ចុចទាញយកឯកសារ

ផែនការសកម្មភាព_២០២៤_២០២៨_ដើម្បីអនុវត្តវិធានការគន្ល_240724_105907

យុវវ័យក្នុងរាជធានីភ្នំពេញត្រូវបានគេមើលឃើញថា កំពុងងាកទៅប្រើប្រាស់ហាងទំនិញដូចជាផ្សារទំនើបកាន់តែច្រើនឡើងៗ ដោយសារតែផ្សារទាំងនោះ ស្ថិតនៅទីតាំងនៅតាមតំបន់នានាក្នុងទីក្រុងភ្នំពេញដែលជិតកន្លែងស្នាក់នៅរបស់ពួកគេ កន្លែងធ្វើការនិងសាលារៀនរបស់ពួកគេជាដើម ដែលពួកគេអាចទិញរបស់របរចាំបាច់យ៉ាងឆាប់រហ័សដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ បន្ថែមពីលើនេះទៀតហាងទំនិញទាំងនេះភាគច្រើនបើកប្រតិបត្តិការ២៤ម៉ោងដែលបង្ករភាពងាយឱ្យពួកគេប្រើប្រាស់ក្រៅម៉ោងធ្វើការធម្មតា។ ការផ្តល់ជូនផលិតផលចម្រុះនៅក្នុងផ្សារម៉ាតទំនេីបគឺជាការទាក់ទាញដ៏សំខាន់មួយផ្សេងទៀត។ ហាងទាំងនេះមានលក់នូវទំនិញជាច្រើនមុខរួមទាំងអាហារដែលត្រៀមរួចជាស្រេច អាហារសម្រន់ ភេសជ្ជៈ របស់របរថែទាំផ្ទាល់ខ្លួននិងរបស់ប្រើប្រាស់ក្នុងផ្ទះជាដើមដែលអនុញ្ញាតឱ្យអតិថិជនទិញទំនិញជាច្រើនមុខក្នុងការធ្វើដំណើរតែមួយជើងនិងចំណេញពេលវេលា។ ការរៀបចំហាងស្អាតនិងរៀបចំ តាំងទំនិញប្រកបដោយភាពទាកទាញបើប្រៀបធៀបទៅនឹងហាងលក់ទំនិញចាប់ហួយបែបប្រពៃណី បានបង្កើតជាបទពិសោធន៍ថ្មីសម្រាប់អ្នកទិញទាំងនោះ។   ការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក៏បានដើរតួរក្នុងការទាក់ទាញអតិថិជនវ័យក្មេងដែរ។ ហាងទំនិញម៉ាតទំនើបងាយស្រួលជាច្រើនផ្តល់ជូននូវការបញ្ជាទិញតាមអ៊ីនធឺណិត ផ្តល់ការដឹកជញ្ជូននិងជម្រើសទូទាត់តាមប្រព័ន្ធឌីជីថលស្របតាមលក្ខណៈបច្ចេកទេសនៃមនុស្សជំនាន់ក្រោយដែលទម្លាប់ប្រើប្រាស់ស្មាតហ្វូននិងសេវាកម្មឌីជីថលក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការផ្សព្វផ្សាយនិងកម្មវិធីបង្កើតភក្ដីភាពមួយចំនួនដូចជាផ្តល់ការបញ្ចុះតម្លៃនិងរង្វាន់ជាដើមក៏បានជួយជំរុញបង្កើតការទាកទាញផងដែរ។ សុវត្ថិភាពនិងសន្តិសុខក៏ជាកត្តាសំខាន់។ ជាទូទៅហាងទំនិញម៉ាតទំនើបងាយស្រួលទាំងនោះផ្តល់​ជូន​នូវ​បរិស្ថាន​ដែល​មាន​ពន្លឺ​ល្អនិង​សុវត្ថិភាពដែល​មាន​សារៈ​សំខាន់​ជា​ពិសេស​សម្រាប់​​យុវវ័យ​ដែល​ដើរ​ទិញ​ឥវ៉ាន់​នៅពេល យប់។ ម្យ៉ាងទៀតម៉ាកយីហោនៃហាងទំនិញដែលមានកេរឈ្មាះល្បី បន្ថែមភាពទាក់ទាញដោយសារតែអ្នកប្រើប្រាស់វ័យក្មេងមានទំនោរជឿជាក់លើម៉ាកយីហោទាំងនេះច្រើនជាងហាងតូចៗនិងមិនសូវស្គាល់ក្នុងស្រុក។

ឥទ្ធិពលសង្គមរបស់មិត្តភ័ក្តិ និងឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមជំរុញឱ្យមានការពេញនិយមនៃហាងទំនិញម៉ាតទំនើបងាយស្រួលក្នុងចំណោមយុវវ័យ។ វប្បធម៌នៃការដើរទិញឥវ៉ាន់ក្នុងហាងទំនិញងាយ ស្រួលត្រូវបានបង្ហាញពីការរស់នៅរបស់អ្នកទីក្រុងដែលធ្វើឱ្យវាក្លាយជានិន្នាការសម្រាប់សម័យថ្មីព្រោះហាងទំនិញទាំងនេះបានឆ្លើយតបទៅនឹងជីវិតរបស់ពួកគេដែលចូលចិត្តអាហាររហ័សនិងងាយស្រួល។

ហាងទំនិញម៉ាតទំនើបងាយស្រួលមួយចំនួនកំពុងតែមានវត្តមានក្នុងប្រទេសកម្ពុជា ហើយបានចាក់គ្រឹះរឹងមាំនាពេលបច្ចុប្បន្ន ដោយបានបោះ ជំហានយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារនិងឥទ្ធិពលរបស់ពួកគេ។ ហាង7-Eleven ដែលដំណើរការដោយ CP All Cambodia បានចូលទីផ្សារក្នុងឆ្នាំ២០២១ហើយមានគោលបំណងបើកទីតាំងរហូតដល់ ១០០សាខានៅចុងឆ្នាំ២០២៤។ ពួកគេផ្តោតលើទីតាំងយុទ្ធសាស្រ្តដូចជា តំបន់សហគមន៍ តំបន់ ទេសចរណ៍ ស្ថាប័នអប់រំនិងស្ថានីយ៍សេវាកម្ម ដោយផ្តល់ជូននូវភាពសម្បូរបែបរួមទាំងទំនិញពេញនិយមមកពីប្រទេសថៃនិងអាហារស្រស់ក្នុងស្រុក។

យីហោងមួយទៀតគឺ Emart24 ជាបណ្តាញហាងទំនិញម៉ាតទំនើបងាយស្រួលឬជាផ្សារទំនេីបរបស់កូរ៉េខាងត្បូងបានចូលមកទីផ្សារកម្ពុជានៅដើមឆ្នាំ២០២៤ ដោយគ្រោងនឹងបើកហាងដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញនិងពង្រីក ដល់ ១០០ ហាងក្នុងរយៈពេល៥ ឆ្នាំ។ Emart24 ប្រើប្រាស់ម៉ាកយីហោនិងគំរូប្រតិបត្តិការដ៏រឹងមាំរបស់ខ្លួនដោយចាប់ដៃគូជាមួយអង្គភាព ក្នុងស្រុកដើម្បីធានាបាននូវការជ្រៀតចូលទីផ្សារប្រកបដោយប្រសិទ្ធភាព។ម៉ាតយីហោថា Circle K ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន TH CVS Co Ltd បាននិងកំពុងរីកចម្រើនជាលំដាប់នៅក្នុងប្រទេសកម្ពុជា។ Circle K មានផែនការបង្កើនចំនួនហាងរបស់ខ្លួនដល់៤០កន្លែង នៅចុងឆ្នាំ២០២៤នេះ។ ការពង្រីកយុទ្ធសាស្រ្តរបស់បណ្តាញហាងទំនិញម៉ាតទំនើបងាយស្រួលនេះ គាំទ្រដោយផែនការអាជីវកម្មដ៏រឹងមាំមួយក្នុងមហិច្ចតាពង្រីកឱ្យបាន ៣០០ហាងនៅទូទាំងប្រទេស ដែលផែនការនេះស្រដៀងគ្នាទៅនឹងយុទ្ធសាស្រ្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។​

ដោយឡែកហាងទំនិញម៉ាតទំនើបងាយស្រួល យ៉ីហោ Kiwimart បានចាក់គ្រឹះនិងឈជើងជាមួយនឹងហាងចំនួន២២កន្លែង ។ Kiwimartបានពង្រឹង ម៉ាកយីហោរបស់ខ្លួនតាមរយៈការផ្តោតការយកចិត្តទុកដាក់ទៅការធ្វើទំនើបកម្មសេវ៉ាកម្មលក់រាយនូវទំនិញជាច្រើនប្រភេទ សមស្របទៅតាមប្រាក់ចំណូលនិងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។

ការបោះជំហានចូលមកទីផ្សារកម្ពុជាដោយ​ហាងទំនិញម៉ាតទំនើបងាយស្រួលអន្តរជាតិរួមជាមួយនឹងការផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសកាន់តែ ច្រើននិងសេវាកម្មកាន់តែប្រសើរ ពួកគេបង្កើតការប្រកួតប្រជែងយ៉ាងសំខាន់ដល់ហាងក្នុងស្រុក។ ហាងក្នុងស្រុកប្រឈមមុខនឹងការប្រកួតប្រជែងកើនឡើងពីបណ្តាញហាងទំនិញម៉ាតទំនើបងាយស្រួលដែលផ្តល់ជូននូវ ផលិតផលជាច្រើនប្រភេទហើយមានតម្លៃទាបដោយសារតែមានសមត្ថភាពនិងលទ្ធភាពទិញក្នុងទំហំច្រើនពីរោងចក្រផលិតដោយផ្ទាល់។ ហាងទំនិញម៉ាតទំនើបងាយស្រួលបានឆក់យកបេះដូងអតិថិជនឱ្យងាកឆ្ងាយពីផ្សារបែបប្រពៃណី ដោយសារការបំរើសេវាកម្មបើកលក់២៤ម៉ោង ការរៀបចំហាងមានលក្ខណៈទំនើប ការរក្សាទំនិញបានល្អមានម៉ាស៊ីនត្រជាក់ ការទូទាត់វិក្កយបត្រនិងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ។ មានការផ្គត់ផ្គង់ទំនិញច្រើនមុខ ច្រើនប្រភេទ ធានានូវភាពមិនដាច់ស្តុក នឹងមានផលិតផលថ្មីៗហើយស្រស់ល្អ។ ម្យ៉ាងទៀតហាងទំនិញម៉ាតទំនើបងាយស្រួលអន្តរជាតិមានលទ្ធភាពធ្វើទីផ្សារខ្លាំងជាមួយនឹងបច្ចេកវិទ្យាដែលទាក់ទាញ៕

ហាងទំនិញម៉ាតទំនើបងាយស្រួលយីហោ Circle K ក្នុងពេលរាត្រីនៅមហាវិថីកម្ពុជាក្រោម

ប្រហិតសាច់គោនិងប្រហិតសាច់ជ្រូកចន្លោះពី ៥០០គីឡូ ទៅ ៧០០គីឡូក្រាមត្រូវបានផលិតជារៀងរាល់ថ្ងៃ លក់ទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តភាគខាងលិចនៃប្រទេសកម្ពុជា ដូចជាខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ជាដើម ។ល។ នេះបើតាមការប្រាប់ឱ្យដឹងពីអ្នកស្រី ទៀត ម៉ា​នី វ័យ៤០ឆ្នាំ ជា​ស្ត្រី​មេម៉ាយដែលមានបន្ទុកចិញ្ចឹមកូនបីនាក់និងមើលថែបុគ្គលិកសរុបចំនួន២៥ នាក់។

ជីវិតគឺជាការតស៊ូមួយដែលមិនចេះរីងស្ងួតដរាបណាមនុស្សមានជីវិតរស់នៅលើផែនពសុធានេះព្រោះត្រូវតស៊ូជាមួយនឹងធម្មជាតិផង តស៊ូជាមួយមនុស្សគ្នាឯងផង និងជាមួយហេតុការណ៍ផ្សេងៗផង។ ការស៊ូទ្រាំ ភាពអត់ធ្មត់និងការពុះពារជំនះរបស់បុគ្គលម្នាក់ៗក្នុងការប្រឈមមុខនឹងបញ្ហា គឺជាពិន្ទុដែលកំណត់នូវអត្តសញ្ញាណរបស់បុគ្គលរូបនោះ។ ការតស៊ូបង្កើតចេញជាផ្លែផ្កានៃជីវិតក្នុងការបោះជំហានឆ្ពោះទៅរកឱកាសសម្រាប់ការលូតលាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងភាពជា​ស្ត្រី​មេម៉ាយ​​រៀនចប់ត្រឹមថ្នាក់​ទី​២ អ្នកស្រីម៉ានីមានក្តីសុបិនចង់ឃើញកូនៗរបស់អ្នកស្រីទាំងបីនាក់រៀនចប់ដល់ថ្នាក់សាកលវិទ្យាល័យ ព្រោះថាការដែលកូនៗទទួលបាននូវការអប់រំខ្ពស់នេះគឺជាមោទកភាពនិងក្តីសុខរបស់គ្រួសារដ៏តូចរបស់គាត់។

អស់រយៈពេលជាងមួយទស្សវត្សរ៍មកនេះ អ្នកស្រីម៉ានី បានបើកសិប្បកម្មផលិតប្រហិតជាលក្ខណៈគ្រួសារ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ​ក្រោយពីបែកបាក់ពីស្វាមី។ ជាមួយគ្នានេះដែរអ្នកស្រីក៏បានបង្កើតការងារ ព្រមទាំងបំពាក់នូវជំនាញផលិតប្រហិតដោយប្រកាន់គោលការណ៍អនាម័យដល់យុវជននិងយុវតីមកពីខេត្តពោធិសាត់ប្រមាណ២៥នាក់ដែលជាស្រុកកំណើតរបស់អ្នកស្រី។

ដោយយកគុណធម៌ ភាពស្មោះត្រង់និងការប្រឹងប្រែងចេញពីបេះដូង សិប្បកម្មប្រហិតសាច់គោនិងជ្រូករបស់គាត់ទទួលបានការពេញចិត្តនិងគាំទ្រពីអតិថិជនទាំងក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន។

ប្រហិតសាច់គោយីហោ "បងម៉ានី"

ប្រហិតសាច់គោយីហោ “បងម៉ានី”

“ខ្ញុំធ្វើប្រហិតសាច់ទាំងនេះដោយក្តីស្រលាញ់ ហើយផ្តោតយ៉ាងយកចិត្តទុកដាក់ទៅលើគុណភាពនិងអនាម័យ។ ខ្ញុំសប្បាយចិត្តនៅពេលដែលអតិថិជនរបស់ខ្ញុំចូលចិត្តប្រហិតសាច់គោរបស់ខ្ញុំ ហើយឃើញថាវាឆ្ងាញ់និងមានអនាម័យ” នេះបើតាមប្រសាសន៍របស់អ្នកស្រីម៉ានី ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មាន អាម៉ាហ្សាឌៀ អេឌូខេសិន កាលពីសប្តាហ៍មុន។

ការប្តេជ្ញាចិត្តរបស់អ្នកស្រីម៉ានី ក្នុងការលើកកម្ពស់គុណភាព ជាពិសេសសុវត្ថិភាពនិងអនាម័យ បាននាំឱ្យអ្នកស្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនានាជាប្រចាំ។

សុវត្ថិភាពចំណីអាហារនៅកម្ពុជាគឺជាបញ្ហាសំខាន់មួយ ដោយសារជំងឺនិងការចម្លងរោគពីចំណីអាហារ គឺជាក្តីកង្វល់របស់អ្នកប្រើប្រាស់និងរាជរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាការឆ្លើយតបរាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារកាលពីនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅ។ ច្បាប់នេះបង្កើតយន្តការសម្រាប់ធានាអនាម័យនិងសុចរិតភាពក្នុងការផលិតម្ហូបអាហារដើម្បីកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ កាត់បន្ថយហានិភ័យនិងជួយកម្ពុជាឱ្យទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ។

ច្បាប់បានកំណត់ថា រាល់ការផលិតចំណីអាហារនៅលើទីផ្សារត្រូវតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារថែទាំត្រឹមត្រូវ មានបទដ្ឋានវេចខ្ចប់ល្អ ហើយត្រូវដាក់ព័ត៌មានស្លាកសញ្ញាឱ្យត្រឹមត្រូវនិងច្បាស់លាស់។ នេះគឺជាជំហានទៅមុខដ៏សំខាន់មួយសម្រាប់អាជីវកម្មដូចជាសិប្បកម្មបែបគ្រួសាររបស់អ្នកស្រីម៉ានី ដែលអនុញ្ញាតឱ្យពួកគាត់បន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់និងសុវត្ថិភាពដល់អតិថិជនរបស់គាត់។

ទោះបីជាទិន្នន័យជាក់លាក់ស្តីពីការប្រើប្រាស់សាច់ប្រហិតនៅក្នុងទីផ្សារកម្ពុជាមានការខ្វះខាតក៏ដោយ ក៏ការចូលចិត្តប្រហិតសាច់របស់ប្រជាជនកម្ពុជាបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ប្រហិតសាច់ដែលអាចរកបានរួមមានសាច់ជ្រូក សាច់គោ សាច់មាន់ និងត្រី។ ប្រជាជនកម្ពុជាចូលចិត្តបរិភោគប្រហិតជាមួយស៊ុប គុយទាវ ស្ងោរ និងអាំង ដែលធ្វើឱ្យប្រហិតក្លាយជាអាហារដ៏ឆ្ងាញ់ពេញនិយមនៅក្នុងគ្រួសារជាច្រើន។

អ្នកស្រីម៉ានី ត្រូវ​បាន​បុគ្គលិក​ជាច្រើន​​មិន​ត្រឹម​តែ​ចាត់ទុកអ្នកស្រីជាម្ដាយដ៏​ល្អ​ម្នាក់​ប៉ុណ្ណោះ​ទេថែម​ទាំង​ជាថៅកែម្នាក់ប្រកបដោយ​ព្រហ្មវិហារធម៌​ទៀត​ផង​។ អ្នកស្រី ត្រូវ​បាន​បុគ្គលិកនិង​កម្មករគោរពនិង​ស្រឡាញ់​យ៉ាង​ខ្លាំងហើយចាត់ទុកដូច​ជា​ម្ដាយ​ទីពីររបស់ពួក​គេ។ អ្នកស្រីម៉ានី តែងតែអប់រំបុគ្គលិកគ្រប់រូបឱ្យរស់នៅនិងធ្វើការងាររួមដោយសុខដុមរមនា ស្រលាញ់គ្នានិងចេះជួយគ្នាក្នុងគ្រាលំបាក។ អ្នកស្រីបាន​បង្កើតបរិយាកាសស្រស់ស្រាយសប្បាយចិត្តនៅកន្លែងធ្វើការតែបង្កប់ទៅដោយភាពហ្មត់ចត់និងមានវិន័យ ។

ហ៊ា ហាន់ បុគ្គលិកផ្នែកលក់នារីក្នុងវ័យ៣២ឆ្នាំ ដែលធ្វើការជាមួយអ្នកស្រីម៉ានីជាងដប់ឆ្នាំបានសរសើរអ្នកស្រីថា “គាត់ជាថៅកែស្មោះត្រង់ ស្រលាញ់កូនចៅទាំងអស់ គាត់តែងតែលើកទឹកចិត្ត ផ្តល់យោបល់និងដោះស្រាយបញ្ហា”។

ភាពខ្លាំងរបស់អ្នកស្រីម៉ានី ក្នុងការគ្រប់គ្រងបុគ្គលិកនិងចាត់ចែងអាជីវកម្មរបស់អ្នកស្រីឱ្យទទួលបានការរីកចំរើននិងជោគជ័យលើមុខរបរផលិតប្រហិតសាច់គឺថាអ្នកស្រីបញ្ចូលក្តីស្រលាញ់របស់អ្នកស្រីឱ្យក្លាយកំលាំងថាមពលរបស់ពួកគេ ហើយពួកគេធ្វើការឱ្យអ្នកស្រីចេញពីបេះដូង នេះជាអ្វីដែលនិយោជកភាគច្រើនមើលរំលង។

រឿងរ៉ាវរបស់អ្នកស្រី ទៀត ម៉ា​នី គឺជាសក្ខីភាពនៃភាពអំណត់អត់ធន់និងថាមពលនៃវីរភាពរបស់សហគ្រិនស្រ្តីកម្ពុជា ដែលប្រកាន់ខ្ជាប់ដោយគុណធម៌ ព្រហ្មវិហារធម៌ សេចក្តីស្មោះត្រង់ ភាពទទួលខុសត្រូវ និងការអភិវឌ្ឍខ្លួន។ ដំណើរជីវិតរបស់អ្នកស្រីពីស្ត្រីមេម៉ាយតស៊ូ ក្លាយទៅជាអ្នកជំនួញស្ត្រីរឹងមាំមួយរូប អាចចិញ្ចឹមគ្រួសារ គឺបង្ហាញឱ្យឃើញថា គ្រប់យ៉ាងកើតឡើងដោយការខិតខំប្រឹងប្រែង ការលះបង់និងការតាំងចិត្តដើម្បីឧត្តមភាពដែលមនុស្សម្នាក់ៗ អាចជម្នះនូវគ្រប់ឧបសគ្គនានាក្នុងជីវិតដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ៕

លោកបានមានប្រសាសន៍ថា “ខ្ញុំស្គាល់ពួកគេច្បាស់ណាស់ ហើយខ្ញុំគោរពពួកគេយ៉ាងខ្លាំង។ ប៉ុន្តែពួកគេបានដណ្តើមយកទីផ្សារផលិតបន្ទះឈីបពីយើង១០០ភាគរយ។ ដូចនេះសម្រាប់ខ្ញុំតៃវ៉ាន់គួរតែបង់ថ្លៃការពារមកឱ្យយើង”។ ក្រោយពីសម្តីរបស់លោកត្រូវបានផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា កន្លងទៅបានធ្វើឱ្យមានផលប៉ះពាល់ភ្លាមៗដល់ទីផ្សារភាគហ៊ុននៅតៃវ៉ាន់ ជាពិសេសប៉ះពាល់ដល់តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់តៃវ៉ាន់ឈ្មោះ Taiwan Semiconductor Manufacturing Company ដែលមានអក្សសម្គាល់ក្នុងផ្សារហ៊ុន TSMC មានការធ្លាក់ចុះប្រមាណ ២.៤%នៅថ្ងៃបន្ទាប់។ ក្រុមហ៊ុន TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំហើយជាតួអង្គផ្គត់ផ្គង់បន្ទះឈីបដ៏សំខាន់ឱ្យក្រុមហ៊ុនលើពិភពលោករួមទាំងក្រុម Apple និង Nvidia។ 

នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក ឆូ ជុងថៃ បានឆ្លើយតបភ្លាមៗដោយបញ្ជាក់ពីចំណងមិត្តភាពក្រៅផ្លូវការដ៏រឹងមាំរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកហើយនឹងឆន្ទះរបស់ខ្លួនក្នុងការពង្រីកទំហំថវិការការពារជាតិ។ លោកបានបញ្ជាក់ថា “ពួកយើងត្រៀមខ្លួនពង្រីកការទទួលខុសត្រូវរបស់ពួកយើងដើម្បីការពារខ្លួនយើងនិងសន្តិសុខរបស់យើង។”

សហរដ្ឋអាមេរិកនិងដែនកោះតៃវ៉ាន់មិនមានទំនាក់ទំនងជាផ្លូវការទាំងការទូតនិងយោធាចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជាប្រទេសការពារតៃវ៉ាន់និងផ្តល់សព្វាវុទ្ធ។ តាមច្បាប់របស់សហរដ្ឋអាមេរិក គឺរដ្ឋបាលអាមេរិកមានកតព្វកិច្ចផ្តល់ឱ្យកោះតៃវ៉ាន់នូវកិច្ចការពារទោះបីជាគ្មានកិច្ចព្រមព្រៀងការពារផ្លូវការក៏ដោយ។ ចំណែកឯកោះ តៃវ៉ាន់ខ្លួនឯងបានដាក់ការធ្វើទំនើបកម្មយោធាជាគោលនយោបាយអាទិភាព​រួមទាំងការផលិតនាវាមុជទឹកនិងពង្រីកថវិការការពារជាតិ។

ទំនាក់ទំនងរវាងប្រទេសចិននឹងដែនកោះតៃវ៉ាន់នៅតែតឹងតែង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន ហើយជារឿយៗបានបញ្ចេញសាច់ដុំពីកម្លាំងយោធាដើម្បីគំរាមថាខ្លួននឹងអាចប្រើយោធាវាយយកកោះតៃវ៉ាន់បើចាំបាច់។ លោកប្រធានាធិបតី ចូ បៃឌិន ធ្លាប់លើកឡើងថាសហរដ្ឋអាមរិកគួរតែការពារតៃវ៉ាន់ក្នុងករណីដែនកោះនេះរងការវាយប្រហារពីប្រទេសចិន ការលើកឡើងនេះធ្វើឱ្យស្ថានភាពនៅច្រកតៃវ៉ាន់កាន់តែស្មុគស្មាញនិងតានតឹង។

ប្រតិកម្មទីផ្សារហ៊ុនក្រោយពីសម្តីរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីភាពងាយប៉ះពាល់និងរង្គោះរង្គើ របស់ហិរញ្ញវត្ថុតៃវ៉ាន់លើលានដ្ឋានភូមិសាស្ត្រនយោបាយនិងតួអង្គសំខាន់របស់ខ្លួនក្នុងទីផ្សារបច្ចេកវិទ្យាពិភពលោក។ លោក អាឡែន ហួង អ្នកវិភាគមកពីក្រុមហ៊ុនសេវាកម្មវិនិយោគអន្តរជាតិមេហ្គា (Mega International Investment Service) យល់ថាសម្តីរបស់លោកត្រាំគ្រាន់តែជាវោហាសាស្ត្រនយោបាយ​​ប៉ុណ្ណោះ ប៉ុន្តែទទួលស្គាល់ពីកម្លាំងប៉ះពាល់ធ្ងន់ធ្ងរលើទីផ្សាររបស់ក្រុមហ៊ុនយក្ស TMSC។

ក្រុមហ៊ុន TMSC មានយុទ្ធសាស្ត្រពង្រីកការវិនិយោគរបស់ខ្លួនដោយបង្កើតរោងចក្រថ្មីនៅរដ្ឋអារីហ្សូណាក្នុងទំហំទឹកប្រាក់៦៥ពាន់លានដុល្លារ ប៉ុន្តែនៅរក្សាការផលិតទ្រង់ទ្រាយធំនៅតៃវ៉ាន់ដដែល។ ដោយឡែកតៃវ៉ាន់បានបញ្ជារទិញសម្ភារៈសព្វាវុធក្នុងទឹកប្រាក់១៩ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ប៉ុន្តែសម្ភារៈទាំងនេះមិនទាន់បានបញ្ជូនទៅឱ្យកោះតៃវ៉ាន់នៅឡើយទេដោយសារមានការពន្យាពេលពីភាគីសហរដ្ឋអាមេរីក។ ភាគីទាំងពីរកំពុងតែខិតខំប្រឹងប្រែងក្នុងការពន្លឿនការផ្គត់ផ្គង់សម្ភារៈទាំងនេះទៅតៃវ៉ាន់ឱ្យបានលឿន។

ប្រឈមមុខនឹងយុទ្ធវិធីសង្គ្រាមតំបន់ប្រផេះរបស់ប្រទេសចិនដែលព្យាយាមធ្វើគ្រប់បែបយ៉ាងឱ្យកោះតៃវ៉ាន់នឿយហត់ ខ្សោះខ្លួន ក្នុងការការពារខ្លួន ហើយប្រទេសចិនអាចដើរមកយកតៃវ៉ាន់បានដោយមិនបាច់ប្រើកំលាំង តែកោះតៃវ៉ាន់មិនព្រមរាថយចុះញមឡើយ នៅតែបន្តរការទាមទារជារដ្ឋឯករាជ្យ និងត្រៀមខ្លួនក្នុងការចរចារទោះបីជាគ្មានការអើពើពីក្រុងប៉េកាំងក៏ដោយ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-តៃវ៉ាន-ចិន ជាទំនាក់នំនងដែលពោរពេញទៅដោយភាពស្មុគស្មាញទាំងភូមិសាស្រ្តនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ចសកលលោក៕

សហភាពអឺរ៉ុបកំពុងរៀបចំដាក់ចេញនូវបទប្បញ្ញត្តិថ្មីដ៏តឹងរ៉ឹងមួយ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើជាសកលនៅលើពិភពលោក។ ច្បាប់នេះកំណត់ថា រាល់ទំនិញសំខាន់ៗដែលនាំចូលទៅក្នុងសហភាពអឺរ៉ុប មានដូចជាប្រេងដូង សណ្តែកសៀង សាច់គោនិងឈើជាដើម ត្រូវតែបញ្ជាក់ថា មិនមានទំនាក់ទំនងទៅឬក៏ដាំដុសលើដីដែលបានរងការកាប់បំផ្លាញព្រៃឈើ។ គោលដៅនៃច្បាប់ថ្មីនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់សហភាពអឺរ៉ុប និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងឱ្យមាននិរន្តរភាពសម្រាប់ពិភពលោក។ អ្នកផ្គត់ផ្គង់ទំនិញទៅកាន់សហភាពអឺរ៉ុបឥឡូវនេះត្រូវតែផ្តល់នូវព័ត៌មានលម្អិតនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ តម្រូវការនេះមានន័យថា ​ក្រុមហ៊ុននាំចូលទំនិញត្រូវតែបង្ហាញថាផលិតផលរបស់ពួកគេមិន​មានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ វិធានការនៃអនុលោមតាមច្បាប់ថ្មីនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យទំនិញជាច្រើនមានតម្លៃថ្លៃ និងស្មុគស្មាញ ជាពិសេសសម្រាប់អ្នកផ្គត់ផ្គង់ដែលជាកសិករខ្នាតតូចនិងអ្នកផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។

កសិករក្នុងប្រទេសដូចជាឥណ្ឌូនេស៊ី និងហុងឌូរ៉ាស់ជាដើម ត្រូវប្រឈមនឹងឧបសគ្គយ៉ាងខ្លាំងក្នុងការបំពេញ​តាមលក្ខខណ្ឌថ្មីនេះ។ ដោយសារតែពួកគេខ្វះធនធាននិងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់សម្រាប់ដំណើរការតាមដាននិងវិញ្ញាបនប័ត្រលម្អិតដែលទាមទារតាមច្បាប់ថ្មីនេះ។ ហានិភ័យគឺថាកសិករទាំងនេះអាចបាត់បង់សិទ្ធិឱ្យផលិតផលរបស់ពួកគេនាំចូលទៅកាន់ទីផ្សារសហភាពអុឺរុប  ដែលធ្វើឱ្យរងផលប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេ។ ប៉ុន្តែគេមើលឃើញថាភាពជឿនលឿននៃបច្ចេកវិទ្យានឹងអាចផ្តល់ជួយពួកគេបានខ្លះ ដូចជារូបភាពតាមផ្កាយរណប និងប្រព័ន្ធព័ត៌មាន ភូមិសាស្រ្ត (GIS) អាចជួយក្នុងត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ការប្រើប្រាស់ដី ដែលពួកកំពុងប្រកបរបរលើ។ លើសពីនេះទៀតបច្ចេកវិទ្យា ប្លុកឈេនក៏រំពឹងថាអាចជួយផ្តល់នូវកំណត់ត្រាប្រកបដោយតម្លាភាពផងដែរលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការធានាថាទំនិញមានប្រភពច្បាស់លាស់ប្រកបហើយមាននិរន្តរភាព។

ទោះជាយ៉ាងណាក៏ច្បាប់ថ្មីនេះក្រោយចូលជាធរមាននឹងធ្វើឱ្យមានការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មជាសកល ព្រោះថាអ្នកផ្គត់ផ្គង់នឹងងាកទៅស្វែងរកទីផ្សារផ្សេងដែលមានបទប្បញ្ញត្តិមិនសូវតឹងរ៉ឹងក្រៅពីទីផ្សារអុឺរុប។ ការផ្លាស់ប្តូរនេះអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទៅសហភាពអុឺរុបដែលមានស្រាប់ និងនាំឱ្យមានការកើនឡើងតម្លៃសម្រាប់អ្នកប្រើប្រាស់ក្នុងសហភាពអឺរ៉ុបទៀតផង ដោយសារតែការចំណាយបន្ថែមកើនឡើងលើការរៀបចំឱ្យស្របតាមបទដ្ឋានថ្មី។ ច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើថ្មីបង្ហាញពីបញ្ហាប្រឈមដ៏សំខាន់មួយគឺ តុល្យភាពតម្រូវការសម្រាប់និរន្តរភាពបរិស្ថានជាមួយនឹងស្ថិរភាពសេដ្ឋកិច្ចរបស់កសិករនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការអន្តរជាតិនិងបច្ចេកវិទ្យា នឹងត្រូវដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដើម្បីធានាថាគោលដៅគ្រប់គ្រងបរិស្ថានរបស់ច្បាប់ថ្មីនេះមិនធ្វើឱ្យប៉ះពាល់ដល់សហគមន៍ដែលងាយរងគ្រោះ។

នៅពេលដែលសហភាពអុឺរុបជំរុញច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើថ្មីរបស់ខ្លួនចេញជាធរមានក្នុងពេលខាងមុខ ទិដ្ឋភាពពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការផ្លាស់ប្តូរ។ ច្បាប់នេះមានគោលបំណងការពារបរិស្ថាន ប៉ុន្តែការអនុវត្តត្រូវតែគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នដើម្បីជៀសវាងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់កសិករ និង សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការទីផ្សារសហភាពអុឺរុប៕

ទោះជាយ៉ាងណាក៏ដោយ ជាគម្រោងខ្នាតធំមួយនេះរាជរដ្ឋាភិបាលកម្ពុជា បានសិក្សាគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ចំណុចខ្សោយ ឱកាស និងហានិភ័យនៃគំរោងទាំងមូល។ គំនិតនៃការសាងសង់ព្រែកជីកហ្វូណនតេជោមិនមែនជាគំនិតថ្មីនោះទេ។ វាត្រូវបានគេស្នើឡើងជាច្រើនឆ្នាំកន្លងមកហើយក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប៉ុន្តែវាទើបតែពេលនេះទេ ដែលរដ្ឋាភិបាលអណ្តត្តិទៅ៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ​​សម្រេចចិត្តសិក្សានិងអនុវត្តគំរោងនេះ។ 

ការលើកទឹកចិត្តចម្បងនៅពីក្រោយការសម្រេចចិត្តនេះគឺដើម្បីជំរុញពាណិជ្ជកម្មនិងទេសចរណ៍នៅក្នុងប្រទេសពិសេសខេត្តទាំងឡាយដែលមានទីតាំងជាប់ព្រែកជីកនេះតែម្តង។

បច្ចុប្បន្ននេះកប៉ាល់ត្រូវធ្វើដំណើរតាមផ្លូវទឹកឆ្ងាយតាមដីសណ្ដទន្លេមេគង្គទៅកាន់ផែនៃប្រទេសវៀវណាមដែលបណ្តាលឱ្យពេលវេលានិងការចំណាយកើនឡើងខ្ពស់។ ព្រែកជីកហ្វូណនតេជោ ពេលបញ្ចប់រួចរាល់វានឹងកាត់បន្ថយការធ្វើដំណើរនេះពាក់កណ្តាលដែលធ្វើឱ្យវាក្លាយជាផ្លូវទឹកដែលមានលទ្ធភាពនិងទាក់ទាញសម្រាប់កប៉ាល់។

ចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងនៃគម្រោងព្រែកជីកហ្វូណនតេជោ គឺសក្តានុពលរបស់ខ្លួនក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាតំបន់។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើវិស័យកសិកម្មហើយការសាងសង់ព្រែកជីកនឹងបើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងដឹកជញ្ជូន។ វាក៏នឹងទាក់ទាញអ្នកវិនិយោគបរទេសនិងបង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុកផងដែរ។ 

រាជរដ្ឋាភិបាលបានប៉ាន់ប្រមាណថាគម្រោងនេះនឹងនាំឱ្យមានការកើនឡើងរហូតដល់ ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ តួលេខវិជ្ជមានទាំងនេះហើយគឺជាកត្តាជំរុញដ៏សំខាន់មួយនៅពីក្រោយការគាំទ្ររបស់គម្រោងនេះ។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹងភាពខ្លាំងនីមួយៗក៏មានចំណុចខ្សោយដែលចាំបាច់ត្រូវដោះស្រាយផងដែរ។ កង្វល់ចម្បងមួយគឺផលប៉ះពាល់បរិស្ថាននៃគម្រោង។ មានការព្រួយបារម្ភអំពីឥទ្ធិពលនៃទឹកប្រៃពីសមុទ្រមកលើប្រព័ន្ធអេកូឡូស៊ីទឹកសាបផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរដោយចាត់វិធានការចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះនិងធានានូវនិរន្តរភាពនៃគម្រោង។

គម្រោងនេះក៏បានបង្ហាញពីឱកាសសំខាន់ៗសម្រាប់ប្រទេសជិតខាង ជាពិសេសគឺវៀតណាម។ ព្រែកជីកនេះនឹងផ្តល់ផ្លូវទឹកផ្ទាល់និងលឿនជាងមុនសម្រាប់កប៉ាល់ទៅកាន់ទីក្រុងហូជីមិញរបស់វៀតណាមនិងកំពង់ផែផ្សេងទៀតនៅភាគខាងត្បូង។ វានឹងបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនទំនាក់ទំនងការទូត។ រដ្ឋាភិបាលវៀតណាមគួរមានចំណាប់អារម្មណ៍ចំពោះគម្រោងនេះហើយត្រូវតែសន្យាថានឹងគាំទ្រវាតាមមធ្យោបាយដែលអាចធ្វើទៅបាន។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងឱកាសកើតឡើង ហានិភ័យដែលកើតចេញពីគម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានអ្វីគួរអោយកត់សម្គាល់ទេ។ តែហានិភ័យចម្បងគឺការចំណាយខ្ពស់នៃគម្រោងដែលត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១.៧ ពាន់លានដុល្លារ។ ខណៈពេលដែលវាជាការវិនិយោគដ៏សំខាន់ អត្ថប្រយោជន៍នៃគម្រោងនេះត្រូវបានគេរំពឹងថានឹងមានគុណប្រយោជន៍ធំលើសជាងការចំណាយក្នុងរយៈពេលយូរ។ រដ្ឋាភិបាលត្រូវធានាថា ការសិក្សាត្រឹមត្រូវមួយត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យនៃការបាក់ដី និងទឹកជំនន់។

នៅពេលដែលគម្រោងនេះដំណើរការទៅមុខ អត្ថប្រយោជន៍នៃព្រែកជីកហ្វូណនតេជោឃើញកាន់តែច្បាស់។ កប៉ាល់ដែលពីមុនត្រូវធ្វើដំណើរឆ្ងាយជុំវិញដីសណ្ដទន្លេមេគង្គ ឥឡូវនេះមានផ្លូវផ្ទាល់ដែលនាំឱ្យកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន។ នេះបានជះឥទ្ធិពលជាវិជ្ជមានទៅលើថ្លៃដឹកជញ្ជូន ហើយឈ្មួញមកពីជុំវិញពិភពលោកនឹងចាប់ផ្តើមប្រើប្រាស់ព្រែកជីកនេះដោយធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ប៉ុន្តែវាមិនមែនគ្រាន់តែជាសកម្មភាពសេដ្ឋកិច្ចដែលមើលឃើញការជំរុញនោះទេ។ ការសាងសង់ព្រែកជីកនេះក៏មានផលវិជ្ជមានដល់តំបន់ជុំវិញដែរ។ ពលរដ្ឋក្នុងសហគមន៍ដែលពីមុនមានលទ្ធភាពប្រើប្រាស់ទំនិញនិងសេវាកម្មមានកម្រិត តែក្រោយពីព្រែកជីកកសាងរួចរាល់នឹងមានការតភ្ជាប់កាន់តែប្រសើរដែលនាំទៅដល់ការកែលម្អកម្រិតជីវភាពរបស់ពួកគេជាមិនខាន៕

ក្រោយពីបានឯករាជ្យភ្លាម  សហរដ្ឋអាមេរិកបាន ប្រកាន់យកប្រព័ន្ធដឹកនាំបែបប្រធានាធិបតីនិយមដោយឱ្យពលរដ្ឋអាមរិកជ្រើសរើសប្រធានាធិបតីដោយផ្ទាល់តាមរយៈការបោះឆ្នោតប្រព័ន្ធឯកត្តនាមរៀងរាល់ ៤ ឆ្នាំម្តង ហើយប្រធានាធិបតីមួយរូបមិនអាចកាន់តំណែងលើសពី២អណ្ណត្តិបានឡើយ។

ចាប់តាំងពីការបង្កើតប្រទេសរបស់ខ្លួនមក សហរដ្ឋអាមេរិកបានឆ្លងកាត់ការវិវត្តន៍នយោបាយជាច្រើនដំណាក់កាល និងបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងការគំរាមកំហែងដល់មេដឹកនាំរបស់ខ្លួន។ ខាងក្រោមគឺជាកាលប្រវត្តិនៃការធ្វើឃាតប្រធានាធិបតី និងបេក្ខជនប្រធានាធិបតីនៃប្រទេសមហាអំណាចលើលោកមួយនេះក្នុងរយៈកាលជាង៣០០ឆ្នាំ ដែល ឆ្លុះបញ្ចាំងពីភាពចលាចល និងគ្រោះថ្នាក់ជាញឹកញាប់ដែលកើតមានឡើងលើជីវិតនយោបាយនៃមេដឹកនាំ កំពូលនៅអាមេរិក។ 

សតវត្សរ៍​ទី ១៩

១៨៣៥: Andrew Jackson (ប្រធានាធិបតី) – លោកប្រធានាធិបតី Andrew Jackson ត្រូវបានធ្វើឃាតដោយជាងលាបថ្នាំផ្ទះដែលមានជំងឺផ្លូវចិត្តឈ្មោះ Richard Lawrence ដោយកាំភ្លើងខ្លីពីរដើមដែលបាញ់ប្រហារមកលើរូបលោកនៅថ្ងៃទី ៣០ ខែមករាឆ្នាំ ១៨៣៥ ។ សំណាងល្អលោក  Jacksonមិនមានរងរបួសហើយបានប្រើដំបងក្នុងដៃរបស់លោកបង្រ្កាបទៅលើ ឃាតករ។ តុលាការបានរកឃើញថាលោកRichard Lawrence មិនមានទោសដោយសារលោក មានជំងឺផ្លូវចិត្ត និងត្រូវបានដាក់ក្រោមការព្យាបាលក្នុងមន្ទីរពេទ្យនៅក្រុងវ៉ាស៊ីនតុនអស់មួយជីវិត។

១៨៦៥: Abraham Lincoln (ប្រធានាធិបតី) – លោកត្រូវបានធ្វើឃាតដោយ John Wilkes Booth ដែលជាតារាសម្តែងដ៏ល្បីល្បាញនិងជាអ្នកគាំទ្រក្រុមបំបែករដ្ឋ នៅក្នុងរោងមហោស្រព Ford ក្នុងក្រុង Washington, D.C. នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ១៨៦៥ ។ លោក Lincoln បានទទួលមរណភាពនៅថ្ងៃបន្ទាប់គឺថ្ងៃទី ១៥ ខែមេសាឆ្នាំ ១៨៦៥ ។ លោក Booth ត្រូវបានសម្លាប់ដោយ ទាហានសហភាព ១២ ថ្ងៃក្រោយមក ហើយអ្នកឃុបឃិតជាច្រើននាក់ទៀតដែលផ្សំគំនិតរៀបគំរោងត្រូវបានកាត់ទោសដោយព្យួរក។  

១៨៨១: James A. Garfield (ប្រធានាធិបតី) – លោកត្រូវបានបាញ់ដោយ Charles J. Guiteau នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ១៨៨១។ លោក Garfield បានទទួលមរណៈភាពដោយឆ្លងមេរោគតាមរបួសនៅ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៨៨១។ លោក Guiteau ត្រូវបានតុលាការកាត់ទោសពីបទមនុស្សឃាត និងព្យួរកនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៨៨២។

១៩០១: William McKinley (ប្រធានាធិបតី) – លោកត្រូវបានបាញ់ដោយ Leon Czolgosz ដែលជាជនអនាធិបតេយ្យនៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ១៩០១ ។ លោក McKinley បានស្លាប់នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ១៩០១ ដោយសារតែជំងឺ gangrene ដែលបាត់បង់ឈាមពីរបួសរបស់គាត់។ ចំណែកឯ Czolgosz ត្រូវបានកាត់ទោសពីបទមនុស្សឃាត និងប្រហារជីវិតដោយកៅអីអគ្គិសនីនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ១៩០១។

សតវត្សទី ២០

១៩១២: Theodore Roosevelt (អតីតប្រធានាធិបតី និងបេក្ខជនប្រធានាធិបតី) – បាញ់ដោយ ឈ្មោះ John Flammang Schrank ជាម្ចាស់ទាមស្រាដែលមានបញ្ហាផ្លូវចិត្ត នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩១២។ Roosevelt បានរួចផុតពីសេចក្តីស្លាប់ដោយសារតែក្រដាស់សន្ទរកថានិងស្រោមវែនតាក្នុងហោប៉ៅរបស់លោក។ លោក Schrank ត្រូវ​បាន​គេ​ប្រកាស​ថា​ជា​មនុស្ស​វិកលចរិកនិង​បាន​បង្ខាំងក្នុងមន្ទីរពេទ្យ។

១៩៣៣: Franklin D. Roosevelt (ប្រធានាធិបតីជាប់ឆ្នោត) – លោក Giuseppe Zangara ជាជនអន្តោប្រវេសន៍អ៊ីតាលីបានបាញ់លោកប្រធានាធិបតី Roosevelt ក្នុងទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៩៣៣។ Roosevelt មិនមានរបួសទេ ប៉ុន្តែអភិបាលក្រុង Chicago លោក Anton Cermak បានស្លាប់ដោយរបួសធ្ងន់ធ្ងរ។ ឃាតករ Zangara ត្រូវបានប្រហារជីវិតដោយកៅអីអគ្គិសនីនៅថ្ងៃទី ២០ ខែមីនាឆ្នាំ ១៩៣៣ ។

១៩៦៦: John F. Kennedy (ប្រធានាធិបតី) – លោកត្រូវបានធ្វើឃាតដោយ ជនល្មើសឈ្មោះ Lee Harvey Oswald ដែលជាអតីតទាហានម៉ារីន និងជាអ្នកគាំំទ្រលិទ្ធិកុម្មុយនិស្តនៅទីក្រុង Dallas រដ្ឋ Texas នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣។ ជនដៃដល់ Oswald ត្រូវបានសម្លាប់ដោយម្ចាស់ក្លឹបរាត្រី ឈ្មោះ Jack Ruby ពីរថ្ងៃក្រោយមក នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៦៣។

១៩៦៨: Robert F. Kennedy (បេក្ខជនប្រធានាធិបតី) – ត្រូវបានបាញ់សម្លាប់ដោយ ជនល្មើស ឈ្មោះ Sirhan Sirhan ជាជនជាតិប៉ាឡេស្ទីនដែលមាននិន្នាការប្រឆាំងនឹងក្រុម Zionist នៅទីក្រុង Los Angeles រដ្ឋ California នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៦៨ ។ Kennedy បានទទួលមរណភាពនៅថ្ងៃបន្ទាប់ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៦៨ ។ ជនល្មើស Sirhan ត្រូវបានកាត់ទោស ពីបទមនុស្សឃាត និងកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

សតវត្សទី ២១

១៩៧២: George Wallace (បេក្ខជនប្រធានាធិបតី) – ដោយសារតែចង់បានភាពល្បីល្បាញ  Arthur Bremer បានបាញ់ប្រហារបេក្ខជនប្រធានាធិបតី George Wallace ខណះដែលលោកកំពុង ធ្វើយុទ្ធនាការរកសំេលងឆ្នោតនៅទីក្រុង Laurel រដ្ឋ Maryland នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៧២។ Wallace បានរួចផុតពីសេចក្តីស្លាប់ប៉ុន្តែបានក្លាយជាមនុស្សពិការមួយកំណាត់ខ្លួនអស់មួយជីវិត។ ជនល្មើសឈ្មោះ Bremer ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦៣ ឆ្នាំហើយបានដោះលែងឱ្យនៅក្រៅឃុំក្នុងឆ្នាំ ២០០៧ ។

១៩៨១: Ronald Reagan (ប្រធានាធិបតី) – ជនល្មើស John Hinckley Jr. ដែលឈ្លក់វង្វេងនឹងតារាសម្តែង Jodie Foster នៅរដ្ឋធានី Washington, D.C. បានបាញ់ប្រហារមកលើលោកប្រធានាធិបតី Ronald Reagan នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៨១។ លោក Reagan បានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានជាសះស្បើយឡើងវិញ។ ជនដៃដល់ Hinckley ត្រូវបានគេរកឃើញថាមិនមានទោស ដោយសារតែគាត់ឆ្កួតលីលា និងបានបញ្ជូនទៅ មន្ទីរពេទ្យផ្លូវចិត្តរហូតដល់គាត់ត្រូវបានដោះលែងនៅឆ្នាំ ២០១៦ ។

១៩៩៣៖ លោក George H.W. Bush (អតីតប្រធានាធិបតី) – ចារកម្មអ៊ីរ៉ាក់ក្រោមការដឹកនាំរបស់សាដាម ហ៊ូសេន​ បានរៀបគំរោងធ្វើឃាតលោកដោយ ដាក់គ្រាប់បែកបំផ្ទុះក្នុងរថយន្តនៅប្រទេសគុយវ៉ែត ប៉ុន្តែផែនការនេះត្រូវបានបែកការនិងលុបចោលវិញ នៅថ្ងៃទី ១៣​ ខែមេសា ឆ្នាំ ១៩៩៣។

១៩៩៤: Bill Clinton (ប្រធានាធិបតី) – លោកត្រូវបានគេប៉ុនប៉ងធ្វើឃាតជាច្រើនលើក ច្រើនសារ រួមទាំងការបាញ់២៩គ្រាប់នៅសេតវិមាននៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ១៩៩៤ ដោយលោក​ Francisco Martin Duran។ លោក ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី Bill Clinton​ ហើយកាត់ទោសឱ្យជាប់ពន្ធនាគារ៤០ឆ្នាំ។ នៅថ្ងៃ ១២ ខែ កញ្ញា ឆ្នាំ១៩៩៤ គំរោងដាក់បំផ្ទុះគ្រាប់បែក ដើម្បីសម្លាប់ប្រធានាធិបតី នៅទីក្រុងម៉ានីល ដែលបានរៀបចំដោយក្រុមជ្រុលនិយម នៅទីក្រុងម៉ានីលបានលប់ចោលដោយសារការបែកធ្លាយ។

២០០១: George W. Bush (ប្រធានាធិបតី) – នៅឆ្នាំ ២០០៥ គ្រាប់បែកដៃមួយគ្រាប់បានគប់ឆ្ពោះទៅ លោកប្រធានាធិបតី George W. Bush ខណៈដែលលោកកំពុងតែឈថ្លែងសន្ទរកថា នៅទីក្រុង Tbilisi នៃ សាធារណរដ្ឋ Georgia បានដែលប្រព្រឹត្តិឡើងដោយលោក Vladimir Arutyunian។ លោក Vladimir Arutyunian  ត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតក្នុង​ពន្ធនាគារ។

២០១១: Barack Obama (ប្រធានាធិបតី) – លោក Oscar Ramiro Ortega-Hernandez បានបាញ់ប្រហារនៅសេតវិមាន ដោយជឿថាលោក ប្រធានាធិបតី Obama គឺជាអ្នកប្រឆាំងនឹងសាសនាគ្រីស្ទ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១១។ លោកប្រធានាធិបតី Obama មិនស្ថិតនៅក្នុងសេតវិមានទេនៅពេលនោះទេ ដោយឡែក លោក Ortega-Hernandez ត្រូវបានកាត់ទោសឱ្យជាប់គុក ២៧ ឆ្នាំ។

២០២៤៖ លោក Donald Trump (អតីតប្រធានាធិបតី និងបេក្ខជនប្រធានាធិបតី) – នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលនៃការជួបជុំរកសម្លេងឆ្នោតមួយនៅជិតក្រុង Butler រដ្ឋ Pennsylvania របស់លោក Trump មានជន​ដៃដល់​ឈ្មោះ Thomas Matthew Crooks អាយុ​២០​ឆ្នាំ ជា​អ្នក​ស្រុករស់នៅទីនោះ​បាន​បើក​ការ​បាញ់​ប្រហារ​មកលើរូបលោក បណ្តាល​ឱ្យ​លោក Trump រង​របួស​ត្រង់​ត្រចៀក​ស្តាំ។ ខ្នាន់កាំំភ្លើងភ្នាក់ងារ​សម្ងាត់​បាន​បាញ់សម្លាប់​ជនដៃដល់ Thomas Matthew Crooks ភ្លាម​​នៅ​កន្លែង​កើត​ហេតុ។ អ្នក​ចូលរួម​ជួបជុំ​ម្នាក់​​បានស្លាប់​ ហើយ​ពីរ​នាក់​ផ្សេង​ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍បាញ់ប្រហារនេះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព