កិច្ចអន្តរាគមន៍សំខាន់ដំបូងនៅខែ កញ្ញា ឆ្នាំ ២០២២ ប្រទេសជប៉ុនបានបោះជំហានដ៏សំខាន់ដំបូងរបស់ខ្លួនក្នុងការធ្វើអន្តរាគមន៍ទៅលើទីផ្សារប្តូរប្រាក់ចាប់តាំងពីឆ្នាំ ១៩៩៨ ។ អន្តរាគមន៍នេះបានធ្វើឡើងបន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុករបស់ប្រាក់យ៉េនដល់កម្រិតទាបក្នុងរយៈពេល ២៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ កត្តាចម្បងដែលនៅពីក្រោយការធ្លាក់ថ្លៃនេះ គឺដោយសារធនាគារកណ្តាលជប៉ុន (BOJ) រក្សាគោលនយោបាយរូបិយវត្ថុធូររលុងខ្លាំង។ ខណៈពេលដែលអត្រាការប្រាក់នៅសកលមានការកើនឡើង ធនាគារកណ្តាលជប៉ុនបែរជាជ្រើសរើសរក្សាអត្រាការប្រាក់ទាបដើម្បីគាំទ្រដល់លក្ខខណ្ឌ សេដ្ឋកិច្ចក្នុងស្រុកដែលគោលនយោបាយនេះជម្រុញឱ្យមានសម្ពាធអវិជ្ជមានទៅលើប្រាក់យ៉េន។ ក្រសួងហិរញ្ញវត្ថុដោយមានការសម្របសម្រួលជាមួយធនាគារកណ្តាល បានអនុវត្តអន្តរាគមន៍ជាយុទ្ធសាស្រ្តដោយលក់ចេញនូវប្រាក់ដុល្លារអាមេរិក និងទិញប្រាក់យ៉េន។ សកម្មភាពនេះមានគោលបំណងពង្រឹងទៅលើអត្រាប្តូរប្រាក់ដោយការបង្កើនឱ្យមានតម្រូវការប្រាក់យ៉េនដើម្បីធ្វើឱ្យប្រាក់យ៉េនឡើងថ្លៃធៀបនឹងប្រាក់ដុល្លារ។
នៅខែតុលា ឆ្នាំ ២០២២ មានការបន្តខិតខំប្រឹងប្រែងដើម្បីគាំទ្រប្រាក់យ៉េនជប៉ុន បន្តពីកិច្ចអន្តរាគមន៍កាលពីខែកញ្ញាដោយមិនបានទប់ស្កាត់ការបន្តធ្លាក់ចុះនៃប្រាក់យ៉េនឡើយ ដូចនេះ ទើបក្រសួងហិរញ្ញវត្ថុបានធ្វើអន្តរាគមន៍ម្តងទៀតក្នុងខែតុលា ឆ្នាំ២០២២។ ដោយបញ្ចេញលក់ ប្រាក់ដុល្លារ និងការទិញចូល ប្រាក់យ៉េនថែម ទៀតដើម្បីធ្វើឱ្យមានស្ថេរភាពប្រាក់ និងទប់ស្កាត់ការធ្លាក់ថ្លៃ យ៉ាងឆាប់រហ័សរបស់វា។ ការធ្លាក់ចុះនៃប្រាក់យ៉េនបាន ជះឥទ្ធិពលអវិជ្ជមានជាច្រើនមកលើសេដ្ឋកិច្ចជប៉ុន រួមមានការកើនឡើងតម្លៃនាំចូល និងសម្ពាធអតិផរណាកើនឡើង។ ទោះបីជាមានការខិតខំប្រឹងប្រែងពីមុនក៏ដោយ ក៏ប្រាក់យ៉េនបានបន្តប្រឈមមុខនឹងបញ្ហាដោយតម្លៃប្រាក់យ៉េនបន្តធ្លាក់ដល់ចំណុចទាបបំផុតក្នុងខែមេសា ឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះទាបបំផុតក្នុង ប្រវត្តិសាស្រ្តជប៉ុនក្នុងរយៈពេល ជាច្រើនទស្សវត្សរ៍។ ទើបជំរុញឱ្យរដ្ឋាភិបាលជប៉ុន ចេញមកអន្តរាគមន៍ ម្តងទៀតដើម្បីស្តារស្ថានភាពរូបិយប័ណ្ណប្រាក់ យ៉េន។ នេះជាពេលវេលាប្រឈមយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងការរក្សាស្ថេរភាពរូបិយប័ណ្ណក្នុងបរិបទដែលប្រែប្រួល នៃបរិយាកាសសេដ្ឋកិច្ចពិភពលោកក្នុងការធ្វើឱ្យមានតុល្យភាពតម្រូវការសេដ្ឋកិច្ចក្នុងស្រុកជាមួយនឹងកម្លាំងនៃទីផ្សារពិភពលោក។ អន្តរាគមន៍ទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ជប៉ុនក្នុងការធ្វើឱ្យមានតុល្យភាពគោលនយោបាយសេដ្ឋកិច្ចក្នុងស្រុកជាមួយនឹងកម្លាំងទីផ្សារពិភពលោកក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពប្រាក់យ៉េនហើយគ្រប់គ្រងផលប៉ះពាល់លើសេដ្ឋកិច្ចទាំងមូល៕