គណៈរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃ (BoT) ពន្លឿនការដោះស្រាយបំណុលគ្រួសាររបស់ពលរដ្ឋជាមួយធនាគារ ជាពិសេសបំណុលអាក្រក់ផ្នែកលំនៅដ្ឋាន បំណុលរថយន្ត បំណុលម៉ូតូ បំណុលប័ណ្ណឥណទាន និងកម្ចីរៀនសូត្ររបស់សិស្ស ដោយសារតែមកដល់ពេលនេះហើយ សេដ្ឋកិច្ចថៃ នៅតែមិនទាន់ឃើញសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញនៅឡើយ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវិជ្ជរ៉ា (Pichai Chunhavajira) បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ ដល់ស្ថាប័នដែលពាក់ព័ន្ធ ឲ្យពន្លឿន ដោយដោះស្រាយវិបត្តិសេដ្ឋកិច្ច១នេះ ដោយសារតែកង្វះសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញ។ បញ្ហាធំបំផុត គឺបញ្ហាបំណុលដ៏អាក្រក់ក្នុងផ្នែកលំនៅដ្ឋាន និងបំណុលសហគ្រាសធុនតូច និងមធ្យម ជាពិសេសបំណុលគ្រួសារដ៏សែនធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ ថៃមានបំណុលគ្រួសារចំនួន 13.6 ពាន់ពាន់លានបាត (ប្រមាណជា$372ពាន់លាន)ស្មើនឹង 90% នៃផលទុនជាតិសរុប ដែលមានប្រមាណជា ១ពាន់ពាន់លានបាត ជាបំណុលអាក្រក់ ហើយបញ្ហានេះទំនងជានឹងកើនឡើងដោយសារតែបំណុលកាន់តែច្រើនប្រឈមនឹងហានិភ័យ ក្លាយជាបំណុលអាក្រក់ ដោយពាក់កណ្តាលនៃចំនួននេះ គឺជា បំណុលលំនៅដ្ឋាន និងបំណុលរថយន្ត និងបំណុលផ្សេងៗទៀតដូចជាបំណុលប័ណ្ណឥណទាន។
ដើម្បីដោះស្រាយបំណុលអាក្រក់ក្នុងវិស័យលំនៅដ្ឋាននេះ ធនាគារទទួលបន្ទុកកិច្ចការលំនៅដ្ឋានរបស់រដ្ឋាភិបាល ត្រូវបានណែនាំឱ្យពង្រីកបន្ថែមរយៈពេលនៃការសងប្រាក់កម្ចីទិញផ្ទះ រហូតដល់អាយុអតិបរមា 85ឆ្នាំ ក្នុងចំណោមអ្នកខ្ចី។ ការពង្រីករយៈពេលសងប្រាក់កម្ចីទិញផ្ទះនេះ នឹងជួយសម្រាលបន្ទុកនៃអ្នកទិញផ្ទះ ចំពេលដែលការចំណាយសម្រាប់ការរស់នៅ និងការចំណាយផ្សេងៗកើនខ្ពស់។
លោក ភីឆៃ បាននិយាយថា រដ្ឋាភិបាលថៃ ក៏នឹងស្នើឱ្យធនាគារពាណិជ្ជទាំងឡាយ ជួយដល់អ្នកខ្ចីដែលជួបការលំបាកក្នុងការទូទាត់សង ដោយពន្យាររយៈពេលបំណុល និងកាត់បន្ថយការបង់ប្រាក់ដើម។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បានបន្តថា ខណៈបំណុលទាក់ទងនឹងរថយន្តនិងម៉ូតូ បានសើរើរួចហើយ, កិច្ចព្រមព្រៀង សម្រាប់បំណុលអាក្រក់លំនៅដ្ឋាន ក៏នឹងត្រូវធ្វើ ហើយចំនួនបំណុលសរុប គួរតែត្រូវបានរាយការណ៍នៅក្នុងកិច្ចប្រជុំបន្ទាប់។
ទាក់ទងនឹងបំណុលកាតឥណទាន ប្រព័ន្ធនេះ មានប័ណ្ណឥណទានចំនួន 24លានសន្លឹក ដែលក្នុងនោះ 1.4 លានកាត ស្ថិតក្នុងបំណុល ហើយចំនួននេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 2 ឬ 3 លានកាត។
ដើម្បីដោះស្រាយបញ្ហានេះ ធនាគារ BoT នឹងត្រូវបានស្នើសុំឱ្យសម្របសម្រួលជាមួយក្រុមហ៊ុនកាតឥណទាន ដើម្បីកាត់បន្ថយការទូទាត់អប្បបរមាបច្ចុប្បន្នពី 8% មក 5% ដោយផែនការកែសម្រួលបន្ថែម នឹងមានធ្វើជាបន្តទៀត។
លោក ភីឆៃ បាននិយាយថា វិធានការដោះស្រាយបំណុលអាក្រក់ នឹងត្រូវបានអនុវត្តឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះរដ្ឋាភិបាលចង់កាត់បន្ថយ ពង្រីក និងគ្រប់គ្រងបំណុល ដើម្បីជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញ ម្តងបន្តិចៗ៕