តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេស គឺបក្សឆ្ពោះទៅមុខ (Move Forward Party)  បន្ទាប់ពីរកឃើញថា បក្សនេះមានទោសពីបទបំពានច្បាប់បោះឆ្នោតជាមួយនឹងយុទ្ធនាការរបស់ខ្លួន ដើម្បីឲ្យកែប្រែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដែលតឹងរ៉ឹង។

នៅក្នុងសេចក្តីសម្រេចជាឯកច្ឆ័ន្ទមួយ តុលាការដែលមានសមាជិក៩រូប បានសម្រេចថា កិច្ចប្រឹងប្រែងរបស់បក្សឆ្ពោះទៅមុខ (Move Forward) ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលត្រូវបានគេស្គាល់ថា មាត្រា 112 នៃក្រមព្រហ្មទណ្ឌថៃ បានរំលោភច្បាប់បោះឆ្នោត។ តុលាការនេះ ក៏បានហាមប្រាមក្រុមមេដឹកនាំរបស់ខ្លួន ក្នុងនោះមានទាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន លោក ភីថា លីមចារើនរ៉ាត (Pita Limjaroenrat) ផងដែរ ពីសកម្មភាពនយោបាយ ឬឈរឈ្មោះបោះឆ្នោតជាសាធារណៈរយៈពេល១០ឆ្នាំ។

មេដឹកនាំបក្ស​ឆ្ពោះទៅមុខ លោកភីថា លីមចារើនរ៉ាត់ នៅខាងក្រៅតុលាការធម្មនុញ ក្នុងក្រុងបាងកក ពីថ្ងៃពុធ​ទី៧​ សីហា ២០២៤

នៅក្រោមច្បាប់បោះឆ្នោតថៃ សមាជិកសភាបក្សឆ្ពោះទៅមុខប្រមាណ ១៥០ នាក់នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៥០០រូប ពេលនេះ ត្រូវតែផ្លាស់ទៅជ្រកនឹងគណបក្សថ្មីក្នុងរយៈពេល 60 ថ្ងៃ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ បានស្វែងរកការរំលាយគណបក្សឆ្ពោះទៅមុខបន្ទាប់ពីការសម្រេចមួយ កាលពីដើមឆ្នាំនេះថា កិច្ចប្រឹងប្រែងរបស់ក្រុមនេះ ដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ គឺស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

ការរំលាយនេះ ប្រថុយនឹងការរុញច្រានប្រទេសថៃឱ្យធ្លាក់ចូលក្នុងភាពចលាចលនយោបាយថ្មី ដោយតុលាការដដែលនេះ ក៏គ្រោងនឹងកាត់ក្តីនៅសប្តាហ៍ក្រោយលើញត្តិមួយដើម្បីបណ្តេញនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន ពីបទរំលោភក្រមសីលធម៌។ ការគំរាមកំហែងនៃភាពចលាចលនយោបាយថ្មីនេះ កើតមានឡើងចំពេលមានការចាកចេញរបស់ក្រុមវិនិយោគិនពីផ្សារភាគហ៊ុនរបស់ប្រទេសនេះ និងអាចរារាំងការប៉ុនប៉ងរបស់លោក ស្រេតថា ក្នុងការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។

បក្សឆ្ពោះទៅមុខ បានរំខានដល់នយោបាយថៃ ដោយការឈ្នះអាសនៈសភាភាគច្រើននៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។ អ្នកគាំទ្ររបស់ពួកគេភាគច្រើន គឺជាអ្នកបោះឆ្នោតវ័យក្មេង និងជាអ្នកបោះឆ្នោតនៅក្នុងក្រុង ដែលមានការខកចិត្តយ៉ាងខ្លាំង ជាមួយនឹងរដ្ឋបាលដែលគាំទ្រដោយយោធាជិតមួយទសវត្សរ៍។

ឥទ្ធពលអភិរក្ស

លោកភីថា ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហារវើដ ដែលកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលរបស់លោក ត្រូវបានរារាំងដោយអ្នកនយោបាយអភិរក្សនិយម និងព្រឹទ្ធសមាជិក ដែលតែងតាំងដោយយោធា បានបដិសេធការចោទប្រកាន់ទាំងនោះ និងបានចោទប្រកាន់ទីភ្នាក់ងារបោះឆ្នោតថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងសំណុំរឿងនេះ។

យោង​តាម​ការ​ស្ទង់​មតិ​កាលពី​ខែ​មិថុនា​ដោយ​វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍​រដ្ឋបាល ឲ្យដឹងថា គណបក្ស​នេះ ​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ប្រទេស ដោយ​លោក ភីថា ជា​ជម្រើស​កំពូល ​ក្នុង​នាម​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ។

គណបក្ស​ដែល​ទើប​ចាប់ផ្តើមថ្មីនេះ ​បាន​ប្រឆាំង​នឹង​ស្ថាប័ន​អភិរក្សនិយមគាំទ្រ​រាជានិយម​របស់​ប្រទេស​ថៃ​ដែល​បានផ្អៀងទៅលើ​នយោបាយ​ជាតិ ​ចាប់​តាំង​ពីរបបរាជានិយម​ផ្តាច់ការ​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៣២ ជាមួយ​នឹង​ការ​អំពាវនាវរបស់ខ្លួន ​ឱ្យ​ធ្វើ​កំណែទម្រង់។ ការសម្រេចកាលពីថ្ងៃពុធ គឺអនុលោមទៅតាមសាលក្រមរបស់តុលាការធម្មនុញ្ញ ក្នុងខែមករា នៅពេលដែលចៅក្រមបានបញ្ជាឱ្យគណបក្សនេះបញ្ឈប់សកម្មភាពទាំងអស់របស់ខ្លួន ឲ្យកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីសប្តាហ៍មុនថា លោកភីថា ដែលបានដឹកនាំគណបក្សនេះ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន បាននិយាយថា ខ្លួនមានក្រុមថ្មីមួយ នៅក្នុងស្លាបជាច្រើនដើម្បីទទួល នៅក្នុងព្រឹត្តិការណ៍នៃការរំលាយបក្ស ទោះបីជាលោកមិនបានបញ្ចេញព័ត៌មានលម្អិតណាមួយជាផ្លូវការក៏ដោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឱ្យដឹងថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានរំលាយគណបក្សនយោបាយរាប់សិបមកហើយ និងហាមប្រាមអ្នកនយោបាយរាប់រយនាក់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពីបទការរំលោភលើច្បាប់បោះឆ្នោត តូច និងធំជាច្រើន៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព