ធនាគារពិភពលោក បាននិយាយថា ខ្លួនកំពុងវាយតម្លៃពីផលប៉ះពាល់នៃព្រឹត្តិការណ៍នៅក្នុងប្រទេសបង់ក្លាដែស លើកម្មវិធីកម្ចីរបស់ខ្លួនជាមួយប្រទេសនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ខ្លួន លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង និងរត់ភៀសខ្លួនកាលពីថ្ងៃចន្ទ។

ការចាកចេញរបស់លោកស្រីហាស៊ីណា (Hasina) បានកើតឡើង បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបបាតុកម្មជាច្រើន ដែលបានចាប់ផ្តើមជាការតវ៉ាប្រឆាំងនឹងកូតាអនុគ្រោះការងារ រួចក៏បានក្លាយទៅជាចលនាទាមទារឱ្យផ្តួលរំលំលោកស្រីតែម្តង។

លោកស្រី សេក ហាស៊ីណា ភៀសខ្លួនចេញពីប្រទេស​បង់ក្លាដែស កាលពីថ្ងៃចន្ទ ទី៥ សីហា ២០២៥

ភាពចលាចលនយោបាយបច្ចុប្បន្ន នៅបង់ក្លាដែស ត្រូវបានគេរំពឹងថា នឹងរំខានដល់ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេសនេះ និងបង្កភាពមិនច្បាស់លាស់ នៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ របស់ទីក្រុងដាកា ជាមួយទីក្រុងញូវដែលីផងដែរ។

អ្នកនាំពាក្យរបស់ធនាគារ១រូប បាននិយាយថា៖ “យើងកាន់ទុក្ខចំពោះអំពើហឹង្សា និងការបាត់បង់ជីវិតដ៏សោកនាដកម្ម ដែលបានកើតឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅបង់ក្លាដែស ហើយសង្ឃឹមលើដំណោះស្រាយដ៏ឆាប់រហ័ស និងដោយសន្តិវិធីមួយ។ យើងកំពុងវាយតម្លៃពីផលប៉ះពាល់ នៃស្ថានការណ៍ដែលកំពុងកើតឡើង លើកម្មវិធីក្រុមធនាគារពិភពលោក និងនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រចំពោះបំណង នៃការអភិវឌ្ឍន៍របស់ប្រជាជនបង់ក្លាដែស” ។

ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក កាលពីខែមិថុនាបានអនុម័តគម្រោងចំនួនពីរ ដែលមានតម្លៃសរុប ៩០០លានដុល្លារដើម្បីជួយបង់ក្លាដែសពង្រឹងគោលនយោបាយផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីធានាឲ្យបាននូវកំណើនប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ។

ធនាគារពិភពលោក គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេដែលជួយដល់ប្រទេសបង់ក្លាដែសបន្ទាប់ពី បានទទួលឯករាជ្យ។ ចាប់តាំងពីពេលនោះមក ធនាគារនេះ បានប្តេជ្ញាផ្តល់ជំនួយឥតសំណងចំនួន $៤១ ពាន់លានដុល្លារ និងឥណទានគ្មានការប្រាក់ដល់ប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។

ទោះបីជាប្រមុខយោធារបស់ពួកគេបានប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ នឹងគ្រប់គ្រងប្រទេសនេះក៏ដោយ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ឥណ្ឌា ជាមួយទីក្រុងដាកា អាចនឹងឈានចូលដល់ដំណាក់កាល នៃភាពមិនប្រាកដប្រជា។

បង់ក្លាដែស គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី 25 របស់ឥណ្ឌា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ១២.៩ ពាន់លានដុល្លារ។ ពាណិជ្ជកម្មនេះ ត្រូវបានគ្របដណ្ដប់ដោយការនាំចេញ រីឯបង់ក្លាដែសជាដៃគូនាំចេញធំបំផុតទី៨ របស់ឥណ្ឌា។ នៅក្នុងឆ្នាំសារពើពន្ធ 24 ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសបង់ក្លាដែសបានធ្លាក់ចុះ ៩.៥ ភាគរយស្មើនឹង ១១ពាន់លានដុល្លារ។

ស្ត្រីបង់ក្លាដែស ធ្វើការនៅក្នុងរោងចក្រកាត់ដេរ ក្នុងក្រុងដាកា

ភាពចលាចលនយោបាយនេះ ត្រូវបានគេរំពឹងថានឹងរំខានដល់ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេស ដោយប៉ះពាល់ជាសក្តានុពលដល់ក្រុមអ្នកលក់រាយសម្លៀកបំពាក់ពិភពលោក ចាប់ពីម៉ាក H&M ដល់ ម៉ាក Zara ខណៈដែលពួកគេឈានចូលដល់រដូវវិស្សមកាលសំខាន់។

ចាប់តាំងពីមានអំពើហិង្សាក្នុងខែកក្កដាមក រោងចក្រកាត់ដេរជាច្រើនក្នុងប្រទេសនេះ បាននិងកំពងបិទទ្វារដោយគ្មានកំណត់។ ​ យោងតាម​សមាគមរោងចក្រកាត់ដេរបង់ក្លាដែស និងអ្នកនាំចេញ (BGMEA) ឱ្យដឹងថា ឧស្សាហកម្មកាត់ដេរដែលផលិតរួចរាល់មានចំនួន ៨៣% នៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសនេះ។

យោងតាមទន្នន័យពីអង្គការពាណិជ្ជកម្មពិភពលោក ឱ្យដឹងថា បង់ក្លាដែស គឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំបំផុតទី៣ នៅលើពិភពលោកកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិន និងសហភាពអឺរ៉ុប ដោយនាំចេញសម្លៀកបំពាក់មានតម្លៃ ៣៨.៤ ពាន់លានដុល្លារ ក្នុងឆ្នាំ 2023៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព