ប្រជាប្រិយភាព របស់អតីតប្រធានាធិតបតី លោកដូណាល់ ត្រាំ ជាបេក្ខភាពបក្សសាធារណរដ្ឋ បានហក់ឡើងហួសពីការស្មាន បន្ទាប់ ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយ ហើយការប្រកាសឧបត្ថម្ភប្រមាណ $45លាន ជារៀងរាល់ខែ ពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យា​លោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននាំឲ្យមានការប៉ានប្រមាណជា្រច្រើន​ថា លោកនឹងឡើងកាន់ អំណាចជាថ្មី នៅថ្ងៃទី៥ វិច្ឆិកា ប៉ុន្តែវត្តមានរបស់ស្ត្រីស្បែកខ្មៅ លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) ពីសប្តាហ៍មុន ដែលជំនួសលោកប្រធានាធិបតី ចូ បៃដិន (ដែលបានបោះបង់ការប្រជែង) នៅលើវិទិកាឃោសនាបោះឆ្នោត ក៏បានបង្ហាញថា នឹងមានឈុតឆាកប្រជែងគ្នាជាថ្មី ខណៈត្រឹមតែ​២៤ម៉ោង​បន្ទាប់ពីការចាលចេញរបស់លោក បៃដិន ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោត​តបស់​លោកជំទាវ បានទទួលអំណោយសម្រាប់ឃោសនា​ចំនួនជាង$​១០០លាន​ ដែលគូសបញ្ជាក់ពីទំនុកចិត្តថ្មី ពីក្រុមអ្នកគាំទ្រ។

អំណោយដែលក្រុមរបស់លោកជំទាវ បានហៅថា ជា ការរៃអង្គាសជាប់កំណត់ត្រា ក្នុងរយៈពេល 24 ម៉ោង ដែលប្រមូលបាន 81លានដុល្លារ បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់បក្ស​ប្រជាធិបតេយ្យ ខណៈការស្ទង់មតិថ្នាក់ជាតិលើកដំបូងដែលបានធ្វើឡើងចាប់តាំងពីលោកបៃដិន បានចាកចេញ បានបង្ហាញថា លោកជំទាវ ហារីស មានប្រជាប្រិយភាពជាងលោក ត្រាំ។ ការស្ទង់មតិរបស់ Ipsos/Reuters ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថាលោកជំទាវ ហារីស បាននាំមុខលោកលោកត្រាំ ចំនួន២ពិន្ទុ គឺ ៤៤%ទល់នឹង ៤២%។

ការស្ទង់មតិ​៤ស្ថាប័ន អំពីប្រជាប្រិយភាព លោកត្រាំ និង ជំទាវ ហារីស

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមួយ ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យា​លោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននិយាយថា លោកគ្រោងបរិច្ចាគប្រហែល 45 លានដុល្លារជារៀងរាល់ខែ ដោយចាប់ផ្តើមពីខែសីហា ទៅឲ្យគណៈកម្មាធិការសកម្មភាពនយោបាយទំនើបថ្មី (Super PAC) ដើម្បីគាំទ្រការប្រជែងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ Donald Trump)។

ដោយដកស្រង់ពីមនុស្សដែលធ្លាប់ជួបនឹងបញ្ហាទាំងនេះ, កាសែត Wall Street Journal បានរាយការណ៍ថា លោក Musk នឹងធ្វើការការបរិច្ចាគរបស់លោក នឹងទៅឲ្យក្រុមមួយដែលមានឈ្មោះថា America PAC ដែលនឹងផ្តោតលើការគាំទ្រលោក ត្រាំ តាមរយៈការលើកកម្ពស់ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោតមុនកាលកំណត់ និងសន្លឹកឆ្នោតតាមប្រៃសនីយ៍ ក្នុងចំណោមអ្នករស់នៅក្នុងបណ្តារដ្ឋប្រទាញប្រទង់ នៅមុនការបោះឆ្នោតទូទៅ ថ្ងៃទី៥ ខែវិច្ឆិកា។

Musk ដែលជាបុរសមានបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណជា $250ពាន់លាន បានគាំទ្រជាផ្លូវការនូវបេក្ខភាពប្រធានាធិបតីអាមេរិករបស់ត្រាំ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានរួចរស់ជីវិតពីការបាញ់ប្រហារនៅឯការជួបជុំឃោសនាមួយក្នុងរដ្ឋផេនស៊ីលវ៉ានៀ(Pennsylvania) ។

លោកដូណាល់ ត្រាំ និយាយជាមួយលោក អ៊ីឡុន ម៉ាស់ អំពីប្រាក់ឧបត្ថម្ភ

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលលោកបានបង្កើតក្នុងឆ្នាំ 2022 ដែលកាលណោះវាមានឈ្មោះថា ទ្វីតទ័រ (Twitter) លោក Musk បានសរសេរថា៖ “ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានាធិបតី Trump ហើយសង្ឃឹមថានឹងបានជាសះស្បើយយ៉ាងឆាប់រហ័ស” ។

ចំណែក​បក្ស​ប្រជាធិតេយ្យ ថ្វីបើការគាំទ្របានធ្លាក់ចុះ ដោយសារវ័យជ្រេ និងទង្វើថ្មីៗរបស់លោក បៃដិនក៏ដោយ ក៏អ្នកស្នងរបស់លោក គឺលោកជំទាវ ហារីស វ័យ​៥៩ឆ្នាំ មិនអន់នោះឡើយ។

ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជំទាវ បាននិយាយថា បក្សប្រជាធិបតេយ្យ បានទទួលបរិច្ចាគប្រាក់ជាង 100 លានដុល្លារ សម្រាប់ការប្រជែងតំណែងប្រធានាធិបតីអាមេរិក របស់ជំទាវអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ចាប់តាំងពីប្រធានាធិបតី លោក ចូ បៃដិន បានបោះបង់ចោលការប្រជែងតំណែងនោះ កាលពីថ្ងៃអាទិត្យ ទី២១ កក្កដា ២០២៤។

យោងតាមវេទិកាបរិច្ចាគ ActBlue ឲ្យដឹងថា ក្នុងអំឡុងពេលនោះ មានមនុស្សជាង 888,000 នាក់ បានបរិច្ចាគទឹកប្រាក់រហូតដល់ 200 ដុល្លារក្នុងម្នាក់ៗ ។

ក្រុមអ្នកផ្តល់ជំនួយ ដែលបានដកមូលនិធិរបស់ពួកគេមកវិញ ដោយសារការព្រួយបារម្ភអំពីអាយុរបស់លោកបៃដិន បាននិយាយថា ពេលនេះពួកគេមានបំណងបន្តការគាំទ្ររបស់ពួកគេសម្រាប់គណបក្សនេះវិញហើយ។

សម្លេងគាំទ្របក្ស​ប្រជាធិបតេយ្យ​ហាក់មានសន្ទុះ ជាមួយបេក្ខភាព​លោកជំទាវ ហារីស

យោងតាមកាសែត New York Times ឲ្យដឹងថា ការកើនឡើងនៃការបរិច្ចាគក្នុងរយៈពេល 24 ម៉ោង បន្ទាប់ពីលោក បៃដិន ចាកចេញពីការជែងនេះ គឺជាការបរិច្ចាគតាមអ៊ីនធឺណិតដល់បក្សប្រជាធិបតេយ្យដ៏ធំបំផុតតែមួយគត់ ចាប់តាំងពីឆ្នាំ 2020មក។

មូលនិធិថ្មីនេះ គឺជាការរប់ដ៏សំខាន់មួយសម្រាប់ បក្សប្រជាធិបតេយ្យ ដែលគេឃើញការគាំទ្រពីម្ចាស់ជំនួយសំខាន់ៗបាន ធ្លាក់ចុះ បន្ទាប់ពីលោកបៃដិន ធ្វើមិនល្អនៅក្នុងការជជែកដេញដោលប្រធានាធិបតីកាលពីខែមិថុនា ប្រឆាំងនឹងលោក ដូណាល់ ត្រាំ  ដែលធ្វើឲ្យសូម្បីតែ មូលនិធិមូលដ្ឋានពីម្ចាស់ជំនួយតូចៗក៏បានថយចុះផងដែរ ។

ប៉ុន្តែភ្លាមៗបន្ទាប់ពីលោកបៃដិន បានប្រកាសបោះបង់ការប្រជែងតំណាងប្រធានាធិបតី និងការយល់ព្រមរបស់លោកទៅឲ្យលោកជំទាប ហារីស ដើម្បីប្រជែងយកសេតវិមាន ក្រុមអ្នកប្រជាធិបតេយ្យ ក៏បានចូលរួមចំណែកបរិចចាកតាមអនឡានក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

លោកជំទាវ អនុប្រធានាធិបតី កាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតី ដ៏មានប្រជាប្រិយ

ActBlue បានសរសេរនៅលើគណនី X ថា៖ “អ្នកគាំទ្រមូលដ្ឋានមានថាមពលឡើវិញ និងរំភើបចិត្ត ក្នុងការគាំទ្រ ជំទាវហារីស ជាបេក្ខភាពបក្សប្រជាធិបតេយ្យ”។

Win With Black Women ដែលជាក្រុមមេដឹកនាំស្ត្រីស្បែកខ្មៅ បានធ្វើការហៅវីដេអូខលតាម Zoom ដែលមានអ្នកចូលរួមជាង 44,000 កាលពីយប់ថ្ងៃអាទិត្យ ដើម្បីសម្តែងការគាំទ្ររបស់ពួកគេនៅពីក្រោយលោកជំទាវអនុប្រធានាធិបតីរូបនេះ ដោយបានរៃអង្គាសប្រាក់បានជាង 1.5 លានដុល្លារក្នុងរយៈពេល 3 ម៉ោងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកជំទាវ។

លោក Joe Cotchett ដែលជាអ្នករៃអង្គាសថវិកានយោបាយនៅសាន់ហ្វ្រាន់ស៊ីស្កូ សម្រាប់គណបក្សប្រជាធិបតេយ្យ បានប្រាប់ NBC News ថា ម្ចាស់ជំនួយ “ពេលនេះត្រៀមខ្លួនរួចរាល់ហើយដើម្បីចាយលុយរបស់ពួកគេ” ។

ក្នុងចំណោមនោះ មានលោក Gideon Stein ប្រធានមូលនិធិ Moriah និងជាអ្នកផ្តល់ជំនួយសម្រាប់ បក្សនេះ ដោយបានប្រាប់ប្រព័ន្ធឃោសនាអាមេរិកថា លោកនឹងបន្តផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីបានផ្អាកដោយសារតែមានការព្រួយបារម្ភអំពីសមត្ថភាពបោះឆ្នោតរបស់លោកបៃដិន។

ម្ចាស់ជំនួយផ្នែកនយោបាយដែលមានកេរ្តិ៍ឈ្មោះខ្លាំងខ្លះ ក៏បានបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះលោកជំទាវ ហារីស ក្នុងនាមជាបេក្ខភាពបក្សប្រជាធិបតេយ្យផងដែរ។

លោក Reid Hoffman ដែលជាសហស្ថាបនិក LinkedIn បានហៅលោកជំទាវអនុប្រធានាធិបតី “ជាមនុស្សត្រឹមត្រូវ ចំពេលដ៏ត្រឹមត្រូវ” ។

គាត់បាននិយាយនៅក្នុងការប្រកាសនៅលើគណនី Xថាៈ “ខ្ញុំគាំទ្រដោយស្មោះអស់ពីចិត្តចំពោះលោកជំទាវ កាម៉ាឡា ហារីស និងបេក្ខភាពរបស់លោកជំទាវ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើង នៅក្នុងខែវិច្ឆិកា”។

លោកត្រាំ អាចឈឺក្បាលនឹងវត្តមានលោកជំទាវ ហារីស ទោះបីជាលោកអ៊ីឡុន ម៉ាស់ ជួយ១ខែ $45 លាន។

ម្ចាស់ជំនួយផ្នែកនយោបាយដ៏ល្បីឈ្មោះមួយរូបទៀតគឺ លោក Alexander Soros ដែលជាកូនប្រុសរបស់សប្បុរសជន George Soros បាននិយាយថា លោកជំទាវ ហារីស គឺជា “បេក្ខជនល្អបំផុត និងមានសមត្ថភាពបំផុតដែលយើងមាន”។ សហស្ថាបនិកក្រុមហ៊ុន Netflix លោក Reed Hastings ដែលត្រូវបានគេស្គាល់ថាជាអ្នកផ្តល់ជំនួយរបស់ បក្សប្រជាធិបតេយ្យពីមុនបានប្រាប់កាសែត New York Times ថា លោកបៃដិន គួរតែចុះចេញពីតំណែងជាអ្នកតែងតាំងគណបក្សប្រជាធិបតេយ្យ។ នៅថ្ងៃអាទិត្យបន្ទាប់ពីការប្រកាសបោះបង់របស់លោក បៃដិន លោក Hastings បានសរសេរនៅលើគណនី X ថា ៖ “គណៈប្រតិភូ បក្សប្រជាធិបតេយ្យ ត្រូវការជ្រើសរើសអ្នកឈ្នះរដ្ឋប្រទាញប្រទង់” ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព