មន្ត្រីតុលាការ១រូប និងមេធាវីរបស់គាត់បាននិយាយកាលពីថ្ងៃសុក្រថា ប្រមុខប្រតិបត្តិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចព័ត៌មានឧបករណ៍ពាក់កណ្តាលចម្លងកំដៅ (បន្ទះឈីប) ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung Electronics ត្រូវបានឃុំខ្លួនម្តងទៀត ពីចោទប្រកាន់ថ្មីៗជាច្រើន ពាក់ព័ន្ធនឹងការលួចបច្ចេកវិទ្យាកែច្នៃបន្ទះឈីប។

មន្ត្រីតុលាការម្នាក់ដែលសុំមិនផ្តល់ព័ត៌មានលម្អិតបន្ថែមបាននិយាយថា តុលាការកណ្តាលក្រុងសេអ៊ូល បានចេញដីកាឃុំខ្លួន លោក ឆយ ជីនសឹក (Choi Jinseog) កាលពីថ្ងៃព្រហស្បតិ៍ ដោយសារក្តីបារម្ភថាលោកគឺជាហានិភ័យការបញ្ចេញព័ត៌មាននេះ

លោកឆយ ជាអតីតប្រមុខប្រតិបត្តិក្រុមហ៊ុន Samsung ដែលបើកគម្រោងអាជីវកម្មផលិតបន្ទះឈីប នៅក្នុងប្រទេសចិន បានទទួលរងនូវការកាត់ទោសពីបទចារកម្មឧស្សាហកម្មដ៏លេចមុខមាត់ម្តងរួចទៅហើយ តាំងពីខែកក្កដា ឆ្នាំ២០២៣ និងត្រូវបានចាប់ខ្លួន និងត្រូវដោះលែងឱ្យនៅក្រៅឃុំដោយបង់ប្រាក់ធានាកាលពីខែវិច្ឆិកាឆ្នាំមុន។ កាលណោះ លោក ​បាន​បដិសេធចំពោះរាល់​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

បច្ចេកវិទ្យាដំណើរការបន្ទះឈីប DRAM 20-nanometer របស់ក្រុមហ៊ុន Samsung ត្រូវបានបែកធ្លាយទៅប្រទេសចិន

មេធាវីរបស់ ឆយ លោក គីម ពិលស៊ុង (Kim Pilsung) បានប្រាប់រ៉យទ័រថា ពេលនេះ គាត់ប្រឈមនឹងការចោទប្រកាន់ថ្មីៗពីបទពាក់ព័ន្ធក្នុងការលួចព័ត៌មានទាក់ទងនឹងដំណើរការបន្ទះឈីប DRAM 20-nanometer ពីក្រុមហ៊ុន Samsung ទៀត។ លោក គីម បាននិយាយថា កូនក្តីរបស់លោក បានបដិសេធរាល់ការប្រព្រឹត្តខុស និងបដិសេធរាល់ព័ត៌មាន ដែលត្រូវបានចោទប្រកាន់ពីបទលួច គឺថាគេអាចរកបានជាសាធារណៈ។

មេធាវី​របស់​លោក ​បាន​និយាយ​ថា លោក ឆយ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ជុំវិញ​ការ​ចោទ​ប្រកាន់​ថ្មី​នេះ​ទេ។

ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

នៅក្នុងករណីដែលគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់កូរ៉េខាងត្បូងដើម្បីបង្ក្រាបលើចារកម្មឧស្សាហកម្ម និងដើម្បីពន្យឺតការីកចម្រើនរបស់ចិនក្នុងការផលិតបន្ទះឈីបនោះ, លោក ឆយ ត្រូវបានចោទប្រកាន់នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ពីបទព្យាយាមសាងសង់រោងចក្រផលិតបន្ទះឈីបចម្លង១ នៅក្នុងប្រទេសចិនជាមួយនឹងព័ត៌មានរសើប ដែលក្រុមហ៊ុន Samsung បង្កើតឡើង។

វិស្វករ​ដែល​ទទួល​បាន​ពាន​រង្វាន់រូប​នេះ ​ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​តារា១ដួង ​ក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីប​របស់​កូរ៉េ​ខាង​ត្បូង។ បន្ទាប់ពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានា លោក ឆយ បានប្រាប់រ៉យទ័រកាលពីខែមេសាថា ក្រុមប៉ូលិសកំពុងស៊ើបអង្កេតរូបលោក និងអតីតបុគ្គលិករបស់លោកម្នាក់ ជាអតីតបុគ្គលិក Samsung ជុំវិញការចោទប្រកាន់ថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាដំណើរការបន្ទះឈីបរបស់ ក្រុមហ៊ុន Samsung ៕

យោងតាមសមាគមឧស្សាហកម្មបន្ទះឈីបពិភពលោក SEMI បានឱ្យដឹងថា ប្រទេសចិន នៅតែជាទីផ្សារដ៏ធំបំផុត និងរីកចម្រើនបំផុតរបស់ពិភពលោកសម្រាប់ឧបករណ៍ផលិត បន្ទះឈីប នៅក្នុងត្រីមាសទីពីរ ខណៈដែលប្រទេសនេះ ជំរុញឱ្យមានបច្ចេកវិទ្យាគ្រប់គ្រាន់ដោយខ្លួនឯង ចំពេលមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។

នៅក្នុងត្រីមាសខែមិថុនានេះ ប្រទេសចិន បានទិញឧបករណ៍ផលិតបន្ទះឈីប ក្នុងនោះមានទាំងឧបករណ៍សម្រាប់ដំណើរការក្រេក (crack), ឧបកណ៍បង្គុំ, ឧបកណ៍វេចខ្ចប់, និងឧបកណ៍ធ្វើតេស្ត បានកើនឡើង ៦២%ពី១ឆ្នាំទៅ១ឆ្នាំ ដែលគិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ។

អ្នកវិទ្យាសាស្ត្រចិន ធ្វើការជាមួយឧបករណ៍ផលិតបន្ទះឈីប ដែលខ្លួនព្យាយាមធ្វើឲ្យបាន

តម្រូវការឡើងខ្ពស់នៅក្នុងប្រទេសចិន បានជួយបង្កើនប្រាក់ចំណូលទូទាំងពិភពលោកពីឧបករណ៍ ពាក់កណ្តាលចម្លងកំដៅ ចំនួន ៤% ដល់ ២៦.៨ ពាន់លានដុល្លារ ថ្វីបើការលក់ធ្លាក់ចុះនៅក្នុងទីផ្សារធំៗ ក្នុងនោះមានទាំងកូរ៉េខាងត្បូង តៃវ៉ាន់ និងអាមេរិកខាងជើងក៏ដោយ។ ប្រទេសជប៉ុន ដែលជាប់ចំណាត់ថ្នាក់ជាទំហំទីផ្សារទី៥ បានកត់ត្រាការកើនឡើងនៃប្រាក់ចំណូល៦% ស្មើនឹង ១.៦ ពាន់លានដុល្លារ។

នាយកប្រតិបត្តិ និងជាប្រធាន SEMI លោក Ajit Manocha បាននិយាយថា៖ “ទីផ្សារឧបករណ៍ ពាក់្ណញតាលចម្លងកំដៅនេះ បានត្រលប់មកកាន់កំណើនវិញ ដោយសារការវិនិយោគជាយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់តម្រូវការដ៏រឹងមាំ សម្រាប់បច្ចេកវិទ្យាទំនើបៗ និងតំបន់ជាច្រើន ដែលកំពុងស្វែងរកការពង្រឹងប្រព័ន្ធអេកូផលិតបន្ទះឈីបរបស់ពួកគេ” ។

សន្ទុះនេះ គ្រោងនឹងបន្តនៅក្នុងពេលវេលាដែលសេសសល់នៃឆ្នាំនេះ និងឆ្នាំក្រោយ ដោយ SEMI ព្យាករថានឹងកើនឡើង ៣.៤% នៃការលក់ជាសាកលពេញ១ឆ្នាំ ២០២៤ ទៅដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ១០៩ពាន់លានដុល្លារអាមេរិក បន្ទាប់មកការពង្រីកដ៏ខ្លាំងក្លាប្រមាណា ១៧% ក្នុងឆ្នាំ ២០២៥ ។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រុមនោះ ក្នុងខែកក្កដា ឱ្យដឹងថា SEMI រំពឹងថា ប្រទេសចិន នឹងរក្សាតំណែងកំពូលរហូតដល់ឆ្នាំ ២០២៥ ទោះបីជាប្រទេសនេះ អាចបញ្ជាក់ពីការទិញធ្លាក់ចុះ បន្ទាប់ពីការវិនិយោគសំខាន់ៗក្នុង ពេល៣ឆ្នាំកន្លងទៅក្តី។

តម្រូវការកំពុងកើនឡើងរបស់ប្រទេសចិន សម្រាប់ឧបករណ៍ផលិតបន្ទះឈីប ដែលដោយសារក្រុងប៉េកាំងជំរុញឲ្យមានការកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេសនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរ ដែលអាចរារាំងបន្ថែមទៀតដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន។

វ៉ាស៊ីនតោន បានចាប់ផ្តើមរាំងខ្ទប់ការដឹកជញ្ជូនពីក្រុមហ៊ុនបន្ទះឈីបយក្សហូឡង់ ASML ទៅកាន់ប្រទេសចិនក្នុងដើមឆ្នាំ ២០១៨ ហើយនៅក្នុងខែមករាឆ្នាំនេះ ប្រទេសហូឡង់ បានដកហូតអាជ្ញាប័ណ្ណនាំចេញដែលបានអនុញ្ញាតឱ្យ ASML ដឹកជញ្ជូនទៅកាន់ប្រទេសចិននូវម៉ាស៊ីន NXT: 2000i និងឧបករណ៍កម្រិតខ្ពស់ផ្សេងទៀត ដែលគាំទ្រការផលិត ដើម្បីដំណើរការ 7-nanometer និង 5-nm កម្រិតខ្ពស់។

យោងតាមរបាយការណ៍របស់ Bloomberg កាលពីខែមុន ឱ្យដឹងថា ក្រោមសម្ពាធរបស់អាមេរិក, រដ្ឋាភិបាលហូឡង់ បាននឹងកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀតលើសមត្ថភាពរបស់ ASML ក្នុងការជួសជុល និងថែទាំឧបករណ៍បំពាក់ wafer fab កម្រិតខ្ពស់របស់ខ្លួនដែលបានដំឡើងរួចហើយនៅក្នុងប្រទេសចិន។

ចិនដីគោក នៅបន្តជាទីផ្សារធំបំផុតរបស់ ASML ។ ប្រទេសនេះ បានចំណាយប្រាក់ទិញពីក្រុមនេះ ចំនួនជិតពាក់កណ្តាលនៃប្រព័ន្ធលក់សុទ្ធរបស់ក្រុមហ៊ុន គឺ ៤.៨ ពាន់លានអឺរ៉ូ (៥.៣ ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទីពីរ៕

ប្រទេសចិន កំពុងច្របាច់បញ្ចូលគ្នានូវឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋដ៏ធំបំផុត២របស់ខ្លួន ដើម្បីបង្កើតជាចតុបាទយក្សថ្មីមួយ ខណៈខ្លួនស្វែងរកការបង្រួមចូលគ្នាលើផ្នែកដែលមានទឹកប្រាក់ $១.៧ ពាន់ពាន់លាន និងដើម្បីសាងធនាគារវិនិយោគដ៏កាន់តែរឹងមាំជាច្រើន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនហិរញ្ញវត្ថុនៅបរទេស។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ទាំង២​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឱ្យដឹងថា ក្រមហ៊ុន Guotai Junan Securities Co. នឹងរួម​បញ្ចូល​គ្នា​ជាមួយក្រុមហ៊ុន​តូច​ជាង Haitong Securities Co. តាម​រយៈ​ការ​ដោះដូរ​ភាគហ៊ុន។ ការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរនេះ ដែលមួយផ្នែកគ្រប់គ្រងដោយរដ្ឋបាលទ្រព្យសម្បត្តិរដ្ឋរបស់ក្រុងសៀងហៃ នឹងបង្កើតអង្គភាពថ្មីមួយដែលមានទ្រព្យសកម្ម ១.៦ ពាន់ពាន់លានយួន (២៣០ពាន់លានដុល្លារ) ដោយបន្ថែមពីលើក្រុមហ៊ុនមូលប័ត្រ Citic Securities Co. ក្នុងនាមជាឈ្មួញកណ្តាលដ៏ធំបំផុត។

ការ​ច្របាច់​បញ្ចូល​គ្នា​នេះ ​កំពុង​រង់ចាំ​ការ​អនុម័ត​ពី​ក្រុមប្រឹក្សាភិបាល និង​ក្រុមម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន ទាំងនោះ ក៏ដូចជាក្រុម​អាជ្ញាធរ​បទប្បញ្ញត្តិផងដែរ។

កិច្ចព្រមព្រៀងនេះ កើតឡើង១ឆ្នាំបន្ទាប់ពីប្រធានាធិបតី ចិន ស៊ី ជិនពីង បានជំរុញឱ្យនិយតករហិរញ្ញវត្ថុលើកទឹកចិត្តធនាគារវិនិយោគលំដាប់កំពូលខ្លះ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនមកពី Wall Street ដែលពង្រីកខ្លួននៅក្នុងប្រទេសចិន។ ភាគហ៊ុនរបស់ឈ្មួញកណ្តាលក្នុងស្រុកទាំងអស់ បានកើនឡើងកាលពីព្រឹកថ្ងៃសុក្រ។

យោងតាមទិន្នន័យផ្លូវការ ឱ្យដឹងថា ស្ថាប័នឃ្លាំមើលមូលបត្ររបស់ប្រទេសចិន ក៏បានសម្តែងនូវការគាំទ្ររបស់ខ្លួនសម្រាប់ការច្របាច់បញ្ចូលគ្នា ជាមួយនឹងគោលដៅនៃការមានធនាគារវិនិយោគពី ២ ទៅ ៣ ដែលអាចប្រកួតប្រជែងជាសកលនៅឆ្នាំ ២០៣៥ បាន។ ប្រទេសចិន មានក្រុមហ៊ុនមូលបត្រប្រហែល ១៤៥ នៅដំណាច់ឆ្នាំ ២០២៣ ជាមួយនឹងទ្រព្យសម្បត្តិរួមបញ្ចូលគ្នាចំនួន ១១.៨ ពាន់ពាន់លានយួន។

អគារបូលបត្រ ​នៅក្រុងសៀងហៃ នៃក្រមហ៊ុន Guotai Junan Securities Co.ត្រូវបានច្របាច់បញញចូលគ្នាជាមួយក្រុមហ៊ុន Haitong Securities Co. ដើម្បីក្លាយជាផ្សារមូលប័ត្រយក្ស

យោងតាមសេចក្តីថ្លែងការណ៍នោះ ឱ្យដឹងថា៖ “ការរួមបញ្ចូលគ្នានេះ គឺអំណោយផលដល់ការកសាងធនាគារវិនិយោគលំដាប់ទី១ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មនេះ” ។

ផ្នែកនេះ ត្រូវបានរារាំងដោយការធ្លាក់ចុះនៃកិច្ចព្រមព្រៀងរកស៊ី និងទីផ្សារមូលធនធ្លាក់ចុះ ខណៈផ្សារភាគហ៊ុន កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយ។ ប្រាក់កម្រៃ បានធ្លាក់ចុះក្នុងរយៈពេល១-២ឆ្នាំចុងក្រោយនេះ ហើយទស្សនវិស័យសម្រាប់ប្រាក់ចំណូល នៅតែមិនល្អ បន្ទាប់ពីឧស្សាហកម្មធុនធ្ងន់ China International Capital Corp. និងផ្សារមូលបត្រ Citic Securities បានប្រកាសពីការធ្លាក់ចុះនៅក្នុងលទ្ធផលឆមាសទី១។

ក្រុមហ៊ុន Haitong ដែលមានតម្លៃ ១០៦ពាន់លានដុល្លារហុងកុង (១៣.៦ ពាន់លានដុល្លារ) នៅក្នុងទីក្រុងហុងកុង បានរាយការណ៍ពីការថយចុះប្រាក់ចំណេញ ៧៥% សម្រាប់ឆមាសទី១ ខណៈដែលភាគហ៊ុនរបស់ខ្លួន ធ្លាក់ចុះ ១២% ក្នុងឆ្នាំនេះ។

ក្រុមហ៊ុន Hua Chuang Securities បាននិយាយនៅក្នុងរបាយការណ៍មួយថា៖ “ការរួមបញ្ចូលគ្នានេះនឹងមានជាសក្តានុពលជួយដោះស្រាយ” កង្វល់អាជីវកម្មរបស់ Haitong ។ ក្រុមហ៊ុននេះ បាននិយាយថា៖ “គុណភាពរួមនៃទ្រព្យសកម្មមូលដ្ឋាន គឺមិនមានសុខភាពល្អទេ ដែលនឹងនាំឱ្យមានការវាយតម្លៃទាបផងដែរ។ ការរួមបញ្ចូលគ្នានេះ ក៏អាចនាំឱ្យមានការកាត់បន្ថយការងារជាមួយនឹងឧស្សាហកម្មនេះផងដែរ ព្រោះវាបានរងគ្រោះពីភាពខ្សត់ខ្សោយ នៃក្រុមហ៊ុនទាំងឡាយដែលកំពុងហក់ចូលទីសាធារណៈរួចទៅហើយ”៕

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងបង្កើនការគាំទ្ររបស់ប្រទេសចិន នៅទូទាំងទ្វីបអាហ្រ្វិក ដែលជំពាក់បំណុលគេវាន់ក ជាមួយនឹងការផ្តល់មូលនិធិជិត ៥១ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ ដោយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនថែមទៀត និងការបង្កើតការងារយ៉ាងហោចណាស់ ១លានការងារ, ថ្វីបើនៅក្នុងស្រុកសេដ្ឋកិច្ច ធ្លាក់ចុះដែលកំពុងរារាំងការចំណាយខាងសារពើពន្ធ ក៏ដោយ។

នៅឯជំនួបកំពូលស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នៅទីក្រុងប៉េកាំងសម្រាប់វេទិការយៈពេល៣​ ឆ្នាំម្តង,  លោក ស៊ី បានប្រាប់គណៈប្រតិភូមកពីប្រទេសអាហ្វ្រិកជាង ៥០​ប្រទេសថា ចិន បានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រិកលើវិស័យឧស្សហកម្ម កសិកម្ម ហិដ្ឋារថនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ។

លោក ស៊ី បាននិយាយថា៖ “ប្រទេសចិន និងទ្វីបអាហ្រ្វិក មានចំនួន១/៣ នៃចំនួនប្រជាជនពិភពលោក។ បើគ្មានទំនើបកម្មរបស់យើងទេ វានឹងមិនមានទំនើបភាវូនីយកម្មពិភពលោកទេ”។

លោក ស៊ី ក៏បានស្នើឱ្យទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ត្រូវតែធ្វើទំនើមកម្មដល់កម្រិត “យុទ្ធសាស្ត្រ” ដោយនិយាយថា “ទំនាក់ទំនងចិន-អាហ្វ្រិក ឥឡូវនេះគឺល្អបំផុតក្នុងប្រវត្តិសាស្ត្រ” ។

លោក ស៊ី ជិនពីង ក្នុងជំនួនបកំពុល​ចិន-អាហ្រ្វិក នៅក្នុងក្រុងប៉េកាំ

ចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ពិភពលោក បានសន្យាថា នឹងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធបីដង នៅទូទាំងទ្វីបអាហ្រ្វិកដែលសម្បូរធនធាន បើទោះបីជាលោក ស៊ី បានផ្តល់ចំណូលចិត្តថ្មីសម្រាប់គម្រោង “តូច និងស្រស់ស្អាត” ដោយផ្អែកលើការលក់បច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាបៃតង ដែលក្រុមហ៊ុនចិន បានវិនិយោគយ៉ាងសម្បើមក៏ដោយ។

មេដឹកនាំចិនរូបនេះ បានសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៣៦០ពាន់លានយួន (៥០.៧០ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ ក្នុងនោះមានទាំង ២១០ពាន់លានយួន (៣០ពាន់លានដុល្លារ) ជាឥណទានតាមស្ថាប័នហិរញ្ញវត្ថុ, 70 ពាន់លានយន់ (10 ពាន់លានដុល្លារ) ជាការវិនិយោគរបស់ក្រុមហ៊ុនចិន។ ចំនួនដែលនៅសេសសល់ នឹងត្រូវបានផ្តល់តាមរយៈជំនួយយោធា និងគម្រោងផ្សេងៗទៀត។

នៅឯកិច្ចប្រជុំកំពូលចិន-អាហ្រ្វិកឆ្នាំ ២០២១ នៅទីក្រុងដាកា ប្រទេសនេប៉ាល់, ចិន បានសន្យាយ៉ាងហោចណាស់ ១០ពាន់លានដុល្លារជាការវិនិយោគ និង ឥណទានតាមស្ថាប័នហិរញ្ញវត្ថុដូចគ្នានេះដែរ។ ប៉ុន្តែលើកនេះ ជំនួយហិរញ្ញវត្ថុ នឹងផ្តល់ជាប្រាក់យួន មិនមែនដុល្លារអាមេរិក ដែលនេះទំនងជាចេតនាក្នុងការជំរុញការប្រើប្រាស់ជាអន្តរជាតិបន្ថែមទៀត​ នូវរូបិយប័ណ្ណយួនរបស់ចិន។

ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជន ១.៥ពាន់លាននាក់ និងធនធានធម្មជាតិដ៏បរិបូរណ៍, ទ្វីបអាហ្រ្វិក មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អាមេរិក និងមហាអំណាចពិភពលោកផ្សេងទៀត។ ប៉ុន្តែទ្វីបនេះ ក៏មានអារម្មណ៍ថា ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ មានមិនយកចិត្តទុកដាក់ផងដែរ ខណៈទ្វីបនេះ កំពុងប្រឈមនឹងភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ និងភាពចលាចលខាងភូមិសាស្ត្រនយោបាយ។

នៅក្នុងសុន្ទរកថាមួយ បន្ទាប់ពីសុន្ទរកថារបស់លោកស៊ី, ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ “បញ្ហាប្រឈមទាំងនេះ ប៉ះពាល់គ្របើទេសទាំងអស់ ប៉ុន្តែជារឿយៗប៉ះពាល់ធ្ងន់ធ្ងរជាងនៅទ្វីបអាហ្វ្រិក”។

ប្រធានាធិបតីសេណេហ្គាល់ លោក Bassirou Diomaye Faye ដែលជាសហប្រធាននៃវេទិកានេះ បានសាទរចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់ចិន ចំពោះការអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិក។

ដោយប្រទេសចិន គឺជាប្រទេសដំបូងគេដែលផ្តល់ឱ្យអាហ្វ្រិកនូវម៉ាស់មុខ និងវ៉ាក់សាំងក្នុងអំឡុងពេលរាតត្បាត Covid-19 និងបានជួយអាជ្ញាធរសុខាភិបាលអាហ្រ្វិកឱ្យទប់ទល់នឹងជំងឺជាទូទៅ, លោក Faye បាន មានប្រសាសន៍ថា៖ “ទំហំពាណិជ្ជកម្មនេះ បានកើនឡើងហើយ”។

ទិដ្ឋភាពរួម នៃជំនួបកំពូលចិន អាហ្រ្វិក ដែលលោកស៊ី ជិនពីង បានសន្យាផ្តល់មូលនិធី ជិត ៥១ពាន់លានដុល្លារ

ក្រុមមេដឹកនាំអាហ្រ្វិក មិនមែនគ្មានការត្អូញត្អែរ ចំពោះទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសចិននោះទេ ដោយពួកគេភាគច្រើនបង្ហាញពីចេតនាឲ្យមានទំនាក់ទំនងដែលកាន់តែមានតុល្យភាព។ ពួកគេ ក៏មិនភ្លេចការសន្យាជួយទិញដែលមិនទាន់បានបំពេញរបស់ចិនពីជំនួបកំពូលចុងក្រោយក្នុងឆ្នាំ ២០២១ ដើម្បីទិញទំនិញនៅអាហ្វ្រិក ចំនួន ៣០០ពាន់លានដុល្លារនោះដែរ។

ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីកាលពីដើមសប្តាហ៍នេះ លោក Ramaphosa បានប្រាប់លោក ស៊ី ថា៖ “យើងចង់បង្រួមឱនភាពពាណិជ្ជកម្ម និងដោះស្រាយរចនាសម្ព័ន្ធពាណិជ្ជកម្មរបស់យើង”។ នេះបើយោងតាមប្រតិចារិក នៃកិច្ចប្រជុំដែលចេញផ្សាយដោយការិយាល័យរបស់ Ramaphosa ។

ចំពោះបញ្ហានោះ លោកស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិន នឹងបើកទីផ្សាររបស់ខ្លួនបន្ថែមទៀតទៅដល់ផលិតផលកសិកម្មនៅអាហ្វ្រិក ហើយផលិតផលនេះគឺមកពីប្រទេសក្រីក្របំផុតរបស់ពិភពលោក ក្នុងនោះមានទាំងប្រទេស​៣៣ នៅទ្វីបអាហ្វ្រិកផងដែរ នឹងត្រូវបានលើកលែងពីពន្ធទាំងអស់។

លោក ស៊ី បានថ្លែងថា ប្រទេសចិន នឹងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៣០ នៅទូទាំងទ្វីបនោះ ជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ របស់គាត់ ដែលត្រូវបានរិះគន់ថា ជាប្រទេសដែលជាប់បន្ទុកជាប់បំណុ៕

យោងតាមរបាយការណ៍របស់កាសែត New York Times ឱ្យដឹងថា ប្រទេសណាមីប៊ី មានបំណងសម្លាប់សត្វព្រៃចំនួន ៧២៣ក្បាល ក្នុងនោះមាទាំងសត្វដំរី សេះបង្កង់ និងដំរីទឹកចំនួន ៨៣ក្បាលផងដែរ ដើម្បីដោះស្រាយការខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេល១សតវត្ស ។

របាយ​ការណ៍​នោះ បាន​បញ្ជាក់​ថា ជិតពាក់កណ្តាលនៃប្រជាជន របស់ប្រទេសណាមីប៊ី ១.៤ លាននាក់កំពុងប្រឈមនឹងវិបត្តិអត់ឃ្លាន។ វិធានការ​នេះ គឺ​មាន​គោល​បំណង​ផ្តល់​អាហារ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការប្រមុខដាក់គ្នាដ៏​គ្រោះថ្នាក់រវាង​មនុស្ស និងសត្វ​ព្រៃ​ ដោយសារ​ប្រភពធនធាន​មាន​កម្រិត។

ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍ក្នុងប្រទេសណាមីប៊ី បានពណ៌នាផែនការនេះថា “ចាំបាច់” ស្របតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញ ដើម្បីប្រើប្រាស់ធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនណាមីប៊ី។ ការយក​ផល​សត្វ​ព្រៃ​ ជា​អាហារ ​គឺ​ជារឿង​ធម្មតា​ទេ។ នាយិកាការិយាល័យអាហ្វ្រិក នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោកស្រី Rose Mwebaza បានកត់សម្គាល់ថា៖ “ការប្រមូលផលសត្វព្រៃប្រកបដោយនិរន្តរភាព ដោយការគ្រប់គ្រងបានល្អសម្រាប់ចំនួនសត្វព្រៃ អាចជាប្រភពអាហារ ដ៏មានតម្លៃសម្រាប់សហគមន៍”។

គ្រោះរាំងស្ងួត នៅប្រទេសណាមីប៊ី ធ្វើឲ្យបហរជាជន​ជាង​៣០លាននាក់ ជួបភាពអត់ឃ្លាន

គ្រោះរាំងស្ងួត កំពុងប៉ះពាល់ដល់ផ្នែកដ៏សំខាន់មួយ នៃអាហ្វ្រិកខាងត្បូង។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ពីខែមិថុនាថា មនុស្សជាង ៣០លាននាក់នៅក្នុងតំបន់នោះ ត្រូវបានប៉ះពាល់។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ លោក Benjamin Suarato បានមានប្រសាសន៍ថា គ្រោះរាំងស្ងួតទាំងនោះ គឺជាបញ្ហាដែលធ្លាប់ជួបនៅអាហ្វ្រិកខាងត្បូង ដោយមានការកើតឡើងដូច្នេះជាច្រើន នៅក្នុងទសវត្សរ៍កន្លងមក ក្នុងនោះមានទាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។

​នាយិកា​ប្រចាំ​ប្រទេស ​នៃ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ក្នុង​ប្រទេស​ណាមីប៊ី លោកស្រី Juliane Zeidler បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ គ្រោះរាំងស្ងួតពិសេសនេះ គឺធ្ងន់ធ្ងរណាស់ និងទូលំទូលាយទៀតផង។ លោក Zeidler បានកត់សម្គាល់ថា៖ «អត់មានស្បៀងអាហារទេ ។ ​គ្មាន​អាហារ ​សម្រាប់​មនុស្ស ហើយ​ក៏​គ្មាន​អាហារ​សម្រាប់​សត្វ​ដែរ​»៕

  • ការស្ទង់មតិបង្ហាញថា លោកជំទាវ ហារីស ‘នាំមុខលោក ត្រាំ ជាលំដាប់’  

យោងតាមការស្ទង់មតិថ្មីៗនេះ ឱ្យដឹងថា ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ អនុប្រធានាធិបតី អាមេរិក លោកជំទាវ កាម៉ាឡា ហារីស បាននាំមុខបន្តិចបន្តួចលើអតីតប្រធានាធិបតី ដូណាល់​ត្រាំ ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤។

យោងតាមការស្ទង់មតិថ្មីរបស់ ActiVote ដែលធ្វើឡើងនៅចន្លោះថ្ងៃទី២៥ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ឱ្យដឹងថា លោកជំទាវ ហារីស នាំមុខលោក ត្រាំ ចំនួន ១.៦ពិន្ទុ គឺចំនួន ៥០.៨% ទល់នឹង ៤៩.២% ដែលជាការនាំមុខនៅក្នុងគម្លាតនៃការស្ទង់មតិដែលមានកំហុស ៣.១%។

ការនាំមុខរបស់លោកជំទាវ គឺធ្លាក់ចុះពីការនាំមុខ ៥ពិន្ទុ លើលោក ត្រាំ នៅក្នុងការស្ទង់មតិ របស់ ActiVote ដែលធ្វើឡើងក្នុងចំណោមក្រុមអ្នកបោះឆ្នោតប្រមាណា ១០០០នាក់ ចន្លោះថ្ងៃទី១៥ និង ២៣ ខែសីហា។

ខណៈដែល លោកជំទាវ បង្ហាញពីភាពខ្លាំងនៅក្នុងរដ្ឋសមរភូមិសំខាន់ៗ, លោក ត្រាំ នៅតែរឹងមាំលើបញ្ហាសំខាន់ៗ ដូចជាសេដ្ឋកិច្ច និងសន្តិសុខព្រំដែន៕

  • អាកាសចរណ៍ Cathay Pacific ត្រួតពិនិត្យកងយន្តហោះ A350 របស់ខ្លួន បន្ទាប់ពីខូចផ្នែកម៉ាស៊ីន

ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific បានផ្អាកកាហោះហើរជាបណ្ដោះអាសន្ន សម្រាប់យន្តហោះ A350 មួយកងរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យបន្ទាប់ពីការគាំងផ្នែកម៉ាស៊ីន “ជាលើកដំបូង នៃយន្តហោះប្រភេទនេះ” បានបង្ខំឱ្យជើងហោះហើរ១ ទៅកាន់ក្រុងហ្ស៊ូរិច ត្រលប់ក្រោយវិញ កាលពីថ្ងៃចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទ, ក្រុមហ៊ុនអាកាសចរណ៍នេះ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific កំពុងធ្វើការត្រួតពិនិត្យទូទាំងកងយន្តហោះ Airbus A350 ចំនួន 48 គ្រឿងរបស់ខ្លួន ហើយ “យន្តហោះមួយចំនួន នឹងឈប់ដំណើរការជាច្រើនថ្ងៃ” ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានលុបចោលជើងហោះហើរទៅ-មកវិញចំនួន ២៤ជើងហោះហើរ ដែលកំពុងដំណើរការរហូតដល់ដំណាច់ថ្ងៃអង្គារ។

  • រថយន្តសន្តោងកុងតឺន័រ Volvo នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី ​ដែលរត់​ចម្ងាយ ៦០០ គីឡូម៉ែត្រ

សាខាផលិតរថយន្តរបស់ខ្លួន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Volvo សម្រាប់សណ្តោងកុងតឺន័ររបស់ប្រទេសស៊ុយអែត នឹងចេញលក់នូវប្រភេទរថយន្តដឹកទំនិញធុន FH Electric របស់ខ្លួន ដែលរត់បានចម្ងាយឆ្ងាយ រហូតដល់ ៦០០គីឡូម៉ែត្រ (៣៧៣ ម៉ាយ) នៅពេលសាកអាគុយម្តង។

ម៉ូដែលថ្មី ដែលគេរំពឹងថានឹងវាយលុកទីផ្សារក្នុងឆមាសទី២នៃឆ្នាំ ២០២៥ នេះ ផ្តល់ជូនអតិថិជនដែលត្រូវការការបើកបរយូរជាងមុន តាមរយៈការបង្កើនទំហំអាគុយជាអតិបរមា ខណៈដែលមានការកែលម្អផ្នែកទន់របស់រថយន្តដឹកទំនិញនេះផងដែរ។

ក្រុមហ៊ុននាំមុខលើរថយន្តដឹកទំនិញអគ្គិសនី Volvo បាននិយាយថា ខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យាស្នូលអេឡិចត្រូនិច ដែលប្រើរួមជាមួយម៉ូទ័រ, ប្រអប់លេខ និងអ័ក្សបញ្ចូលក្នុងគ្រឿងតែមួយ ដោយបង្កើនសមត្ថភាពអាគុយ។

ប្រធានផ្នែកគ្រប់គ្រងផលិតផល និងគុណភាពរបស់រថយន្ត Volvo លោក Jan Hjelmgren បានប្រាប់រ៉យទ័រថា ក្រុមហ៊ុន កំពុងពន្លឿនការវិនិយោគពណ៌បៃតងរបស់ខ្លួន ប៉ុន្តែវិធានការបន្ថែមពីក្រុមអ្នកនយោបាយនឹងមានសារៈសំខាន់សម្រាប់ការអនុម័តកាន់តែទូលំទូលាយ នូវយានយន្តដែលគ្មានការបំភាយឧស្ម័នពុល៕

  • ការលក់រថយន្ត Tesla នៅចិន លក់ដាច់បំផុតក្នុងខែសីហា ឆ្នាំនេះ

ការលក់របស់រថយន្ត Tesla នៅក្នុងប្រទេសចិន បានកត់ត្រាជាខែដ៏ល្អបំផុតរបស់ខ្លួន នៅក្នុងខែសីហា សម្រាប់ឆ្នាំនេះ ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកនេះ ទទួលបានអត្ថប្រយោជន៍ពីការលក់យ៉ាងឆាប់រហ័ស នៅតាមទីក្រុងតូចៗ។

Tesla បាននិយាយថា ខ្លួនបានលក់រថយន្តជាង ៦៣,០០០គ្រឿង នៅក្នុងប្រទេសទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកនេះកាលពីខែមុន ហក់ឡើងយ៉ាងខ្លាំង ៣៧% ពីខែកក្កដា ប៉ុន្តែប្រហែលជានៅតែធ្លាក់ ក្រោមខែសីហាឆ្នាំមុន ដែលលក់បាន ៦៤,៦៩៤គ្រឿង។ ទាំងនេះ ក៏ព្រោះតែមានការធ្វើឱ្យប្រសើរ ឡើងជាច្រើន ដែលធ្វើឱ្យសម្ត្ថភាពរបស់គូប្រជែងធំៗរបស់ចិន តាមលែងទាន់។

  • កាសែត Nikkei បាននិយាយថា Apple នឹងប្តូរអេក្រង់ iPhone ទៅជា OLED ទាំងអស់ ចាប់ពីឆ្នាំ ២០២៥ តទៅ

ក្រុមហ៊ុន Apple នឹងប្រើប្រាស់អេក្រង់បញ្ចេញពន្លឺសរីរាង្គ (OLED) សម្រាប់គ្រប់ម៉ូដែល iPhone ទាំងអស់ដែលលក់នៅឆ្នាំ ២០២៥ និងឆ្នាំក្រោយៗមក ដោយប្តូរចេញឆ្ងាយពីអេក្រង់គ្រីស្តាល់រាវ (LCDs)។

Nikkei បាននិយាយថា ការផ្លាស់ប្តូរដែលបានគ្រោងទុកនេះ នឹងមិនមានបញ្ចូលក្រុមហ៊ុន Sharp Corp និង Japan Display របស់ប្រទេសជប៉ុន ពីអាជីវកម្មទូរស័ព្ទដៃរបស់ក្រុមហ៊ុន Apple នោះទេ។

ដោយដកស្រង់សំដីអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើន, Nikkei ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ជាទិញអេក្រង់ OLED សម្រាប់ iPhone SE នាពេលខាងមុខ ពីក្រុមហ៊ុន BOE Technology របស់ប្រទេសចិន និងក្រុមហ៊ុន LG Display របស់កូរ៉េខាងត្បូង៕

នាយករដ្ឋមន្រ្តីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារនេះថា ជាផ្នែកមួយនៃការចែកប្រាក់ឌីជីថល ៤៥០ពាន់លានបាត ($១៣.១ ពាន់លាន) របស់រដ្ឋាភិបាល នឹងត្រូវបានចែកចាយជាលុយសុទ្ធផងដែរ នៅក្នុងការកែប្រែ១ទៀត ចំពោះគោលនយោបាយប្រជានិយមដ៏លេចធ្លោរបស់ខ្លួន។

លោកជំទាវ នបន្ថែមថា ព័ត៌មានលម្អិតនៅតែត្រូវបានបញ្ចប់ និងត្រូវប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយមួយ ទៅកាន់សភា។

អំណោយលុយឌីជីថលនេះ ពីមុនធ្លាប់បានបញ្ចូលជាទឹកប្រាក់ចំនួន ១ម៉ឺនបាត (២៩២ ដុល្លារ) ជាឥណទានទៅកាន់ប្រជាជនថៃចំនួន ៥០លាននាក់ តាមរយៈកម្មវិធីស្មាតហ្វូន ដើម្បីចំណាយក្នុងតំបន់របស់ពួកគេ ក្នុងរយៈពេល៦ខែ។

ភ្លាមៗនេះ គេ​មិន​ទាន់​ច្បាស់នៅឡើយ​ថា​តើ ​ថវិកា​ប៉ុន្មាន​សម្រាប់​កម្មវិធី​នេះ​ នឹង​ត្រូវ​ចែក​ជាលុយសិទ្ធនោះ​ទេ។ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ មិន​អាច​ទាក់​ទង​បាន​ភ្លាមៗដែរ។

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ហៅ អ៊ុងអ៊ីង (ស្តាំ) ក្លាយជានាយករដ្ឋន្ត្រថៃ ទី៣១ ស្នងតំណែងលោកឪពុក លោកថាក់ស៊ីន

ការពន្យល់ពីលោកជំទាវ ផែថងថាន វ័យ​៣៨ឆ្នាំនេះ បានកើតឡើង២សប្តាហ៍បន្ទាប់ពីលោកជំទាវ ត្រូវបានជ្រើសរើសឱ្យក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃដោយសភា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin ដែលជាអ្នកតស៊ូមតិដ៏ធំបំផុតរបស់គោលនយោបាយនេះ ត្រូវបានតុលាការបណ្តេញចេញពីតំណែង ។

រដ្ឋាភិបាលថ្មីមួយ ត្រូវបានគេរំពឹងថា នឹងបង្កើតឡើងនៅត្រឹមពាក់កណ្តាលខែកញ្ញា ដោយបញ្ជីគណៈរដ្ឋមន្ត្រី បានបញ្ចប់រួចហើយ ប៉ុន្តែមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។

កម្មវិធីជំរុញទឹកចិត្ត ដែលជាវេទិកាបោះឆ្នោតដ៏សំខាន់របស់គណបក្សភឿថៃដែលកំពុងកាន់អំណាចនេះ មានគោលបំណងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ ដែលកំពុងដើរយឺតជាងប្រទេសដៃគូក្នុងតំបន់។

ប្រតែសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ បានកើនឡើង ២.៣% នៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនា ប៉ុន្តែក្រុមអ្នកវិភាគ បាននិយាយថា ភាពមិនប្រាកដប្រជានៃគោលនយោបាយសារពើពន្ធបានបង្កបញ្ហាដល់ទស្សនៈវិស័យនេះ។

ធនាគារកណ្តាល បានព្យាករកំណើនសេដ្ឋកិច្ច ២.៦% សម្រាប់ឆ្នាំនេះ បន្ទាប់ពីការកើនឡើង ១.៩% កាលពីឆ្នាំមុន។

ក្រុមអ្នកសេដ្ឋកិច្ច និងអតីតទេសាភិបាលធនាគារកណ្តាល២រូប បានរិះគន់កម្មវិធីចែកប្រាក់នេះថា មិនមានទំនួលខុសត្រូវផ្នែកសារពើពន្ធ ហើយរដ្ឋាភិបាលបានពន្យារពេលគម្រោងនេះ ដោយសារតែបញ្ហាថវិកា។ កម្មវិធីនេះ នឹងត្រូវដាក់ឱ្យដំណើរការនៅត្រីមាសចុងក្រោយនេះ។

ក្រុមមន្ត្រីរដ្ឋាភិបាល បានសន្យាថា ផែនការនេះនឹងប្រកាន់ខ្ជាប់នូវវិន័យសារពើពន្ធ។

លោកជំទាវ ផែថងថាន គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនៅតែត្រូវបានគេមើលឃើញថាជាកម្លាំងដ៏សំខាន់ នៅក្នុងនយោបាយ។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រមុខប្រតិបត្តិកំពូលកាលពីខែមុន លោកថាក់ស៊ីន បានគាំទ្រគម្រោងកាបូបឌីជីថលនេះ និងកាលពីមុនបាននិយាយថា ការបែងចែកផ្នែកមួយនៃអំណោយជាសាច់ប្រាក់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមមនុស្ស ដែលងាយរងគ្រោះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព