អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងយ៉ាងច្រើនសន្ធាប់ រហូតដល់ចំនួន 1.1 ពាន់លានដុល្លារ បន្ទាប់ពីបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត។

យោងតាមទស្សនាវដ្តី Forbes ឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump បានកើនឡើង 20.5% គឺស្មើនឹង 6.5 ពាន់លានដុល្លារ កាលពីថ្ងៃអង្គារទី១៦ កក្កដា ២០២៤កន្លងមកនេះ ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group Corp របស់គាត់ បានកើនឡើង 31% ស្មើនឹង 40.6 ដុល្លារក្នុង១ហ៊ុន។ លោក Trump កាន់កាប់ភាគហ៊ុនចំនួន 65% នៅក្នុងក្រុមហ៊ុននេះ។

លោកត្រាំ Trump ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតចំនួន 500រូប របស់ពិភពលោក បានបង្ហាញខ្លួនជាសាធារណៈកាលពីថ្ងៃអង្គារនេះជាលើកដំបូង បន្ទាប់ពីត្រូវបានគេបាញ់ប្រហារនៅឯការជួបជុំឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ។

ការ​បាញ់​ប្រហារ​នោះ ​បណ្តាល​ឱ្យ​អ្នក​ចូល​រួមនៅក្បែរលោក​ម្នាក់​ស្លាប់ភ្លាមៗ និង​២​ នាក់ផ្សេង​ទៀត​រង​របួសធ្ងន់ ។ លោក Trump បានរងរបួសត្រចៀកខាងស្តាំ ប៉ុន្តែចាកចេញពីមន្ទីរពេទ្យភ្លាមៗ ដោយមានបិតបង់រុំជាប់ត្រចៀក។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការវាយប្រហារនេះ បានគូសបញ្ជាក់អំពីទិដ្ឋភាពនយោបាយដែលប្រេះស្រាំយ៉ាងខ្លាំងរបស់ប្រទេសនេះ នៅមុនការបោះឆ្នោតថ្ងៃទី 5 ខែវិច្ឆិកា រវាងលោក Trump និងប្រធានាធិបតីក្នុងអំណាច នៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ។

លោក Biden ដែលបានពិពណ៌នាលោក Trump ថា ជាការគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ អាមេរិក បានថ្កោលទោសការបាញ់ប្រហារនោះ ហើយបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ ពឹងផ្អែកលើសន្លឹកឆ្នោត និងកុំពឹងផ្អែកលើអំពើហិង្សា ដើម្បីដោះស្រាយភាពមានគំនិតខុសគ្នារបស់ពួកគេ។ អាជ្ញាធរ នៅតែកំពុងព្យាយាមកំណត់អត្តសញ្ញាណមូលហេតុ នៃការបាញ់ប្រហារនោះ បន្ទាប់ពីខ្មាន់កាំភ្លើងត្រូវបានសម្លាប់ដោយសេវាសម្ងាត់របស់សហរដ្ឋអាមេរិកនៅនឹងកន្លែងកើតហេតុ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព