មន្ត្រីកំពូល១រូមមកពីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសនេះ បើកចំហរទទួលគំនិតថ្មីៗ ក្នុងនោះមានទាំងការប្រើប្រាស់ប្រាក់យួន ក្នុងទូទាត់ប្រេងប្រេងឆៅផងដែរ ដោយប្រទេសនៅមជ្ឈិមបូព៌ាសម្បូរប្រេងនេះ សម្លឹងទៅផលិតផលរបស់ចិនដូចជា រថយន្តអគ្គិសនី (EVs) យន្តហោះដឹកអ្នកដំណើរ C919 និងហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ខណៈដែលខ្លួនប៉ុនប៉ងពង្រីងសេដ្ឋកិច្ចរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អារ៉ាប៊ីសាអូឌីត លោក Bandar Al-khorayef បានថ្លែងដូច្នេះ ខណៈដែលប្រទេសទាំងពីរ បានខិតកាន់តែជិតគ្នា ថ្វីបើមានការប្រជែងគ្នាចេះតែកើនឡើងរវាងចិន និង អាមេរិក ដែលជាសម្ព័ន្ធមិត្តជាប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អារ៉ាប៊ីសាអូឌីត លោក Bandar Al-khorayef ថ្លែងថា ប្រទេសលោកបើកចំហរចំពោះរាល់គំនិតថ្មីៗ

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្លុក BRICS (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា និងចិន) បានបង្កើនជំហរសកលរបស់ខ្លួន ដែលផ្នែកសំខាន់នៃជំហរនោះ គឺជាកិច្ចប្រឹងប្រែង ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណដើមរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាក់ដុល្លារអាមេរិក។ កិច្ចប្រឹងប្រែងនេះ គឺក្នុងបំណងដើម្បីផ្លាស់ប្តូរស្តង់ដារសេដ្ឋកិច្ចពិភពលោកនេះ ឱ្យឃ្លាតឆ្ងាយពីលោកខាងលិច។

ឥឡូវនេះ ការពិភាក្សាទាំងនោះ កំពុងបន្តដើម្បីដំណើរការកិច្ចប្រឹងប្រែងទាំងនោះ ឲ្យបានលឿនបំផុត។ ពិតណាស់ ប្លុក BRICS អាចឃើញអារ៉ាប៊ី សាអូឌីត ទទួលយកការទូទាត់ថ្លៃប្រេងជាមួយរូបីយ៍ប័ណ្ណយួន (petroyuan) ដោយទម្លាក់ចោលនូវ ការទូទាត់ថ្លៃប្រេងជាមួយរូបីយ៍ប័ណ្ណដុល្លារ (petrodollar) ។ របាយការណ៍ថ្មី១ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានកត់សម្គាល់ពីការបើកចំហរបស់មន្ត្រីអារ៉ាប៊ីសាអូឌីតរូបនេះ ចំពោះគំនិតនេះ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ របស់ប្រទេស លោក Bandar Al-Khourayef បាននិយាយថា៖ ពួកគេនៅតែ “បើកចំហរចំពោះគំនិតថ្មីៗ”។ ការបើកចំហរនោះ​ មានទាំង​ការទទួលយក​ប្រាក់យួន​របស់​ចិនកាន់តែច្រើនឡើង។

នៅក្នុងបទសម្ភាស១ថ្មីៗនេះ, លោក Khorayef បាននិយាយថា៖ ” Petroyuan មិនមែនជារឿងធំដុំទេ សម្រាប់ក្រសួងនេះ, យើងជឿជាក់ថា អារ៉ាប៊ីសាអូឌីត នឹងធ្វើអ្វីដែលជាផលប្រយោជន៍ល្អបំផុត ។ ប៉ុន្តែខ្ញុំគិតថា អារ៉ាប៊ី សាអូឌីត នឹងតែងតែព្យាយាមអ្វីៗដែលថ្មី និងបើកចំហរចំពោះរាល់គំនិតថ្មីៗ ហើយយើងព្យាយាមមិនលាយឡំនយោបាយជាមួយពាណិជ្ជកម្មនោះទេ”។

ការសម្រេចចិត្តបោះបង់ចោល petrodollar នឹងមានផលប៉ះពាល់ដ៏ធំសម្បើម។ ដោយគ្មានការ​សង្ស័យ ប្រទេស​សម្បូរ​ប្រេងនេះ ​ នឹង​ប៉ះពាល់ដល់​ការ​ទទួលយក​ប្រាក់យួន​ជា​អន្តរជាតិ។ លើសពីនេះទៅទៀត វា​នឹង​បន្ត​ភាពលេចធ្លោ នៃ​ប្រាក់ដុល្លារ​នៅលើ​ឆាក​ពិភពលោក​៕

  • ប្រទេស​ថៃ ​នឹង​ដំណើរការចាប់​ផ្តើម​ចែក​ប្រាក់ឌីជីថល ក្នុង​ខែ​នេះ

ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី, អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា ប្រទេសថៃ នឹងធ្វើការចែកប្រាក់”កាបូបឌីជីថល” របស់ខ្លួនចំនួន ១៤៥ពាន់លានបាត មុនពេលគ្រោងទុក ដើម្បីជួយដល់ក្រុមអ្នកដែលងាយរងគ្រោះ។

ក្នុងសុន្ទរកថាក្នុងអំឡុងពេលជជែកដេញដោលថវិកាមួយក្នុងព្រឹទ្ធសភា, លោក ជូឡាភុន អាមវីវ៉ាត់ (Julapun Amornvivat) បាននិយាយថា រដ្ឋាភិបាល បានត្រៀមថវិកាសរុបចំនួន ៤៥០ពាន់លានបាតសម្រាប់កម្មវិធីប្រគល់ប្រាក់ដ៏លេចមុខមាត់របស់ខ្លួន ដែលស្វែងរកការជំរុញសកម្មភាពសេដ្ឋកិច្ច ដោយការផ្ទេរប្រាក់ ១ម៉ឺនបាត ទៅឱ្យប្រជាជនថៃចំនួន ៥០លាននាក់ ដើម្បីចំណាយមូលដ្ឋានរបស់ពួកគេ។

វិធានការដែលគ្រោងនឹងដំណើរការនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ គឺជាផែនការគ្រឹះរបស់ប្រទេសថៃ ក្នុងការស្តារប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ដែលបានកើនត្រឹម ២.៣3% នៅក្នុងត្រីមាសទីពីរ។

  • ព្យុះទីហ្វុង យ៉ាគី បំផ្លាញនៅភាគខាងជើងវៀតណាម, វិស័យទេសចរណ៍ រោងចក្រ រងការប៉ះពាល់

នៅពេលដែលព្យុះទីហ្វុង យ៉ាគី (Yagi) ជាព្យុះដ៏ខ្លាំងបំផុតនៅអាស៊ីឆ្នាំនេះ ហាក់បានធូរស្រាល, ការបំផ្លិចបំផ្លាញនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាម បានធ្វើឱ្យវិស័យទេសចរណ៍គាំងស្តូក ដោយហាក់មិនដឹងថាពេលណាច្បាស់លាស់ថា នឹងងើបឡើងវិញនោះទេ។

ក្រុមហ៊ុនទេសចរណ៍ជាច្រើន កំពុងផ្អាកសេវាកម្មប្រហែល១ទៅ២សប្តាហ៍ទៅកាន់កន្លែងទាក់ទាញទាំងឡាយ នៅតាមតំបន់ភ្នំ និងទីតាំងឆ្នេរខ្សាច់នានា នៅភាគខាងជើង។

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន LuxGroup ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហាណូយ និងប្រតិបត្តិការអាជីវកម្មទេសចរណ៍ប្រណីតជាច្រើនក្នុងប្រទេសវៀតណាម, លោក Pham Ha បាននិយាយថា ព្យុះនេះបានបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោក ក្នុងន៉មានទាំងទូកប្រណីត ទូកល្បឿន និងកន្លែងស្នាក់នៅដែលកំពុងរង់ចាំ ដោយបណ្តាលឱ្យខាតបង់ និងថ្លៃជួសជុលចំនួន៥ពាន់លានដុង (១២៦,២៧២ ដុល្លារ៕

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃ ស្វែងរកការចរចាការលើកទឹកចិត្តពីរដ្ឋាភិបាលជាថ្មី ខណៈការលក់យឺត

នៅពេលដែលការលក់រថយន្តអគ្គិសនីខកខានមិនបានលក់ដាច់ដូចការរំពឹងទុកនៅក្នុងប្រទេសទីផ្សាររថយន្តដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ ក្រុមផលិតរថយន្តធំៗរបស់ប្រទេសថៃ ក្នុងនោះមានទាំងក្រុមហ៊ុនធំៗរបស់ចិន និងជប៉ុនផងដែរ ស្វែងរកការបន្ថែមការកំណត់ឱសានុវាទផលិតកម្ម ក្នុងគម្រោងការលើកទឹកចិត្តរបស់រដ្ឋាភិបាល។

គម្រោងនេះ បានជួយទាក់ទាញការវិនិយោគចំនួនជាង ១.៤៤ ពាន់លានដុល្លារ នៅក្នុងរោងចក្រផលិតរថយន្តថ្មីមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិន ដូចជា BYD Motors និង Great Wall Motor ដែលធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ក្នុងការកែច្នៃរថយន្តអគ្គិសនី (EVs) ។

  • ឥណ្ឌាចង់ធ្វើឲ្យដូចរោងចក្ររបស់ប្រទេសចិន តែត្រូវទទួលបានការត្រួតពិនិត្យជាក់ស្តែង

ការជំរុញរបស់ឥណ្ឌា ដើម្បីក្លាយជារោងចក្រយក្សមួយ ដើម្បីក្លាយជាជំនួសប្រទេសចិនដ៏គួរឱ្យទុកចិត្ត សម្រាប់ក្រុមហ៊ុនពិភពលោក ត្រូវជួបបញ្ហាមួយ, ដោយដំបូងវាត្រូវការហ្វឹកហាត់ឲ្យឡើងដល់គូប្រជែងយូរអង្វែងរបស់ខ្លួន។

ទំនាក់ទំនងរវាងប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកទាំងពីរ បានប្រែតានតឹងចាប់តាំងពីមានការប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាឡៃយ៉ានក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យការយឺតយ៉ាវ ក្នុងការដោះប្តូរដើមទុន, បច្ចេកវិទ្យា និងទេពកោសល្យ ទោះបីជាមានតម្រូវការខ្លាំងលើរថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិក បន្ទះឈីប និងបញ្ញាសិប្បនិម្មិតក៏ដោយ។

ការត្រួតពិនិត្យកាន់តែខ្ពស់របស់រដ្ឋាភិបាល លោកម៉ូឌី លើការវិនិយោគរបស់ចិនទាំងអស់ក្នុងរយៈពេលនេះ បានបង្វែរដោយប្រសិទ្ធភាពនូវប្រាក់រាប់ពាន់លានដុល្លារពីក្រុមហ៊ុន BYD, Great Wall Motor និងបានបង្កើតស្រទាប់ស្កុតក្រហមថ្មី សម្រាប់ក្រុមហ៊ុនឥណ្ឌាទាំងឡាយ ជាមួយនឹងភាគីពាក់ព័ន្ធរបស់ចិន។

  • ការស្ទង់មតិ៖ កំណើនសរដ្ឋកិច្ចសិង្ហបុរីឆ្នាំ 2024 កើនឡើងដល់ ២.៦% ប៉ុន្តែផ្នែកផលិតកម្មធ្លាក់ចុះ

នៅក្នុងការស្ទង់មតិប្រចាំត្រីមាសចុងក្រោយរបស់ក្រុមអ្នកព្យាករណ៍អាជីពដែលចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឱ្យដឹងថា ការព្យាករណ៍ជាមធ្យមរបស់ក្រុមអ្នកសេដ្ឋកិច្ចវិស័យឯកជនសម្រាប់កំណើនពេញ១ឆ្នាំ ២០២៤ បានកើនឡើងពី ២,៤% ដល់ ២,៦%

ប៉ុន្តែ​ការ​ព្យាករ​ជា​មធ្យម​សម្រាប់​កំណើន​ឆ្នាំ ២០២៥ មិន​មាន​ការ​ផ្លាស់​ប្តូរទេ​ នៅ​ត្រឹម ២,៥% ដដែល។

សម្រាប់ឆ្នាំ ២០២៤ ការរំពឹងទុកសម្រាប់កំណើននៃការផលិត បានបន្តធ្លាក់ចុះ ប៉ុន្តែការធ្លាក់នេះ គឺច្រើនជាងការព្យាករ បើប្រៀបធៀបទៅនឹងការស្ទង់មតិមុន៕

 

ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បាន ៣ ដងថ្មីរបស់ក្រុមហ៊ុនហួវៃ (Huawei) បានលើកស្ទួយមោទនភាពជាតិនិយម នៅក្នុងប្រទេសចិន ជាមួយនឹងការភ្ញាក់ផ្អើលលើបណ្តាញសង្គម ជាមួយនឹងអ្វីដែលក្រុមអ្នកគាំទ្រមើលឃើញថា ជាសមត្ថភាពរបស់ខ្លួន ក្នុងការច្នៃប្រឌិតប្រសើរជាងក្រុមហ៊ុន Apple ថ្វីបើមានការដាក់ទណ្ឌកម្មច្រើនពីអាមេរិកក៏ដោយ ទោះបីជាមនុស្សជាច្រើនកំពុងតែស្ទាក់ស្ទើរ នឹងតម្លៃវា $២,៨០០ ក្នុងទូរស័ព្ទ១គ្រឿងក៏ដោយ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបង្ហាញទូរស័ព្ទម៉ាក Mate XT របស់ខ្លួន ដែលជាទូរស័ព្ទ៣បត់ ដំបូងបំផុត ក្នុងឧស្សាហកម្មនេះ ក្នុងប៉េកាំង កាលពីថ្ងៃអង្គារ ទី១០ កញ្ញា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុន Apple បានណែនាំត្រកូល iPhone 16 ដែលកាន់តែទំនើបជាមួយបញ្ញាសិប្បនិម្មិត(AI)របស់ខ្លួន។

ទាំងម៉ាក Mate XT និងទាំង iPhone 16 នឹងដាក់លក់នៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះ ថ្វីបើម៉ាក Mate XT ត្រូវបានគេរំពឹងថា នឹងមានលក់តែនៅក្នុងប្រទេសចិនក៏ដោយ។

ក្រុមហ៊ុន ហួវៃ ចេញទូរស័ព្ទស្មាតហ្វូនថ្មី Mate XT បត់បាន៣បត់ ប៉ុន្តៃថ្លៃរហូតដល់ ២៨០០ដុល្លារ

អ្នក​ប្រើ​ម្នាក់​​លើបណ្តាញ Weibo របស់​ប្រទេស​ចិន ដែល​ស្មើ​គ្នានឹងបណ្តាញ X របស់អាមេរិក បានបញ្ចេញយោបល់​ថា៖ “Apple មិន​បាន​ធ្លាក់​ចុះ​ទេ ប៉ុន្តែ Huawei បាន​ងើប​ឡើង​វិញ ​យ៉ាង​ពិត​ប្រាកដ”។

មនុស្សម្នាក់ទៀត បានសរសេរថា៖ “ពេលវេលាកំពុងផ្លាស់ប្តូរ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក គឺជាការឥតប្រយោជន៍”។

វីដេអូ ដែលបង្ហាញពីក្រុមបុគ្គលិកហាង Apple ក្នុងប្រទេសចិន ហើយងាកទៅហាង Huawei មួយ ដើម្បីពិនិត្យមើលការចេញលក់ផលិតផល Huawei ក៏បានក្លាយជាវីដេអូពេញនិយមលេខ ២ នៅលើ បណ្តាញ Weibo ក្នុងរយៈពេល ១៣ ម៉ោងមកនេះ ដោយទទួលបានអ្នកចូលមើល ៩១លានដង និងការបញ្ចេញមតិជាង ៦៦០០ ។

ការចេញលក់ទូរស័ព្ទ Mate XT នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Huawei បានងើបមុខសារជាថ្មី នៅក្នុងទីផ្សារស្មាតហ្វូនលំដាប់កំពូល ហ្វាជី(5G) កាលពីឆ្នាំមុន ជាមួយនឹងស៊េរី Mate 60 របស់ខ្លួន ហើយក្នុងឆ្នាំនេះ ជាមួយនឹងទូរសព្ទស៊េរីខ្ពស់ Pura ដែលប្រើបន្ទះឈីបផលិតក្នុងស្រុក។

ម៉ាកទាំង៣ សុទ្ធតែត្រូវបានប្រារព្ធនៅក្នុងប្រទេសចិនថា ជាជ័យជំនះលើការដាក់ទណ្ឌកម្មរបស់អាមេរិក ដែលចាប់តាំងពីឆ្នាំ ២០១៩ មក បានរារាំងក្រុមហ៊ុននេះមិនឲ្យប្រើបន្ទះឈីបកម្រិតខ្ពស់របស់អាមេរិក និងបច្ចេកវិទ្យាផ្សេងទៀតរបស់អាមេរិកទេ។

វ៉ាស៊ីនតោន មើលឃើញថា ក្រុមហ៊ុន Huawei គឺជាហានិភ័យសន្តិសុខជាតិមួយ -ជាការចោទប្រកាន់មួយដែលក្រុមហ៊ុនហួវៃបដិសេធ។ ចាប់តាំងពីពេលនោះមក ទណ្ឌកម្មរបស់អាមេរិក បានពង្រីកយ៉ាងទូលំទូលាយ ដោយរួមបញ្ចូលទាំងការហាមឃាត់ការនាំចេញលើបន្ទះឈីបទំនើបរបស់អាមេរិក ទៅកាន់ក្រុមហ៊ុនចិនទាំងអស់ ដោយក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការរារាំងកររីកចម្រើនខាងបច្ចេកវិទ្យា សម្រាប់យោធារបស់ប្រទេសចិន។

ក្រុមអ្នកគាំទ្រក្រុមហ៊ុន Huawei ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Apple មិនទាន់ប្រកាសដៃគូ AI ក្នុងប្រទេសចិន ដើម្បីដំណើរការផលិតផល iPhone 16 របស់ខ្លួននៅឡើយទេ ហើយខួរក្បាលរបស់ Apple ដែលជាកម្មវិធី AI របស់ក្រុមហ៊ុននោះ នឹងអាចរកទិញបានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ នៅឆ្នាំក្រោយ។

ទោះបីជាមោទនភាពជាតិនិយមក៏ដោយ ក៏តម្លៃចាប់ផ្តើមរបស់ Mate XT ចំនួន១៩,៩៩៩យួន ($២,៨២០) ត្រូវបានគេរិះគន់ជាទូទៅថា ហួសពីលទ្ធភាពរបស់អ្នកប្រើប្រាស់ធម្មតា និងមិនរសើប នៅក្នុងពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ហើយពលរដ្ឋសាមញ្ញ កំពុងជួបបញ្ហាអសន្តិសុខផ្នែកហិរញ្ញវត្ថុនោះទេ។

កំណែប្រែថ្មី​ដែល​មាន​លក្ខណៈ​ពិសេស​ទំនើប​ជាង​មុន ​ដូច​ជា​អង្គ​ចងចាំ​ធំ ​នឹង​មាន​តម្លៃ​ដល់​ទៅ ២៣,៩៩៩ យួន (៣,៣០០ ដុល្លារ)។

ស្មាតហ្វូនថ្មី Mate XT របស់ហួវៃរូបភាពថ្មី ទំនើប និងបត់បាន៣បត់

ការស្ទង់មតិរបស់បណ្តាញ Weibo ស្តីពី​ម៉ាក Mate XT នេះ បានបង្ហាញថា មានតែ ៩៦៦ នាក់ ក្នុងចំណោមអ្នកឆ្លើយសំណួរ ៩,២០០ ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេមានគម្រោងទិញវា។ លើសពី ៤៧០០នាក់ បាននិយាយថា ពួកគេត្រូវបានចប់ត្រឹមតម្លៃនោះ ខណៈដែល ៣៥០០នាក់ ផ្សេងទៀត បាននិយាយថា ពួកគេមិនបានពិចារណាទិញវានៅពេលនេះទេ។

ដោយពណ៌នាថា ខ្លួនគាត់ជាអ្នកស្មោះត្រង់នឹង Huawei, មនុស្សត្រកូល Xu ម្នាក់ នៅឯហាង Beijing Huawei នៅទីក្រុងប៉េកាំង បាននិយាយថា៖ “មិនខ្វល់ថា ខ្ញុំចូលចិត្តផលិតផលនេះប៉ុណ្ណាទេ តម្លៃលក់នោះ សម្រាប់ខ្ញុំស្តាប់ទៅ ដូចជាឆ្កួតអ៊ីចឹង។ ប្រហែលជាក្រុមហ៊ុន Huawei ពិតជាមិនកំណត់គោលដៅ មនុស្សដូចជាខ្ញុំទេ” ៕ ($1 = 7.1138 យួនចិន)

បច្ចុប្បនេះមិនទាន់មាន Trillionaire (មហាសេដ្ឋីដែលមានទ្រព្យលើសពី១ពាន់ពាន់ដុល្លារ)ទេ ប៉ុន្តែយោងតាមរបាយការណ៍ថ្មីមួយរបស់បណ្ឌិតសភាតាមដានទ្រព្យ Informa Connect Academy ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំខាងមុខ គឺនៅក្នុឆ្នាំ ២០២៧ ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោកអ៊ីឡុន ម៉ាស់ (Elon Musk) នឹងក្លាយជា Trillionaire ដំបូងបំផុត របស់ពិភពលោក ។

ការរកឃើញរបស់ Informa Connect Academy អំពីប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុនរ៉ុក្កែតឯកជន SpaceX និងប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter)នេះ គឺកើតចេញពីការពិតដែលថា លោកម៉ាស់ កំពុងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យមលើសពី ១១០%។  យោងតាមសន្ទស្សន៍មហាសេដ្ឋី របស់កាសែតអេឡិចត្រនិក Bloomberg ២០២៤ ឱ្យដឹងថា លោកម៉ាស់ គឺអ្នកមានទ្រព្យ បំផុតរបស់ពិពលោក ជាមួយទ្រព្យសម្បត្តិ ២៥១ពាន់លានដុល្លារអាមេរិក។ ។

ការវិភាគរបស់បណ្ឌិត្យសភានេះ បានលើកឡើងថា គឺអ្នកឧស្សាហ៍កម្មនិយម ឥណ្ឌា លោក ហ្គោតាំ អាដានី (Gautam Adani) តាមពីក្រោយយ៉ាងប្រកិត និងត្រៀមក្លាយជាមនុស្សទី២ ដែលអាចទទួលបានឋានៈជា Trillionaire ដែលអាចនឹងឡោះងដល់ចំណុចពិសេសនោះ ក្នុងឆ្នាំ ២០២៨ ។ ទ្រព្យសម្បត្តិរបស់លោកអាដានី បាននិងកំពុកើនឡើងក្នុងអត្រាគួរឱ្យកត់សម្គាល់ ១២៣% ជារៀងរាល់ឆ្នាំ។

លោក ជេនសិន ហួង (Jensen Huang) ប្រមុខប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និង Prajogo Pangestu ដែលជាមហាសេដ្ឋីថាមពល និងរ៉ែជនជាតិឥណ្ឌូនេស៊ី ក៏អាចក្លាយជាមហាសេដ្ឋីពាន់ពាន់លាននៅក្នុងឆ្នាំ ២០២៨ដែរ បើសិន គន្លងរបស់ពួកគេរក្សាបានលំនឹងនេះ។ លោក ប៊ែរណាដ អាណូដ (Bernard Arnault) ដែលជាម្ចាស់ផលិតផលប្រេន LVMH Moët Hennessy Louis Vuitton និងជាមហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ កំពុងស្ថិតនៅលើផ្លូវក្លាយជាមហាសេដ្ឋីពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ ដែលជាឆ្នាំដូចគ្នា ជាមួយនឹងលោក ម៉ាក ហ្ស៊ូកាបើក (Mark Zuckerberg) ប្រមុខប្រតិបត្តិក្រុមហ៊ុន Meta ផងដែរ។

លោកអីឡុន ម៉ាស់ ជាមហាសេដ្ឋីលេខ១របស់ពិភពលោក ហើយនៅឆ្នាំ​២០២៧ លោក​នឹងក្លាយជា​Trillionaire

ក្រុមហ៊ុនមួយចំនួន បានធានាតម្លៃលើសពី ១ពាន់ពាន់លានដុល្លារ ។ ក្រុមហ៊ុន Berkshire Hathaway ថ្មីៗនេះ បានឡើងដល់កម្រិតនៃការវាយតម្លៃពីចុងខែសីហា ប៉ុន្មានថ្ងៃមុនពេលស្ថាបត្យករ Warren Buffett ជាថៅកែ ប្រារព្ធខួបកំណើតគម្រប់ ៩៤ ឆ្នាំរបស់គាត់។ ក្រុមហ៊ុណ Nvidia បានចូលរួមជាមួយក្លឹបអ្នកមានទ្រព្យ ១ពាន់ពាន់លានដុល្លារ កាលពីខែឧសភា ឆ្នាំ ២០២៣ ហើយក្នុងខែមិថុនា ទទួលបានឡើងដល់ ៣ពាន់ពាន់លានដុល្លារ ដោយឈរលើទីតាំងនោះ បន្ទាប់ពីក្រុមហ៊ុន Microsoft និងមុនក្រុមហ៊ុន Apple ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃច្រើនបំផុតទីពីររបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ដូចដែលទូរទស្សន៍ CNBC បានកត់សម្គាល់ សំណួរថាតើអ្នកណាអាចជា trillionaire ដំបូងបង្អស់របស់ពិភពលោក បានធ្វើឱ្យភ្ញាក់ផ្អើលដល់សាធារណជន និងសូម្បីតែមហាសេដ្ឋីគ្រងរាជ្យដំបូងក្នុងឆ្នាំ ១៩១៦ របស់អាមេរិក គឺលោក John D Rockefeller និងជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន Standard Oil ក៏ភ្ញាក់ផ្អើលដែរ។

ការរីកដុះដាលនៃទ្រព្យសម្បត្តិរបស់ប្រទេសឥណ្ឌា បាននិងកំពុងស្ថិតក្នុងការចាប់អារម្មណ៍ណាស់នាពេលថ្មីៗនេះ ដោយមានរបាយការណ៍ចំនួនពីរដែលគូសបញ្ជាក់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃប្រទេសនេះ ក្នុងការបង្កើតទ្រព្យសម្បត្តិ។ របាយការណ៍របស់ Fortune India បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ក្រុមបុគ្គលដែលមានទ្រព្យច្រើនបំផុតរបស់ប្រទេសនេះ គឺបានកើនឡើងលើសពី ១ពាន់ពាន់លានដុល្លារ ដោយឡើងដល់ ១.១៩ ពាន់ពាន់លានដុល្លារ។

បុគ្គលដែលនាំមុខ គឺលោក ហ្គោតាំ អាដានី និងលោក មូកេះ អាំបានី (Mukesh Ambani) ដែលម្នាក់ៗមានទ្រព្យសម្បត្តិលើសពី ១០ពាន់ពាន់លានរូពី។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ពេលវេលាពិតរបស់ Bloomberg បានដាក់ លោកអាំបានី ជាអ្នកមានបំផុតនៅទ្វីអាស៊ីដែលមានទ្រពន្យ ១១១ពាន់លានដុល្លារ បន្ទាប់មក គែ លោកអាដានី មានទ្រព្យ ៩៩.៩ ពាន់លានដុល្លារ៕

អាជីវកម្មលក់រាយដំបូងរបស់ លោក លី ធៀមវ៉ា (Lee Thiam Wah) កំពុងលក់អាហារសម្រន់ ពីតូបតាមដងផ្លូវក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែជាច្រើនទសវត្សរ៍ក្រោយមក សហគ្រិនរូបនេះ បានប្តូររូបភាពពីការចាប់ផ្តើមដោយដាក់ខ្លួន ទៅជាអាណាចក្រលក់រាយដ៏ធំទូលាយ នៃហាងរបស់ងាយៗជាង ២៦០០កន្លែង នៅទូទាំងប្រទេស។

កាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងមកនេះ បុរសវ័យ ៦០ ឆ្នាំរូបនេះ ត្រូវបានជ្រើសរើស ជាមហាសេដ្ឋី១រូប បន្ទាប់ពីក្រុមហ៊ុនរបស់គាត់ 99 Speed ​​Mart Retail Holdings បានបើកដំណើរការជាសាធារណៈ ក្នុងទីក្រុងកូឡាឡាំពួរ។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ការដាក់លក់ហ៊ុនជាសាធារណៈដំបូង(IPO)ចំនួន ៥៣១ លានដុល្លារអាមេរិក  គឺចំនួនលក់ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ៧ ឆ្នាំនេះ។ ការលស់ក្នុងតម្លៃ IPO ចំនួន ១.៦៥ រីងហ្គីត (៩.៣៧៧ ដុល្លារ) ក្នុង១ហ៊ុន, ទ្រព្យសម្បត្តិរបស់លោក លី គឺប្រមាណជា ៣.៣3 ពាន់លានដុល្លារអាមេរិក ។

ផ្សារភាគហ៊ុន បានកើនឡើងរហូតដល់ ១៥%។

ការចុះបញ្ជីនេះ បានពង្រឹងទីក្រុងគូឡាឡាំពួរឱ្យក្លាយជាទីតាំងដ៏មមាញឹកបំផុត សម្រាប់ការចាប់ផ្តើមទីផ្សារនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ ហើយបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមអ្នកវិនិយោគ លើសក្តានុពលកំណើនជាតិ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយ ដើម្បីសាងបតពិសោធន៍ ទៅកាន់វិស័យអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចមួយ ដែលត្រូវបានព្យាករថានឹងកើនឡើងច្រើនដល់ទៅ ៥%នៅឆ្នាំនេះ។

លោក លី ធៀមវ៉ា មាន 99 SpeedMart ជាង ២៦០០កន្លែង នៅទូទាំងប្រទេសម៉ាឡេស៊ី

ដៃគូជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងមូលនិធិនៅក្រុមហ៊ុន SGMC Capital ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី លោក Mohit Mirpuri បាននិយាយថា៖ “វាកើតមានចំពេលដ៏សំខាន់ សម្រាប់ទាំងទិដ្ឋភាព IPO របស់ម៉ាឡេស៊ី និងសម្រាប់ទីផ្សារមូលធនរបស់អាស៊ីអាគ្នេយ៍”។

លោក​ បាន​បន្ត​ថា​៖ «កត្តា​នេះ ​អាច​ជំរុញ​អារម្មណ៍​ទីផ្សារ និងកំណត់​ប្រទេស​ម៉ាឡេស៊ី​ជា​តួអង្គ​សំខាន់មួយ (​ក្នុង​ការ​ចុះ​បញ្ជី​ថ្នាក់​តំបន់​)​។

លោក លី កើតនៅឆ្នាំ ១៩៦៤ នៅ Klang ក្នុងខេត្ត សេឡាង៉ ។ ឪពុក គឺ​ជា​កម្មករ​សំណង់ និង​ម្ដាយ​ជា​ថៅកែ​លក់ដូរ មាន​កូន​១១​នាក់ និង​អាច​មាន​លទ្ធភាព​បញ្ជូន​គាត់​ទៅ​រៀន​បាន​តែ​៦​ឆ្នាំ​ប៉ុណ្ណោះ៕

លោក ប៊ីល ហ្គេត (Bill Gates) ថ្មីៗនេះ បានបង្ហើបឱដឹងថា លោកប្រើប្រាស់ AI ជាចម្បង ដើម្បីសង្ខេបកិច្ចប្រជុំ និងនៅតែមានសុទិដ្ឋិនិយមអំពីសក្តានុពលរបស់វា ចំពោះឥទ្ធិពលជាវិជ្ជមាន ដូចជាសុខភាព ការអប់រំ និងផលិតភាព។

លោក ហ្គេត បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយទស្សនាវដ្តី The Verge កាលពីសប្តាហ៍មុនថា៖ “ជារឿយៗខ្ញុំកំពុងសរសេររឿងផ្សេងៗ ហើយខួរក្បាលសិប្បនិម្មិត [ChatGPT] គឺជាជំនួយការដ៏ធំ នៅក្នុងដំណើរការនោះ។ ខ្ញុំចង់និយាយថា មុខងារដែលខ្ញុំប្រើច្រើនបំផុត គឺការសង្ខេបកិច្ចប្រជុំ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមការងារ Microsoft ដែលខ្ញុំប្រើច្រើន” ។

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gate នឹងមហិច្ឆតា AI របស់លោក

លោកហ្គេត បានបន្ថែមថា៖ “សមត្ថភាពក្នុងការធ្វើសហការនេះ គឺមិនត្រឹមតែទទួលបានសេចក្តីសង្ខេបប៉ុណ្ណោះទេ សូម្បីតែការសួរសំណួរអំពីកិច្ចប្រជុំ ក៏ទទួលលទ្ធផលល្អអស្ចារ្យខ្លាំងណាស់”។

សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានបង្ហាញសុទិដ្ឋិនិយមដ៏រឹងមាំអំពីអនាគតរបស់ ខួរក្បាលសិប្បនិម្មិត (AI) នេះ។ ក្នុងអំឡុងពេលសម្ភាសន៍នោះ លោក ហ្គេត អាយុ ៦៨ ឆ្នាំ បានចែករំលែកការសាទររបស់លោក ចំពោះសក្តានុពលរបស់ AI ជាពិសេសក្នុងការកែលម្អ ផលិតភាពក្នុងវិស័យជាច្រើន ដូចជាផ្នែសុខភាព និងផ្នែកការអប់រំជាដើម។ ខណៈ​កំពុង​ទទួល​ស្គាល់​ក្តី​បារម្ភ ​អំពី​ការ​ប្រើ​ប្រាស់​ AI មិនត្រឹមត្រូវ, លោក​ហ្គេត ជឿ​ថា ​ការ​ផ្តោត​សំខាន់នេះ ​គួរ​តែ​ផ្តោត​លើ​ការ​ទាញ​យក​ផល​វិជ្ជមាន​របស់វា។

នៅពេលកំពុងពិភាក្សាអំពីព័ត៌មានមិនពិត, លោក ហ្គេត បានបញ្ជាក់ថា តួនាទីរបស់ AI ក្នុងការធ្វើឱ្យបញ្ហាកាន់តែអាក្រក់ឡើង គឺមិនសំខាន់ទេ, ដោយលើកឡើងថា AI អាចជួយប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតប្រកបដោយប្រសិទ្ធភាព។ មហាសេដ្ឋីរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ នៃតុល្យភាពនៃសេរីភាពក្នុងការបញ្ចេញមតិ ជាមួយនឹងបញ្ហាប្រឈមនៃព័ត៌មានមិនពិត, ជាកិច្ចការមួយ ដែលលោកជឿជាក់ថា ក្មេងជំនាន់ក្រោយ នឹងត្រូវតែដោះស្រាយ។

សរុបមក លោកហ្គេត នៅតែមានទំនុកចិត្តថា នៅពេលដែលមានការណែនាំត្រឹមត្រូវ, AI អាចជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ដោះស្រាយបញ្ហាប្រឈមសកល។

នៅលើផតឃែស្ថ What Now ជាមួយលោក Trevor Noah កាលពីខែវិច្ឆិកាឆ្នាំមុន លោក ហ្គេត បានពិភាក្សាអំពីរបៀបដែល AI នឹងមិនជំនួសមនុស្សនោះទេ ថ្វីបើមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៃ បច្ចេកវិទ្យាក្តី វាក៏នឹងមានផ្លាស់ប្តូរជាមូលដ្ឋានពីរបៀបដែលយើងធ្វើការផងដែរ។ លោក បានឆ្លើយតបទៅនឹងក្តីបារម្ភអំពី AI ចាប់យកការងារគ្រប់យ៉ាង ដោយពន្យល់ថា ជាមួយនឹងការផ្លាស់ប្តូរបន្តិចម្តងៗ ហើយនិងការគាំទ្រពីរដ្ឋាភិបាលដ៏សមស្រប សង្គម អាចឆ្ពោះទៅរកការកាត់បន្ថយកម្លាំងពលកម្មដោយដៃ។

លោក ហ្គេត បាននិយាយថា៖ “បើសិនអ្នកចូលក្នុងសង្គមមួយ ដែលអ្នកត្រូវធ្វើការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ នោះប្រហែលជាមិនអីទេ”។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសម្ភាសន៍មុននេះ ជាមួយកាសែតអេឡិចត្រូនិក Business Insider ក្នុងឆ្នាំនេះ លោកហ្គេត ក៏បានចង្អុលបង្ហាញពីដែនកំណត់របស់ AI ផងដែរ។ លោក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគុណភាពទិន្នន័យក្នុងការអភិវឌ្ឍន៍ AI, ដោយបញ្ជាក់ថា ” AI ល្អ” ទាមទារ “ទិន្នន័យ ដែលបង្កប់នូវជំនាញ” ។

នេះបង្ហាញថា ខណៈដែល AI ពូកែលើកិច្ចការដែលពាក់ព័ន្ធនឹងសំណុំទិន្នន័យច្បាស់លាស់ វាជួបបញ្ហាជាមួយនឹងទិដ្ឋភាពប្រធានបទ ឬទិដ្ឋភាពគុណភាព ដូចជាសុភមង្គលរបស់មនុស្ស ឬទំនាក់ទំនងរបស់មនុស្សជាដើម។ លោក ហ្គេត បានពន្យល់ថា៖ “បើសិន វាជាបញ្ហាដែលមនុស្សមិនពូកែក្នុងការដោះស្រាយ, ពេលនោះបច្ចេកទេសបច្ចុប្បន្ននេះ នឹងចូលមកជំនួស ហើយវានឹងមិនបង្កើតមធ្យោបាយប្រលោមលោកនោះទេ” ។

លោកហ្គេត ក៏បានទទួលស្គាល់សក្តានុពលរបស់ AI ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការអនុវត្តដោយប្រុងប្រយ័ត្ន។ លោកហ្គាត បាននិយាយថា៖ «ខ្ញុំពិតជាគិតថា ក្នុងការប្រឹក្សាផ្លូវចិត្ត, AIs នឹងដើរតួនាទីមួយ ប៉ុន្តែអ្នក, យើងនឹងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ អំពីរឿងនោះ។ នោះ គឺអ្នក​នឹង​ត្រូវ​ការ​ការងារ​ជា​ច្រើនទៀត ​ដែល​អ្នកមិន​ទាន់​បាន​ធ្វើ »៕

យោងតាមកាសែតអេឡិច ត្រូនិក ​​Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់តារាចម្រៀងស្រី សេឡេណា ហ្គូម៉េស (Selena Gomez)ពេលនេះត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១.3៣ ពាន់លានដុល្លារ។ ព្រឹត្ដិការណ៍នេះ បានកត់សម្គាល់ការលេចឈ្មោះជាលើកដំបូងរបស់នាងនៅក្នុងបញ្ជី និងធ្វើឱ្យនាងក្លាយជាមហាសេដ្ឋីនី សាងដោយខ្លួនឯងក្នុងវ័យក្មេងបំផុត នៅក្នុងប្រទេសអាមេរិក។

ទ្រព្យសម្បត្តិរបស់នាង ហ្គូម៉េស ត្រូវបានជាប់ទាក់ទងជាចម្បងទៅនឹងប្រេនសម្រស់កម្រ (Rare Beauty) គ្រឿងតុបតែងខ្លួនដែលនាងបានបើកដំណើរការលក់ក្នុងឆ្នាំ ២០២០ ដែលចាប់តាំងពីពេលនោះមកបានក្លាយជាដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មគ្រឿងសំអាង។ សន្ទស្សន៍មហាសេដ្ឋី Bloomberg ប៉ាន់ប្រមាណថា ៨១.៤% នៃទ្រព្យសម្បត្តិសុទ្ធរបស់នាង បានមកពីភាគហ៊ុនរបស់នាងនៅក្នុងម៉ាកយីហោគ្រឿងតែងខ្លួននេះ។ គេបានគេរាយការណ៍ថា ប្រេនសម្រស់កម្រនេះ ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៥០លានដុល្លារកាលពីឆ្នាំមុន។

នាង សេឡេណា ហ្គូម៉េស និងគ្រឿងតុបតែងខ្លួន ប្រេន Rare Beauty

ទោះជាយ៉ាងណាក៏ដោយ នាង ហ្គូម៉េស បានពង្រីកចំណាប់អារម្មណ៍អាជីវកម្មរបស់នាងមួសពី Rare Beauty ជាមួយនឹងនាង Stacy Jones ជាប្រមុខប្រតិបត្តិ នៃទីភ្នាក់ងារទីផ្សារ Hollywood Branded ដោយកត់សម្គាល់ថា នាងគឺជា “អ្នកជំនួញពហុមុខ ដែលមានប្រាក់ចំណូលចម្រុះ ដោយរួមចំណែកដល់ទ្រព្យសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់នាង” ។

ការវិភាគសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បង្ហាញថា ៦.៩% នៃទ្រព្យសម្បត្តិរបស់នាង ហ្គូម៉េស បានមកពីកិច្ចព្រមព្រៀងគាំទ្រ ៤.៨% ពីដំណើរកម្សាន្ត ២.៦% ពីវេទិកាសុខភាពផ្លូវចិត្តដែលនាងជាសហស្ថាបនិកក្រុមហ៊ុន Wondermind ១.៨% ពីការលក់អាល់ប៊ុមចម្រៀង ១.៣% ពីការសម្ដែង ០.៧% ពីការផ្សាយផ្ទាល់ និង ០.៦% ពីអចលនទ្រព្យ។

ក្រុមហ៊ុន Wondermind ដែលផ្តល់ប្រភពធនធានសុខភាពផ្លូវចិត្តមានតម្លៃ ១០០លានដុល្លារក្នុងឆ្នាំ ២០២២ និងបានទាក់ទាញការវិនិយោគពីក្រុមហ៊ុនបណ្តាក់ទុនធំៗ និងមូលនិធិវិនិយោគរបស់អតីតកីឡាករវាយកូនបាល់អាមេរិក លោកស្រី Serena Williams ផងដែរ។

រូបនាង ហ្គូម៉េស នៅលើក្រប នៃអាល់ម៊ុមចម្រៀងក្នុងស្ទូឌីយោ

នាង ហ្គូម៉េស ក៏បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនធំៗដូចជា Puma SE, Coach និង Louis Vuitton ដែលបានបង្កើនប្រាក់ចំណូលរបស់នាងយ៉ាងខ្លាំង។ យោងតាមទូរទស្សន៍ CNN របាយការណ៍បង្ហាញថា កិច្ចព្រមព្រៀងយល់ព្រមរបស់នាងជាមួយ Puma មានតម្លៃ ៣០ លានដុល្លារ ខណៈដែលកិច្ចព្រមព្រៀងរបស់នាងជាមួយ Coach មានតម្លៃ ១០លានដុល្លារ។

ក្នុងវ័យ៣២ឆ្នាំ នាងហ្គូម៉េស បានចាប់ផ្តើមអាជីពរបស់នាងជាតារាសម្តែងកុមារក្នុងឆ្នាំ ២០២២ និងបានល្បីល្បាញជាតារាយុវវ័យ។ ពានរង្វាន់របស់នាងរួមមាន ពានរង្វាន់មហោស្រពភាពយន្តទីក្រុងកាន ពានរង្វាន់តន្ត្រីអាមេរិក ពានរង្វាន់ Billboard Music Award និងពានរង្វាន់ MTV Video Music Awards ចំនួនពីរ។ នាង បានទទួលពានរង្វាន់ Emmy Award ចំនួន៧ ពានរង្វាន់ Grammy ចំនួន២ និងពានរង្វាន់ Golden Globe ចំនួនពីរ ហើយអាល់ប៊ុមផលិតក្នុងស្ទូឌីយោរបស់នាង បានឈរនៅលើកំពូលតារាង US Billboard 200៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព