រថយន្ត Toyota Prius ដែលគេសរសើរជាយូរមកហើយចំពោះបច្ចេកវិជ្ជាកូនកាត់ប្រកបដោយភាពច្នៃប្រឌិតរបស់វានោះ បានកំណត់ស្តង់ដារជាថ្មីម្ដងទៀតហើយ សម្រាប់ការស៊ីប្រេងតិច។ អ្នកកឯកទេសរថយន្ត ដែលមានជំនាញក្នុងការសន្សំសំចៃប្រេងជាអតិបរមា លោក វ៉េន ហ្គើត (Wayne Gerdes) ថ្មីៗនេះ បានទទួលតំណែងកំណត់ត្រាពិភពលោករបស់ Guinness សម្រាប់ការប្រើប្រាស់ឥន្ធនៈតិចបំផុតក្នុងអំឡុងពេលបើកបរឆ្លងកាត់សហរដ្ឋអាមេរិក ដោយពីឆ្នេរសមុទ្រសមុទ្រម្ខាង ទៅកាន់ឆ្នេរសមុទ្រម្ខាងទៀត។
ចាប់ផ្តើមពីក្រុង ឡូស អែនជឺឡេស នៃរដ្ឋកាលីហ្វរនីញ៉ា និងបញ្ចប់នៅក្រុងញូវយ៉ក លោក Gerdes បានបញ្ចប់ការធ្វើដំណើររបស់ខ្លួនតាមរថយន្ត Prius LE 2023 ដោយគណនាជាមធ្យម ក្នុងប្រេង១ហ្គាឡុង (ប្រមាណ៣,៧៨លីត្រ) រថយន្តនេះ រត់បានចម្ងាយប្រមាណជា ១៥០គ.ម. ដ៏សែនភ្ញាក់ផ្អើល។
បច្ចេកវិជ្ជាកូនកាត់របស់តូយ៉ូតា ពេលនេះ បានក្លាយទៅជាលក្ខណៈសំខាន់១ នៃអត្តសញ្ញាណរបស់ រថយន្តម៉ាកនេះ។ ចាប់តាំងពីរថយន្ត Prius ត្រូវបានចេញលក់នៅអាមេរិកក្នុងឆ្នាំ ២០០០, ក្រុមហ៊ុន Toyota បានពង្រីកត្រកូលរបស់ខ្លួន ដើម្បីដាក់បញ្ចូលទៅក្នុងរថយន្តកូនកាត់ជាច្រើនប្រភេទ នៅទូទាំងផ្នែកទីផ្សារជាច្រើនផ្សេងទៀត។ ចំណុចនេះ គឺស្របទៅនឹងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការសម្រេចបាន នូវការមិនមានសារធាតកាបូន ដោយផ្តល់ជូនអតិថិជន នូវជម្រើសល្អ មិនប៉ះពាល់ដល់បរិស្ថាន។
ការបើកបរទទួលបានកំណត់ត្រាឯតទគ្គកម្មរបស់ Gerdes គឺលាតសន្ធឹងលើចម្ងាយផ្លូវ ៣,២១១.១ ម៉ៃល៍ (ប្រមាណ ៥១៦៧,៦គ.ម.) ហើយលោកបានឆ្លងកាត់ទេសភាពចម្រុះ ក្នុងនោះមានទាំងភ្នំកម្ពស់ដល់ទៅ ២,១៣គ.ម. និងវាលខ្សាច់ Mojave ជាទីដែលមានសីតុណ្ហភាពខ្ពស់លើសពី ៦៥,៥អង្សារ។
បន្ថែមពីលើការឡើងភ្នំដ៏ចោត និងកំដៅដ៏ខ្លាំង លោក Gerdes ក៏ប្រឈមនឹងខ្យល់បក់ខ្លាំង មកពីឈូងសមុទ្រម៉ិកស៊ិកផងដែរ។ ថ្វីត្បិតតែមានស្ថានភាពដ៏លំបាកបែបនេះក្តី ក៏រយន្ត Prius LE នៅតែស៊ីប្រេងតិចដោយប្រសិទ្ធភាពជាពិសេសជាប្រចាំ ពេញ១ការធ្វើដំណើរនោះ។
លោក Gerdes បានពន្យល់ថា៖ “សម្រាប់ការប៉ុនប៉ងបំបែកឯតទគ្គកម្មដូច្នេះ វាមានការរៀបចំផែនការ ច្រើនណាស់។ អ្នកមិនអាចគ្រាន់តែ ធ្វើការនេះទាំងងងិតងងល់នៅទេ។ អ្នកត្រូវតែមានផែនការនោះ ។ ប៉ុន្តែអ្នកក៏ត្រូវតែអាចធ្វើការលឿនដូចហោះ។ ដូច្នេះ ប្រសិនបើអ្វីៗផ្លាស់ប្តូរ អ្នកត្រូវតែផ្លាស់ប្តូរផែនការរបស់អ្នក ដូចជាប្តូរផ្លូវ, រកមើលអ្វីដែលអ្នកនឹងអាចធ្វើបាន ដើម្បីសម្រេចឱ្យបាននូវគោលដៅនោះ”។
ការប៉ុនប៉ងដ៏ជោគជ័យរបស់ លោក Gerdes មិនត្រឹមតែជាសក្ខីភាពមួយ ចំពោះជំនាញរបស់លោកលើបច្ចេកទេសបើកបរបានចម្ងាយផ្លូវវែង ដោយស៊ីប្រេងតិចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញអំពីកម្រិតវិស្វកម្មរបស់រថយន្ត Prius ផងដែរ។ ទោះបីជាអាកាសធាតុ មិនអាចទាយទុកជាមុនបាន និងសណ្ឋានដីលំបាកក៏ដោយ, ក៏ប្រព័ន្ធកូនកាត់របស់រថយន្តនេះ និងមុខងារសន្សំសំចៃប្រេង បានជួយធ្វើឱ្យឯតទគ្គកម្ម ថ្មីនេះ អាចជោគជ័យទៅបាន។
ថ្វីបើ លោក Gerdes ប្រើបច្ចេកទេសបើកបរបានចម្ងាយផ្លូវវែង ដោយស៊ីប្រេងតិចកម្រិតខ្ពស់ដើម្បីទទួលបានកំណត់ត្រាពិភពលោកនេះក្តី ក៏លោក បានផ្តល់នូវគន្លឹះសាមញ្ញខ្លះ សម្រាប់អ្នកបើកបរប្រចាំថ្ងៃ ដែលចង់បង្កើនប្រសិទ្ធភាពស៊ីប្រេងតិចរបស់ពួកគេ។
លោក ណែនាំអោយចេញដំណើរយឺតៗពីកន្លែងឈប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងរក្សាសម្ពាធថេរលើហ្គែរបង្កើនល្បឿន ដើម្បីសន្សំសំចៃប្រេង។ លោក Gerdes ក៏ស្នើឱ្យបន្ធូរហ្គែរល្បឿនឲ្យបានស្រួល មុនពេលទៅដល់ការឈប់ ដោយអនុញ្ញាតឱ្យរថយន្តធ្វើចលនាដោយគ្មានថាមពលរុញ ដែលអាចបង្កើនការសន្សំសំចៃប្រេងបានច្រើន។
រថយន្ត Toyota Prius ជំនាន់បច្ចុប្បន្ន ដែលចេញលក់ក្នុងឆ្នាំ ២០២៣ មិនត្រឹមតែមានប្រសិទ្ធភាពស៊ីសាំងតិចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចេញមកជាមួយការរចនាបែបស្ព័រ និងបច្ចេកវិទ្យាដែលបានធ្វើទំនើបកម្មផងដែរ។ បំពាក់ដោយប្រព័ន្ធ Toyota Hybrid ជំនាន់ទី ៥ និងម៉ាស៊ីន 2.0L,រថយន្ត Prius LE នេះ ផ្តល់កម្លាំង ១៩៤សេះ នៅលើម៉ូដែលរត់កង់ខាងមុខនេះ និងមានសមត្ថភាព រត់បាន ៩២គ.ម. ស៊ីប្រេងតែ៣។៧៨លីត្រ ដែលត្រូវបានប៉ាន់ស្មានដោយទីភ្នាក់ងារការពារបរិស្ថាន (EPA) ៕