ក្រុមមនុស្សដែលដឹងពីបញ្ហានេះ បាននិយាយថា ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងមានផែនការប្រកាសច្បាប់ដែលបានស្នើឡើង ដែលនឹងហាមឃាត់កម្មវិធីទន់(សូហ្វវែរ) និងផ្នែករឹង ដែលផលិតដោយចិន និងដោយរុស្សី សម្រាប់យានយន្តដែលបានតភ្ជាប់ភ្លាមៗនៅក្នុងថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
ផ្នែកពាណិជ្ជកម្ម បានជួបជាមួយក្រុមអ្នកជំនាញក្នុងឧស្សាហកម្មជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ដោយស្វែងរកដំណោះស្រាយចំពោះក្តីកង្វល់ផ្នែកសុវត្ថិភាពដែលបានលើកឡើងដោយអ្វីដែលហៅថា រថយន្តឆ្លាតវៃជំនាន់ថ្មី។ ក្រុមមនុស្សដដែល បាននិយាយថា វិធានការនេះ នឹងរួមបញ្ចូលទាំងការហាមប្រាមលើការប្រើប្រាស់ និងការសាកល្បងបច្ចេកវិទ្យាចិន និងរុស្ស៊ី សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធទំនាក់ទំនងយានយន្តផងដែរ។ ខណៈដែលការហាមឃាត់ភាគច្រើនបំផុត ផ្តោតសំខាន់លើកម្មវិធីផ្នែកទន់, ច្បាប់ដែលបានស្នើឡើងនេះ នឹងរាប់បញ្ចូលទាំងផ្នែករឹងខ្លះដែរ។
រថយន្តជាច្រើននាពេលបច្ចុប្បន្ននេះ ទាំងប្រើហ្គាស និងប្រើអគ្គិសនី ត្រូវបានបំពាក់ដោយឧបករណ៍ដែលភ្ជាប់ពួកវាទៅអ៊ីនធឺណិត ឬសេវាកម្មពពក ដោយធ្វើឲ្យពួកគេក្លាយជាគោលដៅប្រកបដោយសក្តានុពលសម្រាប់ការហែក។ ការរឹតបន្តឹងដែលរងចាំទាំងនេះ បានមកពីការស៊ើបអង្កេតលើហានិភ័យសន្តិសុខតាមអ៊ីនធឺណិតមកពីកម្មវិធីផ្នែកទន់រថយន្តរបស់ចិន ដែលលោកប្រធានាធិបតី ចូ បៃដិន Biden បានប្រកាសចាប់ផ្តើមកាលពីខែមីនា។
កង្វល់ចម្បងរបស់រដ្ឋការ លោកបៃដិន គឺកំពុងរារាំងចិន ឬរុស្ស៊ីឱ្យលួចហែកចូលយានយន្ត ឬតាមដានរថយន្ត ដោយស្ទាក់ចាប់តាមការប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធសូហ្វវែរ ដែលក្រុមហ៊ុនក្នុងស្រុករបស់ពួកគេបានបង្កើត។ ច្បាប់នេះ ក៏នឹងមានធាតុការពារផងដែរ ចាប់តាំងពីរថយន្តថ្មីភាគច្រើនបំផុត ត្រូវបានភ្ជាប់យ៉ាងហោចណាស់តាមរយៈប្រព័ន្ធព័ត៌មានកម្សាន្ត ដូច្នេះក្រុមហ៊ុនផលិតរថយន្តចិនទាំងឡាយ អាចត្រូវបានហាមឃាត់មិនឱ្យលក់នៅសហរដ្ឋអាមេរិក ប្រសិនបើរថយន្តទាំងនោះ ប្រើប្រាស់បច្ចេកវិទ្យាដែលបានភ្ជាប់របស់ពួកគេ។
កាលពីខែឧសភា រដ្ឋការអាមេរិក បានយកពន្ធ ១០០% លើរថយន្តអគ្គិសនីរបស់ចិន ដោយចង្អុលថា រដ្ឋាភិបាលចិន កំពុងផ្តល់ប្រាក់ឧបត្ថម្ភដល់ឧស្សាហកម្មរថយន្តរបស់ខ្លួន និងបង្កើនការនាំចេញហួសពីសមត្ថភាពរបស់ខ្លួន នៅពេលដែលក្រុមហ៊ុនអាមេរិក កំពុងផលិតរថយន្តដែលប្រើអាគុយកាន់តែច្រើន។ ក្រសួងពាណិជ្ជកម្មអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក Lael Brainard គ្រោងនឹងថ្លែងនៅថ្ងៃចន្ទនៅក្នុងទីក្រុង Detroit អំពីកិច្ចប្រឹងប្រែងរបស់រដ្ឋការលោកបៃដិន ដើម្បី “ពង្រឹងឧស្សាហកម្មរថយន្ត របស់សហរដ្ឋអាមេរិក” ។
ប្រទេសចិន បានក្លាយជាប្រទេសនាំមុខខាងរថយន្តអគ្គិសនី និងគ្រឿងបន្លាស់ សម្រាប់រថយន្តឆ្លាតវៃ ដោយមួយផ្នែកព្រោះតែការឧបត្ថម្ភធន និងការគាំទ្រយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាល។ ក្រុមហ៊ុន BYD Co. បានលក់រថយន្តអគ្គិសនីសុទ្ធ បានច្រើនជាងក្រុមហ៊ុន Tesla Inc. នៅក្នុងត្រីមាសទី ៤ នៃឆ្នាំមុន ហើយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក បានពឹងផ្អែកកាន់តែខ្លាំង លើក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនសម្រាប់បច្ចេកវិទ្យា ដែលត្រូវការសម្រាប់រថយន្តដែលបានតភ្ជាប់។ ប្រទេសចិនផ្ទាល់បាននិយាយថា ខ្លួនគោរពឯកជនភាពទិន្នន័យ និងសុវត្ថិភាពរបស់អតិថិជនបរទេសរបស់ខ្លួន និងគោរពគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌។
ការរឹតបន្តឹងថ្មីនេះ នឹងត្រូវបានអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដើម្បីការពារក្រុមហ៊ុនចិនពីការប្រមូលទិន្នន័យអំពីអ្នកបើកបររបស់អាមេរិក ជាពិសេសបុគ្គល ហើយបញ្ជូនវាត្រឡប់ទៅប្រទេសចិនវិញ។ ច្បាប់នេះ ក៏នឹងរារាំងដោយដោយប្រសិទ្ធភាពលើក្រុមហ៊ុនផ្គត់ផ្គង់របស់ចិន ពីការបង្កើតមូលដ្ឋានកាន់តែធំ នៅក្នុង អាមេរិក ដោយផ្តល់ពេលវេលាដល់ឧស្សាហកម្មរថយន្តរបស់អាមេរិក ដើម្បីសាងខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន សម្រាប់យានយន្តដែលបានតភ្ជាប់។
ក្រុមមនុស្សដែលដឹងជាមួយសំណើនេះ បាននិយាយថា សំណើរបស់ក្សួងពាណិជ្ជកម្ម ដាក់បញ្ចូលតាំងពីរយៈពេលតាមដំណាក់កាលចូលផ្សេងៗគ្នា សម្រាប់កម្មវិធីផ្នែកទន់ និងសមាសធាតុដែលបានប៉ះពាល់ផ្សេងៗជាច្រើន។ ក្រុមមន្ត្រី មានគោលបំណងអនុម័តច្បាប់ចុងក្រោយមួយ នៅក្នុងខែមករាឆ្នាំ ២០២៥ បន្ទាប់ពីការផ្លាស់ប្តូរយោបល់រយៈពេល ៣០ ថ្ងៃ លើសំណើនេះ។
បន្ថែមពីលើប្រព័ន្ធជំនួយអ្នកបើកបរ និងប្រព័ន្ធយានយន្តស្វ័យប្រវត្តិ ក៏ដូចជាកម្មវិធីផ្នែកទន់ ដែលតាមដានយានយន្តទាំងឡាយ ដោយប្រើផែនទី និងទីតាំងផ្កាយរណប, ច្បាប់នឹងគ្រប់គ្រងផ្នែករឹងសម្រាប់ប្រព័ន្ធទំនាក់ទំនងរថយន្ត។ នោះ អាចរួមបញ្ចូលនូវអ្វីៗជាច្រើន ដូចជាប្រព័ន្ធ V2X ដែលរថយន្តប្រើដើម្បីទំនាក់ទំនងជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវ, ទំនាក់ទំនងជាមួយយានយន្តដែលបានបំពាក់ផ្សេងទៀត និងសេវាកម្មពពក៕