ក្រុមប្រឹក្សាភិបាលនៃការវិនិយោគ (BOI) របស់ខ្លួន បាននិយាយកាលពីចុសប្តាហ៍ថា ប្រទេសថៃដែលជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់ នឹងដាក់ចេញនូវការលើកទឹកចិត្តវិនិយោគជាច្រើន សម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់ (Hybrid)ដោយការយកពន្ធគយសម្រាប់រថយន្តកូនកាត់ នឹងត្រូវបន្ទាបពីឆ្នាំ 2028 ដល់ឆ្នាំ 2032 ។
ប្រទេសថៃ អស់តយៈពេលជាច្រើនទសវត្សរ៍ គឺជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតរថយន្ត និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗខ្លះរបស់ពិភពលោក ក្នុងនោះមានទាំងក្រុមហ៊ុន Toyota និងក្រុមហ៊ុន Honda ផងដែរ។
ការវិនិយោគថ្មីៗមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD និង Great Wall Motor បានអង្រួនឧស្សាហកម្មនេះ ហើយប្រទេសថៃ បាននិងកំពុងសកម្មក្នុងការផ្តល់ការលើកទឹកចិត្តដ៏ច្រើន ដើម្បីទាក់ទាញក្រុមហ៊ុនជាច្រើនទៀត។
លោក ណារីត ធើតស្ទីរ៉ាស៊ុកឌី (Narit Therdsteerasukdi) អគ្គលេខាធិកាក្រុមប្រឹក្សាភិបាល BOI បានថ្លែងថា៖ “នេះគឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរទៅកាន់យានយន្តអគ្គិសនី” ។
លោកបានបន្តទៀតថា៖ “ប្រទេសថៃ មានសមត្ថភាពក្លាយជាអ្នកផលិតរថយន្តកូនកាត់ដ៏សំខាន់មួយ… ហើយការគាំទ្រដល់ការផលិតរថយន្តកូនកាត់ នឹងរក្សាបាននូវការផលិតគ្រឿងបន្លាស់រថយន្ត”។ វិធានការនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគលើទឹកប្រាក់ 50ពាន់លានបាត (ប្រមាណជា 1.39 ពាន់លានដុល្លារ) ។
ក្រុមប្រឹក្សាភិបាន BOI បាននិយាយថា ពន្ធអាករ នឹងត្រូវបន្ទាបក្នុងរយៈពេល 5 ឆ្នាំសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់ ដែលវិនិយោគក្នុងទឹកប្រាក់យ៉ាងតិច 3 ពាន់លានបាត ក្នុងរយៈពេល 4 ឆ្នាំខាងមុខ និងរួមបញ្ចូលទាំងការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកផងដែរ។
យានយន្ត ក៏នឹងត្រូវមានប្រព័ន្ធជំនួយអ្នកបើកបរទំនើបផងដែរ ទើបទទួលបានសិទ្ធិនោះ។
លោក ណារីត បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តចំនួនប៧បច្ចុប្បន្ន កំពុងទទួលបានអត្ថប្រយោជន៍ពីការលើកទឹកចិត្តជាច្រើន ដែលផ្តល់ដោយ BOI ដែលក្នុងនោះមាន 4 ក្រុមហ៊ុន មកពីប្រទេសជប៉ុន និង៣ក្រុមហ៊ុន មកពីប្រទេសចិន៕
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាគហ៊ុនរបស់ថៃ បានឈរយ៉ាងរឹងមាំ ក្នុងនាមជាផ្សារភាគហ៊ុនដ៏ធំបំផុត១របស់ភូមិភាគអាស៊ីអាគ្នេយ៍។ រឿងដ៏សុទិដ្ឋិនិយមនោះ ក៏បានប្រែជាមិនអាចកែកុនយ៉ាងឆាប់រហ័ស ហើយសូម្បីតែការលក់ចេញថោកយ៉ាងណា ក៏មិនអាចសង្គ្រោះថ្ងៃនោះបានដែរ។
យោងតាមទិន្នន័យចងក្រងដោយ Bloomberg ឲ្យដឹងថា ប្រទេសនេះ ត្រៀមនឹងបាត់បង់ចំណាត់ថ្នាក់លេខ 2 ជាយូរមកហើយរបស់ខ្លួន ក្នុងមូលធនប័ត្រទីផ្សារ ទៅកាន់គូប្រជែងសិង្ហបុរី និងម៉ាឡេស៊ី ។ គម្លាតរវាងប្រទេសថៃ និងសិង្ហបុរី គឺចន្លោះពី 14 ពាន់លានដុល្លារ ទល់នឹង 125 ពាន់លានដុល្លារកាលពីឆ្នាំមុន។
ការធ្លាក់ចុះយ៉ាងគំហុករបស់ប្រទេសថៃ គឺជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នានៃភាពត្រឡប់ត្រឡិនផ្នែក នយោបាយ និងផ្លូវច្បាប់ ការចំណាយផ្នែកទេសចរណ៍ដែលខ្សោយជាងការរំពឹងទុក និងការចោទប្រកាន់ជាច្រើនចំពោះទង្វើមិនត្រឹមត្រូវរបស់ក្រុមហ៊ុនសារជីវកម្ម។ កត្តាទាំងនោះ បានជំរុញឱ្យមានការលក់ចេញ14% នៅក្នុងសន្ទស្សន៍ហ៊ុនផ្សារហ៊ុនរបស់ប្រទេសថៃ ក្នុងរយៈពេល 12 ខែចុងក្រោយ ដែលជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងចំណោមសន្ទស្សន៍គោលសំខាន់ៗនៅទូទាំងពិភពលោក។
លោក Alan Richardson អ្នកចាត់ការមូលនិធិ របស់ក្រុមហ៊ុន Samsung Asset Management Co បានមានប្រសាសន៍ថា៖ “ទីផ្សារនេះ ទំនងជានៅតែជាអន្ទាក់តម្លៃ១ រហូតដល់ទស្សនវិស័យកំណើនចំណូលសេដ្ឋកិច្ច និងសាជីវកម្ម មានភាពប្រសើរឡើង” ។
ទិន្នន័យនោះបង្ហាញថា តម្លៃសរុបរបស់ក្រុមហ៊ុនទាំងអស់ដែលបានជួញដូរ លើផ្សារហ៊ុនថៃ មានប្រមាណ $440 ពាន់លាន រហូតដល់ថ្ងៃព្រហស្បតិ៍ លើសតិចតួចពីតម្លៃសរុប $426 ពាន់លានរបស់សិង្ហបុរី និង តម្លៃសរុប $422 ពាន់លានរបស់ម៉ាឡេស៊ី។ ទីផ្សារភាគហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃប្រមាណ $749 ពាន់លាន គឺជាទីផ្សារដ៏ធំបំផុតក្នុងភូមិភាគនេះ ចាប់តាំងពីចុងឆ្នាំ 2021។
គ្រប់យ៉ាង មិនគួរទៅជាបែបនេះនោះទេ។ នៅពេលចុងក្រោយដែលថៃ បានធូរស្រាលពីការរឹតត្បិតក្នុងសម័យរោគរាតត្បាតរបស់ពួកគេកាលពីចុងឆ្នាំ 2022, ក្រុមវិនិយោគិនបានសន្មត់ថា ការហូរចូលនៃអ្នកទេសចរ នឹងធ្វើឱ្យសេដ្ឋកិច្ចដែលមានបញ្ហារបស់ខ្លួនរស់ឡើងវិញ។ ប៉ុន្តែផ្ទុយទៅវិញ ការរឹតត្បិត ជំងឺ Covid ដ៏តឹងរ៉ឹងរបស់ប្រទេសចិន និងសេដ្ឋកិច្ចម៉ាក្រូខ្សោយ បានបណ្តាលឱ្យមានអ្នកទេសចរកាន់តែតិចមកពីប្រទេសនោះ ដែលមានចំនួនច្រើនជាង១/៤នៃចំនួនអ្នកទេសចរសរុបក្នុងឆ្នាំ 2019 ហើយការចំណាយក៏កាន់តែតិច។
អស្ថិរភាពនយោបាយទាក់ទងនឹង ថាតើលោកនាយករដ្ឋមន្ត្រី ស្រេថា ថាវីស៊ីន នឹងត្រូវដកចេញពីតំណែង ឬយ៉ាងណា និងការពន្យាពេលគោលនយោបាយ ក្នុងនោះមានទាំងការប្រគល់សាច់ប្រាក់ចំនួន 14 ពាន់លានដុល្លារដែលមិនទាន់ត្រូវបង់នៅឡើយ ក៏កំពុងមានទម្ងន់លើទស្សនៈទីផ្សារផងដែរ។
យោងតាមប្រធានផ្សារហ៊ុន លោក ប្រាកន ភីតាថាវ៉ាត់ឆៃ (Pakorn Peetathawatchai) ឲ្យដឹងថា ដើម្បីបង្កើនទំនុកចិត្តទីផ្សារឡើងវិញ ផ្សារហ៊ុនរបស់ប្រទេសថៃ បានចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីជាបន្តបន្ទាប់ ក្នុងនោះមានទាំង កំណែទម្រង់ដើម្បីការពារការបំពានលើទីផ្សារ និងកែលម្អប្រសិទ្ធភាពផងដែរ។
យោងតាមទិន្នន័យរបស់ Bloomberg បានឱ្យដឹងថា ពាណិជ្ជករពិភពលោក មិនទាន់ជឿជាក់នៅឡើយទេ។ ក្រុមវិនិយោគិនក្រៅប្រទេស បានដកភាគហ៊ុនជិត 3.3 ពាន់លានដុល្លារអាមេរិកមកទល់នឹងឆ្នាំនេះ។ ចំនួននោះ កំពុងស្ថិតក្នុងលំនាំដូចគ្នានឹងការធ្លាក់ចុះកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ 2020មក។ ពួកគេបានបន្ថែមចំនួន $85លាន ជាការទប់ទល់នឹងម៉ាឡេស៊ី ដែលជាប្រទេសតែមួយគត់ដែលមានការហូរចូលអត់ដាច់ពី១ឆ្នាំទៅ១ឆ្នាំ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទិន្នន័យរបស់ EPFR ឲ្យដឹងថា នៅប្រទេសសិង្ហបុរី ជនបរទេសទាំងឡាយ បានកាត់បន្ថយការលក់របស់ពួកគេ មកត្រឹមភាគតូចមួយមរហាក់ប្រហែលនឹងឆ្នាំមុន ។
លោក Sat Duhra អ្នកចាត់ការមូលនិធិ នៃក្រុមហ៊ុន Janus Henderson Group Plc បាននិយាយថា៖ “ប្រាក់បាត បានចុះខ្សោយ ហើយវិន័យសារពើពន្ធ ត្រូវបានបាត់បង់ជាមួយនឹងការប្រគល់ឲ្យរបស់រដ្ឋាភិបាលថ្មីនេះ” ។ “មកដល់ពេលនេះ នៅតំបន់អាស៊ី មានឱកាសល្អជាងច្រើន”។
ជាធម្មតា ភាគហ៊ុនថៃ ជួញដូរក្នុងតម្លៃពិសេសដូចសមភាគីម៉ាឡេស៊ីរបស់ពួកគេដែរ។ ប៉ុន្តែកាលពីចុងខែឧសភា អត្រាតម្លៃធៀបនឹងប្រាក់ចំណូលជាមធ្យមក្នុងរយៈពេល 12 ខែ លើ សន្ទស្សន៍ SET បែរជាមានតម្លៃថោកជាងសន្ទស្សន៍ FTSE Bursa Malaysia KLCI ជាលើកដំបូងក្នុងរយៈពេលជិត 4 ឆ្នាំ។ ឥឡូវនេះ SET ជួញដូរក្នុងតម្លៃប្រមាណ 13 ដង ធៀបនឹង14.1 ដង នៃគូប្រជែងរបស់ខ្លួន ៕
ប្រទេសក្នុងតំបន់អាស៊ានជាច្រើន កំពុងតែរីករាយជាមួយគោល នយោបាយលើកលែងទិដ្ឋការ ដែលលើកទឹកចិត្តបំផុត ដើម្បីលើកស្ទួយវិស័យទរសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច នៅចំពោះមុខឪនភាពសេដ្ឋកិច្ច សកល ដែលក្នុងនោះមានប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន ថៃ និងវៀតណាម ហើយពេលនេះវៀតណាម កំពុង តែពិចារណាបង្កើនការលើកលែងទិដ្ឋការដល់ប្រទេសជាច្រើនថែមទៀត បន្ថែមពីលើចំនួន២៥ប្រទេស ដែល ខ្លួនបានផ្តល់ជូនរួចហើយ។
មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បាននាំមុខក្នុងការប្រកាន់យកគោលនយោបាយនេះ ដោយបានលើកលែងទិដ្ឋការដល់162ប្រទេស តាមពីក្រោយដោយប្រទេសហ្វីលីពីន ជាមួយ 157 ប្រទេស និង ប្រទេសថៃ បានលើកលែងទិដ្ឋការចំនួន 93 ប្រទេសហើយ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានបញ្ជាឱ្យក្រសួងសន្តិសុខសាធារណៈ និងកិច្ចការបរទេស ពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេស១ចំនួនទៀត ដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ។
នៅឯជំនួបមួយ ជាមួយក្រុមប្រមុខ នៃទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស នាយករដ្ឋមន្ត្រី រូបនោះ បានស្នើឱ្យទីភ្នាក់ងារទាំងនោះ ស្រាវជ្រាវគោលនយោបាយទិដ្ឋាការសមស្រប ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស និងជួយបង្កើតសន្ទុះសម្រាប់ការងើបឡើងវិញ នៃវិស័យទេសចរណ៍។
លោកជីញ បានមានប្រសាសន៍ថា៖ «ក្រសួងសន្តិសុខសាធារណៈ គួរតែសហការជាមួយក្រសួងការបរទេស ដើម្បីលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាច្រើនទៀត»។
បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំងនោះ ក៏នៅតែកំពុងបង្កើនការប្រកួតប្រជែងរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាមួយគោលនយោបាយមិនគិតថ្លៃលើទិដ្ឋាការបែបនេះ។ កាលពីដើមសប្តាហ៍នេះ ប្រទេសថៃ បានបង្កើនចំនួនប្រទេស និងដែនដីដែលរីករាយនឹងការស្នាក់នៅដោយមិនគិតថ្លៃលើទិដ្ឋាការរយៈពេល 60 ថ្ងៃរបស់ខ្លួន ពីចំនួន 57 ប្រទេស ទៅ 93 ប្រទេស ខណៈដែលឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់ការចូលទស្សនាដោយមិនគិតថ្លៃទិដ្ឋាការ ទៅកាន់គោលដៅចំនួន 20 ក្នុងនោះក៏មានប្រទេសអូស្ត្រាលី ចិន និងឥណ្ឌាផងដែរ ចាប់ពីខែតុលាតទៅ។
ស្ថិតនៅក្រោមគោលនយោបាយអន្តោប្រវេសន៍បច្ចុប្បន្ន វៀតណាមផ្តល់ទិដ្ឋាការទេសចរណ៍រយៈពេលបីខែដោយឥតគិថ្លៃ សម្រាប់ពលរដ្ឋមកពីគ្រប់ប្រទេស និងដែនដី។
រដ្ឋាភិបាលវៀតណាម ក៏បានបង្កើនរយៈពេលនៃការស្នាក់នៅដល់ទៅបីដង នៅប្រទេសរបស់ខ្លួន គឺដល់ រយៈពេល 45 ថ្ងៃសម្រាប់ពលរដ្ឋទាំងឡាយនៃ ប្រទេស13 ដែលត្រូវបានលើកលែងទិដ្ឋាការជាឯកតោភាគី តាំងពីខែសីហាឆ្នាំមុន។
វៀតណាម ទទួលបានភ្ញៀវអន្តរជាតិចំនួន ៨,៨ លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៥៨% ពី១ឆ្នាំទៅ១ឆ្នាំ និង ៤% ពីកម្រិតមុនកូវីដ ដោយពលរដ្ឋកូរ៉េខាងត្បូង និងចិន ឈរនៅកំពូលតារាង និងកំពុងកំណត់គោលដៅសម្រាប់ពេញមួយឆ្នាំ 2024 គឺទាក់ទាញទេសចរឲ្យបាន 18 លាននាក់៕
យោងតាមក្រុមអ្នកតាមដានទីផ្សារ IDC ឲ្យដឹងថា ការនាំចេញទូរស័ព្ទ iPhone ទៅទីនោះ បានធ្លាក់ចុះ 3.1% ក្នុងអំឡុងពេលនេះ បើធៀបនឹងការកើនឡើង 11% ពី១ឆ្នាំទៅ១ឆ្នាំ ក្នុងចំណោមដៃគូប្រកួតប្រជែងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។ ការធ្លាក់ចុះនោះ បានរុញក្រុមហ៊ុន Apple ចេញពីក្រុមក្រុមហ៊ុនផលិតទូរស័ព្ទថៃកំពូលទាំង៥ នៅក្នុងប្រទេសនេះជាលើកដំបូងក្នុងរយៈពេល 4 ឆ្នាំ។
ទូរស័ព្ទ iPhone ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដែលជាចំណុចកណ្តាលនៃចក្រភពអ្នកប្រើ ឧបករណ៍អេឡិចត្រូនិករបស់ Apple បានជួបការលំបាក ដើម្បីរក្សាប្រជាប្រិយភាពធម្មតារបស់ខ្លួននៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដោយអ្នកលក់រាយ និងក្រុមហ៊ុន Apple ផ្ទាល់ បានងាកទៅរកការបញ្ចុះតម្លៃយ៉ាងច្រើន។ សេដ្ឋកិច្ចដែលមានបញ្ហារបស់ប្រទេសនេះ បានរួមចំណែកចំពោះការធ្លាក់ចុះក្នុងការលក់ ខណៈដែលជើងឯកក្នុងស្រុក Huawei បានដឹកនាំការងើបឡើងវិញ លើជម្រើស Android ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានរាយការណ៍ពីការធ្លាក់ចុះ 3.9% នៃការនាំចេញ iPhone ទៅកាន់ប្រទេសចិនក្នុងរយៈពេលនេះ។ Counterpoint Research ដែលតាមដានការលក់រហូតដល់អ្នកប្រើប្រាស់ចុងក្រោយ បានរកឃើញការធ្លាក់ចុះ 5.7% សម្រាប់ iPhone ។
យោងតាម IDC ឲ្យដឹងថា កាលពីប៉ុន្មានខែមុន Apple ហាក់ដូចជាស្ថិតលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ នៅពេលដែលទិន្នន័យរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញពីការហក់ឡើងជាង ៤០% នៅក្នុងខែមេសា និងឧសភា។ ប៉ុន្តែការនាំចេញបានធ្លាក់ចុះកាលពីខែមុនដោយសារការព្រួយបារម្ភអំពីប្រាក់ចំណេញ ក្នុងចំណោមដៃគូក្នុងស្រុករបស់ខ្លួន ៕
យោងតាមទិន្នន័យពីក្រុមហ៊ុនចក្ខវិស៍យធ្វើដំណើរ Lighthouse ឲ្យដឹងថា ទីតាំងស្នាក់អាស្រ័យទាំង ឡាយពេលនេះ កំពុងត្រូវបានចុះបញ្ជីក្នុងតម្លៃមធ្យម €313 (ប្រមាណ $340) ក្នុងមួយយប់ចន្លោះពីថ្ងៃទី 26 ខែកក្កដា ដល់ថ្ងៃទី 11 ខែសីហា, គឺធ្លាក់ចុះ 41% ពីតម្លៃខ្ពស់បំផុត 531អឺរ៉ូ ដែលគេបានសង្កេតកាលពីប្រមាណ ១១ខែមុនពេលព្រឹត្តិការណ៍កីឡានេះ។
តម្លៃទាំងនេះ នៅតែខ្ពស់ជាងមធ្យម 175 អឺរ៉ូ ក្នុងអំឡុងពេលដូចគ្នាកាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែការធ្លាក់ចុះនេះ បង្ហាញថា ក្រុមអ្នកទស្សនា មិនមានទំនោរចាយលុយច្រើនទេ ថ្វីបើជាព្រឹត្តិការណ៍ធំ ដូចជាអូឡាំពិក ដែលបារាំងបានធ្វើម្ចាស់ផ្ទះចុងក្រោយ នៅក្នុងរដ្ឋធានីនេះ កាលពី100 ឆ្នាំមុនក៏ដោយ។
សណ្ឋាគារដែលមិនធ្លាប់បញ្ចុះថ្លៃពិសេសពីឆ្នាំមុន ទំនងជាងាកមកជ្រើសរើសការដាក់តម្លៃសមរមជាងមុន។ អ្នកស្រី Laetitia Brandariz-Berrut អ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ 4 ឈ្មោះ Bedford និងសណ្ឋាគារលំដាប់ផ្កាយបី ឈ្មោះ Hotel de l’Arcade ដែលមានទីតាំនៅសង្កាត់ទី 8ដូចគ្នា និយាយថា អ្នកស្រី កំពុងគិតតម្លៃពិសេសត្រឹម 20% ទៅ 25% លើសពីតម្លៃអតិបរមាដែលយកពីមុន។
អ្នកស្រី Brandariz-Berrut និយាយថា៖ «អ្នកមិនអាចលោភលន់ ហើយព្យាយាមលក់បន្ទប់ក្នុងតម្លៃមិនប្រាកដប្រជានោះទេ។ យើងរក្សាតម្លៃរបស់យើង និងចេះសម្របសម្រួល ដើម្បីកុំឲ្យបាត់ភ្ញៀវ»។
បណ្តាសណ្ឋាគារប្រណីត បានរងផលប៉ះពាល់យ៉ាងខ្លាំង ទោះបីជាពួកគេមិនបានដំឡើងតម្លៃ ដូចជាសណ្ឋាគារលំដាប់ផ្កាយបី និងផ្កាយបួន ក៏ដោយ។ តម្រូវការសម្រាប់លុះដាប់ទាំងនេះ បានដួលរលំតាំងមុនការប្រកួតនេះ ជាមួយអាត្រាជួល ធ្លាក់ទាបរហូតដល់ 15% សម្រាប់កាលបរិច្ឆេទមួយ ក្នុងខែកក្កដា។ អ្នកជំនាញផ្នែកឧស្សាហកម្មនិយាយថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពីខ្សែរថភ្លើងក្រោមដីដែលផ្ទុកលើសទម្ងន់ ការរឹតបន្តឹងបរិវេណសន្តិសុខ និងការព្រួយបារម្ភអំពីចរាចរណ៍នៅកណ្តាលទីក្រុងអាចរារាំងភ្ញៀវពីការកក់ទុក ឬសូម្បីតែត្រូវបានជំរុញឱ្យលុបចោល។
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ MKG Consulting បង្ហាញថា ទោះបីជាយ៉ាងនេះក្តី ក៏ការស្នាក់នៅសណ្ឋាគារជាទូទៅនៅតែរឹងមាំ ដោយឈរក្នុងអត្រា 78.2% សម្រាប់សប្តាហ៍នៃថ្ងៃទី 22 ខែកក្កដា និង អត្រា 76.2% សម្រាប់សប្តាហ៍នៃថ្ងៃទី 29 ខែកក្កដា ធៀបនឹង អត្រា51.4% និងអត្រា 50.1% សម្រាប់សប្តាហ៍ដែលដូចគ្នាក្នុងឆ្នាំ 2023។ ការស្នាក់នៅ បានថយចុះដល់ 48.3% ក្នុងសប្តាហ៍ នៃថ្ងៃទី 5 ខែសីហា បើធៀបនឹងអត្រា 44.8% ក្នុងពេលដូចគ្នាកាលពីឆ្នាំមុន។
នាយកប្រតិបត្តិ MKG លោក Vanguelis Panayotis មានប្រសាសន៍ថា៖ «យើងកំពុងមើលឃើញថាមវន្តដ៏ល្អ។ ការកក់ទុកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងជួយដល់ការធ្លាក់ចុះ ក្នុងខែមិថុនា និងដើមខែកក្កដា ហើយតម្លៃ មិនអាក្រក់ទេ។ យើងស្ថិតក្នុងដំណាក់កាលដែលទីផ្សារកំពុងកែតម្រូវខ្លួនឯង»។
ជាមួយនឹងតម្លៃបានធ្លាក់ចុះថ្មី ហើយព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងចាប់ផ្តើមក្នុងពេល២សប្តាហ៍ឆាប់ៗនេះ, វានឹងនៅតែមានពេលវេលាសម្រាប់កម្រិតនៃការស្នាក់នៅកើនឡើង។ ទិន្នន័យរបស់ Lighthouse បង្ហាញថា ការចូលស្នាក់នៅក្នុងបញ្ជីសម្រាប់កីឡាអូឡាំពិក បច្ចុប្បន្នគឺ 74.7%។ នៅចំណុចនេះ កាលពីឆ្នាំមុន 51.7% នៃបន្ទប់ ត្រូវបានកក់សម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ 2023 ជាមួយនឹងការកក់មុននៅនាទីចុងក្រោយ ទីបំផុតអត្រាស្នាក់នៅក៏កើនដល់ដល់ 72.8% ។ ម្យ៉ាងវិញទៀត សណ្ឋាគារទាំងឡាយ នៅតែមានពេលវេលា ដើម្បីបំពេញបន្ទប់របស់ពួកគេ ហើយថែមទាំងអាចបន្តធ្វើបានទៀត បន្ទាប់ពីពិធីបើកការប្រកួត៕
មន្ត្រី G20 ពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G20 នៅក្នុងក្រុងរីយ៉ូ ដឺហ្សាណេរ៉ូ នៃប្រទេសប្រេស៊ីល កំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ កក្កដា ២០២៤នេះ ដើម្បីគាំទ្រដល់ការយកពន្ធពីអ្នកមាន ដែលនឹងបញ្ឈប់ការអនុម័តលើសំណើរបស់ម្ចាស់ផ្ទះឲ្យមាន “ពន្ធមហាសេដ្ឋី”។
ប្រេស៊ីល ជាប្រធាននៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង 20 នៅឆ្នាំនេះ បានកៀងគរការគាំទ្រជំហានដំបូងពីប្រទេសខ្លះ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីយកពន្ធលើបុគ្គលដែលមានទ្រព្យសុទ្ធខ្ពស់បំផុត ទោះបីជាការជជែកគ្នានោះ គ្រាប់តែជាដំណើរការបឋមក៏ដោយ។
ប្រទេសបារាំង អេស្បាញ កូឡុំប៊ី បែលហ្ស៊ិក និងសហភាពអាហ្រ្វិក បានគាំទ្រគំនិតនេះ រួមជាមួយនឹងអាហ្វ្រិកខាងត្បូង ដែលនឹងកាន់តំណែងជាប្រធាន G20 នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះបានរងនូវការប្រឆាំងយ៉ាងខ្លាំង ក្នុងនោះមានទាំងពីរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកជំទាវ Janet Yellen ផងដែរ។
ប្រភពជាច្រើន នៅឯក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ដែលបានចេញមុខប្រឆាំងនឹងគំនិតនេះកាលពីខែមេសា បាននិយាយថា ការយកពន្ធមួយលើអ្នមានទ្រព្យកំពូល គឺត្រូវបានយកចេញតុកិច្ចប្រជុំ G20 ហើយក្នុងសប្តាហ៍នេះ។ ប្រភពទាំងនោះ បាននិយាយថា ការពិភាក្សាអំពីពន្ធ នឹងផ្តោតលើគំនិតផ្សេងទៀតជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ និងការលាក់បាំងទ្រព្យសម្បត្តិ។
ដោយសុំមិនបញ្ចេញឈ្មោះខណៈកិច្ចពិភាក្សាពីការចរចា កំពុងបន្ត មន្ត្រី G20 ម្នាក់ ដែលស្និទ្ធនឹងកិច្ចពិភាក្សានេះ បាននិយាយថា សេចក្តីថ្លែងការណ៍រួមថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេរំពឹងថានឹងបញ្ចូលការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយការគេចពន្ធរបស់មហាសេដ្ឋី តាមរយៈការផ្លាស់ប្តូរព័ត៌មានកាន់តែទូលំទូលាយ និងការអនុវត្តឲ្យល្អបំផុត។
សេចក្តីថ្លែងការណ៍រួម G20 ទូលំទូលាយមួយ ត្រូវបានរំពឹងថាធ្វើឡើងនៅថ្ងៃសុក្រ នៅពេលដែលក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ធនាគារកណ្តាល បញ្ចប់កិច្ចប្រជុំនៅក្នុងសប្តាហ៍នេះ នៅទីក្រុង រីយ៉ូ ដឺហ្សាណេរ៉ូ។
ទោះបីជាមានការសង្ស័យក៏ដោយ ក៏ការពិភាក្សា G20 អំពីការយកពន្ធលើមហាសេដ្ឋីពិភពលោកនេះ បានទទួលការសរសើរពីអតីតមេដឹកនាំពិភពលោក រួមទាំងសមាជិក 19 រូប នៃ Club de Madrid ដែលជាវេទិកានៃអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាង 100រូប។
នៅឯសិក្ខាសាលាមួយក្នុងទីក្រុង ប្រេស៊ីល្យ៉ាកាលពីខែមុន ក្រុមមន្ត្រី បានពិភាក្សាអំពីសំណើរបស់ស្ថាប័នអង្កេតពន្ធ EU ឯករាជ្យ ដើម្បីហូតពន្ធទ្រព្យសម្បត្តិចំនួន 2% លើទ្រព្យសម្បត្តិជាង ១ពាន់លានដុល្លារ ដោយនឹងបង្កើនប្រាក់ចំណូលរហូតដល់ប្រមាណ $250ពាន់លានជារៀងរាល់ឆ្នាំពីបុគ្គល 3,000រូប៕
ប្រជាប្រិយភាព របស់អតីតប្រធានាធិតបតី លោកដូណាល់ ត្រាំ ជាបេក្ខភាពបក្សសាធារណរដ្ឋ បានហក់ឡើងហួសពីការស្មាន បន្ទាប់ ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយ ហើយការប្រកាសឧបត្ថម្ភប្រមាណ $45លាន ជារៀងរាល់ខែ ពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យាលោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននាំឲ្យមានការប៉ានប្រមាណជា្រច្រើនថា លោកនឹងឡើងកាន់ អំណាចជាថ្មី នៅថ្ងៃទី៥ វិច្ឆិកា ប៉ុន្តែវត្តមានរបស់ស្ត្រីស្បែកខ្មៅ លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) ពីសប្តាហ៍មុន ដែលជំនួសលោកប្រធានាធិបតី ចូ បៃដិន (ដែលបានបោះបង់ការប្រជែង) នៅលើវិទិកាឃោសនាបោះឆ្នោត ក៏បានបង្ហាញថា នឹងមានឈុតឆាកប្រជែងគ្នាជាថ្មី ខណៈត្រឹមតែ២៤ម៉ោងបន្ទាប់ពីការចាលចេញរបស់លោក បៃដិន ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតតបស់លោកជំទាវ បានទទួលអំណោយសម្រាប់ឃោសនាចំនួនជាង$១០០លាន ដែលគូសបញ្ជាក់ពីទំនុកចិត្តថ្មី ពីក្រុមអ្នកគាំទ្រ។
អំណោយដែលក្រុមរបស់លោកជំទាវ បានហៅថា ជា ការរៃអង្គាសជាប់កំណត់ត្រា ក្នុងរយៈពេល 24 ម៉ោង ដែលប្រមូលបាន 81លានដុល្លារ បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់បក្សប្រជាធិបតេយ្យ ខណៈការស្ទង់មតិថ្នាក់ជាតិលើកដំបូងដែលបានធ្វើឡើងចាប់តាំងពីលោកបៃដិន បានចាកចេញ បានបង្ហាញថា លោកជំទាវ ហារីស មានប្រជាប្រិយភាពជាងលោក ត្រាំ។ ការស្ទង់មតិរបស់ Ipsos/Reuters ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថាលោកជំទាវ ហារីស បាននាំមុខលោកលោកត្រាំ ចំនួន២ពិន្ទុ គឺ ៤៤%ទល់នឹង ៤២%។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមួយ ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាលោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននិយាយថា លោកគ្រោងបរិច្ចាគប្រហែល 45 លានដុល្លារជារៀងរាល់ខែ ដោយចាប់ផ្តើមពីខែសីហា ទៅឲ្យគណៈកម្មាធិការសកម្មភាពនយោបាយទំនើបថ្មី (Super PAC) ដើម្បីគាំទ្រការប្រជែងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ Donald Trump)។
ដោយដកស្រង់ពីមនុស្សដែលធ្លាប់ជួបនឹងបញ្ហាទាំងនេះ, កាសែត Wall Street Journal បានរាយការណ៍ថា លោក Musk នឹងធ្វើការការបរិច្ចាគរបស់លោក នឹងទៅឲ្យក្រុមមួយដែលមានឈ្មោះថា America PAC ដែលនឹងផ្តោតលើការគាំទ្រលោក ត្រាំ តាមរយៈការលើកកម្ពស់ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោតមុនកាលកំណត់ និងសន្លឹកឆ្នោតតាមប្រៃសនីយ៍ ក្នុងចំណោមអ្នករស់នៅក្នុងបណ្តារដ្ឋប្រទាញប្រទង់ នៅមុនការបោះឆ្នោតទូទៅ ថ្ងៃទី៥ ខែវិច្ឆិកា។
Musk ដែលជាបុរសមានបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណជា $250ពាន់លាន បានគាំទ្រជាផ្លូវការនូវបេក្ខភាពប្រធានាធិបតីអាមេរិករបស់ត្រាំ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានរួចរស់ជីវិតពីការបាញ់ប្រហារនៅឯការជួបជុំឃោសនាមួយក្នុងរដ្ឋផេនស៊ីលវ៉ានៀ(Pennsylvania) ។
នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលលោកបានបង្កើតក្នុងឆ្នាំ 2022 ដែលកាលណោះវាមានឈ្មោះថា ទ្វីតទ័រ (Twitter) លោក Musk បានសរសេរថា៖ “ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានាធិបតី Trump ហើយសង្ឃឹមថានឹងបានជាសះស្បើយយ៉ាងឆាប់រហ័ស” ។
ចំណែកបក្សប្រជាធិតេយ្យ ថ្វីបើការគាំទ្របានធ្លាក់ចុះ ដោយសារវ័យជ្រេ និងទង្វើថ្មីៗរបស់លោក បៃដិនក៏ដោយ ក៏អ្នកស្នងរបស់លោក គឺលោកជំទាវ ហារីស វ័យ៥៩ឆ្នាំ មិនអន់នោះឡើយ។
ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជំទាវ បាននិយាយថា បក្សប្រជាធិបតេយ្យ បានទទួលបរិច្ចាគប្រាក់ជាង 100 លានដុល្លារ សម្រាប់ការប្រជែងតំណែងប្រធានាធិបតីអាមេរិក របស់ជំទាវអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ចាប់តាំងពីប្រធានាធិបតី លោក ចូ បៃដិន បានបោះបង់ចោលការប្រជែងតំណែងនោះ កាលពីថ្ងៃអាទិត្យ ទី២១ កក្កដា ២០២៤។
យោងតាមវេទិកាបរិច្ចាគ ActBlue ឲ្យដឹងថា ក្នុងអំឡុងពេលនោះ មានមនុស្សជាង 888,000 នាក់ បានបរិច្ចាគទឹកប្រាក់រហូតដល់ 200 ដុល្លារក្នុងម្នាក់ៗ ។
ក្រុមអ្នកផ្តល់ជំនួយ ដែលបានដកមូលនិធិរបស់ពួកគេមកវិញ ដោយសារការព្រួយបារម្ភអំពីអាយុរបស់លោកបៃដិន បាននិយាយថា ពេលនេះពួកគេមានបំណងបន្តការគាំទ្ររបស់ពួកគេសម្រាប់គណបក្សនេះវិញហើយ។
យោងតាមកាសែត New York Times ឲ្យដឹងថា ការកើនឡើងនៃការបរិច្ចាគក្នុងរយៈពេល 24 ម៉ោង បន្ទាប់ពីលោក បៃដិន ចាកចេញពីការជែងនេះ គឺជាការបរិច្ចាគតាមអ៊ីនធឺណិតដល់បក្សប្រជាធិបតេយ្យដ៏ធំបំផុតតែមួយគត់ ចាប់តាំងពីឆ្នាំ 2020មក។
មូលនិធិថ្មីនេះ គឺជាការរប់ដ៏សំខាន់មួយសម្រាប់ បក្សប្រជាធិបតេយ្យ ដែលគេឃើញការគាំទ្រពីម្ចាស់ជំនួយសំខាន់ៗបាន ធ្លាក់ចុះ បន្ទាប់ពីលោកបៃដិន ធ្វើមិនល្អនៅក្នុងការជជែកដេញដោលប្រធានាធិបតីកាលពីខែមិថុនា ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលធ្វើឲ្យសូម្បីតែ មូលនិធិមូលដ្ឋានពីម្ចាស់ជំនួយតូចៗក៏បានថយចុះផងដែរ ។
ប៉ុន្តែភ្លាមៗបន្ទាប់ពីលោកបៃដិន បានប្រកាសបោះបង់ការប្រជែងតំណាងប្រធានាធិបតី និងការយល់ព្រមរបស់លោកទៅឲ្យលោកជំទាប ហារីស ដើម្បីប្រជែងយកសេតវិមាន ក្រុមអ្នកប្រជាធិបតេយ្យ ក៏បានចូលរួមចំណែកបរិចចាកតាមអនឡានក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
ActBlue បានសរសេរនៅលើគណនី X ថា៖ “អ្នកគាំទ្រមូលដ្ឋានមានថាមពលឡើវិញ និងរំភើបចិត្ត ក្នុងការគាំទ្រ ជំទាវហារីស ជាបេក្ខភាពបក្សប្រជាធិបតេយ្យ”។
Win With Black Women ដែលជាក្រុមមេដឹកនាំស្ត្រីស្បែកខ្មៅ បានធ្វើការហៅវីដេអូខលតាម Zoom ដែលមានអ្នកចូលរួមជាង 44,000 កាលពីយប់ថ្ងៃអាទិត្យ ដើម្បីសម្តែងការគាំទ្ររបស់ពួកគេនៅពីក្រោយលោកជំទាវអនុប្រធានាធិបតីរូបនេះ ដោយបានរៃអង្គាសប្រាក់បានជាង 1.5 លានដុល្លារក្នុងរយៈពេល 3 ម៉ោងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកជំទាវ។
លោក Joe Cotchett ដែលជាអ្នករៃអង្គាសថវិកានយោបាយនៅសាន់ហ្វ្រាន់ស៊ីស្កូ សម្រាប់គណបក្សប្រជាធិបតេយ្យ បានប្រាប់ NBC News ថា ម្ចាស់ជំនួយ “ពេលនេះត្រៀមខ្លួនរួចរាល់ហើយដើម្បីចាយលុយរបស់ពួកគេ” ។
ក្នុងចំណោមនោះ មានលោក Gideon Stein ប្រធានមូលនិធិ Moriah និងជាអ្នកផ្តល់ជំនួយសម្រាប់ បក្សនេះ ដោយបានប្រាប់ប្រព័ន្ធឃោសនាអាមេរិកថា លោកនឹងបន្តផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីបានផ្អាកដោយសារតែមានការព្រួយបារម្ភអំពីសមត្ថភាពបោះឆ្នោតរបស់លោកបៃដិន។
ម្ចាស់ជំនួយផ្នែកនយោបាយដែលមានកេរ្តិ៍ឈ្មោះខ្លាំងខ្លះ ក៏បានបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះលោកជំទាវ ហារីស ក្នុងនាមជាបេក្ខភាពបក្សប្រជាធិបតេយ្យផងដែរ។
លោក Reid Hoffman ដែលជាសហស្ថាបនិក LinkedIn បានហៅលោកជំទាវអនុប្រធានាធិបតី “ជាមនុស្សត្រឹមត្រូវ ចំពេលដ៏ត្រឹមត្រូវ” ។
គាត់បាននិយាយនៅក្នុងការប្រកាសនៅលើគណនី Xថាៈ “ខ្ញុំគាំទ្រដោយស្មោះអស់ពីចិត្តចំពោះលោកជំទាវ កាម៉ាឡា ហារីស និងបេក្ខភាពរបស់លោកជំទាវ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើង នៅក្នុងខែវិច្ឆិកា”។
ម្ចាស់ជំនួយផ្នែកនយោបាយដ៏ល្បីឈ្មោះមួយរូបទៀតគឺ លោក Alexander Soros ដែលជាកូនប្រុសរបស់សប្បុរសជន George Soros បាននិយាយថា លោកជំទាវ ហារីស គឺជា “បេក្ខជនល្អបំផុត និងមានសមត្ថភាពបំផុតដែលយើងមាន”។ សហស្ថាបនិកក្រុមហ៊ុន Netflix លោក Reed Hastings ដែលត្រូវបានគេស្គាល់ថាជាអ្នកផ្តល់ជំនួយរបស់ បក្សប្រជាធិបតេយ្យពីមុនបានប្រាប់កាសែត New York Times ថា លោកបៃដិន គួរតែចុះចេញពីតំណែងជាអ្នកតែងតាំងគណបក្សប្រជាធិបតេយ្យ។ នៅថ្ងៃអាទិត្យបន្ទាប់ពីការប្រកាសបោះបង់របស់លោក បៃដិន លោក Hastings បានសរសេរនៅលើគណនី X ថា ៖ “គណៈប្រតិភូ បក្សប្រជាធិបតេយ្យ ត្រូវការជ្រើសរើសអ្នកឈ្នះរដ្ឋប្រទាញប្រទង់” ៕