ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បាន ៣ ដងថ្មីរបស់ក្រុមហ៊ុនហួវៃ (Huawei) បានលើកស្ទួយមោទនភាពជាតិនិយម នៅក្នុងប្រទេសចិន ជាមួយនឹងការភ្ញាក់ផ្អើលលើបណ្តាញសង្គម ជាមួយនឹងអ្វីដែលក្រុមអ្នកគាំទ្រមើលឃើញថា ជាសមត្ថភាពរបស់ខ្លួន ក្នុងការច្នៃប្រឌិតប្រសើរជាងក្រុមហ៊ុន Apple ថ្វីបើមានការដាក់ទណ្ឌកម្មច្រើនពីអាមេរិកក៏ដោយ ទោះបីជាមនុស្សជាច្រើនកំពុងតែស្ទាក់ស្ទើរ នឹងតម្លៃវា $២,៨០០ ក្នុងទូរស័ព្ទ១គ្រឿងក៏ដោយ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបង្ហាញទូរស័ព្ទម៉ាក Mate XT របស់ខ្លួន ដែលជាទូរស័ព្ទ៣បត់ ដំបូងបំផុត ក្នុងឧស្សាហកម្មនេះ ក្នុងប៉េកាំង កាលពីថ្ងៃអង្គារ ទី១០ កញ្ញា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុន Apple បានណែនាំត្រកូល iPhone 16 ដែលកាន់តែទំនើបជាមួយបញ្ញាសិប្បនិម្មិត(AI)របស់ខ្លួន។
ទាំងម៉ាក Mate XT និងទាំង iPhone 16 នឹងដាក់លក់នៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះ ថ្វីបើម៉ាក Mate XT ត្រូវបានគេរំពឹងថា នឹងមានលក់តែនៅក្នុងប្រទេសចិនក៏ដោយ។
អ្នកប្រើម្នាក់លើបណ្តាញ Weibo របស់ប្រទេសចិន ដែលស្មើគ្នានឹងបណ្តាញ X របស់អាមេរិក បានបញ្ចេញយោបល់ថា៖ “Apple មិនបានធ្លាក់ចុះទេ ប៉ុន្តែ Huawei បានងើបឡើងវិញ យ៉ាងពិតប្រាកដ”។
មនុស្សម្នាក់ទៀត បានសរសេរថា៖ “ពេលវេលាកំពុងផ្លាស់ប្តូរ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក គឺជាការឥតប្រយោជន៍”។
វីដេអូ ដែលបង្ហាញពីក្រុមបុគ្គលិកហាង Apple ក្នុងប្រទេសចិន ហើយងាកទៅហាង Huawei មួយ ដើម្បីពិនិត្យមើលការចេញលក់ផលិតផល Huawei ក៏បានក្លាយជាវីដេអូពេញនិយមលេខ ២ នៅលើ បណ្តាញ Weibo ក្នុងរយៈពេល ១៣ ម៉ោងមកនេះ ដោយទទួលបានអ្នកចូលមើល ៩១លានដង និងការបញ្ចេញមតិជាង ៦៦០០ ។
ការចេញលក់ទូរស័ព្ទ Mate XT នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Huawei បានងើបមុខសារជាថ្មី នៅក្នុងទីផ្សារស្មាតហ្វូនលំដាប់កំពូល ហ្វាជី(5G) កាលពីឆ្នាំមុន ជាមួយនឹងស៊េរី Mate 60 របស់ខ្លួន ហើយក្នុងឆ្នាំនេះ ជាមួយនឹងទូរសព្ទស៊េរីខ្ពស់ Pura ដែលប្រើបន្ទះឈីបផលិតក្នុងស្រុក។
ម៉ាកទាំង៣ សុទ្ធតែត្រូវបានប្រារព្ធនៅក្នុងប្រទេសចិនថា ជាជ័យជំនះលើការដាក់ទណ្ឌកម្មរបស់អាមេរិក ដែលចាប់តាំងពីឆ្នាំ ២០១៩ មក បានរារាំងក្រុមហ៊ុននេះមិនឲ្យប្រើបន្ទះឈីបកម្រិតខ្ពស់របស់អាមេរិក និងបច្ចេកវិទ្យាផ្សេងទៀតរបស់អាមេរិកទេ។
វ៉ាស៊ីនតោន មើលឃើញថា ក្រុមហ៊ុន Huawei គឺជាហានិភ័យសន្តិសុខជាតិមួយ -ជាការចោទប្រកាន់មួយដែលក្រុមហ៊ុនហួវៃបដិសេធ។ ចាប់តាំងពីពេលនោះមក ទណ្ឌកម្មរបស់អាមេរិក បានពង្រីកយ៉ាងទូលំទូលាយ ដោយរួមបញ្ចូលទាំងការហាមឃាត់ការនាំចេញលើបន្ទះឈីបទំនើបរបស់អាមេរិក ទៅកាន់ក្រុមហ៊ុនចិនទាំងអស់ ដោយក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការរារាំងកររីកចម្រើនខាងបច្ចេកវិទ្យា សម្រាប់យោធារបស់ប្រទេសចិន។
ក្រុមអ្នកគាំទ្រក្រុមហ៊ុន Huawei ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Apple មិនទាន់ប្រកាសដៃគូ AI ក្នុងប្រទេសចិន ដើម្បីដំណើរការផលិតផល iPhone 16 របស់ខ្លួននៅឡើយទេ ហើយខួរក្បាលរបស់ Apple ដែលជាកម្មវិធី AI របស់ក្រុមហ៊ុននោះ នឹងអាចរកទិញបានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ នៅឆ្នាំក្រោយ។
ទោះបីជាមោទនភាពជាតិនិយមក៏ដោយ ក៏តម្លៃចាប់ផ្តើមរបស់ Mate XT ចំនួន១៩,៩៩៩យួន ($២,៨២០) ត្រូវបានគេរិះគន់ជាទូទៅថា ហួសពីលទ្ធភាពរបស់អ្នកប្រើប្រាស់ធម្មតា និងមិនរសើប នៅក្នុងពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ហើយពលរដ្ឋសាមញ្ញ កំពុងជួបបញ្ហាអសន្តិសុខផ្នែកហិរញ្ញវត្ថុនោះទេ។
កំណែប្រែថ្មីដែលមានលក្ខណៈពិសេសទំនើបជាងមុន ដូចជាអង្គចងចាំធំ នឹងមានតម្លៃដល់ទៅ ២៣,៩៩៩ យួន (៣,៣០០ ដុល្លារ)។
ការស្ទង់មតិរបស់បណ្តាញ Weibo ស្តីពីម៉ាក Mate XT នេះ បានបង្ហាញថា មានតែ ៩៦៦ នាក់ ក្នុងចំណោមអ្នកឆ្លើយសំណួរ ៩,២០០ ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេមានគម្រោងទិញវា។ លើសពី ៤៧០០នាក់ បាននិយាយថា ពួកគេត្រូវបានចប់ត្រឹមតម្លៃនោះ ខណៈដែល ៣៥០០នាក់ ផ្សេងទៀត បាននិយាយថា ពួកគេមិនបានពិចារណាទិញវានៅពេលនេះទេ។
ដោយពណ៌នាថា ខ្លួនគាត់ជាអ្នកស្មោះត្រង់នឹង Huawei, មនុស្សត្រកូល Xu ម្នាក់ នៅឯហាង Beijing Huawei នៅទីក្រុងប៉េកាំង បាននិយាយថា៖ “មិនខ្វល់ថា ខ្ញុំចូលចិត្តផលិតផលនេះប៉ុណ្ណាទេ តម្លៃលក់នោះ សម្រាប់ខ្ញុំស្តាប់ទៅ ដូចជាឆ្កួតអ៊ីចឹង។ ប្រហែលជាក្រុមហ៊ុន Huawei ពិតជាមិនកំណត់គោលដៅ មនុស្សដូចជាខ្ញុំទេ” ៕ ($1 = 7.1138 យួនចិន)