បណ្តាប្រទេសក្នុងតំបន់អាស៊ី ចាប់ពីប្រទេសចិន ដល់ប៉ាគីស្ថាន បានបង្កើនការឃ្លាំមើល សម្រាប់មេរោគជំងឺគ្រុនស្វា ដែលប្តូររូបរាង ដែលកំពុងរីករាលដាលនៅក្រៅទ្វីបអាហ្រ្វិកកណ្តាល ជាទីដែលវាបានជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រកាសអាសន្នសុខភាពជាសាកលក្នុងខែនេះ។
ប្រទេសថៃ បានក្លាយជាប្រទេសដំបូងគេក្នុងទ្វីប ដែលរកឃើញវីរុស mpox ដោយសារមេរោគនេះរីករាលដាលទៅកាន់ភូមិសាស្ត្រកាន់តែច្រើន ។
យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលប្រទេសថៃ ឱ្យដឹងថា អ្នកជំងឺដែលមានវីរុស Clade Ib នេះ គឺជាបុរសអឺរ៉ុបម្នាក់ ដែលបានចេញពីទ្វីបអាហ្រ្វិក មកដល់ទីក្រុងបាងកកពីសប្តាហ៍មុន ។ ក្រុមអាជ្ញាធរ បានកំណត់អត្តសញ្ញាណថា មានមនុស្សចំនួន ៤៣នាក់ បានស្និទ្ធនឹងអ្នកជំងឺអាយុ ៦៦ ឆ្នាំរូបនោះ និងបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល។
ករណីមួយ នៅប្រទេសស៊ុយអែតកាលពីសប្តាហ៍មុន គូសបញ្ជាក់ពីការគំរាមកំហែងជាអន្តរជាតិ អំពីអ្វីដែលគេហៅថាជំងឺ 1B ដែលត្រូវបានរាយការណ៍ថា បានសម្លាប់មនុស្សជាង ៥០០ នាក់ ភាគច្រើនជាកុមារ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នៅទូទាំងអាស៊ី អ្នកដំណើរដែលមកពីបណ្តាប្រទេសដែលរងផលប៉ះពាល់ កំពុងត្រូវបានស្នើសុំឱ្យរាយការណ៍អំពីរោគសញ្ញាដោយខ្លួនឯង ខណៈមន្ទីរពេទ្យទាំងឡាយ បង្កើនការឃ្លាំមើលសម្រាប់ជំងឺនេះ។
ខុសពីមេរោគបង្កជំងឺ mpox ដែលរីករាលដាលពាសពេញពិភពលោកក្នុងឆ្នាំ ២០២២, មេរោគថ្មីនេះកាន់តែគ្រោះថ្នាក់ ដោយមានអត្រាស្លាប់ជាង ៣%។ វាអាចទៅរួចផងដែរ ដែលថាបុគ្គលដែលមានមេរោគអាចចម្លងមេរោគនេះ ជាច្រើនថ្ងៃមុនពេលកើតមានរោគសញ្ញា ដែលធ្វើឱ្យវាកាន់តែពិបាកក្នុងការគ្រប់គ្រង ដោយករណីកំណត់អត្តសញ្ញាណ និងករណីដាក់ដោយឡែក។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ចិនកំពុងស្នើឱ្យអ្នកដំណើរពីតំបន់ដែលរងផលប៉ះពាល់ អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ mpox និងបុគ្គលដែលមានរោគសញ្ញាចូលមកពីប្រទេស ត្រូវ រាយការណ៍ទៅមន្ត្រីគយនៅពេលចូល ជាទីដែលពួកគេអាចត្រូវបានតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្ត។
បណ្តាញព័ត៌មាន Economic Times បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសឥណ្ឌាបានបញ្ជាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅតាមអាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែ សម្រាប់អ្នកដំណើរដែលមានរោគសញ្ញា mpox និងបាកកំណត់ឲ្យមន្ទីរពេទ្យ និងមន្ទីរពិសោធន៍ ដោះស្រាយករណីដែលអាចកើតមានទាំងនេះ។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏បានអនុម័តវិធានការស្រដៀងគ្នានេះផងដែរ។
ដោយ mpox បង្ហាញខ្លួនម្តងទៀត, ក្រុមមន្ត្រីសុខាភិបាល កំពុងរាយការណ៍រាល់ករណីដែលទំនងជាបណ្តាលមកពីប្រភេទ 2b ដែលស្រាលជាង។ ប៉ាគីស្ថាន បានបញ្ជាក់ពីការឆ្លងមេរោគ 2b កាលពីថ្ងៃទី ១៣ ខែសីហា។ នាយកដ្ឋានសុខាភិបាលហ្វីលីពីន បាននិយាយថា ខ្លួនបានរកឃើញករណី mpox ដំបូងរបស់ប្រទេស ចាប់តាំងពីខែធ្នូមក លើបុរសអាយុ ៣៣ឆ្នាំម្នាក់ ដែលថ្មីៗនេះ មិនបានធ្វើដំណើរទេ។
នៅពេលចាប់ផ្តើមនៃជំងឺរាតត្បាត Covid-19 នៅដើមឆ្នាំ ២០២០ រដ្ឋាភិបាលជាច្រើន បានអនុវត្តការត្រួតពិនិត្យជំងឺគ្រុនក្តៅ និងវិធានការតាមដានផ្សេងទៀត ដើម្បីកំណត់អត្តសញ្ញាណអ្នកដំណើរដែលចូលមកមានឆ្លងវីរុសនោះ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញថា នីតិវិធីទាំងនេះ មិនមានប្រសិទ្ធភាពក្នុងការបញ្ឈប់ការកើតមានវីរុសនោះទេ ដោយហេតុថាអ្នកផ្ទុកមេរោគដ៏ច្រើន មិនបង្ហាញរោគសញ្ញា ឬបង្ហាញតិចតួចបំផុត ខណៈពេលដែលពួកគេឆ្លង។
ការសិក្សាឆ្នាំ ២០២២ ពីចក្រភពអង់គ្លេស បានរកឃើញថាជាងពាក់កណ្តាលនៃការឆ្លងមេរោគ mpox ត្រូវ បានរីករាលដាលដោយសារបុគ្គលមានមេរោគដែលមិនទាន់មានរោគសញ្ញា។ ភ័ស្តុតាង ដែលកំពុងលេចឡើងបង្ហាញថា មនុស្សដែលបង្កជំងឺអាចឆ្លងមេរោគ mpox រហូតដល់ទៅ ៤ថ្ងៃ មុនពេលចាប់ផ្តើមមានរោគសញ្ញា៕