ឈានដល់វ័យ១៨ ឆ្នាំ កញ្ញាចាន្ទ្រា ធ្លាប់ស្តាប់លឺសារអប់រំម្តងម្កាលពីលោក គ្រូ ឃីម សុខហេង ហើយពាក្យគន្លឹះមួយចំនួនបានដក់ជាប់នៅក្នុងចិត្តរបស់នាង។ សូមបញ្ចាក់ថា លោកគ្រូ ឃីម សុខហេង គឺជាគ្រូអប់រំបណ្តុះបណ្តាលក្រៅប្រព័ន្ធដល់យុវជនរាប់ម៉ឺននាក់លើផ្នត់គំនិតវិជ្ជាមានជាង ២០ ឆ្នាំ និងជាម្ចាស់សៀវភៅ ប្តូររបៀបគិតជីវិតរុងរឿង។ ចូលដល់អាយុ ២០ ឆ្នាំ កញ្ញាចាន្ទ្រា បានចូលធ្វើការនៅហាងម៉ាស្សាមួយកន្លែងនៅរាជធានីភ្នំពេញ។ ទោះជាកញ្ញាធ្វើការទាំងអារម្មណ៍អស់សង្ឃឹមក្តី ប៉ុន្តែនាងនៅខិតខំស្តាប់វីដេអូលើកទឹកចិត្តផ្សេងៗតាមបណ្តាញសង្គម។
ក្នុងឃ្លីបវីដេអូមួយ លោកគ្រូ ឃីម សុខហេង បានលើកជាសំណួរថា ហេតុអ្វីបានជាយើងមិនធ្វើអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃឱ្យល្អ? ពេលនោះ ក៏ដូចជាបុគ្គលិកម៉ាស្សាទូទៅដែរ នាងមិនមានឆន្ទៈក្នុងការពង្រឹងជំនាញរបស់ខ្លួនឯងនោះទេ ព្រោះកិច្ចចំពោះមុខ គឺខិតខំធ្វើការឱ្យល្អដើម្បីបានប្រាក់ខែខ្ពស់។ ប៉ុន្តែក្រោយពីឆ្លងកាត់ការងារជាច្រើនឆ្នាំទាំងក្នុងប្រទេសនិងក្រៅប្រទេស សំនួរមួយទៀតបានផុសឡើងក្នុងចិត្តរបស់នាងផ្ទាល់… ហេតុអ្វីខ្ញុំមិនធ្វើការរបណ្តើរសន្សំជំនាញបណ្តើរ និងរកឱកាសរៀនបន្ថែម?។ សំណួរនេះហើយដែលជាចំណុចចាប់ផ្តើមនៃរបៀបគិតថ្មី ហើយក្តីស្រមៃទី២ ក៏លេចរូបរាង្គចេញមក នោះគឺចង់” ធ្វើជាគ្រូបណ្តុះបណ្តាលជំនាញម៉ាស្សាដល់យុជវជនខ្មែរនាពេលអនាគត”។
ដើម្បីសម្រេចនូវបំណងនេះ កញ្ញាចាន្ទ្រា បានចំណាយពេលជាច្រើនឆ្នាំ ខិតខំពុះពារបង្វឹកជំនាញម៉ាស្សាពីគ្រូខ្មែរផង ម៉ាឡេស៊ីផង និងគ្រូជាតិថៃផង រហូតដលស្ទាត់ជំនាញ។ ក្រោយពីមានជំនាញសមល្មមហើយ ចាន្ទ្រាបានវិលត្រឡប់មកកម្ពុជាវិញ។ នៅឆ្នាំ ២០១៨ ហាង បុស្បា ស្ប៉ា និងម៉ាស្សាបុរាណថៃ ដំបូងត្រូវបានបង្កើតឡើង ដែលមានទីតាំងនៅផ្លូវ North Bridge សង្កាត់អូបែកក្អម។ ឆ្នាំបន្ទាប់មកទៀត គាត់បើកហាងម៉ាស្សាសាខាទី២ នៅក្បែរផ្សារទំនើប Aeon II ក្នុងខណ្ឌសែនសុខ។ ប៉ុន្តែសាខាទី២នេះ ត្រូវបានបិទទ្វាទៅវិញ ដោយសារខ្ស័យធន់ក្នុងអំឡុងវត្តមានកូវីដ-១៩ ហើយអាជីវកម្មបន្តជួបវិបត្តិជារហូតមកដល់ចុងឆ្នាំ ២០២៣។
បច្ចុបប្បន្នថៅកែហាង បុស្បា ស្ប៉ា និងម៉ាស្សាបុរាណថៃ បានឈានចូលវ័យ៣០ ឆ្នាំហើយ។ ក្នុងកិច្ចសម្ភាសជាមួយ អាម៉ាហ្សាឌៀ អេឌូខេសិន (Amazadia Education) សហគ្រិនស្រ្តី ដែលមានស្វាមីជាជនជាតិថៃរូបនេះ បានត្អូញត្អែរពីការលំបាកក្នុងការដឹកនាំអាជីវកម្ម ដែលមិនសូវមានប្រាក់ចំណេញ។ ការណ៍នេះបានរុញទម្លាក់ទឹកចិត្តមិនឱ្យប្រឹងប្រែងតទៅមុខទៀត ហើយជាញឹកញយ គាត់ចង់បិទហាងចោល ហើយដើររកការងារធ្វើយកប្រាក់ខែជាថ្មីម្តងទៀត។
ក្នុងដំណាក់កាលសេដ្ឋកិច្ចកំពុងថមថយ គ្រប់ទម្រង់នៃអាជីវកម្មទាំងអស់វាអាចដួលរលំ ឬងើបបោះជំហានទៅមុខបាន ដោយសារកម្រិតនៃចំណេះដឹងរបស់ម្ចាស់អាជីវកម្មម្នាក់ៗ។ ជាក់ស្តែងករណី អ្នកស្រីគុយ ចាន្ទ្រា ស្ទើរតែបោះបង់ចោលអាជីវកម្ម និងក្តីស្រមៃធ្វើជាគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈម៉ាស្សា ដែលខ្លួនខំចិញ្ចឹមទុកក្នុងចិត្តតាំងនៅវ័យជំទង់។ រយៈពេល ៦ ឆ្នាំនៃដំណើរការសេវាកម្មម៉ាស្សា អ្នកស្រីបានជួបនូវស្ថានភាពលិច អណ្តែតៗ មិនរីកចំរើន និងបានត្រឹមបន្សល់នូវភាពធុញទ្រាន់ក្នុងចិត្តយ៉ាងខ្លាំង។ អ្នកស្រី ចាន្ទ្រា មានអារម្មណ៍ថា ចង់បញ្ឈប់មុខរបរ និងបញ្ចប់ក្តីស្រមៃ ទាំងស្រុងតែម្ដង។
«ជីវិតខ្ញុំប្រៀបដូចជាដើរវង្វេងផ្លូវ ដែលត្រឹមតែដឹងថា ដើរទៅមុខតែមិនដឹងថា ដើរទៅទិសណា។ ខ្ញុំចេះតែជំនាញម៉ាស្សា ប៉ុន្តែការគ្រប់គ្រងខ្ញុំអត់ចេះទេ។ ទីផ្សារក៏អត់ចេះដែរ។ បើកហាងរយៈពេល ៦ឆ្នាំកន្លងមកសន្សំតែភ្ញៀវចាស់ៗប្រាប់តៗគ្នាពីម្នាក់ទៅភ្ញៀវម្នាក់ទៀត។ ប៉ុន្តែវត្តមានកូវីដ ភ្ញៀវក៏លែងសូវមក។ ចឹឹងវាធ្វើឱ្យនាងខ្ញុំប្រឈម នឹងភាពអត់នឿយ ភាពបាក់ទឹកចិត្តចង់បិទហាងតែម្តង។ ពេលខ្លះខ្ញុំគិតថា ខ្ញុំហត់ណាស់ ព្រោះមិនមានជំនាញគ្រប់គ្របបុគ្គលិក ពេលគាត់មានជំនាញបន្តិចក៏ឈប់អស់។»
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីហាក់មានរាសីល្អឡើងវិញ ចាប់ពីដើមឆ្នាំ ២០២៤។ អ្នកស្រីបានរកឃើញនូវភាពខ្វះខាតរបស់ខ្លួនក្នុងការដំណើរការអាជីវកម្ម នោះគឺកង្វះផ្នត់គំនិតជាសហគ្រិន។ ក្រោយពីអ្នកស្រីបានប្តូររបៀបគិត ក្តីស្រមៃដែលស្លាប់ទៅហើយនោះ ក៏បានចាប់ចាប់កំណើតជាថ្មីឡើងវិញ ក្នុងចក្ខុវិស័យថ្មី ក្រោយពីបានចូលវគ្គសិក្សាខ្លឹមអាជីវកម្មជាមួយ KSH Team ដោយបានរៀននូវវិជ្ជាដឹកនាំ និងដំណើរការអាជីវកម្មជាច្រើនវគ្គ។ នោះគឺក្នុងវគ្គបណ្តុះបណ្តាលខ្លឹមអាជីវកម្ម រួមមាន៖ របៀបគ្រប់គ្របបុគ្គលិក រៀននិយាយទំនាក់ទំនង ការធ្វើទីផ្សារ ក្បូនលក់សេវាកម្ម និងធ្វើឱ្យអតិថិជននៅទីឆ្ងាយស្គាល់សេវាកម្ម តាមបណ្តាញសង្គម។
ក្នុងបំណងចង់ក្លាយជាសហគ្រិនស្ត្រីពោរពេញដោយសេរីភាពពេលវេលា និងហិរញ្ញវត្ថុនៅពេលអនាគត អ្នកស្រី ចាន្ទ្រាកំពុងតម្រង់ទិសគឺចង់ក្លាយជាគ្រូ និងជាម្ចាស់សាលាបណ្តុះបណ្តាលជំនាញម៉ាស្សា និងស្ប៉ា នៅកម្ពុជាដែលអាចជួយបង្កើតការងារ និងប្រាក់ចំណូលដល់យុុវជន ឬស្រីមេផ្ទះជាច្រើននាក់។ អ្នកស្រីមើលឃើញថា ៥ ឆ្នាំខាងមុខ គាត់អាចបង្វឹកជំនាញ និងចេញវិញ្ញាបនបត្រជូនសិស្សរបស់គាត់ ដើម្បីបញ្ចាក់ពីជំនាញម៉ាស្សាសុខភាព។ ទោះជាយ៉ាងណា មិនមានទិន្នន័យច្បាស់លាស់ត្រូវបានស្រង់ដោយក្រសួងទេសចរណ៍នៅឡើយទេថា តើនៅរាជធានីភ្នំពេញ ឬនៅព្រះរាជាណាចក្រកម្ពុជាទាំងមូល មានហាងម៉ាស្សាសរុបចំនួនប៉ុន្មានទីតាំង ហើយបានបិទទ្វារប៉ុន្មាន និងប៉ុន្មានទៀតនៅបន្តដំណើរការមកត្រឹមឆ្នាំ ២០២៤ នេះ។
សហគ្រិនស្ត្រីរូបនេះ មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការរីកលូតលាស់ផ្នែកទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ ហេតុដូចនេះ សេវាកម្មម៉ាស្សាជាចំណេះជំនាញដែលមានទីផ្សារខ្ពស់នៅពេលកំណើនទេសចរមកកម្ពុជាកាន់តែច្រើន។ អ្នកស្រីមានប្រសាសន៍ថា «សម្រាប់ជនបរទេសដែលមកដើរកម្សាន្ត មកវិនិយោគ ឬស្នាក់អចិន្ទ្រៃយ៍នៅស្រុកខ្មែរ គេត្រូវការសេវាម៉ាស្សា ជាការចាំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះវាជាឱកាសរកចំណូលដល់បុគ្គលិកម៉ាស្សា ក៏ដូចជាការបង់ពន្ធជូនរដ្ឋតាមរយៈម្ចាស់សេវាកម្មផងដែរ។
អ្នកស្រីចាន្ទ្រា បានពន្យល់ថា វិជ្ជាជីវៈស្ប៉ា និងម៉ាស្សា មានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សក្នុងសម័យទំនើបនេះ។ មនុស្សមានការមមាញឹកជាមួយការងារច្រើនម៉ោង ជាពិសេសការអង្គុយធ្វើការយូរក្នុងការិយាយល័យម៉ាស៊ីនត្រជាក់។ ការអង្គុយតែមួយកន្លែងដោយគ្មានសកម្មភាពបញ្ចេញកំលាំងកាយ វាធ្វើឱ្យសរសៃឡើងរឹង ដោយអាការៈស្ពឹកស្រពន់។ នេះហើយជាបញ្ហាចម្បង ដែលឈានដល់ប៉ះពាល់សុខភាព។ មានបុគ្គលខ្លះ អង្គុយធ្វើការយូរពេកខុសទំនង អាចជាជំងឺមួយចាំបាច់ត្រូវព្យាបាល។ ដំុស្រេសអាចកើតមាននៅម្តុំស្មា និងចង្កេះហើយដុំស្រេសនេះ វាអាចរំលាយដោយការម៉ាស្សាសុខភាព។
«ខ្ញុំយល់ថា ម៉ាស្សាសំខាន់ត្រង់ថា វាជួយសម្រួលដល់សុខភាព និងអារម្មណ៍ឱ្យស្រស់ថ្លា ហើយការម៉ាស្សា គឺជំនួយដល់ជីវិតប្រចាំថ្ងៃតែម្តង យើងអង្គុយច្រើនម៉ោង ដាច់ខាតត្រូវម៉ាស្សាប្រចាំសប្តាហ៍ វាជួយឱ្យអតិថិជនស្រួលខ្លួន បំបាត់ស្រេស និងធ្វើឱ្យមានស្មារតីស្រស់ថ្លាឡើងវិញ។»
តាមគោលការណ៍នៅប្រទេសថៃ អ្នកមានជំនាញមធ្យមរៀន និងអនុវត្តជំនាញនេះរយៈពេល ១៥០ម៉ោង ដើម្បីមានសិទ្ធបើកហាងបំរើសេវាម៉ាស្សាដល់
អតិថិជន។ រីឯអ្នកមានជំនាញខ្ពស់ត្រូវរៀននិងអនុវត្តចំនួន៣៥០ ម៉ោង នឹងត្រូវអនុញ្ញាតឱ្យបើកសាលាបណ្តុះបណ្តាលធ្វើជាគ្រូបង្រៀនវិជ្ជាជីវៈនេះបាន។ វិជ្ជាជីវៈនេះ ចំណាយលុយតិចលើការសិក្សា និងងាយស្រួលរកការងារធ្វើ ព្រមទាំងទទួលបានប្រាក់ចំណូលសមរម្យ។
អ្នកស្រី អំពាវនាវ ដល់យុវជន យុវតីខ្មែរ ដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យអាចស្វែងរកជំនាញណាមួយសម្រាប់បំនិនជីវិត និងជួយសម្រួលការចំណាយប្រចាំថ្ងៃ។ ពួកគេអាចប្រាក់ចំណូលពីទេសចរបទេស តាមរយៈវិស័យនេះ។ អ្នកស្រីពន្យល់ថា វិស័យនេះ មានសក្តានុពលចូលរួមចំណែកដល់សេដ្ឋកិច្ច តាមរយៈប្រាក់ខែបុគ្គលិក និងចំណូលពន្ធចូលរដ្ឋផងដែរ។ សូម្បីតែការងារបន្ថែមម៉ោងក៏អាចរកចំនូលបានពី៥០០ដុល្លារ ទៅ ៦០០ ដុល្លារក្នុង១ខែ។
ក្នុងរយៈពេលពីនេះទៅ ៥ ឆ្នាំខាងមុខ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈម៉ាស្សា ស្បា៉បែបថៃ ឬបែបខ្មែរ និងបែបជប៉ុន គួរមានវត្តមាននៅកម្ពុជា។ ការបណ្តុះបណ្តាល គឺជាការចាំបាច់ណាស់ ខណៈនៅកម្ពុជាមិនទាន់មានសាលាបបង្វឹឹកវិជ្ជាជីវៈផ្នែកម៉ាស្សា និងស្ប៉ានៅឡើយ។ វិជ្ជាម៉ាស្សានៅប្រទេសថៃ ត្រូវបានគេបង្រៀនយ៉ាងទូលំទូលាយតាមទីវត្តអារាម និងតាមសាលាហ្វឹកហ្វឹនវិជ្ជាជីវៈជាច្រើន ដែលចេញវិញ្ញាបណ្ណប័ត្រដោយសាលា និងទទួលស្គាល់ដោយអាជ្ញាធរជំនាញ ខណៈដែលកម្ពុជាពុំទាន់មានសាលាបណ្តុះបណ្តាលស្ដង់ដារនៅឡើយ ។ អ្នកស្រីបានផ្តាំទៅយុវជន ឬអ្នកកំពុងធ្វើការឱ្យគេថា ជំនាញមួយនេះ វាមានប្រយោជន៍ណាស់សម្រាប់ជួយដល់សុខភាពអតិថិជន។ សម្រាប់វិស័យម៉ាស្សា ក្រសួងទេសចរណ៍ មិនទាន់បានជួយជ្រោមជ្រែងច្រើនទេ។ «ខ្ញុំចង់ឃើញមានការជួយជ្រោមជ្រែងបន្ថែមស្ថាប័នរដ្ឋ ក្នុងក្របខណ្ឌគោលនយោបាយផ្នែកសាលាបណ្តុះបណ្តាលលើមុខជំនាញនេះនៅកម្ពុជា»៕