ទឹកដីខ្មែរក្រោម ឬកម្ពុជាក្រោមនេះ ត្រូវបានពួកអាណានិគមនិយមបារាំងកាត់ទៅឲ្យវៀតណាម ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ហើយបាសាក់ ក៏ជាឈ្មោះដៃទន្លេនៃទន្លេមេគង្គទាំងបួនដែលប្រសព្វគ្នានៅរាជធានីភ្នំពេញ ហៅថាចតុម្មុខ ឬទន្លេ៤មុខ។ ទន្លេបាសាក់នេះ បានហូរកាត់ទៅទិសខាងត្បូងចាក់ទៅក្នុងឈូងសមុទ្រ ហើយនៅលើដងទន្លេនេះហើយដែលជាទីតាំងនៃស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខនឹងខេត្តព្រះត្រពាំង ដើមកំណើតល្ខោនបាសាក់បានចាប់បដិសន្ធិឡើង ។ តំបន់នេះក៏ដូចជាតំបន់ដទៃទៀត មានប្រជាជនខ្មែររស់នៅច្រើនជាតំបន់មានអារ្យធម៌ និងមានកេរដំណែលវប្បធម៌ខ្មែរពីបរមបុរាណច្រើនដូចជាប្រាសាទ ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និងល្ខោនច្រើនប្រភេទ ដូចជាយីកេរ្តិ៍ និងល្ខោនជាដើម ។ល។
តាមឯកសារដែលបានស្រាវជ្រាវឱ្យដឹងថា សិល្បៈល្ខោនបាសាក់នេះ បានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តខ្មែរមួយក្រុមដែលមានចំណេះជ្រៅជ្រះខាងវប្បធម៌ អក្សរសិល្ប៍ និងសាសនាក្រោមការដឹកនាំ របស់អតីតចៅអធិការវត្តនាម លោកគ្រូ “សួរ” គង់នៅវត្តខ្សាច់កណ្ដាល ស្រុកបាសាក់ ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម។ ក្រោយពីលោកគ្រូ សួរ លាចាកសិក្ខាបទ (សឹក) ពីព្រះសង្ឃមក គោលបំណងចម្បងរបស់លោក គឺថែរក្សាជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួន ហេតុនេះលោកគ្រូសួរក៏បានប្រមែប្រមូលអតីតសង្ឃដែលបានសឹកពីបួស “បណ្ឌិត” ដូចគ្នាព្រមទាំងកូនសិស្ស ពុទ្ធបរិស័ទផ្សេងៗទៀត បង្កើតជាល្ខោនមួយវង់។ ប៉ុន្តែដោយកាលណោះនៅមានកង្វះខាតខាងផ្នែកសម្ភារ និងឆាកល្ខោននេះ ត្រូវគេនាំគ្នាសម្ដែងដោយផ្ទាល់ដីក្នុងរោងដែលសង់ឡើងដោយប្រក់ដំបូល ឫកាប់មែកឈើយកមកគ្របប្រហាក់ប្រហែលគ្នានឹងទ្រើងដែលគេដាំឃ្លោក ទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោននេះថា «ល្ខោនទ្រើងឃ្លោក» ។ ល្ខោនទ្រើងឃ្លោកនេះ មានវត្តមានរហូតដល់អំឡុងឆ្នាំ ១៩៥៣ កាន់តែពេញនិយមឡើងពិសេសនៅជាយក្រុងនិងជនបទនានា។
អ្នកខ្លះនិយមហៅថា ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” ក៏មានដែរព្រោះគេមិនទាន់កំណត់និយមន័យច្បាស់នៅឡើយ។ ពាក្យយូរកេរ្តិ៍នេះ ជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។ ឈ្មោះនេះ ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថា ល្ខោនបាសាក់នេះឯង ។
ល្ខោនទ្រើងឃ្លោកបានពង្រីកប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកសម្ដែងសុទ្ធតែជាអ្នកពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដីជាកំណាព្យកាព្យឃ្លោង
ពូកែការសម្ដែងដោយឥតព្រាងទុកជាហេតុនាំឲ្យទស្សនិកជន មានការកោតសរសើរ និងចូលចិត្តយ៉ាងក្រៃលែង។ មិនតែប៉ុណ្ណោះល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជាមួយនឹងល្ខោន “កៃលឿងវៀតណាម” ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក ។ ក្រោយមកក្នុងការដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនពីសង្គ្រាមនៅប្រទេសចិន ពិសេសក្នុងរយៈពេលនៃការបះបោររបស់ពួកម៉ាន់ជូ (Manchu) បានហូរច្រាលមកតាមសមុទ្រ ហើយបានចូលមកបោះទីតាំងនៅតំបន់កូសាំងស៊ីននេះ រស់នៅលាយឡំជាមួយប្រជាជនខ្មែរ និងប្រជាជន វៀតណាម ។
ក្នុងពេលដែលហូរចុះមកជនជាតិចិនទាំងនោះ បាននាំយកនូវទំនៀមទម្លាប់ប្រពៃណី និងសិល្បៈផ្សេងៗដូចជា “ល្ខោនហ៊ី” ជាដើមមកជាមួយផង។ ទាំងល្ខោនទ្រើងឃ្លោកខ្មែរ ទាំងល្ខោនកៃលឿងវៀតណាមទាំងល្ខោនហ៊ីចិន បានប្រលងប្រជែងខំប្រឹងបញ្ចេញឥទ្ធិពលរៀងៗខ្លួន ដណ្ដើមយកប្រជាប្រិយភាពស្រូបយកចំណង់និងចំណូលចិត្តទស្សនិកជនក្នុងតំបន់នោះ ។ ទីបំផុតល្ខោនហ៊ីចិនបានទទួលជោគជ័យដ៏ធំធេងជាង។ ឃើញហេតុផលយ៉ាងនេះ ដើម្បីទាមទារប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនចម្រុះជាតិសាសន៍នោះ អ្នកដឹកនាំល្ខោនទ្រើងឃ្លោក បានចម្លងយកចំណុចសំខាន់ៗ ខ្លះពីល្ខោនហ៊ីចិនដែលខ្លួនយល់ថា មានសារសំខាន់សម្រាប់ល្ខោនខ្លួន ។
ចាប់ពីពេលនោះមកល្ខោនទ្រើងឃ្លោក បានទទួលប្រជាប្រិយដ៏ធំធេងក្នុងតំបន់កូសាំងស៊ីននេះ ព្រោះពេលនោះ ទាំងអ្នកដឹកនាំវង់ល្ខោន ទាំងសិល្បករ អ្នកសម្ដែងមានការឆ្លាតវាងវៃណាស់ នៅទីណាកន្លែងណាដែលមានប្រជាជនខ្មែរជាអ្នកមើលភាគច្រើនគេតែងនាំគ្នាសម្ដែងជាភាសាខ្មែរសុទ្ធ កន្លែងណាដែលមានប្រជាជនវៀតណាមមើលច្រើន ការសម្ដែងតែងឆ្លូកគ្នាជាពីរភាសា គឺខ្មែរផង វៀតណាមផង ផ្ទុយទៅវិញកន្លែងណាដែលមានប្រជាជនចិនមើលច្រើន គេតែងនិយាយ និងច្រៀងភាសាខ្មែរផង និងភាសាចិនផង សម្របសម្រួលខ្លួនទៅតាមលក្ខណៈភូមិសាស្ត្រទឹកដី និងប្រជាជននៅតាមតំបន់។
ចំពោះប្រវត្តិដែលល្ខោនទ្រើងឃ្លោក ឫយូរកេរ្តិ៍ ជាមរតកដែលបានចាប់កំណើតនៅកម្ពុជាក្រោមហើយបានត្រូវគេប្ដូរឈ្មោះមកជាល្ខោនបាសាក់នៅកម្ពុជាយើងសព្វថ្ងៃនេះ នោះគឺមានដំណើររឿងដូចតទៅនេះ៖ នៅក្នុងអំឡុងឆ្នាំ ១៩២០ មានបងប្អូនខ្មែរពីរនាក់ បងឈ្មោះ លី កាញ់ និង ប្អូនឈ្មោះ លី សួន។ បងប្អូនទាំងពីរនាក់នេះ មានដើមកំណើត នៅស្រុកបាសាក់ ដែនដីកម្ពុជាក្រោម ។ លី កាញ់ ជាបងបានចាកចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីទៅរស់នៅប្រទេសបារាំង។ ក្រោយមកដោយការខំប្រឹងប្រែងរកទទួលទានមានទ្រព្យច្រើន ហើយ លី កាញ់ ក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិធនធាននៅប្រទេសបារាំង ។
ថ្ងៃមួយ លី សួន ជាប្អូនផ្ញើសំបុត្រទៅសួរសុខទុក្ខ លី កាញ់ ជាបង ហើយក៏បានសុំប្រាក់មួយចំនួនពីបង ដើម្បីប្រកបរបរជំនួញជួញដូរនៅឯស្រុកកំណើតរបស់ខ្លួន ។ លី កាញ់ ក្នុងទឹកចិត្តអាណិតប្អូនក្នុងទឹកចិត្តស្រណោះស្រណោក ស្រុកកំណើតជាទីរលឹករបស់ខ្លួន និងក្នុងស្មារតីចង់ថែរក្សាវប្បធម៌ពណ៌សម្បុរជាតិរបស់ខ្លួន ដែលស្ថិតក្នុងមជ្ឈដ្ឋានចម្រុះជាតិសាសន៍ឲ្យគង់វង្ស ក៏បានផ្ញើប្រាក់មកឲ្យ លី សួន ជាប្អូន ហើយបានសរសេរសំបុត្រប្រាប់ថា សូមប្អូនកុំធ្វើជំនួញដូរអ្វីក្រៅឲ្យសោះ លុយដែលបងផ្ញើឲ្យនេះសូមប្អូនគិតយ៉ាងណាជួយពង្រីក និងថែរក្សាសិល្បៈ យូរកេរ្តិ៍ ដែលមានកំណើតនៅស្រុកឃ្លាំង ខេត្តព្រះត្រពាំងហើយដែលយើងបានមើលទាំងអស់គ្នាជាញឹកញាប់កាលនៅពីតូចៗ នោះឲ្យគង់វង្សផង។
ដោយសារបណ្ដាំ និងជំនួយពី លី កាញ់ ជាបង លី សួន ក៏ក្លាយទៅជាថៅកែល្ខោនបាសាក់ដ៏ល្បីល្បាញដំបូងគេបង្អស់ដែលទស្សនិកជននិយមហៅឈ្មោះ គាត់ថា ថៅកែ “ឆាគ្រួន” ។ ក្នុងឆ្នាំ ១៩៣០ ក្នុងពេលដែលទម្រង់ល្ខោននេះរីកចម្រើននៅកម្ពុជាក្រោមទើបហៅថៅកែក្រុមល្ខោនឈ្មោះលោក ឆាគ្រួន នេះបាននាំក្រុមសិល្បៈល្ខោន របស់ខ្លួនមកសម្ដែងធ្វើអាជីវកម្មនៅភ្នំពេញ និងខេត្តនានាក្នុងប្រទេសកម្ពុជា ។ ដំណើរបេសកកម្មទី១ របស់ក្រុមល្ខោនលោក ឆាគ្រួន ដែលបានមកសម្ដែងននៅភូមិភាគកណ្តាលកម្ពុជា មិនសូវទទួលបានជោគជ័យទេ មូលហេតុមកពីទម្រង់ល្ខោននេះ ត្រូវប្រឡងប្រជែងជាមួយទម្រង់ដទៃទៀត ដែលមានយ៉ាងសំបូរបែបនៅកម្ពុជាភាគកណ្ដាល ដូចជាល្ខោនប្រាមោជ្ជទ័យ “១៩២០-១៩៤០” និងល្ខោនមហោរីដែលកើតមានជាយូរលង់មកហើយ ។ ពិតមែនតែលើកទី១នេះ ល្ខោនបាសាក់បានទទួលបរាជ័យ ប៉ុន្តែពេលនោះសិល្បករល្ខោនបាសាក់បានហាត់រៀន និងស្រូបយកនូវចំណេះថ្មីៗ មួយចំនួនពីទម្រង់ល្ខោននៅភ្នំពេញ ដូចជាភ្លេងមហោរី ឫចម្រៀងមហោរីជាដើម មុនពេលក្រុមអ្នកសំដែងត្រឡប់ទៅស្រុកវិញ ។
ក្រោយពីពេលហាត់រៀន និងបានសម្ដែងច្រើនលើកច្រើនសារ ដោយបញ្ចូលបច្ចេកទេសថ្មីៗមួយចំនួនផង ល្ខោននេះ បានទទួលជោគជ័យកាន់តែធំធេង នៅតំបន់កូសាំងស៊ីន ។ បន្ទាប់ពីនោះមកលោក ឆាគ្រួន ក៏នាំក្រុមរបស់គាត់តាមទូក ប៉ុកចាយ ដែលមានគ្រឿងប្រដាប់ដំឡើងឆាក និងសម្ភារតុបតែងលំអផ្សេងៗ គឺឆាកចល័ត ដែលដំឡើងលើគោកក៏បាន ឫដំឡើងលើទូកក៏បាន ហើយនាំក្រុមសិល្បៈនេះមកសម្ដែងនៅរាជធានីភ្នំពេញ និងខេត្តឯទៀតជាលើកទី២ ។ លើកនេះល្ខោន លោក ឆាគ្រួន បានទទួលជោគជ័យយ៉ាងធំធេង ក្នុងការប្រកួតប្រជែងជាមួយល្ខោន បា្រមោជ្ជទ័យ និងល្ខោនមហោរីនៅភ្នំពេញ និងតំបន់ដទៃទៀតនៅប្រទេសកម្ពុជា ពិសេសគឺខេត្តតាមមាត់ទន្លេ ។ ល្ខោនលោក ឆាគ្រួន នេះស្រូបយកទស្សនិកជនយ៉ាងច្រើនគគ្រឹកគគ្រេង ហើយបានធ្វើឲ្យល្ខោនប្រាមោជ្ជទ័យ និងល្ខោនមហោរីធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបាត់បង់ប្រជាប្រិយភាព ហើយចំនួនទស្សនិកជនចេះតែថយចុះជាលំដាប់ ។ ដោយសារមធ្យោបាយសម្ដែងថ្មីរហ័សរហួន ស្វាហាប់ ការតុបតែងលំអឆាកសំលៀកបំពាក់ការលាបមុខ ឫគូរមុខដ៏ល្អ (កន្លែងខ្លះទទួលឥទ្ធិពលពីហ៊ីចិនដូចជាគូរមុខ) ទាំងល្បិចហោះហើរក៏ប៉ិនប្រសប់ ពិសេសសំនៀងរដឺន ទាំងសម្ដីនិយាយ ទាំងចម្រៀងរបស់ខ្មែរ បាសាក់ស្រទន់ពីរោះ ហើយពាក្យសម្ដី ប្រកបដោយអត្ថន័យ ខ្លឹមសារល្អ ព្រោះអ្នកសម្ដែងភាគច្រើនច្រើនជាអ្នកមានចំណេះជ្រៅជ្រះខាងអក្សរសិល្ប៍ និងសាសនាផង ធ្វើឲ្យទស្សនិកជននៅកម្ពុជាកណ្ដាលនេះជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង រហូតដល់គេនាំគ្នាហៅ ឫឲ្យឈ្មោះទម្រង់ល្ខោននេះថា ជា “ល្ខោនបាសាក់” ដោយយកទីកន្លែងនៃទម្រង់សិល្បៈនេះមកដាក់ឈ្មោះឲ្យទម្រង់ល្ខោននេះតែម្ដង ។
ប្រហែលជាចាប់ពីឆ្នាំ ១៩៣៧ នៅរាជធានីភ្នំពេញ គេឃើញមានក្រុម និងរោងល្ខោនបាសាក់ជាច្រើនដូចជា រោងល្ខោនមួយនៅផ្សារកាប់គោ ។ ខាងលិចរោងនេះមិនឆ្ងាយប៉ុន្មាន មានរោងមួយទៀតសង់អំពីឈើដែលគេនិយមឲ្យឈ្មោះថា រោងឈើ ។ ខាងលិចរោងទី២ មិនឆ្ងាយប៉ុន្មាន មានរោងល្ខោនបាសាក់មួយទៀតសង់អំពីថ្ម ដែលគេនិយមឲ្យឈ្មោះថា រោងស្ពានកូនកាត់ ឫរោងថ្ម “នៅកន្លែងវិមានឯករាជ្យសព្វថ្ងៃ” ដឹកនាំដោយអ្នកស្រីម្លិះឡា ។ រោងមួយទៀតនៅ ខាងលិច វាំងជ្រុងខាងត្បូង ដែលគេនិយមហៅថា រោងសយសង្វៀន ។ មួយទៀត រោងផ្សារសួនចាស់ ឫរោងល្ខោនក្លឹង្គ នៅចំមុខវត្តបទុមវតី ។ រោងផ្សារស៊ីឡឹបដែលដឹកនាំដោយអ្នកម្នាងម្នាក់នៃព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស គឺអ្នកម្នាង ឃុនព្រះម៉ែនាងបុប្ផានរលក្ខណ៍ យិន តាត ។ រោងមួយទៀត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្រោយពីនោះ មកទើបគេឃើញមានរោងដទៃទៀតជាច្រើនដូចជា រោងគីឡូលេខ ៦ ។ រោងទួលទំពូង នៅចែងខាងជើងវត្តទួលទំពូង សព្វថ្ងៃ រោងទួលគោក រោងបាក់ស្រេង និងអ្នកស្រី អ៊ុន វ៉ាង “នៅម្ដុំរោងភាពយន្តចេនឡា”សព្វថ្ងៃ ។ រោងផ្សារដេប៉ូ និងរោងដទៃទៀត សម្ដែងល្ខោនបាសាក់ជាប្រចាំ ។ ឯរោងភាពយន្តល្ខោន គឹម សឹង នៅខាងលិចផ្សារកណ្ដាល និងរោង គឹម ភុង នៅខាងត្បូងឈាងខាងលិចផ្សារថ្មីក៏មានសម្ដែងល្ខោនបាសាក់ម្ដងម្កាលដែរ ។
ម្យ៉ាងទៀតខ្ញុំបាទក៏សុំជម្រាបផងដែរថា ក្រោយពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានបង្កើតឡើងឆ្នាំ ១៩៦៥ ទម្រង់ល្ខោនបាសាក់ក៏ដូចជាទម្រង់សិល្បៈឯទៀតជាច្រើនដែរត្រូវបានសាកលវិទ្យាល័យ ចាត់ឲ្យមានក្រុមចុះធ្វើការសិក្សាស្រាវជ្រាវរៀនសូត្រពីលោកគ្រូ អ្នកគ្រូ សិល្បករអ្នកជំនាញធំៗដូចជា លោកតា សាំង សារុន អ្នកស្រី ចេច ម៉ាច លោកគ្រូ ពៅ លោកគ្រូ ណន លោកគ្រូ សាមិត ជាដើម ។ល។ មិនត្រឹមតែប៉ុណ្ណោះទេ សាកលវិទ្យាល័យបានអញ្ជើញ លោកគ្រូទកខ្មៅ ដែលមានទេពកោសល្យអាចសម្ដែងជាតួឯក ជាតួយក្ស ឫជាត្លុកក៏បានមកបង្រៀន ជាគ្រូប្រចាំនៅមហាវិទ្យាល័យសិល្បៈនាដ្យសាស្ត្រថែមទៀតផង ៕