ឧកញ៉ាសន្ធរវោហារម៉ុក (ប្រហែលឆ្នាំ ១៨៣០ – ១៨៩០) កវី សន្ធរ ម៉ុក ឬ ឧកញ៉ាសន្ធរវោហារម៉ុក ឬអម្រឹតក្សត្រីម៉ុក ជារាជកវីរបាក្សត្រវិទូ ដែលគេស្គាល់ជាងគេនាសតវត្សទី១៩ មុនពេលលាចាកលោកនេះទៅ លោកបានបន្សល់ទុកនូវបុត្រដ៏ឆ្នើម ៥ រូបហើយក្នុងនោះបុត្រទី៣ ជាអ្នកស្នងតំណែងរបស់លោកផ្នែកតែងនិពន្ធ។
លោកត្រូវបានទំនុកបំរុងដោយព្រះមាតារបស់ព្រះបាទនរោត្តម គឺអ្នកម្នាងរស់ ក្រោយមកត្រូវបានទ្រង់តែងតាំងជាសម្តេចព្រះវររាជិនីខត្តិយាវង្សសិរីសេដ្ឋោវរោត្តមបរមវរាតុល្យសកល មង្គលបរមបពិត្រ ដោយសារទ្រង់មានគុណបំណាច់ក្នុងកាទំនុកបំរុងកវីនិពន្ធទាំងឡាយ មានកវីសន្ធរម៉ុកជាដើម។ ព្រះបាទអង្គដួង ទ្រង់បានចាត់ចែងឱ្យកវីទាំងឡាយតែងនិពន្ធនូវសាស្រ្តល្បែងផ្សេងៗជាពាក្យកាព្យ។ លោកជាមន្ត្រីក្នុងព្រះបរមរាជវាំងខាងក្រុមអាល័ក្ស ហើយជាកវី១រូបយ៉ាងឯកខាងកាព្យឃ្លោង មានកិត្តិស័ព្ទល្បីល្បាញក្នុងជំនាន់រាជ្យព្រះកុរណាសុវណ្ណកោដ្ឋ (ស្តេចនរោត្តម)។
អំពីគ្រួសារ
នាទីក្រុងភ្នំពេញ នៅថៃ្ងទី១៣ ខែកក្កដា ឆ្នាំ១៨៨០ ភរិយារបស់ឧកញ៉ាសន្ធរវោហារម៉ុក គឺលោកជំទាវ សម បានផ្តល់កំណើតឱ្យទារកម្នាក់ ហើយឱ្យឈ្មោះថា សំ ឱក ដែលក្រោយមកត្រូវបានគេស្គាល់ថា ជាកវីនិពន្ធ នៅដើមសតវត្សទី២០ ដែលមានគោត្តនាម និង នាមថា ម៉ុក-សំឱក។ ពួកអ្នកស្រាវជ្រាវទាំងឡាយជឿថាលោកមានបុត្រច្រើន ហើយតែប៉ុន្មាននាក់ ដែលគេស្គាល់ជាផ្លូវការគឺ៖
១.ម៉ុក ម៉ិល ប្រុស ២. ម៉ុក ត្រចាត់ ប្រុស ៣ ម៉ុក សំឱក ប្រុសអាជីពកវីបន្តពីឪពុក ៤ ម៉ុក សំអែល ប្រុស ម៉ុក រំដេញ ស្រី(កូនស្រីគាត់នេះ ជាប្រពន្ធព្រះអង្គម្ចាស់ដួងចក្រ (កូនស្តេចនរោត្តម) ដែលត្រូវបារាំងនិរទេសឲ្យទៅរស់នៅប្រទេសអាល់ហ្សេរី ដោយសារប្រឆាំងនឹងបារាំង។ កូនទាំង២នាក់នេះ បានទៅសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំង ។ លុះត្រឡប់មកស្រុកខ្មែរវិញ ម៉ុក ម៉ិល បានធ្វើជាចៅហ្វាយស្រុក។ ចំណែក ម៉ុកត្រចាត់ បានទៅធ្វើការនៅប្រទេសលាវ ហើយបានទទួលមរណភាពនៅទីនោះ ។
អំពីស្នាដៃ និង កេរ្តិ៍ដំណែល
រឿងទំទាវ នៅឆ្នាំ១៨៥៧ ឧកញ៉ាសន្ធរវោហារម៉ុក បានចារជាកាព្យពាក្យ៧ ប្រកបដោយសិល្ប៍និពន្ធយ៉ាងល្អ គួរឲ្យចាប់អារម្មណ៍ ព្រោះលោកចេះរើសពាក្យដែលមានន័យចំ និងត្រឹមត្រូវ ដូចនេះហើយបានជារឿងរបស់លោកមានទំហំខ្លី ប៉ុន្តែមានន័យគ្រប់គ្រាន់ ទស្សនៈវណ្ណៈ និងប្រជាជនច្បាស់លាស់ ដែលនាំឲ្យលោកបង្ហាញលក្ខណៈតួបានជាក់លាក់និងរូបី។ ប៉ុន្តែគួរឲ្យស្តាយ ព្រោះរឿងទុំទាវស្នាដៃឧកញ៉ាសន្ធរម៉ុក បានត្រូវបាត់ផ្នែកខាងចុង រកមិនឃើញ គឺបាត់ត្រង់វគ្គ «ស្តេចដាក់ទោសលើអរជូន »។ បន្ទាប់មកទៀតភិក្ខុសោម ក៏លើកយករឿងនេះមកសរសេរឡើងវិញ នៅឆ្នាំ១៩១៥។ ដូចសេចក្តីក្នុងអារម្ភកថានៃរឿងបានបញ្ជាក់ស្រាប់ ហើយនៅឆ្នាំ១៩៤២ ឧកញ៉ានូ កន ក៏សរសេរបានមួយបែបទៀត ដោយដាក់ចំណងជើងថារឿងទាវឯក។
ដើម្បីរំលឹកដល់កិត្តិសព្ទវោហារសាស្ត្ររបស់លោកគេក៏បានយកឈ្មោះលោកទៅដាក់ជាឈ្មោះវិទ្យាល័យមួយនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ហៅថាវិទ្យាល័យជាស៊ីមសន្ធរម៉ុក។ រឿង«ទេវន្ទ»ត្រូវបានលោកវ៉ាន់ឌីកាអុនអត្ថាធិប្បាយដូចខាងក្រោមនេះ ៖រឿង ទេវន្ទ គឺជាស្នាដៃមួយដ៏សំខាន់របស់កវីសន្ធរ ម៉ុក គេពុំដឹងថាតើលោកបាននិពន្ធរឿងនេះនៅ ឆ្នាំណាទេ។ លោកសាស្ត្រាចារ្យ ញ៉ុក ថែម ដែលបានសិក្សាស្នាដៃនេះ គ្រាន់តែបានបញ្ជាក់ថា ជារឿង ដែលកវីម៉ុកបានរៀបរៀងនៅក្នុងរាជ្យព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋតែប៉ុណ្ណោះ ។ គឺជារឿងដែលឧកញ៉ាវោហារសន្ធរ ម៉ុក ដកស្រង់ចេញពីគម្ពីរបញ្ញាសជាតក ហើយយកមករៀបរៀងជាបទកាកគតិ។
ដំណើររឿងមាននេះដូចតទៅ៖ នៅថ្ងៃមួយនោះ ព្រះបាទព្រហ្មទត្តដែលជាព្រះមហាក្សត្រនៃក្រុង ពារាណសី បានចេញទៅប្រពាតព្រៃ បរបាញ់ម្រឹគីម្រឹគា គាប់ជួនពេលនោះ មានយក្សមួយឈ្មោះ និន្ទ យក្ស ក៏ចេញស្វែងរកអាហារនៅក្នុងព្រៃនោះដែរ លុះបានឃើញព្រះមហាក្សត្រ និន្ទយក្សចង់ចាប់ព្រះអង្គឆី(ស៊ី)តែម្តង។ យក្សចង្រៃប្រើល្បិចកលកាឡាខ្លួនជាប្រើសមាស ហើយទៅលោតលេងក្បែរទីពន្លា ដោយបានឃើញប្រើសមាសនោះ ព្រះបាទព្រហ្មទត្ត ក៏បង្គាប់ឱ្យពួកពលសេនា ឡោមព័ទ្ធចាប់ម្រឹគមាសនោះ ដែលធ្វើឫកជាភ័យស្លន់ស្លោរួចរត់ទៅនៅចំពីព្រះភក្ត្រព្រះមហាក្សត្រតែម្តង។ បន្ទាប់មកវាធ្វើជារត់ចេញជា ហេតុធ្វើឱ្យព្រះមហាក្សត្រ ផាយសេះដេញចាប់។ ប្រើសមាសក្លែងក្លាយនាំព្រះរាជាទៅទីស្ងាត់មួយដាច់ឆ្ងាយពីរាជបរិវារ រួចក៏តាំងកាឡាខ្លួនជា
យក្សវិញ ហើយចាប់ព្រះមហាក្សត្រឆីតែម្តងទៅ។ យក្សអន្យតិរិយ ចង់ចាប់សេះថ្មីទៀត ប៉ុន្តែសេះអង្វរករដូច្នេះថា បើស៊ីវានៅពេលនេះ គឺបានតែមួយពេលប៉ុណ្ណោះ តែបើ កាឡាខ្លួនជាស្ដេចព្រហ្មទត្ត វាអាចទៅព្រះនគរ ហើយចាប់មនុស្សជាច្រើនធ្វើជាអាហារតែម្តង។ និន្ទយក្ស សុខចិត្តធ្វើតាម ប៉ុន្តែយកសេះទៅឃុំឃាំងបង្អត់អាហារ។ យក្សអប្រិយដើរតួធ្វើជាព្រះរាជានៃនគរពារាណ សី ជំនួសព្រះបាទព្រហ្មទត្តអស់មួយរយៈពេល ហើយគ្មានអ្នកណាសង្ស័យអ្វីទាំងអស់។ សូម្បីទេវន្ទកុមារ ជាបុត្រា និងចន្ទកុមារីជាបុត្រីក៏មិនដឹងដែរ។
ថ្លែងពីនិន្ទយក្ស កាលបើគ្រប់គ្រងព្រះនគរបានហើយ ក៏តាំងចាប់នាហ្មឺន មន្ត្រីយកទៅកាត់ទោស ប្រហារជីវិតជាបន្តបន្ទាប់ ដោយម្តងចោទថាខុសនេះ ម្តងថាខុស នោះ។ តាមការពិតវាយកទៅធ្វើជាចំណីវាតែប៉ុណ្ណោះ។ ថ្ងៃមួយព្រះរាជបុត្រាបុត្រីទាំងពីរអង្គ បានជួបនឹងសេះដែលមានរូបរាងស្គមកំប្រឹង។ អតីតអាជានេយ្យរបស់ព្រះបាទព្រហ្មទត្តបានប្រាប់រឿងរ៉ាវទាំងអស់ ហើយក៏សុំឱ្យទេវន្ទនិងចន្ទារកកលល្បិចលួចរត់។ នៅទីបំផុតទេវន្ទកុមារ ព្រមទាំងចន្ទកុមារី និងសេះក៏ បានរត់រួច។ ទោះបីរឿងនេះបានត្រូវដកស្រង់ចេញពីគម្ពីរបញ្ញាសជាតកក្តី ក៏តាមការពិតកវីសន្ធរម៉ុកបាន និពន្ធរឿងនេះនៅក្នុងពេលមួយដែលស្រុកខ្មែរកំពុងមានបញ្ហាស្រដៀងនេះដែរ ប៉ុន្តែយក្សគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះទេ។ រឿងទាំងឡាយនេះចាប់ផ្តើមពីព្រះរាជា ប្រាថ្នាចង់បានប្រើសមាស ហើយធ្លាក់ទៅក្នុងឧបាយកលរបស់យក្ស។ យក្សមានយុទ្ធសាស្ត្រ គួរឱ្យចាប់អារម្មណ៍ គឺធ្វើឱ្យព្រះរាជារត់តាមរហូតដល់ទីឆ្ងាយដាច់អស់ពីអ្នកដែលតាមថែរក្សាព្រះអង្គ។ នៅពេលដែលព្រះរាជានៅតែម្នាក់ព្រះអង្គ យក្សក៏ចាប់ ឆីតែម្តងទៅ។ សេះគេចផុតពីសេចក្តីស្លាប់បានមួយរយៈពេល ប៉ុន្តែប្រជានុរាស្ត្រ មន្ត្រីសេនាជាច្រើនរូប ក៏បានត្រូវបាត់បង់ជីវិត ព្រោះតែយុទ្ធសាស្ត្រនេះដែរ៕