ប្រទេសចិន នឹងដំឡើងអាយុចូលនិវត្តន៍ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៨ ជាវិធានការមួយដែលអាចជួយរារាំងការធ្លាក់ចុះនៃកម្លាំងពលកម្ម ប៉ុន្តែវាក៏ប្រថុយធ្វើឱ្យបុគ្គលិកកម្មករខឹងសម្បារនឹងចំណាត់ការថ្មីនេះ នៅពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះនេះ។
ទីភ្នាក់ងារ Xinhua News បានរាយការណ៍កាលពីចុងសប្តាហ៍ថា ក្រុមអ្នកធ្វើច្បាប់កំពូល បានគាំទ្រផែនការឱ្យពន្យាពេលចូលនិវត្តន៍ សម្រាប់និយោជិតរហូតដល់រយៈពេល៥ឆ្នាំ។ បុរស នឹងកំណត់ឱ្យចូលនិវត្តន៍នៅអាយុ ៦៣ ឆ្នាំ មិនមែន ៦០ឆ្នាំ ដូចបានកំណត់ក្នុងឆ្នាំ ១៩៧៨ ទេ។ ស្ត្រី នឹងចូលនិវត្តន៍នៅអាយុ ៥៥ឆ្នាំ ជំនួសឱ្យ ៥០ឆ្នាំ សម្រាប់កម្មករធម្មតា និង ៥៨ឆ្នាំ ជំនួសឱ្យ ៥៥ឆ្នាំ សម្រាប់អ្នកដែលស្ថិតក្នុងមុខតំណែងគ្រប់គ្រង។
ការផ្លាស់ប្តូរនេះ នឹងដាក់ឱ្យអនុវត្តក្នុងរយៈពេល ១៥ ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៥តទៅ ហើយវានឹងធ្វើឱ្យមនុស្សកាន់តែច្រើនធ្វើការបានយូរឆ្នាំទៀត។ វិធានការនេះ អាចបង្កើនផលិតភាព ដើម្បីដោះស្រាយបញ្ហាប្រឈម នៃចំនួនប្រជាជនវ័យចំណាស់ ថ្វីបើវាប្រឈមនឹងការមិនសប្បាយចិត្តជាសាធារណៈបន្ថែមទៀត ខណៈកំណើនសេដ្ឋកិច្ច ស្ថិកក្នុងសភាពអាក្រក់បំផុត រយៈពេល៥ត្រីមាសជាប់គ្នាក្តី។
លោកស្រី Michelle Lam សេដ្ឋវិទូចិននៅ Societe Generale SA បាននិយាយថា៖ “ការកំណត់ពេលវេលានៃការបង្កើនអាយុចូលនិវត្តន៍នេះ នឹងធ្វើឡើងជាបណ្តើរៗតាមលំដាប់លំដោយត្រឹមត្រូវ។ ក្រុមអ្នកធ្វើគោលនយោបាយ ប្រហែលជាបានគិតគូរពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន ហើយបានរៀបតាមខ្នាតដោយប្រុងប្រយ័ត្ន”។
ភាគហ៊ុនរបស់ក្រុមហ៊ុនដែលផ្តល់ការថែទាំសុខភាព និងការថែទាំមនុស្សចាស់ បានកើនឡើង ដោយក្រុមហ៊ុន Shanghai Everjoy Health Group Co. បានកើនឡើងតាមកម្រិតប្រចាំថ្ងៃ ១០% ។ ក្រុមហ៊ុន Chalkis Health Industry Co. និងក្រុមហ៊ុន Youngy Health Co. ឡើងបានច្រើនជាង ៦%។
លោក Shen Meng នាយកនៅធនាគារវិនិយោគ Chanson & Co. ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ “មនុស្ស អាចប្រឈមនឹងបញ្ហាសុខភាពកាន់តែច្រើន បើសិនអាយុចូលនិវត្តន៍ ត្រូវបានបង្កើន, ហើយសម្ពាធនៃការគាំពារឪពុកម្តាយ អាចទាមទារឱ្យស្ថាប័នថែទាំមនុស្សចាស់បន្ថែមទៀត ដើម្បីចែករំលែកបន្ទុកនេះ”។
យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ឱ្យដឹងថា ការបង្កើននេះ មានគោលបំណង “សម្របខ្លួនទៅនឹងស្ថានភាពថ្មីនៃការអភិវឌ្ឍន៍ប្រជាសាស្រ្តនៅក្នុងប្រទេសចិន និងការអភិវឌ្ឍន៍ និងការប្រើប្រាស់ធនធានមនុស្សឱ្យបានពេញលេញ” ។
ការអនុម័តនេះ បានធ្វើតាមសេចក្តីប្រកាសកាលពីខែកក្កដារបស់បក្សកុម្មុយនិស្តកំពុងកាន់អំណាចដែលថា អាយុចូលនិវត្តន៍នឹងកើនឡើងក្នុង “លក្ខណៈស្ម័គ្រចិត្ត និងអាចបត់បែនបាន”។ កិច្ចប្រឹងប្រែងលើកមុនដើម្បីដំឡើងព្រំដែនអាយុនេះ ត្រូវបានបរាជ័យនៅចំពោះមុខការប្រឆាំងជំទាស់ជាសាធារណៈ។
តាមសេចក្តីប្រកាសនោះ បានិយាយថា៖ “នេះ គឺជាជំហានដ៏ធំ១ឆ្ពោះទៅរកការទប់ទល់នឹងការប្រទាញដ៏ធំលើកំណើនប្រជាជនវ័យចាស់រយៈពេលវែង ខណៈចំនួនប្រជាជនក្នុងវ័យធ្វើការកំពុងធ្លាក់ចុះ។ ប៉ុន្តែវានឹងមិនបញ្ច្រាសលំនាំគោល ការណ៍នោះទេ។ ការព្យាកររយៈពេលវែងរបស់យើង ដែលកំណត់កត្តាអាយុចូលនិវត្តន៍រួចហើយ គឺកំណើនមនុស្សចាស់ នឹងធ្លាក់ចុះដល់ប្រហែល ១% នៅឆ្នាំ ២០២៥។
សេចក្តីសម្រេចចិត្ត ពីថ្ងៃសុក្រ បានធ្វើឱ្យមនុស្សខ្លះ មានការងឿងឆ្ងល់ថា ហេតុអ្វីឱ្យមនុស្សធ្វើការរហូតដល់ចាស់ខ្លាំងម៉្លេះ និងមានការភ័យខ្លាចនឹងការប្រកួតប្រជែង នៅក្នុងទីផ្សារការងារកាន់តែខ្លាំង។
នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X-like ជាទីដែលព័ត៌មានមានការពេញនិយមបំផុត និងទទួលបានច្រើនជាងការចូលមើល ៥៣០លានដង គិតត្រឹមរសៀលថ្ងៃសុក្រ អ្នកប្រើប្រាស់ Weibo ម្នាក់បាននិយាយថា៖ “នៅពេលខ្ញុំអាយុ ៦០ឆ្នាំ តើអ្នកកំពុងសុំឱ្យខ្ញុំប្រកួតប្រជែងការងារជាមួយយុវជនយុវជនមែទេ?” ។
អ្នកខ្លះ ក៏បានត្អូញត្អែរអំពីការរើសអើងរបស់ក្រុមថៅកែ ចំពោះបេក្ខជនការងារដែលមានវ័យចំណាស់, ជាបញ្ហាមួយ ដែលរដ្ឋាភិបាល បានប្តេជ្ញាថាដោះស្រាយជាយូរមកហើយ។
នៅក្នុងសន្និសីទសារព័ត៌មាន១កាលពីសប្តាហ៍មុន ក្រុមអាជ្ញាធរ បានទទួលស្គាល់សម្ពាធរយៈពេលខ្លីជាសក្តានុពលលើទីផ្សារការងារ។ អនុរដ្ឋមន្ត្រីនៅក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម លោក លី ចុង (Li Zhong) បាននិយាយថា ល្បឿននៃការផ្លាស់ប្តូរបន្តិចម្តងៗនេះ នឹងនាំឱ្យមានឥទ្ធិពល “មិនលឺសម្លេង” លើការងាររបស់យុវជន។
ស្ថាប័ននីតិប្បញ្ញត្តិកំពូល ក៏បានកំណត់ផងដែរថា ចាប់ផ្តើមពីឆ្នាំ ២០៣០ តទៅ កម្មករនិយោជិត នឹងត្រូវការចូលរួមចំណែកក្នុងគណនីសោធននិវត្តន៍របស់ពួកគេ សម្រាប់រយៈពេលវែងជាងមុន នៅពេលពួកគេមានសិទ្ធិទទួលបានប្រាក់បើកផ្តាច់ជូន។ តម្រូវការនេះ នឹងកើនឡើងជាលំដាប់ពី ១៥ ទៅ ២០ ឆ្នាំ។
ប្រមុខសេដ្ឋវិទូប្រចាំប្រទេស Greater China និងអាស៊ីខាងជើងនៅ Standard Chartered លោក Ding Shuang បាននិយាយថា៖ “និរន្តរភាពនៃប្រព័ន្ធសោធននិវត្តន៍ អាចជាការពិចារណាដ៏សំខាន់នៅពីក្រោយការផ្លាស់ប្តូរនេះ ។ ទោះបីជាការផ្លាស់ប្តូរនេះ នឹងបង្កើនសម្ពាធសម្រាប់ទីផ្សារការងារក៏ដោយ ក្នុងរយៈពេលវែង វាជួយកាត់បន្ថយផលប៉ះពាល់ពីការធ្លាក់ចុះនៃចំនួនប្រជាជនដែលស្ថិតក្នុងអាយុធ្វើការ។”
ក្រុមសមាជិកសភា ក៏បានអំពាវនាវដល់ក្រុមមន្ត្រីឱ្យឆ្លើយតបយ៉ាងសកម្មចំពោះប្រជាជនវ័យចំណាស់, ការពារសិទ្ធិកម្មករ និងកែលម្អការថែទាំមនុស្សចាស់។ លើសពីនេះ វាបានផ្តល់អំណាចដល់ក្រុមប្រឹក្សារដ្ឋ,គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន ដើម្បីកែសម្រួលវិធានការទាំងនេះតាមតម្រូវការ។
ខណៈអាយុកាលរំពឹងទុករបស់ប្រទេសចិន បានកើនឡើង ការពន្យាពេលចូលនិវត្តន៍កាន់តែមានសារៈសំខាន់ ដើម្បីធ្វើឱ្យមានតុល្យភាពបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ចេញពីការអនុវត្តគោលនយោបាយមានកូនតែមួយជាច្រើនទស្សវត្សរ៍របស់ខ្លួន ដែលបានបន្សល់ទុកឱ្យកូនចៅនៅលីវ១ជំនាន់ ដើម្បីគាំពារចំនួនមនុស្សចាស់ដ៏ច្រើន។ សព្វថ្ងៃនេះ ប្រជាជនចិន ជាមធ្យមរស់នៅដល់ ៧៨ឆ្នាំក្នុងពេលបច្ចុប្បន្ន ខណៈ កាលពី៤០ឆ្នាំមុន រស់បានត្រឹមអាយុ៦៦ឆ្នាំ ។
យោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃច័ន្ទ ឱ្យដឹងថា មនុស្សដែលមានអាយុពី ៦៥ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថានឹងមាន ៣០% នៃចំនួនប្រជាជន នៅឆ្នាំ ២០៣៥ ឡើងពី១៤.២% ក្នុងឆ្នាំ 2021 កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការលើកទឹកចិត្តដល់ការសម្រាលកូន រហូតមកដល់ពេលនេះបានធ្វើតិចតួចប៉ុណ្ណោះដើម្បីផ្លាស់ប្តូរការផ្លាស់ប្តូរប្រជាសាស្រ្ត ដោយអត្រាកំណើតបានធ្លាក់ចុះដល់កំណត់ត្រាកាលពីឆ្នាំមុន។
អ្នកលេងបណ្តាញសង្គម Weibo ម្នាក់ទៀតបាននិយាយថា៖ “ពេលកើតមក ពួកគេនិយាយថា មានច្រើនពេក។ នៅពេលខ្ញុំសម្រាលកូន ពួកគេបានិយាយថា មានតិចពេក។ ពេលខ្ញុំចង់ធ្វើការ ពួកគេថា ខ្ញុំចាស់ពេកហើយ។ ហើយនៅពេលដែលខ្ញុំចូលនិវត្តន៍ ពួកគេនិយាយថា ខ្ញុំនៅក្មេងពេកហើយ”៕