ក្រុមហ៊ុន Meta ត្រៀមនឹងណែនាំឱ្យប្រើឧបករណ៍ AI របស់ខ្លួន ដោយឥតគិតថ្លៃ នៅក្នុងប្រទេសវៀតណាម ខណៈដែលកំពុងពង្រីកការផលិតឧបករណ៍កាស Quest 3S របស់ខ្លួន, ដោយកំពុងបង្កើតការងារ ១០០០ និងកំពុងជំរុញសេដ្ឋកិច្ចក្នុងស្រុកមួយនេះ។

ឧបករណ៍ AI ដែលមានឈ្មោះថា Meta AI គឺជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយ ChatGPT និងត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសវៀតណាមនៅចុងឆ្នាំនេះ។

ក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយនៅព្រឹត្តិការណ៍ Innovate Vietnam 2024 នៅទីក្រុងហាណូយ កាលពីថ្ងៃអង្គារ, ប្រធានផ្នែកកិច្ចការសកលរបស់ Meta លោក Nick Clegg បាននិយាយថា៖ “យើងមានមោទនភាព ដែលក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំតែមួយគត់នៅតំបន់ Silicon Valley ដែលផ្តល់ឧបករណ៍ AI ដោយឥតគិតថ្លៃ ដល់ក្រុមអ្នកប្រើប្រាស់វៀតណាម”។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh (ស្តាំ) ជួបលោក Nick Clegg, ប្រធានកិច្ចការសកលនៃក្រុមហ៊ុន Meta។

Meta AI ប្រើប្រាស់គំរូ Llama ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta ដំណើរការមុខងារស្រដៀងទៅនឹង ChatGPT ។ លោក Clegg បានសង្កត់ធ្ងន់ថា គំរូភាសាដ៏ធំនៃប្រភពបើកចំហនេះ គាំទ្រភាសាវៀតណាម ដោយជួយបណ្តាអាជីវកម្មក្នុងស្រុក ជៀសវាងការចំណាយខ្ពស់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ AI ផ្ទាល់ខ្លួនរបស់ពួកគេ។

បន្ថែមលើនេះទៀត ក្រុមហ៊ុន Meta បានបង្ហាញឱ្យដឹងថា AI សម្រាប់អាជីវកម្មរបស់ខ្លួន ដែលប្រើរួម ជាមួយ Messenger ត្រូវបានសាកល្បង នៅក្នុងប្រទេសវៀតណាមចាប់តាំងពីខែមិថុនា ហើយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំនេះ។ ផលិតផល AI នេះ ក៏អាចត្រូវបានដាក់បញ្ចូលជាមួយក្នុងវេទិកាផ្សេងទៀត ដូចជា WhatsApp ផងដែរ។

ការពង្រីកខ្លួនរបស់ Meta នៅក្នុងប្រទេសវៀតណាម មានទាំងការផលិតឧបករណ៍កាសចម្រុះការពិត Quest 3S ដែលបានដាក់ឱ្យប្រើប្រាស់តាងពីចុងខែកញ្ញា ជាមួយនឹងតម្លៃចាប់ផ្តើម ៣០០ដុល្លារអាមេរិក។ ការសម្រេចចិត្តជ្រើសរើសប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្មនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ១០០០ និងរួមចំណែករាប់លានដុល្លារ ដល់សេដ្ឋកិច្ចរបស់ប្រទេស។

លោក Clegg បានបន្ថែមថា៖ “វៀតណាម បន្តជាប្រទេសដ៏សំខាន់សម្រាប់ Meta ដោយមានអាជីវកម្មខ្នាតតូចរាប់លាន និងក្រុមអ្នកប្រើប្រាស់ ប្រើប្រាស់វេទិការរបស់យើង”។

ក្រុមហ៊ុន Meta ក៏បានប្រកាសពីភាពជាដៃគូជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ – សកលវិទ្យាល័យជាតិវៀតណាម នៅទីក្រុងហាណូយ ដើម្បីផ្តល់ក្រេឌីតទាក់ទងនឹង AI សម្រាប់ក្រុមនិស្សិត ចាប់ពីខែមីនា ឆ្នាំ ២០២៥ តទៅ។ កម្មវិធីនេះ មានគោលបំណងលើកកំពស់ជំនាញទាំងគ្រូ និងសិស្ស ដោយលើកកម្ពស់ការប្រើដោយសុវត្ថិភាព និងការប្រើប្រាស់ AI ដោយការទទួលខុសត្រូវ។

ក្រុមហ៊ុន Meta ដែលត្រូវបានគេស្គាល់សម្រាប់វេទិកាជាច្រើន ដូចជា Facebook, Instagram, WhatsApp និង Threads ក៏ដូចជាកាសស្តាប់ VR/AR បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម តាំងពីឆ្នាំ ២០១៥មក ដោយសហការជាមួយក្រសួង និងនាយកដ្ឋាននានាលើគំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថល និងការច្នៃប្រឌិតនេះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព