ឥទ្ធិពលសេដ្ឋកិច្ចគ្រីបតូទៅលើអនាគតសេដ្ឋកិច្ចសកល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងនៃសេដ្ឋកិច្ចគ្រីបតូបានបង្ហាញឱ្យឃើញពីរបត់នៃការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់សម្រាប់ទីផ្សារលើពិភពលោកដោយបង្កើតឱកាសដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក។

Bitcoin ជាគ្រីបតូដែលកំពុងទទួលបានការពេញជាងគេនៅក្នុងលំហរនៃទីផ្សារគ្រីតូ

មិនតែប៉ុណ្ណោះ ថែមទាំងបានកំណត់ឡើងវិញនូវនិយមន័យ នៃប្រព័ន្ធមូលដ្ឋានគ្រឹះហិរញ្ញវត្ថុទៀតផង ព្រោះថារូបិយប័ណ្ណឌីជីថលនិងបច្ចេកវិទ្យាប្លុកឈេន នេះមិនត្រឹមតែបានពង្រឹងនិងពង្រីកខ្លួនក្នុងការប្រកួតប្រជែងលើគោលនយោបាយរូបិយវត្ថុតាមបែបប្រពៃណីប៉ុណ្ណោះទេ លើសពីនេះសេដ្ឋកិច្ចគ្រីបតូ កំពុងបង្កើតនូវរបៀបរបបថ្មីក្នុងការធ្វើពាណិជ្ជកម្ម អន្តរជាតិការវិនិយោគនិងបរិយាប័ន្នហិរញ្ញវត្ថុផងដែរ។

នេះជាការផ្លាស់ប្តូរមួយឆ្ពោះទៅរកទម្រង់បែបវិមជ្ឈការហិរញ្ញវត្ថុ ដែលជាការបង្កើនគុណភាពនៃការពង្រឹងតម្លាភាព សុវត្ថិភាពនិងប្រសិទ្ធភាពនៃសក្តានុពលសេដ្ឋកិច្ចគ្រីបតូដែលកំពុងជះឥទ្ធិពលលើថាមពលទីផ្សារនាពេលអនាគត។ រូបិយប័ណ្ណគ្រីបតូផ្តល់នូវភាពងាយស្រួលដល់មនុស្សដែលរស់នៅភូមិសាស្រ្តដាច់ស្រយាលដែលប្រព័ន្ធធនាគារបែបប្រពៃណីមិនអាចទៅដល់ ឱ្យទទួលបានសេវាហិរញ្ញវត្ថុដោយគ្រាន់តែតភ្ជាប់អ៊ីនធើណែតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតដោយសារតែបច្ចេកវិទ្យា ប្លុកឈេនវាបានធ្វើឱ្យការទូទាត់តាមរូបិយប័ណ្ណគ្រីបតូមានការចំណាយថ្លៃប្រតិបតិ្តការទាបបើប្រៀបធៀបទៅនឹងការ ចំណាយផ្ទេរប្រាក់តាមប្រព័ន្ធធនាគារបច្ចុប្បន្ន ដែលត្រូវចំណាយលើថ្លៃប្រតិបត្តិផ្ទេរថ្លៃនិងចំណាយពេលវេលាយូរក្នុងការធ្វើប្រតិបត្តិការម្តងៗ។  ឧទាហរណ៍ដូចជាដែលជាប្រព័ន្ធប្លុកឈេនហិរញ្ញវត្ថុវិមជ្ឈការបានសហការណ៍ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅទ្វីបអាហ្វ្រីក ធ្វើការផ្ញើរនិងទទួលរូបិយប័ណ្ណគ្រីបតូប្រភេទ Lumens (XLM) ដោយរលូនហើយថោក។ រូបិយប័ណ្ណគ្រីបតូបានធ្វើឱ្យអ្នកដែលនៅក្នុងតំបន់គ្មានសេវាកម្មហិរញ្ញវត្ថុបច្ចុប្បន្នទទួលបានសេវាហិរញ្ញវត្ថុលឿនគ្រប់ពេលវេលា គ្រប់ទីកន្លែងហើយចំណាយទាប។ រូបិយប័ណ្ណគ្រីបតូនិងបច្ចេកវិទ្យាប្លុកឈេនដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសហគមន៍ដែលមិនមានធនាគារ។

