ក្រុមហ៊ុន Alibaba Cloud ដែលជាអង្គភាពសេវាកុំព្យូទ័រពពក របស់ក្រុមហ៊ុនបច្ចេកវិទ្យាទម្ងន់ធ្ងន់របស់ចិន Alibaba Group Holding Ltd កាលពីថ្ងៃព្រហស្បតិ៍ បានចេញកំណែចុងក្រោយបំផុត នៃម៉ូដែលភាសាដ៏ធំ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត Qwen 2.5 ជាទង្វើមួយ ដែលក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ បាននិយាយថា នឹងជំរុញកម្មវិធីពាណិជ្ជកម្មខ្នាតធំ នៃបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សេវាកម្មកុំព្យូទ័រពពក (Cloud Computing Services) គឺជាការផ្តល់ជូនសេវាទាក់ទងនឹងកុំព្យូទ័រ ក្នុងនោះមានទាំងម៉ាស៊ីនអ្នកបម្រើមេ, កន្លែងផ្ទុកទិន្នន័យ, កិច្ចការបណ្តាញ, ផ្នែកសូហ្វវែរ, កិច្ចការវិភាគ និងភាពវៃឆ្លាត  តាមបណ្តាញអ៊ីនធឺណិត  ដើម្បីផ្តល់នូវការច្នៃប្រឌិតកាន់តែលឿន, ធនធានដែលអាចបត់បែនបាន និង មាត្រដ្ឋានសេដ្ឋកិច្ច។ Alibaba ក៏ជា​ថៅកែកាសែត South China Morning Post ផងដែរ។

ក្រុមហ៊ុនបាននិយាយថា គំរូម៉ូដែល Qwen 2.5 ដែលទើបដាក់ឱ្យដំណើរការថ្មីៗ មានរង្វាស់ចាប់ពី ០.៥ ពាន់លាន ដល់ ៧២ ពាន់លានប៉ារ៉ាម៉ែត្រ ជំរុញសមត្ថភាពដែលប្រសើរ ផ្នែកគណិតវិទ្យា និងការសរសេរកូដ និងអាចដំណើរគាំទ្រជាមួយជាង ២៩ភាសា ខណៈដែលកំពុងផ្ដល់ជូននូវកម្មវិធី AI ដ៏ធំទូលាយ ទូទាំងផ្នែកផ្សេងៗ ដូចជា យានយន្ត, ការលេងហ្គេម និងការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ។

នៅឯសន្និសីទ Apsara Conference ជាព្រឹត្តិការណ៍កំពូលប្រចាំឆ្នាំរបស់ Cloud, នាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group និងជាប្រធាន និងជានាយកប្រតិបត្តិនៃ Alibaba Cloud Intelligence លោក អ៊ូ យ៉ុងមីង (Wu Yongming) បានមានប្រសាសន៍ថា៖ “Alibaba Cloud កំពុងតែវិនិយោគ ជាមួយនឹងកម្លាំងដែលមិនធ្លាប់មានពីមុនមក ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងការកសាងហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ខ្លួន”។

លោកអ៊ូ បាននិយាយថា បច្ចេកវិទ្យាគំរូម៉ូដែលភាសាធំៗ(LLMs)នេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ន ពួកគេអាចបំពេញកិច្ចការពហុមុខងារ ក្នុងនោះមានអត្ថបទ, ការនិយាយ និងចក្ខុវិស័យ, យល់បានពីតម្រូវការរបស់មនុស្ស, និងបញ្ចប់កិច្ចការសរសេរកម្មវិធីដ៏ស្មុគស្មាញ។ ជាមួយគ្នានេះដែរ តម្លៃរបស់ LLMs បានធ្លាក់ចុះយ៉ាងខ្លាំង។

ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Alibaba Cloud Intelligence លោក ជូ ជីងយិន (Zhou Jingren) បាននិយាយថា៖ “យើងនៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI កម្រិតខ្ពស់ ដើម្បីលើកស្ទួយការប្រើប្រាស់ទូលំទូលាយ នៃបច្ចេកវិទ្យា AI តាមជំនាន់ នៅទូទាំងឧស្សាហកម្មផ្សេងៗគ្នា” ។

លោក ជូ បាននិយាយថា ការចេញម៉ូដែលពហុម៉ូដែល Qwen 2.5 ត្រូវបានរៀបចំដើម្បីផ្តល់អំណាចដល់ក្រុមអ្នកអភិវឌ្ឍន៍ និងសាជីវកម្មគ្រប់ទំហំ បង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រើបច្ចេកវិទ្យា AI និងបន្តជំរុញកំណើននៃសហគមន៍ប្រភពបើកចំហនេះ។ រហូតមកដល់ពេលនេះ ការទាញយកម៉ូដែលរបស់ Qwen បានឡើងហួសចំនួនពី ៤០ លានដង ចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅក្នុងខែមេសា ឆ្នាំ ២០២៣។

ក្រុមហ៊ុន Alibaba Cloud ក៏បានប្រកាសពីការធ្វើទំនើបកម្មម៉ូដែលពិសេស Qwen-Max របស់ខ្លួនផងដែរ ដោយនិយាយថា សមត្ថភាពរបស់វាមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែល GPT-4o ទំនើបបំផុត របស់ក្រុមហ៊ុនអាមេរិក OpenAI ។

ម៉ូដែល Qwen-Max ដែលត្រូវបានអាប់ដេត បានបង្ហាញពីសមត្ថភាពដំណើរការដ៏ខ្លាំង នៅក្នុងផ្នែកផ្សេងៗជាច្រើន ដូចជា ការយល់ភាសា, ការវែកញែកហេតុផល, គណិតវិទ្យា និងការសរសេរកូដ បើប្រៀបធៀបជាមួយនឹងបណញតាញម៉ូដែលទំនើបដទៃទៀត។

នាយកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corp China លោក លូ យ៉ានសៀ បាននិយាយថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាជាបន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន លើផ្នែក LLMs នឹងលើកកម្ពស់បន្ថែមទៀត នូវការពេញនិយមម៉ូដែល AIទាំងនេះ  និងនាំមកនូវឱកាសអាជីវកម្មថ្មីៗសម្រាប់ម៉ាស៊ីនបម្រើមេ AI ក្នុងស្រុក, កុំព្យូទ័រពពក និងក្រុមហ៊ុនបន្ទះឈីប។

ហ្វូងមនុស្សជួបជុំគ្នានៅឯព្រឹត្តិការរណ៍ប្រចាំឆ្នាំ Apsara Conference នៃក្រុមហ៊ុន Alibaba នៅក្រុងហាងចូវ ខេត្តជេជាំង ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍

លោក លូ បាននិយាយថា ដោយលើកឡើងថា LLM ពហុម៉ូដែល គឺជាទិសដៅអភិវឌ្ឍន៍នាពេលអនាគតដែលមិនអាចប្រកែកបានសម្រាប់បច្ចេកវិទ្យា AI តាមជំនាន់។ សហគ្រាសបច្ចេកវិទ្យាចិន គួរតែប្រមូលផ្តុំធនធានបន្ថែមទៀតក្នុងការកែលម្អថាមពលកុំព្យូទ័រ, បញ្ញាដោះស្រាយ និងគុណភាពនៃទិន្នន័យ ដើម្បីបង្រួមគម្លាតជាមួយសហរដ្ឋអាមេរិកក្នុងវិស័យ AI តាមជំនាន់។

