សេចក្តីព្រាងច្បាប់នេះ បានតាក់តែងដោយ លោក Rahayu Mahzam ជាលេខាធិការជាន់ខ្ពស់សភា ក្នុងគោលបំណងតម្រឹមក្របខណ្ឌបទប្បញ្ញត្តិរបស់ប្រទេសសិង្ហបុរីឱ្យស្របតាមបទដ្ឋានដែលកំណត់ដោយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ។ ច្បាប់នេះគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងអ្នកលក់ត្បូងនិងលោហធាតុមានតម្លៃ, ការផ្តល់ប្រាក់កម្ចី, ការបញ្ចាំ រួមទាំងសេវាកម្មផ្លូវច្បាប់ផងដែរ ដែលជាវិធានប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងបទល្មើសហិរញ្ញវត្ថុ។ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ ឬ FATF គឺជាអង្គការអន្តររដ្ឋាភិបាល ដែលបានបង្កើតក្នុងឆ្នាំ១៩៨៩ ដោយក្រុមប្រទេសមហាអំណាច G7 ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសហិរញ្ញវត្ថុនិងការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្ម។
សេចក្តីព្រៀងច្បាប់ថ្មីនេះមានគោលបំណងពង្រឹងនិងលើកកំពស់បទប្បញ្ញត្តិរបស់ប្រទេសសិង្ហបុរីឱ្យស្របគ្នានឹងស្តង់ដារអន្តរជាតិ ដែលបានបង្កើតឡើងដោយ FATF ម្យ៉ាងដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ប្រទេសសិង្ហបុរី ថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសុវត្តិភាព និងធានាបាននូវយន្តការដ៏រឹងមាំក្នុងការទប់ស្កាត់នូវរាល់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុផ្សេងៗ តាមរយៈការពង្រឹងភាពសុចរិតនៃការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។
សេចក្តីព្រាងច្បាប់នេះមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយរួមទាំងអ្នករកស៊ីលើមុខរបរលក់ត្បូងនិងលោហធាតុមានតម្លៃ ដែលជារឿយៗមិខរបរ ទាំងនេះជាគោលដៅប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនលាងលុយ។ ដោយឡែកវិស័យផ្តល់ប្រាក់កម្ចី និងការបញ្ចាំក៏ក៏នឹងត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងដែរនៃច្បាប់ថ្មីនេះដែរ។ លើសពីនេះ សេវារកស៊ីផ្លូវច្បាប់ក៏នឹងស្ថិតក្រោមលក្ខខណ្ឌត្រួតពិនិត្យយ៉ាងតឹងរឹងដែរ ដើម្បីធានាថាសេវាកម្មរបស់ពួកគេមិនត្រូវបានប្រើប្រាស់ក្នុងមធ្យោបាយជួយលាងលុយកខ្វក់។
សមាជិកសភា លោក Louis Ng បានសង្កត់ធ្ងន់ថាសេចក្តីព្រាងច្បាប់ថ្មីនេះនឹងជួយឱ្យប្រទេសសិង្ហបុរី បំពេញតម្រូវការស្របតាមស្តង់ដារអន្តរជាតិនិងកាត់បន្ថយហានិភ័យទាំងឡាយដែលទាក់ទងនឹងការរីកសាយនៃបទល្មើសហិរញ្ញវត្ថុ រាប់បញ្ចូលទាំងវិធានការទប់ស្កាត់ការផ្តល់ហិរញ្ញប្បទានដល់ការផលិតអាវុធប្រល័យលោក ដែលជាការចូលរួមដោះស្រាយកង្វល់សន្តិសុខរបស់ពិភពលោកដ៏សំខាន់នាពេលបច្ចុប្បន្ន។ តាមរយៈការអនុវត្តវិធានច្បាប់ថ្មីនេះ សិង្ហបុរីមានគោលបំណងក្នុងការដើរតួនាទីយ៉ាងសកម្មនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយហិរញ្ញប្បទាន និងការលើកកម្ពស់សន្តិសុខអន្តរជាតិ។
ការធ្វើបច្ចុប្បន្នភាពនេះមានសារៈសំខាន់សម្រាប់ការបង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះយុទ្ធសាស្ត្រវិវត្តនៃឧក្រិដ្ឋជនហិរញ្ញវត្ថុ។ ច្បាប់នេះបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរក្សាបរិយាកាសហិរញ្ញវត្ថុដ៏រឹងមាំ ប្រកបដោយសុវត្ថិភាពហើយអាចការពារប្រជាពលរដ្ឋនិងស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួនពីការគំរាមកំហែងដែលបង្កឡើងដោយឧក្រិដ្ឋជនហិរញ្ញវត្ថុបានប្រសើរជាងមុន៕