ក្រុមមន្ត្រីកូរ៉េខាងត្បូង បានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាអំពីសុវត្ថិភាពរថយន្តអគ្គិសនី និងថាតើត្រូវតម្រូវឱ្យក្រុមហ៊ុនរថយន្តទាំងអស់ បង្ហាញម៉ាកអាគុយដែរឬយ៉ាងណា ចំពេលមានការព្រួយបារម្ភពីអ្នកប្រើប្រាស់កំពុងកើនឡើង បន្ទាប់ពីមានភ្លើងឆេះរថយន្តអគ្គិសនី នៅក្នុងយានដ្ឋានក្រោមដីមួយ ធ្វើឱ្យខូចខាតអគារផ្ទះល្វែងមួយប្លុក។
អគ្គីភ័យកាលពីថ្ងៃទី១ ខែសីហា ដែលទំនងជាចាប់ផ្តើមដោយឯកឯងនៅក្នុងរថយន្តអគ្គិសនី Mercedes-Benz ១គ្រឿង ដែលចតនៅខាងក្រោមអគារលំនៅដ្ឋាន១ បានចំណាយពេលប្រាំបីម៉ោង ដើម្បីពន្លត់ ដោយបំផ្លាញ ឬខូចខាតរថយន្តប្រហែល ១៤០ និងបង្ខំឱ្យអ្នករស់នីទីនោះរកទីជម្រកការពារខ្លួន។
មន្ត្រីម្នាក់បាននិយាយថា អនុរដ្ឋមន្ត្រីបរិស្ថានកូរ៉េខាងត្បូង ដែលកំពុងដឹកនាំកិច្ចប្រជុំ ដែលត្រូវបានចូលរួមផងដែរដោយក្រសួងដឹកជញ្ជូន និងឧស្សាហកម្ម និងភ្នាក់ងារពន្លត់អគ្គីភ័យជាតិ ជាមួយនឹងរដ្ឋាភិបាល នឹងប្រកាសច្បាប់ថ្មីក្នុងពេលឆាប់ៗនេះ។
របាយការណ៍កាសែតជាច្រើន បាននិយាយថា នៅថ្ងៃអង្គារនេះ មន្ត្រីក្រសួងដឹកជញ្ជូន នឹងជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ត ដែលក្នុងនោះមាន ក្រុមហ៊ុន Hyundai Motor Group, ក្រុមហ៊ុន Mercedes-Benz Korea និងក្រុមហ៊ុន Volkswagen Group Korea ដើម្បីពិភាក្សាអំពីសំណើរសុំបង្ហាញម៉ាកអាគុយ ដែលប្រើក្នុងរថយន្តអគ្គិសនីទាំងនោះ។
ក្រសួងនេះ មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍ទាំងនេះទេ។ ក្រុមហ៊ុន Hyundai Motor Group, Mercedes-Benz Korea និងក្រុមហ៊ុន Volkswagen Group Korea មិនបានឆ្លើយតបភ្លាមៗលើសំណើសុំការអត្ថាធិប្បាយទេ។
រូបភាពជាច្រើន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ អំពីរថយន្តដែលឆេះអស់រាប់សិបគ្រឿងដែលនៅរសល់តែឆ្អឹងដែក ដែលនៅក្នុងចំណតភ្លើងឆេះនេះ បានជំរុញឱ្យក្រុមអ្នកប្រើប្រាស់ មានការភ័យខ្លាចអំពីរថយន្តអគ្គិសនី ដែលទំនងជាកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែមនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង រស់នៅក្នុងអាផាតមិន ដែលជារឿយៗមានចំណតខាងក្រោម។
ក្រុមអាជ្ញាធរអគ្គីភ័យ បាននិយាយថា នៅដើមខែនេះ រថយន្តអគ្គិសនីប្រភេទ Crossover EV6 របស់ក្រុមហ៊ុន Kia Corp ជាមួយនឹងក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េខាងត្បូង SK On ក៏បានឆេះនៅក្នុងចំណតរថយន្តផងដែរ។
អ្នកជំនាញខាងរថយន្តនិយាយថា រថយន្តអគ្គិសនី ឆេះលើរថយន្តផ្សេងគ្នា ដែលមានម៉ាស៊ីនចំហេះខាងក្នុង ដោយជារឿយៗភ្លើងឆេះ មានរយៈពេលយូរ និងពិបាកពន្លត់ ព្រោះវាចេះតែដំណើរការ ម៉ាស៊ីន ម្តងទៀត។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយក្នុងខែកុម្ភៈ ទីស្នាក់ការកណ្តាលអគ្គីភ័យ និងគ្រោះមហន្តរាយទីក្រុងសេអ៊ូល បាននិយាយថា ភ្លើងឆេះចំនួន ១៣៩៩ បានកើតឡើងនៅក្នុងចំណតរថយន្តក្រោមដីក្នុងប្រទេសកូរ៉េខាងត្បូងចន្លោះឆ្នាំ២០១៣ និង ២០២២ ដោយមាន ៤៣.៧% បណ្តាលមកពីយានយន្ត។ របាយកាឬណ៍នោះ បាននិយាយថា ប្រភពអគ្គិសនីមានចំនួន ៥៣% ជាភ្លើងឆេះរថយន្តនៅក្នុងយានដ្ឋានក្រោមដី។
កាសែត Chosun Ilbo បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បង្ហាញម៉ាកអាគុយនៅក្នុងរថយន្ត។
កាសែតនេះ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់ បច្ចុប្បន្នត្រូវការផ្តល់ព័ត៌មានជាក់លាក់អំពីរថយន្ត ដូចជាប្រសិទ្ធភាពប្រេង ប៉ុន្តែព័ត៌មានលម្អិតអំពីអាគុយនៅមានកម្រិត និងមិនបានប្រាប់ឈ្មោះក្រុមហ៊ុនផលិតនោះទេ។
កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុន Hyundai Motor Co បានកំណត់ក្រុមហ៊ុនផលិតអាគុយដែលប្រើក្នុងរថយន្ត EV ចំនួន ១៣ ម៉ូដែល ក្នុងនោះទាំងម៉ូដែល ៣ ពីម៉ាក Genesis នៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីទទួលបានការសាកសួរជាច្រើនអំពីក្រុមហ៊ុនផលិតអាគុយ សម្រាប់រថយន្តអគ្គិសនី។
ក្រុមហ៊ុន Hyundai និង ក្រុមហ៊ុនរថយន្តអញកគិសនី Genesis ប្រើប្រាស់អាគុយពីក្រុមហ៊ុនជាច្រើន ក្នុងនោះមានទាំង LG Energy Solution (LGES) របស់កូរ៉េខាងត្បូង និង SK On ក៏ដូចជា CATL របស់ប្រទេសចិន ដែលគេហទំព័របានបង្ហាញ។
លោក Moon Hak-hoon សាស្ត្រាចារ្យផ្នែកវិស្វកម្មយានយន្តនៅសាកលវិទ្យាល័យ Osan បាននិយាយថា ការតម្រូវឱ្យក្រុមហ៊ុនរថយន្តផ្តល់ការផលិតអាគុយរថយន្តអគ្គិសនី នឹងមិនការពារភ្លើងឆេះនោះទេ។ ប៉ុន្តែអ្វីដែលមានប្រយោជន៍ជាងនេះគឺការបញ្ជាក់អំពីគ្រោះថ្នាក់ភ្លើងឆេះ នៃម៉ាកអាគុយមនីមួយៗ។
ប្រមុខក្រុមអ្នកនិពន្ធនៃរបាយការណ៍ស្តីពីការឆ្លើយតបទៅនឹងភ្លើងឆេះរថយន្តអគ្គិសនី នៅក្នុងយានដ្ឋានក្រោមដី លោក Park Moon-woo បាននិយាយថា ការបង្ហាញឈ្មោះនឹងផ្តល់ឱ្យអ្នកទិញនូវជម្រើសកាន់តែច្រើន ប៉ុន្តែលោកកត់សម្គាល់ថា បច្ចុប្បន្នមិនមានទិន្នន័យច្បាស់លាស់ថា ម៉ាកអាគុយអ្វី ដែលងាយនឹងឆេះនោះទេ៕
វិនិយោគិនបរទេស បានដកប្រាក់យ៉ាងច្រើនចេញពីប្រទេសចិនកាលពីត្រីមាសមុន ដែលទំនងជាកំពុងឆ្លុះបញ្ចាំងពីភាពទុទិដ្ឋិនិយមដ៏ជ្រៅ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។
យោងតាមទិន្នន័យពីរដ្ឋបាលរដ្ឋស្តីពីការប្តូរប្រាក់បរទេសដែលបានចេញផ្សាយពីថ្ងៃសុក្រទី៩ សីហា ឲ្យដឹងថា បំណុលវិនិយោគផ្ទាល់របស់ប្រទេសចិននៅក្នុងសមតុល្យនៃការទូទាត់របស់ខ្លួន បានធ្លាក់ចុះជិត ១៥ពាន់លានដុល្លារ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ដោយគូសបញ្ជាក់ជាលើកទីពីរដែលតួលេខនេះបានប្រែជាអវិជ្ជមាន។ ក្នុងរយៈពេល៦ខែដំបូង វាបានធ្លាក់ចុះប្រហែល ៥ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ Bloomberg ឲ្យដឹងថា បើសិនជាការធ្លាក់ចុះនៃចំនួនវិនិយោគនេះ នៅតែបន្តសម្រាប់ឆ្នាំដែលនៅសល់ វានឹងគូសបញ្ជាក់ពីលំហូរលុយសុទ្ធចេញប្រចាំឆ្នាំលើកដំបូង យ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ១៩៩០មក នៅពេលដែលទិន្នន័យប្រៀបធៀប បានចាប់ផ្តើម។
ប៉ុន្មានឆ្នាំថ្មីៗនេះ គេបានមើលឃើញការវិនិយោគបរទេសចូលក្នុងប្រទេសចិន បានធ្លាក់ចុះបន្ទាប់ពីបានឡើងដល់ជាប់កំណត់ត្រា ៣៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ។
តួលេខដែលបានចេញផ្សាយមុននេះដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសថ្មី (FDI) ចូលមកក្នុងប្រទេសក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ គឺទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។
- ហេតុអ្វី បានជាចិនទាក់ទាញអ្នកវិនិយោគបរទេសលែងបាន?
ក្រៅពីការធ្លាក់ចុះនៃសេដ្ឋកិច្ច, ភាពតានតឹងខាងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង បាននិងកំពុងបង្វែរចំណាប់អារម្មណ៍របស់អ្នកវិនិយោគបរទេស ចេញពីប្រទេសចិន។
លើសពីនេះ ការផ្លាស់ប្តូរភ្លាមៗទៅកាន់រថយន្តអគ្គិសនី ឬ EVs នៅក្នុងប្រទេសចិន ក៏បានកាត់បន្ថយផលប្រយោជន៍របស់ក្រុមហ៊ុនរថយន្តបរទេសផងដែរ ដោយមានការដកថយ ឬកាត់បន្ថយការវិនិយោគរបស់ពួកគេផងដែរ។
- អ្នកវិនិយោគកាន់តែចាប់អារម្មណ៍ ទៅក្នុងប្រទេសផ្សេងទៀត
មិនតែប៉ុណ្ណោះ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើន កំពុងផ្តល់អត្រាការប្រាក់ខ្ពស់មិនដូចជានៅទីក្រុងប៉េកាំង ដែលបាននឹងកំពុងបន្ទាបការប្រាក់ ដើម្បីកែលម្អសេដ្ឋកិច្ចរបស់ពួកគេ។ បញ្ហានេះបានផ្តល់ហេតុផលគ្រប់គ្រាន់មិនឲ្យបរទេសចម្រុះជាតិសាសន៍វិនិយោគនៅក្នុងប្រទេសចិន ហើយដាក់សាច់ប្រាក់របស់ពួកគេទៅកន្លែងដែលកំពុងត្រូវបានផ្តល់ផលចំណេញកាន់តែប្រសើរវិញ។
ប្រទេសចិន ដែលមានអួតថាជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញ ក៏ដូចជាព្យាយាមរក្សាការវិនិយោគពីបរទេស។
រដ្ឋាភិបាលដែលដឹកនាំដោយលោក ស៊ី ជីពីង (Xi Jinping) បាននិងកំពុងពណ៌នាខ្លួនឯងថា បើកចំហ និងទាក់ទាញសម្រាប់អាជីវកម្មបរទេស ក្នុងក្តីរំពឹងថាក្រុមហ៊ុនជាច្រើនមកពីក្រៅប្រទេស នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក និងប្រជាជាតិដទៃទៀតដែលផ្តាច់ចេញពីប្រទេសចិន។
- ការកើនឡើង នៃការវិនិយោគចេញក្រៅប្រទេស
ជាមួយគ្នានេះ ការវិនិយោគចេញក្រៅប្រទេសរបស់ចិន បានឡើងដល់កម្រិតខ្ពស់ថ្មីមួយ នៅក្នុងត្រីមាសទីពីរនេះ ដោយក្រុមហ៊ុនទាំងនោះ កំពុងបណ្តាក់ទុនចំនួន ៧១ពាន់លានដុល្លារនៅឯបរទេស គឺកើនឡើងជាង ៨០%ពីចំនួន $៣៩ពាន់លាន ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនៃការវិនិយោគចេញក្រៅនេះ ភាគច្រើនសំដៅទៅលើគម្រោងដូចជារថយន្តអគ្គិសនី និងរោងចក្រផលិតអាគុយជាដើម។
ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋបាល នៃការប្តូររូបិយប័ណ្ណបរទេសរដ្ឋ ក៏បានបង្ហាញពីភាពខុសគ្នាកំពុងកើនឡើង នៅក្នុងការវាស់វែងនៃអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន ដែលបានឡើងដល់កំណត់ត្រា ៨៧ពាន់លានដុល្លារក្នុងត្រីមាសទីពីរ និងជិត ១៥០ពាន់លានដុល្លារសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ។
ភាពខុសគ្នានេះ ត្រូវបានគូសបញ្ជាក់ដោយរតនាគារសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ ដែលបានជំរុញឱ្យប្រទេសចិន ពន្យល់ពីភាពខុសគ្នាសំខាន់ៗនៅក្នុងតួលេខពាណិជ្ជកម្មជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗនេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឲ្យដឹងថា ភាពខុសគ្នានេះ គឺដោយសារតែ “វិធីសាស្រ្តផ្សេងគ្នាដែលត្រូវបានប្រើដើម្បីកត់ត្រាការនាំចេញ និងការនាំចូលទំនិញ”៕
ប្រទេសចិន កំពុងផ្តល់ឱ្យប្រជាជនបានឃើញនូវទិដ្ឋភាពនៅពីក្រោយវាំងនននៃកម្មវិធីថាមពលអាតូមិករបស់ខ្លួន ដោយសង្ឃឹមថា “ទេសចរណ៍នុយក្លេអ៊ែរ” អាចជួយគាំទ្រដល់វិស័យមួយ ជាគន្លឹះទៅកាន់មហិច្ឆតាថាមពលស្អាតស្អំរបស់ខ្លួន។
ក្រុមហ៊ុននេះ បាននិយាយនៅលើគណនី WeChat របស់ខ្លួន ថា សារជីវកម្មថាមពលនុយក្លេអ៊ែរទូទៅចិន ឬ CGN ដែលជាក្រុមហ៊ុនផលិតអគ្គិសនីអាតូមិកដ៏ធំបំផុតរបស់ប្រទេសនេះ បានបើកប្រព័ន្ធកក់សំបុត្រតាមអ៊ីនធឺណិត ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកទេសចររៀបចំផែនការទៅទស្សនាស្ថានីយថាមពលនុយក្លេអ៊ែរទាំង៩ នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះ ក៏បានបោះពុម្ពកូនសៀវភៅព័ត៌មានទេសចរណ៍១ ក្នុងនោះមានទាំងផែនទីណែនាំដែលគូរដោយដៃសម្រាប់រោងចក្រទាំងនោះផងដែរ។
នៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើមកាលពីថ្ងៃទី៧ ខែសីហា នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Ningde ក្នុងខេត្ត ហ្វូជាន ក្រុមមន្ត្រី បានអញ្ជើញក្រុមភ្ញៀវឱ្យទស្សនាម៉ាស៊ីនរ៉េអាក់ទ័រ CPR-1000 ចំនួន៤របស់ខ្លួន រួមជាមួយនឹងសួនចំការតែពណ៌សដ៏ក្រអូបនៅក្បែរនោះ។
ជម្រើសមួយទៀតដែលត្រូវបានផ្តល់ជូន គឺធ្វើដំណើរទៅកាន់ស្ថានីយ៍ហ្វុងឈិនកាង (Fangchenggang) នៃខេត្ត គ័ងស៊ី ជាទីដែលម៉ាស៊ីនរ៉េអាក់ទ័រ Hualong One “ដ៏អស្ចារ្យ” តាំងនៅជិតប្រជុំកោះទេសចរណ៍ដ៏ល្បីល្បាញ ដែលជាលំនៅដ្ឋានរបស់ជនជាតិភាគតិច ជីង ។
ក្រុមមន្ត្រីក៏បានអះអាងដែរថា ម៉ាស៊ីនភ្លើង San’ao ដែលកំពុងត្រូវបានសាងសង់នៅជិតឆ្នេរសមុទ្រ វិនចូវ បានក្លាយជាផ្ទាំងរូបថតដ៏ពេញនិយម សម្រាប់ក្រុមអ្នកផលិតមាតិការ influencers លើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជាការបន្ថែមលើការជំរុញដែលកំពុងផ្តល់ជូនដល់វិស័យទេសចរណ៍ក្នុងស្រុកនេះ, ក្រុមហ៊ុន CGN កំពុងសង្ឃឹមថា គំនិតផ្តួចផ្តើមនេះអាចបង្កើនទំនុកចិត្តសាធារណៈលើវិស័យនុយក្លេអ៊ែរតាមរយៈការចែករំលែកព័ត៌មាន លើប្រធានបទជាច្រើន ដូចជាវិទ្យុសកម្ម និងការគ្រប់គ្រងសុវត្ថិភាពជាដើម។
ការគាំទ្រសាធារណៈសម្រាប់វិស័យនេះ នឹងមានសារៈសំខាន់ ខណៈប្រទេសចិន ពង្រីកកងនាវានុយក្លេអ៊ែររបស់ខ្លួន ដើម្បីជួយបំពេញគោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ការបំភាយឧស្ម័ន នៅត្រឹមឆ្នាំ ២០៦០ ។
ពេលនេះ ប្រទេសចិនកំពុងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣០ ដែលស្មើនឹងជិតពាក់កណ្តាល នៃបំពង់បង្ហូរប្រេងសាងសង់ទូទាំងពិភពលោក។
នៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើមនុះ អ្នកនាំពាក្យក្រុមហ៊ុន CGN លោក គូ ស៊ិនកាង (Guo Xingang) បាននិយាយ ថា៖ “កិច្ចការនេះ មិនត្រឹមតែជាសកម្មភាពផ្សព្វផ្សាយវិទ្យាសាស្ត្រសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរុករកស្រាវជ្រាវដ៏សំខាន់ ក្នុងវិស័យទេសចរណ៍នុយក្លេអ៊ែរផងដែរ” ។
លោក បានបន្តទៀតថា៖ “ការងារនេះ នឹងមិនត្រឹមតែជួយលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តរបស់សាធារណជនលើថាមពលនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ប្រទេសរបស់ខ្ញុំផងដែរ”៕
ក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការយកពន្ធបន្ថែមរបស់សហភាពអឺរ៉ុបលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន។
កាលពីខែកក្កដា សហភាពអឺរ៉ុប បានតម្រូវឲ្យបំពេញកាតព្វកិច្ចបណ្តោះអាសន្នបន្ថែមរហូតដល់ ៣៨% លើរថយន្តអគ្គិសនីរបស់ចិន បន្ទាប់ពីស្ថាប័នប្រតិបត្តិរបស់ខ្លួន បានបញ្ចប់ការស៊ើបអង្កេតមួយដែលថា ចិនកំពុងធ្វើឱ្យខូចដល់គូប្រជែងអឺរ៉ុបដោយអយុត្តិធម៌។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយ ថា៖ “កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិនបានអំពាវនាវឲ្យមានយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញវិធានការប្រឆាំងនឹងការឧបត្ថម្ភធនបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី” ។
ក្រសួងនេះ បាននិយាយថា ការអំពាវនាវនោះ មានគោលបំណង “ការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍ នៃឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅជាបៃតងជាសកល” ។
ក្រសួងនេះ បាននិយាយថា៖ “សេចក្តីសម្រេចបឋមរបស់ EU ខ្វះមូលដ្ឋានច្បាប់ជាក់ស្តែង និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យអន្តរាយដល់ស្ថានភាពទូទៅនៃកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ។ យើងជំរុញឱ្យ EU កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន និងរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មរថយន្តអគ្គិសនី”។
ប្រទេសចិន និងសហភាពអឺរ៉ុប បានប៉ះទង្គិចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងសន្តិសុខជាតិ។
សហភាពអឺរ៉ុប បានចាប់ផ្តើមការស៊ើបអង្កេតជាច្រើន ដោយផ្តោតលើការឧបត្ថម្ភធនរបស់ចិនសម្រាប់បន្ទះ ពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ និងរថភ្លើង ខណៈដែលទីក្រុងប៉េកាំង បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន លើការនាំចូលម៉ាកយីហោអឺរ៉ុប និងសាច់ជ្រូក។
សហរដ្ឋអាមេរិក បានដំឡើងពន្ធគយលើរថយន្តអគ្គិសនីរបស់ចិនរហូតដល់ ១០០%រួចហើយ ខណៈកាណាដា កំពុងពិចារណាលើទង្វើស្រដៀងគ្នានេះ៕
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក គួរតែមានទឹកមាត់ប្រៃលើការសម្រេចចិត្តរបស់ធនាគារកណ្តាល, ជាការចង្អុលបង្ហាញដ៏ច្បាស់លាស់បំផុតរហូតមកដល់ពេលនេះ អំពីចំណូលចិត្តរបស់លោក ក្នុងការរំលោភលើឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកបានឈ្នះសេតវិមានមកវិញ។
នៅឯគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា អតីតប្រធានាធិបតីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ខ្ញុំមានអារម្មណ៍ថា ប្រធានាធិបតីគួរតែហ៊ាននិយាយដល់ត្រង់នោះ យ៉ាងហោចណាស់ ក៏មួយម៉ាត់ដែរ។ ក្នុងករណីរបស់ខ្ញុំ, ខ្ញុំគិតថា ខ្ញុំរកលុយបានច្រើន ខ្ញុំគឺជោគជ័យខ្លាំងណាស់ ហើយខ្ញុំគិតថា ខ្ញុំមានសភាវគតិប្រសើរជាងលើករណីជាច្រើន លើមនុស្សដែលនឹងនៅក្នុង ឬប្រធានធនាគារកណ្តាល”។
ធនាគារកណ្តាលអាមេរិក បានបោះឆ្នោតដើម្បីរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យស្ថិតស្ថេរក្នុងចន្លោះ ៥.២៥ និង៥.៥% ដដេល ថ្វីបើប្រមុខរបស់ខ្លួន លោក Jerome Powell បាននិយាយថា អត្រាការប្រាក់នេះ អាចត្រូវបានកាត់បន្ថយឆាប់ៗ ក្នុងខែកញ្ញា ប្រសិនបើសេដ្ឋកិច្ចអាមេរិក ដើរតាមគន្លងនៃរំពឹងរបស់ខ្លួន។
ភាពរឹងត្អឹងរបស់ធនាគារកណ្តាលនេះ បានធ្វើឲ្យសដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសទីផ្សារហ៊ុន កាលពី២ថ្ងៃមុន រហូតធ្វើ ឲ្យក្រុមមហាសេដ្ឋីពិភពលោក ខាតបង់សរុប ១៣៤ ពាន់លានដុល្លារ ក្នុងនោះលោកជេហ្វ បេហ្សូស និងអ៊ីឡុន ម៉ាស់ ខាតច្រើនបំផុត។
កាសែត Wall Street Journal បានរាយការណ៍កាលពីខែមេសាថា សម្ព័ន្ធមិត្តរបស់លោកត្រាំ បានធ្វើសេចក្តីព្រាងសំណើ ដែលនឹងប៉ុនប៉ងបំផ្លាញឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកឈ្នះការបោះឆ្នោត។ ពេលនេះ ក្រុមយុទ្ធនាការឃោសនារបស់លោកត្រាំ បាននៅឃ្លាតឆ្ងាយពីរបាយការណ៍នៅពេលនោះ។
ប៉ុន្តែសុន្ទរកថារបស់លោកពីថ្ងៃព្រហស្បតិ៍ បង្ហាញថា លោកត្រាំ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងការជំរុញដ៏សំខាន់មួយនៃសំណើនោះ: ប្រសិនបើលោកក្លាយជាប្រធានាធិបតី, លោកត្រាំ គួរត្រូវបានពិគ្រោះយោបល់ស្តីពីការសម្រេចចិត្តការបញ្ចុះអត្រាការប្រាក់ ហើយសំណើបទប្បញ្ញត្តិធនាគាររបស់ធនាគារកណ្តាល គួរតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សេតវិមាន។
ប្រមុខធនាគារកណ្តាល និងសមាជិក៦រូបផ្សេងទៀតនៃក្រុមប្រឹក្សាភិបាលរបស់ខ្លួន ត្រូវបានតែងតាំងដោយប្រធានាធិបតី ដែលស្ថិតនៅក្រោមការបញ្ជាក់ពីព្រឹទ្ធសភា។ ប៉ុន្តែធនាគារកណ្តាល រីករាយនឹងឯករាជ្យភាពនៃប្រតិបត្តិការយ៉ាងច្រើន ដើម្បីធ្វើការសម្រេចចិត្តគោលនយោបាយ ដែលមានឥទ្ធិពលយ៉ាងសម្បើម លើទិសដៅនៃប្រទសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងទីផ្សារទ្រព្យសកម្មសកល។
តួយ៉ាង នៅពេលដែលរូបិយបណ្ណដែលគាំទ្រដល់កម្រិតប្រាក់ដុល្លារអាមេរិកក្លាយជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក គឺជាសមត្ថភាពរបស់ធនាគារកណ្តាល ក្នុងការកំណត់គោលនយោបាយរូបិយវត្ថុដោយខ្លួនឯង ដោយគ្មានការត្រួតពិនិត្យផ្នែកនយោបាយនោះទេ។ ស្របគ្នានោះ ស្ថានភាពនោះ គឺជាគន្លឹះក្នុងការផ្តល់ឱ្យរដ្ឋាភិបាលអាមេរិក នូវលទ្ធភាពដែលស្ទើរតែមិនបានត្រួតពិនិត្យ ដើម្បីខ្ចីប្រាក់នៅលើទីផ្សារមូលបត្របំណុលសកលក្នុងអត្រាការប្រាក់ទាប ថ្វីបើមានបន្ទុកបំណុលចំនួន ៣៥ពាន់ពាន់លានដុល្លារ ក៏ដោយ ដែលត្រូវបានគេហៅថា “ឯកសិទ្ធិហួសហេតុ”៕
- ឥណ្ឌូនេស៊ី ពិចារណាកាត់បន្ថយថ្លៃសំបុត្រយន្តហោះ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Salahuddin Uno បាន យល់ព្រមលើកិច្ចព្រមព្រៀងរបស់លោក ទាក់ទងនឹងសំណើរលុបចោលពន្ធលើសំបុត្រយន្តហោះ ដើម្បីកាត់បន្ថយតម្លៃសំបុត្រ។
ស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានជាតិ Antara, លោក បាននិយាយថា៖ “ខ្ញុំយល់ស្របនឹងសំណើនេះ។ កត្តារួមចំណែកឲ្យតម្លៃសំបុត្រថ្លៃ គឺពន្ធសំបុត្រយន្តហោះនោះឯង”។
- ថៃ អនុម័តការលើកទឹកចិត្តសម្រាប់ការបណ្តាក់ទុនគ្រឿងបន្លាស់រថយន្ត
ក្រុមប្រឹក្សាវិនិយោគរបស់ថៃ បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃបានអនុម័តលើការលើកទឹកចិត្តសម្រាប់ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនថៃ និងក្រុមហ៊ុនបរទេស ក្នុងការផលិតគ្រឿងបន្លាស់រថយន្តសម្រាប់យានយន្តដែលប្រើប្រាស់ប្រព័ន្ធជំរុញគ្រប់ប្រភេទ។
ពាក់ព័ន្ធនឹងដើមទុនចុះបញ្ជីនៃការបណ្តាក់ទុនរួមគ្នា ក្រុមប្រឹក្សានេះ បាននិយាយថា ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រប់គ្រាន់ ការបណ្តាក់ទុនថ្មី ត្រូវវិនិយោគយ៉ាងតិច ១០០លានបាត (២.៨២លានដុល្លារ) ក្នុងការផលិតគ្រឿងបន្លាស់រថយន្ត និងត្រូវមានក្រុមហ៊ុនថៃ និងបរទេស ដោយក្រុមហ៊ុនក្នុងស្រុក តម្រូវឱ្យកាន់កាប់យ៉ាងតិច ៦០% ជារបស់ថៃ៕
- ក្រុមហ៊ុន Toyota កាត់បន្ថយចំនួននៃការផលិតឆ្នាំ ២០២៤ ចំនួន ៥%
កាសែត Chubu Keizai បានរាយការណ៍ពីថ្ងៃព្រហស្បតិ៍ទី 8 ខែសីហា ថា ក្រុមហ៊ុន Toyota Motor បានទម្លាក់ផែនការផលិតរថយន្តជាសាកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ប្រហែល ៥% ដោយសារតែការផ្អាកផលិតកម្ម នៅឯរោងចក្រក្នុងស្រុកជាច្រើន។
កាសែតនោះបានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានប្រាប់ក្រុមអ្នកផ្គត់ផ្គង់ធំៗ ថា ការផលិតរថយន្តរបស់ខ្លួននៅទូទាំងពិភពលោក ត្រូវបានរំពឹងថានឹងមាន ៩.៨ លានគ្រឿង ធៀបនឹង ១០.៣ លានគ្រឿង ដែលត្រូវបានរំពឹងទុកពីមុន។
- កូរ៉េខាងត្បូង ទាមទារឱ្យអ្នកផលិតរថយន្តអគ្គិសនី បង្ហាញម៉ាកអាគុយ បន្ទាប់ពីមានការផ្ទុះភ្លើងឆេះ
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយពីថ្ងៃថ្ងៃព្រហស្បតិ៍ទី៨ ខែសីហានេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងទាមទារឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) បង្ហាញម៉ាកអាគុយនៅក្នុងរថយន្តទាំងអសើ ដោយសារតែកង្វល់សុវត្ថិភាព បន្ទាប់ពីរថយន្តនៅក្នុងចំណតក្រោមដីមួយ បានឆាបឆេះ បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ។
ដោយដកស្រង់សម្តីមន្ត្រីក្រសួងដឹកជញ្ជូនដែលមិនបញ្ចេញឈ្មោះម្នាក់, កាសែត Chosun Ilbo បានរាយការណ៍ថា ក្រសួងដឹកជញ្ជូន មានបំណងធ្វើវិសោធនកម្មច្បាប់ដើម្បីតម្រូវឱ្យក្រុមហ៊ុនរថយន្តទាំងឡាយ ដើម្បីបង្ហាញអត្តសញ្ញាណក្រុមហ៊ុនផលិតអាគុយទាំងអស់៕
យោងតាមទិន្នន័យគយថ្មីបំផុតរបស់ចិន ឲ្យដឹងថា ការនាំចូលគ្រឿងពាក់កណ្តាលចម្លងកំដៅ ដូចជា ត្រង់ស៊ីស្ទ័រ និងបន្ទះឈីប របស់ប្រទេសចិន បន្តកើនឡើង ចំពេលមានរបាយការណ៍ជច្រើនថា សហគ្រាសដីគោកទាំងឡាយ កំពុងប្រញាប់ប្រញាល់បំពេញស្តុកនូវបណ្តុំសៀគ្វីរួមបញ្ចូលគ្នា (ICs) ទាំងនេះ ឲ្យបានមុនពេលការរឹតបន្តឹងថ្មីជាសក្តានុពល លើបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដោយសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយរដ្ឋបាលគយទូទៅ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៤ ឲ្យដឹងថា ការនាំចូលបន្ទះឈីបមានចំនួនសរុប ៣០៨.១ ពាន់លានគ្រឿង ដែលមានតម្លៃប្រហែល ២១២ ពាន់លានដុល្លារអាមេរិក ។ ចំនួននោះ បានកត់សម្គាល់ពីបរិមាណ នឡើង ១៤.៥% ពី១ឆ្នាំទៅ១ឆ្នាំ និងការកើនឡើងតម្លៃប្រាក់ដុល្លារ ១១.៥ %។
ការកើនឡើងនៃការនាំចូលបន្ទះឈីបទាំងនេះ ឆ្លុះបញ្ចាំងពីការរំពឹងទុកថា អាមេរិក នឹងដាក់កំហិតជាឯកតោភាគីជាថ្មី លើសិទ្ធិទទួលបានឈីប HBM របស់ចិនដីគោក ដែលរបាយការណ៍របស់ Reuters មួយ បានពណ៌នា ពីថ្ងៃអង្គារថា ជាកម្លាំងជំរុញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ចិនដីគោក ក្នុងនោះមានទាំងក្រុមហ៊ុន Huawei Technologies និង Baidu ដើម្បីស្តុកទុកបន្ទះឈីប ដែលផលិតដោយក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិក ។
របាយការណ៍ថ្មីៗមួយរបស់ Bloomberg បាននិយាយថា វិធានការរបស់អាមេរិកទាំងនោះ អាចត្រូវបានដាក់ចេញអនុវត្តភ្លាមៗក្នុងខែក្រោយ។ បន្ទះឈីប HBM – ជាធម្មតាត្រូវបានរួមបញ្ចូលជាមួយឧបករណ៍បង្កើនល្បឿនឆ្លាតវៃសិប្បនិម្មិត (AI) ដូចជាផ្នែកដំណើរការក្រាហ្វិកពី Nvidia – គឺជាសមាសធាតុដែលមិនអាចខ្វះបាន សម្រាប់ការបង្កើតគំរូភាសាធំៗ ដែលជាបច្ចេកវិទ្យាដែលគាំទ្រសេវាកម្មបញ្ញាសិប្បនិម្មិត្ត (AI) តាមជំនាន់ដូចជា ChatGPT របស់ក្រុមក្រុមហ៊ុន OpenAI ជាដើម។
យោងតាមរបាយការណ៍របស់ Reuters ឱ្យដឹងថា ការប្រជែងគ្នារកបន្ទះឈីបនោះ បានធ្វើឱ្យប្រទេសចិនដីគោកទទួលបានប្រាក់ចំណូលឈីប HBM របស់ក្រុមហ៊ុន Samsung ចំនួន ៣០%ក្នុងឆមាសទី១នៃឆ្នាំនេះ ។
ការនាំចូលឈីបសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានតម្លៃ ៣៤៩ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៥.៤ % ធៀបនឹងឆ្នាំ ២០២២។
ទិន្នន័យគយ ក៏បានបង្ហាញដែរថា ការនាំចេញគ្រឿងអេឡិចត្រូនិកដីគោកពីខែមករា ដល់ខែកក្កដា បានឈានដល់ ១៦៦.៦ ពាន់លានគ្រឿង កើនឡើង ១០.៣% ធៀបនឹងឆ្នាំមុន។ តម្លៃសរុបក្នុងអំឡុងពេលនោះបានកើនឡើង ២២.៥%ពី១ឆ្នាំទៅ១ឆ្នាំ ដល់ចំនួន៩០ពាន់លានដុល្លារអាមេរិក។
យោងតាមទិន្នន័យគយ ឱ្យដឹងថា ការនាំចេញឈីប របស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីតម្រូវការដ៏រឹងមាំនៅក្រៅប្រទេស សម្រាប់អ្វីដែលហៅថាបន្ទះឈីបកេរ្តិ៍ដំណែល ដែលត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងរថយន្ត គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងផលិតផលអេឡិចត្រូនិកប្រើប្រាស់ផ្សេងៗ។ នៅក្នុងខែកក្កដាតែមួយ ការនាំចេញឈីប ឡើងដល់ ២៧.៣ ពាន់លានគ្រឿង ដែលមានតម្លៃ ១៣.៨ ពាន់លានដុល្លារអាមេរិក។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានឱ្យដឹងថា ការកើនឡើងនោះ កើតឡើងចំពេលនៃការស្ទុះងើបឡើងវិញ នៃផលិតផលអេឡិចត្រូនិកជាច្រើន ក្នុងនោះមានទាំងស្មាតហ្វូនផងដែរ។ ការនាំចេញស្មាតហ្វូនជាសកល បានកើនឡើង ១២%នៅក្នុងត្រីមាស ខែមិថុនា៕