អក្សរសិល្ប៍ សំស្រ្កឹត ហិណ្ឌូ និងពុទ្ធសាសនា ដូចដែលបានរក្សាទុក និងបង្ហាញដោយការថតចម្លង គឺជាភាសាដែលស្ទាត់ជំនាញ និងការផ្ទៀងផ្ទាត់យ៉ាងល្អឥតខ្ចោះ មានគុណភាព និងបរិមាណគួរឱ្យភ្ញាក់ផ្អើលសម្រាប់ អត្ថបទខ្មែរសម័យនោះមានអក្សរសាស្ត្រតិច និងកំណាព្យដោយគ្រាន់តែប្រៀបធៀបនឹងអក្សរពីរភាសាដ៏កម្រ។
១.អក្សរសិល្ប៍បុរាណ៖អក្សរសិល្ប៍បុរាណ គឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលមានទំនោរទៅរកលទ្ធិសាសនា (ព្រាហ្មណ៍និយម និងពុទ្ធនិយម) ហើយដំណើររឿងមិនឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់មនុស្សពិតៗក្នុងសង្គមទេ ។អក្សរសិល្ប៍បុរាណមាន៖សិលាចារឹកស្លឹករឹត–ក្រាំងសាស្ត្រា ( សាស្ត្រាទេសន៍ សាស្ត្រាល្បែង សាស្ត្រាក្បួនសាស្ត្រាច្បាប់)
ក) សិលាចារឹក ៖ សិលាចារឹក (Inscription ) ជាពាក្យបច្ចេកទេសសម្គាល់ “ អក្សរ ឬអត្ថបទដែលបុព្វការីជនបានចារឹកទុកនៅលើថ្ម” លើសពីនេះទៀតក៏មានអក្សរ ឬអត្ថបទខ្លះត្រូវបានគេចារឹកលើបន្ទះឬសន្លឹកលោហធាតុ ឬឥដ្ឋផងដែរ ។ រូបភាពនៃថ្មដែលគេប្រើសម្រាប់ចារឹកមានច្រើនប្រភេទដូចជា សិលាស្ដម្ភដែលគេសិតរំលីងជាបន្ទះបួនជ្រុងទ្រវែងជាបែបសសរស្ដម្ភ ជាបែបស្លឹកសីមា ឬនៅលើផ្ទាំងស៊ុមទ្វារ បង្អួចថ្មដែលគេរំលីងរួចជាស្រេចនៅលើសសរស្ដម្ភឬជញ្ជាំងប្រាសាទតែម្ដង។ ប្រសិនបើជាអត្ថបទ ដែលគេចារលើសន្លឹករឹតមានស្លឹកទ្រាំងត្នោតនិងបន្ទះលោហធាតុវិញគេហៅថាសាត្រា (សាស្ត្រា) ។
នៅពេលចុងក្រោយបំផុត គេចារលើក្រដាសផ្នត់ដែលហៅថា “ ក្រាំង” ។ ប៉ុន្តែឯកសារដូចបានរៀបរាប់នេះរក្សាទុកមិនបានយូរ ។ វាតែងតម្រូវឱ្យគេចម្លងសារជាថ្មីក្នុងរវាងពី ៥០ ទៅ ៨០ ឆ្នាំម្ដងពីព្រោះស្លឹកឈើមានអាយុកាលរបស់វា។សូមបញ្ជាក់ថា អក្សរដែលគេយកមកប្រើប្រាស់សម្រាប់សរសេរអត្ថបទដំបូងឡើយចម្លងតាមតួអក្សរព្រាហ្មី ដើម្បីកត់ត្រាភាសាសំស្ក្រឹត ដែលជាភាសាពិសិដ្ឋសម្រាប់ជំនឿ ការគោរពបូជាចំពោះសាសនា និងព្រះមហាក្សត្រខ្មែរដែលជាភាសាអ្នកស្រុក និងភាសាបាលីដែលគេនិយមប្រើប្រាស់បន្តិចបន្តួចណាស់នៅសម័យមុនអង្គរ និងចុងសម័យអង្គរសម្រាប់ការគោរពបូជាចំពោះព្រះពុទ្ធសាសនា ហីនយាន( ថេរវាទ )។ ជាងនេះទៀតមានសិលាចារឹកខ្លះសម័យអង្គរត្រូវបានគេចារតាមអក្ខរវិធី២បែបគឺប្រើ អក្សរទេវនាគរី និង អក្សរកម្ពុជា ផង ។
ខ) ស្លឹករឹតឬក្រាំង ៖ ស្លឹករឹត ជាសន្លឹកសាស្ត្រាផលិតពីស្លឹកទ្រាំងយកមកកែច្នៃតាមវិធីផ្សេងៗ ។ ស្លឹករឹតដែលចាររួចត្រូវបានយកមកចងក្រងជាសាស្ត្រាក្បួនខ្នាតផ្សេងៗទាក់ទងទៅនឹងអត្ថបទធម៌អាថ៌របស់ព្រះពុទ្ធសាសនា ច្បាប់ទូន្មាន របាក្សត្រ ទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ក្បួនទស្សន៍ទាយ ក្បួនព្យាបាលជំងឺ និងក្បួនវេទមន្តផ្សេងៗ…។ល។ សាត្រាស្លឹករឹតកើតឡើងក្រោយសម័យអង្គររហូតដល់សម័យជឿនលឿនមានរោងពុម្ភសម្រាប់បោះពុម្ភសៀវភៅជំនួសវិញ ។ រីឯក្រាំង គឺជាសៀវភៅធ្វើដោយក្រដាសស្នាយ ឬក្រដាសមនជាដើម បត់ជាជាន់ៗ ជារបៀបត្រឹមស្មើ បើកបានសម្រាប់សរសេរកត់ត្រាអ្វីទាំងឡាយរបស់អ្នកប្រាជ្ញយើងពីបុរាណ។ បើទោះជារាល់ឯកសារទាំងនោះបានចូលខ្លួនទៅជាឌីជីថល ហើយក្តី ជាក់ស្តែងយើងក៏បានឃើញព្រះសង្ឃ ខ្មែរ កម្ពុជាក្រោម ខ្មែរកណ្តាល ខ្មែរលើ ក៏ចាប់ផ្តើមចម្លងនឹងស្រាវជ្រាវឯកសារនោះសម្រាប់តម្កល់នៅក្នុងវត្តក្នុងនាមជាអ្នកអភិរក្សក្បួនខ្នាតវប្បធម៌៕