អ្នកនិពន្ធ នូ ហាចជាកូនកសិករ កើតនៅថ្ងៃទី ២៦ ខែមិនថុនា ឆ្នាំ ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុកឈ្មោះ ឃួន នៅ និងម្តាយឈ្មោះ អោ មួច ។ កាលពីកុមារភាព កុមារ នូ ហាច សិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជាព្រះសង្ឃនៅសាលានេះ ហើយកុមារា នូ ហាច ចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ជំនាញ។ លុះមកដល់ ឆ្នាំ១៩៣២ យុវជន នូ ហាច បានប្រលងជាប់ ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយលោកតស៊ូរៀនសូត្រយ៉ាងស្វិតស្វាញមានចំណាត់ថ្នាក់ល្អរហូតបានទទួលសញ្ញាប័ត្រកម្រិតមធ្យមសិក្សា។
បើយោងតាមឯកសាររបស់សមាគម អ្នកនិពន្ធខ្មែរ បានឱ្យដឹងថា ក្រោយពេលបញ្ចប់ការសិក្សា លោកបានវិលទៅប្រកបការងារនៅខេត្តសៀមរាប ដែលមានងារជាចៅក្រម។ លុះដល់ឆ្នាំ ១៩៤៨ លោកបានធ្វើជាលេខាផ្ទាល់របស់នាយករដ្ឋមន្រ្តីដែលមានព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិយុត្តិវង្ស ជាមេកើយ។ ក្រោយមក លោក ហាច បានចូលបម្រើការងានៅក្រសួងព័ត៌មានវិញមានតួនាទីជាប្រធាននាកយដ្ឋាន។
លុះដល់ ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយការបរទេស (Director en Direction des Affaires Politiques)។ នៅក្នុងក្របខ័ណ្ឌការងារថ្មីនេះ លោក ហាច ត្រូវបានតែងតាំងឱ្យទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅប្រទេស សៀម និង យូហ្គោស្លាវីជាដើម។ លោក នូ ហាច ត្រូវបានគេដំឡើងឋានន្តរសក្តិជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំអង្គការសហប្រជាជាតិ ។
ថ្ងៃទី១៧ ខែមករាឆ្នាំ ១៩៥៨ លោកបានចូលជាសមាជិកអ្នកនិពន្ធខ្មែរដែលសមាគមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ ដែលមានលោក រីម គីនជាប្រធានសាមាគម។ លោក រីម គីន ទទួលស្គាល់ស្នាដៃរបស់អ្នកនិពន្ធ នូ ហាច ដែលមានទេពកោសល្យលើសអ្នកដទៃនោះគឺរឿង«ផ្កាស្រពោន» រឿង«មាលាដួងចិត្ត» និងរឿង«ត្រួយជីវិត»។ ព្រមទាំងរឿងខ្លីៗដែលមានចុះផ្សាយនៅក្នុងទស្សនាវដី្ត នូវរឿងខ្លីៗខ្លះទៀត ដែលសរសេរជាភាសាបារាំង។
ចំពោះស្នាដៃ តែងនិពន្ធ លោកនូ ហាច ជាអ្នកនិពន្ធបេះដូងស្រួយ ត្រូវបានគេទទួលស្គាល់រសអក្សរសិល្ប៍ ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាអណ្តែតអណ្តូងនិយមក្នុងកម្មវិធីសិក្សារាល់ថ្ងៃគឺរឿង« ផ្កាស្រពោន»ទោះជាយ៉ាងណា គេអាចសិក្សាយល់បានថា ជាសាច់រឿងផ្ទាល់របស់អ្នកនិពន្ធតែម្តង។ ទន្ទឹមនឹងនោះ លោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យជាកាព្យបែបបារាំង)។ល។ លោកជាអ្នកនិពន្ធ ដែលសរសេរឱ្យទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។
ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖
-រឿងផ្កាស្រពោន ឆ្នាំ ១៩៤៧, ១៩៤៨, ១៩៤៩។
-រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២ ។
-រឿង ត្រួយជីវិត ឆ្នាំ១៩៧៣។
-មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១។
-រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥
និង១៦។
-ចាកចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
-ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
-រឿង នារីជាទីស្នេហា ឆ្នាំ១៩៥៣
-លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២
-រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
-ថូបែក កាព្យបែបបារាំង លោកនូ ហាច ដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។
ចូលស្វែងយល់ពីជីវិត អាពាហ៍ពិពាហ៍របស់ កវីនិពន្ធ នូ ហាច វិញម្ដង។ លោកនូ ហាច បានរៀបការជាមួយអ្នកស្រី តាន់ រ៉េម។ ស្វាមីភរិយានេះ បានប្រសូត្របុត្រចំនួន៨នាក់។ សព្វថ្ងៃកូនៗ របស់លោកមួយចំនួនរស់នៅសហរដ្ឋអាមេរិក និងអូស្រ្តាលី។ បើតាមប្រភពមួយចំនួនបានឱ្យដឹងថា លោក ហាច បាន វិលត្រឡប់ពីក្រៅប្រទេសវិញចូលមកម្ពុជានា ឆ្នាំ ១៩៧៤ ហើយ បានបាត់ខ្លួននៅក្នុងឆ្នាំ ១៩៧៥ នៅ ពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានចូលគ្រប់គ្រងប្រទេសកម្ពុជា មិនដឹងជីវិតបញ្ញាវ័ន្តដ៏ល្បីល្បាញមួយរូបនេះស្លាប់នៅទីណាឡើយ ព្រោះគ្មានប្រភពច្បាស់ការណាអាចបញ្ចាក់ពីមរណភាពរបស់លោកនោះទេ៕