ខ្សែជីវិតនិងស្នាដៃរបស់ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់ ដែលកូនខ្មែរគ្រប់រូបគួរសិក្សាស្វែងយល់ពីព្រះអង្គ

កុមារ ខាត់ កើត​រវាង​ឆ្នាំ​១៩១០ នៅ​ភូមិ​ភ្នំដិល ស្រុក​បាធាយ ក្នុង​ខេត្តកំពង់ចាម ។ បិតា​នាម ប៉ាង និង​មាតា ​នាម អុង ។ ពេលចំរើនវ័យកាលណាកុមារ​រូបនេះ​បាន​បួស​រៀន​ក្នុង​សំណាក់​ពុទ្ធសាសនា ហើយ​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​សាលា​បាលី​ជាន់ខ្ពស់​។ ព្រះភិក្ខុ ប៉ាង ខាត់ បាន​ប្រឡង​ជាប់​ចូល​រៀន​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង ដោយ​បាន​ពិន្ទុ​ល្អ​ប្រសើរ​ទៀត​ផង។

ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់

យោងតាមការចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ «មិត្ត​សាលា​បាលី» ឆ្នាំ​ទី​២ លេខ​៦ ខែមករា ១៩៥១ ទំព័រ​២៦ ថា «កាល​ខ្ញុំ​ប្រឡង​ចូល​រៀន​សាលា​បាលី​ជាន់ខ្ពស់ ហើយ​ខ្ញុំ​ត្រូវ​ប្រឡង​ចូល​រៀន​ភាសា​បារាំង ផ្នែក​ខាង​ធ្វើ​គ្រូ​ទៀត កាលនោះ ខ្ញុំ​មាន​សំណាង​បាន​ពិន្ទុ​ប្រសើរ​ជាងគេ» ។ ពេល​ដែល ព្រះភិក្ខុ ប៉ាង ខាត់សិក្សា​ក្នុង​ក្រុងភ្នំពេញ លោក​គង់និងបួសរៀននៅវត្ត​ឧណ្ណាលោម ក្នុង​កុដិ​ព្រះ​ពោធិវង្ស ហួត តាត ហើយ​លោក​ជា​សិស្ស​គណៈ​ព្រះពោធិវង្ស ។

តួនាទីក្នុងឧត្តមសិក្សា និងក្នុងការស្រាវជ្រាវ

ព្រះគ្រូ ប៉ាង ខាត់ ជា​សាស្ត្រាចារ្យបង្រៀន​ភាសាសំស្ក្រឹត និង​ភាសាបាលី នៅ​សាកលវិទ្យាល័យ​ព្រះសីហនុរាជ ក្រុងភ្នំពេញ និងបាន​មក​បង្រៀន​ការ​សិក្សា​អក្សរ​ថ្ម និង​ខ្មែរ​បុរាណ ហើយ​និង «ប្រវត្តិ​សាសនា ឥណ្ឌា​-​ខ្មែរ» នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ព្រះភិក្ខុ ប៉ាង ខាត់ បាន​បង្រៀន​ភាសាបាលី​ជា​ច្រើន​ឆ្នាំ​នៅ​សាលា​បាលី​ជាន់ខ្ពស់ នៅ​ភ្នំពេញ ដែល​មាន​ព្រះពោធិវង្ស ហួត តាត ជា​ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ និង​ជា​អធិបតី​ក្រុម​ជំនុំ​ព្រះត្រៃបិដក គឺជា​អតីត​គ្រូអាចារ្យ​លោក ។ បន្ទាប់​មក លោក​បាន​បង្រៀន​ភាសាសំស្ក្រឹត នៅ​សាកលវិទ្យាល័យ​ព្រះសីហនុរាជ ក្រុងភ្នំពេញ រហូត​ដល់​ឆ្នាំ​១៩៧៥  ។

ភិក្ខុ ប៉ាង ខាត់ ជា​អ្នកប្រាជ្ញ​ជាតិ​មួយអង្គ ដែល​យើង​មិន​អាច​បំភ្លេច​បានតាមរយៈស្នាដៃ និងទេពកោសល្យពិសេសការបកប្រែសៀវភៅពីសំស្ក្រឹតមកជាខេមរភាសា ។ ព្រះអង្គ​បាន​បន្សល់​ទុក​ស្នាដៃ​ដ៏​ច្រើន សម្រាប់​ខ្មែរ​យើង​ជំនាន់​ក្រោយ ដូច​មាន​បញ្ជី​អត្ថបទ​អប់រំនានាក្នុងគន្លងពុទ្ធសាសនា។ ព្រះអង្គ​ប៉ាងខាត់ ​បាន​បង្ហាត់បង្រៀន​ព្រះសង្ឃ និង​និស្សិត នៅ​សាកលវិទ្យាល័យ​ព្រះសីហនុរាជ និង​សាកលវិទ្យាល័យ​ភូមិន្ទ ជា​ច្រើន​ជំនាន់ ហើយ​សិស្ស និង​និស្សិត​ចាស់​របស់​លោក ក្រោយមក​ក្លាយ​ខ្លួន​ជា​គ្រូ ជា​សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ភាសា អក្សរសាស្ត្រ វប្បធម៌​-​អរិយធម៌​ខ្មែរ ជាដើម បាន​បន្ត​ស្នាដៃ​លោក​តទៅ​ទៀត ។ ដោយហេតុ​នេះ​ហើយ បានជា​មាន​សិស្ស​គុណ​ខ្លះ​នៅ​ក្នុងស្រុក ខ្លះ​ទៀត​នៅ​ក្រៅ​ស្រុក (អឺរ៉ុប អូស្ត្រាលី អាមេរិក អាស៊ី) បាន​ប្រមូលគ្នា​ចងក្រង​សៀវភៅ​មួយ​ជា​ស្នាដៃ​រួម ដើម្បី​ជា​គារវកិច្ច​ដ៏​សំខាន់ ឧទ្ទិស​ដល់​គុណ​គ្រូ ។

សាមណសិស្សក៏​អ្នក​សិក្សា ព្រមទាំង​ប្រជារាស្ត្រ​នានា នៅ​នឹកឃើញ​ដល់​ស្នាដៃព្រះអង្គ ដែល​បានបន្សល់ទុកជា​កេរ្តិ៍​មរតកជា​ច្រើន ជា​ពិសេស គឺ​សៀវភៅ​ស្រីហិតោបទេស ៤ ភាគ និង​ប្រវត្តិ​ពុទ្ធសាសនា​នៅ​កម្ពុជា (ជា​ភាសា​ខ្មែរ និង​ភាសា​បារាំង) ។

តួនាទីក្នុងពុទ្ធសាសនា និងកិច្ចការសង្គម

ភិក្ខុ ប៉ាង ខាត់ ឥត​មាន​ងារ​ក្នុង​រាជាគណៈ​សង្ឃ​ទេ ពោលព្រះអង្គគ្មានចេតនាដើម្បី​ស្វះស្វែង​បុណ្យ​ស័ក្តិយស​ផ្លូវពុទ្ធចក្រ ។ ឃើញក្នុង​សំណេរ​លោក​ចារ​លើ​នាម​លោក​ថា «ភិក្ខុ» ឬ ឆាយា​នាម​លោក «វិរិយបណ្ឌិតតោ» ដែល​ព្រះសង្ឃ​ទាំងអស់ មួយ​អង្គៗ​មាន​ឆាយា​នាម​ផ្ទាល់​មួយប្រចាំជីវិត​ជា​សង្ឃ ។ ក្នុងនាមព្រះអង្គជាអ្នកប្រាជ្ញាមួយរូប គឺព្រះអង្គបាន​សរសេរចងក្រង​អត្ថបទ​ជា​ច្រើន ពន្យល់​ពុទ្ធមាមកជន ថា «ព្រះពុទ្ធសាសនា» គឺជា​វិទ្យាសាស្ត្រ និង​បង្ហាញ​ពី​តម្លៃ​សាកល ជា​ឫសគល់​ពិត​នៃ​ព្រះពុទ្ធ​សាសនាអាចនិយាយថា ព្រះអង្គបានផ្តល់ដំបូន្មានយើងទាំងអស់គ្នាតាមពុទ្ធឱវាទ។

ដោយ​លោក​មាន​ចរិត​ជា​សង្ឃ​ជឿនលឿន​និយម ឯករាជ្យ​និយម ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាន​សុខ​សន្តិភាព លោកនិង​ព្រះសង្ឃ​មួយ​ចំនួន មាន​ព្រះ​គ្រូអាចារ្យ ហែម ចៀវ ព្រះ​គ្រូអាចារ្យ ខៀវ​ជុំ (វត្ត​លង្កា) ព្រះ​គ្រូអាចារ្យ សូរ ហាយ ព្រះ​គ្រូអាចារ្យ អ៊ុក ជា ជាដើម រួម​ជាមួយ​អ្នកនយោបាយ​ជំនាន់​នោះ គឺ​មាន​លោក សឺង ង៉ុកថាញ់ លោក ប៉ាច ឈឺន លោក នួន ឌួង លោក ជុំ មួង លោក ប៊ុណ្ណ ចន្ទម៉ុល ជា​អាទិ៍ ។ នៅ​ឆ្នាំ​១៩៤២ បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អាណានិគម​បារាំងសេស ដែល​គេ​ឲ្យ​ឈ្មោះ​ថា «បដិវត្តន៍​ឆត្រ» ។

ជាមួយ​កា​រវិ​វ​ឌ្ឍ​នៃ​វាសនា​ស្រុក​ខ្មែរ ព្រះ​គ្រូ​ ប៉ាង ខាត់ ជា​ព្រះសង្ឃ​ដ៏​អង់អាច​ចូល​ប្រយុទ្ធ​ទាមទារ​ឯករាជ្យ​ប្រឆាំង​នឹង​អាណានិគមនិយម​បារាំង​សេស។ ឯករាជ្យ​វប្បធម៌​បាន​រក្សា​ទុក​មុន​ឯករាជ្យ​នយោបាយ​ឆ្នាំ​១៩៥៣ ព្រោះ​លោក​បាន​រំលឹក​ជា​ញឹកញាប់​នូវ​ការ​ប្រឆាំង​របស់​ព្រះសង្ឃ​ជាមួយ​ប្រជាជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស ដើម្បី​ផ្ចាញ់​នឹង​បំណង​របស់​បារាំង​ដែល​ចង់​បញ្ជា​បង្ខំ​ឱ្យ​ខ្មែរ​សរសេរ​អក្សរ​ខ្មែរ​ជា​រូបរាង «Romaniser» ដូច «​អក្សរ​យួន​» ដែល​យើង​ស្គាល់​សព្វថ្ងៃ។ ដោយ​ជាតិខ្មែរ​ជា​ជាតិ​មាន​អក្សរ ភាសា វប្បធម៌ អរិយធម៌​ជា​គ្រឹះ​ដ៏​មាំ​ច្បាស់លាស់ ដោយ​សាមគ្គីភាព យើង​ក៏​បាន​រក្សា​ទុក​កេរដំណែល​ពី​ដូនតា​យើង​ជា​សា្ថ​ពរ ។

ព្រះ​គ្រូ​ប៉ា​ង ខាត់ ប្រសប់​ឈ្វេងយល់​កម្រិត​ឧត្តម​ចំពោះ​យុត្តិធម៌ ។ សម័យ​ដែល​ខ្ញុំ​រៀន​សញ្ញាបត្រ​វេយ្យាករណ៍​ជាមួយ​លោក​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ​ភ្នំពេញ មាន​កើត​បញ្ហា «​ទំនាស់​អក្សរសាស្ត្រ​» រវាង​ការ​ស្រាវជ្រាវ និង​ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​បណ្ឌិត កេង វ៉ា​ន់​សាក់ និង​សង្គម​ខ្មែរ​ខ្លះ​ដែល​ចោទ​ស​ង្ខើ​ញ​ថា​គាត់​ចង់​កែប្រែ​អក្សរសាស្ត្រ ។ ព្រះ​គ្រូ​ប៉ា​ង ខាត់ ពុំ​បាន​ថា ​ខាង​ណា​ខុស ខាង​ណា​ត្រូវ​ទេ លោក​គ្រាន់តែ​មាន​ពុទ្ធដីកា​ថា «​លោក​វ៉ា​ន់​សាក់​មិន​បាន​កែប្រែ​អក្សរសាស្ត្រ​អ្វី​ទាំងអស់ លោក​គ្រាន់តែ​យក​អ្វី​ដែល​មាន​ហើយ​ក្នុង​អក្សរសាស្ត្រ​យើង​មក​និយាយ​បង្រៀន​ឡើង​វិញ​ប៉ុណ្ណោះ​» ។ ពុទ្ធដីកា​បែប​បង្រួបបង្រួម​នេះ​អាច​ឱ្យ​យើង​យល់​ថា សម័យ​បុរាណ ឬ​ទំនោរ​ថ្មី យើង​ត្រូវការ​គ្នា​ទាំងអស់ រីឯ​សិទ្ធិ​ស្រាវជ្រាវ​ក៏​ត្រូវ​មាន​ដែរ​ដើម្បី​ឱ្យ​អក្សរសាស្ត្រ​មានកា​រវិ​វ​ឌ្ឍ​ស្រប​សេចក្តី​ត្រូវការ ។