Alibaba Cloud ក៏បានបករកាសគំរូម៉ូដែលអត្ថបទផលិតជារូបភាពវីដេអូថ្មី ដែលមានសមត្ថភាពបង្កើតវីដេអូគុណភាពខ្ពស់តាមទម្រង់រូបភាពជាច្រើន ដោយផ្អែកលើការណែនាំជាអត្ថបទអក្សរចិន និងអង់គ្លេស និងបំប្លែងរូបភាពដែនៅនឹង ទៅជាវីដេអូមានចលនាសកម្ម។

ក្រុមហ៊ុននេះ បានប្រកាសពីការបញញចុះតម្លៃ ៨៥%លើ Qwen-Turbo LLM របស់ខ្លួន ខណៈដែល LLMs ២ប្រភេទផ្សេងទៀត ក៏មានការបញ្ចុះតម្លៃផងដែរ។

របាយការណ៍មួយ ពីក្រុមហ៊ុនប្រឹក្សាយោបល់សកល McKinsey & Co បាននិយាយថា AI ជំនាន់ថ្មី នឹងបន្ថែមតម្លៃប្រចាំឆ្នាំចន្លោះពី ២.៦ ពាន់ពាន់លានដុល្លារ ទៅ ៤.៤ ពាន់ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនលើគ្រប់វិស័យទាំងអស់ នៃឧស្សាហកម្ម៕

សហស្ថាបនិកក្រុមហ៊ុន TENCENT លោក Pony Ma Huateng បានវិលត្រលប់មកគ្រងចំណាត់ថ្នាក់កំពូល នៃទ្រព្យសម្បត្តិនៅប្រទេសចិនវិញហើយ ដោយធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាថ្មីបំផុ ដែលទទួលបានឋានៈនេះ។

សន្ទស្សន៍មហាសេដ្ឋី Bloomberg បានបង្ហាញថា ទិន្នន័យសេដ្ឋកិច្ចខ្សោយពីប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ បានធ្វើឱ្យភាគហ៊ុនចុះបញញជីខ្លះ បានចុះទាបកាលពីថ្ងៃចន្ទ  ទី១៦ ខែកញ្ញា ដោយអនុញ្ញាតឱ្យលោក Ma បានវ៉ាឡើងដាច់ពីឧកញ៉ាទឹកសុទ្ធដប លោក ចុង សានសាន (Zhong Shanshan) ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៤៣.៩ ពាន់លានដុល្លារអាមេរិក ។

លោក ចុង បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ហើយស្ថាបនិក TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ឯកជន ByteDance លោក ចាង យីមីង (Zhang Yiming) ឈរនីលេខ២។

ទ្រព្យសម្បត្តិរបស់លោក Ma បានកើនឡើងនាពេលថ្មីៗនេះ ខណៈដែលការកើនឡើងរបស់ក្រុមហ៊ុន Tencent លើសពីការប្រតិបត្តិរបស់គូប្រជែង ដែលមានទំហំប្រហាក់ប្រហែលគ្នា ដោយសារតែការងើបឡើងវិញនៃហ្គេមនៅក្នុងប្រទេសចិន ដែលជាសង្វៀនទូរស័ព្ទដ៏ធំបំផុតរបស់ពិភពលោក។

ភាពជោគជ័យនៃហ្គេមលក់ដាច់បំផុត ចាប់ពីហ្គេមអ្នកប្រយុទ្ធចល័តក្នុងគុក (Dungeon & Fighter Mobile) របស់ខ្លួនរហូតដល់ហ្គេមរឿងព្រេងយូធសីល្ប៍អ៊ូខុង (Black Myth: Wukong) ជាជ័យជំនះផ្នែកវប្បធម៌ គួបផ្សំនឹងការសន្យានៃការគាំទ្រពីទីក្រុងប៉េកាំង បានជួយជំរុញក្រុមហ៊ុន Tencent ទៅដល់កម្រិតដែលមើលមិនឃើញចាប់តាំងពីការកើនឡើងនៃអ៊ីនធឺណិតសម័យ Covid។

ហ្គេម Black Myth of Wukong របស់ក្រុមហ៊ុន ក្រុមហ៊ុន TENCENT លក់ដាច់បំផុត ក្នុងចំណោមហ្គេមផ្សេងទៀត

ករណីនេះ កើតឡើងបន្ទាប់ពីប្រទេសចិនបានចំណាយពេលវេលា២ឆ្នាំដ៏ប្រសើរ ដើម្បីគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ដូចជា Alibaba Group និង Didi Global រួមជាមួយនឹងក្រុមស្ថាបនិកដែលសម្បូរទ្រព្យរបស់ពួកគេ។

លោក ម៉ា ដែលធ្លាប់បានស្ថិតក្នុងវណ្ណៈ មហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើនលើសលុប របស់ប្រទេសចិន ក៏ធ្លាប់ត្រូវបានចាប់ខ្លួន ក្នុងការបោសសម្អាតអំពើពុករលួយផងដែរ។

ប៉ុន្តែ​មិន​ដូច​មិត្ត​រួម​ការងារ​ដែល​និយាយ​សម្តីឲគម្របនោះ​ទេ ស្ថាបនិក​របស់ក្រុមហ៊ុន Tencent រូបនេះ តែង​តែ​ជា​មនុស្ស​ដែល​នៅតែឯង មិន​សូវ​ខ្វល់ខ្វាយ​ពី​ការបង្ហាញមុខមាត់ទេ និង​ចូលចិត្ត​រៀបចំ​សកម្មភាពការងារ​ពី​ក្រោយ​ឆាក៕

ហ្គេមDungeon & Fighter Mobile  របស់ក្រុមហ៊ុន ក្រុមហ៊ុន TENCENT លក់ដាច់បំផុត ក្នុងចំណោមហ្គេមផ្សេងទៀត

ប្រទេសចិន នឹងដំឡើងអាយុចូលនិវត្តន៍ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៨ ជាវិធានការមួយដែលអាចជួយរារាំងការធ្លាក់ចុះនៃកម្លាំងពលកម្ម ប៉ុន្តែវាក៏ប្រថុយធ្វើឱ្យបុគ្គលិកកម្មករខឹងសម្បារនឹងចំណាត់ការថ្មីនេះ នៅពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះនេះ។

ទីភ្នាក់ងារ Xinhua News បានរាយការណ៍កាលពីចុងសប្តាហ៍ថា ក្រុមអ្នកធ្វើច្បាប់កំពូល បានគាំទ្រផែនការឱ្យពន្យាពេលចូលនិវត្តន៍ សម្រាប់និយោជិតរហូតដល់រយៈពេល៥ឆ្នាំ។ បុរស នឹងកំណត់ឱ្យចូលនិវត្តន៍នៅអាយុ ៦៣ ឆ្នាំ មិនមែន ៦០ឆ្នាំ ដូចបានកំណត់ក្នុងឆ្នាំ ១៩៧៨ ទេ។ ស្ត្រី នឹងចូលនិវត្តន៍នៅអាយុ ៥៥ឆ្នាំ ជំនួសឱ្យ ៥០ឆ្នាំ សម្រាប់កម្មករធម្មតា និង ៥៨ឆ្នាំ ជំនួសឱ្យ ៥៥ឆ្នាំ សម្រាប់អ្នកដែលស្ថិតក្នុងមុខតំណែងគ្រប់គ្រង។

ការផ្លាស់ប្តូរនេះ នឹងដាក់ឱ្យអនុវត្តក្នុងរយៈពេល ១៥ ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៥តទៅ ហើយវានឹងធ្វើឱ្យមនុស្សកាន់តែច្រើនធ្វើការបានយូរឆ្នាំទៀត។ វិធានការនេះ អាចបង្កើនផលិតភាព ដើម្បីដោះស្រាយបញ្ហាប្រឈម នៃចំនួនប្រជាជនវ័យចំណាស់ ថ្វីបើវាប្រឈមនឹងការមិនសប្បាយចិត្តជាសាធារណៈបន្ថែមទៀត ខណៈកំណើនសេដ្ឋកិច្ច ស្ថិកក្នុងសភាពអាក្រក់បំផុត រយៈពេល៥ត្រីមាសជាប់គ្នាក្តី។

ការដំឡើងអាយុចូលនិវត្តន៍​ដល់៦៣ឆ្នាំនៅចិន មាបំណងបង្កើនកម្លាំងពលកម្ម ប៉ន្តែបង្កបញ្ហារើសអើងការងារ, បញ្ហាសុខភា

លោកស្រី Michelle Lam សេដ្ឋវិទូចិននៅ Societe Generale SA បាននិយាយថា៖ “ការកំណត់ពេលវេលានៃការបង្កើនអាយុចូលនិវត្តន៍នេះ នឹងធ្វើឡើងជាបណ្តើរៗតាមលំដាប់លំដោយត្រឹមត្រូវ។ ក្រុមអ្នកធ្វើគោលនយោបាយ ប្រហែលជាបានគិតគូរពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន ហើយបានរៀបតាមខ្នាតដោយប្រុងប្រយ័ត្ន”។

ភាគហ៊ុនរបស់ក្រុមហ៊ុនដែលផ្តល់ការថែទាំសុខភាព និងការថែទាំមនុស្សចាស់ បានកើនឡើង ដោយក្រុមហ៊ុន Shanghai Everjoy Health Group Co. បានកើនឡើងតាមកម្រិតប្រចាំថ្ងៃ ១០% ។ ក្រុមហ៊ុន Chalkis Health Industry Co. និងក្រុមហ៊ុន Youngy Health Co. ឡើងបានច្រើនជាង ៦%។

លោក Shen Meng នាយកនៅធនាគារវិនិយោគ Chanson & Co. ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ “មនុស្ស អាចប្រឈមនឹងបញ្ហាសុខភាពកាន់តែច្រើន បើសិនអាយុចូលនិវត្តន៍ ត្រូវបានបង្កើន, ហើយសម្ពាធនៃការគាំពារឪពុកម្តាយ អាចទាមទារឱ្យស្ថាប័នថែទាំមនុស្សចាស់បន្ថែមទៀត ដើម្បីចែករំលែកបន្ទុកនេះ”។

យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ឱ្យដឹងថា ការបង្កើននេះ មានគោលបំណង “សម្របខ្លួនទៅនឹងស្ថានភាពថ្មីនៃការអភិវឌ្ឍន៍ប្រជាសាស្រ្តនៅក្នុងប្រទេសចិន និងការអភិវឌ្ឍន៍ និងការប្រើប្រាស់ធនធានមនុស្សឱ្យបានពេញលេញ” ។

ការអនុម័ត​នេះ​ បាន​ធ្វើ​តាម​សេចក្តី​ប្រកាស​កាលពី​ខែកក្កដារបស់​បក្ស​កុម្មុយនិស្ត​កំពុង​កាន់អំណាច​ដែល​ថា​ អាយុ​ចូលនិវត្តន៍​នឹង​កើនឡើង​ក្នុង “​លក្ខណៈ​ស្ម័គ្រចិត្ត និង​អាច​បត់បែន​បាន​”​។ កិច្ច​​ប្រឹង​ប្រែង​លើក​មុន​ដើម្បី​ដំឡើង​ព្រំដែនអាយុនេះ ​ត្រូវ​បាន​បរាជ័យ​នៅ​ចំពោះ​មុខ​ការ​ប្រឆាំងជំទាស់​ជា​សាធារណៈ។

តាម​សេចក្តី​ប្រកាសនោះ បានិយាយថា៖ “នេះ គឺជាជំហានដ៏ធំ១ឆ្ពោះទៅរកការទប់ទល់នឹងការប្រទាញដ៏ធំលើកំណើនប្រជាជនវ័យចាស់រយៈពេលវែង ខណៈចំនួនប្រជាជនក្នុងវ័យធ្វើការកំពុងធ្លាក់ចុះ។ ប៉ុន្តែវានឹងមិនបញ្ច្រាសលំនាំគោល ការណ៍នោះទេ។ ការព្យាកររយៈពេលវែងរបស់យើង ដែលកំណត់កត្តាអាយុចូលនិវត្តន៍រួចហើយ គឺកំណើនមនុស្សចាស់ នឹងធ្លាក់ចុះដល់ប្រហែល ១% នៅឆ្នាំ ២០២៥។

សេចក្តីសម្រេចចិត្ត ពីថ្ងៃសុក្រ បានធ្វើឱ្យមនុស្សខ្លះ មានការងឿងឆ្ងល់ថា ហេតុអ្វីឱ្យមនុស្សធ្វើការរហូតដល់ចាស់ខ្លាំងម៉្លេះ និងមានការភ័យខ្លាចនឹងការប្រកួតប្រជែង នៅក្នុងទីផ្សារការងារកាន់តែខ្លាំង។

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X-like ជាទីដែលព័ត៌មានមានការពេញនិយមបំផុត និងទទួលបានច្រើនជាងការចូលមើល ៥៣០លានដង គិតត្រឹមរសៀលថ្ងៃសុក្រ អ្នកប្រើប្រាស់ Weibo ម្នាក់បាននិយាយថា៖ “នៅ​ពេល​ខ្ញុំ​អាយុ ៦០ឆ្នាំ តើ​អ្នកកំពុងសុំឱ្យ​ខ្ញុំ​ប្រកួតប្រជែងការងារ​ជាមួយ​យុវជនយុវជនមែទេ?” ។

ពលរដ្ឋចិន អាយុ ៦៥ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថានឹងមាន ៣០% នៃចំនួនប្រជាជន នៅឆ្នាំ ២០៣៥

អ្នកខ្លះ ក៏បានត្អូញត្អែរអំពីការរើសអើងរបស់ក្រុមថៅកែ ចំពោះបេក្ខជនការងារដែលមានវ័យចំណាស់, ជាបញ្ហាមួយ ដែលរដ្ឋាភិបាល បានប្តេជ្ញាថាដោះស្រាយជាយូរមកហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន១កាលពីសប្តាហ៍មុន ក្រុមអាជ្ញាធរ បានទទួលស្គាល់សម្ពាធរយៈពេលខ្លីជាសក្តានុពលលើទីផ្សារការងារ។ អនុរដ្ឋមន្ត្រីនៅក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម លោក លី ចុង (Li Zhong) បាននិយាយថា ល្បឿននៃការផ្លាស់ប្តូរបន្តិចម្តងៗនេះ នឹងនាំឱ្យមានឥទ្ធិពល “មិនលឺសម្លេង” លើការងាររបស់យុវជន។

ស្ថាប័ននីតិប្បញ្ញត្តិកំពូល ក៏បានកំណត់ផងដែរថា ចាប់ផ្តើមពីឆ្នាំ ២០៣០ តទៅ កម្មករនិយោជិត នឹងត្រូវការចូលរួមចំណែកក្នុងគណនីសោធននិវត្តន៍របស់ពួកគេ សម្រាប់រយៈពេលវែងជាងមុន នៅពេលពួកគេមានសិទ្ធិទទួលបានប្រាក់បើកផ្តាច់ជូន។ តម្រូវការនេះ នឹងកើនឡើងជាលំដាប់ពី ១៥ ទៅ ២០ ឆ្នាំ។

ប្រមុខសេដ្ឋវិទូប្រចាំប្រទេស Greater China និងអាស៊ីខាងជើងនៅ Standard Chartered លោក Ding Shuang បាននិយាយថា៖ “និរន្តរភាពនៃប្រព័ន្ធសោធននិវត្តន៍ អាចជាការពិចារណាដ៏សំខាន់នៅពីក្រោយការផ្លាស់ប្តូរនេះ ។ ទោះបីជាការផ្លាស់ប្តូរនេះ នឹងបង្កើនសម្ពាធសម្រាប់ទីផ្សារការងារក៏ដោយ ក្នុងរយៈពេលវែង វាជួយកាត់បន្ថយផលប៉ះពាល់ពីការធ្លាក់ចុះនៃចំនួនប្រជាជនដែលស្ថិតក្នុងអាយុធ្វើការ។”

ក្រុមសមាជិកសភា ក៏បានអំពាវនាវដល់ក្រុមមន្ត្រីឱ្យឆ្លើយតបយ៉ាងសកម្មចំពោះប្រជាជនវ័យចំណាស់, ការពារសិទ្ធិកម្មករ និងកែលម្អការថែទាំមនុស្សចាស់។ លើសពីនេះ វាបានផ្តល់អំណាចដល់ក្រុមប្រឹក្សារដ្ឋ,គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន ដើម្បីកែសម្រួលវិធានការទាំងនេះតាមតម្រូវការ។

ខណៈអាយុកាលរំពឹងទុករបស់ប្រទេសចិន បានកើនឡើង ការពន្យាពេលចូលនិវត្តន៍កាន់តែមានសារៈសំខាន់ ដើម្បីធ្វើឱ្យមានតុល្យភាពបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ចេញពីការអនុវត្តគោលនយោបាយមានកូនតែមួយជាច្រើនទស្សវត្សរ៍របស់ខ្លួន ដែលបានបន្សល់ទុកឱ្យកូនចៅនៅលីវ១ជំនាន់ ដើម្បីគាំពារចំនួនមនុស្សចាស់ដ៏ច្រើន។ សព្វថ្ងៃនេះ ប្រជាជនចិន ជាមធ្យមរស់នៅដល់ ៧៨ឆ្នាំក្នុងពេលបច្ចុប្បន្ន ខណៈ កាលពី៤០ឆ្នាំមុន រស់បានត្រឹមអាយុ៦៦ឆ្នាំ ។

យោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃច័ន្ទ ឱ្យដឹងថា មនុស្សដែលមានអាយុពី ៦៥ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថានឹងមាន ៣០% នៃចំនួនប្រជាជន នៅឆ្នាំ ២០៣៥ ឡើងពី១៤.២% ក្នុងឆ្នាំ 2021 កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការលើកទឹកចិត្តដល់ការសម្រាលកូន រហូតមកដល់ពេលនេះបានធ្វើតិចតួចប៉ុណ្ណោះដើម្បីផ្លាស់ប្តូរការផ្លាស់ប្តូរប្រជាសាស្រ្ត ដោយអត្រាកំណើតបានធ្លាក់ចុះដល់កំណត់ត្រាកាលពីឆ្នាំមុន។

អ្នកលេងបណ្តាញសង្គម Weibo ម្នាក់ទៀតបាននិយាយថា៖ “ពេល​កើត​មក ពួកគេ​និយាយថា ​មាន​ច្រើន​ពេក។ នៅពេលខ្ញុំ​សម្រាល​កូន ពួក​គេបានិយាយ​ថា ​មាន​តិច​ពេក។ ពេលខ្ញុំចង់ធ្វើការ ពួកគេថា ខ្ញុំចាស់ពេកហើយ។ ហើយនៅពេលដែលខ្ញុំចូលនិវត្តន៍ ពួកគេនិយាយថា ខ្ញុំនៅក្មេងពេកហើយ”៕

ប្រទេស​ចិន ​កំពុង​បង្កើន​កម្តៅយ៉ាងខ្លាំង​លើ​ធនាគារវិនិយោគ​ចំនួន ៨.៧០០​របស់ខ្លួន។

បន្ទាប់ពីត្រូវបានបង្ខំឱ្យកាត់បន្ថយប្រាក់ឈ្នួលដ៏ធំ និងប្រកាន់យកនូវវិធានការរឹតបន្តឹងខ្សែក្រវាត់ជាច្រើន ក្រោមយុទ្ធនាការរុងរឿងរួម យូរអអ្វែងរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) ឥឡូវនេះ ក្រុមឈ្មួញកណ្តាលរបស់ប្រទេសនេះ កំពុងស្ថិតផ្ទាំងស៊ីប របស់ក្រុមអ្នកបង្ក្រាបអំពើពុករលួយកំពូលរបស់ជាតិ។

យ៉ាងហោចណាស់ ក៏មានអ្នកវិនិយោគផ្នែកធនាគារកំពូល៣នាក់ មកពីក្រុមហ៊ុនមូលបត្រផ្សេងៗគ្នា ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងពីខែសីហាមក ដោយបង្កឱ្យមានការភ្ញាក់ផ្អើលពេញទូទាំងឧស្សាហកម្មនេះ។ ម្នាក់ក្នុងចំណោមពួកគេ ដែលធ្លាប់មើលការខុសត្រូវនៅក្រុមហ៊ុន Haitong Securities Co., បានភៀសខ្លួនចេញពីប្រទេសនេះ ហើយក៏ត្រូវបានចាប់ខ្លួននៅក្រៅប្រទេសប្រហែល ២ សប្តាហ៍មុន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសចិនវិញ នៅក្នុងឧប្បត្តិហេតុមួយ ដែលត្រូវបានផ្សព្វផ្សាយជាទូទៅ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋផ្សេងទៀតកាលពីពេលថ្មីៗនេះ បានស្នើសុំឱ្យក្រុមអ្នកវិនិយោគខាងធនាគារជាច្រើនរបស់ពួកគេ ប្រគល់លិខិតឆ្លងដែនរបស់ពួកគេ និងសុំការអនុញ្ញាតសម្រាប់គ្រប់ការអាជីវកម្ម និងសុំការអនុញ្ញាតរាល់ផែនការធ្វើដំណើរផ្ទាល់ខ្លួន។ រាល់សំណើទាំងអស់ ត្រូវអនុវត្តតាមការណែនាំឯកជនពីក្រុមនិយតករចិន។

ក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហាទាំងនោះ បាននិយាយថា និយោជិតខ្លះ ត្រូវបានគេប្រាប់ថា ក្រុមនិយតករកំពុងពិនិត្យពិចៃលើការផ្តល់ជូនជាសាធារណៈដំបូង និងរាល់សកម្មភាពរៃអង្គាសមូលធនផ្សេងទៀត ហើយក្រុមធនាគារិកទាំងនោះ អាចត្រូវគេហៅទូរស័ព្ទមកដើម្បីសាកសួរ គ្រប់ពេល។

ក្រុមនុស្សដែលស្និទ្ធនឹងរឿងនោះ បាននិយាយថា ក្រុមហ៊ុនឈ្មួញកណ្តាលទាំងនេះ បានរឹតបន្តឹងលើការអនុម័តឱ្យធ្វើដំណើរទៅក្រៅប្រទេស និងបានប្រាប់ក្រុមបុគ្គលិកថា ពួកគេក៏ត្រូវតែធ្វើការយល់ព្រមដូច្នោះផងដែរ បើសិនជាពួកគេចង់លាលែងពីតំណែង។ អ្នកទាំងឡាយណាដែលត្រូវបានអនុម័តឱ្យធ្វើដំណើរសម្រាប់ការធ្វើអាជីវកម្ម ត្រូវតែធ្វើដូច្នេះជាមួយមិត្តរួមការងារ ហើយរាល់សកម្មភាពដែលនៅក្រៅគម្រោងពេលវេលាធ្វើដំណើរដែលបានអនុម័តជាមុន នឹងត្រូវដាក់កម្រិត។

នៅក្នុងប្រទេសចិន សហគ្រាសគ្រប់គ្រងដោយរដ្ឋ ត្រូវបានគេដឹងថា កាន់លិខិតឆ្លងដែនរបស់មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងក្រុមមន្ត្រីបក្សកុម្មុយនិស្ត។ វាមិនធម្មតានោះទេ សម្រាប់ក្រុមហ៊ុននានាក្នុងការពង្រីកតម្រូវការនោះទៅដល់បុគ្គលិកដែលមានឋានៈទាប និងបុគ្គលិកថ្នាក់ទាប ដូចជាក្នុងករណីក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលផ្សេងទៀត។ ក្រុមហ៊ុន Haitong មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ការឃុំឃាំងក្រុមអ្នកវិនិយោគខាងធនាគារនេះ និងការស៊ើបអង្កេតបទប្បញ្ញត្តិទាំងឡាយ ក៏កំពុងចោទជាសំណួរជាច្រើន អំពីអនាគតនៃឧស្សាហកម្មឈ្មួញកណ្តាលដែលមានទឹកប្រាក់ចំនួន $១.៧ ពាន់ពាន់លានដុល្លាររបស់ប្រទេសចិន និងសកម្មភាពទីផ្សារមូលធនក្នុងស្រុក ដែលបានធ្លាក់ចុះយ៉ាងគំហុក ខណៈ ដែលសេដ្ឋកិច្ចកាន់តែទូលំទូលាយ កំពុងផ្ទុះឡើង។

ស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋចិនទាំងអស់ បានកំណត់ប្រាក់ឈ្នួលប្រចាំឆ្នាំសម្រាប់បុគ្គលិកជាន់ខ្ពស់ចំនួន ២.៨ លានយួន (៤០០,០០០ ដុល្លារ) ខណៈការកាត់ប្រាក់ខែថ្មីសម្រាប់បុគ្គលិកធនាគារដីគោកនៅឯក្រុមហ៊ុន China International Capital Corp. គឺមានចំនួន ២៥% នៃប្រាក់ខែគោលរបស់ពួកគេ។

លោក Shen Meng នាយកនៅធនាគារវិនិយោគ Chanson & Co ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ “ការបង្រ្កាប និងការរឹតបន្តឹងទាំងអស់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌ របស់ក្រុមបុគ្គលិកហិរញ្ញវត្ថុ ប៉ុន្តែបើសិនបញ្ហាទាំងនេះ អាចត្រូវបានលុបចោល, នោះឧស្សាហកម្មនេះ អាចដំណើរការបានល្អប្រសើរនាពេលអនាគត”។ លោក Shen បានបន្ថែមថា គោលដៅរបស់ក្រុមអាជ្ញាធរគឺ “ផ្លាស់ប្តូរស៊ីជម្រៅលើការចែកចាយប្រាក់ចំណេញ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល” ។

កាលពីដើមខែនេះ ក្រុមហ៊ុន Haitong ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ បានយល់ព្រមបញ្ចូលគ្នាជាមួយគូប្រជែងធំជាងដែលគាំទ្រដោយរដ្ឋ គឺ Guotai Junan Securities Co. នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរភាគហ៊ុន ដែលនឹងបង្កើតក្រុមហ៊ុនឈ្មួញកណ្តាលមានទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ប្រទេសចិន។ ធនាគារទាំងពីរ បាននិយាយថា ការរួមបញ្ចូលគ្នារបស់ពួកគេ នឹងបង្កើត “ធនាគារវិនិយោគលំដាប់ទី១” និងជួយលើកស្ទួយ “ការអភិវឌ្ឍន៍គុណភាពខ្ពស់ នៃឧស្សាហកម្មនេះ” ។ វា ក៏កើតឡើង បន្ទាប់ពីប្រធានាធិបតី ស៊ី បាននិយាយថា ប្រទេសចិន គួរតែបណ្តុះធនាគារវិនិយោគលំដាប់កំពូលខ្លះ នៅពេលដែលក្រុមហ៊ុនមកពី Wall Street កំពុងព្យាយាមពង្រីកខ្លួននៅក្នុងប្រទេស។

លោក Jiang Chengjun (កណ្តាល) អ្នកចាត់ការទូទៅរង នៃក្រុមហ៊ុន Haitong International Securities ត្រូវបានចាប់ខ្លួននៅក្រៅប្រទេស ដើម្បីបញ្ជូនមកស្រុកវិញ

យោងតាមមនុស្សម្នាក់ដែលដឹងអំពីបញ្ហានេះ ឱ្យដឹងថា ការចាប់ខ្លួន លោក ជាង ឆេងជុប (Jiang Chengjun) អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Haitong ដែលគ្រប់គ្រងកិច្ចការ វិនិយោគធនាគារ កាលពីចុងខែសីហា បានជួយពន្លឿនពេលវេលានៃកិច្ចព្រមព្រៀងនោះ។ កាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុន Haitong បានរាយការណ៍ពីការធ្លាក់ចុះ ៧៥% នៃប្រាក់ចំណេញក្នុងឆមាសទី១ មកត្រឹម ៩៥៣លានយួន ដែល១ផ្នែកដោយសារតែការធ្លាក់ចុះនៃកិច្ចការ វិនិយោគធនាគារ, ការជួញដូរ និងប្រាក់ចំណូលសេវាកម្មអតិថិជន របស់ស្ថាប័ន។

អ្នកដែលនឹងរឿងនេះដដែល បាននិយាយថា ការបញ្ឈប់ការងារបុគ្គលិក គឺទំនងជានឹងធ្វើឡើងនៅក្រុមហ៊ុន Haitong ដោយផ្តោតលើអាជីវកម្មធនាគារវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុននេះ មានបុគ្គលិកវិនិយោគចំនួន ១៦៤៥នាក់ នៅចុងឆ្នាំ ២០២៣ ឬប្រហែល ១២% នៃបុគ្គលិកជាង ១៣,៦០០នាក់ របស់ខ្លួន។ ក្រុមហ៊ុន Guotai Junan មានបុគ្គលិកសរុបប្រហែល ១៥,០០០នាក់។

ការស៊ើបអង្កេតហិរញ្ញវត្ថុ

ក្រុមអាជ្ញាធរចិន បាននិងកំពុងព្យាយាមបោសសម្អាតវិស័យហិរញ្ញវត្ថុដែលមានចំនួន ៦៦ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះ ដែលយ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ ២០២១មក នៅពេលប្រធានាធិបតី ស៊ី បានកំណត់ទស្សនៈរបស់គាត់លើអំពើពុករលួយនៅក្នុងឧស្សាហកម្មនេះ។ ការស៊ើបអង្កេតជាទូទៅ បាននាំឱ្យមានការឃុំខ្លួន និងចាប់ខ្លួនក្រុមអ្នកជំនាញហិរញ្ញវត្ថុជាច្រើននៅតាមធនាគារចិន ក្រុមហ៊ុនឈ្មួញកណ្តាល ក្រុមអ្នកចាត់ការទ្រព្យសម្បត្តិ និងបណ្តាក្រុមហ៊ុនធានារ៉ាប់រង។ ទណ្ឌកម្មធ្ងន់ធ្ងរបំផុត សម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនេះ ក៏មានការកាត់ទោសប្រហារជីវិត ឬការដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់អតីតមន្ត្រីប្រតិបត្តិកំពូល នៃស្ថាប័នខ្លះ។

លោក Bao Fan ប្រមុខនៃក្រុមហ៊ុន China Renaissance Group ត្រូវបានគេជឿថា ជាប់ឃុំឃាំង បន្ទាប់ពីបាត់ខ្លួនកាលពីឆ្នាំ២០២៣

ក្រុមអ្នកវិនិយោគខាងធនាគារ មានការខកចិត្តរួចទៅហើយជាមួយនឹងការបាត់ខ្លួនកាលពីឆ្នាំមុនរបស់លោក ប៉ាវ ហ្វាន (Bao Fan) ដែលជាតារាធនាគារិកម្នាក់ ដែលបានជួយធ្វើជាឈ្មួញកណ្តាលនៃការរួមបញ្ចូលគ្នា នៃបណ្តាញអ៊ីនធឺណែតយក្សខ្លះរបស់ប្រទេសចិន។ លោក ប៉ាវ បាននិងកំពុងជួយក្រុមអាជ្ញាធរក្នុងការស៊ើបអង្កេត១ ហើយការឃុំខ្លួនលោក បានធ្វើឱ្យរបួសដល់អនាគតអាជីវកម្មរបស់ក្រុមហ៊ុន China Renaissance Holdings Ltd. ដែលជាធនាគារវិនិយោគ ដែលលោកបានបង្កើតក្នុងឆ្នាំ ២០០៥។ គារឃុំឃាំងនេះ ក៏បានបាត់បង់បុគ្គលិកខ្លួនប្រហែល១/៣ ចាប់តាំងពីចុងឆ្នាំ ២០២២មក និង ភាគហ៊ុន ដែលបានចុះបញ្ជីនៅហុងកុង បានធ្លាក់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានបន្តការជួញដូរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៥ ខែកញ្ញា, ក្រុមហ៊ុននេះ បាននិយាយថា ក្រៅពីលោក ជាង, អតីតបុគ្គលិករបស់ក្រុមហ៊ុន Haitong, ក្រុមអាជ្ញាធរចិន ក៏បានឃុំខ្លួនលោក វ៉ាង ចៅពីង (Wang Zhaoping) អតីតអ្នកចាត់ការរង នៃផ្នែកធានាទិញ និងឧបត្ថម្ភរបស់ក្រុមហ៊ុន Shenwan Hongyuan Group ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីពាក់កណ្តាលខែសីហាថា ប្រមុខផ្នែកវិនិយោគធនាគារ នៃក្រុមហ៊ុន Guoyuan Securities Co., លោក វ៉ាង ឈិន (Wang Chen) កំពុងជួយក្នុងការស៊ើបអង្កេតដែលមិនបានបញ្ជាក់មួយ, ។

ប្រទេសចិន មានក្រុមអ្នកវិនិយោគខាងធនាគារជាង ៨,៧០០នាក់ គិតត្រឹមដើមខែកញ្ញា ពីចំណោមក្រុមហ៊ុនឈ្មួញកណ្តាលទាំង ១៤៧ក្រុមហ៊ុន។ ពួកគេជាច្រើន គឺពាក់ព័ន្ធក្នុងសកម្មភាពទីផ្សារមូលធនទាំងអស់ ក្នុងនោះមានទាំង IPOs និងការ ការលក់ភាគហ៊ុន ដែលតាមដាន។ ទិន្នន័យផ្លូវការ បានបង្ហាញថា ប្រាក់ចំណូលរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនមូលបត្រទាំងអស់នៅក្នុងប្រទេសនេះ មានចំនួន ២០៣.៣ ពាន់លានយួន នៅក្នុងឆមាសទី១ ដោយធ្លាក់ចុះ ៩% ធៀបនឹងឆ្នាំមុន។

ត្រូវបានគេមើលឃើញថាជា “ក្រុមអ្នកយាមទ្វារ” នៃទីផ្សារមូលធន តួនាទីរបស់ក្រុមអ្នកវិនិយោគខាងធនាគារ កាន់តែមានសារៈសំខាន់ បន្ទាប់ពីប្រទេសចិនបានប្តូរចេញពីយន្តការចុះបញ្ជីផ្អែកលើការអនុម័តច្បាប់ពីឆ្នាំមុន ទៅជាប្រព័ន្ធ IPO ដែលផ្អែកលើការចុះបញ្ជីវិញ។ ក្រុមហ៊ុនដែលចេញជាសាធារណៈ ត្រូវតែងតាំងធនាគារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬក្រុមអ្នកធានាទិញមូលបត្រ ជាអ្នកឧបត្ថម្ភការចុះបញ្ជីរបស់ពួកគេ។

ប្រទេស​ចិន ​បាន​និង​កំពុង​យកក្រុម​ធនាគារិកច្រើនថែម​ទៀត​មកបំពេញ​បេសកកម្មថ្មីៗនេះ។ យោងតាមទិន្នន័យផ្លូវការ ឱ្យដឹងថា និយតករមូលបត្រ និងផ្សារហ៊ុនរបស់ខ្លួន បានដាក់ពិន័យលោកក្រុមអ្នកតំណាង ឧបត្ថម្ភចំនួន ៩១នាក់រហូតដល់ដើមខែកញ្ញា។ នោះគឺច្រើនណាស់ បើធៀបនឹង ៨៨នាក់ សម្រាប់ឆ្នាំ ២០២៣ និង ៨៦ សម្រាប់ឆ្នាំ២០២២។

ប្រធាន និងជាស្ថាបនិក នៃក្រុមហ៊ុនអ្នកគ្រប់គ្រងទ្រព្យសកម្ម China Vision Capital ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង, លោក Sun Jianbo បាននិយាយថា ការបង្រួបបង្រួមឧស្សាហកម្មនេះ និងការបង្រ្កាបតាមបទប្បញ្ញត្តិ និយាយថា ប្រទេសចិន កំពុងដើរក្នុងទិសដៅត្រឹមត្រូវ ដើម្បីកែទម្រង់ធនាគារវិនិយោគរបស់ខ្លួន ដែលភាគច្រើនបានផ្តល់សេវាកម្ម “មិនគ្រប់គ្រាន់” ។

កាលពីសប្តាហ៍មុនផងដែរ ក្រុមហ៊ុន Guosen Securities Co. បានប្រកាសថា ខ្លួនមានគម្រោងទិញភាគហ៊ុន Vanho Securities Co. ស្ទើរតែទាំងអស់ ។ ក្រុមហ៊ុនឈ្មួញកណ្តាលចិនខ្លះទៀត នៅដើមឆ្នាំនេះ បានផែនការទិញភាគហ៊ុនពីដៃគូជាច្រើន។

លោក Sun បានមានប្រសាសន៍ថា៖ “យើង មិនត្រូវការធនាគារវិនិយោគច្រើនបែបនោះទេ និងកំពុងតែកាត់បន្ថយធនាគារិកដែលលើសតម្រូវការ គឺជាជំហានដំបូង និងជំហានចាំបាច់ សម្រាប់ប្រទេសចិន ដើម្បីគាំទ្រធនាគារវិនិយោគលំដាប់កំពូលវិញ។ យើង នឹងឃើញការបង្រួបបង្រួមកាន់តែរហ័សដោយជៀសមិនរួច និងការស៊ើបអង្កេតបុគ្គលិកជាសក្តានុពលកាន់តែច្រើន នាពេលអនាគត”៕

ដោយស្រង់សំដីរបស់ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Shouwen ដែលបាននិយាយកាលពីថ្ងៃសៅរ៍ នៅទីក្រុងធានជីន, ក្រសួងពាណិជ្ជកម្ម ចិនបានរាយការណ៍ថា ប្រទេសចិនសម័យទំនើប ដែលមានចំនួនប្រជាជនច្រើនសម្បើម គឺជាឱកាសមួយ, មិនមែនជាការគំរាមកំហែង សម្រាប់សហរដ្ឋអាមេរិកនោះទេ។

កិច្ចពិភាក្សា ដែលអនុរដ្ឋលេខាធិការពាណិជ្ជកម្មអាមេរិក លោកស្រី Marisa Lago ជាសហប្រធាន គឺជាលើកទី២ហើយ ក្នុងឆ្នាំនេះ ដែលមានការចូលរួមពីក្រុមមន្ត្រីទាំងពីរ និងកើតមានឡើង ចំពេលមានភាពតានតឹងខាងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ។

កាលពីដើមសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា អាមេរិកគួរតែលើកលែងពន្ធគយទាំងអស់លើទំនិញចិន នៅមុនពេលការប្រកាសដោយរដ្ឋបាល លោកបៃដិន ស្តីពីការដំឡើងពន្ធដែលគេរំពឹងទុកក្នុងការហូតពន្ធទំនិញដែលផលិតនៅប្រទេសចិន ក្នុងនោះមានទាំងពន្ធរថយន្តអគ្គិសនីផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ភាគីទាំងពីរបានធ្វើការពិភាក្សា “ប្រកបដោយវិជ្ជាជីវៈ សមហេតុផល និងជាក់ស្តែង” ស្តីពីគោលនយោបាយ និងបញ្ហាអាជីវកម្ម ដែលបានលើកឡើងដោយសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ។

ក្រសួងនោះ បានបន្ថែមថា ប្រទេសចិន បានផ្តោតសំខាន់លើការសម្តែងក្តីបារម្ភអំពីបញ្ហាទាំងអស់ ក្នុងមានទាំងបញ្ហាពន្ធរបស់អាមេរិកលើទំនិញរបស់ចិន។ ប្រទេសចិន បានជំទាស់នឹងការអនុវត្តការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគ ក្រោមលេសថាលើសចំណុះ៕

វិនិយោគិនបរទេស បានដកប្រាក់យ៉ាងច្រើនចេញពីប្រទេសចិនកាលពីត្រីមាសមុន ដែលទំនងជាកំពុងឆ្លុះបញ្ចាំងពីភាពទុទិដ្ឋិនិយមដ៏ជ្រៅ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។

យោងតាមទិន្នន័យពីរដ្ឋបាលរដ្ឋស្តីពីការប្តូរប្រាក់បរទេសដែលបានចេញផ្សាយពីថ្ងៃសុក្រទី៩ សីហា ឲ្យដឹងថា បំណុលវិនិយោគផ្ទាល់របស់ប្រទេសចិននៅក្នុងសមតុល្យនៃការទូទាត់របស់ខ្លួន បានធ្លាក់ចុះជិត ១៥ពាន់លានដុល្លារ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ដោយគូសបញ្ជាក់ជាលើកទីពីរដែលតួលេខនេះបានប្រែជាអវិជ្ជមាន។ ក្នុងរយៈពេល៦ខែដំបូង វាបានធ្លាក់ចុះប្រហែល ៥ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ Bloomberg ឲ្យដឹងថា បើសិនជាការធ្លាក់ចុះនៃចំនួនវិនិយោគនេះ នៅតែបន្តសម្រាប់ឆ្នាំដែលនៅសល់ វានឹងគូសបញ្ជាក់ពីលំហូរលុយសុទ្ធចេញប្រចាំឆ្នាំលើកដំបូង យ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ១៩៩០មក នៅពេលដែលទិន្នន័យប្រៀបធៀប បានចាប់ផ្តើម។

ប៉ុន្មានឆ្នាំថ្មីៗនេះ គេបានមើលឃើញការវិនិយោគបរទេសចូលក្នុងប្រទេសចិន បានធ្លាក់ចុះបន្ទាប់ពីបានឡើងដល់ជាប់កំណត់ត្រា ៣៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ។

តួលេខដែលបានចេញផ្សាយមុននេះដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសថ្មី (FDI) ចូលមកក្នុងប្រទេសក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ គឺទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។

ការវិនិយោគបរទេស​នៅប្រទេស​ចិន បានធ្លាក់ចុះ​ជិត ១៥ពាន់លានដុល្លារ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ឆ្នាំនេះ

  • ហេតុអ្វី បានជាចិនទាក់ទាញអ្នកវិនិយោគបរទេសលែងបាន?

ក្រៅ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច, ភាព​តានតឹងខាង​ភូមិសាស្ត្រ​នយោបាយ​ដែលកំពុងកើន​ឡើង ​បាន​និង​កំពុង​បង្វែរ​ចំណាប់អារម្មណ៍របស់អ្នក​វិនិយោគ​បរទេស ​ចេញ​ពី​ប្រទេស​ចិន។

លើសពីនេះ ការផ្លាស់ប្តូរភ្លាមៗទៅកាន់រថយន្តអគ្គិសនី ឬ EVs នៅក្នុងប្រទេសចិន ក៏បានកាត់បន្ថយផលប្រយោជន៍របស់ក្រុមហ៊ុនរថយន្តបរទេសផងដែរ ដោយមានការដកថយ ឬកាត់បន្ថយការវិនិយោគរបស់ពួកគេផងដែរ។

  • អ្នកវិនិយោគកាន់តែចាប់អារម្មណ៍ ទៅក្នុងប្រទេសផ្សេងទៀត

មិនតែប៉ុណ្ណោះ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើន កំពុងផ្តល់អត្រាការប្រាក់ខ្ពស់មិនដូចជានៅទីក្រុងប៉េកាំង ដែលបាននឹងកំពុងបន្ទាបការប្រាក់ ដើម្បីកែលម្អសេដ្ឋកិច្ចរបស់ពួកគេ។ បញ្ហានេះបានផ្តល់ហេតុផលគ្រប់គ្រាន់មិនឲ្យបរទេសចម្រុះជាតិសាសន៍វិនិយោគនៅក្នុងប្រទេសចិន ហើយដាក់សាច់ប្រាក់របស់ពួកគេទៅកន្លែងដែលកំពុងត្រូវបានផ្តល់ផលចំណេញកាន់តែប្រសើរវិញ។

ប្រទេសចិន ដែលមានអួតថាជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញ ក៏ដូចជាព្យាយាមរក្សាការវិនិយោគពីបរទេស។

រដ្ឋាភិបាលដែលដឹកនាំដោយលោក ស៊ី ជីពីង (Xi Jinping) បាននិងកំពុងពណ៌នាខ្លួនឯងថា បើកចំហ និងទាក់ទាញសម្រាប់អាជីវកម្មបរទេស ក្នុងក្តីរំពឹងថាក្រុមហ៊ុនជាច្រើនមកពីក្រៅប្រទេស នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក និងប្រជាជាតិដទៃទៀតដែលផ្តាច់ចេញពីប្រទេសចិន។

  • ការកើនឡើង នៃការវិនិយោគចេញក្រៅប្រទេស

ជាមួយគ្នានេះ ការវិនិយោគចេញក្រៅប្រទេសរបស់ចិន បានឡើងដល់កម្រិតខ្ពស់ថ្មីមួយ នៅក្នុងត្រីមាសទីពីរនេះ ដោយក្រុមហ៊ុនទាំងនោះ កំពុងបណ្តាក់ទុនចំនួន ៧១ពាន់លានដុល្លារនៅឯបរទេស គឺកើនឡើងជាង ៨០%ពីចំនួន $៣៩ពាន់លាន ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងនៃការវិនិយោគចេញក្រៅនេះ ភាគច្រើនសំដៅទៅលើគម្រោងដូចជារថយន្តអគ្គិសនី និងរោងចក្រផលិតអាគុយជាដើម។

ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋបាល នៃការប្តូររូបិយប័ណ្ណបរទេសរដ្ឋ ក៏បានបង្ហាញពីភាពខុសគ្នាកំពុងកើនឡើង នៅក្នុងការវាស់វែងនៃអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន ដែលបានឡើងដល់កំណត់ត្រា ៨៧ពាន់លានដុល្លារក្នុងត្រីមាសទីពីរ និងជិត ១៥០ពាន់លានដុល្លារសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ។

ភាពខុសគ្នានេះ ត្រូវបានគូសបញ្ជាក់ដោយរតនាគារសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ ដែលបានជំរុញឱ្យប្រទេសចិន ពន្យល់ពីភាពខុសគ្នាសំខាន់ៗនៅក្នុងតួលេខពាណិជ្ជកម្មជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗនេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឲ្យដឹងថា ភាពខុសគ្នានេះ គឺដោយសារតែ “វិធីសាស្រ្តផ្សេងគ្នាដែលត្រូវបានប្រើដើម្បីកត់ត្រាការនាំចេញ និងការនាំចូលទំនិញ”៕

ប្រទេសចិន កំពុងផ្តល់ឱ្យប្រជាជនបានឃើញនូវទិដ្ឋភាពនៅពីក្រោយវាំងនននៃកម្មវិធីថាមពលអាតូមិករបស់ខ្លួន ដោយសង្ឃឹមថា “ទេសចរណ៍នុយក្លេអ៊ែរ” អាចជួយគាំទ្រដល់វិស័យមួយ ជាគន្លឹះទៅកាន់មហិច្ឆតាថាមពលស្អាតស្អំរបស់ខ្លួន។

ក្រុមហ៊ុននេះ បាននិយាយនៅលើគណនី WeChat របស់ខ្លួន ថា សារជីវកម្មថាមពលនុយក្លេអ៊ែរទូទៅចិន ឬ CGN ដែលជាក្រុមហ៊ុនផលិតអគ្គិសនីអាតូមិកដ៏ធំបំផុតរបស់ប្រទេសនេះ បានបើកប្រព័ន្ធកក់សំបុត្រតាមអ៊ីនធឺណិត ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកទេសចររៀបចំផែនការទៅទស្សនាស្ថានីយថាមពលនុយក្លេអ៊ែរទាំង៩ នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះ ក៏បានបោះពុម្ពកូនសៀវភៅព័ត៌មានទេសចរណ៍១ ក្នុងនោះមានទាំងផែនទីណែនាំដែលគូរដោយដៃសម្រាប់រោងចក្រទាំងនោះផងដែរ។

ក្រុមអ្នកទេសចរ ក៏អាចទស្សនា​រោងចក្រនុយក្លេអ៊ែរចិន Nande ដ៏ធំសម្បើមនៅខេត្តហ្វូជានដោយសេរីដែរ

នៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើមកាលពីថ្ងៃទី៧ ខែសីហា នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Ningde ក្នុងខេត្ត ហ្វូជាន ក្រុមមន្ត្រី បានអញ្ជើញក្រុមភ្ញៀវឱ្យទស្សនាម៉ាស៊ីនរ៉េអាក់ទ័រ CPR-1000 ចំនួន៤របស់ខ្លួន រួមជាមួយនឹងសួនចំការតែពណ៌សដ៏ក្រអូបនៅក្បែរនោះ។

រោងចក្រនុយក្លេអ៊ែរចិន Fengchengang នៅខេត្តគ័ងស៊ី

ជម្រើសមួយទៀតដែលត្រូវបានផ្តល់ជូន គឺធ្វើដំណើរទៅកាន់ស្ថានីយ៍ហ្វុងឈិនកាង (Fangchenggang) នៃខេត្ត គ័ងស៊ី ជាទីដែលម៉ាស៊ីនរ៉េអាក់ទ័រ Hualong One “ដ៏អស្ចារ្យ” តាំងនៅជិតប្រជុំកោះទេសចរណ៍ដ៏ល្បីល្បាញ ដែលជាលំនៅដ្ឋានរបស់ជនជាតិភាគតិច ជីង ។

ក្រុមមន្ត្រីក៏បានអះអាងដែរថា ម៉ាស៊ីនភ្លើង San’ao ដែលកំពុងត្រូវបានសាងសង់នៅជិតឆ្នេរសមុទ្រ វិនចូវ បានក្លាយជាផ្ទាំងរូបថតដ៏ពេញនិយម សម្រាប់ក្រុមអ្នកផលិតមាតិការ influencers លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជាការបន្ថែមលើការជំរុញដែលកំពុងផ្តល់ជូនដល់វិស័យទេសចរណ៍ក្នុងស្រុកនេះ, ក្រុមហ៊ុន CGN កំពុងសង្ឃឹមថា គំនិតផ្តួចផ្តើមនេះអាចបង្កើនទំនុកចិត្តសាធារណៈលើវិស័យនុយក្លេអ៊ែរតាមរយៈការចែករំលែកព័ត៌មាន លើប្រធានបទជាច្រើន ដូចជាវិទ្យុសកម្ម និងការគ្រប់គ្រងសុវត្ថិភាពជាដើម។

ពីពេលនេះទៅ អ្នកទេសចរអាចទស្សនា​រោងចក្រនុយក្លេអ៊ែរចិនដោយសេរី

ការគាំទ្រសាធារណៈសម្រាប់វិស័យនេះ នឹងមានសារៈសំខាន់ ខណៈប្រទេសចិន ពង្រីកកងនាវានុយក្លេអ៊ែររបស់ខ្លួន ដើម្បីជួយបំពេញគោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ការបំភាយឧស្ម័ន នៅត្រឹមឆ្នាំ ២០៦០ ។

ពេលនេះ ប្រទេសចិនកំពុងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣០ ដែលស្មើនឹងជិតពាក់កណ្តាល នៃបំពង់បង្ហូរប្រេងសាងសង់ទូទាំងពិភពលោក។

នៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើមនុះ អ្នកនាំពាក្យក្រុមហ៊ុន CGN លោក គូ ស៊ិនកាង (Guo Xingang)  បាននិយាយ ថា៖ “កិច្ចការនេះ មិនត្រឹមតែជាសកម្មភាពផ្សព្វផ្សាយវិទ្យាសាស្ត្រសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរុករកស្រាវជ្រាវដ៏សំខាន់ ក្នុងវិស័យទេសចរណ៍នុយក្លេអ៊ែរផងដែរ” ។

ម៉ាស៊ីនរ៉េអាក់ទ័រទាំងនេះ ត្រូវបានក្រុមហ៊ុន ផ្តល់ជាទីតាំងទេសចរណ៍នៅប្រទេសចិនហើយ

លោក បាន​បន្តទៀតថា៖ “ការងារនេះ នឹងមិនត្រឹមតែជួយលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តរបស់សាធារណជនលើថាមពលនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ប្រទេសរបស់ខ្ញុំផងដែរ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព