តារាសម្តែងចិន នាង ហ្វាន ភីងភីង (Fan Bingbing) ត្រូវបានគេរាយការណ៍មកថា បានជួលអាផាតមិនមួយរស់នៅ នៅផ្លូវ Barker Road ក្នុងសង្កាត់ The Peak របស់ហុងកុង ក្នុងតម្លៃ ៦៥០,០០០ដុល្លារហុងកុង (៨៣,៤១៤ ដុល្លារ) ក្នុងមួយខែ។
យោងតាមគេហទំព័រ Dimsum Daily ឱ្យដឹងថា លំនៅដ្ឋាននេះ មានទំហំជាង ៤៦៥ ម៉ែត្រការ៉េ និងអាចមើលឃើញទេសភាព ១៨០អអ្សារ នៃតំបន់ Victoria Harbour ។ អាផាតមិននេះ មានបន្ទប់គេងចំនួន ៥, បន្ទប់ទឹកចំនួន ៤, ផ្ទៃដីសួនច្បារជាប់ ១០០០ ហ្វីតការ៉េ និងទីចំរាក់ធំទូលាយទំហំលើសពី ១០០០ ហ្វីតការ៉េ។
ប្រភពជាច្រើន បង្ហាញថា នាងហ្វាន ទទួលបានក្នុងការស្នាក់នៅហុងកុងជោគជ័យ បន្ទាប់ពីការបន្តអ្វើអន្តោប្រវេសន៍ តាមរយៈការវិនិយោគនៅទីនេះ ជិតមួយទសវត្សរ៍មក។
ផ្លូវ Barker Road មានភាពល្បីល្បាញ មិនត្រឹមតែសម្រាប់ទេសភាពដ៏អស្ចារ្យរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពផ្តាច់មុខ និងឯកជនភាពរបស់វា, គុណភាពដែលបុគ្គលល្បីឈ្មោះជាច្រើនបានឲ្យតម្លៃខ្ពស់ ។
យោងតាមកាសែត South China Morning Post ឱ្យដឹងថា លោក Martin Li Ka-shing ជាអ្នកស្នងមរតករបស់មហាសេដ្ឋីហុងកុង លោក លី សូវគី (Lee Shau Kee) បានទិញអចលនទ្រព្យលេខ 35,នៅផ្លូវ Barker Road នោះ ក្នុងតម្លៃ ១.៨២ពាន់លានដុល្លារហុងកុង ក្នុងឆ្នាំ ២០១០។ ក្នុងពេលជាមួយគ្នានេះដែរ មហាសេដ្ឋីចិន លោក ចេក ម៉ា (Jack Ma) បានចំណាយប្រាក់ចំនួន ១.៥ ពាន់លានដុល្លារហុងកុង លើផ្ទះប្រណីត លេខ 22, ទំហំ ៩៨៩០ ម៉ែត្រការ៉េ នៅផ្លូវ Barker Road នោះដែរ។
នាង ហ្វាន ដែលបានចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈក្នុងវ័យ១៧ ឆ្នាំ ហើយពេលនេះមានវ័យ៤៣ ឆ្នាំបានទទួលនូវការទទួលស្គាល់ជាអន្តរជាតិ ក្នុងនាមជាតារាសម្តែង, ជាម៉ូដែល, ជាផលិតករទូរទស្សន៍ និងជាតារាចម្រៀង។ នាង ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីឈ្មោះជនមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្ដី Time ក្នុងឆ្នាំ ២០១៧។
នាង បានរក្សាការមិនចេញមុខមាត់នោះទេ ចាប់តាំងពីត្រូវបានផាកពិន័យ ១២៨លានដុល្លារអាមេរិក ពីបទគេចពន្ធ ក្នុងឆ្នាំ ២០១៨។
ថ្មីៗនេះ នាងបាន និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើន និងបានភ្ជាប់ទំនាក់ទំនងជាថ្មី ជាមួយក្រុមអ្នកគាំទ្រដែលតាមដាននាង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Xiaohongshu និង Douyin ជាទីដែលនាងចែករំលែកព័ត៌មានថ្មីៗ អំពីជីវិតរបស់នាងក្នុងនៅហុងកុង៕
ដោយស្រង់សំដីរបស់ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Shouwen ដែលបាននិយាយកាលពីថ្ងៃសៅរ៍ នៅទីក្រុងធានជីន, ក្រសួងពាណិជ្ជកម្ម ចិនបានរាយការណ៍ថា ប្រទេសចិនសម័យទំនើប ដែលមានចំនួនប្រជាជនច្រើនសម្បើម គឺជាឱកាសមួយ, មិនមែនជាការគំរាមកំហែង សម្រាប់សហរដ្ឋអាមេរិកនោះទេ។
កិច្ចពិភាក្សា ដែលអនុរដ្ឋលេខាធិការពាណិជ្ជកម្មអាមេរិក លោកស្រី Marisa Lago ជាសហប្រធាន គឺជាលើកទី២ហើយ ក្នុងឆ្នាំនេះ ដែលមានការចូលរួមពីក្រុមមន្ត្រីទាំងពីរ និងកើតមានឡើង ចំពេលមានភាពតានតឹងខាងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ។
កាលពីដើមសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា អាមេរិកគួរតែលើកលែងពន្ធគយទាំងអស់លើទំនិញចិន នៅមុនពេលការប្រកាសដោយរដ្ឋបាល លោកបៃដិន ស្តីពីការដំឡើងពន្ធដែលគេរំពឹងទុកក្នុងការហូតពន្ធទំនិញដែលផលិតនៅប្រទេសចិន ក្នុងនោះមានទាំងពន្ធរថយន្តអគ្គិសនីផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ភាគីទាំងពីរបានធ្វើការពិភាក្សា “ប្រកបដោយវិជ្ជាជីវៈ សមហេតុផល និងជាក់ស្តែង” ស្តីពីគោលនយោបាយ និងបញ្ហាអាជីវកម្ម ដែលបានលើកឡើងដោយសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ។
ក្រសួងនោះ បានបន្ថែមថា ប្រទេសចិន បានផ្តោតសំខាន់លើការសម្តែងក្តីបារម្ភអំពីបញ្ហាទាំងអស់ ក្នុងមានទាំងបញ្ហាពន្ធរបស់អាមេរិកលើទំនិញរបស់ចិន។ ប្រទេសចិន បានជំទាស់នឹងការអនុវត្តការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគ ក្រោមលេសថាលើសចំណុះ៕
លោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាពីថ្ងៃសៅរ៍ថា នឹងធ្វើឱ្យចំណាយកាន់តែច្រើន សម្រាប់ប្រទេសទាំងឡាយណា ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយបន្ថែមនោះគឺសសរស្តម្ភថ្មីមួយ សម្រាប់ផ្នែកពន្ធគយរបស់គាត់។
នៅឯការជួបជុំឃោសនា១នៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋសមរភូមិ, បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា៖ “អ្នកមិនបាច់ប្រើប្រាក់ដុល្លារទេ ហើយអ្នកក៏នឹងមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិកដែរ ពីព្រោះយើងនឹងហូតពន្ធ ១០០% លើទំនិញរបស់អ្នក” ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោកត្រាំ និងក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ស្តីពីវិធីដាក់ពិន័យលើក្រុមសម្ព័ន្ធមិត្ត ឬក្រុមសត្រូវដែលស្វែងរកមធ្យោបាយសកម្មនានាដើម្បីធ្វើពាណិជ្ជកម្មទ្វេភាគី ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារ។
ក្រុមមនុស្សដែលធ្លាប់ស្គាល់បញ្ហានេះ បានប្រាប់ Bloomberg News ពីមុនមកថា ជម្រើសជាច្រើន គឺមានទាំងការគ្រប់គ្រងការនាំចេញ, ការគិតថ្លៃលើប្រតិបត្តិការរូបិយប័ណ្ណ និងពន្ធគយ។
លោក ត្រាំ ដែលបានទទួលយកគោលនយោបាយពាណិជ្ជកម្មការពារនិយមជាយូរមកហើយ បាននិយាយថា ប្រាក់ដុល្លារ បាន “ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ” អស់កាល៨ឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូង បានពិភាក្សាអំពីការមិនប្រើប្រាក់ដុល្លារ នៅឯជំនួបកំពូល១ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ លោកត្រាំ បាននិយាយថា លោក ចង់ឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ជាការសន្យា១ ដែលលោកបានបញ្ជាក់ជាថ្មីនៅឯការជួបជុំឃោសនា កាលពីថ្ងៃសៅរ៍៕
២៥ឆ្នាំ បន្ទាប់ពីអគារភ្លោះប៉េត្រូណាស (Petronas Twin Towers ) បានក្លាយជាអគារខ្ពស់បំផុតរបស់ពិភពលោក និងកែទម្រង់ផ្ទៃមេឃរបស់ទីក្រុងគូឡាឡាំពួរ, រាជធានីរបស់ប្រទេសម៉ាឡេស៊ីមួយនេះ កំពុងបន្តបន្ថែមអគារអេះមេឃថ្មីៗជាច្រើន ថ្វីបើជាមានមន្ទិលកំពុងកើនឡើងជំវិញកម្រិត នៃតម្រូវការអចលនទ្រព្យក៏ដោយ។
ក្រុងកូឡាឡាំពួរ មានអគារខ្ពស់ៗច្រើនជាងទីក្រុងណាៗទាំងអស់ លើកលែងតែក្រុង៧ ហើយថ្មីៗនេះ ខ្លួនត្រូវបានបន្ថែមអគារមួយទៀត ដែលមានឈ្មោះថា មើដឺកា ១១៨ (Merdeka 118) មានកំពស់ ៦៧៨.៩ ម៉ែត្រ ដែលនឹងសម្ពោធជាសាធារណៈពេញលេញ នៅចុងឆ្នាំនេះ។ កំពូលស្រួចរបស់វា បានជួយឱ្យវាឈ្នះអគារ Shanghai Tower ដើម្បីក្លាយជាអគារខ្ពស់បំផុតទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ។
ជាមួយនឹងចំនួនប្រជាជនប្រមាណ ២លាននាក់នៅក្នុងក្រុង១ ដែលមានទីតាំងការិយាល័យជាច្រើន និងផ្ទះជាច្រើននៅទំនេរ, មានសំណួរកំពុងកើនឡើងជាច្រើន កំពុងចោទសួរពីការរីកសាយនៃអគារខ្ពស់ៗនៅក្នុងរាជធានីម៉ាឡេស៊ីនេះ។ ប៉ុន្តែការសាងសង់បែបនេះ ទំនងជានឹងនៅតែបន្ត ដោយសារតែចំណូលចិត្តរបស់ក្រុមអ្នកវិនិយោគ ក្នុងការស្វែងរកប្រាក់ចំណេញក្នុងអចលនទ្រព្យ ហើយក្រុមអ្នកអភិវឌ្ឍន៍ និងក្រុមមេដឹកនាំនយោបាយ ដែលកំពុងស្វែងរកគម្រោងកម្លាំងជាតិ តាមរយៈការសាងសង់ខ្ពស់”។
ស្ថាបត្យករដែលផ្តោតលើក្រុងដែលរឹងមាំមិនទ្រុធទ្រោម លោក Mustapha Kamal Zulkarnain បាននិយាយថា៖ “បើសិនជាលុយគ្រប់គ្រងហើយ នេះគឺជាអ្វីដែលកើតឡើង។ យើងកំពុងសាងសង់ តែគ្មានអ្នកណាពិនិត្យមើលលើការទាមទារនោះទេ”។
មេដឹកនាំម៉ាឡេស៊ី ក៏បានធ្វើការកត់សំគាល់ផងដែរ។ នៅក្នុងសុន្ទរកថាមួយកាលពីខែមុន នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានជំរុញឱ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើលំនៅដ្ឋានដែលមានតម្លៃធូរថ្លៃ ដូចជាហាង និង ភោជនីយដ្ឋានតូចៗផងដែរ។
លោកនាយករដ្ឋមន្ត្រី បានបន្តថា៖ «យើងមានអគារខ្ពស់ៗជាច្រើនរួចហើយ។ បើសិនវិស័យឯកជន ចង់សាងសង់វា ក៏ធ្វើវាចុះ។ ប៉ុន្តែរដ្ឋាភិបាលមិនធ្វើរឿងនេះ ជាអាទិភាពទៀតទេ»។
ការរីកដុះដាលនេះ បានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់អតីតនាយករដ្ឋមន្ត្រី មហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) ដែលមានបំណងជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងធ្វើឲ្យចែងចាំងជាបស្ចិមប្រទេស។ នៅពេលអគារភ្លោះ ប៉េត្រូណាស ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ ១៩៩៦ តាមពេលវេលារបស់គាត់ ដោយស្ទើរតែល្អជាងប៉ម Sears Tower របស់ក្រុង ឈីកាហ្គោនោះ, នេះជាលើកទី១ក្នុងពេលជាង១សតវត្ស ដែលអគារខ្ពស់បំផុតរបស់ពិភពលោក មិនស្ថិតនៅក្នុងសហរដ្ឋអាមេរិក។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំទីផ្សារ ដែលជាក្រុមពិគ្រោះយោបល់ដែលមានមូលដ្ឋាននៅទីក្រុង Kuala Lumpur លោក Carmelo Ferlito បាននិយាយថា ការប្រើប្រាស់គម្រោងធំៗ គឺដើម្បីបង្ហាញពីអំណាច ” គឺជារឿងធម្មតាសម្រាប់មហាធៀ” ។
អគារ Merdeka 118 ក៏មាននិមិត្តរូបជាតិនិយមនេះផងដែរ។ ការរចនាជាប៉មចង្អៀតដែលមានកញ្ចក់មាន មុមផ្ទៃរាបរាងត្រីកោណ និងរាងពងក្រពើប្រវែង ១៦០ម៉ែត្រ គឺចង់រំលឹកដល់រូបភាពរបស់នាយករដ្ឋមន្ត្រីទី១របស់ប្រទេសម៉ាឡេស៊ី គឺលោក Tunku Abdul Rahman ក្នុងអំឡុងពេលសុន្ទរកថាឆ្នាំ ១៩៥៧ ដែលគាត់បានលើកដៃស្តាំ ហើយស្រែកថា “Merdeka” ឬ ឯករាជ្យ ជាភាសាម៉ាឡេ ដែលបង្ហាញពីការបញ្ចប់ការគ្រប់គ្រងរបស់អង់គ្លេស។
យោងតាមក្រុមហ៊ុន Permodalan Nasional Bhd. ជាក្រុមហ៊ុនវិនិយោគដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល នៅពីក្រោយអគារ Merdeka 118, អគារនេះ គឺមានបំណងដាក់ឱ្យក្រុមហ៊ុនគេស្គាល់នៅលើផែនទីពិភពលោក និងបង្កើតនិមិត្តរូបជាតិថ្មីមួយ។ នៅពេលដែលអគារ Merdeka 118 ត្រូវគេបានប្រកាសក្នុងអំឡុងអាណត្តិនាយករដ្ឋមន្ត្រី លោក Najib Razak ក្នុងឆ្នាំ ២០១០ អ្នកខ្លះបានមើលឃើញថា វាជាមធ្យោបាយមួយ សម្រាប់មេដឹកនាំរូបនោះ មានគំនិតតែ១ដូចគ្នានឹងលោកមហាធៀ ។
ប៉ុន្តែមេធាវីរបស់លោក Najib មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអគារបានដុះឡើង ក្រុមអ្នករៀបចំផែនការទីក្រុង បានមើលឃើញក្រុងគូឡាឡាំពួរ ជាមួយក្តីបារម្ភកាន់តែខ្លាំងឡើង។ ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៨៥០ ជា ក្រុងរុករករ៉ែមួយ, ក្រុងនេះមានអ្នករស់នៅដោយឯករាជ្យត្រឹមតែ ៣០ម៉ឺននាក់ប៉ុណ្ណោះ។ ពួកគេភាគច្រើនរស់នៅក្នុងផ្ទះបឹងហ្គាឡូ លើដីឡូត៍បុគ្គល ដែលហ៊ុំព័ទ្ធដោយព្រៃទឹកភ្លៀង។ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ តំបន់ទាំងនេះជាច្រើន ត្រូវបានលក់ទៅឱ្យក្រុមអ្នកអភិវឌ្ឍន៍ដែលបានសង់ប៉មខ្ពស់ៗ។ ជាលទ្ធផល វាក៏ក្លាយជាទីក្រុងផ្នែកៗដែលមានអគារខ្ពស់ៗ និងផ្សារទំនើបធំៗដែលតភ្ជាប់ដោយបណ្តាញផ្លូវហាយវេដ៏ធំទូលាយ។
លោក Mustapha បាននិយាយថា នេះគឺជា “ការចាត់ចែង នៃការរចនាទីក្រុង” ។
ស្ថាបនិកក្រុមហ៊ុនទិន្នន័យអចលនទ្រព្យ UrbanMetry លោក Cha-Ly Koh បាននិយាយថា ចំនួនប្រជាជនដែលកំពុងកើនឡើងនៅទីក្រុងកូឡាឡាំពួរ បានជំរុញឱ្យមានការសាងសង់អគារខ្ពស់បន្ថែមទៀត ប៉ុន្តែជនជាតិចិនម៉ាឡេស៊ី មានតម្រូវការលំនៅដ្ឋានជាពិសេស ព្រោះអចលនទ្រព្យរបស់ពួកគេ គឺជាឃ្លាំងទ្រព្យសម្បត្តិជាទីពេញចិត្ត។ ការឡើងតម្លៃផ្ទះជាច្រើនទសវត្សរ៍មកនេះ បានជួយពង្រឹងគំនិតនោះ ដោយធ្វើឱ្យអ្នកខ្លះទិញផ្ទះជាច្រើន។ យោងតាមទិន្នន័យជំរឿនឱ្យដឹងថា ផ្ទះជាច្រើន ឥឡូវនេះនៅទំនេរចោល – ផ្ទះមួយក្នុងចំណោមផ្ទះចំនួន ៥ នៅក្នុងប្រទេសម៉ាឡេស៊ី មិនត្រូវបានអ្នកាន់កាប់ទេ គិតត្រឹមឆ្នាំ ២០២០។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តម្លៃផ្ទះបានធ្លាក់ចុះយ៉ាងខ្លាំង ហើយម្ចាស់មិនអាចលក់អាផាតមិនរបស់ពួកគេ កំពុងជួបនឹងបញ្ហាបំណុល។ យ៉ាងណាមិញ អគារថ្មីៗ នៅបន្តសាសង់បន្ថែមទៀត។
ពាក់ព័ន្ធនឹងការបន្តការសាងសង់ ថ្វីបើមានការឆ្លាក់ចុះនៃប្រាក់ចំណូលពីអចលនទ្រព្យក៏ដោយ, លោក Ferlito បាននិយាយថា៖ “សូម្បីតែចំពោះខ្ញុំក៏ដោយ វាគឺជាអាថ៌កំបាំងមួយ” ។
នាយកប្រតិបត្តិនៃភ្នាក់ងារអចលនវត្ថុនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Rahim & Co លោក Siva Shanker បាននិយាយថា នៅក្នុងផ្នែកពាណិជ្ជកម្ម ដែល១/៣ នៃការិយាល័យ គឺនៅទំនេរ ហើយក៏មិនមានក្រុមអ្នកជួល គ្រប់គ្រាន់ដើម្បីបំពេញការផ្គត់ផ្គង់ផងដែរ។ សូម្បីតែ ទីផ្សារដែលមានក្រុមហ៊ុនច្រើន ក៏កពូងរុះរើរវាងអគារនិងះគារដែរ។
នៅក្នុងអគារ Merdeka 118, ក្រុមហ៊ុន PNB នឹងកាន់កាប់ផ្នែកធំ១នៃជាន់ជាច្រើន។ អគារនេះ ក៏មានឈ្មោះធានាគារ Malayan Banking Bhd ជាម្ចាស់ប្រាក់កម្ចីធំបំផុតរបស់ប្រទេសនេះ— ដែលរាប់ជាមូលនិធិដែលមានទំនាក់ទំនងជាមួយរដ្ឋ ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេខ្លះ និងក្នុងនាមជាអ្នកជួលធំ។ ក្រុមហ៊ុន PNB បានយល់ព្រមបង់ប្រាក់ការថែទាំទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់ធនាគារនោះ១០ឆ្នាំ ក្នុងចំណោមការចំណាយផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរទីតាំង។
ក្រុមហ៊ុន PNB បាននិយាយថា ខ្លួនកំពុងស្វែងរកក្រុមអ្នកជួលសម្រាប់ ទីតាំងការិយាល័យរបស់ខ្លួនដែលនៅសេសសល់៣០%។ អគារ Merdeka 118 ក៏នឹងមានសណ្ឋាគារមួយ និងការិយាល័យសង្កេតការណ៍១ផងដែរ ខណៈជុំវិញរបស់វា មានផ្សារទំនើបប្រណីត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ,ក្រុមហ៊ុន PNB បាននិយាយថា៖ “Merdeka 118 គឺឆ្ពោះទៅរកការបង្កើតឥទ្ធិពលជាវិជ្ជមានលើសហគមន៍ជុំវិញដោយការលើកកម្ពស់លទ្ធភាពនៃការរស់នៅ, ការដើរបាន និងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់” ។
លោក Ferlito និយាយថា ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនេះ អាចបន្តសាងសង់បានដោយមិនខ្វល់ពីកម្លាំងទីផ្សារ និងការផ្គត់ផ្គង់លើសតម្រូវការរបស់ទីផ្សារអចលនទ្រព្យនោះទេ។ យ៉ាងហោចណាស់ ពាក់កណ្តាលនៃអគារខ្ពស់បំផុតទាំង ១០ របស់ទីក្រុងគូឡាឡាំពួ ដែលអគារខ្លះនៅកំពុងសាងសង់នៅឡើយ សុទ្ធតែមានទំនាក់ទំនងរវាងរដ្ឋាភិបាលខ្លះ។
ក្រុមអ្នកវិភាគនិយាយថា ការធ្លាក់ទីផ្សារទំនងជាមិនកើតឡើងនោះទេ ព្រោះម្ចាស់លំនៅដ្ឋាន ពេញចិត្តកាន់កាប់ជាជាងលក់ហើយទទួលការខាតបង់ ខណៈអគារការិយាល័យធំ ៗ ជាច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ហើយមូលនិធិ អាចទប់ទល់នឹងការធ្លាក់ចុះជាច្រើនឆ្នាំ។
យោងតាមលោក Ferlito បានឱ្យដឹងថា ការគាំទ្រចំពោះរឿងនេះ គឺជាទំនោររបស់ប្រទេសម៉ាឡេស៊ី សម្លឹង ទៅរកមជ្ឈឹមបូព៌ា ជាគំរូ។ អគារជាច្រើន ក្លាយជាមធ្យោបាយមួយនៃ “ការបង្ហាញឆន្ទៈ ដើម្បីអំណាច”៕
ក្រុមអ្នកធ្វើគោលនយោបាយរបស់ធានាគារសហព័ន្ធកាលពីថ្ងៃសុក្រទី៦ កញ្ញា បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយអត្រាការប្រាក់ នៅឯកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងរយៈពេល២សប្តាហ៍ទៀត ដោយម្នាក់ក្នុងចំណោមពួកគេនិយាយថា គាត់អាចគាំទ្រការកាត់បន្ថយជាបន្ត ឬកាត់បន្ថយកាន់តែធំ ចំពោះការចំណាយលើប្រាក់កម្ចី បើសិនជាទីផ្សារការងារដែលមានបញ្ហាត្រូវការការគាំទ្រ។
នៅឯព្រឹត្តិការណ៍ក្រុមប្រឹក្សាទំនាក់ទំនងបរទេសមួយ លោក John Williams ប្រធានធនាគារកណ្តាលក្រុងញូវយ៉ក បាននិយាយថា៖ “ឥឡូវនេះ វាសមស្របក្នុងការកាត់បន្ថយកម្រិត នៃការរឹតបន្តឹង នៃគោលជំហរគោលនយោបាយ ដោយកាត់បន្ថយត្រង់រង្វង់គោលដៅ សម្រាប់អត្រាមូលនិធិសហព័ន្ធ” ថ្វីបើថា ប៉ុន្មាន និងក្នុងល្បឿនណា គឺនៅតែមិនទាន់ដឹងនៅឡើយ។
ថ្លែងនៅឯសាកលវិទ្យាល័យ Notre Dame, លោក Christopher Waller ទេសាភិបាលធនាគារកណ្តាល បានបន្ថែមតែបន្តិចប៉ុណ្ណោះ។
លោក Waller បាននិយាយថា៖ “បើសិនទិន្នន័យនោះ គាំទ្រការកាត់បន្ថយនៅឯកិច្ចប្រជុំជាប់ៗគ្នា, នោះខ្ញុំជឿថាវានឹងជាការសមស្រម ក្នុងការកាត់បន្ថយនៅឯកិច្ចប្រជុំជាប់ៗគ្នានោះ”។ “បើសិនជាទិន្នន័យន៉ បង្ហាញពីតម្រូវការសម្រាប់ការកាត់បន្ថយកាន់តែធំ, នោះខ្ញុំនឹងគាំទ្រវាផងដែរ។ ខ្ញុំក៏ជាអ្នកតស៊ូមតិដ៏ធំមួយនៃការដំឡើងអត្រាការប្រាក់ កាលដែលអតិផរណាបានកើនឡើងក្នុងឆ្នាំ ២០២២ ហើយខ្ញុំក៏នឹងក្លាយជាអ្នកតស៊ូមតិម្នាក់ ក្នុងការកាត់បន្ថយអត្រានេះ បើសិនជា នោះជាការសមរម្យ។
សុន្ទរកថានោះ បានបន្សល់ទុកនូវមន្ទិលសង្ស័យតិចតួចថា ក្រុមធនាគារិកកណ្តាលអាមេរិក បានបើកទំព័រគោលនយោបាយរូបិយវត្ថុនេះហើយ ដោយបំពេញការផ្លាស់ប្តូររបស់ពួកគេទៅកាន់ការផ្តោត១ លើការថែរក្សាការងារ ហើយផ្តោតតិចតួចលើការទម្លាក់អតិផរណា។ ពេលនេះ ធនាគារកណ្តាល ត្រូវបានរំពឹងទុកជាទូទៅថា នឹងកាត់បន្ថយអត្រាគោលនយោបាយរបស់ខ្លួន ដែលបច្ចុប្បន្នស្ថិតនៅក្នុងចន្លោះពី ៥.២៥ ទៅ ៥.៥% នៅឯកិច្ចប្រជុំរបស់ខ្លួនពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ដែលជាការរំពឹងទុកមួយ ដែលប្រធានធនាគារសហព័ន្ធ លោក Jerome Powell បានបរៀបចំកាលពី២សប្តាហ៍មុន នៅពេលដែលលោកបាននិយាយថា៖ “ពេលវេលាបានមកដល់ហើយ” ដើម្បីបន្ធូរបន្ថយគោលនយោបាយ ដោយសារតែវឌ្ឍនភាពលើអតិផរណា និងមានបញ្ហានៅក្នុងទីផ្សារការងារ។
លោក Waller បានបន្ទរពីលើឃ្លារបស់ Powell ដោយថ្លែងថា៖ “វាទំនងថា ការកាត់បន្ថយជាបន្តបន្ទាប់នឹងជាការសមស្រប”។
ទិន្នន័យដែលបានចេញផ្សាយមុននេះកាលពីថ្ងៃសុក្រ បានបង្ហាញថា កំណើនការងារប្រចាំខែ មានជាមធ្យមមាន ១១៦,០០ ក្នុងរយៈពេលពីខែមិថុនា ដល់ខែសីហា ទាបជាងអ្វីដែលក្រុមអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា ត្រូវការបំពេញតម្រូវការកំណើនការងារ ត្រូវការចំនួនប្រជាជនដែលកំពុងកើនឡើង។
ខណៈដែលទិន្នន័យបង្ហាញពីភាពទនើភ្លន់ ប៉ុន្តែមិនទ្រុឌទ្រោម ហើយសេដ្ឋកិច្ច មើលទៅមិនឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចនោះ, លោក Waller បាននិយាយថា៖ “បណ្តុំនៃទិន្នន័យបច្ចុប្បន្ន លែងត្រូវការការអត់ធ្មត់ទៀតហើយ, វាទាមទារឱ្យមានវិធានការ”។
ទាំងលោក Williams និងលោក Waller ក៏បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយអតិផរណា ផងដែរ ដោយ Waller បាននិយាយថា ពេលនេះ វាស្ថិតនៅលើ “ផ្លូវត្រូវ”ហើយ ដើម្បីទៅដល់គោលដៅ ២%របស់ ធនាគារកណ្តាលអាមេរិក៕
នាយករដ្ឋមន្រ្តីថៃដែលទើបតែងតាំងថ្មីលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានប្តេជ្ញាជំរុញទៅមុខជាមួយនឹងផែនការជំរុញសាច់ប្រាក់ដ៏ចម្រូងចម្រាសចំនួន ១៤ពាន់លានដុល្លារ ខណៈដែលគណៈរដ្ឋមន្ត្រីរបស់លោកស្រី បានបញ្ចប់ប្លង់មេ១ ដើម្បីរំដោះប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ ចេញពីរយៈពេលដ៏យូរនៃកំណើនទាប និងបំណុលគ្រួសាររ៉ាំរ៉ៃ។
លោកជំទាវ ផែថងថាន ដែលបានស្បថចូលកាន់តំណែងរួមជាមួយគណៈរដ្ឋមន្ត្រី៣៥ កាលពីថ្ងៃសុក្រ ទៅ៦ កញ្ញា នឹងបង្ហាញសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកជំទាវ ទៅកាន់សភានៅសប្តាហ៍ក្រោយ។ គេបានរំពឹងថា នឹងបង្ហាញព័ត៌មានលម្អិតនៃធ្វើអំណោយសាច់ប្រាក់ដែលបានពន្យារពេលជាយូរមកហើយ និងរបៀបវារៈរបស់រដ្ឋបាលរបស់លោកជំទាវ ដើម្បីលើកកម្ពស់ទេសចរណ៍ និងការវិនិយោគបរទេស។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកជំទាវ ផែថងថាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលនឹងធានាថា កម្មវិធីកាបូបឌីជីថល ដែលសន្យាថានឹងផ្តល់ប្រាក់ ១ម៉ឺនបាត ដល់ពលរដ្ឋ ពេញវ័យថៃប្រហែល ៥០ លាននាក់ នឹងគោរពតាមច្បាប់។ យោងតាមក្រុមមន្ត្រី ឱ្យដឹងថា មនុស្សប្រហែល ១៤.៥ លាននាក់ ក្នុងនោះមានទាំងជនពិការ១លាននាក់ អាចត្រូវបានទូរទាត់នៅក្នុងដំណាក់កាលដំបូង នៃកម្មវិធីនេះ នៅក្នុងខែកញ្ញា បន្ទាប់ពីមេដឹកនាំថ្មីរូបនេះ បានបញ្ជាឱ្យពិនិត្យសារឡើងវិញលើផែនការនេះ។
លោកជំទាវ ផែថងថាន វ័យ៣៨ ឆ្នាំ គឺជាមេដឹកនាំក្មេងបំផុតរបស់ប្រទេសថៃ និងត្រូវបានជ្រើសតាំងដោយសភាកាលពីខែមុន ដើម្បីដឹកនាំរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ និងគាំទ្រដោយក្រុមអភិរក្សនិយម។ ការឡើងកូដរបស់លោកជំទាវ បានកើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោកស្រេថា ថាវីស៊ីន ត្រូវបានតុលាការបណ្តេញចេញពីតំណែង បទរំលោភក្រមសីលធម៌។
លោកជំទាវ ផែថងថាន កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យគណរដ្ឋមន្ត្រីរបស់លោកជំទាវ បន្តនូវគោលនយោបាយខ្លះ ដែលបានអនុវត្តដោយរដ្ឋការរបស់លោក ស្រេតថា ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញទេសចរណ៍ លើកតម្លៃទំនិញកសិកម្ម និងទប់ទល់នឹងការគំរាមកំហែងពីទឹកជំនន់តាមរដូវ។
ប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ត្រូវបានគេព្យាករថា នឹងកើនឡើង ២,៥%ក្នុងឆ្នាំនេះ ទាបជាងប្រទេសជិតខាងឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ដែលឡើងពី ៥ ទៅ ៦%។ សេដ្ឋកិច្ចថៃ បានកើនឡើងជាមធ្យម ១,៩% ក្នុងទសវត្សរ៍មុន ក្រោមរដ្ឋាភិបាលដែលគាំទ្រដោយយោធា ហើយឥឡូវនេះត្រូវបានរារាំងដោយការកើនឡើង នៃបន្ទុកបំណុលសាធារណៈ និងបំណុលគ្រួសារ, ការនាំចេញធ្លាក់ចុះ ហើយការចំណាយនៃការរស់នៅខ្ពស់។
លោកជំទាវ ផែថងថាន ដែលជាកូនស្រីពៅរបស់អតីតមេដឹកនាំ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏អាចនឹងបង្ហាញជំហរច្បាស់លាស់របស់រដ្ឋាភិបាលលោកជំទាវ អំពីរបៀបគ្រប់គ្រងឧស្សាហកម្មកញ្ឆា ដែលគេឃើញផ្លាស់ប្តូរគោលនយោបាយជាច្រើន នៅពេលលោកស្រី បង្ហាញសេចក្តីថ្លែងការណ៍គោលនយោបាយ។ ក្រៅពីនេះ លោកជំទាវ ក៏ត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវផែនទីបង្ហាញផ្លូវ១ ដើម្បីដាក់កាស៊ីណូឲ្យស្របច្បាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលចំណាយខ្ពស់។
សមាជិកទី៣ នៃត្រកូលស៊ីណាវ៉ាត្រា ដ៏មានឥទ្ធិពល ដើម្បីដឹកនាំប្រទេសថៃ លោកជំទាវ ផែថងថាន បាននិយាយថា លោកថាក់ស៊ីន នឹងមិនជ្រៀតជ្រែក ក្នុងការដឹកនាំរដ្ឋាភិបាលរបស់លោកជំទាវទេ ទោះបីជាលោកជំទាវ អាចឱ្យលោក ដើម្បីផ្តល់ដំបូន្មានម្តងម្កាលក៏ដោយ។
លោកជំទាវ ផែថងថាន ក៏ប្រឈមមុខនឹងបញ្ហានៃការថែរក្សាសម្ព័ន្ធភាព នៃគណបក្សអភិរក្សនិយម និងគណបក្សរាជានិយម ផងដែរ ខណៈដែលកំពុងធានាដល់ក្រុមអ្នកវិនិយោគថា លោកស្រី អាចទាក់ទាញការវិនិយោគបរទេស មកក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងជួយទ្រទ្រង់ការស្តារសេដ្ឋកិច្ចដែលផុយស្រួយ១ឡើងវិញ៕
ផលិតផលរបស់ប្រទេសជប៉ុន មានចាប់ពីរថយន្ត រហូតដល់ស្រាបៀរ, ស្រាវីស្គី និងសម្លៀកបំពាក់ បាននិងកំពុងទទួលបានប្រជាប្រិយភាពកើនឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយកំពុងបានស្ទុះងើបឡើងវិញពីការធ្វើពហិការរបស់ក្រុមអ្នកប្រើប្រាស់កាលពីឆ្នាំ ២០១៩ នៅពីក្រោយការកែលម្អទំនាក់ទំនងទ្វេភាគី និងតម្លៃប្រាក់យ៉េនថោកជាង។
ការលក់ប្រចាំខែរបស់រថយន្តជប៉ុន ក្នុងនោះមានទាំង Toyota Motor និង Lexus បានហក់ឡើង ៣១% ក្នុងខែសីហា ធៀបនឹងឆ្នាំមុន ដោយទទួលការកើនឡើងពីវិបត្តិសមត្ថភាពរបស់គូប្រជែង Hyundai Motor និងចំណូលចិត្តរបស់ក្រុមអ្នកប្រើប្រាស់ ដែលងាកចេញពីរថយន្តអគ្គិសនីដែលចេះតែផ្ទុះឆេះ។
ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយ៉ុល (Yoon Suk Yeol) ដែលបានជ្រើសរើសការកែប្រែ ទំនាក់ទំនង ជាមួយប្រទេសជប៉ុនជាអាទិភាព ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០២២ មានជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងសេអ៊ូល នៅថ្ងៃសុក្រ។
ការលក់ផលិតផលជប៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលការរារាំងក្នុងឆ្នាំ ២០១៩ នៅពេលដែលមនោសញ្ចេតនាប្រឆាំងជប៉ុន បានផ្ទុះឡើងបន្ទាប់ពីទីក្រុងតូក្យូបានទប់ស្កាត់ការនាំចេញជាប់ៗគ្នា ជុំវិញការបង្ខំឲ្យធ្វើពលកម្មក្នុងសម័យសង្គ្រាម។ ប្រទេសទាំងពីរ មានប្រវត្តិសាស្រ្តដ៏ជូរចត់ដូចគ្នា ដែលក្នុងនោះមានទាំងអាណានិគមរបស់ជប៉ុន ចន្លោះឆ្នាំ ១៩១០-៤៥ លើឧបទ្វីបកូរ៉េ។
ការស្ទង់មតិថ្មីៗ១ បានបង្ហាញថា ៥៧%នៃក្រុមអ្នកឆ្លើយសំណួរកូរ៉េខាងត្បូងចន្លោះវ័យ ២០ឆ្នាំ និង ៣០ ឆ្នាំ បាននិយាយថា ពួកគេមានទស្សនៈល្អចំពោះប្រទេសជប៉ុន បើធៀបនឹង ១០% ដែលនិយាយដូចគ្នាថា គាំទ្រផលិតផលរបស់ចិន។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអ្នកប្រើប្រាស់នៅសាកលវិទ្យាល័យ Sungkyunkwan លោក Seonglim Lee បាននិយាយថា៖ “អរិភាពជាសាធារណៈចំពោះប្រទេសជប៉ុន លែងមានទៀតហើយ ដោយសារអត្ថប្រយោជន៍ផលិតផលសេដ្ឋកិច្ច និងដំណើរទេសចរណ៍របស់ប្រទេសជប៉ុន” ៕