ក្រុមប្រទេស អ្នកមានទាំង២០ (G-20) បានឯកភាពគ្នាដើម្បីជំរុញឱ្យមានការរុះរើ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងបណ្តាស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគី នៅក្នុងការទម្លាញភាពទាល់ច្រកមួយបន្ទាប់ពីមានការចរចាអស់រយៈពេលមួយខែកន្លះ។

យោងតាមសេចក្តីព្រៀងសេចក្តីប្រកាសដែល Bloomberg News បានឃើញ ឱ្យដឹងថា ការអំពាវនាវឱ្យមានកំណែទម្រង់នេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធ សប្តាហ៍ក្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G-20 ដែលបានស្នើឡើងដោយប្រទេសប្រេស៊ីល នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ។

នេះគឺជាលើកទីមួយហើយដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២០ របស់ពិភពលោក យល់ព្រមជាផ្លូវការដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមគ្នាមួយ ដើម្បីធ្វើទំនើបកម្មលើបណ្តាស្ថាប័នអភិបាលកិច្ចពិភពលោក ដែលត្រូវបានបង្កើតឡើងប្រមាណជា​៨០ ឆ្នាំមុន ដោយឆ្លុះបញ្ចាំងពីការតថភាពក្រោយសង្គ្រាមលោកលើកទីពីរ។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ដែលនឹងត្រូវបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំ G-20 ដែលនឹងបើកទូលាយដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ មានសេចក្តីថា៖ “មានការយល់ឃើញកំពុងកើនឡើងថា អង្គការសហប្រជាជាតិ, ស្ថាប័ន Bretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក គឺត្រូវការកំណែទម្រង់ជាបន្ទាន់”។

យោងតាមសេច្ហតីថ្លែងការណ៍នោះ ឱ្យដឹងថា៖ “វាចាំបាច់ណាស់ដែលស្ថាប័នទាំងនេះ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអភិបាលកិច្ច និងការអនុវត្តរបស់ខ្លួន ដើម្បីធ្វើជាតំណាងសមាជិកភាពចម្រុះជាតិសាសន៍របស់ពួកគេឱ្យកាន់តែប្រសើរ និងបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ”។

ប្រធានាធិបតីអាមេរិក ចូ បៃដិន (ឆ្វេង), នាយករដ្ឋមន្ត្រីឥណ្ទា លោក Narendra Modi និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva (ស្តាំ) បានឯកភាពគ្នាជាពាក្យសម្តីក្នុងជំនួបកំពូល G20 នៅប្រទេសឥណ្ឌាកាលពីថ្ងៃទី៩ កញ្ញា ២០២៣។

កំណែទម្រង់នៃស្ថាប័នពិភពលោកនេះ គឺជាការតស៊ូតវ៉ាជាយូរមកហើយ របស់លោក Luiz Inacio Lula da Silva នៃប្រទេសប្រេស៊ីល ដែលជាប្រធានប្តូរវេននៃក្រុម G-20 នៅឆ្នាំនេះ។ សេចក្តីថ្លែងការណ៍រួមដែលត្រូវបោះពុម្ពក្រោមការដឹកនាំរបស់លោកនេះ គឺជាជំហានមួយក្នុងទិសដៅនៃកំណែទម្រង់នោះ ទោះបីជាមានប្រទេសជាច្រើន មិនទាន់បានយល់ព្រមតាមពេលវេលាកំណត់ សម្រាប់ការផ្លាស់ប្តូរដើម្បីអនុវត្តក៏ដោយ។

ឯកសារដែលមាន៣ទំព័រនេះ រៀបរាប់លម្អិតអំពីកំណែទម្រង់ដែលបានព្រមព្រៀងគ្នាដោយ G-20 លើមុខព្រួញ៣ផ្សេងគ្នា៖ អង្គការសហប្រជាជាតិ, ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ក្នុងចំណោមការកែប្រែ ដែលបានស្នើទៅអង្គការសហប្រជាជាតិ គឺការអំពាវនាវរបស់ G-20 ឱ្យមានការកំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខ ជាមួយនឹងរនាសម្ព័ន្ធដែលបានពង្រីក ដែលធ្វើអោយប្រសើរឡើងនូវភាពតំណាង នៃតំបន់ និងក្រុមដែលមានតំណាងមិនសមរម្យ និងអត់មានតំណាង។ ឯកសារនោះ ក៏ទាមទារឱ្យមានតំណាងច្រើនថែមទៀត​នៅក្នុងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយមានតម្លាភាព, ការបែងចែកភូមិសាស្ត្រសមធម៌ គុណតម្លៃ និងសមតុល្យយេនឌ័រ។

នៅលើកំណែទម្រង់នៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ, ក្រុមប្រទេស G-20 ស្នើសុំឱ្យមានការផ្តល់ ហិរញ្ញប្បទានច្រើនថែមទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមជាសកល ក្នុងនោះមានទាំងការប្រែប្រួលអាកាសធាតុផងដែរ។ ឯកសារនោះ ក៏អំពាវនាវឱ្យមានការលើកកម្ពស់ការតំណាង និងសំឡេងនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើការសម្រេចចិត្ត។

ជាចុងក្រោយ ប្រទេស G-20 ពិពណ៌នាអំពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ជាស្ថាប័ន “មិនអាចខ្វះបាន” ចំពោះប្រព័ន្ធដំណើរការបានល្អ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម និងអំពាវនាវឱ្យមានគោលនយោបាយច្រើន ដែលអាចជួយឱ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្លាយជាម៉ាស៊ីន នៃកំណើន និងវិបុលភាព៕

របាយការណ៍មួយបានរកឃើញថា ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិវិនិយោគចាប់ពី 100លានដុល្លារL;gបានកើនឡើងទ្វេដងនៅក្នុងប្រទេសចិនក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ គឺលឿនជាងបណ្តាប្រទេសលោកខាងលិចទៅទៀត។

យោងតាមរបាយការណ៍ដោយក្រុមហ៊ុនប្រឹក្សាការធ្វើចំណាកស្រុកវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Henley & Partners ឱ្យដឹងថា អត្រាកំណើន ១០៨% របស់ប្រទេសចិន បានឡើងលើសសូម្បីតែសមត្ថភាពកំពូលរបស់សហរដ្ឋអាមេរិកទៅទៀត ដែលចំណាត់ថ្នាក់មហាសេដ្ឋីបានការកើនឡើងត្រឹម

កំណើនមហាសេដ្ឋីនៅអឺរ៉ុប មានសភាពខ្សោយ ដោយកើនត្រឹមតែ ២៦% ក្នុងរយៈពេលនេះ។

របាយការណ៍នោះ បាននិយាយថា៖ “អាមេរិក និងចិន បានជួបប្រទះនូវអ្វីដែលត្រូវបានគេពិពណ៌នាថាកំណើនជាមហាសេដ្ឋី រយលានដុល្លារ ដែលមានសមត្ថភាពធ្វើបានខ្លាំងជាងសមភាគីអឺរ៉ុបរបស់ពួកគេ ” ។ ចំនួនមហាសេដ្ឋីនៅទូទាំងពិភពលោក បានកើនឡើង ៥៤% ក្នុងទសវត្សរ៍ចុងក្រោយនេះ។

ទីក្រុងនៅអាស៊ីជាច្រើន កំពុងឡើងឋានៈមហាសេដ្ឋីយ៉ាងឆាប់រហ័ស ដោយទីក្រុង និងដែនដីចំនួន ៤ ពេលនេះ ស្ថិតក្នុងចំណោមលំដាប់មហាសេដ្ឋីកំពូលទាំង ១០ របស់ពិភពលោក។

ទីក្រុងប៉េកាំង សិង្ហបុរី សៀងហៃ និងហុងកុង បានដណ្តើមយកចំណាត់ថ្នាក់លេខ៥ ដល់ទី៨ ដែលក្រុងនីមួយៗ មានមហាសេដ្ឋីរយលានដុល្លារជាង ៣០០ នាក់។

ទាំងសិង្ហបុរី និងហុងកុង ត្រូវបានគេព្យាករថា នឹងមានអត្រាកំណើនមហាសេដ្ឋី រយលានដុល្លារ ១០០% នៅក្នុងឆ្នាំ ២០២៤។

ប្រមុខផ្នែកស្រាវជ្រាវ លោក Andrew Amoils ចង្អុលបង្ហាញថា ជាង ៦០% នៃមហាសេដ្ឋីរយលានដុល្លារ គឺជាសហគ្រិន និងជាស្ថាបនិកក្រុមហ៊ុន ដែលធ្វើឲ្យពួកគេមានសារៈសំខាន់ជាពិសេស នៅពេលដែលនិយាយអំពីការបង្កើតទ្រព្យសម្បត្តិ។

លោក បនានិយាយថា៖ “អាជីវកម្មដែលចាប់ផ្តើមដោយមហាសេដ្ឋីរយលានដុល្លារ មានឥទ្ធិពលវិជ្ជមានគួរឱ្យកត់សម្គាល់លើក្រុមមនុស្សវណ្ណៈកណ្តាល ខណៈដែលពួកគេបង្កើតចំនួនការងារជាច្រើនដែលមានប្រាក់ខែខ្ពស់ នៅក្នុងប្រទេសមូលដ្ឋានរបស់ពួកគេ។”

លោក បានបន្តទៀតថា គួរជម្រាបផងដែរថា ក្រុមហ៊ុនភាគច្រើនបំផុតនៅលើតារាងអ្នកមានទ្រព្យកំពូល Fortune 500, ផ្សារហ៊ុន S&P 500, ផ្សាហ៊ុន CAC 40, ផ្សារហ៊ុន FTSE 100 និងផ្សារហ៊ុន Nikkei 225 គឺជាប្រភពនៃបុគ្គល ដែលបានក្លាយជាមហាសេដ្ឋីរយលានដុល្លារ។

សម្លឹងឆ្ពោះទៅមុខដល់ឆ្នាំ ២០៤០ ទីក្រុងនៅអាស៊ី និងមជ្ឈិមបូព៌ាជាច្រើន កំពុងត្រៀមខ្លួនសម្រាប់កំណើនដ៏ខ្លាំង ដោយទីក្រុង ហាងចូវ, ស៊ិនចិន, តៃប៉ិ, ឌូបៃ និង អាប៊ូ ដាប៊ី បានព្យាករណ៍ថា នឹងឃើញមានការកើនឡើងជាង ១៥០% នៅក្នុងសហគមន៍មហាសេដ្ឋីរយលានរបស់ពួកគេ៕

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast រាយការណ៍ពីការខាតដើមជាបន្តបន្ទាប់

យោងតាមឯកសារផ្សារហ៊ុនរបស់ខ្លួន ឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានរាយការណ៍កាលពីថ្ងៃសុក្រអំពីការខាតបង់ក្នុងត្រីមាសទី២នេះ កាន់តែច្រើនទៅ ដែលបង្កដោយការចំណាយថ្លៃដើមកើនឡើង ដែលទាក់ទងទៅនឹងការពង្រីកនៅតំបន់អាស៊ីដ៏មានមហិច្ឆតារបស់ខ្លួន បើទោះបីជាប្រាក់ចំណូលរបស់ខ្លួននៅតែមានទំនោរកើនឡើងក៏ដោយ ។

VinFast ដែលបានចាប់ផ្តើមចែកចាយរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុន បានរាយការណ៍ពីការខាតបង់សរុបចំនួន ២២៤លានដុល្លារ ក្នុងអំឡុងខែមេសា ដល់ខែមិថុនា បើធៀបនឹងការខាតបង់សរុបចំនួន ១៥១ លានដុល្លារ នៅក្នុងត្រីមាសមុន៕

ក្រុមហ៊ុន GM នឹងកោះហៅរថយន្តភីកអាបជិត៤៥០,000 គ្រឿង និងរថយន្ត SUV នៅអាមេរិក

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រនេះថា ក្រុមហ៊ុន General Motors កំពុងប្រមូលរថយន្តភីកអាប់ និងរថយន្ត SUV ចំនួន ៤៤៩,៦៧២ គ្រឿងនៅអាមេរិក មកវិញ ដោយសារតែការព្រមានអំពីប្រេងហ្វ្រាំងទាបដែលមិនដំណើរការ។

ការ​ប្រមូល​មក​វិញនោះ ​រួម​មាន​រថយន្ត Chevrolet Silverado 1500 ស៊េរី​ឆ្នាំ ២០២៣, GMC Sierra 1500, Chevrolet Tahoe ឆ្នាំ២០២៣-២០២៤, Suburban, GMC Yukon, Yukon XL, Cadillac Escalade និង​ម៉ូដែល Escalade ESV។

រដ្ឋបាល NHTSA បាននិយាយថា កម្មវិធីផ្នែកម៉ូឌុលទន់គ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិចនៅលើយានយន្តដែលមានបញ្ហាអាច នឹងមិនបង្ហាញពន្លឺព្រមាន នៅពេលការបាត់បង់ប្រេងហ្វ្រាំង កើតឡើង៕

  • ការងាររបស់ប្រទេសអូស្ត្រាលី កំពុងដើរនាំមុខ ចំពោះការកាត់បន្ថយអត្រាការប្រាក់មុន។

ការងារអូស្ត្រាលី បានដើរហួសទៅមុខហួសពីការព្យាករសម្រាប់រយៈពេលបីខែជាប់ៗគ្នាហើយ មកដល់ខែសីហា ប៉ុន្តែអត្រាគ្មានការងារ នៅរក្សាបានស្ថិរភាព ខណៈកម្លាំងការងារ ក៏បានកើនឡើងក្នុងអត្រាមួយ ឆាប់រហ័ស ដោយពង្រឹងទស្សនៈថា ទីផ្សារការងារនៅតែតឹងរ៉ឹង។

យោងតាមការិយាល័យស្ថិតិអូស្ត្រាលី ឱ្យដឹងថា ការងារសុទ្ធ បានកើនឡើងចំនួន ៤៧,៥០០ ពីខែកក្កដា ដល់ខែសីហា ។ ចំនួននោះ គឺលើសពីចំនួនដែលការព្យាកររបស់ទីផ្សារថា កើនឡើង ២៥,០០០ ថ្វីបើការកើនឡើងទាំងនោះ គឺជាការងារក្រៅម៉ោងក៏ដោយ។

ប្រាក់ដុល្លារអូស្រ្តាលី បានខាតបង់ពីដំបូងជាមួយការធ្លាក់ចុះ ០.២% គឺ ក្នុង១ដុល្លារអូស្ត្រាលី ដូរបាន ០.៦៧៨១ដុល្លារអាមេរិក ខណៈដែលប័ណ្ណបំណុលអនាគត បានបន្តធ្លាក់ចុះ រយៈពេលបីឆ្នាំ ដោយធ្លាក់ចុះ ១១ ពិន្ទុ មក ៩៦.៥៣ ៕

  • សិង្ហបុរី​ រក្សា​តំណែង​ជា​ទីក្រុង​ថ្លៃ​បំផុត ​សម្រាប់​អ្នក​មាន

ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមទីក្រុងទាក់ទងនឹងតម្លៃនៃការរស់នៅ ហើយក្រុងនេះ ក៏មានប្រជាប្រិយភាពខ្លាំងជាមួយក្រុមអ្នកមានផងដែរ។

ដោយប្រើទិន្នន័យពី New World Wealth, របាយការណ៍មួយរបស់ Henley & Partners ដែលចេញផ្សាយកាលពីដើមសប្តាហ៍ បានចាត់ចំណាត់ថ្នាក់ទីក្រុង-រដ្ឋទី ក្នុងលំដាប់ទី៦ នៅក្នុងបញ្ជីនៃទីក្រុងកំពូលទាំង៥០ សម្រាប់ ‘មហាសេដ្ឋីរយលាន’ ។ ក្រុមហ៊ុ Henley & Partners និយាយថា មានបុគ្គលបែបនេះចំនួន ២៩,៣៥០ នាក់ នៅទូទាំងពិភពលោក ហើយប្រទេសសិង្ហបុរី គឺជាលំនៅដ្ឋានរបស់បុគ្គល ចំនួន 336 នាក់ ក្នុងចំណោមពួកគេ៕

  • ប្រធានធនាគារថៃ ជំរុញឱ្យស្វ័យភាព មិនរងសម្ពាធពីរដ្ឋាភិបាល

ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋភុត ស៊ធីវ៉ាត់ណារុភុត (Sethaput Suthiwartnaruput) បាននិយាយថា វាជារឿងសំខាន់សម្រាប់ធនាគារកណ្តាល ត្រូវមានឯករាជ្យភាពក្នុងការកំណត់គោលនយោបាយរូបិយវត្ថុ បន្ទាប់ពីរដ្ឋាភិបាលបន្តការអំពាវនាវឱ្យកាត់បន្ថយអត្រាការប្រាក់ និងអន្តរាគមន៍រូបិយប័ណ្ណអស់រយៈពេលមួយសប្តាហ៍មកហើយ។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រនៅក្នុងទីក្រុងបាងកក លោក សេដ្ឋភុត បាននិយាយ ថា៖ “កាតព្វកិច្ចរបស់ធនាគារកណ្តាល ដើម្បីពិនិត្យមើលទស្សនវិស័យរយៈពេលវែង ត្រូវតែមានភាពឯករាជ្យ នៃប្រតិបត្តិការ” ៕

  • ប្រាក់រូព្យះរបស់ឥណ្ឌូណេស៊ី ដ៏ល្អបំផុតអស់ពេល១សប្តាហ៍ហើយ

ប្រាក់រូព្យះរបស់ឥណ្ឌូណេស៊ី កំពុងត្រៀមខ្លួនសម្រាប់សប្តាហ៍ដ៏ល្អបំផុតរបស់ខ្លួន ចាប់តាំងពីខែមករាមក ខណៈដែលមូលបត្របំណុលរបស់ប្រទេសនេះ មានលំហូរចូលកើនឡើង។

រូបិយប័ណ្ណនេះ បានកើនឡើងច្រើនរហូតដល់ ១% ដល់ ១៥,០៨៩រូព្យៈ ក្នុងមួយដុល្លារ កាលពីថ្ងៃសុក្រ ដោយកំពុងនាំមកនូវការចំណេញក្នុងសប្តាហ៍នេះ ដល់ ២% ។ កំណើននោះ ​បាន​រុញឲ្យ​រូបិយប័ណ្ណ​នោះ ​ទៅដល់​ចំណាត់​ថ្នាក់​កំពូល​ក្នុង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន។ ជាមួយគ្នានេះ ផលចំណេញនៅលើមូលបត្របំណុលរយៈពេល ១០ ឆ្នាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងមួយឆ្នាំ៕

  • ម៉ាឡេស៊ី មិនយកពន្ធ សម្រាប់ការិយាល័យគ្រួសារក្នុងការអភិវឌ្ឍន៍ទីក្រុងព្រៃឈើ ១០០ពាន់លានដុល្លារ

ប្រទេសម៉ាឡេស៊ី កំពុងផ្តល់អត្រាពន្ធ 0% សម្រាប់បណញតាការិយាល័យរបស់គ្រួសារ ដើម្បីបង្កើតហាងនៅក្នុងគម្រោងធំ Forest City ដែលកំពុងជួបការលំបាករបស់ខ្លួន ខណៈប្រទេសនេះ សម្លឹងទៅស្តារចំណាប់អារម្មណ៍របស់វិនិយោគិន ក្នុងការអភិវឌ្ឍន៍ក្នុងទឹកប្រាក់ ១០០ពាន់លានដុល្លារ នៅជិតព្រំដែនរបស់ខ្លួន ជាមួយប្រទេសសិង្ហបុរីនោះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីពីររបស់ម៉ាឡេស៊ី លោក Amir Hamzah Azizan បាននិយាយនៅក្នុងរដ្ឋ Johor កាលពីថ្ងៃសុក្រថា រដ្ឋាភិបាល ក៏កំពុងផ្តល់អត្រាពន្ធសាជីវកម្មសម្បទានចន្លោះពី 0% ទៅ 5% និងអត្រាពន្ធលើប្រាក់ចំណូលបុគ្គល ១៥% សម្រាប់កម្មករមានចំណេះដឹង និងប្រជាជនម៉ាឡេស៊ី ដែលកំពុងធ្វើការនៅទីនោះ៕

  • ផែនការធនាគារពិភពលោកចំនួន ៩០ពាន់លានដុល្លារដើម្បីផ្តល់អគ្គិសនីនៅទ្វីបអាហ្រ្វិកកំពុងដំណើរការ

ផែនការនាំយកអគ្គិសនីទៅដល់ប្រជាជនអាហ្វ្រិកចំនួន ៣០០លាននាក់ ក្នុងឆ្នាំ ២០២៣ ដែលគាំទ្រដោយការសន្យាជំហានដំបូងចំនួន ៣០ពាន់លានដុល្លារពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាហ្រ្វិក បានចាប់ផ្តើមអនុវត្តហើយ ជាមួយនឹងការវាយតម្លៃអំពីអ្នកទទួលផលសក្តានុពលដំបូង។

អង្គការអាកាសធាតុលេចធ្លោបំផុតខ្លះ របស់ពិភពលោក ដូចជាមូលនិធិ Rockefeller, សម្ព័ន្ធសកលដើម្បីមនុស្ស និងភពផែនដី, និងអង្គការផែនដី និងថាមពលប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា  កាលពីថ្ងៃសុក្រ បានប្រកាសពីការបង្កើតទីតាំងជំនួយបច្ចេកទេសដើម្បីពិនិត្យគម្រោង និងជួយធានាការផ្តល់មូលនិធិ សម្រាប់ក្រុមអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីដែលគេស្គាល់ថា ជាបេសកកម្ម 300។ បំណងចុងក្រោយ គឺដើម្បីរៃអង្គាសប្រាក់បាន ៩០ពាន់លានដុល្លារ ឬច្រើនជាងនេះពីប្រភពជាច្រើន៕

ក្រុមហ៊ុន Alibaba Cloud ដែលជាអង្គភាពសេវាកុំព្យូទ័រពពក របស់ក្រុមហ៊ុនបច្ចេកវិទ្យាទម្ងន់ធ្ងន់របស់ចិន Alibaba Group Holding Ltd កាលពីថ្ងៃព្រហស្បតិ៍ បានចេញកំណែចុងក្រោយបំផុត នៃម៉ូដែលភាសាដ៏ធំ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត Qwen 2.5 ជាទង្វើមួយ ដែលក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ បាននិយាយថា នឹងជំរុញកម្មវិធីពាណិជ្ជកម្មខ្នាតធំ នៃបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សេវាកម្មកុំព្យូទ័រពពក (Cloud Computing Services) គឺជាការផ្តល់ជូនសេវាទាក់ទងនឹងកុំព្យូទ័រ ក្នុងនោះមានទាំងម៉ាស៊ីនអ្នកបម្រើមេ, កន្លែងផ្ទុកទិន្នន័យ, កិច្ចការបណ្តាញ, ផ្នែកសូហ្វវែរ, កិច្ចការវិភាគ និងភាពវៃឆ្លាត  តាមបណ្តាញអ៊ីនធឺណិត  ដើម្បីផ្តល់នូវការច្នៃប្រឌិតកាន់តែលឿន, ធនធានដែលអាចបត់បែនបាន និង មាត្រដ្ឋានសេដ្ឋកិច្ច។ Alibaba ក៏ជា​ថៅកែកាសែត South China Morning Post ផងដែរ។

ក្រុមហ៊ុនបាននិយាយថា គំរូម៉ូដែល Qwen 2.5 ដែលទើបដាក់ឱ្យដំណើរការថ្មីៗ មានរង្វាស់ចាប់ពី ០.៥ ពាន់លាន ដល់ ៧២ ពាន់លានប៉ារ៉ាម៉ែត្រ ជំរុញសមត្ថភាពដែលប្រសើរ ផ្នែកគណិតវិទ្យា និងការសរសេរកូដ និងអាចដំណើរគាំទ្រជាមួយជាង ២៩ភាសា ខណៈដែលកំពុងផ្ដល់ជូននូវកម្មវិធី AI ដ៏ធំទូលាយ ទូទាំងផ្នែកផ្សេងៗ ដូចជា យានយន្ត, ការលេងហ្គេម និងការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ។

នៅឯសន្និសីទ Apsara Conference ជាព្រឹត្តិការណ៍កំពូលប្រចាំឆ្នាំរបស់ Cloud, នាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group និងជាប្រធាន និងជានាយកប្រតិបត្តិនៃ Alibaba Cloud Intelligence លោក អ៊ូ យ៉ុងមីង (Wu Yongming) បានមានប្រសាសន៍ថា៖ “Alibaba Cloud កំពុងតែវិនិយោគ ជាមួយនឹងកម្លាំងដែលមិនធ្លាប់មានពីមុនមក ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងការកសាងហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ខ្លួន”។

លោកអ៊ូ បាននិយាយថា បច្ចេកវិទ្យាគំរូម៉ូដែលភាសាធំៗ(LLMs)នេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ន ពួកគេអាចបំពេញកិច្ចការពហុមុខងារ ក្នុងនោះមានអត្ថបទ, ការនិយាយ និងចក្ខុវិស័យ, យល់បានពីតម្រូវការរបស់មនុស្ស, និងបញ្ចប់កិច្ចការសរសេរកម្មវិធីដ៏ស្មុគស្មាញ។ ជាមួយគ្នានេះដែរ តម្លៃរបស់ LLMs បានធ្លាក់ចុះយ៉ាងខ្លាំង។

ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Alibaba Cloud Intelligence លោក ជូ ជីងយិន (Zhou Jingren) បាននិយាយថា៖ “យើងនៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI កម្រិតខ្ពស់ ដើម្បីលើកស្ទួយការប្រើប្រាស់ទូលំទូលាយ នៃបច្ចេកវិទ្យា AI តាមជំនាន់ នៅទូទាំងឧស្សាហកម្មផ្សេងៗគ្នា” ។

លោក ជូ បាននិយាយថា ការចេញម៉ូដែលពហុម៉ូដែល Qwen 2.5 ត្រូវបានរៀបចំដើម្បីផ្តល់អំណាចដល់ក្រុមអ្នកអភិវឌ្ឍន៍ និងសាជីវកម្មគ្រប់ទំហំ បង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រើបច្ចេកវិទ្យា AI និងបន្តជំរុញកំណើននៃសហគមន៍ប្រភពបើកចំហនេះ។ រហូតមកដល់ពេលនេះ ការទាញយកម៉ូដែលរបស់ Qwen បានឡើងហួសចំនួនពី ៤០ លានដង ចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅក្នុងខែមេសា ឆ្នាំ ២០២៣។

ក្រុមហ៊ុន Alibaba Cloud ក៏បានប្រកាសពីការធ្វើទំនើបកម្មម៉ូដែលពិសេស Qwen-Max របស់ខ្លួនផងដែរ ដោយនិយាយថា សមត្ថភាពរបស់វាមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែល GPT-4o ទំនើបបំផុត របស់ក្រុមហ៊ុនអាមេរិក OpenAI ។

ម៉ូដែល Qwen-Max ដែលត្រូវបានអាប់ដេត បានបង្ហាញពីសមត្ថភាពដំណើរការដ៏ខ្លាំង នៅក្នុងផ្នែកផ្សេងៗជាច្រើន ដូចជា ការយល់ភាសា, ការវែកញែកហេតុផល, គណិតវិទ្យា និងការសរសេរកូដ បើប្រៀបធៀបជាមួយនឹងបណញតាញម៉ូដែលទំនើបដទៃទៀត។

នាយកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corp China លោក លូ យ៉ានសៀ បាននិយាយថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាជាបន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន លើផ្នែក LLMs នឹងលើកកម្ពស់បន្ថែមទៀត នូវការពេញនិយមម៉ូដែល AIទាំងនេះ  និងនាំមកនូវឱកាសអាជីវកម្មថ្មីៗសម្រាប់ម៉ាស៊ីនបម្រើមេ AI ក្នុងស្រុក, កុំព្យូទ័រពពក និងក្រុមហ៊ុនបន្ទះឈីប។

ហ្វូងមនុស្សជួបជុំគ្នានៅឯព្រឹត្តិការរណ៍ប្រចាំឆ្នាំ Apsara Conference នៃក្រុមហ៊ុន Alibaba នៅក្រុងហាងចូវ ខេត្តជេជាំង ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍

លោក លូ បាននិយាយថា ដោយលើកឡើងថា LLM ពហុម៉ូដែល គឺជាទិសដៅអភិវឌ្ឍន៍នាពេលអនាគតដែលមិនអាចប្រកែកបានសម្រាប់បច្ចេកវិទ្យា AI តាមជំនាន់។ សហគ្រាសបច្ចេកវិទ្យាចិន គួរតែប្រមូលផ្តុំធនធានបន្ថែមទៀតក្នុងការកែលម្អថាមពលកុំព្យូទ័រ, បញ្ញាដោះស្រាយ និងគុណភាពនៃទិន្នន័យ ដើម្បីបង្រួមគម្លាតជាមួយសហរដ្ឋអាមេរិកក្នុងវិស័យ AI តាមជំនាន់។

Alibaba Cloud ក៏បានបករកាសគំរូម៉ូដែលអត្ថបទផលិតជារូបភាពវីដេអូថ្មី ដែលមានសមត្ថភាពបង្កើតវីដេអូគុណភាពខ្ពស់តាមទម្រង់រូបភាពជាច្រើន ដោយផ្អែកលើការណែនាំជាអត្ថបទអក្សរចិន និងអង់គ្លេស និងបំប្លែងរូបភាពដែនៅនឹង ទៅជាវីដេអូមានចលនាសកម្ម។

ក្រុមហ៊ុននេះ បានប្រកាសពីការបញញចុះតម្លៃ ៨៥%លើ Qwen-Turbo LLM របស់ខ្លួន ខណៈដែល LLMs ២ប្រភេទផ្សេងទៀត ក៏មានការបញ្ចុះតម្លៃផងដែរ។

របាយការណ៍មួយ ពីក្រុមហ៊ុនប្រឹក្សាយោបល់សកល McKinsey & Co បាននិយាយថា AI ជំនាន់ថ្មី នឹងបន្ថែមតម្លៃប្រចាំឆ្នាំចន្លោះពី ២.៦ ពាន់ពាន់លានដុល្លារ ទៅ ៤.៤ ពាន់ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនលើគ្រប់វិស័យទាំងអស់ នៃឧស្សាហកម្ម៕

យន្តហោះស៊ីវិលរាងចង្អៀតផលិតក្នុងស្រុកដំបូងរបស់ប្រទេសចិន បានហោះហើរទៅដល់រដ្ឋធានីនៃតំបន់ស្វយ័តទីបេជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយឡើងដល់ព្រលានយន្តហោះខ្ពស់បំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថា មានអាកាសធាតុដ៏លំបាក។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ឱ្យដឹងថា យន្តហោះធុន C919 “បានចុះចតយ៉ាងរលូន” នៅអាកាសយានដ្ឋាន Lhasa Gonggar ភាគខាងលិចប្រទេសចិន បន្ទាប់ពីធ្វើដំណើរប្រហែល២ម៉ោងពីទីក្រុង ឆេងទូ ក្នុងខេត្ត ស៊ីឈួន ភាគនិរតី។

អាកាសយានដ្ឋាន Lhasa  ដែលបម្រើឱ្យរដ្ឋធានីទីបេ ស្ថិតក្នុងកម្ពស់ប្រហែល ៣,៦៥០ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ក្នុងតំបន់ភ្នំហិមាល័យ ដែលគេឱ្យឈ្មោះថា ជា “ដំបូលនៃពិភពលោក” ។

លោក Li Hanming អ្នកវិភាគអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ បាននិយាយថា សម្ពាធខ្យល់ទាបមានន័យថា យន្តហោះគួរតែស្ថិតក្នុងទម្រង់កម្រិតកំពូល។

លោក Li បាននិយាយថា៖ “ការផ្លាស់ប្តូរសម្ពាធខ្យល់ដោយសារការកើនឡើង តម្រូវឱ្យមានការសមត្ថភាពបន្ថែមសម្រាប់ហោះឡើង និងចុះចត ដោយសុវត្ថិភាព” ។

បន្ទាប់ពីការហោះហើរជាង ៣,៧០០ ជើង, អ្នកដំណើរកន្លះលាននាក់, ភាពទៀងទាត់ពេលវេលាល្អ និងការផ្ទុកអ្នកដំណើរច្រើនជាងមធ្យមក្នុងរយៈពេល ១៥ ខែចុងក្រោយ, ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក្នុងសប្តាហ៍នេះ បានប្រគល់ប័ណ្ណរបាយការណ៍ដ៏ល្អ សម្រាប់យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតក្នុងស្រុករបស់ប្រទេសចិននេះ។

ក្រុមអ្នកវិភាគបាននិយាយថា ដោយបានបង្ហាញពីភាពអាចជឿជាក់បានរបស់ខ្លួន, គូប្រជែងរបស់យន្តហោះ Boeing 737 និងត្រកូល Airbus A320 ក៏បានបង្ហាញពីសក្តានុពលនៃប្រាក់ចំណេញផងដែរ ថ្វីបើ យន្តហោះ C919 ត្រូវបានរៀបចំញើង ដើម្បីប្រឈមមុខនឹងឧបសគ្គក្តី ខណៈវាស្វែងរកវត្តមាននៅក្នុងទីផ្សារក្រៅប្រទេសផងដែរ៕

ក្រសួងមហាផ្ទៃ របស់ប្រទេសអូស្ត្រាលី បានបង្ហាញមូលហេតុសំខាន់ៗចំនួន៦សម្រាប់ការបដិសេធការស្នើសុំទិដ្ឋាការសិស្ស​និស្សិត ក្នុងនោះមានទាំងការរៀបចំឯកសារមិនពេញលេញ និងចេតនាមិនស្មោះត្រង់។

ប្រទេសអូស្ត្រាលី បានអនុម័តបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងសម្រាប់ការចុះឈ្មោះនិស្សិតអន្តរជាតិ ចំពេលមានការកើនឡើង នៃការដាក់ពាក្យសុំ ចាប់តាំងពីមានការរាតត្បាត ជំងឺ Covid-19 ។

ឥឡូវនេះ វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៦ ដែលមានចំនួនការដាក់ពាក្យសុំច្រើនបំផុត ដោយកើនឡើងពី ១៨,៧០០នាក់ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដល់ជាង ២៤,៤០០នាក់ នៅក្នុងឆ្នាំបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ អត្រាអនុម័តទទួលយក បានថយចុះពី ៩១% មកនៅ ៧៦% ជាអត្រាទាបបំផុត ក្នុងរយៈពេល ១៨ ឆ្នាំមកនេះ។

នៅឯកម្មវិធីបង្ហាញសេវកម្មអប់រំរបស់រដ្ឋ New South Wales Education Showcase Vietnam 2024 ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញពីសប្តាហ៍មុន លោកស្រី Katherine Tranter មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ទទួលបន្ទុកទិដ្ឋាការនិស្សិត នៃក្រសួងមហាផ្ទៃ អូស្ត្រាលី បាននិយាយថា ការធ្លាក់ចុះនៃអត្រាការអនុម័តនេះ គឺជាផ្នែកមួយនៃនិន្នាការកាន់តែធំដែលប៉ះពាល់ដល់ ប្រទេសកំពូលទាំង ១០ ភាគច្រើនបំផុត ដែលមានចំនួននិស្សិតអន្តរជាតិច្រើនបំផុតនៅប្រទេសអូស្ត្រាលី ។

លោកស្រី Tranter បានរៀបរាប់ពីហេតុផលរួមចំនួន៦សម្រាប់ការបដិសេធទិដ្ឋាការនិស្សិត​របស់ក្រសួងមហាផ្ទៃ ៖ ១).ការរៀបឯកសារមិនពេញលេញ ២).ការខកខានមិនឆ្លើយតបទៅនឹងសំណើសុំព័ត៌មានបន្ថែម ៣).ចេតនាសិក្សាមិនស្មោះត្រង់ ៤).ការក្លែងបន្លំឯកសារ ៥).មិនមានជំនាញភាសាអង់គ្លេសតាមតម្រូវការ និង ៦). ភស្តុតាងហិរញ្ញវត្ថុមិនគ្រប់គ្រាន់សម្រាប់ការសិក្សា និងការចំណាយ លើការរស់នៅ។

លោកស្រី Tranter បាននិយាយថា៖ “ហេតុផលទូទៅបំផុត គឺការរៀបឯកសារមិនស្មោះត្រង់។ យើងនឹងបដិសេធពាក្យសុំមួយ បើសិន វាខ្វះលិខិតសុំចូលរៀនពិតប្រាកដ ឬបើសិនការរៀបឯកសារ បង្ហាញថាអ្នក សុំស្នើសុំ មិនមែនជាសិស្សពិតប្រាកដ” ។

ទាក់ទងនឹងហិរញ្ញវត្ថុ សិស្ស និស្សិត ត្រូវតែបង្ហាញថា ពួកគេមានមូលនិធិគ្រប់គ្រាន់ដើម្បីទូទាត់លើតម្រូវការសំខា៣គឺ ការធ្វើដំណើរ ថ្លៃសិក្សា និងការចំណាយលើការរស់នៅសម្រាប់ខ្លួនគេ និងសមាជិកគ្រួសារណាម្នាក់ (បើមាន)។ តម្លៃរស់នៅអប្បបរមាសម្រាប់និស្សិតអន្តរជាតិគឺ $២៩,៧១០ (US$២០,០៩០) ក្នុងមួយឆ្នាំ។ ការផ្តល់ភស្តុតាងនៃសមត្ថភាពហិរញ្ញវត្ថុនេះ អាចពន្លឿនដំណើរការទិដ្ឋាការ។

និស្សិតរូបនេះ (ស្តាំ) កំពុងស្វែងយល់ពី​សាកលវិទ្យាល័យ Newcastle University នៅរដ្ឋ New South Wales ក្នុងអំឡុងពេលផ្សព្វផ្សាយអប់រំរបស់អូស្ត្រាលី នៅក្រុងហូជីមិញ ជាមួយក្រុមការងារមកពីអូស្ត្រាលី។

អ្នកតំណាងក្រសួងមហាផ្ទៃនេះ បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនៃអត្រាការអនុម័តទិដ្ឋាការនេះ មិនទាក់ទងនឹងសញ្ជាតិរបស់អ្នកដាក់ពាក្យស្នើសុំនោះទេ។ ការចេញទិដ្ឋាការ ពឹងផ្នែកលើករណីបុគ្គល។ លោកស្រី Tranter បានបញ្ជាក់ថា៖ “ទិដ្ឋាការសិស្សនិស្សិត ត្រូវបានវាយតម្លៃអនុលោមទៅតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។ មិនមានការអនុគ្រោះណាមួយ ដោយផ្អែកលើអ្នកមកពីទីក្រុង ឬប្រទេសណា​នោះទេ” ។

លោកស្រី ក៏បានកត់សម្គាល់ផងដែរថា ពេលវេលាដំណើរការឯកសារជាមធ្យមសម្រាប់ការដាក់ពាក្យស្នើសុំទិដ្ឋាការសិស្សនិស្សិត នៅទូទាំងពិភពលោកគឺ ៥០ ថ្ងៃ យូរបំផុតជាអតិបរមាគឺ៤ ខែ។ វាអាស្រ័យទៅលើកត្តាជាច្រើន ដូចជាគុណភាព និងភាពពេញលេញនៃការដាក់ពាក្យស្នើសុំ, ដំណើរការនៃការផ្តល់ព័ត៌មានបន្ថែម, និងបរិមាណនៃការដាក់ពាក្យស្នើសុំ នៅពេលនោះ។

ក្នុងអំឡុងពេលសិក្សា សិស្សត្រូវជូនដំណឹងជាបន្ទាន់ទៅទីភ្នាក់ងារចេញទិដ្ឋាការ អំពីការផ្លាស់ប្តូរស្ថានភាពលិខិតឆ្លងដែន, ស្ថានភាពអាពាហ៍ពិពាហ៍, ព័ត៌មានទំនាក់ទំនង ឬព័ត៌មានលម្អិតអំពីវគ្គសិក្សា។ លោកស្រី Tranter បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរវគ្គសិក្សា ឬផ្លាស់សាលារៀន នឹងត្រូវបានកម្រិត ហើយបើសិនជាចាំបាច់ សិស្សនិស្សិត ត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការថ្មីមួយ។

ដើម្បីជៀសវាងការរំខានដល់ផែនការសិក្សារបស់ពួកគេ លោកស្រី បានណែនាំសិស្សនិស្សិត ឱ្យដាក់ស្នើពាក្យស្នើសុំរបស់ពួកគេ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងត្រូវឆ្លើយសំណួរអំពីចេតនារបស់ពួកគេ និងគោលបំណង នៃការចូលរួមវគ្គសិក្សានោះដោយស្មោះត្រង់ និងដោយលម្អិត។

សម្រាប់សិស្សវិទ្យាល័យ ក្រសួងមហាផ្ទៃ ក៏ពិចារណាពីគោលបំណងរបស់គ្រួសារផងដែរ។ និស្សិត គួរតែត្រូវបានពិនិត្យមើលឯកសារទាំងអស់យ៉ាងហ្មត់ចត់ ដើម្បីធានាឱ្យបាននូវភាពពេញលេញ មុនពេលដាក់ពាក្យស្នើសុំរបស់ពួកគេ ដើម្បីដំណើរការទិដ្ឋាការកាន់តែលឿន៕

ប្រាក់ដុល្លារបានលោតឡើងបន្តិច ការចំណេញមូលបត្របំណុលរយៈពេលវែង បានកើនឡើង ហើយផ្សារភាគហ៊ុនអាស៊ី ក៏បានរំកិលឡើង បន្ទាប់ពីធនាគារកណ្តាលសហព័ន្ធ បានប្រកាសពីការកាត់បន្ថយអត្រាមូលដ្ឋានចំនួន ៥០ពិន្ទុមូលដ្ឋាន (០.៥%) និងបានឱ្យសញ្ញាថាមាន វដ្តនៃការកាត់បន្ថយដែលបានវាស់វែងនៅពេលខាងមុខទៀត ដោយទុកផ្លូវបើកចំហរ ឆ្ពោះទៅរកការកាត់បន្ថយប្រយ័ត្នប្រយែង សម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។

សន្ទស្សន៍ S&P 500 បានឡើងខ្ពស់បំផុត១យប់ ហើយទោះបីជាវាបិទទៅវិញ ដោយធ្លាក់ទាបជាងបន្តិចក៏ដោយ ក៏អនាគត បានកើនឡើង ១% ពេញ១ថ្ងៃអាស៊ី ហើយសន្ទស្សន៍ Nasdaq បានកើនឡើង ១% ។ សតញទស្សន៍អនាគតរបស់អឺរ៉ុប បានកើនឡើង ១% ហើយសន្ទស្សន៍អនាគត FTSE កើនឡើង ០.៨% ។

ផ្សារហ៊ុន Nikkei របស់ជប៉ុន បានកើនឡើង ២.៣% ហើយទីផ្សារភាគហ៊ុនក្នុងប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី បានឡើងខ្ពស់បំផុត ខណៈ ការប្រឹងប្រេងដែលជំរុញសេដ្ឋកិច្ចកំពុងដំណើរការនៅប្រទេសចិន បានទម្លាក់ផលចំណេញប័ណ្ណបំពុលចិន និងបានធ្វើឱ្យសន្ទស្សន៍ភាគហ៊ុនហុងកុង និងដីគោក កើនឡើង។

ធនាគារកណ្តាលសហព័ន្ធ បានបន្ទាបបង្អួចរបស់ខ្លួន សម្រាប់អត្រាគោលនយោបាយគោលត្រឹម ៥០ពិន្ទមូលដ្ឋាន ពីអត្រាដើមចន្លោះ ៤.៧៥% -៥% មុនពេលការសម្រេចចិត្ត។ ប្រាក់ដុល្លារដំបូង បានធ្លាក់ចុះយ៉ាងច្រើន ដោយធ្លាក់ដល់កម្រិតទាបចំនួន២ឆ្នាំកន្លះធៀបនឹងប្រាក់អង់គ្លេស ប៉ុន្តែបន្ទាប់មកបានងើបវិញយ៉ាងខ្លាំង។

ចុងក្រោយ ប្រាក់ដុល្លារ បានធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រាក់អឺរ៉ូ គឺ ១អឺរ៉ូ $១.១១២៧ និងត្រឡប់មកមានស្ថិរភាពវិញ ម្តុំចំនួន១៤២.៧០យ៉េន ក្នុង១ដុល្លារ បន្ទាប់ពីបានកើនឡើងខ្ពស់ដល់ ១៤៣.៩៦យ៉េន ។

ផលចំណេញរតនាគាររយៈពេល ១០ ឆ្នាំ បានកើនឡើងជិត៨ពិន្ទុមូលដ្ឋាន មុននេះ១ថ្ងៃ ដល់ ៣.៧១៧% ហើយមាស បានឡើងដល់កម្រិតខ្ពស់បំផុត ត្រឹមតែ $២,៦០០ ក្នុងមួយអោន មុនពេលងាកមកមានស្ថិរភាពក្នុងតម្លៃ $២,៥៥៩ ឡើងវិញ ។

ក្រុមអ្នកបង្កើតគោលនយោបាយ បានសម្រួលការព្យាករអត្រាការប្រាក់មធ្យមរបស់ពួកគេ ឱ្យចុះក្រោម ដែលនឹងធ្វើឱ្យពួកគេច្រើន ឬតិច វាស្របតាមការរំពឹងទុករបស់ទីផ្សារ ប៉ុន្តែប្រមុខធនាគារសហព័ន្ធ លោក Jerome Powell បានសង្កត់ធ្ងន់លើភាពបត់បែន។

បន្ទាប់ពីការកាត់បន្ថយនេះ ត្រូវបានប្រកាស លោក Powell បានប្រាប់ក្រុមអ្នកយកព័ត៌មាន ថា៖ “ខ្ញុំមិនគិតថា គញរប់គ្នា គួរតែពិនិត្យមើលរឿងនេះ ហើយនិយាយថា អូ! នេះ គឺជាល្បឿនថ្មី” ។ “យើងកំពុងពិចារណាឡើងវិញនូវគោលនយោបាយធ្លាក់ចុះតាមពេលវេលាទៅកម្រិតអព្យាក្រឹតជាងមុន។ ហើយយើងកំពុងកំពុងរំកិលឆ្ពោះទៅរកល្បឿនដែលយើងគិតថា សមរម្យ ដោយសារការអភិវឌ្ឍន៍សេដ្ឋកិច្ច”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព