ការផ្លាស់ប្តូរដ៏ធំនេះ មានគោលបំណងបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាកម្មកុំព្យូទ័រលើពពកនិងបញ្ញាសិប្បនិម្មិត (AI)។ ការវិនិយោគនេះនឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗដល់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីរួមទាំងបង្កើតការងាររាប់ពាន់នាក់និងធ្វើឱ្យម៉ាឡេស៊ី ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការវិនិយោគរបស់ក្រុមហ៊ុន Google ត្រូវបានគេរំពឹងថានឹងឱ្យប្រទេសម៉ាឡេស៊ី ទទួលបានចំណូលវិនិយោគបន្ថែមជាង ៣,២ ពាន់លានដុល្លារដល់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០៣០ ដែលនឹងជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះរីកចម្រើននិងគាំទ្រដល់ការអភិវឌ្ឍន៍របស់ខ្លួន។
មជ្ឈមណ្ឌលទិន្នន័យថ្មីនឹងបង្កើតការងារប្រហែល ២៦,៥០០ នៅឆ្នាំ ២០៣០។ ការងារទាំងនេះនឹងមាននៅក្នុងវិស័យផ្សេងៗ រួមទាំងបច្ចេកវិទ្យា សំណង់ និងសេវាកម្ម ដែលផ្តល់ ឱកាសជាច្រើនដល់កម្មករក្នុងស្រុក។ មជ្ឈមណ្ឌលទិន្នន័យមានទីតាំងស្ថិតនៅក្នុងរដ្ឋ Selangor ហើយនឹងអនុវត្តតាម “គោលនយោបាយពពកទីមួយ” របស់ម៉ាឡេស៊ីដែលផ្តោតលើស្តង់ដារខ្ពស់ សម្រាប់សុវត្ថិភាពតាមអ៊ីនធឺណិត។ នេះមានន័យថាហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ម៉ាឡេស៊ីនឹងប្រសើរឡើង ដែលអនុញ្ញាតឱ្យអាជីវកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងមាននវានុវត្តកាន់តែងាយស្រួល។
ការវិនិយោគរបស់ Google គឺជាផ្នែកមួយនៃផែនការធំរួមរបស់ក្រុមហ៊ុន ដើម្បីពង្រីកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងឆាប់ រហ័សនៃប្រព័ន្ធឌីជីថល។ តាមរយៈការជ្រើសរើសប្រទេសម៉ាឡេស៊ី Google កំពុងជួយប្រទេសនេះឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់នៅក្នុងតំបន់ដែលនឹងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា ផ្សេងទៀតឱ្យមកបោះទុនវិនិយោគកាន់តែច្រើន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានស្វាគមន៍ចំពោះការវិនិយោគរបស់ Google ដោយមើលឃើញថាវាជាសញ្ញានៃភាពជឿជាក់លើអភិបាលកិច្ច និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។ ការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការផ្លាស់ប្តូរឌីជីថលបានធ្វើឱ្យប្រទេសនេះ ក្លាយជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគបែបនេះ។
ការវិនិយោគ ២ពាន់លានដុល្លាររបស់ក្រុមហ៊ុន Google នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាជំហានដ៏សំខាន់មួយសម្រាប់អនាគតឌីជីថលរបស់ប្រទេស។ មជ្ឈមណ្ឌលទិន្នន័យថ្មីនឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរបស់ ប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងជួយជំរុញសេដ្ឋកិច្ចនិងបង្កើតការងារជាច្រើនផងដែរ។ ការវិនិយោគនេះបង្ហាញពីសារៈសំខាន់កាន់តែខ្លាំង ឡើងរបស់ប្រទេសម៉ាឡេស៊ីក្នុងនាម ជាប្រទេសបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍ ហើយបើកទ្វារ សម្រាប់ការរីកចម្រើន និងឱកាសនាពេលអនាគត៕
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពតានតឹងរវាងសេដ្ឋកិច្ចយក្សទាំងពីរនេះបាននាំឱ្យកើតមានសង្រ្គាមរូបិយប័ណ្ណសម័យទំនើប។ ដើម្បីយល់ពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិននាពេលបច្ចុប្បន្ន យើងត្រូវក្រឡេកមើលទៅកាលពី ពីរ-បី ទសវត្សរ៍កន្លងទៅ។
នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ ១៩៨០ ប្រទេសចិនបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោកក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យប្រទេសចិន ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកដោយប្រែក្លាយប្រទេសនេះទៅជាមហាអំណាចខាងផលិតកម្ម។ រយៈពេលប៉ុន្មានឆ្នាំមកនេះសេដ្ឋកិច្ចរបស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័សមិនគួរឱ្យជឿ ដែលនាំឱ្យមានអតិរេកពាណិជ្ជកម្មដ៏ធំជាពិសេសជាមួយសហរដ្ឋអាមេរិក។
នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប្រទេសចិនបានប្រមូលទុកទុនបំរុងជារូបិយប័ណ្ណបរទេសយ៉ាងច្រើន ដែលភាគច្រើនជា ប្រាក់ដុល្លារអាមេរិកនេះក៏ព្រោះតែចិននាំចេញទៅអាមេរិកច្រើនជាងការនាំចូល។ ការកើនឡើងនូវឱនភាពពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិន បានក្លាយជាកង្វល់ដ៏សំខាន់សម្រាប់ អ្នកបង្កើតគោលនយោបាយ និងអ្នកធុរកិច្ចអាមេរិកដែលបានចោទប្រកាន់ចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។
ចំណុចមួយក្នុងចំណោមចំណុចធំបំផុតនៃការឈ្លោះប្រកែកគ្នានៅក្នុងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនគឺការចោទប្រកាន់របស់សហរដ្ឋអាមេរិកទៅលើប្រទេសចិន ថាប្រើប្រាស់ ឧបាយកលរូបិយប័ណ្ណ។ សហរដ្ឋអាមេរិកបានអះអាងជាយូរមកហើយថា ប្រទេសចិនមានចេតនារក្សារូបិយប័ណ្ណប្រាក់យន់(ឬ renminbi) របស់ខ្លួនឱ្យ មានតម្លៃទាបក្រោមតម្លៃទីផ្សារ ដើម្បីធ្វើឱ្យការនាំចេញរបស់ខ្លួនមានតម្លៃថោកនិងមានភាពទាក់ទាញនៅក្នុងទីផ្សារ ពិភពលោក។
កាលណាតម្លៃប្រាក់យន់ថោក មានន័យថា ផលិតផលដែលផលិតដោយប្រទេសចិនមានតម្លៃថោកសម្រាប់អ្នកទិញនៅក្នុងប្រទេសផ្សេងទៀត ដែលធ្វើឱ្យប្រទេសចិនមានលក្ខណៈសម្បត្តិក្នុងការប្រកួតប្រជែងខ្ពស់។ ឆ្លើយតបនឹងការចោទប្រកាន់នេះ ប្រទេសចិនបានអះអាងថា គោលនយោបាយគ្រប់គ្រងរូបិយប័ណ្ណរបស់ខ្លួន គឺមានគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ច។
រដ្ឋាភិបាលចិនបានប្រើប្រាស់យន្តការជាច្រើនដើម្បីគ្រប់គ្រងតម្លៃប្រាក់យន់ រួមទាំងការទិញ-លក់រូបិយប័ណ្ណបរទេសនិងការដាក់កំហិតលើលំហូរមូលធន។ ការប្រើប្រាស់វិធានការទាំងនេះបានជួយ ធ្វើឱ្យសេដ្ឋកិច្ច របស់ ប្រទេសចិនមានស្ថិរភាពល្អហើយរីកចម្រើន ប៉ុន្តែប្រទេសចិនបានរងការចោទប្រកាន់យ៉ាងខ្លាំងក្លា ពីសំណាក់សហរដ្ឋអាមេរិកថាបានធ្វើពាណិជ្ជកម្មដើរខ្សែលើ។
ការកើនឡើងនៃពន្ធពាណិជ្ជកម្ម
ភាពតានតឹងផ្នែកពាណិជ្ជកម្មបានកើនឡើងខ្លាំងក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក Donald Trump។ ក្នុងឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដាក់កំរិតពន្ធលើមុខទំនិញចិន ជាច្រើនប្រភេទ ក្រោមហេតុផលថាជា វិធានការចាំបាច់ដើម្បីការពារឧស្សាហកម្មអាមេរិក និងឆ្លើយ តបទៅនឹងការអនុវត្ត ពាណិជ្ជកម្មដើរខ្សែលើរបស់ចិន។ ចិនបានឆ្លើយតបវិញ ដោយការដាក់កំរិតពន្ធលើផលិតផលអាមេរិក ដែលនាំចូលប្រទេសចិន ដែលនាំឱ្យកើតមាន សង្រ្គាមពាណិជ្ជកម្មរវាងប្រទេស មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។
ការដាក់ពន្ធគយលើមុខទំនិញបានបង្ករឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗតែម្តង។ ជាឧទាហរណ៍កសិករអាមេរិក ប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅពេលដែលការនាំចេញ របស់ពួកគេទៅកាន់ ប្រទេសចិនត្រូវបាន ប៉ះពាល់ ជាមួយនឹងពន្ធសងសឹកពីប្រទេសចិន។ ហើយ អ្នក ប្រើប្រាស់ និង
ធុរកិច្ចអាមេរិកក៏បានជួបប្រទះនឹងការចំណាយខ្ពស់ សម្រាប់ទំនិញដែលនាំចូល ពីប្រទេសចិនផងដែរ។ សង្រ្គាមពាណិជ្ជកម្មនេះបានបង្កើតភាពមិនប្រាកដប្រជា និងរំខាន ដល់ខ្សែ សង្វាក់ផ្គត់ផ្គង់សកលដែលធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកទាំងរងផលប៉ះពាល់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១
នៅខែមករាឆ្នាំ ២០២០ សហរដ្ឋអាមេរិកនិងចិនបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ បន្ទាប់ពីការចរចាជាច្រើនខែ។ កិច្ចព្រមព្រៀងនេះមានគោលបំណងបន្ធូរ បន្ថយភាពតានតឹងពាណិជ្ជកម្ម និងដោះស្រាយ បញ្ហាសំខាន់ៗមួយចំនួន។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេស ចិនបានប្តេជ្ញាចិត្តក្នុងការទិញទំនិញ និងសេវាកម្មរបស់អាមេរិកដែលមានតម្លៃ ២០០ ពាន់លាន ដុល្លារបន្ថែមទៀតក្នុងរយៈពេល ២ ឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិស្តីពីកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយគ្រប់គ្រងរូបិយប័ណ្ណ។
ថ្វីត្បិតតែកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាជំហានបោះឆ្ពោះទៅរកការកាត់បន្ថយកម្តៅនៃជម្លោះពាណិជ្ជកម្ម តែវាមិនបានដោះស្រាយបញ្ហាជាមូលដ្ឋាននៃវិបត្តិនោះឡើយ ដូចជាទម្រង់សេដ្ឋកិច្ចដឹកនាំដោយរដ្ឋរបស់ ប្រទេសចិន និងការឧបត្ថម្ភធនដល់ឧស្សាហកម្មក្នុងស្រុក មិនត្រូវបានដោះស្រាយទេ។ បន្ថែមពីលើនេះទៀត ការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ នៅដើមឆ្នាំ២០២០ បានបន្ថែមភាពស្មុគ្រស្មាញថែមទៀតដល់ទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ខណះប្រទេសទាំងពីរប្រឈមមុខដោះស្រាយរៀងៗខ្លួននឹងផលប៉ះពាល់ទាំងសុខភាពនិងសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងប្រទេសពីជំងឺរាត ត្បាតកូវីដ។
ឥទ្ធិពលភូមិសាស្ត្រនយោបាយ ៖
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មិនមែនគ្រាន់តែអំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ ពួកគេក៏មានផលប៉ះពាល់លើភូមិសាស្ត្រនយោបាយសំខាន់ៗផងដែរ។ ការកើនឡើងនូវឥទ្ធិពល របស់ប្រទេសចិនក្នុងនាមជាមហាអំណាចពិភពលោកបានធ្វើឱ្យមានការផ្លាស់អំណាច ហើយការផ្លាស់ប្តូរ អំណាចនេះហើយដែលនាំឱ្យមានការប្រកួតប្រជែងរវាងប្រទេសទាំងពីរទៅលើវិស័យបច្ចេកវិទ្យាយោធានិងការទូត ក៏ដូចជាប្រជែងគ្នាលើសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ និងកំពុងគ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។
សង្គ្រាមពាណិជ្ជកម្មគឺជាទិដ្ឋភាពមួយនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ នៃប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនតាមរយៈការរឹតបន្តឹងមិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនចូលទៅកាន់ទីផ្សារអាមេរិក និងពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចំណែកប្រទេសចិនវិញក៏ខិតខំពង្រីកឥទ្ធិពលរបស់ ខ្លួនតាមការផ្តួចផ្តើមបង្កើតផ្លូវមួយខ្សែក្រវាត់មួយ ដើម្បីពង្រឹងនិងពង្រីកទាំងឥទ្ធិពលនយោបាយនិងអំណាចខាងការទូត។
ផលប៉ះពាល់សេដ្ឋកិច្ចសកល
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យមានផលប៉ះពាល់ យ៉ាងសំខាន់ដល់សេដ្ឋកិច្ចពិភពលោក។ ភាពមិនប្រាកដប្រជា និងភាពប្រែប្រួលដែលបង្កឡើង ដោយសង្រ្គាមពាណិជ្ជកម្មរវាងចិននិង សហរដ្ឋអាមេរិក បានធ្វើឱ្យរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ការកើនឡើងថ្លៃដើមសម្រាប់អាជីវកម្ម និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ប្រទេសជាច្រើន ជាពិសេសប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បានទទួលរងផលប៉ះពាល់ យ៉ាងខ្លាំង។ ម្យ៉ាងទៀតជំងឺរាតត្បាត COVID-១៩ បានចូលមកបង្ករឱ្យប្រព័ន្ធ សេដ្ឋកិច្ច កាន់ តែទទួលរងនូវហានិភ័យបន្ថែមទៀត។ ប្រទេសទាំងឡាយដែលពឹងផ្អែកទៅលើការផ្គត់ ផ្គង់សំខាន់ៗពីខាងក្រៅ ត្រូវជាប់គាំង ហើយធ្វើឱ្យពាណិជ្ជកម្ម ឆ្លងដែនអន្តរជាតិ ធ្លាក់យ៉ាងគំហុក។
បច្ចេកវិទ្យា និងការច្នៃប្រឌិត
បច្ចេកវិទ្យានិងនវានុវត្តគឺជាចំណុចកណ្តាលនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនឹងចិន។ ការប្រកួត ប្រជែងរវាងប្រទេសទាំងពីរបានបំលែងខ្លួនពីឧស្សាហកម្មប្រពៃណី ទៅកាន់បច្ចេកវិទ្យា ដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា5G និងបច្ចេកវិទ្យាជីវសាស្រ្តជាដើម។
ទាំងសហរដ្ឋអាមេរិក ទាំងចិនទទួលស្គាល់ថា បើ ប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរ ក្លាយជាអ្នកឈានមុខគេលើវិស័យទាំងនេះ ប្រទេសនោះនឹងក្លាយជា ប្រទេសដឹកនាំគ្រប់គ្រងលើសេដ្ឋកិច្ច និងយោធានាពេលអនាគតទាំងក្នុងតំបន់និងពិភពលោកទាំងមូល។
ហេតុនេះ ហើយទើបគេមើលឃើញ សហរដ្ឋអាមេរិកបានចាត់វិធានការជាច្រើន ដើម្បីរឹតបន្តឹងមិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន ប្រើប្រាស់បច្ចេកវិទ្យាអាមិកនិងកម្មសិទ្ធិបញ្ញារបស់អាមេរិក។ ព្រមទាំងដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនឈ្មោះ Huawei ក្នុងបញ្ជីខ្មៅទៀតផង។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលើកឡើងពីកង្វល់សន្តិសុខជាតិ ដោយធ្វើការចោទ ប្រកាន់ថាក្រុមហ៊ុននេះ អាចប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេដើម្បីធ្វើចារកម្ម។ ជាការឆ្លើយតបប្រទេសចិនបានពន្លឿន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ដើម្បីកាត់បន្ថយ ការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។
គិតត្រឹមឆ្នាំ ២០២៤ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនឹងចិននៅតែមានភាពស្មុគស្មាញ និងកំពុងតែមាន វិវឌ្ឍនាការ។ ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១បានផ្តល់ដំណោះ ស្រាយរយៈពេលខ្លីក៏ដោយ ក៏បញ្ហាធំៗមិនត្រូវបានដោះស្រាយ និងការប្រកួតប្រជែងរវាង ប្រទេសទាំង ពីរនៅតែបន្តយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសទាំងពីរកំពុង តែព្យាយាមរកដំណោះ ស្រាយ ប៉ុន្តែការស្វែងរកដំណោះស្រាយយូរអង្វែងនឹង ត្រូវការឱ្យពួកគេជជែកគ្នាលប់បំបាត់នូវភាពខ្វែងគំនិតផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ។
រដ្ឋបាលលោក Biden បានព្យាយាមបង្ហាញពីវិធីសាស្រ្តពហុភាគី ចំពោះគោលនយោបាយ ពាណិជ្ជកម្មនិងការបរទេស ដោយស្វែងរកការពង្រឹងសម្ព័ន្ធភាព និងធ្វើការជាមួយដៃគូអន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ វិធីសាស្រ្តនេះអាចផ្តល់ឱកាសសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។
សេចក្តីសន្និដ្ឋាន
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបង្ហាញពីការផ្លាស់ប្តូរក្នុងទិដ្ឋភាព សេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយពិភពលោក។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ រាល់សកម្មភាពនិងការរៀបចំ គោលនយោបាយរបស់សហរដ្ឋអាមេរិកនិងចិន នឹងធ្វើឱ្យមាន ផលប៉ះពាល់យ៉ាងទូលំទូលាយចំពោះស្ថិរភាព និងវិបុលភាពពិភពលោក។ រាល់ការដោះស្រាយភាពតានតឹងទាំងនេះនឹងតម្រូវឱ្យ ពួកគេថ្លឹងថ្លែងប្រកប តុល្យភាពយ៉ាង ប្រុងប្រយ័ត្នលើផលប្រយោជន៍សេដ្ឋកិច្ច យុទ្ធសាស្ត្រអាទិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រោះថាសង្គ្រាមរូបិយប័ណ្ណនិងវិវាទពាណិជ្ជកម្មនាសម័យទំនើបនេះនឹងបង្ករហានិភ័យខ្ពស់ណាស់។
លទ្ធផលនៃទំនាក់ទំនងពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិកនិងចិន នឹងកំណត់ជោគវាសនាអនាគត នៃនយោបាយសកលភាវូបនីយកម្ម ការវិវត្តនៃនវានុវត្តបច្ចេកវិទ្យា និងទំនាក់ទំនងអន្តរជាតិ។ ពិភពលោកកំពុងតែឃ្លាំមើលប្រកបដោយក្តីសង្ឃឹមថា ប្រទេសទាំងពីរអាចស្វែងរកផ្លូវឆ្ពោះ ទៅរកការចុះសម្រុងនឹងគ្នា ការយល់ដឹងពីគ្នាទៅវិញទៅមក និងការចូលរួមក្នុងន័យស្ថាបនាដែលជំរុញសេដ្ឋកិច្ច ពិភពលោកកាន់តែមានស្ថិរភាពនិងវិបុលភាពសម្រាប់មនុស្សជាតិទាំងអស់គ្នា៕
កិច្ចអន្តរាគមន៍សំខាន់ដំបូងនៅខែ កញ្ញា ឆ្នាំ ២០២២ ប្រទេសជប៉ុនបានបោះជំហានដ៏សំខាន់ដំបូងរបស់ខ្លួនក្នុងការធ្វើអន្តរាគមន៍ទៅលើទីផ្សារប្តូរប្រាក់ចាប់តាំងពីឆ្នាំ ១៩៩៨ ។ អន្តរាគមន៍នេះបានធ្វើឡើងបន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុករបស់ប្រាក់យ៉េនដល់កម្រិតទាបក្នុងរយៈពេល ២៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ កត្តាចម្បងដែលនៅពីក្រោយការធ្លាក់ថ្លៃនេះ គឺដោយសារធនាគារកណ្តាលជប៉ុន (BOJ) រក្សាគោលនយោបាយរូបិយវត្ថុធូររលុងខ្លាំង។ ខណៈពេលដែលអត្រាការប្រាក់នៅសកលមានការកើនឡើង ធនាគារកណ្តាលជប៉ុនបែរជាជ្រើសរើសរក្សាអត្រាការប្រាក់ទាបដើម្បីគាំទ្រដល់លក្ខខណ្ឌ សេដ្ឋកិច្ចក្នុងស្រុកដែលគោលនយោបាយនេះជម្រុញឱ្យមានសម្ពាធអវិជ្ជមានទៅលើប្រាក់យ៉េន។ ក្រសួងហិរញ្ញវត្ថុដោយមានការសម្របសម្រួលជាមួយធនាគារកណ្តាល បានអនុវត្តអន្តរាគមន៍ជាយុទ្ធសាស្រ្តដោយលក់ចេញនូវប្រាក់ដុល្លារអាមេរិក និងទិញប្រាក់យ៉េន។ សកម្មភាពនេះមានគោលបំណងពង្រឹងទៅលើអត្រាប្តូរប្រាក់ដោយការបង្កើនឱ្យមានតម្រូវការប្រាក់យ៉េនដើម្បីធ្វើឱ្យប្រាក់យ៉េនឡើងថ្លៃធៀបនឹងប្រាក់ដុល្លារ។
នៅខែតុលា ឆ្នាំ ២០២២ មានការបន្តខិតខំប្រឹងប្រែងដើម្បីគាំទ្រប្រាក់យ៉េនជប៉ុន បន្តពីកិច្ចអន្តរាគមន៍កាលពីខែកញ្ញាដោយមិនបានទប់ស្កាត់ការបន្តធ្លាក់ចុះនៃប្រាក់យ៉េនឡើយ ដូចនេះ ទើបក្រសួងហិរញ្ញវត្ថុបានធ្វើអន្តរាគមន៍ម្តងទៀតក្នុងខែតុលា ឆ្នាំ២០២២។ ដោយបញ្ចេញលក់ ប្រាក់ដុល្លារ និងការទិញចូល ប្រាក់យ៉េនថែម ទៀតដើម្បីធ្វើឱ្យមានស្ថេរភាពប្រាក់ និងទប់ស្កាត់ការធ្លាក់ថ្លៃ យ៉ាងឆាប់រហ័សរបស់វា។ ការធ្លាក់ចុះនៃប្រាក់យ៉េនបាន ជះឥទ្ធិពលអវិជ្ជមានជាច្រើនមកលើសេដ្ឋកិច្ចជប៉ុន រួមមានការកើនឡើងតម្លៃនាំចូល និងសម្ពាធអតិផរណាកើនឡើង។ ទោះបីជាមានការខិតខំប្រឹងប្រែងពីមុនក៏ដោយ ក៏ប្រាក់យ៉េនបានបន្តប្រឈមមុខនឹងបញ្ហាដោយតម្លៃប្រាក់យ៉េនបន្តធ្លាក់ដល់ចំណុចទាបបំផុតក្នុងខែមេសា ឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះទាបបំផុតក្នុង ប្រវត្តិសាស្រ្តជប៉ុនក្នុងរយៈពេល ជាច្រើនទស្សវត្សរ៍។ ទើបជំរុញឱ្យរដ្ឋាភិបាលជប៉ុន ចេញមកអន្តរាគមន៍ ម្តងទៀតដើម្បីស្តារស្ថានភាពរូបិយប័ណ្ណប្រាក់ យ៉េន។ នេះជាពេលវេលាប្រឈមយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងការរក្សាស្ថេរភាពរូបិយប័ណ្ណក្នុងបរិបទដែលប្រែប្រួល នៃបរិយាកាសសេដ្ឋកិច្ចពិភពលោកក្នុងការធ្វើឱ្យមានតុល្យភាពតម្រូវការសេដ្ឋកិច្ចក្នុងស្រុកជាមួយនឹងកម្លាំងនៃទីផ្សារពិភពលោក។ អន្តរាគមន៍ទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ជប៉ុនក្នុងការធ្វើឱ្យមានតុល្យភាពគោលនយោបាយសេដ្ឋកិច្ចក្នុងស្រុកជាមួយនឹងកម្លាំងទីផ្សារពិភពលោកក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពប្រាក់យ៉េនហើយគ្រប់គ្រងផលប៉ះពាល់លើសេដ្ឋកិច្ចទាំងមូល៕
- ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យា៖ ការវិនិយោគលើការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតដែលមានសក្ដានុពលនៃកំណើនខ្ពស់អាចផ្តល់ផលចំណេញយ៉ាងច្រើនក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ។ រកមើលក្រុមហ៊ុនដែលធ្វើការលើបច្ចេកវិទ្យាដូចជា AI, blockchain ឬ biotech ។
- ការអភិវឌ្ឍន៍អចលនទ្រព្យ៖ ការវិនិយោគលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដូចជាលំនៅដ្ឋាន ឬអចលនទ្រព្យអាចផ្តល់ផលចំណេញថេរតាមពេលវេលា ជាពិសេសនៅក្នុងទីផ្សារដែលមានតម្រូវការខ្ពស់។
- E-commerce: ការកសាងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឬការវិនិយោគលើវេទិកាលក់រាយតាម
អ៊ីនធឺណិតដែលមានស្រាប់ អាចជាការបណ្តាក់ទុនរកប្រាក់ចំណេញជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងខាងការធ្វើទីផ្សារ។ - ថាមពលកកើតឡើងវិញ៖ ការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ឬកសិដ្ឋានខ្យល់ អាចផ្តល់ផលត្រឡប់មកវិញប្រកបដោយនិរន្តរភាពតាមពេលវេលា។
- សេវាថែទាំសុខភាព៖ ការវិនិយោគលើសេវាកម្មថែទាំសុខភាព ដូចជាក្រុមហ៊ុនទូរគមនាគមន៍ ឬក្រុមហ៊ុនបច្ចេកវិជ្ជាវេជ្ជសាស្ត្រ អាចទាញយកប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងសម្រាប់ដំណោះស្រាយថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត។
វាមានសារៈសំខាន់ណាស់ក្នុងការស្រាវជ្រាវឱ្យបានហ្មត់ចត់ ពិគ្រោះជាមួយអ្នកប្រឹក្សាហិរញ្ញវត្ថុ និងពិចារណាពីនិន្នាការទីផ្សារមុនពេលធ្វើការសម្រេចចិត្តវិនិយោគណាមួយ។ លើសពីនេះទៀត ការធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់អ្នកអាចជួយកាត់បន្ថយហានិភ័យ និងបង្កើនផលត្រឡប់មកវិញ។
ការវិនិយោគលើវិស័យអចលនៈទ្រព្យនៅកម្ពុជាអាចជាជម្រើសដែលរកកម្រៃបានជាមួយនឹងថវិការបស់អ្នកចំនួន ១០ លានដុល្លារ។ នគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការកើនឡើងនៃវណ្ណៈ កណ្តាលនៅក្នុងប្រទេសកម្ពុជា កំពុងជំរុញឱ្យមានតម្រូវការសម្រាប់លំនៅដ្ឋាន និងអចលនសម្រាប់ទ្រព្យពាណិជ្ជកម្ម។
លើសពីនេះ វិស័យទេសចរណ៍ក៏មានភាពរីកចម្រើន បង្កើតឱកាសសម្រាប់ការវិនិយោគលើសណ្ឋាគារ រមណីយដ្ឋាន និងអាជីវកម្មបដិសណ្ឋារកិច្ចផ្សេងៗទៀត។ វិស័យទាំងនេះមានសក្តានុពលក្នុងការបង្កើតប្រាក់ចំណូលក្នុងរយៈពេលពី៣ ទៅ៥ ឆ្នាំ ជាពិសេសប្រសិនបើអ្នកធ្វើការស្រាវជ្រាវទីផ្សារឱ្យបានហ្មត់ចត់ និងរៀបចំផែនការយុទ្ធសាស្រ្តមុនពេលធ្វើការសម្រេចចិត្តវិនិយោគ។ វាមានសារៈសំខាន់ណាស់ក្នុងការប្រឹក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុ និងអ្នកជំនាញក្នុងតំបន់ ដើម្បីធានាថាការវិនិយោគរបស់អ្នកមានព័ត៌មានច្បាស់លាស់ និងមានឱកាសជោគជ័យខ្ពស់ជាងមុន៕
ឆាកជីវិតរបស់មនុស្សបានប្រែប្រួលតាមពេលវេលា បរិយាកាសសង្គម និងបរិបទនយោបាយ ។ ទន្ទឹមនឹងការប្រឈមនឹងឧបសគ្គនានា ដែលកើតឡើង ដំណោះស្រាយមួយឬច្រើនក្នុងជីវិត ក៏លេចចេញមកដោយប្រាជ្ញានិងការតាំងចិត្តផងដែរ។ ពីអ្នកធាក់ស៊ីក្លូ ពីជនចំណាកស្រុក និងបានក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ហើយបច្ចុប្បន្នក្លាយជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយ «គ្មាននរណាកើតមកក្រទេ» ឯកឧត្តម វ៉េង សិរីវុឌ្ឍ បានជួបជាមួយលោក កៃ គឹមសុង ចាងហ្វាងការផ្សាយអាម៉ាហ្សាឌៀ អេឌូខេសិន ដើម្បីរៀបរ៉ាប់និងចែករំលែកយ៉ាងក្បោះក្បាយនូវខ្សែជីវិតផ្ទាល់របស់ឯកឧត្តមក្នុងកម្មវិធី «ភូមិអ្នកនិពន្ធ»។ សូមទស្សនាកិច្ចសម្ភាសពិស្តារ។
សេចក្តីព្រាងច្បាប់នេះ បានតាក់តែងដោយ លោក Rahayu Mahzam ជាលេខាធិការជាន់ខ្ពស់សភា ក្នុងគោលបំណងតម្រឹមក្របខណ្ឌបទប្បញ្ញត្តិរបស់ប្រទេសសិង្ហបុរីឱ្យស្របតាមបទដ្ឋានដែលកំណត់ដោយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ។ ច្បាប់នេះគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងអ្នកលក់ត្បូងនិងលោហធាតុមានតម្លៃ, ការផ្តល់ប្រាក់កម្ចី, ការបញ្ចាំ រួមទាំងសេវាកម្មផ្លូវច្បាប់ផងដែរ ដែលជាវិធានប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងបទល្មើសហិរញ្ញវត្ថុ។ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ ឬ FATF គឺជាអង្គការអន្តររដ្ឋាភិបាល ដែលបានបង្កើតក្នុងឆ្នាំ១៩៨៩ ដោយក្រុមប្រទេសមហាអំណាច G7 ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសហិរញ្ញវត្ថុនិងការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្ម។
សេចក្តីព្រៀងច្បាប់ថ្មីនេះមានគោលបំណងពង្រឹងនិងលើកកំពស់បទប្បញ្ញត្តិរបស់ប្រទេសសិង្ហបុរីឱ្យស្របគ្នានឹងស្តង់ដារអន្តរជាតិ ដែលបានបង្កើតឡើងដោយ FATF ម្យ៉ាងដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ប្រទេសសិង្ហបុរី ថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសុវត្តិភាព និងធានាបាននូវយន្តការដ៏រឹងមាំក្នុងការទប់ស្កាត់នូវរាល់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុផ្សេងៗ តាមរយៈការពង្រឹងភាពសុចរិតនៃការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។
សេចក្តីព្រាងច្បាប់នេះមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយរួមទាំងអ្នករកស៊ីលើមុខរបរលក់ត្បូងនិងលោហធាតុមានតម្លៃ ដែលជារឿយៗមិខរបរ ទាំងនេះជាគោលដៅប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនលាងលុយ។ ដោយឡែកវិស័យផ្តល់ប្រាក់កម្ចី និងការបញ្ចាំក៏ក៏នឹងត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងដែរនៃច្បាប់ថ្មីនេះដែរ។ លើសពីនេះ សេវារកស៊ីផ្លូវច្បាប់ក៏នឹងស្ថិតក្រោមលក្ខខណ្ឌត្រួតពិនិត្យយ៉ាងតឹងរឹងដែរ ដើម្បីធានាថាសេវាកម្មរបស់ពួកគេមិនត្រូវបានប្រើប្រាស់ក្នុងមធ្យោបាយជួយលាងលុយកខ្វក់។
សមាជិកសភា លោក Louis Ng បានសង្កត់ធ្ងន់ថាសេចក្តីព្រាងច្បាប់ថ្មីនេះនឹងជួយឱ្យប្រទេសសិង្ហបុរី បំពេញតម្រូវការស្របតាមស្តង់ដារអន្តរជាតិនិងកាត់បន្ថយហានិភ័យទាំងឡាយដែលទាក់ទងនឹងការរីកសាយនៃបទល្មើសហិរញ្ញវត្ថុ រាប់បញ្ចូលទាំងវិធានការទប់ស្កាត់ការផ្តល់ហិរញ្ញប្បទានដល់ការផលិតអាវុធប្រល័យលោក ដែលជាការចូលរួមដោះស្រាយកង្វល់សន្តិសុខរបស់ពិភពលោកដ៏សំខាន់នាពេលបច្ចុប្បន្ន។ តាមរយៈការអនុវត្តវិធានច្បាប់ថ្មីនេះ សិង្ហបុរីមានគោលបំណងក្នុងការដើរតួនាទីយ៉ាងសកម្មនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយហិរញ្ញប្បទាន និងការលើកកម្ពស់សន្តិសុខអន្តរជាតិ។
ការធ្វើបច្ចុប្បន្នភាពនេះមានសារៈសំខាន់សម្រាប់ការបង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះយុទ្ធសាស្ត្រវិវត្តនៃឧក្រិដ្ឋជនហិរញ្ញវត្ថុ។ ច្បាប់នេះបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរក្សាបរិយាកាសហិរញ្ញវត្ថុដ៏រឹងមាំ ប្រកបដោយសុវត្ថិភាពហើយអាចការពារប្រជាពលរដ្ឋនិងស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួនពីការគំរាមកំហែងដែលបង្កឡើងដោយឧក្រិដ្ឋជនហិរញ្ញវត្ថុបានប្រសើរជាងមុន៕