ភូមិអ្នកនិពន្ធទទួលបានសៀវភៅល្ខោនបាសាក់ពីប្រភពដើម

នៅថ្ងៃនេះភូមិអ្នកនិពន្ធបានទទួលសៀវភៅមួយក្បាល មានចំណងជើងថា «តម្លៃអក្សរសិល្ប៍ខ្មែរក្នុងល្ខោនបាសាក់»។ សៀវភៅមានចំនួន២៦៤ទំព័រគឺជាស្នាដៃបណ្ឌិត តាំង វ៉ាំង ថង ជាខ្មែរក្រោម លោកបានចំណាយពេលវេលាដ៏មានតម្លៃបានបង្កើតស្នាដៃនេះក្នុងខណៈពេល វិស័យសិល្បៈល្ខោនបាសាក់កំពុងតែធ្លាក់ចុះ។ កន្លងមកយើងបានចុះផ្សាយអំពីប្រវត្តិល្ខោនបាសាក់មានកំណើតឬប្រភពមកពីណា តែក្នុងពេលនេះយើងបានទទួលខ្លឹមសារកាន់តែពិស្តារបន្ថែមដូចជាបទល្ខោនបាសាក់មានចំនួន ៣៣ បទត្រូវបានច្រៀងលើឆាកនឹងផ្លាស់ប្តូរទៅខ្លឹមសារនៃសាច់រឿង។ ចំពោះបទមានប្រភពដើមពីបារាំងចំនួន ១៣បទ។ ហើយបទភ្លេងមានប្រភពពីតន្រ្តីមហោរីខ្មែរ ឡាវ ថៃ មីយ៉ានម៉ា មានចំនួន ៤៩បទ ។

សៀវភៅល្ខោនបាសាក់ដែលជាស្នាដៃនិពន្ធ ដោយបណ្ឌិត តាំង វ៉ាំង ថង ជាខ្មែរក្រោម។

នៅដើមទំព័រសៀវភៅ លោក តាំង វ៉ាំង ថង បានសរសេរជានិវេទនកថា ដោយបញ្ជាក់ពីការព្រួយបារម្ភថា«ខ្មែរណាដែលមានមោទនភាពចំពោះអតីតកាល តែជាការគួរសោកស្តាយចំពោះ  បច្ចុប្បន្នកាល ហើយគួរអាណោចអាធ័មទៅអនាគតកាលទៀត ប្រសិនបើយើងនៅតែមិនខ្វល់ខ្វាយ មិនគិតគូរ ដោយស្រមៃឃើញតែមោទនភាពនៃអតីតកាលនោះ។ អ្វីៗ ដែលសម្បូរពីមុន កំពុងតែមានលំហូរបាត់បង់ជាបណ្តើរៗ ព្រមទាំងហាក់ដូចជាមិនសូវឱ្យតម្លៃ ឬមិនសូវមានប្រជាប្រិយភាព ក្នុងអារម្មណ៍ប្រជាជនខ្មែរផង ពិសេសក្នុងស្រទាប់យុវជន ដែលជាសសរទ្រូង ឬជាអ្នកបន្តទ្រទ្រង់ប្រទេសជាតិ។

មរតកនៃសិល្បៈខ្មែរ មានយ៉ាងសម្បូរបែប ហើយថែមទាំងមានលក្ខណៈផ្សេងៗពីគ្នាទៀតផង។ សិល្បៈបានបម្រើជនជាតិខ្មែរស្ទើរគ្រប់ពេលវេលា រាល់មនោសញ្ចេតនា និងសព្វទីកន្លែង។ វិសេសភាពនៃសិល្បៈខ្មែរទម្រង់ល្ខោន បាសាក់បានបញ្ជាក់ឱ្យយើងឃើញពីគំនិតដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូររបស់បុព្វបុរសខ្មែរ។ សុល្បល្ខោនបាសាក់នៅតែរក្សាបានជានិច្ចនូវ តួនាទីមួយយ៉ាងសំខាន់ ជាតម្រូវការរបស់ជនរួមជាតិខ្មែរភាគច្រើនតាំងពីកើតរហូតដល់ស្លាប់។ ក៏ប៉ុន្តែ វាប្រឈមមុខនឹងការវិវត្តដ៏ឆាប់រហ័សក្នុងសហគមន៍។ សព្វថ្ងៃនេះ កេរដំណែលសិល្បៈខ្មែរកំពុងតែរុះរោយ បន្តិចម្តងៗ ជាបណ្តើរៗ នឹងអាចឈានទៅរកភាពបាត់បង់នូវទម្រង់ ឬខ្នាតដើមជាពុំខានឡើយ ក្នុងនោះរួមទាំង ប្រភេទសិល្បៈល្ខោនខ្មែរផងដែរ ប្រសិនបើយើងគ្មានវិធានការទប់ស្កាត់នឹងការស្រុតចុះខាងលើនោះ គឺជាបញ្ហាដ៏មានគ្រោះថ្នាក់ បំផុតចំពោះវប្បធម៌ អារ្យធម៌នៃជនជាតិ។

ល្ខោនបាសាក់ដែលមានប្រវត្តិជាច្រើនឆ្នាំមកហើយ ដោយហេតុថា ពេលណាដែលកូនខ្មែរពុំយល់នូវអត្ថន័យ និងអត្ថរសនៃតម្លៃរបស់សិល្បៈប្រចាំជាតិរបស់ខ្លួនដោយពិតប្រាកដយ៉ាងណា គេពុំអាចលើកតម្លៃ ពុំចេះការពារ ឬថែរក្សាឱ្យបានគង់វង់នូវប្រពៃណីដ៏ល្អវិចិត្រនេះក៏យ៉ាងនោះដែរ។ ស្នាដៃអក្សរសិល្ប៍និយាយរួម ដោយឡែកគឺអក្សរសិល្ប៍ខ្មែរ គឺជាស្នាដៃដែលមានភាពរស់រវើកពោលគឺប្រកបដោយទស្សនៈវិជ្ជមាន ឧត្តមគតិ បទពិសោធន៍ គំនិតអប់រំល្អៗ ដល់មនុស្សគ្រប់វ័យ គ្រប់វណ្ណៈនៅក្នុងសង្គម។ គេសង្កេតឃើញថា អក្សរសិល្ប៍បានបង្ហាញអំពីបញ្ហាសង្គមនានា ដែលបានកើតឡើង ហើយគេអាចឱ្យតម្លៃលើស្នាដៃនីមួយៗ ដោយច្បាស់លាស់។ អក្សរសិល្ប៍ខ្មែរតែងបានផ្សព្វផ្សាយ តាមរូបភាពជាច្រើន មានសិលាចារឹក ក្រាំង សាត្រា និងបោះពុម្ពជាសៀវភៅ។ រីឯ តម្លៃអក្សរសិល្ប៍វិញក៏បានផ្សព្វផ្សាយដោយមធ្យោបាយជាច្រើនដែរ ជាពិសេសគឺ តាមប្រព័ន្ធសិល្បៈសម្តែងដូចជាល្ខោនជាដើម។ ល្ខោនខ្មែរ មានកំណើតជាយូរលង់ណាស់មកហើយដែរ ការផ្សព្វផ្សាយតម្លៃអក្សរសិល្ប៍ តាមរយៈការសម្តែងល្ខោននេះ ក៏ត្រូវបានដូនតាយើងយកចិត្តទុកដាក់តាំងពីបុរាណកាលមកផងដែរ។

អ្នកនិពន្ធស្នាដៃសៀវភៅនេះ បានពោលថា «យើងឃើញថា ស្នាដៃអក្សរសិល្ប៍ជាច្រើនបានរៀបរៀងជារឿងល្ខោន គឺដើម្បីសម្តែង ចែកជូនប្រជាទស្សនិកជន គឺលោកបានផ្សព្វផ្សាយតម្លៃនៃការលើកកម្ពស់ស្មារតីមនុស្សធម៌ និងជំនឿសាសនា ឆ្លុះបញ្ចាំងពីទំនាស់ស្មុគស្មាញក្នុងសង្គម ការស្ងើចសរសើរសោភ័ណភាពនៃកុសលធម៌ លើកកំហុសអំពើអកុសល ការលើកតម្លៃមនុស្សធម៌តាមរយៈការសម្តែងល្ខោនបាសាក់ វាយតម្លៃតថភាពសង្គមឆ្ពោះទៅ រកអំពើជាកុសលធម៌។ ទន្ទឹមនឹងនោះនាជ្យកាថាល្ខោនបាសាក់ដែលលើកយកស្នាដៃ អក្សរសិល្ប៍ទៅរៀបរៀងសម្តែងនៅទាំងបានឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌សង្គមខ្មែរដូចជា ឆ្លុះបញ្ចាំងពីវប្បធម៌កម្សាន្តនៃជនរួមជាតិខ្មែរ»។

សៀវភៅ តម្លៃអក្សរសិល្ប៍ខ្មែរក្នុងល្ខោនបាសាក់មាន បីជំពូក ដែលនិយាយពីអក្សរសិល្ប៍គ្រប់សម័យកាល។ ជំពូកនីមួយៗ អ្នកចងក្រងបាននិប្បរិយាយយ៉ាងល្អិតល្អន់ ។ បើមិត្តអានចង់ដឹងច្បាស់ពីប្រវត្តិ ល្ខោនបាសាក់គឺមានតែសៀវភៅនេះហើយជា មរតកជាតិខ្មែរ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព