តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេស គឺបក្សឆ្ពោះទៅមុខ (Move Forward Party) បន្ទាប់ពីរកឃើញថា បក្សនេះមានទោសពីបទបំពានច្បាប់បោះឆ្នោតជាមួយនឹងយុទ្ធនាការរបស់ខ្លួន ដើម្បីឲ្យកែប្រែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដែលតឹងរ៉ឹង។
នៅក្នុងសេចក្តីសម្រេចជាឯកច្ឆ័ន្ទមួយ តុលាការដែលមានសមាជិក៩រូប បានសម្រេចថា កិច្ចប្រឹងប្រែងរបស់បក្សឆ្ពោះទៅមុខ (Move Forward) ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលត្រូវបានគេស្គាល់ថា មាត្រា 112 នៃក្រមព្រហ្មទណ្ឌថៃ បានរំលោភច្បាប់បោះឆ្នោត។ តុលាការនេះ ក៏បានហាមប្រាមក្រុមមេដឹកនាំរបស់ខ្លួន ក្នុងនោះមានទាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន លោក ភីថា លីមចារើនរ៉ាត (Pita Limjaroenrat) ផងដែរ ពីសកម្មភាពនយោបាយ ឬឈរឈ្មោះបោះឆ្នោតជាសាធារណៈរយៈពេល១០ឆ្នាំ។

មេដឹកនាំបក្សឆ្ពោះទៅមុខ លោកភីថា លីមចារើនរ៉ាត់ នៅខាងក្រៅតុលាការធម្មនុញ ក្នុងក្រុងបាងកក ពីថ្ងៃពុធទី៧ សីហា ២០២៤
នៅក្រោមច្បាប់បោះឆ្នោតថៃ សមាជិកសភាបក្សឆ្ពោះទៅមុខប្រមាណ ១៥០ នាក់នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៥០០រូប ពេលនេះ ត្រូវតែផ្លាស់ទៅជ្រកនឹងគណបក្សថ្មីក្នុងរយៈពេល 60 ថ្ងៃ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ បានស្វែងរកការរំលាយគណបក្សឆ្ពោះទៅមុខបន្ទាប់ពីការសម្រេចមួយ កាលពីដើមឆ្នាំនេះថា កិច្ចប្រឹងប្រែងរបស់ក្រុមនេះ ដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ គឺស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។
ការរំលាយនេះ ប្រថុយនឹងការរុញច្រានប្រទេសថៃឱ្យធ្លាក់ចូលក្នុងភាពចលាចលនយោបាយថ្មី ដោយតុលាការដដែលនេះ ក៏គ្រោងនឹងកាត់ក្តីនៅសប្តាហ៍ក្រោយលើញត្តិមួយដើម្បីបណ្តេញនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន ពីបទរំលោភក្រមសីលធម៌។ ការគំរាមកំហែងនៃភាពចលាចលនយោបាយថ្មីនេះ កើតមានឡើងចំពេលមានការចាកចេញរបស់ក្រុមវិនិយោគិនពីផ្សារភាគហ៊ុនរបស់ប្រទេសនេះ និងអាចរារាំងការប៉ុនប៉ងរបស់លោក ស្រេតថា ក្នុងការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។
បក្សឆ្ពោះទៅមុខ បានរំខានដល់នយោបាយថៃ ដោយការឈ្នះអាសនៈសភាភាគច្រើននៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។ អ្នកគាំទ្ររបស់ពួកគេភាគច្រើន គឺជាអ្នកបោះឆ្នោតវ័យក្មេង និងជាអ្នកបោះឆ្នោតនៅក្នុងក្រុង ដែលមានការខកចិត្តយ៉ាងខ្លាំង ជាមួយនឹងរដ្ឋបាលដែលគាំទ្រដោយយោធាជិតមួយទសវត្សរ៍។
ឥទ្ធពលអភិរក្ស
លោកភីថា ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហារវើដ ដែលកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលរបស់លោក ត្រូវបានរារាំងដោយអ្នកនយោបាយអភិរក្សនិយម និងព្រឹទ្ធសមាជិក ដែលតែងតាំងដោយយោធា បានបដិសេធការចោទប្រកាន់ទាំងនោះ និងបានចោទប្រកាន់ទីភ្នាក់ងារបោះឆ្នោតថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងសំណុំរឿងនេះ។
យោងតាមការស្ទង់មតិកាលពីខែមិថុនាដោយវិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាល ឲ្យដឹងថា គណបក្សនេះ មានប្រជាប្រិយភាពបំផុតក្នុងប្រទេស ដោយលោក ភីថា ជាជម្រើសកំពូល ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រី ។
គណបក្សដែលទើបចាប់ផ្តើមថ្មីនេះ បានប្រឆាំងនឹងស្ថាប័នអភិរក្សនិយមគាំទ្ររាជានិយមរបស់ប្រទេសថៃដែលបានផ្អៀងទៅលើនយោបាយជាតិ ចាប់តាំងពីរបបរាជានិយមផ្តាច់ការបានបញ្ចប់ក្នុងឆ្នាំ ១៩៣២ ជាមួយនឹងការអំពាវនាវរបស់ខ្លួន ឱ្យធ្វើកំណែទម្រង់។ ការសម្រេចកាលពីថ្ងៃពុធ គឺអនុលោមទៅតាមសាលក្រមរបស់តុលាការធម្មនុញ្ញ ក្នុងខែមករា នៅពេលដែលចៅក្រមបានបញ្ជាឱ្យគណបក្សនេះបញ្ឈប់សកម្មភាពទាំងអស់របស់ខ្លួន ឲ្យកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីសប្តាហ៍មុនថា លោកភីថា ដែលបានដឹកនាំគណបក្សនេះ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន បាននិយាយថា ខ្លួនមានក្រុមថ្មីមួយ នៅក្នុងស្លាបជាច្រើនដើម្បីទទួល នៅក្នុងព្រឹត្តិការណ៍នៃការរំលាយបក្ស ទោះបីជាលោកមិនបានបញ្ចេញព័ត៌មានលម្អិតណាមួយជាផ្លូវការក៏ដោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឱ្យដឹងថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានរំលាយគណបក្សនយោបាយរាប់សិបមកហើយ និងហាមប្រាមអ្នកនយោបាយរាប់រយនាក់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពីបទការរំលោភលើច្បាប់បោះឆ្នោត តូច និងធំជាច្រើន៕