ក្រសួងហិរញ្ញវត្ថុជប៉ុន បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរអ្នកដឹកនាំដ៏សំខាន់មួយរូបដោយជំនួសលោក Masato Kanda ជាមួយនឹងលោក Atsushi Mimura ជាអ្នកការទូតរូបិយប័ណ្ណកំពូលថ្មីរបស់ប្រទេស។ ការសម្រេចចិត្តនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏អាក្រក់នៃការបន្តធ្លាក់ចុះប្រាក់យ៉េនជប៉ុនដែលបានធ្លាក់ ដល់កំរិតទាបបំផុតក្នុងរយៈកាលជាង៣៨ ឆ្នាំធៀបនឹងប្រាក់ដុល្លារអាមេរិក។គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ អត្រាប្តូរប្រាក់គឺប្រមាណ ១៦០.៨៨ យ៉េន ក្នុងមួយដុល្លារអាមេរិក ដែលជាការធ្លាក់ចុះទាបបំផុតក្នុងប្រវត្តិសាស្ត្រហិរញ្ញវត្ថុជប៉ុនក្នុងរយៈកាល៣៨ឆ្នាំ។
ខាងក្រោមនេះជាគោលនយោបាយសំខាន់ៗ៖
- គោលនយោបាយរូបិយវត្ថុខុសគ្នា៖ ការធ្លាក់ចុះនៃប្រាក់យ៉េនត្រូវបានជំរុញដោយភាពផ្ទុយគ្នារវាងគោលនយោបាយរូបិយវត្ថុដ៏ធូររលុងបំផុតរបស់ប្រទេសជប៉ុន និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រាក់យ៉េនមិនសូវទាក់ទាញដល់អ្នកវិនិយោគ។
- ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច៖ ប្រាក់យ៉េនដែលធ្លាក់ចុះនាំឱ្យមានសម្ពាធអតិផរណា ប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃការនាំចេញ និងប៉ះពាល់ដល់សក្ដានុពលនៃការវិនិយោគបរទេសនៅក្នុងប្រទេសជប៉ុន។
- ការផ្លាស់ប្តូរមន្ត្រីការទូតរូបិយប័ណ្ណកំពូល៖ យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថា ប្រទេសជប៉ុនបានតែងតាំងលោក Atsushi Mimura ជាអ្នកការទូតរូបិយប័ណ្ណកំពូលថ្មីរបស់ខ្លួនជំនួសលោក Masato Kanda ។ Mimura បច្ចុប្បន្នមានតួនាទីជាអគ្គនាយកនៃការិយាល័យអន្តរជាតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន។ លោក Mimura នឹងមានតួនាទីគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុន ត្រួតពិនិត្យនិងផ្តល់កិច្ចអន្តរាគមន៍ទីផ្សារប្តូរប្រាក់ ធ្វើជាតំណាងប្រទេសជប៉ុនក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ សម្របសម្រួលជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗលើគោលនយោបាយរូបិយវត្ថុ វិភាគនិន្នាការសេដ្ឋកិច្ចពិភពលោក និងការគ្រប់គ្រងឆ្លើយតបចំពោះវិបត្តិហិរញ្ញវត្ថុ។
ការធ្លាក់ថ្លៃប្រាក់យ៉េនមានផលប៉ះពាល់យ៉ាងសំខាន់មួយចំនួនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនរួមមាន៖
- ការកើនឡើងថ្លៃដើមនៃការនាំចូល៖ ប្រាក់យ៉េនខ្សោយបានធ្វើឱ្យទំនិញនាំចូលមានតម្លៃថ្លៃ ដែលរួមចំណែកធ្វើឱ្យអតិផរណាខ្ពស់នៅក្នុងប្រទេសជប៉ុន។
- ផលប៉ះពាល់អ្នកប្រើប្រាស់៖ ការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មបានវាយបំផ្លាញអំណាចទិញហើយបង្ករផល ប៉ះពាល់ដល់ថវិកាគ្រួសារ។
- ភាពប្រកួតប្រជែងនៃការនាំចេញ៖ ថ្វីត្បិតតែប្រាក់យ៉េនទន់ខ្សោយបានជួយឱ្យជប៉ុនមានកំណើនលើការនាំ ចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែបានបង្ករឱ្យមានភាពតានតឹងសេដ្ឋកិច្ចយ៉ាងខ្លាំង។
តួនាទីរបស់ Atsushi Mimura គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្តារស្ថានភាពនិងពង្រឹងប្រាក់យ៉េន ។ វិធីសាស្រ្តរបស់លោកត្រូវបានគេរំពឹងថានឹងមានការកែប្រែគោលនយោបាយរូបិយវត្ថុ ហើយនិងការធ្វើអន្តរាគមន៍ទីផ្សារដើម្បីធ្វើឱ្យរូបិយប័ណ្ណនេះមានស្ថេរភាព។ សហគមន៍ហិរញ្ញវត្ថុនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់លោក Mimura ដើម្បីនឹងវាយតម្លៃពីប្រសិទ្ធភាពនៃគោលនយោបាយស្តាររូបិយយប័ណ្ណយ៉េន។
ការផ្លាស់ប្តូរ អ្នកដឹកនាំក្នុងពេលវេលាដ៏ស្មុគស្មាញនេះបានឆ្លុះបញ្ចាំងពីការឆ្លើយតបជាបន្ទាន់របស់ប្រទេសជប៉ុនចំពោះវិបត្តិរូបិយប័ណ្ណរបស់ខ្លួន ដែលជាកត្តាចំបាច់ក្នុងការធ្វើឱ្យមាន ស្ថិរភាពប្រាក់យ៉េន បង្កើតទំនុកចិត្តនិងស្តារសេដ្ឋកិច្ច។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះគឺជាពេលវេលាដ៏សំខាន់បំផុតរបស់ លោក Mimura ក្នុងការធ្វើឱ្យគេឃើញថា តើគោលនយោបាយនិងយុទ្ធសាស្ត្ររបស់លោកនឹងទទួលបានជោគជ័យដែរឬទេ៕
ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួននេះបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសចិននៅក្នុងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ទោះបីជាប្រទេសនេះទទួលបានកំណើនយឺតនិងទំនាក់ទំនងអន្តរជាតិស្ថិតក្នុងស្ថានភាពស្មុគស្មាញក៏ដោយ។
សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចទីពីរក្នុងពិភពលោក បានជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះដូចជាកំណើនយឺត ការកើនឡើងកម្រិតបំណុល និងទីផ្សារអចលនទ្រព្យនៅទ្រឹង បូករួមទាំងផលវិបាកដែលកើតឡើងពីជំងឺរាតត្បាត COVID-19 និងភាពប្រែប្រួលនៃតម្លៃទំនិញ បានធ្វើឱ្យសេដ្ឋកិច្ចមានភាពស្មុគស្មាញ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីៗនេះបានកែប្រែការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ប្រទេសចិនដែលជាសញ្ញាបង្ហាញពីការព្រួយបារម្ភអំពីស្ថិរភាពសេដ្ឋកិច្ចរបស់ចិន។
លោក Kristalina Georgieva នាយកគ្រប់គ្រង IMF បានកត់សម្គាល់ នៅក្នុងរបាយការណ៍ពីខែមេសា ឆ្នាំ ២០២៣ ថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ដោយសារតែកត្តារចនាសម្ព័ន្ធ និងកត្តាវដ្ត” ។ ប៉ុន្តែទោះ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះក៏ដោយក៏ទីផ្សារប្រទេស នៅតែមានភាពទាក់ទាញចំពោះពាណិជ្ជករនៅអាស៊ី ក៏ព្រោះតែប្រទេសចិនមានមូលដ្ឋានអ្នកប្រើប្រាស់ធំហើយរឹងមាំ។
ភាពតានតឹងពាណិជ្ជកម្ម ជាពិសេសជាមួយសហរដ្ឋអាមេរិកនិងសង្គ្រាមពន្ធដារដែលបានកើតឡើងក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ប្រធានាធិបតី Donald Trump នាំឱ្យមានការកើនឡើងនូវការចំណាយនិងភាពមិនច្បាស់លាស់សម្រាប់អាជីវកម្មដែលវិនិយោគនៅក្នុងប្រទេសចិន។ លោក Kenichiro Yoshida នាយកប្រតិបត្តិ ក្រុមហ៊ុន Sony បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយកាលពីខែធ្នូ ឆ្នាំ 2023 ថា “សង្រ្គាមពាណិជ្ជកម្មបានបង្កើតភាពមិនច្បាស់លាស់មួយសម្រាប់ប្រតិបត្តិការរបស់យើងប៉ុន្តែយើងនៅតែប្តេជ្ញាចិត្តចំពោះការវិនិយោគជាយុទ្ធសាស្រ្តរបស់យើងនៅក្នុងប្រទេសចិន”។
ពិតណាស់ថា ការដាក់តម្លៃពន្ធលើទំនិញរាប់ពាន់លានដុល្លារពីសំណាក់អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ ប៉ុន្តែក្រុមហ៊ុនអាស៊ីដែលកំពុងមានវត្តមាននៅប្រទេសនេះ បានស្វះស្វែងរកមធ្យោបាយយុទ្ធសាស្រ្តផ្សេងៗដើម្បីឱ្យគេបន្តឈជើងនៅក្នុងប្រទេសចិនបាន។
មានកត្តាជាច្រើនពន្យល់ពីមូលហេតុដែលបណ្តាលឱ្យក្រុមហ៊ុនអាស៊ីនៅតែប្តេជ្ញាចិត្តឈជើងនៅប្រទេសចិន ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ។ ទីមួយនិងសំខាន់បំផុតគឺសក្តានុពលទីផ្សារ។ ចំនួនប្រជាជនដ៏ច្រើនមហិមារបស់ប្រទេសចិននិងការកើនឡើងនៃវណ្ណៈកណ្តាល បង្ហាញពីឱកាសដែលមិន អាចប្រៀបផ្ទឹមបានសម្រាប់អាជីវកម្មនៅគ្រប់វិស័យ។
លើសពីនេះហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងយុទ្ធសាស្ត្រដែលអភិវឌ្ឍយ៉ាងល្អរបស់ប្រទេសចិនធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ម្យ៉ាងគោលនយោបាយរបស់រដ្ឋាភិបាលចិន មានដូចជាការលើកទឹកចិត្តពន្ធនិងការឧបត្ថម្ភធន បានទាក់ទាញក្រុមហ៊ុនបន្ថែមទៀតឱ្យរក្សាវត្តមានរបស់ពួកគេនៅក្នុងប្រទេស។ ក្នុងនោះដែរក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន ដូចជា Sony និង Panasonic បន្តវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសចិនដោយលើកឡើងពីសារៈសំខាន់នៃទីផ្សារសម្រាប់យុទ្ធសាស្ត្រសកលរបស់ពួកគេ។
លោក កាហ្សុអូ ហីរ៉ាអុី អតីតនាយកប្រតិបត្តិក្រុមហ៊ុន សូនី បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែតុលា ឆ្នាំ ២០២៣ ថា “ទីផ្សាររបស់ប្រទេសចិនមានសារៈសំខាន់សម្រាប់ការរីកចម្រើនរបស់យើងហើយយើងមើលឃើញថាវាជាដៃគូរយៈពេលវែង” ។
ក្រុមហ៊ុនសុាំស៊ុងរបស់កូរ៉េខាងត្បូង និងហ្វក់ខន របស់តៃវ៉ាន់ ក៏មានប្រតិបត្តិការសំខាន់ៗនៅក្នុងប្រទេសចិនដែរ ដោយប្រើប្រាស់កម្លាំងពលកម្មជំនាញរបស់ប្រទេសចិនដែលមានសមត្ថភាពផលិត។ ក្រុមហ៊ុនសុាំស៊ុង បានវិនិយោគលើរោងចក្រផលិតឧបករណ៍អេឡិចត្រូនិកនិងបន្ទះអេក្រង់នៅក្នុងប្រទេសចិន ដើម្បីប្រើប្រាស់ខ្សែសង្វាក់ផលិតកម្មផ្គត់ផ្គង់ឱ្យទីផ្សារពិភពលោក។
លោក គឹម គីណាម អនុប្រធានក្រុមហ៊ុនសុាំស៊ុងអេឡិចត្រូនិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាកពីខែកុម្ភៈ ឆ្នាំ ២០២៣ ថា “ប្រទេសចិននៅតែជាទីតាំងយុទ្ធសាស្រ្តសម្រាប់ផលិតកម្មនិងសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍរបស់យើងដដែល”។
វិស័យផលិតកម្មដែលគ្របដណ្តប់លើឧស្សាហកម្មចាប់ពីរថយន្តរហូតដល់វាយនភណ្ឌ នៅតែមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសចិន។ ក្រុមហ៊ុន Li & Fung របស់ហុងកុងដែលជាអ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់បន្តបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនក្នុងប្រទេសចិនដើម្បីផ្គត់ផ្គង់ឱ្យអ្នកលក់រាយទូទាំងពិភពលោក។ លោក Spencer Fung នាយកប្រតិបត្តិក្រុមហ៊ុន Li & Fung បាននិយាយនៅក្នុងសន្និសិទមួយពីខែមីនា ឆ្នាំ ២០២៣ ថា “ប្រព័ន្ធអេកូឡូស៊ីផលិតកម្មរបស់ ប្រទេសចិនគឺមានប្រសិទ្ធិភាពខ្ពស់មិនអាចប្រៀបផ្ទឹមបាន ហើយយើងបន្តទទួលបាន អត្ថប្រយោជន៍ពីប្រសិទ្ធភាពរបស់វា” ។
វិស័យសេវាកម្មហិរញ្ញវត្ថុក៏ឃើញមានការវិនិយោគយ៉ាងច្រើនផងដែរ ដោយក្រុមហ៊ុនដូចជាធនាគារ DBS របស់សិង្ហបុរី បានពង្រីកទីតាំងរបស់ពួកគេនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន។ លោក Piyush Gupta នាយកប្រតិបត្តិនៃធនាគារ DBS Bank បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែមករា ឆ្នាំ ២០២៤ ថា “ប្រទេសចិនគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តសកលរបស់យើង ហើយយើងប្តេជ្ញាពង្រីក សេវាកម្មរបស់យើងនៅទីនេះ” ។
ធនាគារ HSBC របស់ហុងកុងក៏បានអះអាងសារជាថ្មីអំពីការតាំងចិត្តរបស់ខ្លួននៅទីផ្សារប្រទេសចិនជាមួយនឹងការវិនិយោគសំខាន់ៗនៅទាំងការគ្រប់គ្រងទ្រព្យសម្បត្តិ និងវិស័យធានារ៉ាប់រងនៅក្នុងប្រទេសចិន។ លោក Noel Quinn នាយកប្រតិបត្តិនៃ HSBC បានកត់សម្គាល់ថា “យើងឃើញឱកាសរីកចម្រើនយ៉ាងសម្បើមនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន”។ ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងភាពមិនប្រាកដប្រជាក្នុងសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក ក្រុមហ៊ុនដែលកំពុងរកស៊ីក្នុងប្រទេសចិនកំពុងអនុវត្តនូវយុទ្ធសាស្រ្តផ្សេងៗរៀងៗខ្លួន។
ក្រុមហ៊ុនក៏កំពុងបង្កើនការយកចិត្តទុកដាក់របស់ពួកគេលើការច្នៃប្រឌិតនិងនវានុវត្តលើប្រព័ន្ធឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយការចំណាយ។ ក្រុមហ៊ុន Hyundai របសកូរ៉េខាងត្បូងបានបង្កើនការវិនិយោគរបស់ខ្លួនលើការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ស្របតាមតម្រូវការទីផ្សារនិងនិន្នាការបទប្បញ្ញត្តិ។ លោក Euisun Chung ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hyundai Motor Group បានកត់សម្គាល់នៅក្នុងសុន្ទរកថាពីខែធ្នូ ឆ្នាំ ២០២៣ ថា “ការច្នៃប្រឌិតនិងការសម្របខ្លួនគឺជាគន្លឹះក្នុងការទប់ទល់នឹងទិដ្ឋភាពសេដ្ឋកិច្ចដ៏ស្មុគស្មាញនៅក្នុងប្រទេសចិន” ។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាស៊ីចំពោះប្រទេសចិនត្រូវបានគេរំពឹងថានឹងបន្ត ហើយការផ្លាស់ប្តូរសក្តានុពលនៅក្នុងគោលនយោបាយពាណិជ្ជកម្មក្រោមការគ្រប់គ្រងរបស់លោក Biden អាចនឹងបន្ធូរបន្ថយភាពតានតឹងបច្ចុប្បន្នមួយចំនួនខណៈដែលកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនអាចដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលកំពុងមាន។ ការព្យាករណ៍ រយៈពេលវែងនៅតែមានសុទិដ្ឋិនិយម ដោយប្រទេសចិនបានព្យាករណ៍ថានឹងបន្តដើរតួនាទីកណ្តាលនៅក្នុងសេដ្ឋកិច្ចពិភពលោក។ លោក Terry Gou ស្ថាបនិកក្រុមហ៊ុន Foxconn បាននិយាយនៅក្នុងបទសម្ភាសន៍មួយពីខែមីនា ឆ្នាំ ២០២៣ ថា “យើងជឿជាក់លើសក្តានុពលរបស់ប្រទេសចិន ហើយត្រៀមខ្លួនក្នុងការវិនិយោគសម្រាប់រយៈពេលវែង” ៕
មិនតែប៉ុណ្ណោះ ថែមទាំងបានកំណត់ឡើងវិញនូវនិយមន័យ នៃប្រព័ន្ធមូលដ្ឋានគ្រឹះហិរញ្ញវត្ថុទៀតផង ព្រោះថារូបិយប័ណ្ណឌីជីថលនិងបច្ចេកវិទ្យាប្លុកឈេន នេះមិនត្រឹមតែបានពង្រឹងនិងពង្រីកខ្លួនក្នុងការប្រកួតប្រជែងលើគោលនយោបាយរូបិយវត្ថុតាមបែបប្រពៃណីប៉ុណ្ណោះទេ លើសពីនេះសេដ្ឋកិច្ចគ្រីបតូ កំពុងបង្កើតនូវរបៀបរបបថ្មីក្នុងការធ្វើពាណិជ្ជកម្ម អន្តរជាតិការវិនិយោគនិងបរិយាប័ន្នហិរញ្ញវត្ថុផងដែរ។
នេះជាការផ្លាស់ប្តូរមួយឆ្ពោះទៅរកទម្រង់បែបវិមជ្ឈការហិរញ្ញវត្ថុ ដែលជាការបង្កើនគុណភាពនៃការពង្រឹងតម្លាភាព សុវត្ថិភាពនិងប្រសិទ្ធភាពនៃសក្តានុពលសេដ្ឋកិច្ចគ្រីបតូដែលកំពុងជះឥទ្ធិពលលើថាមពលទីផ្សារនាពេលអនាគត។ រូបិយប័ណ្ណគ្រីបតូផ្តល់នូវភាពងាយស្រួលដល់មនុស្សដែលរស់នៅភូមិសាស្រ្តដាច់ស្រយាលដែលប្រព័ន្ធធនាគារបែបប្រពៃណីមិនអាចទៅដល់ ឱ្យទទួលបានសេវាហិរញ្ញវត្ថុដោយគ្រាន់តែតភ្ជាប់អ៊ីនធើណែតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតដោយសារតែបច្ចេកវិទ្យា ប្លុកឈេនវាបានធ្វើឱ្យការទូទាត់តាមរូបិយប័ណ្ណគ្រីបតូមានការចំណាយថ្លៃប្រតិបតិ្តការទាបបើប្រៀបធៀបទៅនឹងការ ចំណាយផ្ទេរប្រាក់តាមប្រព័ន្ធធនាគារបច្ចុប្បន្ន ដែលត្រូវចំណាយលើថ្លៃប្រតិបត្តិផ្ទេរថ្លៃនិងចំណាយពេលវេលាយូរក្នុងការធ្វើប្រតិបត្តិការម្តងៗ។ ឧទាហរណ៍ដូចជាដែលជាប្រព័ន្ធប្លុកឈេនហិរញ្ញវត្ថុវិមជ្ឈការបានសហការណ៍ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅទ្វីបអាហ្វ្រីក ធ្វើការផ្ញើរនិងទទួលរូបិយប័ណ្ណគ្រីបតូប្រភេទ Lumens (XLM) ដោយរលូនហើយថោក។ រូបិយប័ណ្ណគ្រីបតូបានធ្វើឱ្យអ្នកដែលនៅក្នុងតំបន់គ្មានសេវាកម្មហិរញ្ញវត្ថុបច្ចុប្បន្នទទួលបានសេវាហិរញ្ញវត្ថុលឿនគ្រប់ពេលវេលា គ្រប់ទីកន្លែងហើយចំណាយទាប។ រូបិយប័ណ្ណគ្រីបតូនិងបច្ចេកវិទ្យាប្លុកឈេនដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសហគមន៍ដែលមិនមានធនាគារ។
បច្ចេកវិទ្យានេះផ្តល់ឱ្យម្ចាស់គណនីនូវអំណាចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនដោយផ្ទាល់ក្នុងការទូទាត់ឬទទួលប្រាក់ តាមរយៈការទូទាត់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ផ្សេងទៀត ដោយមិនចាំបាច់ត្រូវប្រើអន្តរការីកណ្តាលឡើយគឺ កាបូបលុយរូបិយប័ណ្ណគ្រីបតូអេឡិចត្រូនិកចល័តធ្វើប្រតិបត្តិការផ្ទេរ និងទទួលមូលនិធិរវាងបុគ្គលដែលគ្មានគណនីធនាគារបែបប្រពៃណីប្រកបដោយសុវត្តិភាព។
ប្រព័ន្ធប្លុកឈេនធ្វើការយ៉ាងមានប្រសិទ្ធិភាពលើការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់តាមលក្ខណៈឌីជីថល ដូចជាប្រព័ន្ធ Civic និង Sovrin ផ្តល់ជូននូវប្រព័ន្ធផ្ទៀងផ្ទាត់វិមជ្ឈការដល់បុគ្គលដែលខ្វះឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការហើយថែម ទាំងធានាឯកជនភាពនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ។
ជាងនេះទៅទៀតលំហហិរញ្ញវត្ថុវិមជ្ឈការ (DeFi) ផ្តល់នូវសេវាកម្មហិរញ្ញវត្ថុជាច្រើន រួមទាំងការសន្សំ ប្រាក់កម្ចីនិងការវិនិយោគដែលពីមុនប្រជាជនមួយផ្នែកធំមិនបានទទួល។ វេទិកា DeFi ដូចជា Aave និង MakerDAO អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលរួមក្នុងសកម្មភាពហិរញ្ញវត្ថុផ្សេងៗដូចជាការផ្តល់ប្រាក់កម្ចី និងការខ្ចីដោយមិនចាំបាច់ត្រូវការត្រួតពិនិត្យក្រេឌីតដែលជាការបើកទូលាយមួយនិងជំរុញឱ្យមានបរិយាប័ន្នសេដ្ឋកិច្ច។
តួនាទីនៃរូបិយប័ណ្ណគ្រីបតូក្នុងបរិយាប័ន្នហិរញ្ញវត្ថុគឺមានលក្ខណៈចម្រុះដោយដោះស្រាយទាំងភាពងាយស្រួលនៃសេវាកម្មហិរញ្ញវត្ថុនិងការផ្ដល់សិទ្ធិអំណាចដល់បុគ្គលតាមរយៈដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត។ ភាពជឿនលឿនទាំងនេះគឺជាចំណុចសំខាន់ក្នុងការកែប្រែទិដ្ឋភាពហិរញ្ញវត្ថុឱ្យមានលក្ខណៈចូលរួមនិងសមធម៌។ ការបញ្ចុះថ្លៃដើមចំណាយប្រតិបត្តិការរូបិយប័ណ្ណឌីជីថលបានផ្លាស់ប្តូរប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិយ៉ាងខ្លាំងដោយកាត់បន្ថយថ្លៃដើមចំណាយប្រតិបត្តិការយ៉ាងច្រើន។
វិធីសាស្ត្រផ្ទេរប្រាក់តាមបែបប្រពៃណី ជារឿយៗពាក់ព័ន្ធនឹងអន្តរការីជាច្រើនដែលទាំងអស់នោះជាការបង្កើនថ្លៃចំណាយប្រតិបត្តិការក្នុងផ្ទេរប្រាក់ឆ្លងប្រទេស ។ ផ្ទុយមកវិញបច្ចេកវិទ្យាប្លុកឈេនអនុញ្ញាតឱ្យមានប្រតិបត្តិការផ្ទេរប្រាក់តាមរយៈបច្ចេកវិទ្យាពីបុគ្គលម្នាក់ទៅបុគ្គលផ្ទាល់ម្នាក់ទៀតដោយមិនប្រើអន្តរការី។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យថ្លៃដើមប្រតិបត្តិការចំណាយត្រឹមតែ ០.០១% ទៅ ០.១០%ប៉ុណ្ណោះ នៃចំនួនទឹកប្រាក់ដែលបានផ្ទេរ មានន័យថា ថោកជាង ១២៧ដងបើប្រៀបធៀបជាមួយវិធីសាស្រ្តធម្មតាបច្ចុប្បន្នដែលផ្ទេរតាមរយៈប្រព័ន្ធធនាគារ។ ដូចជានៅប្រទេសកេនយ៉ាដែលការផ្ទេរប្រាក់គឺជាផ្នែកសំខាន់នៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលត្រូវចំណាយជាថ្លៃប្រតិបត្តិការជាមធ្យម៨.៧% ពេលប្រើប្រាស់បច្ចេកវិទ្យាប្លុកឈេនបានធ្វើ ឱ្យប្រទេសសន្សំបានជាង ២០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលកាត់បន្ថយថ្លៃចំណាយនេះមានសារៈសំខាន់ក្នុងការជួយដល់កំណើន GDPប្រទេសជាតិ។ ល្បឿននៃប្រតិបត្តិការគឺជាអត្ថប្រយោជន៍ដ៏ល្អបំផុតក្នុងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូក្នុងការផ្ទេរប្រាក់ជាលក្ខណៈអន្តរជាតិ។
ការទូទាត់ឆ្លងប្រទេសតាមបែបប្រពៃណីមានភាពយឺតយ៉ាវ ដែលជារឿយៗត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីដំណើរការព្រោះត្រូវឆ្លងការស្ថាប័នអន្តរការីផ្សេងៗជាច្រើនដែលត្រូវអនុវត្តតាមបទបញ្ជានៃធនាគារជាតិតាមបណ្តាប្រទេសផ្សេងៗ។ រូបិយប័ណ្ណគ្រីបតូដែលមានបច្ចេកវិទ្យាប្លុកឈេនអាចអនុវត្តប្រតិបត្តិការដែលមានថ្លៃដើមទាបហើយរហ័សទៀតផង ដោយត្រូវការពេលតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងប្រតិបត្តិការនីមួយៗ ទោះបីជាស្ថិតនៅភូមិសាស្រ្តឆ្ងាយយ៉ាងណាក៏ដោយ។ ក្នុងបរិបទអាជីវកម្មបច្ចុប្បន្នល្បឿនមានប្រយោជន៍យ៉ាងខ្លាំងក្នុងករណីបន្ទាន់ណាមួយ ឬស្ថានភាពដែលត្រូវការទឹកប្រាក់ភ្លាមៗ។ ការកាត់បន្ថយថ្លៃសេវាប្តូររូបិយប័ណ្ណក៏ជាអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់បំផុតមួយទៀតដែរនៃ រូបិយប័ណ្ណគ្រីបតូក្នុងពាណិជ្ជកម្មសកល។ ស្ថាប័នហិរញ្ញវត្ថុបែបប្រពៃណីតែងតែដាក់ថ្លៃខ្ពស់សម្រាប់អត្រាប្តូរប្រាក់ ប៉ុន្តែ រូបិយប័ណ្ណគ្រីបតូបានផ្លោះរំលងការចំណាយទាំងនេះ ដែលជាផ្នែកមួយទៀតក្នុងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើពាណិជ្ជកម្មឆ្លងប្រទេស។ ប្រសិទ្ធភាពនៃការកាត់បន្ថយចំណាយវាមានសារៈសំខាន់សម្រាប់អាជីវកម្មក្នុង ការប្រកួតប្រជែងលើ ទីផ្សារអន្តរជាតិ។ លើសពីនេះទៀតរូបិយប័ណ្ណគ្រីបតូផ្តល់នូវការការពារប្រឆាំងនឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណ ព្រោះថាការប្រែប្រួលតម្លៃអត្រាប្តូរប្រាក់ធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយប្រតិបត្តិការ។
ដោយសារតែការវិវិត្តយ៉ាងខ្លាំងប្រព័ន្ធបច្ចេកវិទ្យាប្លុកឈេនហើយនិងរូបិយប័ណ្ណគ្រីតូបានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោកងាកមកចាប់អារម្មណ៍លើការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដែលហៅកាត់ថា (CBDCs)។ អ្វីទៅជារូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល? រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) គឺជារូបិប័ណ្ណអធិបតេយ្យរបស់ប្រទេសមួយដែលតួរជំនួសឱ្យក្រដាស់ប្រាក់ដែលចេញដោយធនាគារប្រទេស។ រូបិយប័ណ្ណឌីជីថល ឬ ក្រដាស់ប្រាក់ឌីជីថល គឺស្រដៀងទៅនឹងរូបិយប័ណ្ណគ្រីបតូដែរ ប៉ុន្តែពួកគេត្រូវបានបង្កើតឱ្យចាយវាយជារូបិយប័ណ្ណជាតិ ដោយរដ្ឋាភិបាលជាមធ្យោបាយមួយធ្វើឱ្យតម្លៃរបស់ពួកគេមានស្ថេរភាពជាងជាងក្រដាស់ប្រាក់ដែលកំពុងដែរចរាចរ។
រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ផ្តល់នូវសក្តានុពលផ្លាស់ប្តូរសម្រាប់ការពង្រឹងការដាក់បញ្ចូលហិរញ្ញវត្ថុនិងការកែលម្អប្រព័ន្ធទូទាត់។ តែភាពជោគជ័យរបស់ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើការរចនានិងការអនុវត្តរបស់ពួកគេ។ ប្រទេសមួយចំនួនដូចជាប្រទេសបាហាម៉ាស់ ចាម៉ៃកា និងនីហ្សេរីយ៉ាជាដើម បានទទួលយកប្រព័ន្ធ CBDCs រួចហើយ។ បច្ចុប្បន្នមានប្រទេសជាង ១០០ កំពុងស្វែងរកលទ្ធភាពនៃផ្លាស់ប្តូរទៅរក CBDCs ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ឆ្ពោះទៅរករូបិយប័ណ្ណឌីជីថលនាពេលអនាគត។ ព្រោះថាការប្រើប្រាស់ប្រព័ន្ធ CBDCs នឹងជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការនិងបង្កើនភាពងាយស្រួលនិងជាជម្រើសមួយដ៏គួរឱ្យទាក់ទាញសម្រាប់ប្រទេសដែលកំពុងស្វែងរកការកែរលម្អប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេ។
ការវិវត្តនិងរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ចគ្រីបតូបង្ហាញពីសមត្ថភាពដ៏ជ្រាលជ្រៅរបស់ខ្លួនក្នុងការរៀបចំទីផ្សារពិភពលោកឡើងវិញដែលជាការនាំឱ្យមានបដិវត្តន៍លើគោលនយោបាយរូបិយវត្ថុនិងការអនុវត្តយ៉ាងទូលំទូលាយនូវបច្ចេកវិទ្យាប្លុកឈេនលើសពីអាណាចក្រនៃរូបិយប័ណ្ណឌីជីថល។ ការអភិវឌ្ឍន៍ទាំងនេះមិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធអេកូហិរញ្ញវត្ថុដែលមានបរិយាប័ន្នល្អនិងមានតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីភាពចាំបាច់សម្រាប់ការស្រាវជ្រាវបន្តនិងក្របខ័ណ្ឌបទប្បញ្ញត្តិដែលអាចសម្របខ្លួនបាន ដើម្បីទាញយកសក្តានុពលពេញលេញនៃបច្ចេកវិទ្យាទាំងនេះ។
នៅពេលដែលយើងឈរនៅលើគែមនៃការវិវត្តន៍ហិរញ្ញវត្ថុឌីជីថលនេះ វាជាការចាំបាច់ក្នុងការទទួលស្គាល់ពីផលប៉ះពាល់របស់វាទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ច បទដ្ឋានសង្គមនិងទីផ្សារពិភពលោក។ ការបង្កើនការទទួលយករូបិយប័ណ្ណគ្រីបតូជាទ្រព្យសកម្មវិនិយោគ ការទទួលយកគំនិតបង្កើត CBDCs ដោយធនាគារកណ្តាល និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាប្លុកឈេននៅក្នុងវិស័យផ្សេងៗប្រមូលផ្តុំនូវអនាគតមួយដែលប្រព័ន្ធហិរញ្ញវត្ថុឌីជីថលនិងប្រពៃណីរួមបញ្ចូលគ្នា។ កត្តាទាំងតម្រូវឱ្យអ្នកពាក់ព័ន្ធនិងអ្នកធ្វើគោលនយោបាយត្រូវតែធ្វើឱ្យមានតុល្យភាពរវាងការច្នៃប្រឌិតជាមួយនឹងបទប្បញ្ញត្តិ ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខនិងការដាក់បញ្ចូលក្នុងទិដ្ឋភាពសេដ្ឋកិច្ចថ្មីនេះ។ ការសន្ទនានិងការអភិវឌ្ឍន៍ដែលកំពុងដំណើរការ នៅក្នុងសេដ្ឋកិច្ចគ្រីបតូប្រាកដជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុនាពេលអនាគតសម្រាប់ពិភពលោក៕
អត្ថបទនេះស្វែងយល់ពីការដែលការពង្រីកខ្លួនរបស់សម្ព័ន្ធ BRICS ធ្វើឱ្យប៉ះពាល់អំណាចរបស់អង្គការដែលដឹកនាំដោយមហាអំណាចលោកខាងលិចដូចជាធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើមហើយថាតើបច្ច័យទាំងនេះវាអត្ថន័យយ៉ាងណាដល់ក្រុមប្រទេសទាំងប្រាំពីរ (G7)និងសណ្តាប់ធ្នាប់ពិភពលោក។
ការកកើតនិងការវិវត្តន៍នៃសម្ព័ន្ធ BRICS។ ពាក្យ BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយសេដ្ឋវិទូ ឈ្មោះ Jim O’Neill។ គាត់បានប្រើពាក្យនេះ ដោយសំដៅទៅលើប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិក ខាងត្បូង ដែលប្រទេសទាំងនេះត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចឈានមុខគេក្នុងពិភពលោកនាសតវត្សទី ២១នេះ ដោយសារតែចំនួនប្រជាជន សក្តានុពលសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយរបស់ពួកគេ។ ក្រុមសម្ព័ន្ធ BRICS នេះបបានង្កើតជាផ្លូវការក្នុងឆ្នាំ ២០០៩ តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយ ដែលក្នុងក្របខ័ណ្ឌដាច់ដោយឡែកមួយពីលោកខាងលិច។
ប៉ុន្មានឆ្នាំចុងក្រោយនេះ BRICS បានវិវត្តន៍ពីក្រុមសេដ្ឋកិច្ចសុទ្ធសាធទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលដោះស្រាយលើវិសាលភាពនៃបញ្ហាពិភពលោក រួមទាំងពាណិជ្ជកម្ម សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព។ មេដឹកនាំក្រុមសម្ព័ន្ធ BRICS ជួបប្រជំុគ្នាជារៀងរាល់ឆ្នាំហើយក៏បានព្រមព្រៀងគ្នាបង្កើតស្ថាប័នដូចជាធនាគារអភិវឌ្ឍន៍ថ្មី (NDB) និងទុនបំរុង (CRA)ដែលបង្ហាញពីឆន្ទះរបស់ក្រុមប្រទេស BRICS ក្នុងការបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិថ្មីមួយផ្សេងទៀត។
ការពង្រីក BRICS៖ ការប្រកួតប្រជែងចំពោះអនុត្តរភាពលោកខាងលិចសម្ព័ន្ធ BRICS ដែលកើតចេញពីទិសដៅសេដ្ឋកិច្ចបានធ្វើការពង្រីកខ្លួនដោយការបញ្ចូលសមាជិកថ្មីមកពីបណ្តប្រទេស ដែលកំពុងអភិវឌ្ឍ កាលពីខែមករា ឆ្នាំ២០២៤កន្លងមក រួមមាន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ហើយប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីតក៏បានក្លាយជាប្រទេសសមាជិកបំរុងដែរ។ ការពង្រីកនេះមិនមែនគ្រាន់តែជាការបង្កើនចំនួនសមាជិកតែប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាចេតនានៃមហិច្ចតានយោបាយក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។ BRICS+ ឥឡូវនេះ មានប្រជាជនជិតពាក់កណ្តាលនៃពិភពលោកទាំងមូល និងក្តោបក្តាប់ផ្នែកដ៏ច្រើននៃពាណិជ្ជកម្មពិភពលោក។ ការពង្រីកនេះបានធ្វើឱ្យប៉ះពាល់ឥទ្ធិពលរបស់ស្ថាប័នដឹកនាំដោយប្រទេសលោកខាងលិចដូចជា ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម ដែលស្ថាប័នទាំងពីរនេះជាស្ថាប័នមានរិទ្ធិអំណាចយ៉ាងខ្លាំងក្នុងការចាត់ចែងរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ ហើយការពង្រីកខ្លួនរបស់ BRICS+ ក៏កំពុងតែកាត់បន្ថយអំណាច និងឥទ្ធិពលរបស់ស្ថាប័នទាំងពីរនេះ តាមរយៈយន្តការបង្កើតប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្មីដើម្បីការពារផលប្រយោជន៍នៃសមាជិក BRICS+ ។
ឥទ្ធិពលសេដ្ឋកិច្ចគឺជាទិសដៅចម្បងក្នុងការពង្រីកខ្លួនរបស់ក្រុមសម្ព័ន្ធ BRICS ក្នុងបំណងបង្កើតឱ្យមានតុល្យភាពនៃការចាត់ចែងគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។ ក្រុមសម្ព័ន្ធនេះរួមគ្នាមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណមួយភាគបីនៃចំនួនផលិតផលសរុបក្នុងស្រុករបស់ពិភពលោកទាំងមូល ហើយការធ្វើពាណិជ្ជកម្ម របស់ពួកគេលើទីផ្សារពិភលោកក៏មានកំណើនកើនឡើងជាលំដាប់។ ម្យ៉ាងវិញទៀតធនាគារអភិវឌ្ឍន៍ថ្មីដែលពួកគេបានបង្កើតក្នុងឆ្នាំ២០១៤ មានទុនប្រមាណ១០០ ពាន់លានដុល្លារសម្រាប់ផ្តល់ជាហិរញ្ញប្បទាន អភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈចីរភាពដល់ប្រទេសជាសមាជិកនិងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត។ ធនាគារអភិវឌ្ឍន៍ថ្មីបានប្រែក្លាយខ្លួនជាជម្រើសថ្មីសម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងការកាត់បន្ថយការពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសមហាអំណាចលោកខាងលិច។
លើសពីនេះបណ្តាប្រទេសក្នុងសម្ព័ន្ធ BRICS បានទាមទាឱ្យមានកំណែរទម្រង់រចនាសម្ព័ន្ធលើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសកលដែលមានបច្ចុប្បន្នដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្លាស់ប្តូរនៃសេដ្ឋកិច្ចសកលដោយទាមទាឱ្យបញ្ចូលតំណាងជាច្រើនបន្ថែមទៀតនិងអំណាចនៅក្នុងការបោះឆ្នោតនៅក្នុងស្ថាប័នដ៏មានឥទ្ធិពលទាំងពីរគឺ ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិដល់ប្រទេសដែលកំពុងអភិវឌ្ឍជាច្រើនដែលបច្ចុប្បន្នមិនត្រូវបានផ្តល់តម្លៃហើយគ្មានសម្លេង។
ផលប៉ះពាល់សម្រាប់ឥទ្ធិពលរបស់ G7 គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតរបស់ពិភពលោកជាបណ្តាប្រទេសដែលមានឥទ្ធិពលជាប្រវត្តិសាស្ត្រលើគោលនយោបាយនិងហើយ មានអំណាចក្នុងការគូសវាសលើជោគវាសនាសេដ្ឋកិច្ចរបស់ពិភពលោក។ ប៉ុន្តែការកើនឡើងនូវកម្លាំងរបស់ប្រទេសនៃប្លុក BRICS+ ដែលជាប្លុកដ៏សម្បើមមួយធ្វើឱ្យមានការប៉ះទង្កិចដោយផ្ទាល់នឹងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកផ្តាច់មុខរបស់ក្រុមប្រទេសG7 ហើយសម្លេងនៃបណ្តាប្រទេស BRICS+ បានស្រែកកាន់តែឮឡើងៗនៅក្នុងវេទិការអន្តរជាតិក្នុងការព្យាយាមកាត់បន្ថយអំណាចសម្រេចចិត្តជាឯកតោភាគីរបស់ក្រុមប្រទេសG7 ក្នុងការកាច់ចង្កូតសេដ្ឋកិច្ចសកល។
ថាមវន្តភូមិសាស្ត្រនយោបាយ
ការពង្រីកខ្លួនរបស់ប្លុក BRICS បានបង្កើតឱ្យមានភាពស្មុគស្មាញយ៉ាងខ្លាំងដល់ភូមិសាស្រ្តនយោបាយ ហើយម្យ៉ាងទៀតប្លុកនេះបានផ្តល់ជាវេទិការដល់រដ្ឋជាសមាជិកនូវឱកាសក្នុងការចូលរួមយ៉ាងសកម្មលើបញ្ហាអន្តរជាតិនានារាប់តាំងពីបញ្ហាការបំរែបំរួលអាកាសរហូតដល់សន្តិសុខតាមអ៊ីនធឺណិត។ ជាមួយ នឹងជំហរ សមូហភាពនេះផងដែរបាន ធ្វើឱ្យ BRICS ដើរតួជាអ្នកធ្វើឱ្យមានតុល្យភាពទៅគំនិតផ្តួចផ្តើមនានានិងគោលនយោបាយផ្សេងដឹកនាំដោយលោកខាងលិចតាមរយៈការជំរុញឱ្យមានសណ្តាប់ធ្នាប់ពិភពលោកបែបពហុប៉ូល។
ដោយឡែកប្រទេសចិននិងរុស្សុីបានប្រើប្រាស់ប្លុក BRICS ដើម្បីជំរុញផលប្រយោជន៍ភូមិសាស្ត្រចនយោបាយរបស់ពួកគេផងដែរ។ ប្រទេសចិនបានបង្កើត ផ្លូវមួយខ្សែក្រវាត់មួយ (BRI) នៅឆ្នាំ២០១៣ក្នុងទិសដៅចតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មនិងឥទ្ធិពលនយោបាយរបស់ចិនទៅកាន់ទ្វីបអាស៊ីអឺរុប អាមេរិកឡាទីន និងទ្វីបអាហ្រ្វីក។ ចំណែកឯប្រទេសរុស្សុី ដោយសារតែខ្លួនជាប្រទេសដែលផលិតប្រេងនិងឧស្ម័នដ៏ធំជាងគេលើសកលលោក ប្រទេសរុស្សុីបានប្រើប្រាស់នយោបាយថាមពលនេះជាឧបករណ៍នយោបាយការទូតរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងអន្តរជាតិដើម្បីទាញការគាំទ្រការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្តាប្រទេសផ្សេងៗលើសកលលោក។
ប្រទេសឥណ្ឌាក៏ប្រើ BRICS ជាដៃគូយុទ្ធសាស្រ្តក្នុងការកាច់ចង្កូតទំនាក់ទំនងដ៏ស្មុគស្មាញរបស់ខ្លួនជាមួយប្រទេសចិនដើម្បីរក្សាឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយតុល្យភាពក្នុងភាពជាដៃគូប្រកួតប្រជែង។
ទោះបីជាប្លុក BRICS មានសក្តានុពលទាំងសេដ្ឋកិច្ចនិងនយោបាយក៏ដោយ ក៏ប្លុកនេះកំពុងតែប្រឈមនឹងបញ្ហាជា ច្រើនដែលធ្វើឱ្យមានភាពរាំងស្ទះដល់ការអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យមានប្រសិទ្ធភាពក្នុងការបំប្លែងខ្លួនឱ្យក្លាយដៃគូរលើសង្វៀនប្រកួតប្រជែងជាមួយប្លុកក្រុមមហាអំណាចលោកខាងលិចដែរ ព្រោះថាសមាជិកនីមួយៗក្នុងប្លុកនៅមានភាពខុសគ្នាទាំងកម្លាំង ប្រព័ន្ធនយោបាយនិងទំហំសេដ្ឋកិច្ច។ ប្រព័ន្ធដឹកនាំនយោបាយខុសគ្នារវាងចិននិងឥណ្ឌាអាចជាឧបសគ្គ ក្នុងការធ្វើការជាមួយគ្នាក្នុងរយៈពេលវែង ម្យ៉ាងវិញទៀហើយភាពមិនទាន់ចុះសម្រុងគ្នារបស់សមាជិកលើការកំណត់យុទ្ធសាស្រ្តអតិភាពក៏នៅជាបញ្ហាចំបងរបស់ក្រុមដែរ។ លើសពីនេះទៅទៀតប្រសិទ្ធភាពស្ថាប័នដែលដឹកនាំដោយ BRICS ដូចជា ធនាគារអភិវឌ្ឍន៍ថ្មី (NDB) និងកងទុនបំរុង (CRA) ស្ថិតនៅក្នុងដំណើរការនៃការសាកល្បងនៅឡើយបើប្រៀបធៀបទៅនឹងបទពិសោធន៍យូរឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ប៉ុន្តែអ្វីដែលជាចំណុចពិសេសគឺស្ថិតនៅត្រង់ថាការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី (NDB) របស់ប្លុក BRICS បានបង្កើតនូវជម្រើសថ្មីឱ្យដល់ប្រទេសកំពុងអភិវឌ្ឍ ដែលគ្មានសម្លេងក្នុងស្ថាប័នគ្រប់គ្រងដោយប្រទេសលោកខាងលិចមានឱកាសបានចូលរួមយ៉ាងសកម្មជាដៃគូអភិវឌ្ឍ។
ការពង្រីកខ្លួនរបស់ក្រុម BRICS ដោយបញ្ចូលប្រទេសផលិតប្រេងធំៗក្នុងពិភពលោក នឹងធ្វើឱ្យប្លុកនេះមានទំងន់ក្នុងការជះឥទ្ធិពលរបស់ខ្លួនលើការធ្វើពាណិជ្ជកម្មប្រេងលើទីផ្សារពិភពលោក ដែលអាចនឹងនាំទៅដល់ការបង្កើតបទដ្ឋានអនុវត្តថ្មីប្រាស់ចាកពីទំរង់បទដ្ឋានដែលកំពុងគ្រប់គ្រងនិងអនុវត្តបច្ចុប្បន្នដោយប្រទេសG7 រួមទាំងបង្កើតយន្តការហិរញ្ញវត្ថុអន្តរជាតិថ្មីលើការទូទាត់ដែលឯករាជ្យពីប្រព័ន្ធហិរញ្ញវត្ថុគ្រប់គ្រងដោយលោកខាងលិច។
សេចក្តីសន្និដ្ឋាន៖ ពិភពពហុប៉ូលក្នុងការបង្កើតការពង្រីកខ្លួនរបស់ BRICS បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រកួតប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នដែលកំពុងដឹកនាំដោយលោកខាងលិចនិងលើកកម្ពស់ពិភពលោកឱ្យមានបរិយាប័ន្ននិងពហុប៉ូល។ ការពង្រីកសមាជិកភាពរបស់ខ្លួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការសម្របសម្រួលយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយធ្វើឱ្យ BRICS មានសក្តានុពលក្នុងការកែប្រែបែបបទនៃទំនាក់ទំនងអន្តរជាតិនិងចូលរួមក្នុងបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដើម្បីតុល្យភាព។
ប៉ុន្តែដើម្បីសម្រេចឱ្យបានពេញលេញនូវមហិច្ឆតារបស់ខ្លួន ក្រុមប្លុកនេះត្រូវតែធ្វើការរួមគ្នាយ៉ាងច្រើនក្នុងការដោះស្រាយភាពខុសគ្នាផ្ទៃក្នុងរបស់ខ្លួន និងបង្ហាញពីប្រសិទ្ធភាពនៃស្ថាប័នរបស់ខ្លួនហើយ BRICS នឹងដើរតួនាទីសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកបែបពហុប៉ូលដែលប្រទេសកំពុង អភិវឌ្ឍជាច្រើនមាន សម្លេងកាន់ច្បាស់ក្នុងការរៀបចំអនាគតប្រទេស៕
នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍និងកីឡាប្រទេសថៃបានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកាន់ប្រទេសថៃមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៤។ ក្នុងអំឡុងពេលនេះ ភ្ញៀវអន្តរជាតិចំនួន ១៤,៧៦០,៩១១ នាក់បានមកដល់ប្រទេសថៃ ដែលជាការកើនឡើង ៣៧.៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់លេខ១ចំនួន ២,៩១១,៧៣០ នាក់ដែលបានមកលេងប្រទេសថៃ បន្ទាប់មកអ្នកទេសចរមកពីប្រទេសម៉ាឡេស៊ីឈរនៅលំដាប់លេខពីរ ចំនួន ២,០១២,៤០៦ ។ ភ្ញៀវទេសចររុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ហើយភ្ញៀវឥណ្ឌា និងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៤ និងទី៥។
ទីក្រុងបាងកក ដែលជារាជធានីដ៏មមាញឹករបស់ប្រទេសថៃ នៅតែជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងដ៏សំបូរបែប រួមមានប្រវត្តិសាស្រ្ត និងភាពចម្រុះនៃវប្បធម៌ ជាមួយនឹងអគារខ្ពស់ៗ ប្រាសាទបុរាណ ផ្សារទំនើបប្រណីត ទីផ្សារតាមផ្លូវដ៏មមាញឹក និងទីផ្សារបណ្តែតទឹកជាដើម។ ហើយក៏ជាទីក្រុងដែលមានអាហារឆ្ងាញ់ៗ និងការកម្សាន្តពេលរាត្រីដ៏រស់រវើក ដែលទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។
រដ្ឋាភិបាលថៃរំពឹងថា នឹងធ្វើការទាក់ទាញភ្ញៀវអន្តរជាតិចំនួន ៣៦.៧ លាននាក់នៅឆ្នាំ ២០២៤ នឹងនាំមកនូវប្រាក់ចំណូលជាង ៣ ទ្រីលានបាត (ប្រហែល ៨១ ពាន់លានដុល្លារ) ។ ការជំរុញពីវិស័យទេសចរណ៍នេះមានសារៈសំខាន់សម្រាប់ប្រទេសថៃ ដោយសារប្រទេសនេះសម្លឹងមើលកំណើនទេសចរនឹងជួយយឹងយោងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ការផ្តោតសំខាន់របស់ប្រទេសថៃលើការបង្កើនចំនួនភ្ញៀវទេសចរ តាមរយៈគោលនយោបាយមួយចំនួន បង្ហាញពីសារៈសំខាន់នៃវិស័យទេសចរណ៍សម្រាប់សុខភាពសេដ្ឋកិច្ចរបស់ប្រទេស។ តាមរយៈការបន្តអភិវឌ្ឍភាពទាក់ទាញ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រទេសថៃមានគោលបំណងផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ និងពង្រឹងជំហររបស់ខ្លួនជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។
គោលដៅរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២៤ គឺប្រើប្រាស់វិស័យទេសចរណ៍ ដើម្បីជួយជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ច។ ជាមួយនឹងវប្បធម៌ដ៏សម្បូរបែប ភាពទាក់ទាញចម្រុះ និងការខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ប្រទេសថៃកំពុងត្រៀមខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន និងលើកកំពស់ឋានៈរបស់ខ្លួនជាគោលដៅទេសចរណ៍ឈានមុខគេ៕
ចាប់តាំងពីបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនគួរឱ្យកត់សម្គាល់។ កិច្ចព្រមព្រៀងទាំងនេះដែលបានចូលជាធរមាននៅដើមឆ្នាំ ២០២២ គឺបានជួយជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការស្តារសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជាក្រោយការរាតត្បាតនៃ ជំងឺកូវីដ-១៩។
កិច្ចព្រមព្រៀងទាំងនេះបានជួយឱ្យប្រទេសកម្ពុជាឈានជើងចូលទៅកាន់ទីផ្សារនៃបណ្តាប្រទេសជាដៃគូដោយភាពងាយស្រួល និងកាត់បន្ថយពន្ធអាករ ដែលធ្វើឱ្យមានការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសសមាជិកដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ដោយបានបើកឱកាសថ្មីសម្រាប់អាជីវកម្ម កម្ពុជាមានទីផ្សារកាន់តែទូលំទូលាយ។ ជាងនេះទៀត កិច្ចព្រមព្រៀង CCFTA ក៏បានពង្រឹងពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរវាងកម្ពុជា និងចិន ដោយជំរុញឱ្យធុរកិច្ចចិនវិនិយោគលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ តាមរយៈការកើនឡើងនៃការនាំចេញទំនិញក្នុងស្រុកទៅកាន់ទីផ្សារនៃសមាជិក RCEP ការវិនិយោគផ្ទាល់ពីបរទេស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូ។
យោងតាមរបាយការណ៍ពីធនាគារពិភពលោក និង IMF បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៣.០% ក្នុងឆ្នាំ ២០២១ និង ៥.២% នៅឆ្នាំ ២០២២ ហើយ ៥.៥% ក្នុងឆ្នាំ ២០២៣ ដែលជាការស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះ ៣.១% ក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ក្នុងឆ្នាំ២០២៤ នេះត្រូវបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដល់ ៥.៨%។ ការងើបឡើងវិញនេះត្រូវបានជំរុញជា ចម្បងដោយការងើបឡើងវិញនៃវិស័យសេវាកម្ម និងវិស័យនាំចេញទំនិញដែលគាំទ្រដោយអត្ថប្រយោជន៍ ពាណិជ្ជកម្មពីកិច្ចព្រមព្រៀង RCEP និង CCFTA។
កិច្ចព្រមព្រៀងទាំងនេះបានជួយឱ្យការនាំចេញរបស់កម្ពុជាមានការមមាញឹក។ ជាឧទាហរណ៍ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេស RCEP បានកើនឡើង ១៦.២% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដែលមានចំនួនទឹកប្រាក់ប្រមាណ ៣.៣៦ ពាន់លានដុល្លារ។ CCFTA ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការបង្កើនការនាំចេញកសិផលរបស់កម្ពុជា ជាពិសេសផ្លែឈើស្រស់ទៅកាន់ប្រទេសចិន។
ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏បានទទួលផលជាវិជ្ជមានផងដែរ។ CCFTA និង RCEP បានបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់អ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងឧស្សាហកម្មផលិត និងកែច្នៃកសិផល។ លំហូរនៃការវិនិយោគលើវិស័យនេះមានសារៈសំខាន់ក្នុងការជំរុញការស្ទុះងើបសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យថ្មីលើសពីឧស្សាហកម្មកាត់ដេរប្រពៃណីដែលកម្ពុជាមានកន្លងមក។
ជារួមក្នុងលក្ខណៈម៉ាក្រូកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះមិនត្រឹមតែបានជួយកម្ពុជាឱ្យងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់មូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងលក្ខណះម៉ាក្រូរយៈពេលវែង តាមរយៈការធ្វើពិពិធកម្មការនាំចេញ ការទាក់ទាញការវិនិយោគពីបរទេស និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដៃគូ៕
តាមរបាយការណ៍របស់ធនាគារពិភពលោកបានចាត់ថ្នាក់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីថា ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅទ្វីបអឺរ៉ុប ជាសក្ខីភាពបង្ហាញពីភាពធន់និងពីសមត្ថភាពរបស់ប្រទេសនេះដែលមិនត្រឹមតែអាចទប់ទល់ទណ្ឌកម្មបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យមានការរីកចម្រើនទៀតផង។ នៅក្នុងរបាយការណ៍ធនាគារពិភពលោកបង្ហាញថា ជនជាតិរុស្សីម្នាក់ៗមានចំណូលជាមធ្យមប្រមាណ ១៤,២៥០ ដុល្លារក្នុងមួយឆ្នាំ។
ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណើនផលិតផលសរុបក្នុងស្រុក (GDP) ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនដែលបានកើនឡើង ៣.៦% ក្នុងឆ្នាំ ២០២៣។ វិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញនេះ ជាមួយនឹងសកម្មភាពពាណិជ្ជកម្មកើនឡើងជិត ៧% កាលពីឆ្នាំមុន។ លើសពីនេះ វិស័យហិរញ្ញវត្ថុមានអត្រាកំណើន ៦.៦% និងសំណង់មានអត្រាកំណើន ៣.៦%។ អ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានសន្មត់ថាសកម្មភាពសេដ្ឋកិច្ចនេះភាគច្រើនមានការកើនឡើងយ៉ាងខ្លាំងទៅលើសកម្មភាពទាក់ទងនឹងយោធានៅឆ្នាំ ២០២៣ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចទាំងមូល។ ផលិតផលក្នុងសរុបស្រុក (GDP) របស់ប្រទេសរុស្សីក្នុងឆ្នាំ២០២៤ រំពឹងថានឹងទទួលបានប្រមាណ ២.០៦ ទ្រីលានដុល្លារ ដែលឈនៅលំដាប់លេខប្រាំនៅអឺរុបបន្ទាប់ អាល្លឺមង់, អង់គ្លេស, បារាំង, និងអីតាលី។
ឥទ្ធិពលនៃស្ម្ព័ន្ធភាពសេដ្ឋកិច្ច BRICS ដែលរុស្ស៊ីជាសមាជិកស្ថាបនិក បានដើរតួយ៉ាងសំខាន់ក្នុងកំណើននេះផងដែរ។ បច្ចុប្បន្នប្រទេសចិនកាន់កាប់ GDP កំពូលនៅលើពិភពលោកដោយឈនៅលំដាប់លេខ១ ហើយសហរដ្ឋអាមេរិកនៅលំដាប់លេខ២។ រុស្ស៊ី និងឥណ្ឌាតាមរយៈ ឥទ្ធិពលសេដ្ឋកិច្ចរបស់ប្លុក BRICS ក៏ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំនៅលើពិភពលោកសម្រាប់ផលិតផលសរុបក្នុងស្រុក (GDP)។
ក្រុមប្រទេស BRICS បានប្តេជ្ញាចិត្តរបស់ខ្លួនធ្វើឱ្យលូតលាស់សេដ្ឋកិច្ច និងពង្រីកឥទ្ធិពលរបស់ខ្លួនលើសង្វៀនសកលលោកចាប់តាំងពីឆ្នាំ២០០១មកម្លេះ តាមរយៈគំនិតផ្តួចផ្តើមបញ្ចូលប្រទេសអារ៉ាប់រួម (UAE) អ៊ីរ៉ង់ អេហ្ស៊ីប និងអេត្យូពី ព្រមទាំងបង្កើនស្មារតីក្នុងការកាត់បន្ថយឥទ្ធិពលរូបិយវត្ថុដុល្លារ។ ជាមួយរុស្សីជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងនៅអឺរុប ហើយប្រទេសចិនលំដាប់លេខ១និងឥណ្ឌានៅលំដាប់លេខ៣លើពិភពលោក បានធ្វើឱ្យប្លុក BRICS កំពុងតែបោះជំហានក្លាយមហាអំណាចសេដ្ឋកិច្ចយ៉ាងរឹងមាំមួយ។ ការព្យាករណ៍បង្ហាញពីកំណើនខ្លាំងជាបន្តបន្តាប់សម្រាប់សេដ្ឋកិច្ច BRICS ដូចជា ប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៨។ ការរីកលូតលាស់នៃក្រុមប្រទេស BRICS នឹងក្លាយជាគូរប្រកួតប្រជែងសេដ្ឋកិច្ចដ៏ខ្លាំងក្លាជាមួយក្រុមប្រទេស G7 ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។
ការបន្តរីកចំរើនខ្លាំងក្លារបស់រុស្សីទោះបីជាស្ថិតក្រោមគំនាបទណ្ឌកម្មសេដ្ឋកិច្ចបានបង្ហាញពីការផ្លាស់ប្តូរនៃរបត់ឥទ្ធិពលលើទិដ្ឋភាពសេដ្ឋកិច្ចរបស់សកលលោក។ ជាមួយនឹងការវិវត្តិ នៃការរីកលូតលាស់ទាំងកម្លាំងសេដ្ឋកិច្ចនិង ឥទ្ធិពលនយោបាយរបស់ BRICS បានធ្វើឱ្យក្រុមមហាអំណាចសេដ្ឋកិច្ចពិភពលោកG7 តាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត៕