នាយករដ្ឋមន្រ្តីថៃដែលទើបតែងតាំងថ្មីលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានប្តេជ្ញាជំរុញទៅមុខជាមួយនឹងផែនការជំរុញសាច់ប្រាក់ដ៏ចម្រូងចម្រាសចំនួន ១៤ពាន់លានដុល្លារ ខណៈដែលគណៈរដ្ឋមន្ត្រីរបស់លោកស្រី បានបញ្ចប់ប្លង់មេ១ ដើម្បីរំដោះប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ ចេញពីរយៈពេលដ៏យូរនៃកំណើនទាប និងបំណុលគ្រួសាររ៉ាំរ៉ៃ។

លោកជំទាវ ផែថងថាន ដែលបានស្បថចូលកាន់តំណែងរួមជាមួយគណៈរដ្ឋមន្ត្រី៣៥ កាលពីថ្ងៃសុក្រ ទៅ៦ កញ្ញា នឹងបង្ហាញសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកជំទាវ ទៅកាន់សភានៅសប្តាហ៍ក្រោយ។ គេបានរំពឹងថា នឹងបង្ហាញព័ត៌មានលម្អិតនៃធ្វើអំណោយសាច់ប្រាក់ដែលបានពន្យារពេលជាយូរមកហើយ និងរបៀបវារៈរបស់រដ្ឋបាលរបស់លោកជំទាវ ដើម្បីលើកកម្ពស់ទេសចរណ៍ និងការវិនិយោគបរទេស។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកជំទាវ ផែថងថាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលនឹងធានាថា កម្មវិធីកាបូបឌីជីថល ដែលសន្យាថានឹងផ្តល់ប្រាក់ ១ម៉ឺនបាត  ដល់ពលរដ្ឋ ពេញវ័យថៃប្រហែល ៥០ លាននាក់ នឹងគោរពតាមច្បាប់។ យោងតាមក្រុមមន្ត្រី ឱ្យដឹងថា មនុស្សប្រហែល ១៤.៥ លាននាក់ ក្នុងនោះមានទាំងជនពិការ១លាននាក់ អាចត្រូវបានទូរទាត់នៅក្នុងដំណាក់កាលដំបូង នៃកម្មវិធីនេះ នៅក្នុងខែកញ្ញា បន្ទាប់ពីមេដឹកនាំថ្មីរូបនេះ បានបញ្ជាឱ្យពិនិត្យសារឡើងវិញលើផែនការនេះ។

លោកជំទាវ ផែថងថាន វ័យ៣៨ ឆ្នាំ គឺជាមេដឹកនាំក្មេងបំផុតរបស់ប្រទេសថៃ និងត្រូវបានជ្រើសតាំងដោយសភាកាលពីខែមុន ដើម្បីដឹកនាំរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ និងគាំទ្រដោយក្រុមអភិរក្សនិយម។ ការ​​ឡើងកូដ​របស់លោកជំទាវ ​បាន​កើត​ឡើង​បន្ទាប់​ពីអតីតនាយករដ្ឋមន្ត្រី លោកស្រេ​ថា ថាវីស៊ីន ត្រូវ​បាន​តុលាការ​បណ្តេញ​ចេញ​ពីតំណែង ​បទ​រំលោភ​ក្រមសីលធម៌។

នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ថ្លែងទៅកាន់គណរដ្ឋមន្ត្រី បន្ទាប់ពីស្បថចូលកាន់តំណែង

លោកជំទាវ ផែថងថាន កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យគណរដ្ឋមន្ត្រីរបស់លោកជំទាវ បន្តនូវគោលនយោបាយខ្លះ ដែលបានអនុវត្តដោយរដ្ឋការរបស់លោក ស្រេតថា ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញទេសចរណ៍ លើកតម្លៃទំនិញកសិកម្ម និងទប់ទល់នឹងការគំរាមកំហែងពីទឹកជំនន់តាមរដូវ។

ប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ត្រូវបានគេព្យាករថា នឹងកើនឡើង ២,៥%ក្នុងឆ្នាំនេះ ទាបជាងប្រទេសជិតខាងឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ដែលឡើងពី ៥ ទៅ ៦%។ សេដ្ឋកិច្ចថៃ បានកើនឡើងជាមធ្យម ១,៩% ក្នុងទសវត្សរ៍មុន ក្រោមរដ្ឋាភិបាលដែលគាំទ្រដោយយោធា ហើយឥឡូវនេះត្រូវបានរារាំងដោយការកើនឡើង នៃបន្ទុកបំណុលសាធារណៈ និងបំណុលគ្រួសារ, ការនាំចេញធ្លាក់ចុះ ហើយការចំណាយនៃការរស់នៅខ្ពស់។

លោកជំទាវ ផែថងថាន ដែលជាកូនស្រីពៅរបស់អតីតមេដឹកនាំ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏អាចនឹងបង្ហាញជំហរច្បាស់លាស់របស់រដ្ឋាភិបាលលោកជំទាវ អំពីរបៀបគ្រប់គ្រងឧស្សាហកម្មកញ្ឆា ដែលគេឃើញផ្លាស់ប្តូរគោលនយោបាយជាច្រើន នៅពេលលោកស្រី បង្ហាញសេចក្តីថ្លែងការណ៍គោលនយោបាយ។ ក្រៅ​ពី​នេះ លោកជំទាវ ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញ​ផ្លូវ១ ​ដើម្បី​ដាក់​កាស៊ីណូ​ឲ្យស្របច្បាប់​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​ចំណាយ​ខ្ពស់​។

សមាជិកទី៣ នៃត្រកូលស៊ីណាវ៉ាត្រា ដ៏មានឥទ្ធិពល ដើម្បីដឹកនាំប្រទេសថៃ លោកជំទាវ ផែថងថាន បាននិយាយថា លោកថាក់ស៊ីន នឹងមិនជ្រៀតជ្រែក ក្នុងការដឹកនាំរដ្ឋាភិបាលរបស់លោកជំទាវទេ ទោះបីជាលោកជំទាវ អាចឱ្យលោក ដើម្បីផ្តល់ដំបូន្មានម្តងម្កាលក៏ដោយ។

លោកជំទាវ ផែថងថាន ក៏ប្រឈមមុខនឹងបញ្ហានៃការថែរក្សាសម្ព័ន្ធភាព នៃគណបក្សអភិរក្សនិយម និងគណបក្សរាជានិយម ផងដែរ ខណៈដែលកំពុងធានាដល់ក្រុមអ្នកវិនិយោគថា លោកស្រី អាចទាក់ទាញការវិនិយោគបរទេស មកក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងជួយទ្រទ្រង់ការស្តារសេដ្ឋកិច្ចដែលផុយស្រួយ១ឡើងវិញ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព