បុរសអ្នកជំនួញដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ លោក Jamal Al Nadak ត្រូវបានគេរាយការណ៍ថាបានទិញកោះឯកជនមួយ តម្លៃ ៥០លានដុល្លារអាមេរិក ដើម្បីទុកឱ្យភរិយារបស់គាត់លោកស្រី Soudi Al Nadak នូវសេរីភាព និងឯកជនភាព ក្នុងការស្លៀកពាក់ឈុតប៊ីគីនី នៅលើឆ្នេរខ្សាច់របស់ពួកគេ។

ស្ត្រី​ជាភរិយាដែលកើតនៅ​អង់គ្លេសរូបនេះ ​ក៏​បាន​បញ្ជាក់​ពី​ការ​ទិញ​នេះ​ដែរ។

លោកស្រី Soudi Al Nadak អាយុ ២៦ ឆ្នាំ បានចែករំលែកវីដេអូលើបណ្តាញ Instagram នៅលើកោះឯកជនដែលស្វាមីនាង បានទិញឱ្យ ដោយសរសេរថា៖ “POV: អ្នកចង់ស្លៀកឈុតប៊ីគីនី, ដូច្នេះប្តីសេដ្ឋីក៏បានទិញកោះឱ្យមួយ”។

លោកស្រី Soudi បានរៀបការជាមួយអ្នកជំនួញនៅទីក្រុងឌូបៃ លោក Jamal Al Nadak និងពណ៌នាថាខ្លួននាងជា៖ “ស្ត្រីមេផ្ទះពេញម៉ោង”។ គូស្នេហ៍​មួយ​គូ​នេះ​ បាន​ជួប​គ្នា​ពេល​កំពុង​សិក្សា​នៅក្រុង​ឌូ​បៃ និង​បាន​រៀប​ការ ​នៅ​ឆ្នាំ​២០២១ ។

គណនី Instagram របស់លោកស្រី ដែលមានអ្នកតាមដាន ៣៣៦,០០០នាក់ បានរៀបរាប់លម្អិតអំពីរបៀបរស់នៅក្នុងជីវិតសម្បូរហូរហៀរបស់ខ្លួន។ លោកស្រី ​មាន​វីដេអូ​១ស៊េរី ​ដែល​មាន​ចំណង​ជើង​ថា “តើ​ប្តី​សេដ្ឋី​របស់​ខ្ញុំ ​ចំណាយ​លើ​ខ្ញុំ​ប៉ុន្មាន​ក្នុង​សប្តាហ៍​នេះ” ដោយ​ចំណាយ​នៅគ្រប់កន្លែងយ៉ាង​ហោចណាស់ ចន្លោះ​ពី ៥ម៉ឺនដុល្លារ ទៅ ១លាន​ដុល្លារ៕

ថ្មីៗនេះ លោកស្រី បាន​បង្ហោះ​វីដេអូ​រៀប​ការ​ដោយ​សរសេរ​ថា៖ “ខ្ញុំ​ត្រូវ​រៀប​ការ​នៅ​ក្រៅ​វប្បធម៌​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​​មិន​ព្រមធ្វើការ ដើម្បី​បើក​ប្រាក់​ខែ ហើយ​ខ្ញុំ​ទទួល​យក​តែ​មាស ​ជា​កាដូ”។

ក្នុង​បទ​សម្ភាស​មួយ លោកស្រី Soudi បាន​និយាយ​អំពី​ពួកគេ​ចង់​ទិញ​កោះ​មួយ​សម្រាប់ជា​ការ​វិនិយោគ។ លោកស្រី បាននិយាយថា កោះនេះត្រូវបានទិញក្នុងតម្លៃ 50 លានដុល្លារ (37.25 លានផោន) ។

រូបភាពដកស្រង់ពីគណនី អ៊ីនស្តាក្រាម លោកស្រី Soudi Al Nadak និងស្វាមីលោក Jamal នៅឯឆ្នេរខ្សាច់ នៃកោះដែលពួកគេបានទិញ។

លោកស្រី បានប្រាប់សារព័ត៌មានឥណ្ឌាប្រចាំថ្ងៃ Hindustan Times ថា៖ “វាជាអ្វីមួយ ដែលយើងកំពុងគិតថាធ្វើមួយនៅពេលណាមួយសម្រាប់ការវិនិយោគ ហើយប្តីរបស់ខ្ញុំចង់ឱ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាព នៅលើឆ្នេរខ្សាច់មួយ ដែលជាមូលហេតុដែលគាត់ទិញវា។ សម្រាប់ហេតុផលឯកជនភាព យើងសុំមិនប្រាប់ទីតាំងនេះពិតប្រាកដទេ ប៉ុន្តែវាស្ថិតនៅក្នុងទ្វីបអាស៊ី ហើយវាមានតម្លៃ ៥០លានដុល្លារ”។

ការ​បញ្ចេញ​មតិ​ជាច្រើន លើ​ការ​បង្ហោះ​របស់​នាង មាន​រាប់​ចាប់​ពី​ការ​មិន​ជឿ រហូត​ដល់​ការ​រិះគន់​ចំៗ​អំពី​ការ​អួតអាងអំ​ពី​ទ្រព្យសម្បត្តិ​របស់​ខ្លួន។

អ្នកលេង Instagram ម្នាក់ បានសួរថា៖ “តើប្តីលោកស្រី មានបងប្រុសទេ? ខ្ញុំ​សុំ​ដណ្តឹងឱ្យមិត្ត​ភក្តិ​របស់​ខ្ញុំ»៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព