ក្រុងបាងកក៖ ប្រមុខធនាគារកណ្តាលថៃ បានប្រកាសថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ប្រទេសថៃមានភាពផុយស្រួយ ចំពេលមានកម្រិតបំណុលខ្ពស់។
ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាភុត សូធីវ៉ាត់ណារូភុត (Sethaput Suthiwartnaruput) បានប្រាប់សន្និសីទមួយថា ការវិនិយោគក្នុងប្រទេស ក៏មានកម្រិតទាបផងដែរ។
បំណុលគ្រួសារថៃ មានចំនួន ៩០.៨% នៃផលទុនជាតិសរុបគិតត្រឹមខែមីនាឆ្នាំនេះ គឺស្ថិត ក្នុងចំណោមបំណុលខ្ពស់បំផុតនៅទ្វីអាស៊ី។
ទេសាភិបាលធនាគារកណ្តាលរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុចំពេលមានការខ្វែងគំនិតគ្នាជាយូរមកហើយ ជាមួយរដ្ឋាភិបាលថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
លោក សេដ្ឋាភុត បាននិយាយថា ខណៈដែលអត្រាការប្រាក់ទាបអាចបង្កឱ្យមានកំណើនរយៈពេលខ្លី, វានឹងមានការសម្របសមួលតុល្យភាពជាមួយអតិផរណា ហើយវាក៏អាចនាំទៅរកភាពងាយរងគ្រោះ ដូចជាកំណើនបំណុល និងការចចាមអារាមផងដែរ។
លោកបាននិយាយថា ហានិភ័យទាំងនោះ នឹងរារាំងកំណើនរយៈពេលវែង និងអាចនាំឱ្យមានវិបត្តិ ដោយ បន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាល មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។
ប្រសាសន៍របស់លោក កើតឡើងចំពេលមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញសារពើពន្ធរបស់ខ្លួន ហើយ ធនាគារថៃ និយាយថា អត្រានេះ គឺសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធ កំពុងរុញកំណើនឡើងឱ្យថយក្រោយ។
អត្រាការប្រាក់សំខាន់របស់ប្រទេសថៃមានកម្រិតខ្ពស់១០ឆ្នាំហើយ គឺ ២.៥០% និង១ឆ្នាំពេញដែលធនាគារកណ្តាល បានទប់ទល់នឹងការអំពាវនាវជាច្រើនលើកឱ្យកាត់បន្ថយ។
កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា ឯករាជ្យភាពរបស់ធនាគារកណ្តាលគឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្មថា ក៏បានសម្តែងកង្វល់អំពីអត្រារឹងមាំ នៃប្រាក់បាត (៣៣,០៧ បាត ក្នុង១ ដុល្លារ) ព្រោះវានឹងប៉ះពាល់ដោយផ្ទាល់ចំពោះផ្នែកទេសចរណ៍ដែលខ្សោយ និងផ្នែកឯជន ត្រូវបង្កើនផលិកម្ម ដែលនាំឱ្យមានការនាំចូលទំនិញថោកៗ។
រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមកម្មវិធី “កាបូបឌីជីថល” ជាមួយទឹកប្រាក់ចំនួន ៤៥០ ពាន់លានបាត (១៣.៦ ពាន់លានដុល្លារ) នៅចុងខែនេះ ដោយចែកចាយប្រាក់ ១៤៥ ពាន់លានបាត ដល់ក្រុមមនុស្សដែលងាយរងគ្រោះ។ ផែនការជំរុញទឹកចិត្តនេះ ផ្តល់ប្រាក់ ១ម៉ឺនបាត ដល់ប្រជាជនថៃរហូតដល់៤០លាននាក់ដើម្បីចំណាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។
គ្រោងការណ៍នេះ ត្រូវបានក្រុមអ្នកសេដ្ឋកិច្ចរិះគន់ ក្នុងនោះមានទាំងអតីតទេសាភិបាលធនាគារកណ្តាល២រូប ថា មិនមានការទទួលខុសត្រូវផ្នែកសារពើពន្ធ។
រដ្ឋាភិបាល ច្រានចោលរឿងនេះ ដោយបានតស៊ូស្វែងរកប្រភពថវិកា។ រដ្ឋាភិបាល និយាយថា គោលនយោបាយនេះ គឺចាំបាច់ ដើម្បីបង្កើនថាមពលសេដ្ឋកិច្ច ដែលធនាគារកណ្តាលរំពឹងថា នឹងកើនឡើងត្រឹមតែ ២.៦% ក្នុងឆ្នាំនេះ កើនឡើងពី ១.៩% ក្នុងឆ្នាំ 2023។
ប្រភពជាច្រើន បានប្រាប់ Reuters ថា រដ្ឋាភិបាលគ្រោងនឹងតែងតាំងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Kittiratt Na Ranong ដែលជាអ្នករិះគន់ដ៏ខ្លាំងចំពោះធនាគារកណ្តាល ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាល បន្ទាប់៕
គណៈរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃ (BoT) ពន្លឿនការដោះស្រាយបំណុលគ្រួសាររបស់ពលរដ្ឋជាមួយធនាគារ ជាពិសេសបំណុលអាក្រក់ផ្នែកលំនៅដ្ឋាន បំណុលរថយន្ត បំណុលម៉ូតូ បំណុលប័ណ្ណឥណទាន និងកម្ចីរៀនសូត្ររបស់សិស្ស ដោយសារតែមកដល់ពេលនេះហើយ សេដ្ឋកិច្ចថៃ នៅតែមិនទាន់ឃើញសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញនៅឡើយ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវិជ្ជរ៉ា (Pichai Chunhavajira) បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ ដល់ស្ថាប័នដែលពាក់ព័ន្ធ ឲ្យពន្លឿន ដោយដោះស្រាយវិបត្តិសេដ្ឋកិច្ច១នេះ ដោយសារតែកង្វះសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញ។ បញ្ហាធំបំផុត គឺបញ្ហាបំណុលដ៏អាក្រក់ក្នុងផ្នែកលំនៅដ្ឋាន និងបំណុលសហគ្រាសធុនតូច និងមធ្យម ជាពិសេសបំណុលគ្រួសារដ៏សែនធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ ថៃមានបំណុលគ្រួសារចំនួន 13.6 ពាន់ពាន់លានបាត (ប្រមាណជា$372ពាន់លាន)ស្មើនឹង 90% នៃផលទុនជាតិសរុប ដែលមានប្រមាណជា ១ពាន់ពាន់លានបាត ជាបំណុលអាក្រក់ ហើយបញ្ហានេះទំនងជានឹងកើនឡើងដោយសារតែបំណុលកាន់តែច្រើនប្រឈមនឹងហានិភ័យ ក្លាយជាបំណុលអាក្រក់ ដោយពាក់កណ្តាលនៃចំនួននេះ គឺជា បំណុលលំនៅដ្ឋាន និងបំណុលរថយន្ត និងបំណុលផ្សេងៗទៀតដូចជាបំណុលប័ណ្ណឥណទាន។
ដើម្បីដោះស្រាយបំណុលអាក្រក់ក្នុងវិស័យលំនៅដ្ឋាននេះ ធនាគារទទួលបន្ទុកកិច្ចការលំនៅដ្ឋានរបស់រដ្ឋាភិបាល ត្រូវបានណែនាំឱ្យពង្រីកបន្ថែមរយៈពេលនៃការសងប្រាក់កម្ចីទិញផ្ទះ រហូតដល់អាយុអតិបរមា 85ឆ្នាំ ក្នុងចំណោមអ្នកខ្ចី។ ការពង្រីករយៈពេលសងប្រាក់កម្ចីទិញផ្ទះនេះ នឹងជួយសម្រាលបន្ទុកនៃអ្នកទិញផ្ទះ ចំពេលដែលការចំណាយសម្រាប់ការរស់នៅ និងការចំណាយផ្សេងៗកើនខ្ពស់។
លោក ភីឆៃ បាននិយាយថា រដ្ឋាភិបាលថៃ ក៏នឹងស្នើឱ្យធនាគារពាណិជ្ជទាំងឡាយ ជួយដល់អ្នកខ្ចីដែលជួបការលំបាកក្នុងការទូទាត់សង ដោយពន្យាររយៈពេលបំណុល និងកាត់បន្ថយការបង់ប្រាក់ដើម។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បានបន្តថា ខណៈបំណុលទាក់ទងនឹងរថយន្តនិងម៉ូតូ បានសើរើរួចហើយ, កិច្ចព្រមព្រៀង សម្រាប់បំណុលអាក្រក់លំនៅដ្ឋាន ក៏នឹងត្រូវធ្វើ ហើយចំនួនបំណុលសរុប គួរតែត្រូវបានរាយការណ៍នៅក្នុងកិច្ចប្រជុំបន្ទាប់។
ទាក់ទងនឹងបំណុលកាតឥណទាន ប្រព័ន្ធនេះ មានប័ណ្ណឥណទានចំនួន 24លានសន្លឹក ដែលក្នុងនោះ 1.4 លានកាត ស្ថិតក្នុងបំណុល ហើយចំនួននេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 2 ឬ 3 លានកាត។
ដើម្បីដោះស្រាយបញ្ហានេះ ធនាគារ BoT នឹងត្រូវបានស្នើសុំឱ្យសម្របសម្រួលជាមួយក្រុមហ៊ុនកាតឥណទាន ដើម្បីកាត់បន្ថយការទូទាត់អប្បបរមាបច្ចុប្បន្នពី 8% មក 5% ដោយផែនការកែសម្រួលបន្ថែម នឹងមានធ្វើជាបន្តទៀត។
លោក ភីឆៃ បាននិយាយថា វិធានការដោះស្រាយបំណុលអាក្រក់ នឹងត្រូវបានអនុវត្តឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះរដ្ឋាភិបាលចង់កាត់បន្ថយ ពង្រីក និងគ្រប់គ្រងបំណុល ដើម្បីជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញ ម្តងបន្តិចៗ៕