ភូមិអ្នកនិពន្ធ សូមសង្ខេបសាច់រឿងយ៉ាងខ្លីនិងងាយយល់។ អ្នកនិពន្ធ តូច ឈួង បានសរសេរថា កាលនោះមានស្តេចខ្មែរមួយអង្គ គឺព្រះនរាយរាជាអង្គតន់ ដោយមានជំនួយពីកងទ័ពយួនក៏វាយរុញច្រានព្រះអង្គតន់រាមាចេញពីរាជធានីឧដុង្គទៅតាំងនៅ ក្នុងភូមិសាស្ត្រដែនដីកំពតវិញត្រួតត្រាខេត្តភាគខាងត្បូងនៃដែនដីខ្មែរ។ ចាប់ពីពេលនោះមក ប្រទេសខ្មែរបានបែកជាពីរ មានស្តេចមួយនៅគង់នៅរាជធានីឧដុង្គ និងស្តេចមួយអង្គទៀត គង់នៅដែនដីកំពត។ សូមបញ្ជាក់
ថា មុនបារាំងវាយដណ្តើមយកខេត្តបាត់ដំបង សៀមរាបមកវិញ ខេត្តខ្មែរមួយចំនួនស្ថិតនៅក្រោមចំណុះស្តេចសៀម។
លោក បែន ជាកូនខ្មែរមានស្រុកកំណើតនៅខេត្តតាកែវ បានចូលទៅបម្រើរាជការនាពេលនោះ ប៉ុន្តែបុរសម្នាក់នេះមានឆន្ទៈបំរើផលប្រយោជន៍ស្តេចសៀមដោយគ្មានងាគរេ។ ដោយសារគ្រួសារនេះតាមបម្រើស្ដេចសៀមដ៏ស្មោះស្ម័គ្រជាទីបំផុត ស្តេចសៀមបានចាត់តាំងឲ្យគ្រួសារ អភ័យវង្សបែន ឲ្យបានក្លាយទៅជាលោកម្ចាស់(ចៅហ្វាយខេត្ត)គ្រប់គ្រងទឹកដីខេត្តបាត់ដំបង និងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧។ រឿងដែលកូនខ្មែរបំភ្លេចមិនបាន ចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ ដែលនាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅរស់នៅស្រុកសៀមតកូនតចៅ ក្រោយពីបារាំងវាយដណ្តើមបានខេត្តទាំងនេះពីសៀមមកវិញ។
លោក តួច ឈួង បានបញ្ជាក់ថា កាលពីជំនាន់ដើម បាត់ដំបងមិនសូវមានមនុស្សប៉ុន្មានទេ ផ្ទៃដីមួយភាគធំជាតំបន់ព្រៃ។ ក្នុងសម័យនោះគេឃើញលោកម្ចាស់បែនតែងចេញទៅបរបាញ់សត្វ នៅតំបន់អូរស្រឡៅ និងនៅរាំងកេសី ដែលជាវាលស្បូវដ៏ធំធេង(ស្រុកសង្កែបច្ចុប្បន្ន) ។ មនុស្សជំនាន់ដើម ភាគច្រើនតែងប្រមូលផ្ដុំគ្នារស់នៅតាមដងស្ទឹងសង្កែ តែមានតិចតួចរស់នៅតាមដងស្ទឹងមោងឫស្សី និងស្ទឹងមង្គលបុរី រីឯភូមិឋានដែលនៅឆ្ងាយពីដងស្ទឹង មានតែភូមិកំពង់ព្រះ និងភូមិគាស់ក្រឡប៉ុណ្ណោះ។
នៅក្នុងឆ្នាំ១៨៨៤ អ្នកប្រាជ្ញជនជាតិបារាំងម្នាក់ គឺលោកប្រ៊ីយាង ដែលបានមកដល់បាត់ដំបង បានសន្និដ្ឋានថា ប្រជាជននៅខេត្តបាត់ដំបងក្នុង
«សម័យលោកម្ចាស់»មានប្រហែល១០ម៉ឺននាក់ប៉ុណ្ណោះ តែនេះមិនមែនជាការសន្និដ្ឋានតាមរយៈការធ្វើជំរឿនទេ ។ នៅក្នុងឯកសារសរសេរថា ក្នុងសម័យលោកម្ចាស់ ប្រជាជននៅក្នុងទឹកដីខេត្តបាត់ដំបង បានបែងចែកជា៣វណ្ណៈ គឺវណ្ណៈអភិជន វណ្ណៈរាស្ត្រសាមញ្ញ និងវណ្ណៈទាសករ ។ សម័យនោះ គេបានចាត់ទុកចិន និងយួន ជាជនបរទេស រីឯសៀម និងកូឡា គេចាត់ទុកថា ជាជនជាតិជាមួយគ្នា ។ ប៉ុន្តែសៀមដែលមានគំនិតទុច្ចរិតបានបោកប្រាស់ខ្មែរថា លាវ និងមនជាបងប្អូនគ្នាមានសាច់ឈាមកំណើតតែមួយ ។
ប្រវត្តិខ្លីៗពីលោកម្ចាស់
បុរសខ្មែរអ្នកតាកែវ ឈ្មោះបែននេះ បានកាន់អំណាចតពូជពីឪពុកទៅកូន និងបន្តទៅចៅនិងចៅទួតទៀត។ បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូងនៅបាត់ដំបងបានស្លាប់នៅឆ្នាំ១៨០៩ ហើយឈ្មោះ ប៉ែន ជាកូនក៏ឡើងបន្តតំណែងគ្រប់គ្រងនេះទៀត ត្រឹមរយៈពេល ៧ឆ្នាំក៏ស្លាប់បាត់ទៅ។ បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើងបន្តទៀតរហូតដល់ឆ្នាំ១៨៣៥ ។ ក្រោយពីឈ្មោះ រស់ស្លាប់ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងតំណែងបន្តទៀត។ គេមិនដឹងថា នង បានស្លាប់នៅឆ្នាំណានោះទេ តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ តមកទៀត កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្តដំណែងពីឪពុកខ្លួនដោយសម្លាប់បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅក្រុងសៀម ចង់លើកនាយបងថ្លៃនោះឲ្យឡើងគ្រងខេត្តបន្តពីឪពុករបស់ខ្លួន ។
ឈុំ អភ័យវង្ស នេះជាជនល្បីឈ្មោះខ្លាំង ដែលគេចាត់ទុកជាមនុស្សកាចសាហាវឃោរឃៅប្រហាក់ប្រហែលទៅនឹងជីតាជំនាន់ទី១ ឈ្មោះ បែនរបស់ខ្លួនដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបងពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែលបារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងប្រមូលទ្រព្យសម្បត្តិទាំងប៉ុន្មានពីខេត្តបាត់ដំបង ព្រមទាំងដឹក ប្រពន្ធ និងកូនចៅប្រហែលជាង ១០០ រទេះគោទៅរស់នៅឯបស្ចឹមបុរី ប្រទេសថៃ។ ឯកសារខ្លះទៀត បានកត់ត្រាទុកថា អាណាព្យាបាលបារាំងកាលនោះបានយល់ព្រមផ្តល់លុយឱ្យ ឈុំ អភ័យវង្ស ចាប់ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។ តាមសៀវភៅ លោក តូច ឈួង ស្តេចក្រាញ់ ឈុំ អភ័យវង្ស បានស្លាប់កំឡុងឆ្នាំ១៩២២។
ក្នុងប្រវត្តិសាស្ត្រនៃនយោបាយប្រទេសថៃ គេឃើញ បុត្ររបស់ ឈុំ អភ័យវង្ស ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) កើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង គឺជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង។ តាំងពីការដំណរវង្សត្រកូលមកពីជំនាន់ទី១ រហូតដល់ចុងជំនាន់ទី៥ ដែលការផ្សំផ្គុំរវាងត្រកូលសៀម ជាមួយត្រកូលខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់។ គ្រាមួយនៅពេលមានការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រី អ្នកនយោបាយ ឈ្មោះ ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀតចោទប្រកាន់ថា ខ្លួនលោកមានបុព្វបុរសជាខ្មែរ ដែលជាហេតុនាំឱ្យលោក ខួង មិនសូវមានការគាំទ្រផ្នែកនយោបាយ។ ភូមិអ្នកនិពន្ធសូមសង្ខេបរឿងរ៉ាវសម័យលោកម្ចាស់ត្រឹមនេះ បើអ្នកអានចង់ដឹងច្បាស់សូមជាវសៀវភៅអានមានភាសាខ្មែរ និងភាសាបារាំង៕