បច្ចេកវិទ្យានេះផ្តល់ឱ្យម្ចាស់គណនីនូវអំណាចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនដោយផ្ទាល់ក្នុងការទូទាត់ឬទទួលប្រាក់ តាមរយៈការទូទាត់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ផ្សេងទៀត ដោយមិនចាំបាច់ត្រូវប្រើអន្តរការីកណ្តាលឡើយគឺ កាបូបលុយរូបិយប័ណ្ណគ្រីបតូអេឡិចត្រូនិកចល័តធ្វើប្រតិបត្តិការផ្ទេរ និងទទួលមូលនិធិរវាងបុគ្គលដែលគ្មានគណនីធនាគារបែបប្រពៃណីប្រកបដោយសុវត្តិភាព។

ប្រព័ន្ធប្លុកឈេនធ្វើការយ៉ាងមានប្រសិទ្ធិភាពលើការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់តាមលក្ខណៈឌីជីថល ដូចជាប្រព័ន្ធ Civic និង Sovrin ផ្តល់ជូននូវប្រព័ន្ធផ្ទៀងផ្ទាត់វិមជ្ឈការដល់បុគ្គលដែលខ្វះឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការហើយថែម ទាំងធានាឯកជនភាពនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ។

ជាងនេះទៅទៀតលំហហិរញ្ញវត្ថុវិមជ្ឈការ (DeFi) ផ្តល់នូវសេវាកម្មហិរញ្ញវត្ថុជាច្រើន រួមទាំងការសន្សំ ប្រាក់កម្ចីនិងការវិនិយោគដែលពីមុនប្រជាជនមួយផ្នែកធំមិនបានទទួល។ វេទិកា DeFi ដូចជា Aave និង MakerDAO អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលរួមក្នុងសកម្មភាពហិរញ្ញវត្ថុផ្សេងៗដូចជាការផ្តល់ប្រាក់កម្ចី និងការខ្ចីដោយមិនចាំបាច់ត្រូវការត្រួតពិនិត្យក្រេឌីតដែលជាការបើកទូលាយមួយនិងជំរុញឱ្យមានបរិយាប័ន្នសេដ្ឋកិច្ច។

តួនាទីនៃរូបិយប័ណ្ណគ្រីបតូក្នុងបរិយាប័ន្នហិរញ្ញវត្ថុគឺមានលក្ខណៈចម្រុះដោយដោះស្រាយទាំងភាពងាយស្រួលនៃសេវាកម្មហិរញ្ញវត្ថុនិងការផ្ដល់សិទ្ធិអំណាចដល់បុគ្គលតាមរយៈដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត។​ ភាពជឿនលឿនទាំងនេះគឺជាចំណុចសំខាន់ក្នុងការកែប្រែទិដ្ឋភាពហិរញ្ញវត្ថុឱ្យមានលក្ខណៈចូលរួមនិងសមធម៌។ ការបញ្ចុះថ្លៃដើមចំណាយប្រតិបត្តិការរូបិយប័ណ្ណឌីជីថលបានផ្លាស់ប្តូរប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិយ៉ាងខ្លាំងដោយកាត់បន្ថយថ្លៃដើមចំណាយប្រតិបត្តិការយ៉ាងច្រើន។

វិធីសាស្ត្រផ្ទេរប្រាក់តាមបែបប្រពៃណី ជារឿយៗពាក់ព័ន្ធនឹងអន្តរការីជាច្រើនដែលទាំងអស់នោះជាការបង្កើនថ្លៃចំណាយប្រតិបត្តិការក្នុងផ្ទេរប្រាក់ឆ្លងប្រទេស ។ ផ្ទុយមកវិញបច្ចេកវិទ្យាប្លុកឈេនអនុញ្ញាតឱ្យមានប្រតិបត្តិការផ្ទេរប្រាក់តាមរយៈបច្ចេកវិទ្យាពីបុគ្គលម្នាក់ទៅបុគ្គលផ្ទាល់ម្នាក់ទៀតដោយមិនប្រើអន្តរការី។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យថ្លៃដើមប្រតិបត្តិការចំណាយត្រឹមតែ ០.០១% ទៅ ០.១០%ប៉ុណ្ណោះ នៃចំនួនទឹកប្រាក់ដែលបានផ្ទេរ មានន័យថា ថោកជាង ១២៧ដងបើប្រៀបធៀបជាមួយវិធីសាស្រ្តធម្មតាបច្ចុប្បន្នដែលផ្ទេរតាមរយៈប្រព័ន្ធធនាគារ។ ដូចជានៅប្រទេសកេនយ៉ាដែលការផ្ទេរប្រាក់គឺជាផ្នែកសំខាន់នៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលត្រូវចំណាយជាថ្លៃប្រតិបត្តិការជាមធ្យម៨.៧% ពេលប្រើប្រាស់បច្ចេកវិទ្យាប្លុកឈេនបានធ្វើ ឱ្យប្រទេសសន្សំបានជាង ២០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលកាត់បន្ថយថ្លៃចំណាយនេះមានសារៈសំខាន់ក្នុងការជួយដល់កំណើន GDPប្រទេសជាតិ។ ល្បឿននៃប្រតិបត្តិការគឺជាអត្ថប្រយោជន៍ដ៏ល្អបំផុតក្នុងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូក្នុងការផ្ទេរប្រាក់ជាលក្ខណៈអន្តរជាតិ។

ការទូទាត់ឆ្លងប្រទេសតាមបែបប្រពៃណីមានភាពយឺតយ៉ាវ  ដែលជារឿយៗត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីដំណើរការព្រោះត្រូវឆ្លងការស្ថាប័នអន្តរការីផ្សេងៗជាច្រើនដែលត្រូវអនុវត្តតាមបទបញ្ជានៃធនាគារជាតិតាមបណ្តាប្រទេសផ្សេងៗ។ រូបិយប័ណ្ណគ្រីបតូដែលមានបច្ចេកវិទ្យាប្លុកឈេនអាចអនុវត្តប្រតិបត្តិការដែលមានថ្លៃដើមទាបហើយរហ័សទៀតផង ដោយត្រូវការពេលតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងប្រតិបត្តិការនីមួយៗ ទោះបីជាស្ថិតនៅភូមិសាស្រ្តឆ្ងាយយ៉ាងណាក៏ដោយ។ ក្នុងបរិបទអាជីវកម្មបច្ចុប្បន្នល្បឿនមានប្រយោជន៍យ៉ាងខ្លាំងក្នុងករណីបន្ទាន់ណាមួយ ឬស្ថានភាពដែលត្រូវការទឹកប្រាក់ភ្លាមៗ។ ការកាត់បន្ថយថ្លៃសេវាប្តូររូបិយប័ណ្ណក៏ជាអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់បំផុតមួយទៀតដែរនៃ រូបិយប័ណ្ណគ្រីបតូក្នុងពាណិជ្ជកម្មសកល។ ស្ថាប័នហិរញ្ញវត្ថុបែបប្រពៃណីតែងតែដាក់ថ្លៃខ្ពស់សម្រាប់អត្រាប្តូរប្រាក់ ប៉ុន្តែ រូបិយប័ណ្ណគ្រីបតូបានផ្លោះរំលងការចំណាយទាំងនេះ ដែលជាផ្នែកមួយទៀតក្នុងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើពាណិជ្ជកម្មឆ្លងប្រទេស។ ប្រសិទ្ធភាពនៃការកាត់បន្ថយចំណាយវាមានសារៈសំខាន់សម្រាប់អាជីវកម្មក្នុង ការប្រកួតប្រជែងលើ ទីផ្សារអន្តរជាតិ។ លើសពីនេះទៀតរូបិយប័ណ្ណគ្រីបតូផ្តល់នូវការការពារប្រឆាំងនឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណ ព្រោះថាការប្រែប្រួលតម្លៃអត្រាប្តូរប្រាក់ធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយប្រតិបត្តិការ។

ដោយសារតែការវិវិត្តយ៉ាងខ្លាំងប្រព័ន្ធបច្ចេកវិទ្យាប្លុកឈេនហើយនិងរូបិយប័ណ្ណគ្រីតូបានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោកងាកមកចាប់អារម្មណ៍លើការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដែលហៅកាត់ថា (CBDCs)។ អ្វីទៅជារូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល? រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) គឺជារូបិប័ណ្ណអធិបតេយ្យរបស់ប្រទេសមួយដែលតួរជំនួសឱ្យក្រដាស់ប្រាក់ដែលចេញដោយធនាគារប្រទេស។  រូបិយប័ណ្ណឌីជីថល ឬ ក្រដាស់ប្រាក់ឌីជីថល គឺស្រដៀងទៅនឹងរូបិយប័ណ្ណគ្រីបតូដែរ ប៉ុន្តែពួកគេត្រូវបានបង្កើតឱ្យចាយវាយជារូបិយប័ណ្ណជាតិ ដោយរដ្ឋាភិបាលជាមធ្យោបាយមួយធ្វើឱ្យតម្លៃរបស់ពួកគេមានស្ថេរភាពជាងជាងក្រដាស់ប្រាក់ដែលកំពុងដែរចរាចរ។

រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ផ្តល់នូវសក្តានុពលផ្លាស់ប្តូរសម្រាប់ការពង្រឹងការដាក់បញ្ចូលហិរញ្ញវត្ថុនិងការកែលម្អប្រព័ន្ធទូទាត់។ តែភាពជោគជ័យរបស់ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើការរចនានិងការអនុវត្តរបស់ពួកគេ។ ប្រទេសមួយចំនួនដូចជាប្រទេសបាហាម៉ាស់ ចាម៉ៃកា និងនីហ្សេរីយ៉ាជាដើម បានទទួលយកប្រព័ន្ធ CBDCs រួចហើយ។ បច្ចុប្បន្នមានប្រទេសជាង ១០០ កំពុងស្វែងរកលទ្ធភាពនៃផ្លាស់ប្តូរទៅរក CBDCs ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ឆ្ពោះទៅរករូបិយប័ណ្ណឌីជីថលនាពេលអនាគត។ ព្រោះថាការប្រើប្រាស់ប្រព័ន្ធ CBDCs នឹងជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការនិងបង្កើនភាពងាយស្រួលនិងជាជម្រើសមួយដ៏គួរឱ្យទាក់ទាញសម្រាប់ប្រទេសដែលកំពុងស្វែងរកការកែរលម្អប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេ។

ការវិវត្តនិងរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ចគ្រីបតូបង្ហាញពីសមត្ថភាពដ៏ជ្រាលជ្រៅរបស់ខ្លួនក្នុងការរៀបចំទីផ្សារពិភពលោកឡើងវិញដែលជាការនាំឱ្យមានបដិវត្តន៍លើគោលនយោបាយរូបិយវត្ថុនិងការអនុវត្តយ៉ាងទូលំទូលាយនូវបច្ចេកវិទ្យាប្លុកឈេនលើសពីអាណាចក្រនៃរូបិយប័ណ្ណឌីជីថល។ ការអភិវឌ្ឍន៍ទាំងនេះមិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធអេកូហិរញ្ញវត្ថុដែលមានបរិយាប័ន្នល្អនិងមានតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីភាពចាំបាច់សម្រាប់ការស្រាវជ្រាវបន្តនិងក្របខ័ណ្ឌបទប្បញ្ញត្តិដែលអាចសម្របខ្លួនបាន ដើម្បីទាញយកសក្តានុពលពេញលេញនៃបច្ចេកវិទ្យាទាំងនេះ។

នៅពេលដែលយើងឈរនៅលើគែមនៃការវិវត្តន៍ហិរញ្ញវត្ថុឌីជីថលនេះ វាជាការចាំបាច់ក្នុងការទទួលស្គាល់ពីផលប៉ះពាល់របស់វាទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ច បទដ្ឋានសង្គមនិងទីផ្សារពិភពលោក។ ការបង្កើនការទទួលយករូបិយប័ណ្ណគ្រីបតូជាទ្រព្យសកម្មវិនិយោគ ការទទួលយកគំនិតបង្កើត CBDCs ដោយធនាគារកណ្តាល និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាប្លុកឈេននៅក្នុងវិស័យផ្សេងៗប្រមូលផ្តុំនូវអនាគតមួយដែលប្រព័ន្ធហិរញ្ញវត្ថុឌីជីថលនិងប្រពៃណីរួមបញ្ចូលគ្នា។ កត្តាទាំងតម្រូវឱ្យអ្នកពាក់ព័ន្ធនិងអ្នកធ្វើគោលនយោបាយត្រូវតែធ្វើឱ្យមានតុល្យភាពរវាងការច្នៃប្រឌិតជាមួយនឹងបទប្បញ្ញត្តិ ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខនិងការដាក់បញ្ចូលក្នុងទិដ្ឋភាពសេដ្ឋកិច្ចថ្មីនេះ។ ការសន្ទនានិងការអភិវឌ្ឍន៍ដែលកំពុងដំណើរការ នៅក្នុងសេដ្ឋកិច្ចគ្រីបតូប្រាកដជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុនាពេលអនាគតសម្រាប់ពិភពលោក៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព