គណៈរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃ (BoT) ពន្លឿនការដោះស្រាយបំណុលគ្រួសាររបស់ពលរដ្ឋជាមួយធនាគារ ជាពិសេសបំណុលអាក្រក់ផ្នែកលំនៅដ្ឋាន បំណុលរថយន្ត បំណុលម៉ូតូ បំណុលប័ណ្ណឥណទាន និងកម្ចីរៀនសូត្ររបស់សិស្ស ដោយសារតែមកដល់ពេលនេះហើយ សេដ្ឋកិច្ចថៃ នៅតែមិនទាន់ឃើញសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញនៅឡើយ។

 

ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវិជ្ជរ៉ា (Pichai Chunhavajira) បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ ដល់ស្ថាប័នដែលពាក់ព័ន្ធ ឲ្យពន្លឿន ដោយដោះស្រាយវិបត្តិសេដ្ឋកិច្ច១នេះ ដោយសារតែកង្វះសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញ។ បញ្ហាធំបំផុត គឺបញ្ហាបំណុលដ៏អាក្រក់ក្នុងផ្នែកលំនៅដ្ឋាន និងបំណុលសហគ្រាសធុនតូច និងមធ្យម ជាពិសេសបំណុលគ្រួសារដ៏សែនធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះ ថៃមានបំណុលគ្រួសារចំនួន 13.6 ពាន់ពាន់លានបាត (ប្រមាណជា$372ពាន់លាន)ស្មើនឹង 90% នៃផលទុនជាតិសរុប ដែលមានប្រមាណជា ១ពាន់ពាន់លានបាត ជាបំណុលអាក្រក់ ហើយបញ្ហានេះទំនងជានឹងកើនឡើងដោយសារតែបំណុលកាន់តែច្រើនប្រឈមនឹងហានិភ័យ ក្លាយជាបំណុលអាក្រក់ ដោយពាក់កណ្តាលនៃចំនួននេះ គឺជា បំណុល​​លំនៅដ្ឋាន និងបំណុល​រថយន្ត និងបំណុល​ផ្សេងៗ​ទៀត​ដូចជា​បំណុល​ប័ណ្ណ​ឥណទាន។

ដើម្បីដោះស្រាយបំណុលអាក្រក់ក្នុងវិស័យលំនៅដ្ឋាននេះ ធនាគារទទួលបន្ទុកកិច្ចការលំនៅដ្ឋានរបស់រដ្ឋាភិបាល ត្រូវបានណែនាំឱ្យពង្រីកបន្ថែមរយៈពេលនៃការសងប្រាក់កម្ចីទិញផ្ទះ រហូតដល់អាយុអតិបរមា 85ឆ្នាំ ក្នុងចំណោមអ្នកខ្ចី។ ការពង្រីករយៈពេលសងប្រាក់កម្ចីទិញផ្ទះនេះ នឹងជួយសម្រាលបន្ទុកនៃអ្នកទិញផ្ទះ ចំពេលដែលការចំណាយសម្រាប់ការរស់នៅ និងការចំណាយផ្សេងៗកើនខ្ពស់។

លោក ភីឆៃ  បាននិយាយថា រដ្ឋាភិបាលថៃ ក៏នឹងស្នើឱ្យធនាគារពាណិជ្ជទាំងឡាយ ជួយដល់អ្នកខ្ចីដែលជួបការលំបាកក្នុងការទូទាត់សង ដោយពន្យាររយៈពេលបំណុល និងកាត់បន្ថយការបង់ប្រាក់ដើម។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បាន​បន្ត​ថា ខណៈបំណុល​ទាក់​ទង​នឹង​រថយន្តនិង​ម៉ូតូ ​បានសើរើ​រួច​ហើយ, កិច្ចព្រមព្រៀង សម្រាប់​បំណុល​អាក្រក់លំនៅដ្ឋាន ក៏​នឹង​ត្រូវ​ធ្វើ​ ហើយ​ចំនួន​បំណុល​សរុប ​គួរតែ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាប់។

ទាក់ទងនឹងបំណុលកាតឥណទាន ប្រព័ន្ធនេះ មានប័ណ្ណឥណទានចំនួន 24លានសន្លឹក ដែលក្នុងនោះ 1.4 លានកាត ស្ថិតក្នុងបំណុល ហើយចំនួននេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 2 ឬ 3 លានកាត។

ដើម្បីដោះស្រាយបញ្ហានេះ ធនាគារ BoT នឹងត្រូវបានស្នើសុំឱ្យសម្របសម្រួលជាមួយក្រុមហ៊ុនកាតឥណទាន ដើម្បីកាត់បន្ថយការទូទាត់អប្បបរមាបច្ចុប្បន្នពី 8% មក 5% ដោយផែនការកែសម្រួលបន្ថែម នឹងមានធ្វើជាបន្តទៀត។

លោក ភីឆៃ បាននិយាយថា វិធានការដោះស្រាយបំណុលអាក្រក់ នឹងត្រូវបានអនុវត្តឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះរដ្ឋាភិបាលចង់កាត់បន្ថយ ពង្រីក និងគ្រប់គ្រងបំណុល ដើម្បីជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញ ម្តងបន្តិចៗ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព