ភូមិអ្នកនិពន្ធសូមបង្ហាញជូនតួអង្គនៃកូនចៅត្រកូលជួនមួយរូប គឺបណ្ឌិតរូបវិទ្យា ជួន មុម្ម ។ កុមារ ជួន មុម្ម បានចាប់កំណើតកើតនៅ ថ្ងៃអង្គារទី៨ ខែធ្នូ ឆ្នាំ ១៩២៥ ក្នុងវង្សត្រកូលដ៏ស្តុកស្តម្ភមួយ ដែលមានឥទ្ធិពលខ្លាំងក្នុងព្រះ រាជាណាចក្រកម្ពុជា នាពាក់កណ្តាលសតវត្សន៍ទី២០។ លោកត្រូវជាកូនប្រុសរបស់សម្ដេចចៅហ្វាវាំង ជួន និងលោកយាយ ម្លិះ លើហ្វូស្ទ័រ Faucheur)។ លោក ជួន មុម្ម ជាបុត្រទីបួន ក្នុងចំណោមបងប្អូន៦រូបដែលមានឈ្មោះដូចជា ៖ ១-លោកវេជ្ជបណ្ឌិត ជួន ជឿន ២-លោកជំទាវ ជួន ជឿម ភរិយាលោកអតីតនាយករដ្ឋមន្ត្រី ឈាន រ៉ម ៣-លោកបណ្ឌិតច្បាប់ ជួន ជុំ ៤-លោកបណ្ឌិតវិទ្យាសាស្ត្រ ជួន មុម្ម ៥-ជួន សាវភ័ណ(ប្អូនស្រីអនិច្ចកម្មនៅអាយុ៤ឆ្នាំ) និង ៦-លោកវិស្វករ ជួន ប្រាសិទ្ធ។
កាលលោក ជួន មុម្ម កាលពីនៅវ័យកុមារ ម្តាយរបស់លោកធ្លាប់នាំលោក ទៅលេងភូមិគ្រឹះរបស់ម្ចាស់ក្សត្រី កុសមៈ ជារឿយៗដែរ ។ មិត្តភាពដ៏ថ្លៃថ្លានេះ ធ្វើឲ្យម្ចាស់ក្សត្រីទ្រង់មានចិត្តចង់ចងស្ពានមេត្រីនឹងគ្រួសារជួន តែគ្រួសារនេះមិនអាចបំភ្លេចបានទេនូវ បណ្តាំរបស់ព្រឹទ្ធាចារ្យសម្ដេចចៅហ្វាវាំងជួនដែលបានផ្តាំថា«កុំទុកដាក់កូនចៅទីមួយជាមួយនឹងស្តេចទីពីរជាមួយនឹងយួនឲ្យសោះ» ។ ភាពស្និទ្ធស្នាលរវាង គ្រួសារទាំងពីរស្អិតរមួតល្អណាស់គ្រប់កាលៈទេសៈ ។ ក្នុងគ្រាសប្បាយក៏ដូចក្នុងគ្រាមានទុក្ខ។ ទោះបានឡើងគ្រងរាជ្យជាមហាក្សត្រីយានីក៏ដោយ ក៏ព្រះអង្គកុសមៈនៅតែទៅមករាប់រកជានិច្ច ។ ពេលដែលព្រះអង្គ ត្រូវជាប់ឃុំក្នុងរបប លោកលន់ នល់ ក្នុងឆ្នាំ១៩៧០ គ្រួសារជួន ក៏មិនភ្លេចព្រះអង្គដែរ គេតែងតែរៀបចំម្ហូបអាហារ ចំណីចំណុកយកទៅថ្វាយជាប្រចាំ ទោះជាមានឧបសគ្គយ៉ាងណាក្តី។
នៅឆ្នាំ១៩៤៦ រដ្ឋាភិបាលខ្មែរជ្រើសរើសសិស្ស៧នាក់ឲ្យទៅបន្តវិជ្ជានៅប្រទេសបារាំងជាមួយព្រះករុណាព្រះបាទនរោត្តមសីហនុ សិស្សប្រាំពីរនាក់ដែលមានភ័ព្វសំណាងទទួលអាហារូបកណ៍នោះមាន៖ លោក ជួន ជឿន រៀនវេជ្ជសាស្ត្រ, លោក ជួន ជុំ រៀននីតិសាស្ត្រ, និស្សិត ជួន មុម្ម រៀនគណិតសាស្ត្រ និងវិស្វករ អាស៊ី ចូវ រៀនខាងពាណិជ្ជសាស្ត្រ, យ៉ែម សារុង រៀនគណិតសាស្ត្រ និងស្ថិតិសាស្ត្រ, និស្សិត ប្លែក ឆាត រៀនគណិតសាស្ត្រនិងវិស្វករ, ញឹម ស៊ីផល រៀនខាងឱសថសាស្ត្រ ។
មុនពេលចេញដំណើរ លោកឪពុករបស់ និស្សិត មុម្ម បានផ្តាំពាក្យមួយ ម៉ាត់ថា – កូនទៅរៀន កូនត្រូវពិនិត្យមើលស្រុកគេ ថា តើហេតុអ្វីបានជាជនជាតិបារាំង តែបួនដប់នាក់ប៉ុណ្ណោះ គេអាចមកត្រួតស្រុកយើងបាន? បណ្តាំដ៏ថ្លៃថ្លានេះ ស្ថិតជាប់ក្នុងអារម្មណ៍របស់ មុម្ម ជានិច្ច ។ មុម្ម កើតធំដឹងក្តីក្នុងសម័យអាណានិគមបារាំង។ ជារឿយៗ គេតែង ឮជីតាផង ឪពុកម្តាយផង បានតំណាលប្រាប់ តាំងពីកុមារភាពមកនូវការឈឺចាប់ រងទុក្ខវេទនា របស់ប្រជាជនខ្មែរ ដោយសារតែអំពើឃោរឃៅ ភាពអយុត្តិធម៌ មើលងាយប្រមាថ ធ្វើបាបឥតត្រាប្រណីពីសំណាក់អាណានិគមបារាំង ជារឿងរ៉ាវក្នុងប្រវត្តិសាស្ត្រដែលគ្រួសារត្រកូលជួនមិនអាចបំភ្លេចបាន៕