OpenAI កំពុងបញ្ចេញគំរូថ្មី១ នៃបញ្ញាសិប្បនិមិត្ត ដែលអ្នកខាងក្នុងស្គាល់ថា “Strawberry” ដែលអាចបំពេញការងារមានហេតុផលដូចជាមនុស្សខ្លះ ព្រោះវាមើលទៅស្ថិតនៅទីកំពូលនៃទីផ្សារដែលមានគូប្រជែងដ៏ច្រើន។
ក្រុមហ៊ុននេះ បាននិយាយនៅក្នុងការបង្ហោះក្នុងប្លុកពីថ្ងៃព្រហស្បតិ៍ថា ម៉ូដែលថ្មីនេះ ដែលមានឈ្មោះថា o1 ត្រូវបានរចនាឡើងឱ្យចំណាយពេលច្រើនក្នុងការគណនាចម្លើយមុនពេលឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់។ ជាមួយនឹងម៉ូដែលនេះ ឧបករណ៍បំពាក់របស់ OpenAI គួរតែអាចដោះស្រាយបញ្ហាច្រើនជំហាន ក្នុងនោះមានទាំង គណិតវិទ្យាដ៏ស្មុគ្កស្មាញ និងបញ្ហាការសរសេរកូដ។
ក្រុមហ៊ុនបាននិយាយថា៖ “ក្នុងនាមជាគំរូដំបូង វាមិនទាន់មានមុខងារសំខាន់ច្រើន ដែលធ្វើឱ្យ ChatGPT មានប្រយោជន៍ ដូចជាការរុករកក្នុងគេហទំព័រសម្រាប់ព័ត៌មាន និងការដំឡើងឯកសារ និងរូបភាពនោះទេ ។ ប៉ុន្តែសម្រាប់កិច្ចការមានហេតុផលស្មុគស្មាញទាំងឡាយ នេះគឺជាការជឿនលឿនដ៏សំខាន់មួយ និងតំណាងឱ្យកម្រិតថ្មីមួយ នៃសមត្ថភាព AI ។ ដោយហេតុនេះហើយ យើងកំពុងរៀបចំឡើងវិញនូវការរាប់ត្រឡប់ទៅ 1 ហើយដាក់ឈ្មោះស៊េរីនេះថា OpenAI o1″។
កំណែប្រែដែលពិនិត្យជាមុន នៃម៉ូដែលនេះ នឹងអាចរកបានតាមរយៈ chatbot ដ៏ពេញនិយមរបស់ OpenAI, ChatGPT, រហូតដល់ក្រុមអ្នកប្រើប្រាស់ Plus and Team ដែលបង់ប្រាក់កាលពីថ្ងៃព្រហស្បតិ៍។ មុននេះ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុននេះ អាចបញ្ចេញម៉ូដែលថ្មីឆាប់ៗក្នុងសប្តាហ៍នេះ។
ការចេញផ្សាយម៉ូដែលនេះ កើតឡើងខណៈដែល OpenAI ដែលមានមូលដ្ឋាននៅ ក្រុង San Francisco កំពុងសំឡឹងទៅរកការរៃអង្គាសថវិការាប់ពាន់លាន និងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការរត់ប្រណាំងដើម្បីបង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិតកាន់តែទំនើប ។ OpenAI មិនមែនជាក្រុមហ៊ុនតែមួយ ដែលកំពុងធ្វើការលើសមត្ថភាពបែបនេះទេ។ គូរប្រកួតប្រជែងជាច្រើន ដូចជា Anthropic និង Google ក៏បានផ្សព្វផ្សាយពីជំនាញ “វែកញែកហេតុផល” ជាមួយនឹងគំរូ AI កម្រិតខ្ពស់ៗរបស់ពួកគេដែរ។
នៅក្នុងការបង្ហោះក្នុង blog របស់ខ្លួន, OpenAI បានផ្តល់ឧទាហរណ៍ជាច្រើន នៃការឆ្លើយតបជាច្រើនរបស់ម៉ូដែល AIនេះ ចំពោះសំណួរលើប្រធានបទជាច្រើន ក្នុងនោះមានទាំងការសរសេរកូដ ភាសាអង់គ្លេស និងគណិតវិទ្យា និងបានស្នើឱ្យវាដោះស្រាយល្បែងផ្គុំពាក្យសាមញ្ញមួយ។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញ X, អ្នកវិទ្យាសាស្ត្រស្រាវជ្រាវរបស់ OpenAI លោក Noam Brown បាននិយាយថា ក្រុមហ៊ុននេះ កំពុងបញ្ចេញគំរូម៉ូដែលនេះ ឥឡូវនេះជាការពិនិត្យមើលជាមុន ជាផ្នែកមួយដើម្បីទទួលបានការដឹងអារម្មណ៍មួយ អំពីរបៀបដែលមនុស្សប្រើវា និងទីកន្លែងដែលវាត្រូវកែលម្អបន្ថែម។
បទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ AI ដែលបានអាប់ដេតរបស់ OpenAI នឹងខុសគ្នាខ្លះពីអ្វីដែលមនុស្សបានរំពឹងទុកជាមួយ ChatGPT ដែលជាយន្តឆាត (chatbot) របស់ក្រុមហ៊ុននេះ។ មុននឹងឆ្លើយតបទៅនឹងប្រធានបទដែលសរសេររបស់អ្នកប្រើ, កម្មវិធីថ្មីនេះ នឹងឈប់បន្តិចក្នុងរយៈពេលប៉ុន្មានវិនាទី ខណៈដែលនៅក្នុងម៉ាស៊ីន ដែលអ្នកប្រើប្រាស់មើលមិនឃើញ, កម្មវិធីនេះ ធ្វើការពិចារណាលើប្រធានបទដែលសរសេរពាក់ព័ន្ធមួយចំនួន ហើយបន្ទាប់មកក៏សង្ខេបនូវអ្វីដែលទំនងជាការឆ្លើយតប ដ៏ល្អបំផុត។
OpenAI បាននិងកំពុងធ្វើការដើម្បីឱ្យកុំព្យូទ័រអនុវត្តទង្វើពហុជំហាននៅពេលណាមួយ។ ឧទាហរណ៍ក្នុងខែឧសភា ឆ្នាំ ២០២៣ ក្រុមហ៊ុននេះ បានចេញផ្សាយការបង្ហោះប្លុក និងឯកសារស្រាវជ្រាវអមមួយ អំពីកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការកែលម្អសមត្ថភាពរបស់ប្រព័ន្ធ AI ដើម្បីដោះស្រាយបញ្ហាគណិតវិទ្យា។
យោងតាមឯកសារនោះ ឱ្យដឹងថា ក្រុមហ៊ុននេះ បានបណ្តុះបណ្តាលគំរូម៉ូដែលមួយ ដោយផ្តល់ឱ្យវានូវជំហានត្រឹមត្រូវនីមួយៗ ក្នុងដំណើរការឆ្ពោះទៅមុខ ដោយចេញចម្លើយចំពោះបញ្ហាមួយ ជាជាងដោយគ្រាន់តែផ្តល់រង្វាន់ដល់វា សម្រាប់ការផលិតចម្លើយដ៏សុក្រិត្យនោះទេ៕
មនុស្សគ្រប់គ្នា សុទ្ធតែចង់ទទួលបានប្រាក់ដុល្លារច្រើន ពីការលក់អចលនទ្រព្យ សូម្បីតែខ្លួនគឺជាអ្នកមានប្រាក់ច្រើនក្រៃលែងទៅហើយក៏ដោយ។ អ្នកជំនួញ លោក លីអូ គ្រីស (Leo Kryss) កំពុងប្តឹងក្រុមហ៊ុនអចលនទ្រព្យ Douglas Elliman ជុំវិញការលក់ផ្ទះរបស់គាត់ តម្លៃ ៧៩លានដុល្លារ នៅរដ្ឋផ្លរីដា ដែលជាវិមានមានបន្ទប់គេង ៧ និង មានបន្ទប់ទឹក ១២ ដែលស្ថិតនៅក្នុងទីតាំង ដែលពាក្យបណ្ដឹងរបស់គាត់ហៅថា “តំបន់ដ៏មានកិត្យានុភាព និងពិសេសផ្តាច់មុខបំផុត នៅក្នុងក្រុងម៉ៃអាមី ក្នុងភូមិ Indian Creek” ។
នៅក្នុងពាក្យបណ្ដឹងរបស់គាត់ លោក គ្រីស អះអាងថា លោកបានសួរនាយកប្រតិបត្តិក្រុមហ៊ុន Douglas Elliman លោក Jay Parker ដោយផ្ទាល់ថាតើស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នៅពីក្រោយការទិញនេះមែនទេ។
យោងតាមពាក្យបណ្តឹងដែលបានប្តឹងកាលពីខែកក្កដា នៅក្នុងតុលាការតុលាការទី១១ នៅស្រុក Miami-Dade County ឱ្យដឹងថា លោក Parker បានអះអាងដោយមិនស្មោះត្រង់ថា លោក Bezos មិនបាននៅពីក្រោយការឲ្យថ្លៃនេះទេ និងមិនមែនជាអ្នកទិញទៀត”។
លោក Parker ក៏បានប្រកាសថា អ្នកទិញនោះ នឹងមិនបង់ប្រាក់លើសពី ៧៩លានដុល្លារ សម្រាប់ផ្ទះនេះទៅតាមតម្លៃចុះបញ្ជីលក់ ៨៥ លានដុល្លារនោះទេ។ ដោយសារតែការធានានោះ លោកគ្រីស បានយល់ព្រមបញ្ចុះតម្លៃអចលនទ្រព្យនោះចំនួន ៦លានដុល្លារ ដោយទូទាត់តម្លៃលក់ត្រឹម ៧៩លានដុល្លារ។
ពាក្យបណ្តឹងនោះ អះអាងថា៖ “ប៉ុន្តែសម្រាប់ការធ្វើឱ្យយល់ខុសទាំងនេះ និងផ្អែកលើតួនាទីរបស់ Parker ដើម្បីដោះស្រាយដោយស្មោះត្រង់ ដោយយុត្តិធម៌ និងដោយការយកចិត្តទុកត្រឹមត្រូវដាក់ ចំពោះ (T.A.M.) ជាក្រុមហ៊ុនដែលបានចរចាក្នុងនាម លោកគ្រីស, លោកគ្រីស នឹងមិនបញ្ចុះតម្លៃទិញ ឬលក់ផ្ទះ ក្នុងតម្លៃ ៧៩,០០០,០០ ដុល្លារនោះទេ”។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា លោក បេហ្សូស (Bezos) គឺជាមហាសេដ្ឋីទី២ របស់ពិភពលោកបន្ទាប់ពីលោក អីឡុន ម៉ាស់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០២ពាន់លានដុល្លារ ។ លោកបេហ្សូស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Douglas Elliman ក៏បានបដិសេធ មិនធ្វើអត្ថាធិប្បាយលើបណ្តឹងនេះដែរ។ ការបញ្ចុះតម្លៃ ៦លានដុល្លារ គឺតំណាងឱ្យចំនួនប្រហែល ០.០០៦% នៃទ្រព្យសម្បត្តិសុទ្ធរបស់លោកបេហ្សូស ។
យោងតាមកាសែត Wall Street Journal ដែលបានរាយការណ៍មុននេះតាមពាក្យបណ្តឹង ឱដឹងថា លោក លីអូ គ្រីស ជាសហស្ថាបនិកនៃក្រុមហ៊ុន Tectoy ផលិតប្រដាប់ក្មេងលេង និងអេឡិចត្រូនិកប្រេស៊ីល បានទិញអចលនទ្រព្យ លេខ 12 ក្នុងភូមិ Indian Creek នៃផ្លូវ Island Road នេះ ក្នុងតម្លៃ ២៨លានដុល្លារ ក្នុងឆ្នាំ ២០១៤។ កាសែត Miami Herald កត់ត្រាថា វិមាននៅមាត់ទឹកដែលត្រូវបានសង់ក្នុងឆ្នាំ ២០០០ តាំងនៅក្នុងសង្កាត់ដែលគេស្គាល់ថា ជាជម្រកសម្រាប់អ្នកមានទ្រព្យច្រើនបំផុត ដោយក្រុមអ្នកជិតខាង រួមមានដូចជា លោកស្រី Ivanka Trump និងលោក Tom Brady។
វាជារឿងទូទៅទៅហើយដែលអចលនទ្រព្យលំដាប់ខ្ពស់ ត្រូវបានទិញដោយការជឿទុកចិត្ត ឬក្រុមដៃគូអាជីវកម្មតាងនាមឲ្យបុគ្គលដែលមានទ្រព្យសម្បត្តិ ដែលឈ្មោះរបស់ពួកគេអាចក្រុមភ្នាក់ងារអចលនទ្រព្យដែលតំណាងឱ្យពួកគេ មិនស្គាល់។ ពាក្យបណ្តឹងនោះ បានកត់សម្គាល់ថា ការជឿទុកចិត្តមួយ បានបំពេញការទិញវិមានរបស់លោកគ្រីស តាងនាមឱ្យលោក បរហ្សូស។
ពាក្យបណ្តឹងនោះ កត់សម្គាល់ថា លោក គ្រីស បានគិតថា លោកបេហ្សូស ប្រហែលជានៅពីក្រោយការឲ្យថ្លៃផ្ទះរបស់គាត់ ដោយសារតែស្ថាបនិក Amazon រូបនោះ ធ្លាប់បានទិញ ផ្ទះលេខ 11 ក្នុងភូមិ Indian Creek នៃផ្លូវ Island Road នេះ ជាទ្រព្យសម្បត្តិអ្នកនៅជាប់គ្នានឹងផ្ទះរបស់គាត់ ។
ពាក្យបណ្តឹងនោះ បានបន្ថែមថា៖ “លោក គ្រីស បានជឿថា ដើម្បីធ្វើការចរចា និងការសម្រេចចិត្តរបស់លោកលក់គេហដ្ឋាននេះ បានតម្លៃលក់ចុងក្រោយ ខ្ពស់ គឺលោកត្រូវតែដឹងថាតើ លោកបេហ្សូស ចាប់អារម្មណ៍នឹងផ្ទះលោកឬយ៉ាងណា ព្រោះថាលោក បេហ្សូស អាចប៉ុនប៉ងទិញវិមាននេះ ដោយអនាមិកក្នុងបំណងដើម្បីឱ្យវាបានជាប់គ្នាជាមួយនឹងអចលនទ្រព្យជាប់គ្នាដែលលោកបេហ្សូស បានទិញរួចហើយ។
ពាក្យបណ្តឹងនោះ អះអាងថា វិមានរបស់ លោកគ្រីស “ការលក់ឱ្យបេហ្សូស នឹងបានតម្លៃថ្លៃជាងលក់ឱ្យក្រុមអ្នកទិញមានសក្តានុពលផ្សេងទៀត” ៕
ប្រភពពីរ ដែលដឹងអំពីបញ្ហានេះ បាននិយាយថា លោក ហ៊ុយ កាយ៉ាន (Hui Ka Yan) ប្រធានក្រុមហ៊ុន China Evergrande Group ដែលស្ថិតនៅចំកណ្តាលបេះដូង នៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានប្តូរទៅកាន់មណ្ឌលឃុំឃាំងពិសេសមួយ ក្នុងទីក្រុងស៊ិនចិន (Shenzhen) ។
លោក ហ៊ុយ វ័យ ៦៥ ឆ្នាំ គេមិនដែលឃើញមុខជាសាធារណៈទេចាប់តាំងពីគាត់ត្រូវបានក្រុមអាជ្ញាធរចិននាំខ្លួនយកទៅ កាលពី១ឆ្នាំមុន ហើយទីកន្លែងឃុំខ្លួនបច្ចុប្បន្នរបស់គាត់ ពីមុនមក ក៏មិនត្រូវបានគេរាយការណ៍ដែរ។
បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសចិន បានរកឃើញអង្គភាពលេចធ្លោរបស់ក្រុមហ៊ុន Evergrande បានបំប៉ោងប្រាក់ចំណូល និងបានប្រព្រឹត្តការគៃបន្លំមូលបត្រ លោក លោក ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៦ លានដុល្លារកាលពីខែ មីនា និងត្រូវបានរារាំងមិនឱ្យចូលទីផ្សារមូលបត្រអស់មួយជីវិត។ ក្រុមហ៊ុន China Evergrande Group ត្រូវបានបញ្ជាឱ្យរំលាយចោល កាលពីខែមករា។
លោក ហ៊ុយ ដែលធ្លាប់ជាមហាសេដ្ឋីរបស់ប្រទេសចិន មិនត្រូវបានគេដឹងថា ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឧក្រិដ្ឋកម្មណាមួយទេ ហើយគេក៏មិនច្បាស់ថា តើលោក នឹងត្រូវឃុំខ្លួនរយៈពេលយូរប៉ុន្មាន ឬថាតើលោក នឹងគេត្រូវកាត់ទោស ឬដោះលែងនោះដែរ។
ក្រុមអាជ្ញាធរចិន បានឃុំខ្លួនអតីតប្រមុខប្រតិបត្តិអាជីវកម្មល្បីឈ្មោះជាច្រើននាក់ ហើយអ្នកខ្លះទៀត គឺនៅតែជាប់ឃុំជាច្រើនឆ្នាំ ដោយមានព័ត៌មានតិចតួច ឬគ្មានព័ត៌មានអំពីជោគវាសនារបស់ពួកគេទាល់តែសោះ។
យោងតាមប្រភពមួយ ឱ្យដឹងថា មហាសេដ្ឋីអចលនទ្រព្យរូបនេះ ស្ថិតក្រោមការឃ្លាំមើលផ្ទះ១ ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីការចាប់ខ្លួនគាត់។
ប្រភពទីពីរ បាននិយាយថា លោក ត្រូវបានផ្ទេរទៅក្រុងស៊ិនចិន កាលពីប៉ុន្មានខែមុន ដើម្បីអនុញ្ញាតឱ្យលោកប្រាស្រ័យទាក់ទងកាន់តែងាយស្រួលជាមួយក្រុមមន្ត្តីប្រតិបត្តិ Evergrande ។ ក្រុមហ៊ុន Evergrande មានទីស្នាក់ការកណ្តាលនៅទីក្រុងភាគខាងត្បូងជិតខាង គ័ងចូវ ហើយអង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិ មានមូលដ្ឋាននៅទីក្រុង ស៊ិនចិន។ ប្រភពទាំងនេះ បដិសេធមិនផ្តល់អត្តសញ្ញាណទេ ដោយសារតែភាពរសើបនៃបញ្ហានេះ។
ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន និងរដ្ឋាភិបាលក្រុង ស៊ិនចិន មិនបានឆ្លើយតបនឹងសំណើរបស់ Reuters សុំការអត្ថាធិប្បាយទេ ហើយក្រុមហ៊ុន Hengda Real Estate ដែលជាអង្គភាពធំរបស់ Evergrande ក៏មិនបានឆ្លើយតបដែរ។ ក្រុមអ្នកជម្រះបញ្ជីរបស់ Evergrande ដែលត្រូវបានតែងតាំងដោយតុលាការហុងកុង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ដូច្នេះហើយ ក៏មានការយល់ស្របជាទូទៅក្នុងចំណោមក្រុមអ្នកវិទ្យាសាស្ត្រថា ព្យុះស៊ីក្លូនត្រូពិចទាំងនេះ កាន់តែមានកម្លាំងខ្លាំង, ព្យុះស៊ីក្លូនត្រូពិចនេះ កាន់តែសើម, ការហក់ឡើង នៃព្យុះ កំពុងកើនឡើង។
លោក ហ៊ុយ បានបង្កើតក្រុមហ៊ុន Evergrande ក្នុងឆ្នាំ ១៩៩៦ ដោយបានប្រែក្លាយវា ទៅជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន លើមូលដ្ឋានការលក់តាមកិច្ចសន្យា ដោយទទួលយកការជំពាក់បំណុលយ៉ាងសកម្ម។
ចាប់តាំងពីឆ្នាំ ២០២១មក ក្រុមហ៊ុននេះ បានខកខានមិនបានសងបំណុល លើបំណុលភាគច្រើនបំផុត នៃបំណុល ៣០០ ពាន់លានដុល្លាររបស់ខ្លួន ក៏ដូចជាការទូទាត់ផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ហើយបញ្ហារបស់ខ្លួន ក៏បានក្លាយជាតំណាង នៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានអូសបន្លាយជាយូរមកហើយ លើកំណើនសេដ្ឋកិច្ច៕
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអំពាវនាវឱ្យក្រុមមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់ប្រទេសនេះ ខណៈដែលក្រុមអ្នកសេដ្ឋកិច្ច បានដាក់ការសង្ស័យលើសន្ទុះ នៃប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។
ដោយដកស្រង់សំដីរបស់លោកនៅក្នុងសិក្ខាសាលាមួយ, ទូរទស្សន៍រដ្ឋចិន Central Television បានរាយការណ៍ថា លោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យរដ្ឋាភិបាលមជ្ឈឹម និងមូលដ្ឋានរបស់ប្រទេស អនុវត្តគោលនយោបាយសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវសម្រាប់ត្រីមាសទី ៣ និងទី ៤ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញ១ឆ្នាំរបស់ខ្លួន។
ប្រសាសន៍របស់មេដឹកនាំចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកសេដ្ឋកិច្ច Wall Street ក្នុងចំនួនកំពុងកើនឡើង ក្នុងនេះមានទាំងក្រុមហ៊ុន UBS Group AG និងក្រុមហ៊ុន JPMorgan Chase & Co. បានចាប់ផ្តើមព្យាករថា ប្រទេសចិន អាចនឹងខកខានមិនបានសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ ៥% នៅឆ្នាំនេះ ជាគោលដៅមួយ ដែលពួកគេនិយាយថានឹងត្រូវការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីជាច្រើនផ្សេងទៀត បើសិនគេចងបានសម្រេច។
សេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លាររបស់ចិន កំពុងជួបការលំបាកជាមួយនឹងការធ្លាក់ចុះនៃអចលនទ្រព្យដែលធ្វើឲ្យមានបញ្ហាដល់អ្នកប្រើប្រាស់ និងអាជីវកម្មនានា។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ដែលក្នុងនោះមានទាំងការកាត់បន្ថយអត្រាការប្រាក់ ដើម្បីលើស្ទួយមនោសញ្ចេតនា នៅមិនទាន់មានការផ្លាស់ប្តូរអ្វីនៅឡើយទេ មានន័យថា សេដ្ឋកិច្ចនេះ នៅតែបន្តពឹងផ្អែកលើការផលិត និងការនាំចេញ ដើម្បីរក្សាគោលដៅកំណើនរបស់ខ្លួន ដែលរំពឹង៕
មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងជួបការលំបាកយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះ ដោយផ្ទះសម្បែងត្រូវបានជន់លិច, ដាច់ចរន្តអគ្គិសនី ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត បន្ទាប់ពីព្យុះទីហ្វុង យ៉ាគី (Yagi) ដែលជាព្យុះដ៏កំណាចបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានបោកបក់បំផ្លិចបំផ្លាញ ទូទាំងតំបន់នេះអស់រាប់ពាន់លានដុល្លារ ខណៈចំនួនអ្នកបាត់បង់ជីវិត មានជិត៣០០ នាក់ នៅក្នុងតំបន់។ នៅវៀតណាម អ្នកស្លាប់ បានកើនឡើងដល់ ២២៣នាក់, បាត់ខ្លួន១២៨នាក់ និងរបួស ជាង៨០០នាក់។ នៅចិន មនុស្សយ៉ាងតិច៣០នាក់ បានបាត់បង់ជីវិត, ហ្វីលីពីន ស្លាប់១៦នាក់, នៅថៃស្លាប់ ៨នាក់ និង មីយ៉ាន់ម៉ា ស្លាប់១៧នាក់, ខណៈនៅឡាវ មិនទាន់មានរបាយការណ៍ប៉ះពាលដល់ជីវិតទេ។
ព្យុះទីហ្វុង យ៉ាគី ក៏បានបង្កការខូចខាតជាទូទៅដល់គោលដៅទេសចរណ៍ល្បីៗ និងរំខានដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ចិន ហ្វីលីពីន ថៃ និងប្រទេសផងដែរ។
ប្រទេសវៀតណាម
ព្យុះនេះ បានបោកបក់លើភាគខាងជើងវៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ១៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ គោលដៅទេសចរណ៍សំខាន់ៗ ដូចជាតំបន់ Bai Chay នៅក្នុងឈូងសមុទ្រហាក់ឡុង និងកោះ Cat Ba ក្នុងទីក្រុង ហាយហ្វុង ត្រូវបានបំផ្លិចបំផ្លាញ។
អគារទេសចរណ៍ជាច្រើន ដែលមានតម្លៃជាច្រើនលានដុល្លារ ដូចជាសារមន្ទីរ ក្វាងនិញ បណ្ណាល័យ និងវិមានផ្សោតក្នុងខេត្ត ក្វាងនិញ ដែលជាតំបន់១ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្ទះអស់ដំបូល និងបង្អួចកញ្ចក់បែកខ្ទេចខ្ទី ដោយសារខ្យល់បក់ខ្លាំង។
សណ្ឋាគារ និងរមណីយដ្ឋាននានា បានរាយការណ៍ពីកញ្ចក់ខ្ទេចខ្ទី ស្លាកប៉ាណូធំៗខូច និងបន្ទះអាលុយមីញ៉ូមរហែករយ៉ៃ ដោយបង្ខំឱ្យពួកគេបិទទ្វារដើម្បីជួសជុល។
ទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយព្យុះនេះ នៅតែបន្តរំខានដល់ចរាចរណ៍ និងផ្នែកទេសចរណ៍ នៅក្នុងរដូវកាលទេសចរណ៍កំពូលនេះ។
ឧស្សាហកម្មទេសចរណ៍នេះ មិនបានបង្ហាញពីទំហំ នៃការខាតបង់ពិតប្រាកដរបស់ខ្លួននោះទេ ប៉ុន្តែក្រុមប្រតិបត្តិករ បានបង្ហាញថា ការខាតបង់មានធំសម្បើម ហើយការស្តារឡើងវិញ នឹងត្រូវចំណាយពេលច្រើនណាស់។
លោក Le Manh Hiep ម្ចាស់សណ្ឋាគារនៅហាក់ឡុង បាននិយាយថា ការខូចខាតទីតាំងទេសចរណ៍ គឺ “ធំធេង” ដោយបន្ថែមថា គ្រួសាររបស់គាត់តែម្នាក់ឯង បានរងការខាតបង់ប្រមាណ ៥០០លានដុង (២០,៣០០ ដុល្លារ) ។ លោក Hiep បានប្រាប់ថា៖ “កន្លែងណា ដែលចង់ស្វាគមន៍ភ្ញៀវទេសចរ នឹងត្រូវការពេលយ៉ាងហោចណាស់ក៏១ខែដែរ ដើម្បីស្តារឡើងវិញ” ។
ក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសវៀតណាម បានរាយការណ៍ថា ខ្លួនបានទទួលសំណើទាមទារសំណងបន្ទាប់ពីព្យុះទីហ្វុង យ៉ាគី យ៉ាងហោចណាស់ក៏ ២.៧៦ ពាន់ពាន់លានដុង (១១២លានដុល្លារ) ។
ក្រុមហ៊ុន PVI Insurance Corp ដែលនាំមុខទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិត បានទទួលសំណើទាមទារសំណងជាង ៥០០ ដែលមានតម្លៃ ២ពាន់ពាន់លានដុង សម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានខូចខាតដោយមូលហេតុដែលទាក់ទងនឹងព្យុះទីហ្វុងនេះ។
ប្រទេសហ្វីលីពីន
នៅប្រទេសហ្វីលីពីន ដែលជាប្រទេសទី១ ដែលព្យុះយ៉ាហ្គី បានវាយប្រហារកាលពីថ្ងៃទី២ ខែកញ្ញា យ៉ាងហោចណាស់មនុស្ស ១៦នាក់ បានស្លាប់។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ការធ្វើដំណើរតាមសមុទ្រ ត្រូវបានបញ្ឈប់នៅត្រឹមកំពង់ផែជាច្រើន ដោយសាឡាងអ្នកដំណើរ និងកម្មករលើកទំនិញចំនួន ២៤០០នាក់ ជាប់គាំង ហើយជើងហោះហើរក្នុងស្រុក១២ ត្រូវបានផ្អាក។ សកម្មភាពទេសចរណ៍ ក៏ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរផងដែរ។
គ្រួសារជិត ៤៥០,០០០ ដែលមានមនុស្ស ១.៧ លាននាក់ បានរងការប៉ះពាល់ ហើយការខូចខាតហេដ្ឋារចនាសម្ព័ន្ធមានតម្លៃ ៣៥១លានប៉េសូ (៦.២ លានដុល្លារអាមេរិក)។
ប្រទេសចិន
នៅថ្ងៃទី៥ ខែកញ្ញា ព្យុះយ៉ាគី បានបង្កើនសម្ពាធទៅជាមហាព្យុះទីហ្វុង និងបានវាយប្រហារកោះ ហៃណាន របស់ប្រទេសចិននៅថ្ងៃបន្ទាប់ ដោយកម្លាំងខ្យល់បក់មានល្បឿនរហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង។ កោះហៃណាន ត្រូវបានគេស្គាល់ដោយសារ រមណីយដ្ឋានឆ្នេរ មានអាកាសធាតុត្រូពិច និងមានប្រាសាទពុទ្ធសាសនាជាច្រើន។
ព្យុះទីហ្វុងនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងទេសចរណ៍សំខាន់ៗ ក្នុងនោះមានទាំងភោជនីយដ្ឋាន Starry Sky មាត់សមុទ្រ ដែលល្បីល្បាញដោយសារទេសភាពសមុទ្រ ៣៦០ដឺក្រេ។
យោងតាមកាសែត Dimsum Daily ឱ្យដឹងថា ភោជនីយដ្ឋាននេះ ត្រូវបានទុកចោលនៅក្រោមគំនរកំទេចកម្ទីបាក់បែក ដោយផ្នែកខាងមុខរបស់វា បានបែកខ្ទេចខ្ទី និងសម្ភារៈស្ទើរតែទាំងអស់ ត្រូវបានខូចខាត។ សណ្ឋាគារលំដាប់ខ្ពស់ជាច្រើន ក្នុងនោះមានទាំងសណ្ដាគារ The Ritz-Carlton ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ ផ្នែកខាងក្រៅរបស់វា បានរងការប៉ះពាល់ ដោយផ្នែកផ្សេងទៀត នៃផ្នែកខាងមុខរបស់វា បានខ្យល់បំប៉ើងខ្ទាតចេញ និងបាត់ស្លាកសញ្ញាអស់។
ប្រទេសថៃ
ទោះបីជាប្រទេសថៃ មិនស្ថិតនៅលើផ្លូវរបស់ព្យុះទីហ្វុងក៏ដោយ ក៏ប្រទេសនេះ បានទទួលរងនូវទឹកជំនន់នៅក្នុងខេត្ត និងក្រុងចំនួន៤៨ ក្នុងនោះមានទាំងតំបន់ទេសចរណ៍ល្បីៗ ដូចជាឈៀងរ៉ៃ ឈៀងម៉ៃ ផាងង៉ា ភូកេត និងរាជធានីបាងកកផងដែរ។
ប្រជាជន ត្រូវបានគេព្រមានពីលទ្ធភាពភ្លៀងធ្លាក់ខ្លាំង និងជំនន់ភ្លាមៗ នៅចន្លោះពីថ្ងៃទី ១៣ ដល់ ១៨ ខែកញ្ញា។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍ថា ទឹកជំនន់ និងការបាក់ដី ដែលបង្ក ដោយព្យុះទីហ្វុងនេះ បានសម្លាប់មនុស្ស ៨ នាក់នៅភាគខាងជើង ក្នុងនោះមាន ៦នាក់ បានស្លាប់ នៅក្នុងខេត្តឈៀងម៉ៃ និង២នាក់ទៀត នៅខេត្តឈៀងរ៉ៃ ក្បែរព្រំដែនមីយ៉ាន់ម៉ា។
ប្រទេសឡាវ
កាលពីថ្ងៃចន្ទ ខេត្តហ្លួង ណាំថា នៅភាគខាងជើងប្រទេសឡាវ បានជួបទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើន បានបង្កការខូចខាតជាទូទៅនៅទូទាំងតំបន់ ដោយធ្វើឲ្យខូចខាតដ៏ច្រើនលើសលុបលោកហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងនាំឱ្យមានការរំខានជាខ្លាំង ដូចដែលកាសែត Laotian Times បានរាយការណ៍។
ជើងហោះហើរជាច្រើន រវាងទីក្រុងវៀងចន្ទន៍ និងហ្លួង ណាំថា ដែលជាកន្លែងទាក់ទាញទេសចរណ៍ពេញនិយមជាច្រើន ត្រូវបានលុបចោលរហូតដល់មានការជូនដំណឹងបន្ថែម។
ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines និង Lao Skyway បានផ្អាកប្រតិបត្តិការកាលពីថ្ងៃទី១០ ខែកញ្ញា ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅឯអាកាសយានដ្ឋានហ្លួងណាំថា។
ក្រុមអាជ្ញាធរ កំពុងដោះស្រាយស្ថានការណ៍នេះ ហើយជើងហោះហើរជាច្រើន នឹងបន្តដំណើរការឡើងវិញនៅពេលដែលអាកាសយានដ្ឋាននេះ ដំណើរការពេញលេញ។
ហ្លួងព្រះបាង ជាអតីតរាជធានីនៃប្រទេសនេះ កំពុងប្រឈមមុខនឹងស្ថានការណ៍ធ្ងន់ធ្ងរ ដោយកម្រិតទឹកកំពុងឡើងខ្ពស់។
ប្រទេសមីយ៉ាន់ម៉ា
ភ្លៀងធ្លាក់ខ្លាំងជាច្រើន បង្កឲ្យមានការជន់លិចក្នុងទីក្រុងព្រំដែនមីយ៉ាន់ម៉ា។ ភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានស្រោចលើទីប្រជុំជន Tachileik របស់មីយ៉ាន់ម៉ា និងបង្កឲ្យមានទឹកជំនន់ ដោយបានផ្តាច់ចរន្តអគ្គិសនី និងបណញតាញទូរស័ព្ទ។ នេះបើតាមក្រុមអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារ ជាមួយនឹងការព្យាករថា មានភ្លៀងធ្លាក់ច្រើនបន្ថែមទៀត។
សេវាកម្មអគ្គិភ័យជាតិមីយ៉ាន់ម៉ាបានបញ្ជាក់ពីការស្លាប់ដែលទាក់ទងនឹងព្យុះយ៉ាគីនេះ បន្ទាប់ពីមនុស្ស១៧នាក់ ត្រូវបានគេរកឃើញក្នុងភូមិមានទឹកជំនន់នានា ក្នុងតំបន់ម៉ាដាឡេ ខណៈមនុស្សជាង៥ម៉ឺននាក់ ត្រូវបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន៕
- ផ្នែកទេសចរណ៍ថៃ ជំរុញឱ្យត្រៀមនឹងស្ថានភាពអាក្រក់បំផុត
ក្រុមប្រតិបត្តិករទេសចរណ៍ បានព្រមានដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សូរ៉ាវង់ ធៀនថង (Sorawong Thienthong) ឱ្យត្រៀមទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងកាន់តែសាហាវនៅឆ្នាំក្រោយ, ដោយជំរុញឱ្យរដ្ឋាភិបាលចាប់ផ្តើមរៀបចំផែនការសម្រាប់សេណារីយ៉ូ ដែលអាក្រក់បំផុតចាប់ពីឆ្នាំនេះ។
ប្រធានសមាគមសណ្ឋាគារថៃ, លោក Thienprasit Chaiyapatranun បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកប្រទេសថៃនៅឆ្នាំនេះ អាចឆ្លើយតបតាមគោលដៅរបស់រដ្ឋាភិបាល ប្រមាណ៣៨លាននាក់។ ទោះជាយ៉ាងណា លោកនិយាយថា រដ្ឋមន្ត្រីថ្មីរូបនេះ និងរដ្ឋាភិបាល គួរសម្លឹងទៅឆ្នាំក្រោយ ព្រោះកត្តាអវិជ្ជមានជាច្រើន អាចនឹងកើតមាន៕
- ជប៉ុន គ្រោងចេញរថភ្លើងល្បឿនលឿន គ្មានអ្នកបើកបរ
ប្រតិបត្តិករផ្លូវដែកធំមួយ បាននិយាយថា រថភ្លើង Shinkansen អាចនឹងធ្វើដំណើរជុំវិញប្រទេសជប៉ុនដោយគ្មានអ្នកបើកបរ ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយជួយជំរុញមួយផ្នែក លើវិបត្តិប្រជាសាស្រ្តរបស់ប្រទេសនេះ។
ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន East Japan Railway (JR East) នឹងណែនាំជាលើកដំបូង នូវរថភ្លើងជាច្រើន ដែលការងារ របស់អ្នកបើកបរជាច្រើន ត្រូវបានដំណើរការដោយស្វ័យប្រវត្តិលើផ្នែកជាច្រើន នៃផ្លូវមួយ ចាប់ពីឆ្នាំ ២០២៨ទៅ ប៉ុន្តែក្រុមអ្នកបើកបរ នឹងនៅតែស្ថិតក្នុងកាប៊ីន នៃរថភ្លើង៕
- ទីផ្សារអចលនទ្រព្យវៀតណាម មានតម្លាភាពតិចតួចបំផុត នៅអាស៊ីអាគ្នេយ៍
ប្រទេសវៀតណាម ត្រូវបានវាយតម្លៃថា ជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពតិចតួចបំផុត នៅអាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ក្រោមប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងចំណោមប្រទេសទាំង៦ ដែលត្រូវបានវាយតម្លៃ។
ប្រទេសនេះ បានជាប់ចំណាត់ថ្នាក់ទី៤៩ ក្នុងចំណោមប្រទេស និងតំបន់ចំនួន៨៩ នៅក្នុងសន្ទស្សន៍ Global Real Estate Transparency Index ឆ្នាំ២០២៤ របស់ក្រុមហ៊ុនពិគ្រោះយោបល់អចលនទ្រព្យ JLL។ នៅអាស៊ីអាគ្នេយ៍ សិង្ហបុរី ជាប់លេខ១៣ ថៃជាប់លេខ៣២ ម៉ាឡេស៊ីលេខ៣៣ ឥណ្ឌូនេស៊ី លេខ៤០ និងហ្វីលីពីនលេខ៤៥៕
- ហ្វីលីពីន នាំចូលអង្ករកើនឡើង១៩%ក្នុងរយៈពេល៨ខែ
ទិន្នន័យពីក្រសួងកសិកម្មរបស់ហ្វីលីពីន (DA) បានបង្ហាញថា ការនាំចូលអង្ករទៅកាន់ប្រទេសនេះមានចំនួន ២,៨ លានតោន ក្នុងអំឡុងពេល ៨ ខែដំបូង នៃឆ្នាំនេះ គឺ១៩%ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ការិយាល័យឧស្សាហកម្មរោងចក្រ (BPI) របស់ក្រសួងបាននិយាយថា នៅក្នុងខែសីហា១គត់ អង្ករពីបរទេសបានកើនឡើងដល់ ២៩៦,៣៥០.៩ តោន ធៀបនឹង ១៦៧,៤០៣ តោនក្នុងខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ ចំនួននោះ នៅតែទាបជាងការមកដល់ជាមធ្យមប្រចាំខែ ៤០០,០០តោន ដែលបានចូលកាលពីខែមុនៗ។
លេខារដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាអ្នកនាំពាក្យ លោក Arnel de Mesa បាននិយាយថា តម្លៃអង្ករបាននិងកំពុងធ្លាក់ចុះ។ អង្ករធម្មតា និងអង្គរល្អ ត្រូវបានលក់ក្នុងតម្លៃប្រហែល 0.8 ដុល្លារអាមេរិក ក្នុង១គីឡូក្រាម ហើយពេលខ្លះទាបដល់តម្លៃ ០.៧៤ ដុល្លារ។
- ផែនការផ្តល់អាជ្ញាប័ណ្ណបណ្តាញផ្សព្វផ្សាយសង្គមរបស់ម៉ាឡេស៊ី អាចប៉ះពាល់ដល់ការច្នៃប្រឌិត
ក្របខ័ណ្ឌអាជ្ញាប័ណ្ណរបស់ម៉ាឡេស៊ី ដែលទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារ ដែលមានអ្នកប្រើប្រាស់ជាង៨លាននាក់ ត្រូវមានអាជ្ញាប័ណ្ណត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ បានបង្កឱ្យមានក្តីបារម្ភជាច្រើន ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមានថា វាអាចរំខានដល់ការច្នៃប្រឌិត និងរារាំងកំណើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ។
ខណៈដែលក្រុមអ្នកសង្កេតការណ៍ទីផ្សារជឿថា ចំណាប់អារម្មណ៍របស់វិនិយោគិន ក្នុងឧស្សាហកម្មបច្ចេកវិទ្យារបស់ម៉ាឡេស៊ី អាចនៅដដែលមិនប្រែប្រួល, ការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយសង្គម អាចបង្កើតឧបសគ្គដ៏ធំចំពោះការរីកចម្រើនរបស់ប្រទេសក្នុងការច្នៃប្រឌិតឌីជីថល។
សម្ព័ន្ធនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ក្នុងនោះមានក្រុមហ៊ុន Meta, Google និង Amazon ក្រោមសម្ព័ន្ធអ៊ីនធឺណិតអាស៊ី (AIC) បានសរសេរលិខិតចំហរមួយទៅកាន់នាយករដ្ឋមន្ត្រី Anwar Ibrahim កាលពីខែសីហា ដើម្បីសម្តែងក្តីបារម្ភអំពីរបបអាជ្ញាប័ណ្ណ ដោយព្រមានអំពីផលប៉ះពាល់អវិជ្ជមានរយៈពេលវែងរបស់វាទៅលើ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ប្រទេសម៉ាឡេស៊ី៕
ប្រទេសចិន កំពុងបង្កើនកម្តៅយ៉ាងខ្លាំងលើធនាគារវិនិយោគចំនួន ៨.៧០០របស់ខ្លួន។
បន្ទាប់ពីត្រូវបានបង្ខំឱ្យកាត់បន្ថយប្រាក់ឈ្នួលដ៏ធំ និងប្រកាន់យកនូវវិធានការរឹតបន្តឹងខ្សែក្រវាត់ជាច្រើន ក្រោមយុទ្ធនាការរុងរឿងរួម យូរអអ្វែងរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) ឥឡូវនេះ ក្រុមឈ្មួញកណ្តាលរបស់ប្រទេសនេះ កំពុងស្ថិតផ្ទាំងស៊ីប របស់ក្រុមអ្នកបង្ក្រាបអំពើពុករលួយកំពូលរបស់ជាតិ។
យ៉ាងហោចណាស់ ក៏មានអ្នកវិនិយោគផ្នែកធនាគារកំពូល៣នាក់ មកពីក្រុមហ៊ុនមូលបត្រផ្សេងៗគ្នា ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងពីខែសីហាមក ដោយបង្កឱ្យមានការភ្ញាក់ផ្អើលពេញទូទាំងឧស្សាហកម្មនេះ។ ម្នាក់ក្នុងចំណោមពួកគេ ដែលធ្លាប់មើលការខុសត្រូវនៅក្រុមហ៊ុន Haitong Securities Co., បានភៀសខ្លួនចេញពីប្រទេសនេះ ហើយក៏ត្រូវបានចាប់ខ្លួននៅក្រៅប្រទេសប្រហែល ២ សប្តាហ៍មុន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសចិនវិញ នៅក្នុងឧប្បត្តិហេតុមួយ ដែលត្រូវបានផ្សព្វផ្សាយជាទូទៅ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
យោងតាមក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋផ្សេងទៀតកាលពីពេលថ្មីៗនេះ បានស្នើសុំឱ្យក្រុមអ្នកវិនិយោគខាងធនាគារជាច្រើនរបស់ពួកគេ ប្រគល់លិខិតឆ្លងដែនរបស់ពួកគេ និងសុំការអនុញ្ញាតសម្រាប់គ្រប់ការអាជីវកម្ម និងសុំការអនុញ្ញាតរាល់ផែនការធ្វើដំណើរផ្ទាល់ខ្លួន។ រាល់សំណើទាំងអស់ ត្រូវអនុវត្តតាមការណែនាំឯកជនពីក្រុមនិយតករចិន។
ក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហាទាំងនោះ បាននិយាយថា និយោជិតខ្លះ ត្រូវបានគេប្រាប់ថា ក្រុមនិយតករកំពុងពិនិត្យពិចៃលើការផ្តល់ជូនជាសាធារណៈដំបូង និងរាល់សកម្មភាពរៃអង្គាសមូលធនផ្សេងទៀត ហើយក្រុមធនាគារិកទាំងនោះ អាចត្រូវគេហៅទូរស័ព្ទមកដើម្បីសាកសួរ គ្រប់ពេល។
ក្រុមនុស្សដែលស្និទ្ធនឹងរឿងនោះ បាននិយាយថា ក្រុមហ៊ុនឈ្មួញកណ្តាលទាំងនេះ បានរឹតបន្តឹងលើការអនុម័តឱ្យធ្វើដំណើរទៅក្រៅប្រទេស និងបានប្រាប់ក្រុមបុគ្គលិកថា ពួកគេក៏ត្រូវតែធ្វើការយល់ព្រមដូច្នោះផងដែរ បើសិនជាពួកគេចង់លាលែងពីតំណែង។ អ្នកទាំងឡាយណាដែលត្រូវបានអនុម័តឱ្យធ្វើដំណើរសម្រាប់ការធ្វើអាជីវកម្ម ត្រូវតែធ្វើដូច្នេះជាមួយមិត្តរួមការងារ ហើយរាល់សកម្មភាពដែលនៅក្រៅគម្រោងពេលវេលាធ្វើដំណើរដែលបានអនុម័តជាមុន នឹងត្រូវដាក់កម្រិត។
នៅក្នុងប្រទេសចិន សហគ្រាសគ្រប់គ្រងដោយរដ្ឋ ត្រូវបានគេដឹងថា កាន់លិខិតឆ្លងដែនរបស់មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងក្រុមមន្ត្រីបក្សកុម្មុយនិស្ត។ វាមិនធម្មតានោះទេ សម្រាប់ក្រុមហ៊ុននានាក្នុងការពង្រីកតម្រូវការនោះទៅដល់បុគ្គលិកដែលមានឋានៈទាប និងបុគ្គលិកថ្នាក់ទាប ដូចជាក្នុងករណីក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលផ្សេងទៀត។ ក្រុមហ៊ុន Haitong មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ការឃុំឃាំងក្រុមអ្នកវិនិយោគខាងធនាគារនេះ និងការស៊ើបអង្កេតបទប្បញ្ញត្តិទាំងឡាយ ក៏កំពុងចោទជាសំណួរជាច្រើន អំពីអនាគតនៃឧស្សាហកម្មឈ្មួញកណ្តាលដែលមានទឹកប្រាក់ចំនួន $១.៧ ពាន់ពាន់លានដុល្លាររបស់ប្រទេសចិន និងសកម្មភាពទីផ្សារមូលធនក្នុងស្រុក ដែលបានធ្លាក់ចុះយ៉ាងគំហុក ខណៈ ដែលសេដ្ឋកិច្ចកាន់តែទូលំទូលាយ កំពុងផ្ទុះឡើង។
ស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋចិនទាំងអស់ បានកំណត់ប្រាក់ឈ្នួលប្រចាំឆ្នាំសម្រាប់បុគ្គលិកជាន់ខ្ពស់ចំនួន ២.៨ លានយួន (៤០០,០០០ ដុល្លារ) ខណៈការកាត់ប្រាក់ខែថ្មីសម្រាប់បុគ្គលិកធនាគារដីគោកនៅឯក្រុមហ៊ុន China International Capital Corp. គឺមានចំនួន ២៥% នៃប្រាក់ខែគោលរបស់ពួកគេ។
លោក Shen Meng នាយកនៅធនាគារវិនិយោគ Chanson & Co ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ “ការបង្រ្កាប និងការរឹតបន្តឹងទាំងអស់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌ របស់ក្រុមបុគ្គលិកហិរញ្ញវត្ថុ ប៉ុន្តែបើសិនបញ្ហាទាំងនេះ អាចត្រូវបានលុបចោល, នោះឧស្សាហកម្មនេះ អាចដំណើរការបានល្អប្រសើរនាពេលអនាគត”។ លោក Shen បានបន្ថែមថា គោលដៅរបស់ក្រុមអាជ្ញាធរគឺ “ផ្លាស់ប្តូរស៊ីជម្រៅលើការចែកចាយប្រាក់ចំណេញ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល” ។
កាលពីដើមខែនេះ ក្រុមហ៊ុន Haitong ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ បានយល់ព្រមបញ្ចូលគ្នាជាមួយគូប្រជែងធំជាងដែលគាំទ្រដោយរដ្ឋ គឺ Guotai Junan Securities Co. នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរភាគហ៊ុន ដែលនឹងបង្កើតក្រុមហ៊ុនឈ្មួញកណ្តាលមានទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ប្រទេសចិន។ ធនាគារទាំងពីរ បាននិយាយថា ការរួមបញ្ចូលគ្នារបស់ពួកគេ នឹងបង្កើត “ធនាគារវិនិយោគលំដាប់ទី១” និងជួយលើកស្ទួយ “ការអភិវឌ្ឍន៍គុណភាពខ្ពស់ នៃឧស្សាហកម្មនេះ” ។ វា ក៏កើតឡើង បន្ទាប់ពីប្រធានាធិបតី ស៊ី បាននិយាយថា ប្រទេសចិន គួរតែបណ្តុះធនាគារវិនិយោគលំដាប់កំពូលខ្លះ នៅពេលដែលក្រុមហ៊ុនមកពី Wall Street កំពុងព្យាយាមពង្រីកខ្លួននៅក្នុងប្រទេស។
យោងតាមមនុស្សម្នាក់ដែលដឹងអំពីបញ្ហានេះ ឱ្យដឹងថា ការចាប់ខ្លួន លោក ជាង ឆេងជុប (Jiang Chengjun) អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Haitong ដែលគ្រប់គ្រងកិច្ចការ វិនិយោគធនាគារ កាលពីចុងខែសីហា បានជួយពន្លឿនពេលវេលានៃកិច្ចព្រមព្រៀងនោះ។ កាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុន Haitong បានរាយការណ៍ពីការធ្លាក់ចុះ ៧៥% នៃប្រាក់ចំណេញក្នុងឆមាសទី១ មកត្រឹម ៩៥៣លានយួន ដែល១ផ្នែកដោយសារតែការធ្លាក់ចុះនៃកិច្ចការ វិនិយោគធនាគារ, ការជួញដូរ និងប្រាក់ចំណូលសេវាកម្មអតិថិជន របស់ស្ថាប័ន។
អ្នកដែលនឹងរឿងនេះដដែល បាននិយាយថា ការបញ្ឈប់ការងារបុគ្គលិក គឺទំនងជានឹងធ្វើឡើងនៅក្រុមហ៊ុន Haitong ដោយផ្តោតលើអាជីវកម្មធនាគារវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុននេះ មានបុគ្គលិកវិនិយោគចំនួន ១៦៤៥នាក់ នៅចុងឆ្នាំ ២០២៣ ឬប្រហែល ១២% នៃបុគ្គលិកជាង ១៣,៦០០នាក់ របស់ខ្លួន។ ក្រុមហ៊ុន Guotai Junan មានបុគ្គលិកសរុបប្រហែល ១៥,០០០នាក់។
ការស៊ើបអង្កេតហិរញ្ញវត្ថុ
ក្រុមអាជ្ញាធរចិន បាននិងកំពុងព្យាយាមបោសសម្អាតវិស័យហិរញ្ញវត្ថុដែលមានចំនួន ៦៦ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះ ដែលយ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ ២០២១មក នៅពេលប្រធានាធិបតី ស៊ី បានកំណត់ទស្សនៈរបស់គាត់លើអំពើពុករលួយនៅក្នុងឧស្សាហកម្មនេះ។ ការស៊ើបអង្កេតជាទូទៅ បាននាំឱ្យមានការឃុំខ្លួន និងចាប់ខ្លួនក្រុមអ្នកជំនាញហិរញ្ញវត្ថុជាច្រើននៅតាមធនាគារចិន ក្រុមហ៊ុនឈ្មួញកណ្តាល ក្រុមអ្នកចាត់ការទ្រព្យសម្បត្តិ និងបណ្តាក្រុមហ៊ុនធានារ៉ាប់រង។ ទណ្ឌកម្មធ្ងន់ធ្ងរបំផុត សម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនេះ ក៏មានការកាត់ទោសប្រហារជីវិត ឬការដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់អតីតមន្ត្រីប្រតិបត្តិកំពូល នៃស្ថាប័នខ្លះ។
ក្រុមអ្នកវិនិយោគខាងធនាគារ មានការខកចិត្តរួចទៅហើយជាមួយនឹងការបាត់ខ្លួនកាលពីឆ្នាំមុនរបស់លោក ប៉ាវ ហ្វាន (Bao Fan) ដែលជាតារាធនាគារិកម្នាក់ ដែលបានជួយធ្វើជាឈ្មួញកណ្តាលនៃការរួមបញ្ចូលគ្នា នៃបណ្តាញអ៊ីនធឺណែតយក្សខ្លះរបស់ប្រទេសចិន។ លោក ប៉ាវ បាននិងកំពុងជួយក្រុមអាជ្ញាធរក្នុងការស៊ើបអង្កេត១ ហើយការឃុំខ្លួនលោក បានធ្វើឱ្យរបួសដល់អនាគតអាជីវកម្មរបស់ក្រុមហ៊ុន China Renaissance Holdings Ltd. ដែលជាធនាគារវិនិយោគ ដែលលោកបានបង្កើតក្នុងឆ្នាំ ២០០៥។ គារឃុំឃាំងនេះ ក៏បានបាត់បង់បុគ្គលិកខ្លួនប្រហែល១/៣ ចាប់តាំងពីចុងឆ្នាំ ២០២២មក និង ភាគហ៊ុន ដែលបានចុះបញ្ជីនៅហុងកុង បានធ្លាក់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានបន្តការជួញដូរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៥ ខែកញ្ញា, ក្រុមហ៊ុននេះ បាននិយាយថា ក្រៅពីលោក ជាង, អតីតបុគ្គលិករបស់ក្រុមហ៊ុន Haitong, ក្រុមអាជ្ញាធរចិន ក៏បានឃុំខ្លួនលោក វ៉ាង ចៅពីង (Wang Zhaoping) អតីតអ្នកចាត់ការរង នៃផ្នែកធានាទិញ និងឧបត្ថម្ភរបស់ក្រុមហ៊ុន Shenwan Hongyuan Group ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីពាក់កណ្តាលខែសីហាថា ប្រមុខផ្នែកវិនិយោគធនាគារ នៃក្រុមហ៊ុន Guoyuan Securities Co., លោក វ៉ាង ឈិន (Wang Chen) កំពុងជួយក្នុងការស៊ើបអង្កេតដែលមិនបានបញ្ជាក់មួយ, ។
ប្រទេសចិន មានក្រុមអ្នកវិនិយោគខាងធនាគារជាង ៨,៧០០នាក់ គិតត្រឹមដើមខែកញ្ញា ពីចំណោមក្រុមហ៊ុនឈ្មួញកណ្តាលទាំង ១៤៧ក្រុមហ៊ុន។ ពួកគេជាច្រើន គឺពាក់ព័ន្ធក្នុងសកម្មភាពទីផ្សារមូលធនទាំងអស់ ក្នុងនោះមានទាំង IPOs និងការ ការលក់ភាគហ៊ុន ដែលតាមដាន។ ទិន្នន័យផ្លូវការ បានបង្ហាញថា ប្រាក់ចំណូលរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនមូលបត្រទាំងអស់នៅក្នុងប្រទេសនេះ មានចំនួន ២០៣.៣ ពាន់លានយួន នៅក្នុងឆមាសទី១ ដោយធ្លាក់ចុះ ៩% ធៀបនឹងឆ្នាំមុន។
ត្រូវបានគេមើលឃើញថាជា “ក្រុមអ្នកយាមទ្វារ” នៃទីផ្សារមូលធន តួនាទីរបស់ក្រុមអ្នកវិនិយោគខាងធនាគារ កាន់តែមានសារៈសំខាន់ បន្ទាប់ពីប្រទេសចិនបានប្តូរចេញពីយន្តការចុះបញ្ជីផ្អែកលើការអនុម័តច្បាប់ពីឆ្នាំមុន ទៅជាប្រព័ន្ធ IPO ដែលផ្អែកលើការចុះបញ្ជីវិញ។ ក្រុមហ៊ុនដែលចេញជាសាធារណៈ ត្រូវតែងតាំងធនាគារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬក្រុមអ្នកធានាទិញមូលបត្រ ជាអ្នកឧបត្ថម្ភការចុះបញ្ជីរបស់ពួកគេ។
ប្រទេសចិន បាននិងកំពុងយកក្រុមធនាគារិកច្រើនថែមទៀតមកបំពេញបេសកកម្មថ្មីៗនេះ។ យោងតាមទិន្នន័យផ្លូវការ ឱ្យដឹងថា និយតករមូលបត្រ និងផ្សារហ៊ុនរបស់ខ្លួន បានដាក់ពិន័យលោកក្រុមអ្នកតំណាង ឧបត្ថម្ភចំនួន ៩១នាក់រហូតដល់ដើមខែកញ្ញា។ នោះគឺច្រើនណាស់ បើធៀបនឹង ៨៨នាក់ សម្រាប់ឆ្នាំ ២០២៣ និង ៨៦ សម្រាប់ឆ្នាំ២០២២។
ប្រធាន និងជាស្ថាបនិក នៃក្រុមហ៊ុនអ្នកគ្រប់គ្រងទ្រព្យសកម្ម China Vision Capital ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង, លោក Sun Jianbo បាននិយាយថា ការបង្រួបបង្រួមឧស្សាហកម្មនេះ និងការបង្រ្កាបតាមបទប្បញ្ញត្តិ និយាយថា ប្រទេសចិន កំពុងដើរក្នុងទិសដៅត្រឹមត្រូវ ដើម្បីកែទម្រង់ធនាគារវិនិយោគរបស់ខ្លួន ដែលភាគច្រើនបានផ្តល់សេវាកម្ម “មិនគ្រប់គ្រាន់” ។
កាលពីសប្តាហ៍មុនផងដែរ ក្រុមហ៊ុន Guosen Securities Co. បានប្រកាសថា ខ្លួនមានគម្រោងទិញភាគហ៊ុន Vanho Securities Co. ស្ទើរតែទាំងអស់ ។ ក្រុមហ៊ុនឈ្មួញកណ្តាលចិនខ្លះទៀត នៅដើមឆ្នាំនេះ បានផែនការទិញភាគហ៊ុនពីដៃគូជាច្រើន។
លោក Sun បានមានប្រសាសន៍ថា៖ “យើង មិនត្រូវការធនាគារវិនិយោគច្រើនបែបនោះទេ និងកំពុងតែកាត់បន្ថយធនាគារិកដែលលើសតម្រូវការ គឺជាជំហានដំបូង និងជំហានចាំបាច់ សម្រាប់ប្រទេសចិន ដើម្បីគាំទ្រធនាគារវិនិយោគលំដាប់កំពូលវិញ។ យើង នឹងឃើញការបង្រួបបង្រួមកាន់តែរហ័សដោយជៀសមិនរួច និងការស៊ើបអង្កេតបុគ្គលិកជាសក្តានុពលកាន់តែច្រើន នាពេលអនាគត”៕