ក្រុមប្រទេស អ្នកមានទាំង២០ (G-20) បានឯកភាពគ្នាដើម្បីជំរុញឱ្យមានការរុះរើ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងបណ្តាស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគី នៅក្នុងការទម្លាញភាពទាល់ច្រកមួយបន្ទាប់ពីមានការចរចាអស់រយៈពេលមួយខែកន្លះ។

យោងតាមសេចក្តីព្រៀងសេចក្តីប្រកាសដែល Bloomberg News បានឃើញ ឱ្យដឹងថា ការអំពាវនាវឱ្យមានកំណែទម្រង់នេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធ សប្តាហ៍ក្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G-20 ដែលបានស្នើឡើងដោយប្រទេសប្រេស៊ីល នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ។

នេះគឺជាលើកទីមួយហើយដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២០ របស់ពិភពលោក យល់ព្រមជាផ្លូវការដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមគ្នាមួយ ដើម្បីធ្វើទំនើបកម្មលើបណ្តាស្ថាប័នអភិបាលកិច្ចពិភពលោក ដែលត្រូវបានបង្កើតឡើងប្រមាណជា​៨០ ឆ្នាំមុន ដោយឆ្លុះបញ្ចាំងពីការតថភាពក្រោយសង្គ្រាមលោកលើកទីពីរ។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ដែលនឹងត្រូវបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំ G-20 ដែលនឹងបើកទូលាយដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ មានសេចក្តីថា៖ “មានការយល់ឃើញកំពុងកើនឡើងថា អង្គការសហប្រជាជាតិ, ស្ថាប័ន Bretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក គឺត្រូវការកំណែទម្រង់ជាបន្ទាន់”។

យោងតាមសេច្ហតីថ្លែងការណ៍នោះ ឱ្យដឹងថា៖ “វាចាំបាច់ណាស់ដែលស្ថាប័នទាំងនេះ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអភិបាលកិច្ច និងការអនុវត្តរបស់ខ្លួន ដើម្បីធ្វើជាតំណាងសមាជិកភាពចម្រុះជាតិសាសន៍របស់ពួកគេឱ្យកាន់តែប្រសើរ និងបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ”។

ប្រធានាធិបតីអាមេរិក ចូ បៃដិន (ឆ្វេង), នាយករដ្ឋមន្ត្រីឥណ្ទា លោក Narendra Modi និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva (ស្តាំ) បានឯកភាពគ្នាជាពាក្យសម្តីក្នុងជំនួបកំពូល G20 នៅប្រទេសឥណ្ឌាកាលពីថ្ងៃទី៩ កញ្ញា ២០២៣។

កំណែទម្រង់នៃស្ថាប័នពិភពលោកនេះ គឺជាការតស៊ូតវ៉ាជាយូរមកហើយ របស់លោក Luiz Inacio Lula da Silva នៃប្រទេសប្រេស៊ីល ដែលជាប្រធានប្តូរវេននៃក្រុម G-20 នៅឆ្នាំនេះ។ សេចក្តីថ្លែងការណ៍រួមដែលត្រូវបោះពុម្ពក្រោមការដឹកនាំរបស់លោកនេះ គឺជាជំហានមួយក្នុងទិសដៅនៃកំណែទម្រង់នោះ ទោះបីជាមានប្រទេសជាច្រើន មិនទាន់បានយល់ព្រមតាមពេលវេលាកំណត់ សម្រាប់ការផ្លាស់ប្តូរដើម្បីអនុវត្តក៏ដោយ។

ឯកសារដែលមាន៣ទំព័រនេះ រៀបរាប់លម្អិតអំពីកំណែទម្រង់ដែលបានព្រមព្រៀងគ្នាដោយ G-20 លើមុខព្រួញ៣ផ្សេងគ្នា៖ អង្គការសហប្រជាជាតិ, ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ក្នុងចំណោមការកែប្រែ ដែលបានស្នើទៅអង្គការសហប្រជាជាតិ គឺការអំពាវនាវរបស់ G-20 ឱ្យមានការកំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខ ជាមួយនឹងរនាសម្ព័ន្ធដែលបានពង្រីក ដែលធ្វើអោយប្រសើរឡើងនូវភាពតំណាង នៃតំបន់ និងក្រុមដែលមានតំណាងមិនសមរម្យ និងអត់មានតំណាង។ ឯកសារនោះ ក៏ទាមទារឱ្យមានតំណាងច្រើនថែមទៀត​នៅក្នុងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយមានតម្លាភាព, ការបែងចែកភូមិសាស្ត្រសមធម៌ គុណតម្លៃ និងសមតុល្យយេនឌ័រ។

នៅលើកំណែទម្រង់នៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ, ក្រុមប្រទេស G-20 ស្នើសុំឱ្យមានការផ្តល់ ហិរញ្ញប្បទានច្រើនថែមទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមជាសកល ក្នុងនោះមានទាំងការប្រែប្រួលអាកាសធាតុផងដែរ។ ឯកសារនោះ ក៏អំពាវនាវឱ្យមានការលើកកម្ពស់ការតំណាង និងសំឡេងនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើការសម្រេចចិត្ត។

ជាចុងក្រោយ ប្រទេស G-20 ពិពណ៌នាអំពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ជាស្ថាប័ន “មិនអាចខ្វះបាន” ចំពោះប្រព័ន្ធដំណើរការបានល្អ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម និងអំពាវនាវឱ្យមានគោលនយោបាយច្រើន ដែលអាចជួយឱ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្លាយជាម៉ាស៊ីន នៃកំណើន និងវិបុលភាព៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព