យោងតាមទិន្នន័យគយដែល Reuters បានមើលឃើញឱ្យដឹងថា ក្រដាសប្រាក់ដុល្លារ និងប្រាក់អឺរ៉ូប្រមាណជា ២.៣ពាន់លានដុល្លារ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានហាមឃាត់ការនាំចេញក្រដាសប្រាក់របស់ពួកគេនៅទីនោះ ក្នុងខែមីនា ឆ្នាំ ២០២២ ក្រោយពីមានការលុកលុយចូលប្រទេសអ៊ុយក្រែន ។ .

តួរលេខដែលមិនបានរាយការណ៍ពីមុនបង្ហាញថា រុស្ស៊ីបានជៀសផុតពីទណ្ឌកម្មជាច្រើនដែលរាំងខ្ទប់ការនាំចូលសាច់ប្រាក់ និងស្នើឡើងថា ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ នៅតែជាឧបករណ៍ដ៏មានប្រយោជន៍ សម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើរ ទោះបីជាទីក្រុងម៉ូស្គូព្យាយាមកាត់បន្ថយការប្រឈមមុខរបស់ខ្លួនទៅនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ក៏ដោយ។

ទិន្នន័យគយដែលទទួលបានពីក្រុមហ៊ុនផ្គត់ផ្គង់ពាណិជ្ជកម្ម១ ដែលកត់ត្រា និងចងក្រងព័ត៌មានទាំងនោះ បង្ហាញថា ក្រដាសប្រាក់ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ីពីបណ្តាប្រទេស ជាច្រើន ក្នុងនោះមានទាំង អារ៉ាប់រួមអ៊ីមើរ៉េត (UAE) និងទួរគី ដែលមិនជាប់ទណ្ឌកម្មពាណិជ្ជកម្មជាមួយរុស្ស៊ី។ ប្រទេសដើម ជាងពាក់កណ្តាលនៃប្រទសទាំងនោះ មិនត្រូវបានបញ្ជាក់នៅក្នុងកំណត់ត្រានោះទេ។

 

សង្កាត់លំដាប់ខ្ពស់នៅ កណ្តាលក្រុងម៉ូស្គូ

រដ្ឋាភិបាលអាមេរិកកាលពីខែធ្នូ បានគំរាមដាក់ទណ្ឌកម្មចំពោះស្ថាប័នហិរញ្ញវត្ថុដែលជួយរុស្ស៊ីឲ្យជៀសផុតពីទណ្ឌកម្មទាំងនោះ និងបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនជាច្រើនមកពីប្រទេសទី៣ ពេញមួយឆ្នាំ ២០២៣ និង ២០២៤។

ប្រាក់យួនរបស់ចិន បានវ៉ាដាច់ប្រាក់ប្រាក់ដុល្ឡារ ដើម្បីក្លាយជារូបិយប័ណ្ណបរទេសដែលត្រូវបានជួញដូរច្រើនបំផុត នៅទីក្រុងមូស្គូ ថ្វីបើបញ្ហាទូទាត់សំខាន់ៗ នៅតែបន្តកើតមានក៏ដោយ។

ប្រមុខផ្នែកវិនិយោគនៅ Astra Asset Management ក្នុងប្រទេសរុស្ស៊ី លោក ឌីមីទ្រី ប៉ូឡេវ៉ូយ (Dmitry Polevoy) បាននិយាយថា ប្រជាជនរុស្ស៊ីជាច្រើន នៅតែចង់បានរូបិយប័ណ្ណបរទេសជាក្រដាសប្រាក់សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ក៏ដូចជាការនាំចូលតូចតាច និងការសន្សំទុកក្នុងស្រុក។

លោកបានប្រាប់រ៉យទ័រថា៖ “សម្រាប់បុគ្គល ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណដែលអាចទុកចិត្តបានមួយ”។

ក្រដាសប្រាក់ដុល្លារ ត្រូវបានពលរដ្ឋរុស្ស៊ីចាត់ទុកថា គួរឲ្យទុកចិត្ត ប៉ុន្តែរដ្ឋភិបាលថា ជាគ្រឿងពុល

ធនាគារកណ្តាលរុស្ស៊ី និងអាជ្ញាធរដាក់ទណ្ឌកម្មរបស់អាមេរិក ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមចាត់ប្រភេទប្រាក់ដុល្លារ និងប្រាក់អឺរ៉ូថាជា “គ្រឿងពុល” ក្នុងឆ្នាំ ២០២០ ខណៈទណ្ឌកម្មជាទូទៅ បានកាត់បន្ថយសិទ្ធិប្រើប្រាស់ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកនេះ ដោយរារាំងការទូទាត់ និងពាណិជ្ជកម្មទាំងឡាយ។ ប្រាក់បម្រុងបរទេសប្រមាណ ៣០០ពាន់លានដុល្លាររបស់ធនាគាររុស្ស៊ី នៅអឺរ៉ុបត្រូវបានបង្កកទាំងអស់។

អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប១រូប បាននិយាយថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយលើករណីបុគ្គល អនុវត្តទណ្ឌកម្មបានទេ។ អ្នកនាំពាក្យរូននោះ បាននិយាយថា សហភាពអឺរ៉ុប ចូលរួមជាមួយប្រទេសទី៣ នៅពេលដែលខ្លួនសង្ស័យថា ទណ្ឌកម្មជាច្រើន កំពុងត្រូវបានចៀសវាង។

កំណត់ត្រាគយ គ្របដណ្តប់ពីខែមីនា ឆ្នាំ ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ ហើយ Reuters មិនអាចរកបានទិន្នន័យថ្មីៗបន្ថែមទៀតទេ។

ឯកសារ​ជាច្រើន បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​ក្រដាសប្រាក់ជាច្រើន ​មុន​ពេល​មាន​ការ​លុកលុយអ៊ុយក្រែន។ នៅចន្លោះខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ក្រដាសប្រាក់ដុល្លារ និងក្រដាសប្រាក់អឺរ៉ូចំនួន ១៨.៩ ពាន់លានដុល្លារ បានចូលទៅប្រទេសរុស្ស៊ី បើធៀបនឹងត្រឹមតែ ១៧ លានដុល្លារ ក្នុងរយៈពេល ៤ខែមុន។

មេដឹកនាំក្រុមប្រតិបត្តិពាណិជ្ជកម្មអន្តរជាតិ និងសន្តិសុខជាតិ នៃក្រុមហ៊ុនច្បាប់អាមេរិក Buchanan Ingersoll & Rooney លោក Daniel Pickard បាននិយាយថា ការដឹកជញ្ជូនឡើងខ្ពស់មុនការឈ្លានពាន បានបង្ហាញថា ពលរដ្ឋរុស្ស៊ីខ្លះ ចង់ការពារខ្លួនពួកគេប្រឆាំងនឹងលទ្ធភាពទណ្ឌកម្មជាច្រើន។

សាច់ប្រាក់ និងមាស ជាច្រើន ត្រូវបានគេដឹកជញ្ជូនទៅរុស្ស៊ី តាំងពីមុនទណ្ឌកម្ម

លោក Pickard បាននិយាយថា៖ “ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសិក្សាពីសារៈសំខាន់នៃសកម្មភាពរួម ក្នុងការបង្កើនផលវិបាកសេដ្ឋកិច្ច, ប្រទេសរុស្ស៊ី បាននិងកំពុងរៀនពីរបៀបដើម្បីជៀសវាង និងកាត់បន្ថយផលវិបាកដូចគ្នាទាំងនោះ។ ទិន្នន័យ​នេះ ​ស្ទើរតែ​មិន​បាន​បញ្ជាក់​អំពី​លំហូរ​រូបិយប័ណ្ណ​ពិត​ប្រាកដ”។

ធនាគារកណ្តាលរបស់រុស្ស៊ី បានកាត់បន្ថយភ្លាមៗ ក្នុងការដកសាច់ប្រាក់ជារូបិយប័ណ្ណបរទេសរបស់បុគ្គល បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន ក្នុងគោលបំណងគាំទ្រដល់ប្រាក់រូប្លិ៍ ដែលកំពុងធ្លាក់ចុះ។

យោងតាមទិន្នន័យឲ្យដឹងថា ក្រដាសប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ត្រឹមតែ ៩៨លានដុល្លារ បានចាកចេញពីប្រទេសរុស្ស៊ី នៅចន្លោះខែកុម្ភៈ ឆ្នាំ ២០២២ ដល់ចុងឆ្នាំ ២០២៣ ។

ផ្ទុយទៅវិញ ការហូរចូលរូបិយប័ណ្ណបរទេស គឺខ្ពស់ជាងឆ្ងាយ។ អ្នកប្រើរូបិយប័ណ្ណបរទេសដ៏ធំបំផុតតែ១គត់ គឺជាក្រុមហ៊ុនដែលមិនសូវស្គាល់ Aero-Trade ដែលផ្តល់សេវាកម្មទិញទំនិញដោយមិនគិតពន្ធ នៅក្នុងអាកាសយានដ្ឋាន និងនៅលើជើងហោះហើរ។ ក្តុមហ៊ុននេះ បានប្រកាសថា មានប្រមាណ ១.៥ ពាន់លានដុល្លារ ក្នុងអំឡុងពេលនោះ។

ក្រុមហ៊ុន Aero-Trade បានចុះបញ្ជីការដឹកជញ្ជូនចំនួន៧៣គ្រឿង លើក្រដាសប្រាក់ ២០លានដុល្លារ ឬអឺរ៉ូក្នុង១គ្រឿង ដែលទំនិញទាំងអស់ ត្រូវបានសម្អាតនៅអាកាសយានដ្ឋាន Domodedovo របស់ទីក្រុងម៉ូស្គូ ដែលជាមជ្ឈមណ្ឌលអន្តរជាតិនៅក្បែរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននោះ។ ការដឹកជញ្ជូន ត្រូវបានពិពណ៌នានៅក្នុងសេចក្តីប្រកាសគយថា ជាការផ្លាស់ប្តូរ ឬប្រាក់ចំណូលពីពាណិជ្ជកម្មតាមយន្តហោះ។

ក្នុងករណីភាគច្រើនបំផុត,ក្រុមហ៊ុន Aero-Trade ត្រូវបានចុះបញ្ជីត្រឹមតែជាអ្នកប្រកាស ជាអង្គភាពដែលរៀបចំ និងបញ្ជូនឯកសារគយ។ Reuters មិនអាចកំណត់អត្តសញ្ញាណអតិថិជនរបស់ Aero-Trade និងមិនអាចកំណត់ប្រភព ឬគោលដៅ នៃក្រដាប្រាក់ទាំងនោះបានទេ។

ទិន្នន័យ បានបង្ហាញថា ក្រដាសប្រាក់ដុល្លារ និងក្រដាស​ប្រាក់អឺរ៉ូ ត្រូវបាន​ដឹកជញ្ជូនទៅរុស្ស៊ីតាំពីឆ្នាំ ២០២២

ថៅកែក្រុមហ៊ុន Aero-Trade លោក អាតេម ម៉ាទីនយុក (Artem Martynyuk) បានប្រាប់រ៉យទ័រថា លោកមានការសង្ស័យអំពីភាពត្រឹមត្រូវនៃកំណត់ត្រាគយ។ លោក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយអ្វី​បន្ថែម​ទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុននេះ បាននិយាយថា៖ “Aero-Trade មិនជាប់ពាក់ព័ន្ធ ក្នុងការផ្គត់ផ្គង់រូបិយប័ណ្ណរឹង ទៅប្រទេសរុស្ស៊ីនោះទេ” ។

យោងតាមកំណត់ត្រាគយឲ្យដឹងថា ការដឹកជញ្ជូនតម្លៃ ២០លានអឺរ៉ូ១ ដែលចាត់ចែងដោយ Aero-Trade ត្រូវបាននាំចូលកាលពីខែកុម្ភៈឆ្នាំមុន ដោយក្រុមហ៊ុន Yves Rocher Vostok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនគ្រឿងសំអាងបារាំង Yves Rocher ដែលនៅតែដំណើរការបើកហាងរាប់សិប នៅក្នុងប្រទេសរុស្ស៊ី។ គ្មានប្រទេសដើមកំណើត ឬឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់ណាមួយ ត្រូវបានរាយឈ្មោះ ក្នុងទិន្នន័យនោះទេ។

ក្រុមហ៊ុន Groupe Rocher ដែលជាក្រុមហ៊ុនមេនៅប្រទេសបារាំងបាននិយាយថា ទាំងក្រុមហ៊ុននេះ និង ក្រុមហ៊ុន Yves Rocher Vostok មិនដែលមានទំនាក់ទំនងណាមួយជាមួយ Aero-Trade ឬបានស្នើសុំការផ្ទេរនោះទេ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា៖ “ក្រុមហ៊ុន Yves Rocher Vostok គឺដូចជាអង្គភាព របស់ Groupe Rocher ទាំងអស់ គឺគោរពតាមច្បាប់។ ខ្លួន មិនដែលព្យាយាម និងមិនព្យាយាមរំលងការដាក់ទណ្ឌកម្មលើការនាំចូលក្រដាសប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ទៅក្នុងប្រទេសរុស្ស៊ីនោះទេ”។

មានទាំងក្រដាសប្រាក់លុយដុល្លារ មានទាំងក្រដាស​ប្រាក់លុយអឺរ៉ូ និងមាសផងដែរ ត្រូវបានដឹកជញ្ជូនទៅដល់រសស៊ី

យោងតាមកំណត់ត្រាគយ និង មនុស្សម្នាក់ដែលស្និទ្ធនឹងប្រតិបត្តិការនេះ ឲ្យដឹងថា ជាង១/៤ នៃក្រដាសប្រាក់ ២.២៧ ពាន់លានដុល្លារ ត្រូវបាននាំចូលដោយធនាគារជាច្រើន ដែលភាគច្រើនជាក្រដាសប្រាក់សម្រាប់ការទូទាត់ថ្លៃលោហៈធាតុដ៏មានតម្លៃ។

កំណត់ត្រានោះ បានបង្ហាញថា ធនាគាររុស្ស៊ីជាច្រើន បានទទួលក្រដាសប្រាក់ តម្លៃ ៥៨០លានដុល្លារពីបរទេស នៅចន្លោះខែមីនា ឆ្នាំ ២០២២ ដល់ខែធ្នូ ឆ្នាំ ២០២៣ និងបាននាំចេញនូវបរិមាណប្រហាក់ប្រហែលគ្នា នៃលោហៈធាតុដ៏មានតម្លៃផ្សេងៗ។ ក្នុង​ករណី​ជា​ច្រើនទៀត ការដឹកជញ្ជូន​មាស ឬ​ប្រាក់ ធ្លាក់​ទៅលើ​ក្រុមហ៊ុន​ដែលបាន​ផ្គត់ផ្គង់​ក្រដាស​ប្រាក់​។

ឧទាហរណ៍ ធនាគាររុស្ស៊ី Vitabank បាននាំចូលក្រដាសប្រាក់ចំនួន ៦៤.៨ លានដុល្លារ ពីក្រុមហ៊ុនពាណិជ្ជកម្មមាសទួរគី Demas Kuumculuk ក្នុងឆ្នាំ 2២០២២ និង ២០២៣។ ក្នុងរយៈពេលដូចគ្នានោះ Vitabank បាននាំចេញមាស និងប្រាក់ចំនួន ៥៩.៥ លានដុល្លារ ទៅឱ្យក្រុមហ៊ុនទួរគី។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព