ផែនការសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) គឺផ្តោតលើការបន្ថយថ្លៃចំណាយ និងការជំរុញឱកាសសេដ្ឋកិច្ចសម្រាប់ពលរដ្ឋអាមេរិកដែលមានជីវភាពកម្រិតទាប និងមធ្យម តាមរយៈវិធានការជាច្រើន ក្នុងមានទាំងឥណទានពន្ធ និងការផ្តល់ជូនសម្រាប់ឱសថ ដែលមានតម្លៃថោក។ ការវិភាគមួយ ពីគណៈកម្មាធិការមិនលំអៀងសម្រាប់ថវិកាសហព័ន្ធដែលមានទំនួលខុស ប៉ាន់ប្រមាណថា គោលនយោបាយដែលបានបង្ហាញនៅក្នុងរបៀបវារៈរបស់លោកជំទាវហារីស សម្រាប់រយៈពេល ១០០ថ្ងៃដំបូងរបស់លោកជំទាវ នៅក្នុងតំណែងនឹងបង្កើនឱនភាពចំនួន ១.៧ ពាន់ពាន់លានដុល្លារក្នុងរយៈពេល១ទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការលោកជំទាវ ហារីស បាននិយាយថា ការចំណាយរបស់កម្មវិធី អាចត្រូវបានទូទាត់ដោយការបង្កើនពន្ធលើអ្នកមានអាមេរិក និងសារជីវកម្មធំៗ។

តទៅនេះ ជារបៀបដែលក្រុមអ្នកសេដ្ឋកិច្ច កំពុងវាយតម្លៃផ្នែកសំខាន់ៗ នៃសំណើសេដ្ឋកិច្ចរបស់លោកជំទាវ

  • ការពង្រីកការកាត់បន្ថយពន្ធ

ការកាត់បន្ថយពន្ធ និងច្បាប់ការងារ(TCJA)ឆ្នាំ ២០២៧ របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាច្បាប់ហត្ថលេខារបស់គាត់ បានកាត់បន្ថយអត្រាពន្ធសម្រាប់អាជីវកម្ម និងលរដ្ឋអាមេរិកភាគច្រើនបំផុត ហើយត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ លោកជំទាវ ហារីស បានស្នើឱ្យរក្សាអត្រាការប្រាក់នៅដដែលសម្រាប់អ្នកដែលមានចំណូលតិចជាង $៤០ម៉ឺន ខណៈដំឡើងពន្ធសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់។ លោកជំទាវ ក៏កំពុងជំរុញឱ្យមានការបង្កើនអត្រាពន្ធសារជីវកម្ម ពី ២១% នាពេលបច្ចុប្បន្ន ដល់ ២៨%។ ការ​អះអាងនេះ ​គឺ​ថា​ពន្ធ​ខ្ពស់​ នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​អាមេរិក។

លោកជំទាវ Kimberly Clausing អតីតមន្ត្រីក្រសួងរតនាគារ ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ចូ ដៃដិន ដែលពេលនេះជាសាស្រ្តាចារ្យផ្នែកច្បាប់ពន្ធដារ និងគោលនយោបាយ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការបង្កើនពន្ធសូម្បីតែ១ផ្នែកនៃ TCJA ក៏វា “ថ្លៃណាស់” ។ ផែនការរបស់លោកជំទាវ ហារីស នឹងនៅតែចំណាយតិចជាងលោកត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋដែលបាននិយាយថា លោកចង់បង្កើនការកាត់បន្ថយទាំងស្រុងរបស់ពួកគេ និងអនុវត្តការកាត់បន្ថយបន្ថែមទៀត ចំពោះអត្រាពន្ធសារជីវកម្ម។

ប៉ុន្តែជំទាវ Clausing បាននិយាយថា ការបង្កើនពន្ធលើបុគ្គលអ្នកមានទ្រព្យសម្បត្តិ អាចជួយបង់ថ្លៃគោលនយោបាយសេដ្ឋកិច្ចជាច្រើនផ្សេងទៀតរបស់លោកជំទាវ ក្នុងមានទាំងការពង្រីកឥណទានពន្ធកុមារផងដែរ។

លោកជំទាវ កាម៉ាឡា ហារីស ថ្លែងអំពីផែនការសេដ្ឋកិច្ចរបស់លោកជំទាវ ក្នុងពេលឃោសនា

  • ការស្ដារឥណទានពន្ធកុមារដែលបានពង្រីក

លោកេជំទាវ​ហារីស បានស្នើឱ្យស្ដារឡើងវិញនូវឥណទានពន្ធកុមារដែលបានពង្រីក និងដែលបានអនុម័តនៅក្នុងផែនការសង្គ្រោះអាមេរិកឆ្នាំ ២០២១ របស់គណបក្សប្រជាធិបតេយ្យ ដែលបានបញ្ចប់ចាប់តាំងពីពេលនោះមក។ ឥណទាននេះ នឹងត្រូវដំឡើងពី $២០០០ ដល់ $៣៦០០ ក្នុង១អ្នកអាស្រ័យដែលមានសិទ្ធិ ជាមួយនឹងឥណទានថ្មី $៦០០០ សម្រាប់ទារកទើបនឹងកើត។

យោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិក ឲ្យដឹងថា ក្រុមអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា នេះនឹងស្ថិតក្នុងចំណោមសំណើរដែលចំណាយច្រើនបំផុតរបស់ លោកជំទាវ ហារីស ទោះបីជាពួកគេសរសើរពីអត្ថប្រយោជន៍សេដ្ឋកិច្ច នៃកម្មវិធីក៏ដោយ ជាពិសេសចំពោះផលប៉ះពាល់របស់វា លើភាពក្រីក្រកុមារ។ ឥណទានពន្ធកុមារដែលបានពង្រីក បានជួយជំរុញឱ្យអត្រាភាពក្រីក្រកុមារ ធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ៥.២% ក្នុងឆ្នាំ ២០២១។

លោក Joseph Stiglitz សេដ្ឋវិទូ និងជាសាស្រ្តាចារ្យដែលឈ្នះរង្វាន់ណូបែលនៅសាកលវិទ្យាល័យ Columbia បាននិយាយថា៖ «កុមារដែលធំឡើងក្នុងភាពក្រីក្រ នឹងមិនមានផលិតភាពទេ ។ ​ពួកគេ​នឹង​មិន​ធ្វើ​បានល្អ​នៅ​សាលាដែរ ហើយ​នៅពេល​ក្រោយ​ក្នុង​ជីវិត ក៏ពួកគេ​នឹង​មិន​ធ្វើ​បានល្អ​ដែរ​»​។

  • ការដាក់បម្រាមរបស់សហព័ន្ធ លើការឡើងថ្លៃ

ខណៈដែលព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់, លោកជំទាវ ហារីស បានអំពាវនាវឱ្យមានច្បាប់សហព័ន្ធ១ ប្រឆាំងនឹងការឡើងថ្លៃលើអាហារ និងគ្រឿងទេស។ យោងតាមផែនការរបស់លោកជំទាវ ឲ្យដឹងថា  ការផាកពិន័យថ្មីៗ ដែលអនុវត្តដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ និងទីភ្នាក់ងារជាច្រើនទៀត នឹងត្រូវដាក់លើសារជីវកម្មដែលបំពានច្បាប់លើការឡើងថ្លៃ និងជួយធ្វើឱ្យឧស្សាហកម្មម្ហូបអាហារ កាន់តែមានការប្រកួតប្រជែង។

យោងតាមលោក Mark Zandi ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Moody’s Analytics ឲ្យដឹងថា សំណើ​នេះ​ បាន​បង្ក​ការ​រិះគន់​ពី​អ្នក​សេដ្ឋកិច្ចខ្លះ ​ដែល​ចោទ​សួរ​ថា តើ​គោលដៅ​របស់លោកជំទាវ ​នឹង​ត្រូវ​សម្រេច​ដោយ​របៀប​ណា ឱ្យពិប្រាកដ? ក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបំផុតនិយាយថា ការគ្រប់គ្រងតម្លៃនឹងក្លាយជាគោលនយោបាយមិនល្អ និងមានឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ច។ ប៉ុន្តែការបង្កើនគោលនយោបាយប្រឆាំងការទុកចិត្ត និងការប្រកួតប្រជែង អាចមានប្រយោជន៍ ។

លោក Zandi មិន​មែន​ជា​អ្នក​គាំទ្រ​ការដាក់​តម្លៃ ឬ​​កំណត់​តម្លៃ​នោះ​ទេ ប៉ុន្តែ​លោក​មើលឃើញ ​បង្កើន​ការ​ពិនិត្យពិចៃ​លើ​ការ​អនុវត្ត​ការ​ប្រកួត​ប្រជែង និង​ការ​អនុវត្ត​តម្លៃ និង​ឧស្សាហកម្ម​ ថា​ជា​គោលនយោបាយ​ល្អ។ លោកបាននិយាយថា៖ “វាគួរតែផ្តោតលើការធ្វើឱ្យប្រាកដថា ទីផ្សារមានការប្រកួតប្រជែង ហើយក្រុមអ្នកប្រើប្រាស់មានព័ត៌មានគ្រប់យ៉ាង ដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តទិញដ៏ល្អ” ។ ខណៈ ការអនុវត្តទាំងនេះ អាចបន្ថយ នៃអតិផរណាអាហារ, លោកបានបន្ថែមថា វាមិនទំនងធ្វើឱ្យតម្លៃធ្លាក់ចុះនោះទេ។

  • បង្កើតការលើកទឹកចិត្តម្ចាស់ផ្ទះថ្មី និងអ្នកសាងសង់ផ្ទះ

លោកជំទាវ​ហារីស បានស្នើរសុំជំនួយការបង់រំលោះឲ្យបានច្រើនរហូតដល់ $២៥,០០០ សម្រាប់អ្នកទិញផ្ទះលើកដំបូង។ លោកជំទាវ ក៏បានស្នើឱ្យមានការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់អ្នកសាងសង់ដែលធ្វើការលើសង់ផ្ទះដំបូង និងបានអំពាវនាវឱ្យបង្កើតមូលនិធិច្នៃប្រឌិត $៤០ ពាន់លានដុល្លារ ដើម្បីជំរុញការបង្កើតថ្មី លើផ្នែកសំណង់លំនៅដ្ឋាន។

យោងតាមលោក Stiglitz ឲ្យដឹងថា វិធានការនេះមានសក្តានុពលក្នុងការជួយដោះស្រាយបញ្ហាកង្វះលំនៅឋាន និងកាត់បន្ថយការចំណាយ។ យោងតាមលោក Michael Strain នាយកនៃការសិក្សាគោលនយោបាយសេដ្ឋកិច្ចនៅវិទ្យាស្ថានសហគ្រាសអាមេរិក ឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ កម្មវិធីទាំងនេះ អាចបង្កើនតម្រូវការ និងនាំឱ្យតម្លៃផ្ទះឡើងថ្លៃដោយអចេតនា។

  • ការពង្រីកអត្ថប្រយោជន៍ថែទាំសុខភាព

លោកជំទាវ ហារីស បានស្នើសុំថវិកាប្រចាំឆ្នាំ $២០០០ លើការចំណាយក្រៅហោប៉ៅសម្រាប់ឱសថតាមវេជ្ជបញ្ជាសម្រាប់ពលរដ្ឋអាមេរិកទាំងអស់។ លោកជំទាវ ហារីស ក៏ចង់កំណត់តម្លៃនៃការចំណាយលើ អាំងស៊ុយលីនដល់ ៣៥ដុល្លារក្នុងមួយខែ, បង្កើនការឧបត្ថម្ភធនសម្រាប់ការធានារ៉ាប់រងនៅលើទីផ្សារសហព័ន្ធ, និងអនុញ្ញាតឱ្យ ផ្នែក​ថែទាំសុខភាព (Medicare) ពន្លឿនការចរចាលើតម្លៃថ្នាំ។

Stiglitz បាននិយាយថាកម្មវិធីរបស់ Harris នឹងមានសារៈសំខាន់ក្នុងការកាត់បន្ថយការចំណាយលើការរស់នៅ ជាពិសេសសម្រាប់អ្នកដែលពឹងផ្អែកលើថ្នាំតាមវេជ្ជបញ្ជា និងការទូទាត់អាំងស៊ុយលីន។

លោក David Cutler សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Harvard បាននិយាយថា ព័ត៌មានលម្អិតបន្ថែម គឺត្រូវការចាំបាច់ដើម្បីកំណត់តម្លៃសហព័ន្ធលើការកំណត់ថ្លៃចំណាយក្រៅហោប៉ៅ។ ប៉ុន្តែវា “ទំនងជាមិនថ្លៃពេកទេ” ហើយអត្ថប្រយោជន៍ទាំងឡាយ ដែលទទួលបានពីការព្យាបាលថោកជាង ដែលសំខាន់សម្រាប់ពលរដ្ឋអាមេរិកជាច្រើន អាចមានទំហំធំ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព