កាសែតអេឡិចត្រូនិក Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតក្រុមហ៊ុនជាច្រើន ក្នុងនោះមានទាំងក្រុមហ៊ុនបង្កើតកម្មវិធីផ្នែកទន់របស់អាល្លឺម៉ង់ SAP SE និង ក្រុមហ៊ុន Carahsoft Technology ពីបទការឃុបឃិតគ្នាដ៏សម្បើម ដើម្បីគិតថ្លៃច្រើនហួសលើបណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

ដោយស្រង់កំណត់ត្រារបស់តុលាការសហព័ន្ធដែលដាក់ប្តឹងនៅ Baltimore, របាយការណ៍នោះ បាននិយាយថា មេធាវីនៃក្រសួងយុត្តិធម៌អាមេរិក (DOJ) បាននិងកំពុងធ្វើការស៊ើបអង្កេត យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០២២ ថាតើក្រុមហ៊ុន SAP បានឃុបឃិតគ្នាដោយខុសច្បាប់ជាមួយក្រុមហ៊ុនផ្តល់ដំណោះស្រាយ IT ដែរឬយ៉ាងណា ដើម្បីរៀបតម្លៃលក់ទៅឱ្យយោធាសហរដ្ឋអាមេរិក និងអង្គភាពរដ្ឋាភិបាលជាច្រើនផ្សេងទៀត។

ក្រុមហ៊ុន SAP, Carahsoft, និងក្រសួង DOJ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំយោបល់នៅខាងក្រៅម៉ោងធ្វើការធម្មតានោះទេ។

តាំងពីព្រឹកព្រលឹមថ្ងៃនោះ Bloomberg បានរាយការណ៍ថា បណ្តាទីភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក បានរុករកការិយាល័យរបស់ក្រុមហ៊ុន Carahsoft ក្នុងតំបន់ Washington ។ អ្នកតំណាងក្រុមហ៊ុន Carahsoft បានប្រាប់ Bloomberg ថា ការស៊ើបអង្កេតនោះ គឺបានចូលទៅក្នុងក្រុមហ៊ុន ដែល Carahsoft ធ្លាប់បានធ្វើអាជីវកម្ម កាលពីអតីតកាល។

ក្រុមហ៊ុន SAP ធ្លាប់មានរឿងប្រឈមមុខជាមួយក្រសួងយុត្តិធម៌ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាល្លឺម៉ង់នេះ បានយល់ព្រមបង់ប្រាក់ប្រហែល ២២២ លានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេត លើគម្រោងសូកប៉ាន់ជាច្រើន នៅក្នុងប្រទេសចំនួន៧៕

ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ហុងកុង លក់ផ្ទះ បញ្ចុះតម្លៃ២០%

ក្រុមហ៊ុន Sun Hung Kai Properties Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏ធំបំផុតរបស់ហុងកុង កំពុងធ្វើទីផ្សារលើគម្រោងថ្មីជាមួយនឹងការបញ្ចុះតម្លៃ ២០% ដើម្បីទាក់ទាញក្រុមអ្នកទិញបន្ទាប់ពីមានការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះ។

យោងតាមក្រុមហ៊ុន Midland Realty ឱ្យដឹងថា គម្រោង Cullinan Sky របស់ក្រុមហ៊ុននៅតំបន់អតីតអាកាសយានដ្ឋាន Kai Tak បានដាក់តម្លៃ HK$ ១៩,៦៦៨ ($២,៥២៥) ក្នុងមួយហ្វីតការ៉េ ជាមធ្យមសម្រាប់វគ្គដំបូងរបស់ខ្លួន។ នោះគឺជាតម្លៃដែលបានបញ្ចុះប្រហែល 20% ទាបជាងគម្រោងថ្មីជាច្រើន នៅក្បែរនោះ។

ទោះបីជាមានការកាត់អត្រាការប្រាក់របស់ធនាគារហុងកុង ពីសប្តាហ៍មុនក៏ដោយ ក៏ទីផ្សារអចលនទ្រព្យនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងនោះមានទាំងសារពើភ័ណ្ឌផ្ទះច្រើនលើសលុប និងសេដ្ឋកិច្ចខ្សោយ។ ​យោង​តាម Bloomberg Intelligence ឱ្យដឹងថា ការ​ផ្គត់ផ្គង់ផ្ទះ​ថ្មី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ – ជាមួយ​នឹង​ការ​លក់​មិនដាច់ ​រយៈពេល ២០ឆ្នាំ​មកហើយ ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាងសំខាន់​ ​ក្នុង​ទីផ្សារ​លំនៅឋាន​នេះ​ នឹងមាន​កម្រិត​៕

  • Samsung នឹងវិនិយោគ 1.8 ពាន់លានដុល្លារបន្ថែមទៀតនៅភាគខាងជើងប្រទេសវៀតណាម

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung ដែលមានប្រតិបត្តិការនៅខេត្ត បាក់និញ ភាគខាងជើង គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១.៨ ពាន់លានដុល្លារបន្ថែមទៀតនៅទីនោះ។

អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Samsung Display Vietnam ដែលត្រូវបានចុះហត្ថលេខា ពីសប្តាហ៍មុន និង នាយករដ្ឋមន្ត្រី ផាម មិញជិញ ជាសាក្សី គឺមានន័យ

ក្រុមហ៊ុន Samsung Display Vietnam បានរាយការណ៍ពីប្រាក់ចំណេញចំនួន ២៨៣.៦ លានដុល្លារលើប្រាក់ចំណូលចំនួន ៦.៨ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

រោងចក្រចំនួន៤នៅក្នុងប្រទេសវៀតណាម បានរួមចំណែកប្រហែល ៣០% នៃប្រាក់ចំណូលពិភពលោករបស់ Samsung ក្នុងអំឡុងពេលនេះ៕

  • ក្រសួងហិរញ្ញវត្ថុថៃ និងធនាគារកណ្តាល នឹងពិភាក្សាអំពីគោលដៅអតិផរណានៅសប្តាហ៍ក្រោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវច្ជរ៉ា (Pichai Chunhavajira) បាននិយាយថា រដ្ឋាភិបាលថៃនឹងពិភាក្សាអំពីគោលដៅអតិផរណា និងប្រាក់បាតខ្លាំងជាមួយធនាគារកណ្តាល។

ផែនការពិនិត្យឡើងវិញ ដែលរាយការណ៍ដំបូងដោយ Reuters ធ្វើឡើងបន្ទាប់ពីសម្ពាធរបស់រដ្ឋាភិបាលជាច្រើនខែ លើធនាគារកណ្តាលថៃ ដើម្បីកាត់បន្ថយអត្រាការប្រាក់ខ្ពស់មួយទសវត្សរ៍មកហើយ ២.៥០% ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចដែលជួបការលំបាកចាប់តាំងពីមានជំងឺកូវីដការរាតត្បាត ។

ការពិនិត្យឡើងវិញលើគោលដៅអតិផរណាពី ១%ទៅ ៣% ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ អាចបង្កើនឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ដែលអតីតនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុនដោយដីការបស់តុលាការ បានទាមទារជាយូរមកហើយ៕

  • ហុងកុង វ៉ាដាច់សិង្ហបុរី លើចំណាត់ថ្នាក់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក

យោងតាមការស្ទង់មតិមួយបានឱ្យដឹងថា ទីក្រុងហុងកុង បានដណ្តើមយកតំណែងរបស់ខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់ទ្វីអាស៊ី ដោយបានផ្តួលសិង្ហបុរី ឱ្យត្រលប់ទៅចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់វិញ។

នៅទូទាំងពិភពលោក ហុងកុងជាប់ចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ នៅក្នុងសន្ទស្សន៍ចុងក្រោយបំផុតរបស់ Global Financial Centers Index ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍។ សិង្ហបុរី ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ លើ​ពិភពលោក។ ទីក្រុង Dublin ទីក្រុង Chicago និងទីក្រុង Dubai បានកើនឡើងនៅក្នុងចំណាត់ថ្នាក់ ខណៈដែលទីក្រុងស៊ាងហៃ, ប៉េកាំង និង ហ្សឺណែវ បានធ្លាក់ចុះ នៅក្នុងសន្ទស្សន៍៕

  • អតិផរណា​របស់​ម៉ិកស៊ិក ​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក នៅ​មុន​ការ​បោះឆ្នោត

អតិផរណារបស់ម៉ិកស៊ិក បានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅដើមខែកញ្ញា ដែលទំនងជាមកពីធនាគារ Banco de Mexico នឹងកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ពីរខែជាប់គ្នា នៅឯកិច្ចប្រជុំអត្រាការប្រាក់កាលពីចុងសប្តាហ៍មុន។

ទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ៤.៦៦% ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការប៉ាន់ស្មានជាមធ្យម របស់អ្នកសេដ្ឋកិច្ច ៤.៧១% ដែល Bloomberg បានស្ទង់ ៕

  • ក្រុមឃ្លាំមើលជប៉ុនណែនាំ ឱ្យពិន័យក្រុមហ៊ុនឈ្មួញជើងសា Nomura ជាង $15ម៉ឺន ពីបទការក្លែងបន្លំទីផ្សារ

ក្រុមឃ្លាំមើលមូលបត្ររបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃពុធថា ពួកគេ បានផ្តល់អនុសាសន៍ឱ្យពិន័យ ២១.៨ លានយ៉េន (១៥១,៧១៥ ដុល្លារ) លើផ្នែកអង្គភាពឈ្មួញកណ្តាលរបស់ក្រុមហ៊ុន Nomura Holding ពីបទរៀបឧបាយកលបន្លំ ក្នុងទីផ្សារអនាគតមូលប័ត្ររដ្ឋាភិបាល ដែលត្រូវបានចោទប្រកាន់។

នៅក្នុងសន្និសីទខ្លីមួយថា គណៈកម្មការត្រួតពិនិត្យមូលបត្រ និងការផ្លាស់ប្តូរ (SESC) បាននិយាយថា  SESC បានផ្តល់អនុសាសន៍ដល់ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ (FSA) ជានិយតករធនាគារ ឱ្យធ្វើការពិន័យបែបនេះនៅក្នុងប្រទេសជប៉ុន៕

  • ឥណ្ឌូណេស៊ី​ ស្នើ​សុំជា​ផ្លូវ​ការ ​ដើម្បី​ចូល​រួម​ក្នុង​កតិកាសញ្ញា​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ឱ្យដឹងថា រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូនេស៊ី បានស្នើសុំជាផ្លូវការដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដើម្បីពង្រីកទីផ្សារនាំចេញរបស់ខ្លួន ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានផ្ញើលិខិតស្នើសុំការចូលជាសមាជិកទៅកាន់នូវែលសេឡង់ ក្នុងនាមជាភាគីតម្កល់ សម្រាប់ភាពជាដៃគូកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើន អន្តរប៉ាស៊ីហ្វិក៕

លោក មូកេះ អាំបានី (Mukesh Ambani) ជាបុរសឧស្សាហកម្មនិយមឥណ្ឌាដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Reliance Industries បន្តបង្កើតចំណងជើងព័ត៌មានធំៗលើទំព័រកាសែត ជាមួយនឹងរបៀបរស់នៅចាយលុយមិនខ្វល់ និងការទិញយកសម្ភារៈដ៏លេចមុខមាត់។ ថ្មីៗនេះ លោក បានបន្ថែមយានជំនិៈដ៏ហំហានមួយទៀត ទៅកម្មសិទ្ធិទ្រព្យសម្បត្តិដ៏ប្រណីតគួរឱ្យចាប់អារម្មណ៍របស់គាត់ នោះគឺយន្តហោះឯកជនថ្លៃបំផុត Boeing 737 MAX 9 របស់ប្រទេសឥណ្ឌា។

ទ្រព្យសម្បត្តិរបស់ លោក មូកេះ អាំបានី

ជាប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងបញ្ជីអ្នកមានទ្រព្យច្រើនបំផុតរបស់ទស្សនាវដ្ដី Forbes លោក លោក មូកេះ អាំបានី មានទ្រព្យសម្បត្តិសរុបចំនួន ១១៣.៩ ពាន់លានដុល្លារ ដែលមានន័យថា ប្រមាណជា Rs ៩,៥៣,០១៥ crore ។ យោងតាមរបាយការណ៍របស់កាសែត Barclays-Hurun India ឆ្នាំ ២០២៤ ឱ្យដឹងថា គ្រួសារ អាំបានី ដែលជារឿយៗត្រូវបានគេចាត់ទុកថា ជាអ្នកមានទ្រព្យច្រើនបំផុតរបស់ឥណ្ឌា មានទ្រព្យសម្បត្តិចំនួន ២៥,៧៥,០០ រូពី ស្មើនឹងប្រហែល ១០% នៃផលទុនជាតិសរុប របស់ប្រទេសនេះ។

ការបំបែកទៅទិញសម្ភារៈប្រណីតបម្រើសេចក្តីសុខ

ទ្រព្យសម្បត្តិរបស់ អាំបានី មិនត្រឹមតែត្រូវបានបង្ខាំងនៅក្នុងអាណាចក្រអាជីវកម្មរបស់គាត់ប៉ុណ្ណោះទេ។ ទ្រព្យទាំងនោះ ក៏បំបែកទៅទិញទ្រព្យសកម្មចម្រុះជាច្រើន ក្នុងនោះមានទាំងអចលនទ្រព្យ យានយន្តប្រណីត, នាឡិកាផ្តាច់មុខ, គ្រឿងអលង្ការ និងជាការពិតណាស់ យន្តហោះឯកជនផងដែរ។ ការទិញយន្តហោះឯកជនថ្លៃបំផុតរបស់ឥណ្ឌាចុងក្រោយបំផុតរបស់លោក គូសបញ្ជាក់ពីការចាប់អារម្មណ៍របស់លោកចំពោះ ប្រណីតភាព និងភាពពិសេសផ្តាច់មុខ។

យន្តហោះ Boeing 737 MAX 9 បញ្ជាក់ពីប្រណីតភាព

បន្ទាប់ពីត្រូវបានកែកុនឡើងវិញ តាមរសនិយមរបស់លោកអាំបានី, យន្តហោះ Boeing 737 MAX 9​ នេះ មានតម្លៃលើសពី $១១៨.៥ លាន ច្រើន។

ទស្សនាវដ្តី ET Now បានរាយការណ៍ថា ចំណុចកណ្តាលនៃកងយានលើអាកាសរបស់ មូកេះ អាំបានី ពេលនេះ គឺជាយន្តហោះ Boeing 737 MAX 9 ដែលល្បីល្បាញដោយសារភាពសម្បូរបែបនៃគ្រឿងបំពាក់ និងសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់វា។ យន្តហោះ ដែលដំណើរការដោយម៉ាស៊ីនម៉ាក CFMI LEAP-18 ចំនួនពីរគ្រឿង ត្រូវបានគេកែសម្រួលយ៉ាងល្អិតល្អន់ ដើម្បីបំពេញតាមស្តង់ដារពិតប្រាកដ នៃប្រណីតភាព និងផាសុកភាពរបស់លោក អាំបានី។

ការកែសម្រួល និងការកែលម្អ

កាសែតអេឡិចត្រូនិក GQ បានរាយការណ៍ថា មុនពេលទៅដល់ប្រទេសឥណ្ឌា យន្តហោះ Boeing 737 MAX 9 បានធ្វើការកែប្រែជាទូទៅនៅឯការ៉ាស់យន្តហោះ EuroAirport Basel-Mulhouse-Freiburg (BSL) ក្នុងប្រទេសស្វីស។ បន្ទប់យន្តហោះ និងផ្នែកខាងក្នុង ត្រូវបានកែលម្អដើម្បីឆ្លុះបញ្ចាំងពីរសនិយម និងចំណូលចិត្តរបស់ លោកអាំបានី ដោយលើកកំពស់យន្តហោះនេះ ទៅកាន់ចំណុចកំពូល នៃអាកាសចរណ៍ប្រណីត។

ស្លាកតម្លៃ និងកិត្យានុភាព

ខណៈដែលតម្លៃមូលដ្ឋាន នៃយន្តហោះ Boeing 737 MAX 9 ឈររឹងតម្លៃ $១១៨.៥ លានដុល្លារ (ប្រហែល Rs ៩៩០ crore) ការវិនិយោគរបស់ អាំបានី លើការកែប្រែ និងការកែលម្អ បានធ្វើឲ្យតម្លៃពិតលើសពីតួលេខនេះដោយគ្មានសង្ស័យ។ លទ្ធផល យន្ទហោះនេះ គឺវិមានហោះហើរដែលតំណាងឱ្យភាពប្រណីត និងភាពពិសេសផ្តាច់មុខ ជាការឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិ និងឋានៈដែលមិនអាចប្រៀបផ្ទឹមបានរបស់ម្ចាស់វា។

ការទិញយន្តហោះធុនប៊ូអីងនេះ បានធ្វើលោកអាំបានី មានយន្តហោះឯកជនស្ទើរតែ១កងអាកាសចារណ៍ទៅហើយ

និន្នាការកំពុងកើនឡើង ក្នុងចំណោមឥស្សរជនឥណ្ឌា

លោកមូកេះ អាំបានី ចូលរួមជាមួយមហាសេដ្ឋីឥណ្ឌាដែលបានជ្រើសរើសមួយក្រុម ដែលបានចំណាយប្រាក់យ៉ាងច្រើនយន្តហោះឯកជន ក្នុងនោះមានទាំងយន្តហោះ Ratan Tata, យន្តោះ Kumar Mangalam Birla និងយន្តហោះ Gautam Adani ក្នុងចំណោមយន្តហោះផ្សេងទៀតជាច្រើនគ្រឿង។ យន្តហោះឯកជនទាំងនេះ មិនត្រឹមតែបម្រើជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិប៉ុណ្ណោះទេ វាថែមទាំងជាឧបករណ៍ជាក់ស្តែងសម្រាប់អាជីវកម្ម និងការធ្វើដំណើរផ្ទាល់ខ្លួន ដោយផ្តល់នូវភាពងាយស្រួល និងឯកជនភាពដែលមិនអាចប្រៀបផ្ទឹមបាន។

ការទិញយកយន្តហោះឯកជនឥណ្ឌាថ្លៃបំផុតរបស់ លោក អាំបានី បញ្ជាក់ជាង្មីពីជំហររបស់លោកជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងប្រណីតភាពរបស់ពិភពលោក។ ខណៈដែលលោកបន្តពង្រីកអាណាចក្រអាជីវកម្ម និងជំនួញផ្ទាល់ខ្លួន, ការបន្ថែមថ្មីបំផុតរបស់លោក កំណត់ស្តង់ដារថ្មីមួយ នៅក្នុងអាកាសចរណ៍ឯកជន ដោយច្របាច់បញ្ចូលគ្នា នូវបច្ចេកវិទ្យាទំនើប ជាមួយនឹងភាពប្រណីតកែច្នៃផ្ទាល់ខ្លួន៕

លោក ប៊ែរណាដ អាណូដ (Bernard Arnault) កាលពី៦ខែមុន គឺជាអ្នកមានទ្រព្យច្រើនបំផុតនៅលើភពផែនដី— ប៉ុន្តែពេលនេះបានធ្លាក់មកលំដាប់ទី៥ បន្ទាប់ពីទឹកប្រាក់៥៤ពាន់លានដុល្លាររបស់លោក ត្រូវបានខាតបង់នៅក្នុងការវិនិយោគភាគហ៊ុនធ្លាក់ចុះ តែត្រឹម៣ថ្ងៃ ។

លោកអាណូដ គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនយក្សបារាំង LVMH Moët Hennessy Louis Vuitton ដែលជាផលិតសម្ភារៈប្រណីត។ កាលពីចុងខែមីនា លោកមានទ្រព្យសម្បត្តិតម្លៃប្រមាណ ជា ២៣១ពាន់លានដុល្លារ ដោយធ្វើឱ្យលោកទទួលបានចំណាត់ថ្នាក់នាំមុខ ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos នៅទីកំពូល នៃសន្ទស្សន៍មហាសេដ្ឋីរបស់កាសែតសេដ្ឋកិច្ចអេឡិចត្រនិក Bloomberg ។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៃម៉ូដទាន់សម័យរូបនេះ បានខាតបង់ចំនួន ៥៤ ពាន់លានដុល្លារ ចាប់តាំងពីពេលនោះមកបានធ្លាក់មកនៅ ១៧៧ ពាន់លានដុល្លារ នៅពេលផ្សារហ៊ុន បានបិទកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានទម្លាក់លោកមកកាន់ចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីអ្នកមានទ្រព្យ មិនត្រឹមតែលៅក្រោមលោក Musk និង Bezos ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងធ្លាក់ទៅដល់ក្រោមនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg និងសហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ទៅទៀត។

លោក Bernard Arnault ធ្លាប់តែឈរនៅលំដាប់កំពូល ក្នុងនាមជាអ្នកមានទ្រព្យច្រើនបំផុត​នៅលើពិភពលោក

ទ្រព្យសម្បត្តិសុទ្ធរបស់ អាណូដ ឥឡូវនេះធ្លាក់ចុះ ៣០ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំមក ដែលធ្វើឲ្យលោកក្លាយជាអ្នកខាតបង់ទ្រព្យសម្បត្តិដ៏ធំបំផុត ក្នុងចំណោមបុគ្គលអ្នកមានទ្រព្យ ៥០០នាក់ នៅក្នុងចំណាត់ថ្នាក់របស់ Bloomberg ។

លោក ក៏ជាមនុស្សតែម្នាក់គត់ក្នុងចំណោមអ្នកមានទ្រព្យច្រើនបំផុតទាំង ១៨ នាក់ ដែលក្នុងនិវេទន៍ ក្រហមសម្រាប់ឆ្នាំ ២០២៤ ហើយអ្នកជាច្រើនផ្សេងទៀត ទទួលបានកើនឡើងយ៉ាងហោចណាស់ ១៦ ពាន់លានដុល្លារ ហើយអ្នកខ្លះ​ ដូចជាករណីរបស់ Zuckerberg បានកើនឡើងច្រើនដល់ទៅ ៧១ ពាន់លានដុល្លារ។

ចំណាត់ថ្នាក់ទ្រព្យសម្បត្តិរបស់ទស្សនាវដ្ដី Forbes ប្រាប់រឿងស្រដៀងគ្នានេះថា លោក អាណូដ បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ១ ដែលមានទ្រព្យសម្បត្តិសុទ្ធ ២៣៣ ពាន់លានដុល្លារកាលពីថ្ងៃទី៨ ខែមីនា មកនៅលេខ ៥ ជាមួយនឹងទ្រព្យសម្បត្តិ ១៦៧ ពាន់លានដុល្លារ នៅពីក្រោមលោក Musk, លោក Bezos, លោក Ellison និងលោក Zuckerberg ៕

អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី ត្រូវបានកាត់ទោសពីបទទទួលអំណោយ ក្នុងពេលកំពុងកាន់តំណែង បន្ទាប់ពីលោកបានសារភាពកំហុស នៅចំពោះមុខតុលាការក្នុងស្រុក។

លោក ស៊ូប្រាម៉ានៀន អ៊ីស្វារ៉ាន (Subramanian Iswaran) វ័យ៦២ ឆ្នាំពីដំបូង ត្រូវបានចោទប្រកាន់ពីបទពុករលួយ ប៉ុន្តែក្រុមរដ្ឋអាជ្ញា បានកែប្រែការចោទប្រកាន់ទាំងនេះនៅក្នុងអ្វីដែលត្រូវបានគេសន្មត់ថាជាការចាប់ផ្តើម នៃការកាត់ក្តីរបស់លោក កាលពីថ្ងៃអង្គារ។

ករណីពុករលួយពាក់ព័ន្ធនឹងមន្ត្រីសាធារណៈ គឺកម្រកើតមានណាស់នៅក្នុងប្រទេសសិង្ហបុរី ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានមោទនភាពចំពោះមុខមាត់ស្អាតស្អំ ហើយករណីរបស់ អ៊ីស្វារ៉ាន បានរួតរឹតរដ្ឋជាក្រុងមួយនេះ។

ពេលនេះ លោក អ៊ីស្វារ៉ាន ប្រឈមមុខនឹងការពិន័យ ឬជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំពីបទចោទប្រកាន់នីមួយៗ លើបទទទួលអំណោយ ឬការដឹងគុណ បើប្រៀបធៀបទៅនឹងការកាត់ទោសពុករលួយ ដែលត្រូវពិន័យរហូតដល់ ១០ម៉ឺនដុល្លារ ឬជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ។

លោក អ៊ីស្វារ៉ាន គឺជាអ្នកកាន់តំណែងនយោបាយដំបូង នៅក្នុងប្រទេសសិង្ហបុរីដែលត្រូវបានកាត់ទោសនៅក្នុងតុលាការ ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ។

លោក ស៊ូប្រាម៉ានៀន អ៊ីស្វារ៉ាន (ឆ្វេង) គឺជាអ្នក​បាននាំយកការប្រណាំងរថយន្ត Formula One មកកាន់ប្រទេសសិង្ហបុរី។

លោក ត្រូវបានគេស្គាល់ច្រើនបំផុតសម្រាប់ការនាំយកការប្រណាំងរថយន្ត Formula 1 Grand Prix មកកាន់ប្រទេសកោះអាស៊ីអាគ្នេយ៍នេះ។ ការប្រណាំងរថយន្តថ្មី​បំផុត ​បាន​បញ្ចប់ទៅហើយ ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បង្ហាញ​ខ្លួនរបស់លោក ​នៅ​តុលាការ។

ឯកសារចោទប្រកាន់ បានបង្ហាញថា លោកបានទទួលអំណោយច្រើនជាង ៤០៣,០០ ដុល្លារសិង្ហបុរី (៣១១,៨៨២ ដុល្លារអាមេរិក) សម្រាប់ទិញសំបុត្រយន្តហោះ ការស្នាក់នៅសណ្ឋាគារ សំបុត្រតន្ត្រី និងសំបុត្រប្រណាំងរថយន្តពានរង្វាន់ធំ Grand Prix ។

ភ្លាមៗបន្ទាប់ពីការចោទប្រកាន់ទាំងនោះ ត្រូវបានចេញក្នុងខែមករា លោក អ៊ីស្វារ៉ាន មិនបានទទួលស្គាល់ថាមានកំហុសចំពោះការចោទប្រកាន់ទាំងនោះឡើយ និងបានលាឈប់ពីមុខតំណែងក្នុងរដ្ឋាភិបាល ដោយនិយាយថា លោកនឹងផ្តោតលើលាងជម្រះឈ្មោះរបស់លោក។

មហាសេដ្ឋីអចលនទ្រព្យ លោក អុង ប៉េងសេង មាន​ឈ្មោះ​ក្នុង​បទ​ចោទ​ប្រកាន់​ទាំងនោះដែរ ដោយជា​រឿយៗជាប់ជា​អ្នក​ផ្តល់​សំណូកដែល​ចោទ​ប្រកាន់។

មហាសេដ្ឋីអចលនទ្រព្យ លោក អុង ប៉េងសេង ក៏មានឈ្មោះក្នុងបទចោទប្រកាន់ទាំងនោះដែរ ក្នុងនាមជាអ្នកផ្តល់សំណូក។

លោក អុង គឺជាម្ចាស់សិទ្ធិក្នុងកម្មវិធីប្រណាំងរថយន្ត Singapore Grand Prix ខណៈដែល លោកអ៊ីស្វាមរ៉ាន គឺជាទីប្រឹក្សានៃគណៈកម្មាធិការដឹកនាំការប្រកួត។

យោងទៅលើ Refinitiv Eikon របស់ផ្សារហ៊ុនទីក្រុងឡុងដ៍ ឱ្យដឹងថា ក្រុមហ៊ុនទ្រព្យសម្បត្តិ Hotel Properties របស់លោក អុង ក៏មានសណ្ឋាគារ និងរមណីយដ្ឋានចំនួន ៣៨កន្លែង ដែលកំពុងប្រតិបត្តិការរកស៊ីក្រោមម៉ាកយីហោជាច្រើន ក្នុងនោះមានទាំង Four Seasons, Hard Rock Hotels និង Concorde។

លោក អុង ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន រួមជាមួយនឹង លោក អ៊ីស្វាមរ៉ាន ប៉ុន្តែមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយឡើយ។ ដំបូង​ឡើយ លោក ត្រូវ​បាន​គេ​គ្រោង​ឡើងជា​សាក្សី​អយ្យការ ​នៅ​ក្នុង​សវនាការ​របស់លោក អ៊ីស្វាមរ៉ាន។

នៅក្នុងខែមីនាឆ្នាំនេះ លោក អ៊ីស្វាមរ៉ាន ត្រូវចោទប្រកាន់បន្ថែមចំនួន៨ទៀត ដែលចោទប្រកាន់ថា លោកថាបានទទួលរបស់របរ ដូចជាកង់ Bromptonមួយ, ដំបងវាយកូនហ្គោលមួយឈុត និងស្រាវីស្គី ពីឥស្សរជនម្នាកផ្សេងទៀតគឺ ថៅកែក្រុមហ៊ុនសំណង់ ឡាំ កុកសេង។

ក្រុមហ៊ុនរបស់លោក ឡាំ មានជាប់ពាក់ព័ន្ធជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលមួយចំនួន នៅជុំវិញប្រទេសសិង្ហបុរី ដែលត្រូវបានផ្តល់ឱ្យ ខណៈលោក អ៊ីស្វារ៉ាន ជារដ្ឋមន្ត្រីដឹកជញ្ជូន។ លោក ក៏មិនត្រូវបានចោទប្រកាន់ដែរ។

ខណៈនៅក្នុងរដ្ឋាភិបាល លោក អ៊ីស្វារ៉ាន បានកាន់កាប់តួនាទីជាច្រើន នៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី៖ ផ្នែកកិច្ចការលំនៅដ្ឋាន, ផ្នែកទំនាក់ទំនង និងថ្មីៗបំផុតនេះ ក្រសួងដឹកជញ្ជូន។

ប៉ុន្តែលោកទទួលបានមុខមាត់លេចធ្លោខ្លាំង គឺនៅក្នុងអំឡុងពេលដ៏យូរ នៅក្នុងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលលោកដើរតួនាទីក្នុងការអភិវឌ្ឍន៍ទេសភាពទេសចរណ៍របស់ប្រទេសសិង្ហបុរី នៅចុងទសវត្សរ៍ឆ្នាំ ២០០០ និងឆ្នាំ ២០១០៕

កាលណោះ គឺជាពេលដែលរដ្ឋាភិបាល បានចាក់បញ្ចូលធនធានដ៏ច្រើនសន្ធឹកសន្ធាប់ និងបានទាក់ទាញការវិនិយោគបរទេសរាប់ពាន់លានដើម្បីសាងសង់កាស៊ីណូ សណ្ឋាគារ កន្លែងទេសចរណ៍ និងព្រឹត្តិការណ៍នានា ដូចជាប្រណាំងរថយន្ត F1 Grand Prix ជាដើម។

លោក អ៊ីស្វាមរ៉ាន គឺជារដកឋមន្ត្រីមានមុខមាត់ នៅលើវេទិកា ដែលជារឿយៗជាអ្នកប្រគល់ពានរង្វាន់ដល់ក្រុមអ្នកបើកបរ នៅក្នុងឱកាសអបអរសាទរដោយបាញ់ស្រាសំប៉ាញ៕

ធនាគារកណ្តាលរបស់ប្រទេសចិន (PBOC) បានប្រកាសភ្លាមៗ នូវការគាំទ្រផ្នែកគោលនយោបាយសម្រាប់សេដ្ឋកិច្ចមួយ ខណៈក្រុមអ្នកធ្វើគោលនយោបាយ បានធ្វើការជំរុញដ៏ទូលំទូលាយបំផុតរបស់ពួកគេរហូតមកដល់ពេលនេះ ដើម្បីឈានឱ្យដល់គោលដៅកំណើនប្រចាំឆ្នាំ នៅឆ្នាំនេះប្រមាណជា ៥% ។

ទេសាភិបាលធនាគារប្រជាជនចិន លោក ប៉ាន គង់សេង (Pan Gongsheng) បានប្រកាសពីវិធានការជំរុញសេដ្ឋកិច្ចជាច្រើន នៅឯសន្និសីទដ៏កម្រមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងប៉េកាំង ក្នុងនោះមានទាំងវិធានការលើកស្ទួយការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់ក្រុមអ្នកប្រើប្រាស់ និងក្រុមហ៊ុនសាជីវកម្ម និងការកាត់អត្រាការប្រាក់រយៈពេលខ្លីដ៏សំខាន់របស់ខ្លួន។ ប្រទេស​ចិន ​ក៏​នឹង​បញ្ចុះ​អត្រា​កម្ចី​ទិញ​ផ្ទះ​ សម្រាប់​កម្ចី​ទិញ​ផ្ទះ​ដែល​មាន​ស្រាប់ផងដែរ។

ប្រធានយុទ្ធសាស្រ្តម៉ាក្រូរបស់ប្រទេសចិននៃក្រុមហ៊ុន Standard Chartered Plc លោក Becky Liu បាននិយាយថា៖ “ការសម្រួលគោលនយោបាយរូបិយវត្ថុ កើតមានឡើងរឹងមាំជាងការរំពឹងទុក ដោយទាំងការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រាប្រាក់ចំណូលដែលបានតម្រូវ (RRR) ក្នុងពេលតែមួយ ។ យើងមើលឃើញចន្លោះសម្រាប់ការសម្រួលកាន់តែគ្មានការភ័យខ្លាច ក្នុងត្រីមាសខាងមុខនេះ ក្រោយពីមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលរបស់សហ័ន្ធ”។

ប្រាក់យួននៅឯនាយសមុទ្រ បានធ្លាក់ចុះ ០.១% នៅពេលដែលធនាគារ PBOC បានប្រកាសពីការកាត់បន្ថយនេះ។ ផលកម្រៃប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល ១០ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចុះមកដល់ ២% ដែលជាកំណត់ត្រាទាបថ្មីមួយ។

សមាមាត្រតម្រូវការទុនបម្រុង ឬបរិមាណធនាគារសាច់ប្រាក់ត្រូវរក្សាទុកជាទុនបម្រុង នឹងត្រូវបានកាត់បន្ថយចំនួនពិន្ទុ ០.៥%។ លោក ប៉ាន បាននិយាយថា ខ្លួន នឹងបញ្ចេញសាច់ប្រាក់ ១ពាន់ពាន់លានយួន (១៤២ ពាន់លានដុល្លារ) ជាសាច់ប្រាក់ងាយស្រួល។ ប្រទេសចិន ក៏អាចកាត់បន្ថយអត្រាប្រាក់ចំណូល ដែលបានតម្រូវ បន្ថែមទៀតក្នុងឆ្នាំនេះ ពី ០.២៥% ទៅ 0.៥% ទៀត នៅពេលវេលាសមស្រប។

អត្រានៃការទិញវិញក្នុងពេល៧ថ្ងៃ នឹងធ្លាក់ចុះពី ១.៧% មកដល់ ១.៥% ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ស បានអនុម័តការកាត់បន្ថយអត្រាការប្រាក់តិចតួច ដែលរហូតមកដល់ពេលនេះបានបរាជ័យទប់ទល់នឹងការធ្លាក់ចុះរបស់ប្រទេសសេដ្ឋកិច្ចលេខ២ របស់ពិភពលោកនោះឡើយ ដោយកំណើនកាន់តែខ្សោយបន្ថែមទៀតបន្ទាប់ពីធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេល៥ត្រីមាស។ ភាពទ្រុឌទ្រោមនោះ កំពុងធ្វើតេស្តការអត់ឱនរបស់ថ្នាក់ដឹកនាំចិន ចំពោះការខកខានមិនដល់គោលដៅប្រចាំឆ្នាំដ៏សម្បើមរបស់ខ្លួនជាលើកទីពីរក្នុងរយៈពេល៣ឆ្នាំ ស្របពេលដែលទំនុកចិត្តរបស់វិនិយោគិន កំពុងធ្លាក់ចុះទៅៗ។

សេដ្ឋកិច្ចចិន កំពុងធ្លាក់ចុះគ្រប់យ៉ាង សូម្បីតៃតម្លៃផ្ទះ ទោះបីជារដ្ឋាភិបាល​បានបញ្ជេញកញ្ចប់ថវិកាដើម្បីសង្គ្រោះផ្នែកអចលនទ្រព្យ ក៏ទៅមិនរួច។

កញ្ចប់សង្គ្រោះអចលនទ្រព្យរបស់ប្រទេសចិនដែលបានប្រកាសនៅក្នុងខែឧសភា មិនបានជួយផ្លាស់ប្តូរការធ្លាក់ចុះរបស់អចលនទ្រព្យជាច្រើនឆ្នាំ ដែលបានបំផ្លាញទ្រព្យសម្បត្តិគ្រួសារប្រមាណ ១៨ ពាន់ពាន់លានដុល្លារ។ មានតែទីក្រុងចំនួន ២៩ ប៉ុណ្ណោះក្នុងចំណោម ២០០ទីក្រុង កំពុងចូលរួមជំរុញ ទៅតាមការអំពាវនាវរបស់ទីក្រុងប៉េកាំង ដើម្បីជួយស្រូបយកលំនៅដ្ឋានដែលគ្មានអ្នកទិញ។ តម្លៃផ្ទះថ្មី បានធ្លាក់ចុះដ៏ធំបំផុតចាប់ពីខែកក្កដា មកដល់ខែមុន ជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០១៤ មក។

ទេសាភិបាលធនាគារកណ្តាលរូបនេះ បានធ្វើសេចក្តីប្រកាសចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំដំបូងជាមួយនឹងក្រុមមន្ត្រីសេដ្ឋកិច្ចកំពូលផ្សេងទៀតចាប់តាំងពីខែមីនា នៅពេលដែលលោកបានការពារគោលដៅកំណើនរបស់រដ្ឋាភិបាលចង់បានប្រមាណ ៥%។

ប្រធានធនាគារ PBOC រូបនេះ បានបង្ហាញវិធីសាស្រ្តប្រកបដោយតម្លាភាពបន្ថែមទៀត ចំពោះគោលនយោបាយនៅឆ្នាំនេះ, ក្នុងកិច្ចប្រឹងប្រែង ដើម្បីរក្សាស្ថេរភាពមនោសញ្ចេតនា។ លោក ប៉ាន បានប្រើរបាយការណ៍សង្ខេបស្រដៀងគ្នានេះក្នុងសន្និសីទកាសែតពីខែមករា ដើម្បីប្រកាសពីការកាត់បន្ថយចំនួនប្រាក់ដែលធនាគារ ត្រូវរក្សាទុកជាទុនបម្រុង២សប្តាហ៍មុនពេលវេលា ខណៈដែលក្រុមអាជ្ញាធរ បានព្យាយាមបញ្ឈប់ការខាតបង់លើផ្សារភាគហ៊ុនចំនួន ៦ពាន់ពាន់លានដុល្លារ៕

កម្មវិធីឆាតយន្តរបស់ Meta’s AI នឹងចាប់ផ្តើមមានការនិយាយជាសំលេង ជាមួយក្រុមមនុស្សល្បីឈ្មោះ

ប្រភពដែលដឹងពីផែនការរបស់ក្រុមហ៊ុននេះបានប្រាប់រ៉យទ័រពីថ្ងៃអង្ការថា ថៅកែ Facebook Meta Platforms គ្រោងនឹងប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានទទួលបាននូវកិច្ចព្រមព្រៀងជាមួយតារាសម្តែងជាច្រើន ក្នុងនោះមានទាំងអ្នកស្រី Judi Dench, Kristen Bell និងលោក John Cena ដើម្បីផ្តល់សំលេងដល់ឆាតយន្ត Meta AI របស់ខ្លួន ។

មនុស្សដដែលនោះ បាននិយាយថា មុខងារសម្លេងអូឌីយ៉ូថ្មីនោះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការជ្រើសរើសសំឡេងមួយ សម្រាប់ជាជំនួយការឌីជីថល ដូចទៅនឹង ChatGPT របស់ Meta ដែរ ដិោយជ្រើសរើសចេញពីបញ្ជីតារាល្បីចំនួន ៥រូប ដែលក្នុងនោះមានមានទាំងនាង Awkwafina និង លោក Keegan-Michael Key ក៏ដូចជាជម្រើសសំឡេងទូទៅជាច្រើនផងដែរ៕

  • ក្រុមមន្ត្រីធនាគារសហព័ន្ធ បើកទ្វារបើកចំហ សម្រាប់ការបន្ថយអត្រាការប្រាក់ដ៏ធំម្តងទៀត

មន្ត្រីធនាគារកណ្តាល១ក្រុមកាលពីថ្ងៃអង្គារ បានបើកទ្វារចំហរចំពោះការកាត់បន្ថយអត្រាការប្រាក់ដ៏ធំបន្ថែមទៀត ដោយកត់សម្គាល់ថា អត្រាបច្ចុប្បន្ននៅតែមានទម្ងន់ធ្ងន់លើសេដ្ឋកិច្ចអាមេរិកនៅឡើយ។

នៅក្នុងព្រឹត្តិការណ៍ Q&A កម្រិតមធ្យម១ ប្រធានធនាគារកណ្តាលទីក្រុងឈីកាហ្គោ លោក Austan Goolsbee បាននិយាយថា៖ “ក្នុងរយៈពេល ១២ ខែបន្ទាប់ យើងមានផ្លូវវែងឆ្ងាយដើម្បីធ្វើការបញ្ចុះ អត្រាការប្រាក់ណាមួយ ដែលមានលក្ខណៈអព្យាក្រឹត ដើម្បីព្យាយាមរក្សាលក្ខខណ្ឌដែលពួកគេមាន” ។

ទាំងលោកវេជ្ជបណ្ឌិត Goolsbee និងទាំងសហសេវិកណាមួយ បាននិយាយថា ពួកគាត់មិនពេញចិត្តណឹងការកាត់ត្រឹម ១/២%  ដែលធនាគារកណ្តាលសហព័ន្ធបានធ្វើកាលពីថ្ងៃទី ១៨ ខែកញ្ញានោះទេ ដោយនិយាយថា ទិន្នន័យកំពុងចូលមក នឹងណែនាំការធ្វើការសម្រេចចិត្តរបស់ពួកគេជាថ្មី៕

  • នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ព្រមាន​ពី​ពពក​ខ្មៅ ខណៈ​អាមេរិក និង​ចិន ​ប្រកួតប្រជែងគ្នា

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរិន វុង (Lawrence Wong) បានព្រមានអំពី “ជើងមេឃពពកខ្មៅ ” ខណៈសកម្មភាពសេដ្ឋកិច្ចពិភពលោកកាន់តែច្រើន ត្រូវបានគេមើលឃើញតាមរយៈកញ្ចក់សន្តិសុខមួយ។

នៅឯពិធីជប់លៀងខួបលើកទី 50 របស់វិនិយោគិន Temasek Holdings Pte Ltd, លោក វុង បាននិយាយថា៖ “យើងស្ថិតនៅក្នុងសករាជថ្មីមួយ ដែលគូសបញ្ជាក់ដោយការប្រកួតប្រជែងកំពុងកើនឡើង ដើម្បីការគ្របដណ្តប់ត្រួតត្រា និងភាពជាអ្នកដឹកនាំ” រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖ «ការរឹតបន្តឹងជាច្រើន ត្រូវបានដាក់កម្រិតរួចហើយលើបច្ចេកវិទ្យាសំខាន់ៗដូចជា បញ្ញាសិប្បនិមិត្ត និងគ្រឿងបន្ទះឈីប។ ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ គឺកង្វល់​ផ្នែក​សន្តិសុខ ​កំពុង​រីក​រាល​ដាល​ទៅកាន់​តំបន់ផ្សេងៗទៀត​កាន់​តែ​ច្រើន»៕

  • រដ្ឋការលោក បៃដិន ប្រកាសដាក់ស្នើការហាមឃាត់គ្រឿងបន្លាស់រថយន្តរបស់ចិន និងរុស្ស៊ី

ក្រសួងពាណិជ្ជកម្មនៃរដ្ឋការអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសថា ខ្លួនកំពុងស្នើច្បាប់ដើម្បីរាំងខ្ទុបការលក់ និងការនាំចូលកម្មវិធីផ្នែករឹង និងកម្មវិធីផ្នែកទន់សូហ្វវែរដែលផលិតដោយចិន និងរុស្សី សម្រាប់យានយន្តដែលតភ្ជាប់រួច ដោយពង្រឹងសន្តិសុខរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការគម្រាមកំហែងការលួចហែកចូល ដែលក្រសួងពាណិជ្ជកម្មពិពណ៌នាថា “ប្រាកដជាក់ស្តែងណាស់។ ”

ការហាមឃាត់ដែលបានស្នើឡើងនេះ មានបំណងធានាសុវត្ថិភាពយានយន្តដែលអាចទាក់ទងមកពីខាងក្រៅតាមរយៈប្រព័ន្ធ Wi-Fi, ប៊្លូធូស, ប្រព័ន្ធកោសិកាសែលុយឡា ឬផ្កាយរណប ជាលក្ខណៈពិសេសមួយ ដែលជារឿងធម្មតាកាន់តែកើនឡើងជាមួយយានយន្តថ្មី។ ក្រុមមន្ត្រី បាននិយាយថា ប្រព័ន្ធទាំងនេះមានហានិភ័យសម្រាប់ការជ្រៀតជ្រែកពីបរទេស ដែលអាចនាំឱ្យមានការរំខាន និងការបំផ្លិចបំផ្លាញ។

ការហាមឃាត់លើកម្មវិធីផ្នែកទន់ នឹងចូលជាធរមានសម្រាប់ឆ្នាំម៉ូដែល ២០២៧ ខណៈដែលការហាមប្រាមកម្មវិធីផ្នែករឹង នឹងមិនក្លាយជាច្បាប់ទេ រហូតដល់ដើមឆ្នាំម៉ូដែល ២០៣០ — ក្រុមរថយន្តដែលចេញជាម៉ូដែលថ្មីៗ ជាធម្មតាអាចរកទិញបាន ក្នុងរដូវក្តៅមុនដែលកំពុងដំណើរឆ្នាំម៉ូដែលថ្មី៕

  • ប្រទេសថៃ ​នឹង​ពន្យារពេលការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមារហូតដល់​ខែតុលា

មន្ត្រីការងារជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្ការថា ប្រទេសថៃ នឹងពន្យារពេលការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ៤០០ បាត (១២,១៥ ដុល្លារ) ក្នុងមួយថ្ងៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១ ខែតុលា ប្រហែលជារហូតដល់២សប្តាហ៍ ដោយសារកង្វះកូរ៉ុមនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដែលធ្វើការដំឡើងនេះ។

លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារ លោក Pairoj Chotikasathien បាននិយាយថា គណៈកម្មាធិការដែលរួមមានតំណាងមកពីក្រុមនិយោជក កម្មករ និងរដ្ឋាភិបាល បានបរាជ័យក្នុងការឈានដល់កូរ៉ុមនៅក្នុងកិច្ចប្រជុំចំនួន២ពីមុន ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលដែលបានគ្រោងទុក។

លោកបានមានប្រសាសន៍ថា៖ “យើងនឹងរំកិលទៅមុខឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ដោយបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងអនុវត្តចំពោះអាជីវកម្មដែលមានបុគ្គលិកច្រើនជាង ២០០ នាក់ប៉ុណ្ណោះ។

  • មហាសេដ្ឋីវៀតណាមស្នើការអប់រំភាសាអង់គ្លេសសម្រាប់ប្រជាជនទាំងមូល

លោក ផាម ញ៉ិតវឿង (Pham Nhat Vuong) ដែលជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតរបស់វៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup បានស្នើពង្រីកការអប់រំភាសាអង់គ្លេសនៅទូទាំងប្រទេស មិនត្រឹមតែនៅក្នុងសាលារដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនទាំងមូលផងដែរ។

ថ្លែងនៅក្នុងសន្និសីទរដ្ឋាភិបាល-ធុរកិច្ចកាលពីចុងសប្តាហ៍ លោក វឿង បានស្នើឱ្យមានការការរៀនភាសាអង់គ្លេសកាន់តែទូលំទូលាយ ដោយមានគោលបំណងលើកកម្ពស់ “សង្គមពលរដ្ឋសកល”។ លោក​បាន​ស្នើ​ថា អាជីវកម្ម​ជាច្រើន រួម​ទាំងក្រុមហ៊ុន Vingroup ផង អាច​ជួយ​ទ្រទ្រង់ដល់​គ្រូ​បង្រៀន ដែលកំពុង​ធ្វើ​ការ​នៅ​តំបន់​ដាច់​ស្រយាល។ “ការលើកកម្ពស់ការអប់រំភាសាអង់គ្លេសពីតំបន់ដាច់ស្រយាលរហូតដល់ទីក្រុង នឹងបង្កើតឱកាសប្រាក់ចំណូលកាន់តែប្រសើរ សម្រាប់កូនចៅយើង ដោយរួមចំណែកដល់ការអភិវឌ្ឍន៍តំបន់ទាំងនេះនាពេលអនាគត”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព