ផែនការសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) គឺផ្តោតលើការបន្ថយថ្លៃចំណាយ និងការជំរុញឱកាសសេដ្ឋកិច្ចសម្រាប់ពលរដ្ឋអាមេរិកដែលមានជីវភាពកម្រិតទាប និងមធ្យម តាមរយៈវិធានការជាច្រើន ក្នុងមានទាំងឥណទានពន្ធ និងការផ្តល់ជូនសម្រាប់ឱសថ ដែលមានតម្លៃថោក។ ការវិភាគមួយ ពីគណៈកម្មាធិការមិនលំអៀងសម្រាប់ថវិកាសហព័ន្ធដែលមានទំនួលខុស ប៉ាន់ប្រមាណថា គោលនយោបាយដែលបានបង្ហាញនៅក្នុងរបៀបវារៈរបស់លោកជំទាវហារីស សម្រាប់រយៈពេល ១០០ថ្ងៃដំបូងរបស់លោកជំទាវ នៅក្នុងតំណែងនឹងបង្កើនឱនភាពចំនួន ១.៧ ពាន់ពាន់លានដុល្លារក្នុងរយៈពេល១ទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការលោកជំទាវ ហារីស បាននិយាយថា ការចំណាយរបស់កម្មវិធី អាចត្រូវបានទូទាត់ដោយការបង្កើនពន្ធលើអ្នកមានអាមេរិក និងសារជីវកម្មធំៗ។
តទៅនេះ ជារបៀបដែលក្រុមអ្នកសេដ្ឋកិច្ច កំពុងវាយតម្លៃផ្នែកសំខាន់ៗ នៃសំណើសេដ្ឋកិច្ចរបស់លោកជំទាវ
- ការពង្រីកការកាត់បន្ថយពន្ធ
ការកាត់បន្ថយពន្ធ និងច្បាប់ការងារ(TCJA)ឆ្នាំ ២០២៧ របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាច្បាប់ហត្ថលេខារបស់គាត់ បានកាត់បន្ថយអត្រាពន្ធសម្រាប់អាជីវកម្ម និងលរដ្ឋអាមេរិកភាគច្រើនបំផុត ហើយត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ លោកជំទាវ ហារីស បានស្នើឱ្យរក្សាអត្រាការប្រាក់នៅដដែលសម្រាប់អ្នកដែលមានចំណូលតិចជាង $៤០ម៉ឺន ខណៈដំឡើងពន្ធសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់។ លោកជំទាវ ក៏កំពុងជំរុញឱ្យមានការបង្កើនអត្រាពន្ធសារជីវកម្ម ពី ២១% នាពេលបច្ចុប្បន្ន ដល់ ២៨%។ ការអះអាងនេះ គឺថាពន្ធខ្ពស់ នឹងជួយបង្កើនប្រាក់ចំណូលរបស់អាមេរិក។
លោកជំទាវ Kimberly Clausing អតីតមន្ត្រីក្រសួងរតនាគារ ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ចូ ដៃដិន ដែលពេលនេះជាសាស្រ្តាចារ្យផ្នែកច្បាប់ពន្ធដារ និងគោលនយោបាយ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការបង្កើនពន្ធសូម្បីតែ១ផ្នែកនៃ TCJA ក៏វា “ថ្លៃណាស់” ។ ផែនការរបស់លោកជំទាវ ហារីស នឹងនៅតែចំណាយតិចជាងលោកត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋដែលបាននិយាយថា លោកចង់បង្កើនការកាត់បន្ថយទាំងស្រុងរបស់ពួកគេ និងអនុវត្តការកាត់បន្ថយបន្ថែមទៀត ចំពោះអត្រាពន្ធសារជីវកម្ម។
ប៉ុន្តែជំទាវ Clausing បាននិយាយថា ការបង្កើនពន្ធលើបុគ្គលអ្នកមានទ្រព្យសម្បត្តិ អាចជួយបង់ថ្លៃគោលនយោបាយសេដ្ឋកិច្ចជាច្រើនផ្សេងទៀតរបស់លោកជំទាវ ក្នុងមានទាំងការពង្រីកឥណទានពន្ធកុមារផងដែរ។
- ការស្ដារឥណទានពន្ធកុមារដែលបានពង្រីក
លោកេជំទាវហារីស បានស្នើឱ្យស្ដារឡើងវិញនូវឥណទានពន្ធកុមារដែលបានពង្រីក និងដែលបានអនុម័តនៅក្នុងផែនការសង្គ្រោះអាមេរិកឆ្នាំ ២០២១ របស់គណបក្សប្រជាធិបតេយ្យ ដែលបានបញ្ចប់ចាប់តាំងពីពេលនោះមក។ ឥណទាននេះ នឹងត្រូវដំឡើងពី $២០០០ ដល់ $៣៦០០ ក្នុង១អ្នកអាស្រ័យដែលមានសិទ្ធិ ជាមួយនឹងឥណទានថ្មី $៦០០០ សម្រាប់ទារកទើបនឹងកើត។
យោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិក ឲ្យដឹងថា ក្រុមអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា នេះនឹងស្ថិតក្នុងចំណោមសំណើរដែលចំណាយច្រើនបំផុតរបស់ លោកជំទាវ ហារីស ទោះបីជាពួកគេសរសើរពីអត្ថប្រយោជន៍សេដ្ឋកិច្ច នៃកម្មវិធីក៏ដោយ ជាពិសេសចំពោះផលប៉ះពាល់របស់វា លើភាពក្រីក្រកុមារ។ ឥណទានពន្ធកុមារដែលបានពង្រីក បានជួយជំរុញឱ្យអត្រាភាពក្រីក្រកុមារ ធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ៥.២% ក្នុងឆ្នាំ ២០២១។
លោក Joseph Stiglitz សេដ្ឋវិទូ និងជាសាស្រ្តាចារ្យដែលឈ្នះរង្វាន់ណូបែលនៅសាកលវិទ្យាល័យ Columbia បាននិយាយថា៖ «កុមារដែលធំឡើងក្នុងភាពក្រីក្រ នឹងមិនមានផលិតភាពទេ ។ ពួកគេនឹងមិនធ្វើបានល្អនៅសាលាដែរ ហើយនៅពេលក្រោយក្នុងជីវិត ក៏ពួកគេនឹងមិនធ្វើបានល្អដែរ»។
- ការដាក់បម្រាមរបស់សហព័ន្ធ លើការឡើងថ្លៃ
ខណៈដែលព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់, លោកជំទាវ ហារីស បានអំពាវនាវឱ្យមានច្បាប់សហព័ន្ធ១ ប្រឆាំងនឹងការឡើងថ្លៃលើអាហារ និងគ្រឿងទេស។ យោងតាមផែនការរបស់លោកជំទាវ ឲ្យដឹងថា ការផាកពិន័យថ្មីៗ ដែលអនុវត្តដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ និងទីភ្នាក់ងារជាច្រើនទៀត នឹងត្រូវដាក់លើសារជីវកម្មដែលបំពានច្បាប់លើការឡើងថ្លៃ និងជួយធ្វើឱ្យឧស្សាហកម្មម្ហូបអាហារ កាន់តែមានការប្រកួតប្រជែង។
យោងតាមលោក Mark Zandi ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Moody’s Analytics ឲ្យដឹងថា សំណើនេះ បានបង្កការរិះគន់ពីអ្នកសេដ្ឋកិច្ចខ្លះ ដែលចោទសួរថា តើគោលដៅរបស់លោកជំទាវ នឹងត្រូវសម្រេចដោយរបៀបណា ឱ្យពិប្រាកដ? ក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបំផុតនិយាយថា ការគ្រប់គ្រងតម្លៃនឹងក្លាយជាគោលនយោបាយមិនល្អ និងមានឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ច។ ប៉ុន្តែការបង្កើនគោលនយោបាយប្រឆាំងការទុកចិត្ត និងការប្រកួតប្រជែង អាចមានប្រយោជន៍ ។
លោក Zandi មិនមែនជាអ្នកគាំទ្រការដាក់តម្លៃ ឬកំណត់តម្លៃនោះទេ ប៉ុន្តែលោកមើលឃើញ បង្កើនការពិនិត្យពិចៃលើការអនុវត្តការប្រកួតប្រជែង និងការអនុវត្តតម្លៃ និងឧស្សាហកម្ម ថាជាគោលនយោបាយល្អ។ លោកបាននិយាយថា៖ “វាគួរតែផ្តោតលើការធ្វើឱ្យប្រាកដថា ទីផ្សារមានការប្រកួតប្រជែង ហើយក្រុមអ្នកប្រើប្រាស់មានព័ត៌មានគ្រប់យ៉ាង ដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តទិញដ៏ល្អ” ។ ខណៈ ការអនុវត្តទាំងនេះ អាចបន្ថយ នៃអតិផរណាអាហារ, លោកបានបន្ថែមថា វាមិនទំនងធ្វើឱ្យតម្លៃធ្លាក់ចុះនោះទេ។
- បង្កើតការលើកទឹកចិត្តម្ចាស់ផ្ទះថ្មី និងអ្នកសាងសង់ផ្ទះ
លោកជំទាវហារីស បានស្នើរសុំជំនួយការបង់រំលោះឲ្យបានច្រើនរហូតដល់ $២៥,០០០ សម្រាប់អ្នកទិញផ្ទះលើកដំបូង។ លោកជំទាវ ក៏បានស្នើឱ្យមានការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់អ្នកសាងសង់ដែលធ្វើការលើសង់ផ្ទះដំបូង និងបានអំពាវនាវឱ្យបង្កើតមូលនិធិច្នៃប្រឌិត $៤០ ពាន់លានដុល្លារ ដើម្បីជំរុញការបង្កើតថ្មី លើផ្នែកសំណង់លំនៅដ្ឋាន។
យោងតាមលោក Stiglitz ឲ្យដឹងថា វិធានការនេះមានសក្តានុពលក្នុងការជួយដោះស្រាយបញ្ហាកង្វះលំនៅឋាន និងកាត់បន្ថយការចំណាយ។ យោងតាមលោក Michael Strain នាយកនៃការសិក្សាគោលនយោបាយសេដ្ឋកិច្ចនៅវិទ្យាស្ថានសហគ្រាសអាមេរិក ឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ កម្មវិធីទាំងនេះ អាចបង្កើនតម្រូវការ និងនាំឱ្យតម្លៃផ្ទះឡើងថ្លៃដោយអចេតនា។
- ការពង្រីកអត្ថប្រយោជន៍ថែទាំសុខភាព
លោកជំទាវ ហារីស បានស្នើសុំថវិកាប្រចាំឆ្នាំ $២០០០ លើការចំណាយក្រៅហោប៉ៅសម្រាប់ឱសថតាមវេជ្ជបញ្ជាសម្រាប់ពលរដ្ឋអាមេរិកទាំងអស់។ លោកជំទាវ ហារីស ក៏ចង់កំណត់តម្លៃនៃការចំណាយលើ អាំងស៊ុយលីនដល់ ៣៥ដុល្លារក្នុងមួយខែ, បង្កើនការឧបត្ថម្ភធនសម្រាប់ការធានារ៉ាប់រងនៅលើទីផ្សារសហព័ន្ធ, និងអនុញ្ញាតឱ្យ ផ្នែកថែទាំសុខភាព (Medicare) ពន្លឿនការចរចាលើតម្លៃថ្នាំ។
Stiglitz បាននិយាយថាកម្មវិធីរបស់ Harris នឹងមានសារៈសំខាន់ក្នុងការកាត់បន្ថយការចំណាយលើការរស់នៅ ជាពិសេសសម្រាប់អ្នកដែលពឹងផ្អែកលើថ្នាំតាមវេជ្ជបញ្ជា និងការទូទាត់អាំងស៊ុយលីន។
លោក David Cutler សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Harvard បាននិយាយថា ព័ត៌មានលម្អិតបន្ថែម គឺត្រូវការចាំបាច់ដើម្បីកំណត់តម្លៃសហព័ន្ធលើការកំណត់ថ្លៃចំណាយក្រៅហោប៉ៅ។ ប៉ុន្តែវា “ទំនងជាមិនថ្លៃពេកទេ” ហើយអត្ថប្រយោជន៍ទាំងឡាយ ដែលទទួលបានពីការព្យាបាលថោកជាង ដែលសំខាន់សម្រាប់ពលរដ្ឋអាមេរិកជាច្រើន អាចមានទំហំធំ៕