្ពន្ធនៅបុរីអូរស្វាយនេះស្រាប់ ព្រះរាជសកម្មភាពកីឡាជាដើម។
ព្រះបរមរតនកោដ្ឋ គឺព្រះអង្គមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាជនដែលស្ម័គ្រចិត្តមករស់នៅលើតំបន់នោះ និងបានបង្កើតជាតំបន់និគមជន ឬទីប្រជុំជនធំមួយហៅថា «បុរីអូរស្វាយ»។ ទន្ទឹមនឹងនោះ ព្រះអង្គក៏បានរៀបចំកសាងប្រព័ន្ធហេដ្ឋរចនាសម្ពន្ធ ពិសេសគឺបានបង្កើតជា «សួនច្បារ» និងស្ដូបអនុស្សាវរីយ៍នេះបង្ហាញពីការយកទឹកព្រះទ័យចំពោះការកសាងព្រំដែន។ ប៉ុន្តែគោលនយោបាយនោះត្រូវបានបាត់បង់វិញដោយសារប្រទេសកម្ពុជាជួបបញ្ហាសង្គ្រាមចាប់ពីឆ្នាំ១៩៧០ ការកសាងទីប្រជុំជនដ៏សំខាន់នោះក៏ត្រូវអាក់
ខានវិញ៕