ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ហុងកុង លក់ផ្ទះ បញ្ចុះតម្លៃ២០%
ក្រុមហ៊ុន Sun Hung Kai Properties Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏ធំបំផុតរបស់ហុងកុង កំពុងធ្វើទីផ្សារលើគម្រោងថ្មីជាមួយនឹងការបញ្ចុះតម្លៃ ២០% ដើម្បីទាក់ទាញក្រុមអ្នកទិញបន្ទាប់ពីមានការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះ។
យោងតាមក្រុមហ៊ុន Midland Realty ឱ្យដឹងថា គម្រោង Cullinan Sky របស់ក្រុមហ៊ុននៅតំបន់អតីតអាកាសយានដ្ឋាន Kai Tak បានដាក់តម្លៃ HK$ ១៩,៦៦៨ ($២,៥២៥) ក្នុងមួយហ្វីតការ៉េ ជាមធ្យមសម្រាប់វគ្គដំបូងរបស់ខ្លួន។ នោះគឺជាតម្លៃដែលបានបញ្ចុះប្រហែល 20% ទាបជាងគម្រោងថ្មីជាច្រើន នៅក្បែរនោះ។
ទោះបីជាមានការកាត់អត្រាការប្រាក់របស់ធនាគារហុងកុង ពីសប្តាហ៍មុនក៏ដោយ ក៏ទីផ្សារអចលនទ្រព្យនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងនោះមានទាំងសារពើភ័ណ្ឌផ្ទះច្រើនលើសលុប និងសេដ្ឋកិច្ចខ្សោយ។ យោងតាម Bloomberg Intelligence ឱ្យដឹងថា ការផ្គត់ផ្គង់ផ្ទះថ្មីដ៏ច្រើនសន្ធឹកសន្ធាប់ – ជាមួយនឹងការលក់មិនដាច់ រយៈពេល ២០ឆ្នាំមកហើយ ការស្ទុះងើបឡើងវិញយ៉ាងសំខាន់ ក្នុងទីផ្សារលំនៅឋាននេះ នឹងមានកម្រិត៕
- Samsung នឹងវិនិយោគ 1.8 ពាន់លានដុល្លារបន្ថែមទៀតនៅភាគខាងជើងប្រទេសវៀតណាម
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung ដែលមានប្រតិបត្តិការនៅខេត្ត បាក់និញ ភាគខាងជើង គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១.៨ ពាន់លានដុល្លារបន្ថែមទៀតនៅទីនោះ។
អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Samsung Display Vietnam ដែលត្រូវបានចុះហត្ថលេខា ពីសប្តាហ៍មុន និង នាយករដ្ឋមន្ត្រី ផាម មិញជិញ ជាសាក្សី គឺមានន័យ
ក្រុមហ៊ុន Samsung Display Vietnam បានរាយការណ៍ពីប្រាក់ចំណេញចំនួន ២៨៣.៦ លានដុល្លារលើប្រាក់ចំណូលចំនួន ៦.៨ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
រោងចក្រចំនួន៤នៅក្នុងប្រទេសវៀតណាម បានរួមចំណែកប្រហែល ៣០% នៃប្រាក់ចំណូលពិភពលោករបស់ Samsung ក្នុងអំឡុងពេលនេះ៕
- ក្រសួងហិរញ្ញវត្ថុថៃ និងធនាគារកណ្តាល នឹងពិភាក្សាអំពីគោលដៅអតិផរណានៅសប្តាហ៍ក្រោយ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវច្ជរ៉ា (Pichai Chunhavajira) បាននិយាយថា រដ្ឋាភិបាលថៃនឹងពិភាក្សាអំពីគោលដៅអតិផរណា និងប្រាក់បាតខ្លាំងជាមួយធនាគារកណ្តាល។
ផែនការពិនិត្យឡើងវិញ ដែលរាយការណ៍ដំបូងដោយ Reuters ធ្វើឡើងបន្ទាប់ពីសម្ពាធរបស់រដ្ឋាភិបាលជាច្រើនខែ លើធនាគារកណ្តាលថៃ ដើម្បីកាត់បន្ថយអត្រាការប្រាក់ខ្ពស់មួយទសវត្សរ៍មកហើយ ២.៥០% ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចដែលជួបការលំបាកចាប់តាំងពីមានជំងឺកូវីដការរាតត្បាត ។
ការពិនិត្យឡើងវិញលើគោលដៅអតិផរណាពី ១%ទៅ ៣% ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ អាចបង្កើនឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ដែលអតីតនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុនដោយដីការបស់តុលាការ បានទាមទារជាយូរមកហើយ៕
- ហុងកុង វ៉ាដាច់សិង្ហបុរី លើចំណាត់ថ្នាក់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក
យោងតាមការស្ទង់មតិមួយបានឱ្យដឹងថា ទីក្រុងហុងកុង បានដណ្តើមយកតំណែងរបស់ខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់ទ្វីអាស៊ី ដោយបានផ្តួលសិង្ហបុរី ឱ្យត្រលប់ទៅចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់វិញ។
នៅទូទាំងពិភពលោក ហុងកុងជាប់ចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ នៅក្នុងសន្ទស្សន៍ចុងក្រោយបំផុតរបស់ Global Financial Centers Index ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍។ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៤ លើពិភពលោក។ ទីក្រុង Dublin ទីក្រុង Chicago និងទីក្រុង Dubai បានកើនឡើងនៅក្នុងចំណាត់ថ្នាក់ ខណៈដែលទីក្រុងស៊ាងហៃ, ប៉េកាំង និង ហ្សឺណែវ បានធ្លាក់ចុះ នៅក្នុងសន្ទស្សន៍៕
- អតិផរណារបស់ម៉ិកស៊ិក ធ្លាក់ចុះខ្លាំងជាងការរំពឹងទុក នៅមុនការបោះឆ្នោត
អតិផរណារបស់ម៉ិកស៊ិក បានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅដើមខែកញ្ញា ដែលទំនងជាមកពីធនាគារ Banco de Mexico នឹងកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ពីរខែជាប់គ្នា នៅឯកិច្ចប្រជុំអត្រាការប្រាក់កាលពីចុងសប្តាហ៍មុន។
ទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ៤.៦៦% ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការប៉ាន់ស្មានជាមធ្យម របស់អ្នកសេដ្ឋកិច្ច ៤.៧១% ដែល Bloomberg បានស្ទង់ ៕
- ក្រុមឃ្លាំមើលជប៉ុនណែនាំ ឱ្យពិន័យក្រុមហ៊ុនឈ្មួញជើងសា Nomura ជាង $15ម៉ឺន ពីបទការក្លែងបន្លំទីផ្សារ
ក្រុមឃ្លាំមើលមូលបត្ររបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃពុធថា ពួកគេ បានផ្តល់អនុសាសន៍ឱ្យពិន័យ ២១.៨ លានយ៉េន (១៥១,៧១៥ ដុល្លារ) លើផ្នែកអង្គភាពឈ្មួញកណ្តាលរបស់ក្រុមហ៊ុន Nomura Holding ពីបទរៀបឧបាយកលបន្លំ ក្នុងទីផ្សារអនាគតមូលប័ត្ររដ្ឋាភិបាល ដែលត្រូវបានចោទប្រកាន់។
នៅក្នុងសន្និសីទខ្លីមួយថា គណៈកម្មការត្រួតពិនិត្យមូលបត្រ និងការផ្លាស់ប្តូរ (SESC) បាននិយាយថា SESC បានផ្តល់អនុសាសន៍ដល់ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ (FSA) ជានិយតករធនាគារ ឱ្យធ្វើការពិន័យបែបនេះនៅក្នុងប្រទេសជប៉ុន៕
- ឥណ្ឌូណេស៊ី ស្នើសុំជាផ្លូវការ ដើម្បីចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ឱ្យដឹងថា រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូនេស៊ី បានស្នើសុំជាផ្លូវការដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដើម្បីពង្រីកទីផ្សារនាំចេញរបស់ខ្លួន ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានផ្ញើលិខិតស្នើសុំការចូលជាសមាជិកទៅកាន់នូវែលសេឡង់ ក្នុងនាមជាភាគីតម្កល់ សម្រាប់ភាពជាដៃគូកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើន អន្តរប៉ាស៊ីហ្វិក៕