ព្រះគ្រូប៉ាង ខាត់ ត្រូវ​អាជ្ញាធរ​បារាំង​បង្ខំ​ឲ្យ​សឹក ហើយ​បញ្ជូន​ទៅ​ដាក់គុក​នៅ​កោះ​ត្រឡាច ស្រុក​យួន ជាមួយ​ព្រះ​គ្រូអាចារ្យ ហែម ចៀវ លោក ប៊ុណ្ណ ច័ន្ទម៉ុល និង​សហសេវិក​ឯទៀតៗ ។ នៅ​ឆ្នាំ​១៩៤៤ លោក​បាន​រួច​ពី​ពន្ធនាគារ​កោះ​ត្រឡាច មក​កាន់​មាតុប្រទេស​វិញ ។

នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-១៩៧៥) ភិក្ខុ ប៉ាង ខាត់ មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​នយោបាយ​ជាតិនៅ​សម័យ​នោះ គឺ​លោក​ចូល​ប្រជុំ​ជាមួយ​គណៈរដ្ឋមន្ត្រី​ជា​ច្រើន​លើក​ច្រើន​គ្រា ហើយ​លោក​បាន​ចេញ​ឃោសនា​ការពារ​នយោបាយ​រដ្ឋអំណាច​របប​សាធារណរដ្ឋ​ខ្មែរ។ នៅ​សម័យ​នោះ ភិក្ខុ ប៉ាង ខាត់ រមែង​ទេសនា​រំលែក​ទុក្ខ​គ្រួសារ​យុទ្ធ​ជន ដែល​បាន​បូជាជីវិត​ក្នុង​សមរភូមិ ឧទាហរណ៍ ដូចជា​សំដែង​ធម្មទេសនា​នា​បុណ្យ​ទក្ខិណានុប្បទាន របស់​ព្រិន្ទបាលទោ អូប៊ិន ឆេងអូន នៅ​វត្ត​បូណ៌ សម័យ​សាធារណរដ្ឋ​ខ្មែរ ស្តីពី​វេទនា​សង្ខារ​វិញ្ញាណ និង​ខន្ធ ។

ខាងក្រោមនេះ ជាស្នាព្រះហស្ថសំខាន់ៗ នៃព្រះមហាវិរិណ្ឌិតោប៉ាង ខាត់៖


-​មគ្គុទ្ទេសក៍​នគរ (Guide d’Angkor) អាចារ្យ​ប៉ា​ង ខាត់ ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ​១៩៤១ ចំនួន​២​ភាគ ដោយ​ភាគ​១​កម្រាស់​៥៣ ទំព័រ​, ភាគ​២​កម្រាស់​២២២​ទំព័រ ។ បោះពុម្ព​ឡើង​វិញ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​ឆ្នាំ​១៩៥៧ ភាគ​១​ មាន​៤៧​ទំព័រ​, ភាគ​២​មាន​១៩៨​ទំព័រ ។

-​គួរ​កសាង​អនុស្សាវរីយ៍​ព្រះ​មហាវិមលធម្ម​ថោ​ងឬទេ? ទស្សនាវដ្តី​មិត្ត​សាលា​បាលី​១៩៥១ លេខ​១ ទំព័រ​២២,៣៥ ។

-​បញ្ច​ត​ន្ត្រៈ សេចក្តី​ប្រែ​របស់​ភិក្ខុ​ប៉ា​ង ខាត់ ទស្សនាវដ្តី​មិត្ត​សាលា​បាលី ១៩៥១ ដល់​១៩៥៥ លេខ​១ មាន​ច្រើន​លេខ​តាំង​តែ​កំណើត​ទស្សនាវដ្តី​មិត្ត​សាលា​បាលី​ពី​ឆ្នាំ​១៩៥១​រៀង​រហូត​គ្រប់​លេខ​រហូត​ដល់​រលត់​ជីវិត​រវាង​ឆ្នាំ​១៩៥៥ តែ​រក​មិនឃើញ​នៅ​បណ្ណាល័យ​នានា​ឱ្យ​បាន​គ្រប់​លេខ​ទេ ។ ចាប់ពី​ឆ្នាំ​១៩៥៦ ទស្សនាវដ្តី​នេះ​បាន​ដូរ​ឈ្មោះ​ជា​ទស្សនាវដ្តី​ពុទ្ធិកវិទ្យាល័យ​វិញ ហើយ​មាន​បណ្ណាធិការ​នាម​ហួត ហៀ​ម ។

-ពុទ្ធសាសនាគឺអី្វ? ទស្សនាវដ្តី​មិត្ត​សាលា​បាលី ១៩៥១ លេខ​៤,៥ ទំព័រ​១៥៦​ដល់​១៧៤ ។ លេខ​៦,៧ ទំព័រ​២៨៥ ដល់​២១៦ ។

-បុណ្យគឺអី្វ? ទស្សនាវដ្តី​មិត្ត​សាលា​បាលី​១៩៥១ លេខ​៨,៩ ទំព័រ​២៨៥​ដល់​៣០៧ ។

-​ស្រី​ហិ​តោ​បទេស ភ្នំពេញ គី​ម​គី ៤​ភាគ ១៩៥២-១៩៦១ កថាមុខ​សរសេរ​ចប់​នៅ​វត្ត​ឧណ្ណាលោម ថ្ងៃ​ពុធ ៦​រោច ខែភទ្របទ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ​២៤៥២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែកញ្ញា គ្រឹ​ស្ត​សករាជ ១៩៤៩ ។ បោះពុម្ព​ឡើង​វិញ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​១៩៩៩ ។ ផ្សាយ​ឡើង​វិញ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។

-​ជីវិត​មនុស្ស ភ្នំពេញ រោង​ពុម្ព​ខ្មែរ ១៩៥២, ៤៩​ទំព័រ ។

-​ប្រវត្តិ​ពុទ្ធសាសនា​នៅ​កម្ពុជា អារម្ភបទ​ដោយ​ព្រះ​ពោធិវ័ង្ស ហួត តាត ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ ១៩៦១, ១៥៧​ទំព័រ ។

-​ជីវិត​ម៉ែ ភ្នំពេញ បោះពុម្ព​លើក​ទី​២ ១៩៦៤ (​បោះពុម្ព​ឡើង​វិញ​នៅ Austin, Texas ដោយ​មូលនិធិ​កម្ពុជា ១៩៨៦ បទ​ដើម​ដោយ​លោក​កុ​ល ផេង​) ។

-​វប្បធម៌​អរិយធម៌​ខ្មែរ ឥណ្ឌា​, ភ្នំពេញ ១៩៦៨ មាន​២៧១​ទំព័រ ។

-កើតទៀតឬទេ? ភ្នំពេញ វត្ត​ឧណ្ណាលោម ១៩៦៩ មាន​១០៥ ទំព័រ​។

-​ការ​ត្រាស់​ដឹង ភ្នំពេញ អ្នកនិពន្ធ ១៩៦៩ មាន​៣៩​ទំព័រ ។

-ពុទ្ធសាសនាដូចម្តេច? ភ្នំពេញ ផ្សាយ​ដោយ​ឌឹ​ក គា​ម ១៩៦៩ ។ ផ្សាយ​ឡើង​វិញ​ដោយ​សំវិជ្ជា​នៅ​ថ្ងៃ​ទី​២៥​មេ​សា ២០០៩ នៅ​សហរដ្ឋអាមេរិក​ក្នុង​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត ។

-ពុទ្ធសាសនាជាវិទ្យាសាស្រ្ត? ភ្នំពេញ អ្នកនិពន្ធ ១៩៧២ មាន​៦០​ទំព័រ ។

-​ព្រះ​ត្រៃ​បិដក​ជា​ភាសា​ខ្មែរ ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ ១៩៩៥ បោះពុម្ព​ឡើង​វិញ ។

-មនុស្សចង់បានអី្វ? ភ្នំពេញ មជ្ឈមណ្ឌល​វិបស្សនាធុរៈ​កម្ពុជា ១៩៩៩ ៣៨​ទំព័រ បោះពុម្ព​ឡើង​វិញ ។

-​សហការ​នឹង​នួន ប៊ុត វចនានុក្រម​ខ្មែរ ភ្នំពេញ បណ្ណាគារ​ប៊ុត​នាង​១៩៥៤ មាន​ចំនួន​១៩០១​ទំព័រ ។

ក្រៅពី​នោះ​នៅ​មាន​ស្នាដៃ​ជា​ច្រើន​ទៀត ព្រមទាំង​អត្ថបទ​សិក្សា​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជសុរិយា​ផង​ដែរ ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព