បុរសអ្នកជំនួញដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ លោក Jamal Al Nadak ត្រូវបានគេរាយការណ៍ថាបានទិញកោះឯកជនមួយ តម្លៃ ៥០លានដុល្លារអាមេរិក ដើម្បីទុកឱ្យភរិយារបស់គាត់លោកស្រី Soudi Al Nadak នូវសេរីភាព និងឯកជនភាព ក្នុងការស្លៀកពាក់ឈុតប៊ីគីនី នៅលើឆ្នេរខ្សាច់របស់ពួកគេ។
ស្ត្រីជាភរិយាដែលកើតនៅអង់គ្លេសរូបនេះ ក៏បានបញ្ជាក់ពីការទិញនេះដែរ។
លោកស្រី Soudi Al Nadak អាយុ ២៦ ឆ្នាំ បានចែករំលែកវីដេអូលើបណ្តាញ Instagram នៅលើកោះឯកជនដែលស្វាមីនាង បានទិញឱ្យ ដោយសរសេរថា៖ “POV: អ្នកចង់ស្លៀកឈុតប៊ីគីនី, ដូច្នេះប្តីសេដ្ឋីក៏បានទិញកោះឱ្យមួយ”។
លោកស្រី Soudi បានរៀបការជាមួយអ្នកជំនួញនៅទីក្រុងឌូបៃ លោក Jamal Al Nadak និងពណ៌នាថាខ្លួននាងជា៖ “ស្ត្រីមេផ្ទះពេញម៉ោង”។ គូស្នេហ៍មួយគូនេះ បានជួបគ្នាពេលកំពុងសិក្សានៅក្រុងឌូបៃ និងបានរៀបការ នៅឆ្នាំ២០២១ ។
គណនី Instagram របស់លោកស្រី ដែលមានអ្នកតាមដាន ៣៣៦,០០០នាក់ បានរៀបរាប់លម្អិតអំពីរបៀបរស់នៅក្នុងជីវិតសម្បូរហូរហៀរបស់ខ្លួន។ លោកស្រី មានវីដេអូ១ស៊េរី ដែលមានចំណងជើងថា “តើប្តីសេដ្ឋីរបស់ខ្ញុំ ចំណាយលើខ្ញុំប៉ុន្មានក្នុងសប្តាហ៍នេះ” ដោយចំណាយនៅគ្រប់កន្លែងយ៉ាងហោចណាស់ ចន្លោះពី ៥ម៉ឺនដុល្លារ ទៅ ១លានដុល្លារ៕
ថ្មីៗនេះ លោកស្រី បានបង្ហោះវីដេអូរៀបការដោយសរសេរថា៖ “ខ្ញុំត្រូវរៀបការនៅក្រៅវប្បធម៌របស់ខ្ញុំ ព្រោះខ្ញុំមិនព្រមធ្វើការ ដើម្បីបើកប្រាក់ខែ ហើយខ្ញុំទទួលយកតែមាស ជាកាដូ”។
ក្នុងបទសម្ភាសមួយ លោកស្រី Soudi បាននិយាយអំពីពួកគេចង់ទិញកោះមួយសម្រាប់ជាការវិនិយោគ។ លោកស្រី បាននិយាយថា កោះនេះត្រូវបានទិញក្នុងតម្លៃ 50 លានដុល្លារ (37.25 លានផោន) ។
លោកស្រី បានប្រាប់សារព័ត៌មានឥណ្ឌាប្រចាំថ្ងៃ Hindustan Times ថា៖ “វាជាអ្វីមួយ ដែលយើងកំពុងគិតថាធ្វើមួយនៅពេលណាមួយសម្រាប់ការវិនិយោគ ហើយប្តីរបស់ខ្ញុំចង់ឱ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាព នៅលើឆ្នេរខ្សាច់មួយ ដែលជាមូលហេតុដែលគាត់ទិញវា។ សម្រាប់ហេតុផលឯកជនភាព យើងសុំមិនប្រាប់ទីតាំងនេះពិតប្រាកដទេ ប៉ុន្តែវាស្ថិតនៅក្នុងទ្វីបអាស៊ី ហើយវាមានតម្លៃ ៥០លានដុល្លារ”។
ការបញ្ចេញមតិជាច្រើន លើការបង្ហោះរបស់នាង មានរាប់ចាប់ពីការមិនជឿ រហូតដល់ការរិះគន់ចំៗអំពីការអួតអាងអំពីទ្រព្យសម្បត្តិរបស់ខ្លួន។
អ្នកលេង Instagram ម្នាក់ បានសួរថា៖ “តើប្តីលោកស្រី មានបងប្រុសទេ? ខ្ញុំសុំដណ្តឹងឱ្យមិត្តភក្តិរបស់ខ្ញុំ»៕