សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានពង្រីកក្នុងអត្រាលឿនបំផុតក្នុងរយៈពេល ១៨ខែ ក្នុងត្រីមាសទី២នេះ បានជំនួយពីការចំណាយគ្រួសាររឹងមាំ, ការនាំចេញ, និងការវិនិយោគ ដោយធនាគារកណ្តាលនេះ ព្យាករណ៍ពីកំណើនពេញឆ្នាំ នឹងឡើងជិតចុងកំពូល នៃការព្យាករណ៍របស់ខ្លួន។

ទិន្នន័យ បានបង្ហាញកាលពីថ្ងៃសុក្រថា ផលទុនជាតិសរុប បានកើនឡើងពី ៤.២% នៅក្នុងត្រីមាសទី១ ដល់៥.៩% ក្នុងអំឡុងពេលពីខែមេសា ដល់ខែមិថុនា និងលើសពីការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគ និងការវិភាគរបស់រដ្ឋាភិបាលពីដំបូង ថាកើនឡើង ៥.៨%។

កំណើនក្នុងរយៈពេលនេះ គឺលឿនបំផុតហើយ ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ ២០២២មក នៅពេលដែលសេដ្ឋកិច្ច បានឡើង ៧.៤% ។

ម៉ាឡេស៊ី កំពុងរីរាយនឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួន

ទិន្នន័យពីធនាគារ Negara Malaysia (BNM) និងនាយកដ្ឋានស្ថិតិ បានបង្ហាញថា នៅលើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាលពី១ត្រីមាសទៅ១ត្រីមាស, ផលទុនជាតិសរុប បានកើនឡើង ២.៩% បើធៀបនឹងការកើនឡើង ១.៥% ក្នុងរយៈពេលពីខែមករា ដល់ខែមីនា។

ទេសាភិបាលធនាគារ BNM លោក Abdul Rasheed Ghaffour បាននិយាយថា កំណើនពេញ១ឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថា នឹងចូលមកដល់នៅចុងកំពូល នៃការព្យាករណ៍របស់ធនាគារកណ្តាល ៤%-៥% ដោយសារការក់នឡើងកាន់តែខ្លាំងពីតម្រូវការក្នុងស្រុក និងខាងក្រៅស្រុក។

លោក បាននិយាយថា៖ “ការចំណាយរបស់គ្រួសារ នឹងនៅតែជាយុថ្កានៃកំណើនសម្រាប់ពេលវេលានៅសេសសល់ នៃឆ្នាំនេះ ជាមួយនឹងការបន្តពង្រីកការងារ និងប្រាក់ចំណូល ព្រមទាំងការគាំទ្រគោលនយោបាយកាន់តែធំ និងសកម្មភាពវិនិយោគដ៏រឹងមាំ” ។

នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចនេះ បានពង្រីកតិចជាងការរំពឹងទុក ដោយកើនឡើង ៣.៧% ចំពេលតម្រូវការពិភពលោក ចុះខ្សោយ។ ទេសាភិបាលរូបនោះ បាននិយាយថា រូបិយប័ណ្ណរីងហ្គីត ក៏ត្រូវបានគេរំពឹងថានឹងទទួលបានការគាំទ្របន្ថែម នៅក្នុងប៉ុន្មានខែខាងមុខនេះដែរ ចំពេលមានភាពខុសគ្នាតិចតួច នៃអត្រាការប្រាក់ រវាង អាមេរិក និងម៉ាឡេស៊ី។

រូបិយប័ណ្ណរីងហ្គីត បានស្ទុះងើបការធ្លាក់ចុះរយៈពេល ២៦ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលបានវាយលុកក្នុងខែកុម្ភៈ ហើយឥឡូវនេះបានកើនឡើង ៣.៣% រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។

កាល​ពី​ខែ​មុន ធនាគារ​កណ្តាល​នេះ បាន​រក្សា​អត្រា​ការ​ប្រាក់​សំខាន់​របស់​ខ្លួន​ឲ្យរឹងត្រឹម ៣%។ ធនាគារនេះ បាននិយាយកាលពីថ្ងៃសុក្រថា អតិផរណា នឹងនៅតែអាចគ្រប់គ្រងបាន ទោះបីជាវាមាននិន្នាការកើនឡើងខ្ពស់ជាង បន្ទាប់ពីការកាត់បន្ថយការឧបត្ថម្ភធនប្រេងម៉ាស៊ូតក្នុងខែមិថុនាក៏ដោយ។

ធនាគារ BNM បាននិយាយថា អតិផរណាធំ​និងស្នូលជាមធ្យម ១.៨% នៅក្នុងឆមាសទី១នៃឆ្នាំ ២០២៤ ។ អតិផរណា នឹងមានចន្លោះពី ២% ទៅ ៣.៥% សម្រាប់ឆ្នាំនេះ។

ក្រុមអ្នកវិភាគ រំពឹងថា ធនាគារ BNM នឹងរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរសម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំនេះ ដោយបង្ហាញពីហានិភ័យនៃអតិផរណាខ្ពស់ជាង ខណៈដែលម៉ាឡេស៊ី បន្តតាមកាត់បន្ថយការឧបត្ថម្ភធនបន្ថែមទៀត។ រដ្ឋាភិបាល ​មាន​គម្រោង​កែសម្រួល​ការ​ឧបត្ថម្ភធន​សម្រាប់​ប្រេងឥន្ធនៈ RON95 ប៉ុន្តែ​មិន​ទាន់​បាននិយាយ​ថា ​សំណើ​នេះ ​នឹង​ត្រូវ​អនុវត្ត​នៅពេលណា​នៅឡើយ​ទេ​។

លោក Mohd Afzanizam Abdul Rashid បាននិយាយថា៖ “យើងជឿជាក់ថា ធនាគារ BNM នឹងបន្តមានការប្រុងប្រយ័ត្នក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ពួកគេ ជាពិសេសលើផ្នែកតម្លៃ។ ពួកគេបានរក្សាការព្យាករណ៍អតិផរណារបស់ពួកគេ ដែលបង្ហាញពីកម្រិតមិនប្រាកដប្រជា លើការរំពឹងទុកនៃអតិផរណារបស់ប្រទេសនេះ”។

នៅក្នុងកំណត់ត្រាមួយ Capital Economics បាននិយាយថា ថ្វីបើមានលទ្ធផលល្អប្រសើរជាងការរំពឹងទុកក៏ដោយ ក៏គេនៅតែរំពឹងថា ប្រទេសម៉ាឡេស៊ី នឹងប្រឈមមុខនឹងការធ្លាក់ចុះនៅពេលខាងមុខ ចំពេលដែលមានការធ្លាក់ចុះនៃតម្លៃទំនិញ ហានិភ័យអតិផរណា និងការថយចុះនៃការមកដល់នៃភ្ញៀវទេសចរ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព